តើខ្ញុំបានគ្រប់លក្ខណ៍ហើយឬនៅ ? តើខ្ញុំអាចបានគ្រប់លក្ខណ៍ដែរឬទេ ?
បើបងប្អូនព្យាយាមដោយខ្លាំងក្លា ហើយមិនដោះសារ ឬបះបោរ—គឺដោយប្រែចិត្តជារឿយៗ ថែមទាំងទូលអង្វរសូមព្រះគុណ—នោះបងប្អូននឹង « បានគ្រប់លក្ខណ៍ » ។
បងប្អូនប្រុសស្រី នេះជាពរជ័យដ៏ធំដែលយើងបានមកប្រជុំគ្នាដើម្បីស្ដាប់ការបង្រៀននៃពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ។ តើនេះមិនអស្ចារ្យទេឬ អំពីរបៀបជាច្រើនដែលព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ទ្រង់ដឹកនាំ ហើយប្រទានពរដល់យើងនោះ ? ទ្រង់ពិតជាសព្វព្រះទ័យឲ្យយើងបានត្រឡប់ទៅស្ថានសួគ៌វិញ ។
ដោយសារតែមានក្តីមេត្តាករុណាដ៏ទន់ភ្លន់ ក្នុងនាមជាវេជ្ជបណ្ឌិតវ័យក្មេងទើបបញ្ចប់ការសិក្សា ខ្ញុំត្រូវបានជ្រើសរើសឲ្យទទួលបានការបំពាក់បំប៉នកម្មសិក្សាពេទ្យកុមារនៅក្នុងកម្មវិធីមួយដ៏ពិបាក និង មានការប្រកួតប្រជែង ។ ពេលខ្ញុំជួបនិស្សិតដែលចុះកម្មសិក្សាផ្សេងទៀត ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមិនសូវឆ្លាត ហើយមិនចេះច្រើនដូចពួកគេឡើយ ។ ខ្ញុំបានគិតថា ខ្ញុំមិនអាចធ្វើបានល្អដូចជាពួកគេនោះទេ ។
រយៈពេលបីខែដំបូង នាពេលយប់ជ្រៅមួយខ្ញុំបានអង្គុយក្នុងការិយាល័យគិលានុប្បដ្ឋាយិកានៅមន្ទីរពេទ្យ ទាំងយំខ្សឹបខ្សួល ហើយងងុយដេកផង ខ្ញុំបានព្យាយាមបំពេញបែបបទចូលសម្រាកពេទ្យឲ្យក្មេងប្រុសម្នាក់ដែលមានជំងឺរលាកសួត ។ ខ្ញុំមិនធ្លាប់បាក់ទឹកចិត្តដូច្នោះទេក្នុងមួយជីវិតខ្ញុំ ។ ខ្ញុំមិនចេះរបៀបព្យាបាលជំងឺរលាកសួតរបស់ក្មេងប្រុសអាយុ ១០ ឆ្នាំនោះឡើយ ។ ខ្ញុំបានចាប់ផ្ដើមឆ្ងល់ថាតើខ្ញុំកំពុងតែធ្វើអ្វីពេលនោះ ។
រំពេចនោះ គ្រូពេទ្យរៀមច្បងម្នាក់បានដាក់ដៃលើស្មាខ្ញុំ ។ គាត់សួរថាតើខ្ញុំមានបញ្ហាអ្វីឬទេ ហើយខ្ញុំបានប្រាប់គាត់ពីភាពមួរម៉ៅ និង ការភ័យខ្លាចរបស់ខ្ញុំ ។ ចម្លើយរបស់គាត់បានផ្លាស់ប្ដូរជីវិតខ្ញុំ ។ គាត់ប្រាប់ថា គាត់ ព្រមទាំងគ្រូពេទ្យរៀមច្បងដទៃៗទៀតមានមោទនភាពចំពោះខ្ញុំ ហើយពួកគាត់ដឹងថា ខ្ញុំនឹងក្លាយជាវេជ្ជបណ្ឌិតដ៏ឆ្នើមម្នាក់ ។ និយាយឲ្យខ្លីទៅ គឺគាត់ជឿលើខ្ញុំ កាលខ្ញុំមិនទាំងជឿលើខ្លួនឯងផង ។
