ផែនការដ៏មហិមានៃសេចក្ដីប្រោសលោះ
ខ្ញុំដឹងថា ពេលយើងប្រែចិត្ត នោះអំពើបាបយើងត្រូវបានសម្អាត—មិនបន្សល់ទុកស្លាកស្នាមអ្វីឡើយ !
នៅរយៈពេលប៉ុន្មានខែ ពីមុនប្រធាន ប៊យដ៍ ឃេ ផាកកឺ ទទួលមរណភាព ថ្នាក់ដឹកនាំបព្វជិតភាពទូទៅ និង អង្គការជំនួយ បានមានឱកាសដ៏វិសេសស្ដាប់លោកថ្លែងសុន្ទរកថា ។ ខ្ញុំនៅតែចាំមិនភ្លេចនូវអ្វីដែលលោកបានថ្លែង ។ គាត់បានចែកចាយថា លោកបានស្រាវជ្រាវបកក្រោយវិញក្នុងខ្សែជីវិតលោក ដោយស្វែងរកភស្ដុតាងប្រាប់ថាលោកបានប្រព្រឹត្តបាប ហើយប្រែចិត្តវិញ ប៉ុន្តែលោករក មិនឃើញស្លាកស្នាម អ្វីទាល់តែសោះ ។ តាមរយៈពលិកម្មធួននៃព្រះអង្គសង្គ្រោះយើង ជាព្រះយេស៊ូវគ្រីស្ទ និងតាមរយៈការប្រែចិត្តដ៏ស្មោះ នោះអំពើបាបរបស់លោកត្រូវបានសម្អាតដូចជាវាមិនដែលកើតឡើងដូច្នោះដែរ ។ ប្រធានផាកកឺ បានបង្គាប់យើងក្នុងនាមជាអ្នកដឹកនាំនៅថ្ងៃនោះឲ្យថ្លែងទីបន្ទាល់ថា រឿងនេះគឺជាការពិតសម្រាប់យើងម្នាក់ៗដែលប្រែចិត្តដោយពិតប្រាកដ ។
ខ្ញុំស្គាល់បុរសម្នាក់ដែលបានប្រព្រឹត្តអំពើរំលងខាងសីលធម៌ច្រើនឆ្នាំកន្លងទៅ ។ អស់ពេលជាយូរ បុរសរូបនេះខ្មាសអៀន ហើយបារម្ភខ្លាំងក្នុងការនិយាយស្ដីជាមួយភរិយាខ្លួន និង ថ្នាក់ដឹកនាំបព្វជិតភាព ។ គាត់ចង់ប្រែចិត្តឲ្យដាច់ស្រឡះ ប៉ុន្តែបែរជាគាត់ចង់បោះបង់សេចក្ដីសង្គ្រោះដ៏អស់កល្បផ្ទាល់ខ្លួន ប្រសើរជាងធ្វើឲ្យភរិយា និងកូនៗគាត់កើតទុក្ខ មានភាពអាម៉ាស់ ឬ លទ្ធផលផ្សេងទៀតដែលអាចបណ្ដាលមកពីការសារភាពរបស់គាត់ទៅវិញ ។
ពេលយើងបានប្រព្រឹត្តបាប សាតាំងតែងព្យាយាមបញ្ចុះបញ្ចូលយើងថា កិច្ចការដែលមិនអាត្មានិយមដែលយើងត្រូវធ្វើនោះ គឺត្រូវការពារមនុស្សដទៃពីការខូចខាតពេលគេការដឹងថាយើងបានប្រព្រឹត្តបាបនោះ រួមទាំងចៀសវាងពីការសារភាពប្រាប់ប៊ីស្សព ជាបុគ្គលដែលអាចផ្ដល់ពរក្នុងជីវិតយើងតាមរយៈកូនសោបព្វជិតភាពក្នុងនាមជាចៅក្រមទូទៅនៃអ៊ីស្រាអែល ។ ប៉ុន្តែការពិតនោះគឺថា ភាពមិនអាត្មានិយម និង ភាពដូចព្រះគ្រីស្ទ ដែលយើងត្រូវធ្វើនោះគឺ សារភាព ហើយប្រែចិត្ត ។ នេះគឺជាផែនការដ៏មហិមានៃសេចក្ដីប្រោសលោះរបស់ព្រះវរបិតាសួគ៌ ។
