« ចូរមកតាមខ្ញុំចុះ »ដោយការអនុវត្តសេចក្ដីស្រឡាញ់ និងការបម្រើជាគ្រិស្តសាសនិក
ក្នុងនាមជាពួកសិស្សរបស់ព្រះអង្គសង្គ្រោះនាថ្ងៃចុងក្រោយនេះ យើងមករកទ្រង់តាមរយៈការស្រឡាញ់ និងការបម្រើដល់កូនចៅរបស់ព្រះ ។
លោក អេលី វីស្សេល ជាអ្នកដែលទទួលបានរង្វាន់ណូបែល បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្រោយពីការវះកាត់បើកបេះដូង ពេលនោះមានចៅប្រុសគាត់ម្នាក់អាយុប្រាំឆ្នាំបានទៅសួរសុខទុក្ខគាត់ ។ កាលក្មេងប្រុសតូចនោះសម្លឹងមើលមុខជីតាខ្លួន គាត់បានឃើញពីការឈឺចាប់នោះ ។ គាត់បានសួរថា « លោកតា បើខ្ញុំស្រឡាញ់លោកតាឲ្យបានច្រើន តើលោកតាលែងឈឺចាប់ខ្លះទេ ? » នៅថ្ងៃនេះខ្ញុំសូមសួរសំណួរស្រដៀងគ្នានេះដល់យើងម្នាក់ៗ ៖ « បើយើងស្រឡាញ់ព្រះអង្គសង្គ្រោះឲ្យបានច្រើន តើយើងនឹងរងទុក្ខតិចតួចមែនទេ ?»
កាលព្រះអង្គសង្គ្រោះបានហៅពួកសិស្សរបស់ទ្រង់ឲ្យដើរតាមទ្រង់ ពួកគេកំពុងរស់នៅតាមក្រឹត្យវិន័យរបស់លោកម៉ូសេ រួមបញ្ចូលទាំងការនាំ « ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ » ប៉ុន្តែព្រះអង្គសង្គ្រោះបានយាងមកបំពេញក្រឹត្យវិន័យនោះដោយដង្វាយធួនរបស់ទ្រង់ ។ ទ្រង់បានបង្រៀនគោលលទ្ធិថ្មីមួយ ៖ « ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ » ។
ពួកសិស្សត្រូវបានបង្រៀនឲ្យងាកចេញពីរបៀបមនុស្សខាងសាច់ឈាមទៅរករបៀបរបស់ព្រះអង្គសង្គ្រោះដែលប្រកបដោយក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ មានការអភ័យទោស សណ្ដានចិត្តល្អ និងក្ដីមេត្តាករុណាជំនួសឲ្យការទាស់ទែងគ្នា ។ « ព្រះបញ្ញត្តិថ្មី »ឲ្យ « ស្រឡាញ់ដល់គ្នាទៅវិញទៅមក » ពុំមែនជារឿងងាយធ្វើតាមជានិច្ចនោះទេ ។ កាលពួកសិស្សព្រួយអំពីការរាប់អាននឹងពួកអ្នកមានបាប និងមនុស្សមានឋានៈជាក់លាក់ ព្រះអង្គសង្គ្រោះបានបង្រៀនដោយអត់ធ្មត់ថា « ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ។ ឬដូចដែលព្យាការីមួយរូបនៅក្នុងព្រះគម្ពីរមរមនបានពន្យល់ថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។
ក្នុងនាមជាពួកសិស្សរបស់ព្រះអង្គសង្គ្រោះនាថ្ងៃចុងក្រោយនេះ យើងមករកទ្រង់តាមរយៈការស្រឡាញ់ និងការបម្រើដល់កូនចៅរបស់ព្រះ ។ កាលយើងធ្វើកិច្ចការនេះ យើងប្រហែលជាមិនអាចគេចផុតពីទុក្ខលំបាក ភាពវេទនា និងការឈឺចាប់ខាងសាច់ឈាមបានឡើយ ប៉ុន្តែយើងនឹងរងទុក្ខតិចខាងវិញ្ញាណ ។ សូម្បីតែនៅក្នុងការសាកល្បងក៏យើងអាចមានអំណរ និងភាពសុខសាន្តដែរ ។
