ព្រះអម្ចាស់យេស៊ូវគ្រីស្ទបង្រៀនយើងឲ្យអធិស្ឋាន
នៅពេលបងប្អូនអធិស្ឋាន តើបងប្អូនពិតជាអធិស្ឋាន ឬ គ្រាន់តែពោលពាក្យអធិស្ឋាន ?
ក្នុងឆ្នាំ ១៩៧៧ ខ្ញុំបានបម្រើបេសកកម្មនៅទីក្រុងគូសគូ ប្រទេសប៉េរូ ។ ដៃគូខ្ញុំ និង ខ្ញុំបានទទួលការអនុញ្ញាតឲ្យនាំអ្នកផ្សព្វផ្សាយសាសនាទាំងអស់ក្នុងតំបន់ គូសកូ ទៅទស្សនាទីក្រុងចំណាស់ដ៏ល្អឯកមួយឈ្មោះ ម៉ាឈូ ពីឈូ ។
ពេលជិតត្រឡប់មកវិញ អ្នកផ្សព្វផ្សាយសាសនាខ្លះបានចង់ទៅលេងស្ពានយោល អ៊ិងកា ស្ថិតនៅលើផ្លូវជ្រលងភ្នំ ។ ភ្លាមនោះ ព្រះវិញ្ញាណបំផុតគំនិតខ្ញុំថាកុំឲ្យទៅទីនោះឲ្យសោះ ។ ផ្លូវនោះស្ថិតនៅលើចង្កេះភ្នំមានកម្ពស់ ៦១០ម៉ែត្រ ។ នៅតំបន់ខ្លះ ផ្លូវមានទំហំសម្រាប់ដើរឆ្លងកាត់ម្ដងបានតែម្នាក់ប៉ុណ្ណោះ ។ ដៃគូខ្ញុំ និង ខ្ញុំបានប្រាប់ពួកគេថា យើងមិនគួរទៅទស្សនាស្ពានយោល អ៊ិនកា ឡើយ ។
ប៉ុន្តែអ្នកផ្សព្វផ្សាយសាសនាទាំងនោះបានចចេសចង់ទៅ ។ ពួកគេបានទទូចសុំកាន់តែខ្លាំងឡើងៗ ហើយទោះជាមានការបង្ហាញពីព្រះវិញ្ញាណក្ដី ខ្ញុំបានបណ្ដោយខ្លួនទៅតាមសម្ពាធទាំងនោះ ហើយបានប្រាប់ពួកគេថាយើងអាចទៅទស្សនាស្ពានយោលបាន ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្ន ។
យើងបានដើរចូលទៅតាមផ្លូវដែលឆ្ពោះទៅរកស្ពានយោលដែលមានខ្ញុំដើរនៅក្រោយគេ ហើយដំបូងឡើយពួកគេបានដើរយឺតៗដូចដែលបានព្រមព្រៀងគ្នាទុក ។ ក្រោយមក អ្នកផ្សព្វផ្សាយសាសនាទាំងនោះបានចាប់ផ្ដើមដើរយ៉ាងលឿន ថែមទាំងរត់ទៀតផង ។ ពួកគេពុំបានស្ដាប់តាមការស្នើរបស់ខ្ញុំឲ្យដើរយឺតៗទេ ។ ខ្ញុំមានអារម្មណ៍ថាត្រូវទៅឲ្យទាន់ពួកគេ ហើយប្រាប់ពួកគេថា យើងត្រូវត្រឡប់ក្រោយវិញ ។ ខ្ញុំនៅក្រោយឆ្ងាយដាច់ពីពួកគេ ហើយខ្ញុំត្រូវរត់ឲ្យលឿនដើម្បីទៅទាន់ពួកគេ ។
កាលខ្ញុំបានងាកទៅដើរតាមផ្លូវចង្អៀតសម្រាប់តែមនុស្សពីរនាក់ នោះខ្ញុំបានឃើញអ្នកផ្សព្វផ្សាយសាសនាម្នាក់កំពុងឈរនៅស្ងៀមដោយផ្អែកនឹងជញ្ជាំងថ្ម ។ ខ្ញុំសួរថាហេតុអ្វីគាត់ឈរនៅទីនោះ ។ គាត់ប្រាប់ខ្ញុំថា គាត់បានទទួលអារម្មណ៍មួយថាឲ្យគាត់ឈរនៅត្រង់នោះបន្តិចសិន រួចឲ្យខ្ញុំបន្តដើរទៅមុខទៀត ។
ខ្ញុំពិតជាប្រញាប់ទៅឲ្យទាន់អ្នកផ្សព្វផ្សាយសាសនាដែលនៅខាងមុខខ្ញុំឲ្យបាន ដូច្នេះគាត់បានជួយខ្ញុំឲ្យដើរហួសគាត់ទៅ ហើយខ្ញុំអាចរំកិលទៅមុខបានបន្តិចទៀត ។ ខ្ញុំសម្គាល់ឃើញថា នៅខាងក្រោមពេញដោយរុក្ខជាតិ ។ ខ្ញុំបានដាក់ជើងស្តាំខ្ញុំជាន់ទៅខាងក្រោម ទើបខ្ញុំដឹងថា ខ្ញុំបានធ្លាក់ចុះក្រោមព្រោះគ្មានដីនៅក្រោមរុក្ខជាតិទាំងនោះទេ ។ ខ្ញុំបានស្រវាចាប់មែកឈើខ្លះដែលនៅក្រោមផ្លូវដើរនោះដោយអស់សង្ឃឹម ។ បន្តិចក្រោយមក ទើបខ្ញុំអាចមើលទៅក្រោមជម្រៅ ៦១០ម៉ែត្រនោះ ឃើញទន្លេ អ៊ូរូបំបា ដែលហូរកាត់ជ្រលងភ្នំអ៊ិងកាដ៏ពិសិដ្ឋ ។ ខ្ញុំមានអារម្មណ៍ថាអស់កម្លាំង ហើយខ្ញុំមិនអាចតោងជាប់តទៅទៀតឡើយ ។ នៅគ្រានោះ ខ្ញុំបានអធិស្ឋានយ៉ាងអស់ពីចិត្ត ។ វាគឺជាការអធិស្ឋានដ៏ខ្លី ។ ខ្ញុំបានបើកមាត់ ហើយពោលថា « ព្រះវរបិតាអើយ ជួយទូលបង្គំផង ! »
មែកឈើនោះមិនមាំល្មមដើម្បីទ្រទម្ងន់ខ្ញុំបានឡើយ ។ ខ្ញុំបានដឹងថា ខ្ញុំនឹងស្លាប់ ។ នៅគ្រា អាសន្ន ដែលខ្ញុំហៀបនឹងធ្លាក់ទៅហើយនោះ ខ្ញុំមានអារម្មណ៍ថាមានដៃដ៏មាំបានចាប់ដៃខ្ញុំ ហើយទាញខ្ញុំឡើង ។ ដោយមានជំនួយនោះ ទើបខ្ញុំអាចបន្តស្រវាស្រទេញ ហើយលើកខ្លួនឡើងទៅលើផ្លូវវិញបាន ។ អ្នកផ្សព្វផ្សាយសាសនា ដែលដើរពីក្រោយខ្ញុំជាអ្នកសង្គ្រោះខ្ញុំ ។
ប៉ុន្តែធាតុពិតគឺព្រះវរបិតាសួគ៌យើងដែលបានសង្គ្រោះខ្ញុំ ។ ទ្រង់ព្រះសណ្ដាប់ការអធិស្ឋានរបស់ខ្ញុំ ។ ខ្ញុំបានឮព្រះសូរសៀងព្រះវិញ្ញាណបីដង ប្រាប់ខ្ញុំកុំឲ្យទៅទស្សនាស្ពានយោល អ៊ិងកា ប៉ុន្តែខ្ញុំមិនបានស្ដាប់តាមឡើយ ។ ខ្ញុំបានតក់ស្លុត ស្លេកស្លាំង ហើយនិយាយលែងចេញ ។ ក្រោយមកខ្ញុំចាំថាមានអ្នកផ្សព្វផ្សាយសាសនាដទៃទៀតនៅខាងមុខយើង ដូច្នេះយើងបានទៅស្វែងរកទាល់តែបានជួបពួកគេ ហើយតំណាលពីហេតុការណ៍ដែលបានកើតឡើងចំពោះខ្ញុំ ។
យើងបានត្រឡប់ទៅទីក្រុងចំណាស់ ម៉ាឈូ ពីឈូ វិញដោយប្រុងប្រយ័ត្ន ហើយស្ងាត់ស្ងៀម ។ ពេលធ្វើដំណើរត្រឡប់ពីទីក្រុងនោះវិញ ខ្ញុំនៅតែមិននិយាយស្ដី ហើយមានយោបល់មួយផុសឡើងក្នុងគំនិតខ្ញុំថា ទ្រង់បានយកព្រះទ័យទុកដាក់លើការអធិស្ឋានខ្ញុំ ប៉ុន្តែខ្ញុំពុំបានយកចិត្តទុកដាក់លើព្រះសូរសៀងទ្រង់ទេ ។ ខ្ញុំពើតផ្សាក្នុងចិត្តពេកពន់ដែលពុំបានស្ដាប់តាមព្រះសូរសៀងទ្រង់ តែពេលនោះដែរខ្ញុំមានអំណរគុណក្រៃលែងចំពោះក្ដីមេត្តាទ្រង់ ។ ទ្រង់ពុំបានអនុវត្តសេចក្ដីយុត្តិធម៌ទ្រង់មកលើខ្ញុំទេ ប៉ុន្តែទ្រង់បានសង្គ្រោះខ្ញុំក្នុងក្ដីមេត្តាទ្រង់វិញ ( សូមមើល អាលម៉ា ២៦:២០ ) ។