ទីបំផុត បុរសរូបនេះបានសារភាពដោយស្មោះត្រង់ប្រាប់ភរិយាខ្លួន និង ថ្នាក់ដឹកនាំសាសនាចក្រ ដោយបង្ហាញថាគាត់សោកស្ដាយជាខ្លាំង ។ ទោះវាជាកិច្ចការដែលពិបាកធ្វើបំផុតក្ដី ក៏អារម្មណ៍ធូរស្បើយ ភាពសុខសាន្ត ការដឹងគុណ សេចក្ដីស្រឡាញ់ ចំពោះព្រះអង្គសង្គ្រោះ និងការដឹងថាព្រះអម្ចាស់បានដកយកបន្ទុកដ៏ធ្ងន់របស់គាត់ចេញ ហើយលើកគាត់ឡើង បានធ្វើឲ្យគាត់មានអំណរលើសជាងអ្វីទាំងអស់ ទោះជាលទ្ធផល ឬអនាគតរបស់គាត់នឹងទៅជាយ៉ាងណាក៏ដោយ ។
គាត់បានដឹងច្បាស់ណាស់ថា ភរិយា និង កូនៗគាត់នឹងទទួលរងការខូចខាត—ពួកគេទទួលរងពិតមែន ហើយនឹងមានការដាក់វិន័យលើការប្រព្រឹត្ត ព្រមទាំងការដោះលែងពីការហៅរបស់គាត់មែន—ហើយពិតជាកើតឡើងមែន ។ គាត់បានដឹងច្បាស់ណាស់ថា ភរិយាគាត់នឹងខូចចិត្ត ឈឺចាប់ ហើយខឹង—នាងពិតជាមានអារម្មណ៍ដូចនោះមែន ។ គាត់ថែមទាំងជឿថា នាងនឹងចុះចេញ ទាំងនាំយកកូនៗទៅជាមួយផង—ប៉ុន្តែនាងមិនធ្វើបានដូចនោះទេ ។
ពេលខ្លះ អំពើរំលងធ្ងន់ធ្ងរនាំទៅរកការលែងលះ ហើយអាស្រ័យទៅលើកាលៈទេសៈដែលអាចនឹងចាំបាច់ផងដែរ ។ ប៉ុន្តែបុរសរូបនេះភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះភរិយាគាត់បានទទួលយកគាត់ ហើយបានលះបង់ដើម្បីជួយគាត់គ្រប់មធ្យោបាយដែលនាងអាចធ្វើ ។ ទីបំផុត នាងអាចអភ័យទោសឲ្យគាត់ទាំងស្រុង ។ នាងបានដឹងពីអំណាចនៃការព្យាបាលពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនាង ។ ក្រោយមក គូស្វាមីភរិយានេះ ព្រមទាំងកូនបីនាក់បន្ដនៅរឹងមាំ ហើយស្មោះត្រង់ ។ ស្វាមី និង ភរិយានេះបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ហើយមានអាពាហ៍ពិពាហ៍ដ៏រីករាយគួរឲ្យស្រឡាញ់ ។ ជម្រៅនៃទីបន្ទាល់របស់បុរសរូបនេះ និងសេចក្ដីស្រឡាញ់ ព្រមទាំងអំណរគុណរបស់គាត់ចំពោះព្រះអង្គសង្គ្រោះ គឺជាភស្ដុតាងក្នុងជីវិតគាត់ ។
អាមូលេកថ្លែងទីបន្ទាល់ថា « ខ្ញុំចង់ឲ្យអ្នករាល់គ្នាចេញមក ហើយចូរកុំធ្វើចិត្តរឹងរូសទៀតឡើយ … បើសិនជាអ្នករាល់គ្នាប្រែចិត្ត … , រំពេចនោះ ផែនការនៃសេចក្ដីប្រោសលោះដ៏មហិមានឹងបានមកដល់អ្នក » ។
ពេលខ្ញុំបម្រើជាមួយស្វាមីខ្ញុំកាលគាត់ជាប្រធានបេសកកម្ម នាព្រឹកមួយ យើងបានទៅអាកាសយានដ្ឋានដើម្បីទទួលក្រុមអ្នកផ្សព្វផ្សាយសាសនាដ៏ធំមួយ ។ យើងបានចាប់អារម្មណ៍លើយុវជនមួយរូប ។ គាត់ហាក់ដូចជាក្រៀមក្រំ មានបន្ទុកធ្ងន់ ហើយស្ទើរតែលិចលង់ក្នុងទុក្ខព្រួយ ។ យើងបានមើលទៅគាត់យ៉ាងយកចិត្តទុកដាក់នៅរសៀលនោះ ។ ដល់ល្ងាចឡើង យុវជនរូបនេះបានសារភាពកំហុសដ៏ហួសពេលមួយ ហើយថ្នាក់ដឹកនាំរបស់គាត់បានសម្រេចថាគាត់ត្រូវត្រឡប់ទៅផ្ទះវិញ ។ ទោះជាយើងសោកស្ដាយដែលគាត់ពុំស្មោះត្រង់ ហើយមិនបានប្រែចិត្តពីមុនចូលក្នុងបេសកកម្មក្ដី នៅតាមផ្លូវទៅអាកាសយានដ្ឋាន យើងបានសរសើរគាត់ដោយស្មោះ និងដោយសេចក្ដីស្រឡាញ់ ចំពោះភាពក្លាហានក្នុងការទទួលយកកំហុស ហើយយើងបានសន្យាថានឹងបន្តទំនាក់ទំនងជាមួយគាត់ ។
យុវជនរូបនេះមានពរដោយមានឪពុកម្ដាយដ៏អស្ចារ្យ ថ្នាក់ដឹកនាំដ៏ឆ្នើម និង វួដដែលគាំទ្រដោយសេចក្ដីស្រឡាញ់ ។ មួយឆ្នាំក្រោយពីគាត់បានខិតខំប្រែចិត្តឲ្យដាច់ស្រឡះ ហើយទទួលយកដង្វាយធួនព្រះអង្គសង្គ្រោះ គាត់អាចត្រឡប់មកក្នុងបេសកកម្មយើងវិញ ។ ខ្ញុំមិនអាចពិពណ៌នាពីអារម្មណ៍នៃអំណរដែលយើងមាន កាលយើងទៅទទួលយុវជនរូបនេះពីអាកាសយានដ្ឋានបានឡើយ ។ គាត់ពេញដោយព្រះវិញ្ញាណ គាត់រីករាយ មានទំនុកចិត្តចំពោះព្រះអម្ចាស់ ហើយរំភើបដើម្បីបម្រើបេសកកម្មដោយស្មោះត្រង់ ។ គាត់បានក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏ពូកែ ហើយក្រោយមកស្វាមីខ្ញុំ និង ខ្ញុំមានឯកសិទ្ធិចូលរួមពិធីផ្សារភ្ជាប់របស់គាត់ក្នុងព្រះវិហារបរិសុទ្ធ ។
ផ្ទុយទៅវិញ ខ្ញុំស្គាល់អ្នកផ្សព្វផ្សាយសាសនាម្នាក់ទៀតដែលដឹងថា អំពើបាបដែលនាងមិនសារភាពពីមុនបេសកកម្មនឹងធ្វើឲ្យនាងបញ្ចប់បេសកកម្មមុនពេលកំណត់ បានធ្វើឲ្យនាងខិតខំធ្វើការខ្លាំងក្នុងបេសកកម្ម ហើយបានសារភាពប្រាប់ប្រធានបេសកកម្មតែប៉ុន្មានថ្ងៃមុននាងបញ្ចប់បេសកកម្មប៉ុណ្ណោះ ។ នាងគ្មានសេចក្ដីព្រួយដែលគាប់ព្រះទ័យព្រះ ហើយមិនចង់ធ្វើតាមផែនការដែលព្រះអង្គសង្គ្រោះជាទីស្រឡាញ់បានប្រទានដល់យើងម្នាក់ៗទេ ។
អំឡុងពេលបេសកកម្មយើង ថ្ងៃមួយខ្ញុំបានអមដំណើរស្វាមីខ្ញុំទៅសម្ភាសបុរសម្នាក់ដើម្បីទទួលបុណ្យជ្រមុជទឹក ។ កាលគាត់កំពុងសម្ភាស ខ្ញុំរង់ចាំនៅខាងក្រៅជាមួយស៊ិស្ទើរអ្នកផ្សព្វផ្សាយសាសនាដែលបានបង្រៀនបុរសនេះ ។ កាលសម្ភាសចប់ ស្វាមីខ្ញុំបានជូនដំណឹងដល់អ្នកផ្សព្វផ្សាយសាសនាថា បុរសរូបនោះអាចទទួលបុណ្យជ្រមុជទឹកបាន ។ បុរសរូបនេះបានយំខណៈដែលគាត់រៀបរាប់ប្រាប់ថា គាត់ដឹងច្បាស់ថាអំពើបាបដ៏ធ្ងន់ធ្ងរដែលគាត់បានធ្វើក្នុងជីវិតនេះ នឹងរារាំងគាត់មិនឲ្យទទួលបុណ្យជ្រមុជទឹកបានឡើយ ។ ខ្ញុំមិនដែលឃើញអំណរ និង សុភមង្គលនៃបុគ្គលណាម្នាក់ដែលបានចេញពីភាពងងឹត ហើយចូលទៅក្នុងពន្លឺដូចខ្ញុំបានឃើញនៅថ្ងៃនោះទេ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន,