សេចក្ដីស្រឡាញ់ និងការបម្រើរបស់យើងក្នុងនាមជាគ្រិស្តសាសនិកគឺចាប់ផ្ដើមឡើងនៅក្នុងផ្ទះយើង ។ ឪពុកម្ដាយទាំងឡាយអើយ បងប្អូនត្រូវបានហៅឲ្យធ្វើជាគ្រូបង្រៀន និងអ្នកផ្សព្វផ្សាយសាសនាដែលគួរឲ្យស្រឡាញ់ដល់កូនចៅ និង យុវវ័យរបស់បងប្អូន ។ ពួកគេជាពួកអ្នករៀនថ្មីរបស់បងប្អូន ។ បងប្អូនមានការទទួលខុសត្រូវដើម្បីជួយពួកគេឲ្យមានការប្រែចិត្តជឿ ។ តាមពិត យើងទាំងអស់គ្នាកំពុងខិតខំមានការប្រែចិត្តជឿ—វាមានន័យថា ការពោរពេញដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះនៃយើង ។
នៅពេលយើងដើរតាមព្រះយេស៊ូវគ្រីស្ទ សេចក្ដីស្រឡាញ់របស់ទ្រង់លើកទឹកចិត្តយើងឲ្យចេះគាំទ្រគ្នានៅក្នុងដំណើរជីវិតនេះ ។ យើងមិនអាចធ្វើវាតែម្នាក់ឯងទេ ។ បងប្អូនបានស្ដាប់ឮខ្ញុំចែកចាយសុភាសិតមកពីមុនថា ៖ អ្នក និងខ្ញុំជួយលើកគ្នាឡើងដ៏អស់កល្បជានិច្ច » ។ ក្នុងនាមជាពួកសិស្ស យើងចាប់ផ្ដើមធ្វើកិច្ចការនេះ កាលយើងបានជ្រមុជទឹក ដោយបង្ហាញឆន្ទៈយើងដើម្បី « ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល » ។
« [ ការ ] បង្រៀនគ្នាទៅវិញទៅមកអំពីគោលលទ្ធិនៃនគរ » គឺជាវិធីមួយដើម្បីស្រឡាញ់ ហើយបម្រើគ្នា ។ ឪពុកម្ដាយ និងជីដូនជីតាទាំងឡាយអើយ យើងសោកស្ដាយពីស្ថានភាពនៃពិភពលោកនេះ—ដែលសាលារៀនពុំបានបង្រៀនពីគុណសម្បត្តិខាងសីលធម៌ឡើយ ។ ប៉ុន្តែមានរឿងច្រើនណាស់ដែល យើង អាចធ្វើបាន ។ យើង អាចទាញយកប្រយោជន៍ពីឱកាសបង្រៀននៅក្នុងក្រុមគ្រួសារយើងផ្ទាល់—នោះមានន័យថានៅសព្វថ្ងៃនេះ ។ សូមកុំឲ្យវាកន្លងផុតទៅឡើយ ។ កាលមានឱកាសមួយដើម្បីចែកចាយគំនិតរបស់បងប្អូនអំពីដំណឹងល្អ និងមេរៀននៃជីវិត សូមផ្អាកធ្វើអ្វីៗទាំងអស់ អង្គុយចុះ ហើយនិយាយជាមួយនឹងកូនៗ និងចៅៗរបស់បងប្អូន ។
យើងពុំគួរបារម្ភថា យើងពុំមែនជាគ្រូបង្រៀនដំណឹងល្អអាជីពនោះឡើយ ។ គ្មានថ្នាក់បំពាក់បំប៉ន ឬសៀវភៅសិក្សាណាមួយមានប្រយោជន៍ដូចជាការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ការអធិស្ឋាន ការរិះគិត និងការស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធឡើយ ។ ព្រះវិញ្ញាណនឹងដឹកនាំយើងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យានឹងបងប្អូនថា ការហៅធ្វើជាឪពុកម្ដាយ វារួមបញ្ចូលនូវអំណោយទានដើម្បីបង្រៀនតាមរបៀបត្រឹមត្រូវសម្រាប់បងប្អូន និងកូនចៅបងប្អូនដែរ ។ ចូរចងចាំថា ព្រះចេស្តានៃព្រះដើម្បីធ្វើឲ្យយើងសុចរិតគឺជាសេចក្ដីស្រឡាញ់របស់ទ្រង់ ។ « យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន » ។