មុនពេលខ្ញុំចូលសម្រាក ជាពេលដែលខ្ញុំអធិស្ឋានផ្ទាល់ខ្លួន ខ្ញុំបានអធិស្ឋានអស់ពីចិត្តទៅកាន់ « ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក » ( កូរិនថូស ទី២ ១:៣ ) ។ ខ្ញុំបានអធិស្ឋាន « ដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ » ( មរ៉ូណៃ ១០:៤ ) ។
កាលព្រឹកព្រលឹមនាថ្ងៃដដែរនោះ ខ្ញុំបានអធិស្ឋានចេញពីបបូរមាត់ ប៉ុន្តែកាលខ្ញុំហៀបនឹងអស់ជីវិត ខ្ញុំបានអធិស្ឋានចេញពីចិត្តទៅកាន់ទ្រង់ ។ ត្រង់ចំណុចនេះ ខ្ញុំបានពិចារណាអំពីជីវិតខ្ញុំ ។ ខ្ញុំឃើញថាជាច្រើនលើកច្រើនសាហើយ ដែលព្រះវរបិតាសួគ៌មានក្ដីមេត្តាចំពោះខ្ញុំ ។ ទ្រង់បានបង្រៀនខ្ញុំនូវមេរៀនជាច្រើនថ្ងៃនោះ នៅទីក្រុងចំណាស់ ម៉ាឈូ ពីឈូ និង ទីក្រុងគូសគូ ប្រទេសប៉េរូ ។ មេរៀនសំខាន់ជាងគេគឺ ខ្ញុំគួរតែអធិស្ឋាន « ដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត [ ដោយអនុវត្ត ] សេចក្ដីជំនឿដល់ព្រះគ្រីស្ទ » ជានិច្ច ។
មានគ្រាមួយនោះ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ « បានអធិស្ឋាននៅកន្លែងមួយ » ហើយ « លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង » ( លូកា ១១:១ ) ។ រួចទ្រង់ក៏បង្រៀនសិស្សទ្រង់ឲ្យអធិស្ឋាន ។ សព្វថ្ងៃនេះ ទ្រង់បង្រៀនបងប្អូន និង ខ្ញុំឲ្យអធិស្ឋាន ដូចយើងឃើញទ្រង់អធិស្ឋានក្នុងច្បារគែតសេម៉ានីថា « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ( លូកា ២២:៤២ ) ។ ពេលបងប្អូនអធិស្ឋាន តើបងប្អូនពិតជាចង់ឲ្យការណ៍នោះ « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ដែរឬទេ ?
ប៉ុលប្រាប់ពីរបៀបដែលព្រះយេស៊ូវអធិស្ឋាន « កាលទ្រង់គង់នៅក្នុងសាច់ឈាម » ក្នុងច្បារគែតសេម៉ានីដូចនេះ ៖ « ទ្រង់បានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់ » ( ហេព្រើរ ៥:៧ ) ។ នៅពេល បងប្អូនអធិស្ឋាន តើបងប្អូនពិតជាអធិស្ឋាន ឬ គ្រាន់តែពោលពាក្យអធិស្ឋាន ? តើបងប្អូនអធិស្ឋានសើៗឬ ?
ព្រះវរបិតាបានអធិស្ឋានយ៉ាងខ្លាំង ហើយទូលទៅព្រះវរបិតាទ្រង់ ។ « លុះកាលបណ្តាជនទាំងប៉ុន្មាន បានទទួលបុណ្យជ្រមុជហើយ នោះព្រះយេស៊ូវក៏ទទួលដែរ រួចកំពុងដែលទ្រង់អធិស្ឋាន នោះស្រាប់តែមេឃរបើកឡើង » ( លូកា ៣:២១ ) ។ ពេលបងប្អូនអធិស្ឋាន តើបងប្អូនមានអារម្មណ៍ថាស្ថានសួគ៌របើកឡើងឬទេ ? តើបងប្អូនបានមានទំនាក់ទំនងបែបនោះជាមួយស្ថានសួគ៌ចុងក្រោយគេកាលពីពេលណា ?