« ដោយមានជំនឿទៅលើព្រះប្រោសលោះដ៏ប្រកបដោយព្រះគុណ [ របស់យើង ] និងព្រះចេស្ដារបស់ទ្រង់ នោះសេចក្ដីអស់សង្ឃឹមដ៏ធ្ងន់ធ្ងរ ត្រឡប់ទៅជាសេចក្ដីសង្ឃឹមវិញ ។ ដួងចិត្ត និងបំណងប្រាថ្នារបស់មនុស្សម្នាក់ផ្លាស់ប្ដូរ ហើយអំពើបាបក្លាយជារឿងកាន់តែគួរខ្ពើមឆ្អើម ។ …
«… ទោះការប្រែចិត្តមានតម្លៃថ្លៃប៉ុណ្ណាក្ដី វាត្រូវបានលេបដោយអំណរនៃការអភ័យទោស » ។
បទពិសោធន៍ទាំងនេះរំឭកខ្ញុំអំពីអេណុសក្នុងព្រះគម្ពីរមរមនដែល « បានអំពាវនាវដល់ [ ព្រះអម្ចាស់ ] ដោយការអធិស្ឋានដ៏ខ្លាំង » រួចលោកបានឮសំឡេងមួយថា « អេណុស បាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ។ …
« ហើយខ្ញុំ អេណុស ដឹងថា ព្រះពុំកុហកឡើយ ហេតុដូច្នោះហើយ ទោសរបស់ខ្ញុំបានបំបាត់ចោលទៅ ។
« ហើយខ្ញុំបានទូលថា ៖ ឱព្រះអម្ចាស់អើយ ចុះតើការណ៍នេះបានធ្វើយ៉ាងណាទៅ ?
« ហើយទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ពីព្រោះមកពីសេចក្ដីជំនឿដែលអ្នកមានដល់ព្រះគ្រីស្ទ ។ … ចូរអ្នកទៅចុះ សេចក្ដីជំនឿរបស់អ្នក បានជួយសង្គ្រោះអ្នកហើយ ។
នៅពេលរៀបចំសុន្ទរកថានេះ ខ្ញុំចង់ដឹងថាតើចៅៗរបស់យើងយល់អំពីការប្រែចិត្ត និងមានអារម្មណ៍យ៉ាងណាចំពោះព្រះអង្គសង្គ្រោះ ដូច្នេះខ្ញុំបានសុំកូនៗយើងឲ្យសួរពួកគេនូវសំណួរទាំងនេះ ។ ខ្ញុំរំជួលចិត្តចំពោះចម្លើយរបស់ចៅៗយើង ។
តើការប្រែចិត្តជាអ្វីទៅ ? « នៅពេលម៉ាក់វាយនរណាម្នាក់ នោះម៉ាក់ត្រូវនិយាយថា ‹ សូមទោស › ហើយជួយពួកគេវិញ » ។
តើកូនមានអារម្មណ៍បែបណាពេលកូនប្រែចិត្ត ? « ម៉ាក់អាចដឹងពីទ្រង់ ម៉ាក់អាចដឹងពីភាពកក់ក្ដៅរបស់ទ្រង់ រួចអារម្មណ៍មិនល្អនឹងចេញបាត់ទៅ » ។
ពេលកូនប្រែចិត្ត តើកូនមានអារម្មណ៍ដូចម្ដេចចំពោះព្រះយេស៊ូវ និង ព្រះវរបិតាសួគ៌ ? « កូនមានអារម្មណ៍ថា ព្រះយេស៊ូវជ្រាបថាកាលដែលទ្រង់ធ្វើដង្វាយធួនគឺមានតម្លៃ ហើយទ្រង់សប្បាយព្រះទ័យដែលយើងអាចរស់នៅជាមួយទ្រង់ម្ដងទៀត » ។
ហេតុអ្វីព្រះយេស៊ូវ និងព្រះវរបិតាសួគ៌ចង់ឲ្យខ្ញុំប្រែចិត្ត ? នៅក្នុងពាក្យសម្ដីរបស់ចៅស្រីវ័យជំទង់របស់ខ្ញុំ ៖ « ដោយសារតែទ្រង់ស្រឡាញ់ខ្ញុំ ! ដើម្បីរីកចម្រើន ហើយប្រែក្លាយដូចជាពួកទ្រង់ ខ្ញុំចាំបាច់ត្រូវតែប្រែចិត្ត ។ ខ្ញុំចង់មានព្រះវិញ្ញាណគង់ជាមួយខ្ញុំផងដែរ ដូច្នេះខ្ញុំចាំបាច់ត្រូវប្រែចិត្តរាល់ថ្ងៃដើម្បីមានភាពជាដៃគូដ៏អស្ចារ្យរបស់ទ្រង់ ។ ខ្ញុំនឹងមិនអាចថ្លែងអំណរគុណដល់ពួកទ្រង់អស់ទេ » ។