យុវវ័យអើយ ក្មួយៗមួយចំនួនគឺជាគ្រូបង្រៀនដំណឹងល្អដ៏មានប្រសិទ្ធភាពរបស់យើង ។ ក្មួយៗមកព្រះវិហារដើម្បីរៀនសូត្រឲ្យក្មួយអាចត្រឡប់ទៅផ្ទះវិញបង្រៀន ហើយបម្រើគ្រួសារ អ្នកជិតខាង និងមិត្តរបស់ក្មួយ ។ សូមកុំខ្លាចឡើយ ។ សូមមានសេចក្ដីជំនឿដើម្បីថ្លែងទីបន្ទាល់ពីរឿងដែលក្មួយដឹងថាជាការពិត ។ សូមគិតពីរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងរីកចម្រើន ដោយសារពួកគេកំពុងរស់នៅដោយស្មោះត្រង់នៅក្នុងជីវិតមួយដ៏បរិសុទ្ធ—ដោយប្រើពេលវេលា និងទេពកោសល្យរបស់ពួកគេ ហើយថ្លែងទីបន្ទាល់ដើម្បីបម្រើ ហើយផ្តល់ពរដល់មនុស្សដទៃទៀត ។ កាលក្មួយចែកចាយទីបន្ទាល់របស់ខ្លួនអំពីដំណឹងល្អ សេចក្ដីជំនឿក្មួយៗនឹងរីកចម្រើន ហើយភាពជឿជាក់របស់ខ្លួននឹងកើនឡើង ។
ការបម្រើមួយចំនួនក្នុងនាមជាគ្រិស្តសាសនិករបស់យើងដែលមានឥទ្ធិពលបំផុតធ្វើឡើងតាមរយៈការសិក្សាព្រះគម្ពីរជាគ្រួសារ ការអធិស្ឋានជាគ្រួសារ និងការប្រជុំក្រុមប្រឹក្សាគ្រួសារ ។ អស់រយៈពេលជាងមួយរយឆ្នាំហើយ ដែលថ្នាក់ដឹកនាំសាសនាចក្របានអំពាវនាវឲ្យយើងរៀបចំពេលវេលាកុំឲ្យមានការរំខាននៅរាល់សប្ដាហ៍ ។ ប៉ុន្តែយើងភាគច្រើននៅតែខកខានចំពោះពរជ័យទាំងនេះ ។ រាត្រីជួបជុំក្រុមគ្រួសារគឺពុំមែនជាការស្ដីប្រដៅមកពីឪពុក និងម្ដាយទេ ។ វាគឺជាពេលសម្រាប់គ្រួសារដើម្បីចែកចាយគំនិត និងបទពិសោធន៍ខាងវិញ្ញាណដ៏សាមញ្ញ ដើម្បីជួយកូនៗយើងឲ្យរៀនមើលថែ ហើយចែកចាយ លេងសប្បាយនឹងគ្នា ថ្លែងទីបន្ទាល់រួមគ្នា ព្រមទាំងធំឡើង ហើយរីកចម្រើនរួមគ្នា ។ នៅពេលយើងធ្វើរាត្រីជួបជុំក្រុមគ្រួសាររាល់សប្ដាហ៍ សេចក្ដីស្រឡាញ់របស់យើងចំពោះគ្នានឹងកាន់តែមានភាពជ្រាលជ្រៅ ហើយនឹងរងទុក្ខតិចតួច ។
ចូរយើងចងចាំថា កិច្ចការដ៏សំខាន់បំផុតដែលយើងធ្វើនៅក្នុងក្រុមគ្រួសារយើង គឺតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលណាយើងដំឡើងសំឡេងដោយការក្រោធខឹង នោះព្រះវិញ្ញាណចាកចេញពីយើង និងក្រុមគ្រួសារយើង ។ ពេលយើងនិយាយដោយក្ដីស្រឡាញ់ នោះព្រះវិញ្ញាណអាចគង់នៅជាមួយយើង ។ ចូរយើងចងចាំថាកូនៗ និងចៅៗយើងវាស់វែងក្ដីស្រឡាញ់របស់យើងតាមទំហំនៃពេលវេលាដែលយើងបានលះបង់ឲ្យពួកគេ ។ លើសពីនេះទៀត សូមកុំបាត់បង់ការអត់ធ្មត់ ហើយសូមកុំចុះចាញ់ !