ព្រះយេស៊ូវបានត្រៀមជាស្រេចដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់ដោយអធិស្ឋានទៅកាន់ព្រះវរបិតាទ្រង់ ។
« ទ្រង់ចេញទៅឯភ្នំ ដើម្បីនឹងអធិស្ឋាន រួចទ្រង់អធិស្ឋានដល់ព្រះ ដរាបទាល់ភ្លឺ ។
« លុះភ្លឺឡើង ទ្រង់ហៅពួកសិស្សមក ក៏រើសយក១២នាក់ ដែលទ្រង់ហៅថា សាវក » ( លូកា ៦:១២–១៣ ) ។
តើបងប្អូនត្រៀមជាស្រេចដើម្បីធ្វើការសម្រេចចិត្តដ៏សំខាន់ដោយអធិស្ឋានទៅកាន់ព្រះវរបិតាឬទេ ? តើបងប្អូនត្រៀមជាស្រេចសម្រាប់គ្រាមួយដែលតម្រូវឲ្យមានការអធិស្ឋានឬទេ ?
កាលព្រះយេស៊ូវយាងមកទ្វីបអាមេរិក ទ្រង់បានបង្រៀនប្រជាជនឲ្យអធិស្ឋាន ។ « ហើយទេវតាមានបន្ទូលមកខ្ញុំថា « ចូរបន្តការអធិស្ឋានចុះ ទោះជាយ៉ាងណាក៏ដោយ គង់តែពួកគេពុំឈប់អធិស្ឋានដែរ » ( នីហ្វៃទី៣ ១៩:២៦ ) ។
ព្រះយេស៊ូវអញ្ជើញយើងឲ្យ « អធិស្ឋានជានិច្ច » ( គ. និង ស. ១០:៥ ) ។ ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាសួគ៌ព្រះសណ្ដាប់ ហើយប្រទាននូវអ្វីដែលល្អបំផុតសម្រាប់យើង ។ ហេតុអ្វីបានជាពេលខ្លះយើងពុំចង់ទទួលយកអ្វីដែលទ្រង់ប្រទានឲ្យដូច្នេះ ? ហេតុអ្វី ?
នៅវិនាទីដែលយើងពោលថា « ព្រះវរបិតាសួគ៌អើយ » នោះទ្រង់ឮការអធិស្ឋាន ហើយជ្រាបពីយើង និងសេចក្ដីត្រូវការរបស់យើង ។ ទ្រង់ផ្តោតព្រះទ័យទុកដាក់ទៅលើបងប្អូនជានិច្ច ។ ទ្រង់ជ្រាបពីគំនិត និងចិត្តរបស់យើង ។ បងប្អូនមិនអាចលាក់បាំងអ្វីពីទ្រង់បានទេ ។ ឥឡូវអ្វីដែលអស្ចារ្យនោះគឺ ទ្រង់នឹងទតមើលបងប្អូនដោយព្រះនេត្រនៃក្ដីស្រឡាញ់ និង ក្ដីមេត្តា—ដែលយើងមិនអាចយល់បាន ។ ប៉ុន្តែវិនាទីដែលបងប្អូនពោលថា « ព្រះវរបិតាសួគ៌អើយ » នោះទ្រង់មានក្ដីស្រឡាញ់ និង ក្ដីមេត្តាភ្លាម ។
ដូច្នេះពេលដែលយើងអធិស្ឋានគឺជាពេលដ៏ពិសិដ្ឋ ។ ទ្រង់នឹងមិនមានបន្ទូលថា « ទេ ឥឡូវយើងនឹងមិនស្ដាប់ឯងទេ ព្រោះឯងមករកយើងពេលដែលឯងមានទុក្ខព្រួយប៉ុណ្ណោះ » ឡើយ ។ មានតែមនុស្សទេដែលធ្វើដូច្នោះ ។ ទ្រង់នឹងមិនមានបន្ទូលថា « អូ៎ ឯងមិនដឹងថា យើងរវល់កម្រិតណាទេ » ឡើយ ។ មានតែមនុស្សទេដែលធ្វើដូច្នោះ ។
ខ្ញុំសង្ឃឹម ហើយអធិស្ឋានសូមឲ្យយើងនឹងអធិស្ឋានដូចព្រះយេស៊ូវបានបង្រៀនយើង ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។