ពេលចៅស្រីអាយុបួនឆ្នាំបានឮសំណួរទាំងនេះ នាងពោលថា « ប៉ា កូនមិនដឹងទេ ។ ប៉ាបង្រៀនកូនមក » ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានប្រកាសក្នុងសន្និសីទមុនៗដូចនេះ ៖ « ទោះអ្នកគិតថា វាយឺតពេលចំពោះអ្នក ទោះអ្នកគិតថាខ្លួនឯងបានខកខានច្រើនដង ទោះអ្នកគិតថាខ្លួនឯងបានធ្វើកំហុសច្រើនយ៉ាងណាក្ដី … ឬបានធ្វើដំណើរឃ្លាតឆ្ងាយពីផ្ទះ និងគ្រួសារ ព្រមទាំងព្រះយ៉ាងណាក្ដី ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នក ពុំ បានធ្វើដំណើរហួសពីសេចក្ដីស្រឡាញ់របស់ព្រះឡើយ ។ អ្នកមិនអាចលិចទៅផុតពីពន្លឺនៃដង្វាយធួនដ៏និរន្ដន៍របស់ព្រះគ្រីស្ទ ជាពន្លឺដែលចែងចាំងដ៏ចិញ្ចាចចិញ្ចែងនោះទេ » ។
ខ្ញុំពិតជាចង់ឲ្យកូនៗ ចៅៗ របស់ខ្ញុំ និងបងប្អូនទាំងអស់គ្នា—ជាបងប្អូនប្រុសស្រីខ្ញុំ មានអារម្មណ៍អំណរ និង ភាពជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះ ពេលយើងប្រែចិត្តរាល់ថ្ងៃពីអំពើបាប និង ភាពទន់ខ្សោយរបស់យើង ។ បុត្រដ៏មានការទទួលខុសត្រូវរបស់ព្រះវរបិតាសួគ៌ម្នាក់ៗត្រូវការការប្រែចិត្ត ។ សូមពិចារណាថាយើងត្រូវប្រែចិត្តចេញពីអំពើបាបណាខ្លះ ? តើអ្វីដែលរារាំងយើងពីការប្រែចិត្ត ? តើខ្ញុំចាំបាច់ត្រូវកែលម្អតាមរបៀបណាខ្លះ ?
ខ្ញុំដឹងដូចប្រធានផាកកឺបានមានបទពិសោធន៍ ហើយថ្លែងទីបន្ទាល់ថា ពេលយើងប្រែចិត្តដោយស្មោះពីអំពើបាបរបស់យើង នោះអំពើបាបយើងត្រូវបានសម្អាត—មិនបន្សល់ទុកស្លាកស្នាមអ្វីសោះឡើយ ! ខ្ញុំមានអារម្មណ៍សេចក្ដីស្រឡាញ់ អំណរ សម្រាលទុក្ខ និងទំនុកចិត្តចំពោះព្រះអម្ចាស់ដោយផ្ទាល់ ពេលខ្ញុំបានប្រែចិត្តដោយស្មោះ ។
ចំពោះខ្ញុំ អព្ភូតហេតុអស្ចារ្យបំផុតក្នុងជីវិតមិនត្រឹមតែជាការញែកសមុទ្រក្រហម ការរើភ្នំ ឬ ការប្រោសឲ្យជាខាងរាងកាយនោះទេ ។ អព្ភូតហេតុអស្ចារ្យបំផុតកើតឡើងនៅពេលយើងទូលទៅកាន់ព្រះវរបិតាសួគ៌ក្នុងការអធិស្ឋាន និង អង្វរទ្រង់ឲ្យអភ័យទោស ហើយត្រូវបានសម្អាតពីអំពើបាបទាំងនោះ តាមរយៈពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។