បទគម្ពីរប្រាប់យើងថា ពេលកូនចៅវិញ្ញាណមួយចំនួនរបស់ព្រះវរបិតាពុំជ្រើសរើសដើរតាមផែនការទ្រង់ នោះពួកទេវតានៃស្ថានសួគ៌បានយំ ។ ឪពុកម្ដាយមួយចំនួនដែលបានស្រឡាញ់ ហើយបានបង្រៀនដល់កូនចៅខ្លួនក៏បានយំដែរ កាលកូនចៅខ្លួនបានធំឡើងជ្រើសមិនធ្វើតាមផែនការរបស់ព្រះអម្ចាស់ ។ តើឪពុកម្ដាយអាចធ្វើអ្វីខ្លះ ? យើងពុំអាចអធិស្ឋានសូមឲ្យមានការដកយកសិទ្ធិជ្រើសរើសរបស់បុគ្គលម្នាក់ទៀតបានឡើយ ។ សូមចងចាំពីឪពុករបស់កូនប្រុសខ្ជះខ្ជាយ ដែលបានរង់ចាំកូនប្រុសគាត់ « [ ឲ្យមករក ] គាត់ »ដោយអត់ធ្មត់ ហើយស្របពេលនោះដែរ គាត់ក៏បានរង់ចាំមើលវាពីចម្ងាយ ។ ហើយគាត់បានរត់ទៅរកកូន ពេលឃើញវា « ពីចម្ងាយ » ។ យើងអាចអធិស្ឋានសូមការដឹកនាំពីពេលដែលត្រូវនិយាយ និងអ្វីដែលត្រូវនិយាយ និងពេលដែលត្រូវនៅស្ងៀម ។ ចូរចងចាំថា កូនៗ និងសមាជិកគ្រួសារយើងបានជ្រើសដើរតាមព្រះអង្គសង្គ្រោះរួចហើយ កាលពីជីវិតមុនផែនដី ។ ពេលខ្លះ វាមានតែតាមរយៈបទពិសោធន៍ផ្ទាល់របស់ពួកគេប៉ុណ្ណោះ ទើបអារម្មណ៍ដ៏ពិសិដ្ឋទាំងនោះបានរំឭកឡើងជាថ្មី ។ នៅទីបំផុត ការជ្រើសរើសស្រឡាញ់ ហើយដើរតាមព្រះអម្ចាស់ត្រូវតែជាការជ្រើសរើសរបស់ពួកគេ ។
មាននូវវិធីពិសេសមួយទៀតដែលពួកសិស្សបង្ហាញក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ។ នៅថ្ងៃនេះ ខ្ញុំសូមកោតសរសើរដល់អស់អ្នកដែលបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកមើលថែ ។ ព្រះអម្ចាស់ស្រឡាញ់បងប្អូនខ្លាំងណាស់ ! នៅក្នុងការបម្រើដ៏ស្ងប់ស្ងាត់ គ្មានការកោតសរសើររបស់បងប្អូន បងប្អូនកំពុងដើរតាមទ្រង់ដែលបានសន្យាថា « ព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសម្ងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់ »។
ខ្ញុំគិតពីអ្នកជិតខាងខ្ញុំដែលភរិយាគាត់រងការឈឺចាប់ដោយសារជំងឺបាត់បង់ការចងចាំ ។ រៀងរាល់ថ្ងៃអាទិត្យគាត់បានជួយស្លៀកពាក់ឲ្យនាងដើម្បីទៅការប្រជុំសាសនាចក្រ សិតសក់ឲ្យនាង តុបតែងមុខឲ្យនាង ទាំងពាក់ក្រវិលឲ្យនាង ។ ដោយបង្ហាញពីការបម្រើនេះ គាត់គឺជាគំរូមួយដល់បុរសស្ត្រីគ្រប់គ្នានៅក្នុងវួដរបស់យើង—តាមពិតគឺជាគំរូដល់ពិភពលោក ។ មានថ្ងៃមួយភរិយាគាត់បានពោលទៅគាត់ថា « ខ្ញុំគ្រាន់តែចង់ឃើញស្វាមីខ្ញុំម្ដងទៀត ហើយបានរួមរស់នឹងគាត់ » ។
គាត់បានតបថា « បងគឺជាស្វាមីរបស់អូន » ។
ហើយនាងបានតបដោយផ្អែមល្ហែមថា « ល្អហើយ ! »
ខ្ញុំពុំអាចនិយាយពីការមើលថែដោយគ្មានការទទួលស្គាល់ចំពោះអ្នកមើលថែដ៏ពិសេសនៅក្នុងជីវិតខ្ញុំបានឡើយ—ជាសិស្សដ៏ពិសេសរបស់ព្រះអង្គសង្គ្រោះចំពោះខ្ញុំ—គឺ ម៉ារីដែលជាដៃគូដ៏អស់កល្បរបស់ខ្ញុំ ។ គាត់បានធ្វើអ្វីៗទាំងអស់ដោយចិត្តមេត្តា និងក្ដីស្រឡាញ់ ។ ដៃទាំងពីររបស់គាត់ឆ្លុះបញ្ចាំងពីការប៉ះពាល់ដ៏ទន់ភ្លន់ ហើយគាំទ្ររបស់ទ្រង់ ។ បើគ្មានរូបគាត់ ខ្ញុំនឹងពុំអាចនៅទីនេះបានឡើយ ។ ខ្ញុំនឹងអាចកាន់ខ្ជាប់ជាមួយគាត់ដល់ចុងបំផុត ហើយនៅជាមួយគាត់ក្នុងជីវិតដ៏អស់កល្បជានិច្ច ។