ដូចបទពិសោធន៍របស់ខ្ញុំនេះដែរមានសមាជិកយើងសួរខ្លួនឯងជាញឹកញាប់ថា « តើខ្ញុំជាមនុស្សគ្រប់លក្ខណ៍ហើយឬនៅ ? » ឬ « តើខ្ញុំពិតជាអាចទៅកាន់នគរសេឡស្ទាលបានដែរឬទេ ? » ប្រាកដណាស់ គ្មាននរណាម្នាក់ « បានគ្រប់លក្ខណ៍ » នោះទេ ។ ខ្ញុំសូមបកស្រាយចម្ងល់នេះថាគ្មាននរណាម្នាក់អាច « រកបាន » ឬ « សមនឹង » សេចក្តីសង្គ្រោះនោះទេ ប៉ុន្តែវាជាធម្មតាទេដែលយើងឆ្ងល់ថា តើព្រះអម្ចាស់ទទួលយកយើងឬអត់នោះ ។
ជួនកាល ពេលយើងទៅព្រះវិហារ យើងបាក់ ទឹកចិត្តគ្រាន់តែដោយសារការអញ្ជើញដ៏ស្មោះដើម្បីធ្វើឲ្យខ្លួនយើងរីកចម្រើនប៉ុណ្ណោះ ។ យើងគិតក្នុងចិត្ត ថា « ខ្ញុំមិនអាចធ្វើកិច្ចការទាំងនេះបានទេ » ឬ « ខ្ញុំនឹងមិនអាចធ្វើបានល្អដូចមនុស្សទាំងនេះទេ » ។ យើងអាចមានអារម្មណ៍ដូចខ្ញុំបានមានកាលនៅក្នុងមន្ទីរពេទ្យយប់នោះដែរ ។
ខ្ញុំសូមអង្វរ ឱបងប្អូនប្រុសស្រីជាទីស្រឡាញ់អើយ យើងត្រូវតែឈប់ប្រៀបធៀបខ្លួនយើងទៅនឹងមនុស្សដទៃ ។ យើងធ្វើទារុណកម្មខ្លួនយើងដោយឥតប្រយោជន៍តាមរយៈការប្រកួតប្រជែង និង ការប្រៀបធៀប ។ យើងវិនិច្ឆ័យខ្លួនយើងយ៉ាងខុសឆ្គងតាមរយៈ អ្វីៗ ដែលយើងមាន និង គ្មាន ព្រមទាំងតាមរយៈ យោបល់របស់មនុស្សដទៃ ។ តែបើយើងចង់ប្រៀបធៀបនោះ ចូរឲ្យយើងប្រៀបធៀបថាតើពីមុន និង ឥឡូវនេះ យើងមានសភាពខុសគ្នាដូចម្ដេចខ្លះ—ហើយថាតើយើងចង់ក្លាយជាមនុស្សបែបណានាពេលអនាគត ។ យោបល់តែមួយគត់ដែលសំខាន់ចំពោះយើងគឺថា តើព្រះវរបិតាសួគ៌មានព្រះទ័យយ៉ាងណាចំពោះយើង ។ សូមទូលសួរទ្រង់ដោយស្មោះថាទ្រង់គិតយ៉ាងណាអំពីអ្នក ។ ទ្រង់នឹងស្រឡាញ់ ហើយកែតម្រូវ ប៉ុន្តែមិនបំបាក់ទឹកចិត្តយើងឡើយ ដ្បិតនោះគឺជាល្បិចកលរបស់សាតាំង ។