បើបងប្អូនកំពុងរងទុក្ខយ៉ាងខ្លាំងជាមួយអ្នកដទៃ ឬតែឯង ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះធ្វើជាអ្នកមើលថែដល់បងប្អូន ។ សូមផ្អែកទៅនឹងព្រះហស្តដ៏សប្បុរសរបស់ទ្រង់ ។ សូមទទួលយកការអះអាងរបស់ទ្រង់ ។ « ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ៖ ទ្រង់សន្យាថាខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ » ។
បងប្អូនប្រុសស្រី បើយើងពុំបានធ្វើកិច្ចការនេះពេញលេញនៅឡើយទេ ចូរយើងងាកទៅរកការអត់ទោស ចិត្តល្អ និងសេចក្ដីស្រឡាញ់វិញ ។ ចូរយើងលះបង់នូវការគុំគួនដែលមាននៅក្នុងចិត្តនៃមនុស្សខាងសាច់ឈាម ហើយប្រកាសពីការមើលថែ ក្ដីស្រឡាញ់ និងភាពសុខសាន្តរបស់ព្រះគ្រីស្ទ ។
បើ « អ្នករាល់គ្នាបាននូវការចេះដឹងអំពីសិរីល្អ [ និង សេចក្ដីល្អសប្បុរស ]នៃព្រះ » និង « ដង្វាយធួនដែលបានរៀបចំឡើងចាប់តាំងពីកំណើតលោកិយមកសម្រាប់មនុស្សគ្រប់រូប » ផងដែរ « អ្នករាល់គ្នានឹងពុំមានគំនិតចង់ព្យាបាទគ្នាទៅវិញទៅមកឡើយ ប៉ុន្តែចង់រស់នៅដោយសុខសាន្ត ។ … ហើយអ្នករាល់គ្នានឹងពុំទ្រាំឲ្យកូនចៅរបស់អ្នក…រំលងក្រឹត្យវិន័យទាំងឡាយនៃព្រះ ហើយឈ្លោះប្រកែកគ្នាទៅវិញទៅមក ។ …ប៉ុន្ដែអ្នកនឹងបង្រៀនកូនចៅអ្នកឲ្យស្រឡាញ់គ្នាទៅវិញទៅមក ហើយឲ្យបម្រើគ្នាទៅវិញទៅមក » ។
ពីមុនការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ទ្រង់បានបង្រៀនពួកសាវកទ្រង់ថា ៖ « ខ្ញុំឲ្យសេចក្តីបញ្ញត្តមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ហើយ « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា លក្ខណៈដ៏ពិតរបស់ព្រះអង្គសង្គ្រោះចំពោះយើងគឺជាលក្ខណៈមួយដែលបានបង្ហាញដោយ រូបសំណាកព្រះគ្រីស្ទលាតព្រះហស្ដរបស់លោកធ័រវ៉លសិន ។ ទ្រង់បន្ដលាតព្រះហស្ដរបស់ទ្រង់ បោយព្រះហស្តទ្រង់ហៅថា « ចូរមកតាមខ្ញុំ » ។ យើងធ្វើតាមទ្រង់ដោយក្ដីស្រឡាញ់ និងបម្រើគ្នាទៅវិញទៅមក ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
ខ្ញុំសូមថ្លែងសាក្សីពិសេសរបស់ខ្ញុំថា ទ្រង់មានព្រះជន្មរស់ ហើយស្រឡាញ់យើងដោយក្ដីស្រឡាញ់ដ៏ឥតខ្ចោះ ។ នេះគឺជាសាសនាចក្រទ្រង់ ។ ថូម៉ាស អេស ម៉នសុន គឺជាព្យាការីរបស់ទ្រង់នៅលើផែនដីសព្វថ្ងៃនេះ ។ ខ្ញុំសូមអធិស្ឋានឲ្យយើងស្រឡាញ់ព្រះវរបិតាយើង និងព្រះរាជបុត្រាទ្រង់ឲ្យបានច្រើន ហើយរងការឈឺចាប់តិចតួច ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។