ខ្ញុំសូមនិយាយឲ្យត្រង់ និង ច្បាស់លាស់ ។ ចម្លើយចំពោះសំណួរថា « តើខ្ញុំបានគ្រប់លក្ខណ៍ហើយឬនៅ ? » និង « តើខ្ញុំអាចបានគ្រប់លក្ខណ៍ដែរឬទេ ? » គឺថា « មែនហើយអាចបាន ! បងប្អូននឹងបានគ្រប់លក្ខណ៍ »មែនហើយ « បងប្អូននឹងធ្វើវាបាន ដរាបណាបងប្អូនបន្តប្រែចិត្ត ហើយពុំដោះសារ ឬបះបោរនោះ » ។ ព្រះមិនមែនជាអាជ្ញាកណ្ដាលចិត្តអាក្រក់ ដែលសម្លឹងមើលរាល់ការដោះសារដើម្បីដកយើងចេញពីនគរទ្រង់ឡើយ ។ ទ្រង់ជាព្រះវរបិតាដ៏ឥតខ្ចោះ ដែលសព្វព្រះទ័យឲ្យកូនចៅទ្រង់ទាំងអស់ត្រឡប់ទៅស្ថានសួគ៌ ហើយរស់នៅជាមួយទ្រង់ជាគ្រួសារវិញជារៀងរហូត ជាងអ្វីៗទាំងអស់ ។ ទ្រង់ពិតជាបានប្រទានព្រះរាជបុត្រាបង្កើតតែមួយ ដើម្បីឲ្យយើងមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ! សូមជឿចុះ ហើយបន្តមានក្ដីសង្ឃឹម និងការលួងលោមចិត្តមកពីក្ដីពិតដ៏អស់កល្បនេះ ។ ព្រះវរបិតាសួគ៌យើងសព្វព្រះទ័យឲ្យយើងត្រឡប់ទៅឯទ្រង់វិញ្ ។ នោះគឺជាកិច្ចការ និង សិរីល្អរបស់ទ្រង់ ។
ខ្ញុំស្រឡាញ់អ្វីដែលប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនយើងអំពីគោលការណ៍នេះ ។ ក្នុងឱកាសមួយចំនួន ខ្ញុំបានឮលោកមានប្រសាសន៍ថា បងប្អូនប្រុសស្រី អ្វីដែលព្រះអម្ចាស់មានព្រះទ័យរំពឹងពីយើងគឺយើងត្រូវតែព្យាយាម ប៉ុន្តែបងប្អូនត្រូវតែព្យាយាម ដោយខ្លាំងក្លា ! »
« ការព្យាយាមដោយខ្លាំងក្លា » មានន័យថា ធ្វើឲ្យអស់ពីសមត្ថភាព ដោយទទួលស្គាល់ចំណុចដែលយើងត្រូវពង្រឹង ហើយព្យាយាមម្ដងទៀត ។ ពេលធ្វើដូច្នេះម្ដងហើយម្ដងទៀត នោះយើងចូលកាន់តែជិតព្រះអម្ចាស់ យើងមានអារម្មណ៍ពីព្រះវិញ្ញាណទ្រង់កាន់តែខ្លាំង ហើយយើងទទួលបានព្រះគុណ ឬ ជំនួយពីទ្រង់កាន់តែច្រើន ។
ពេលខ្លះខ្ញុំគិតថា យើងពុំដឹងថាព្រះអម្ចាស់សព្វព្រះទ័យចង់ជួយយើងខ្លាំងកម្រិតណានោះទេ ។ ខ្ញុំចូលចិត្តប្រសាសន៍អែលឌើរ ដេវីឌ អេ បែដណា ថា ៖
« យើងភាគច្រើនយល់ច្បាស់ថា ដង្វាយធួនគឺសម្រាប់មនុស្សមានបាប ។ ប៉ុន្តែ ខ្ញុំពុំប្រាកដទេថា យើងដឹង ហើយយល់ដែរឬអត់ថា ដង្វាយធួនក៏សម្រាប់ពួកបរិសុទ្ធដែរ ។ …
« … ដង្វាយធួនផ្ដល់ជំនួយឲ្យយើងឈ្នះលើ ហើយចៀសវាងការណ៍អាក្រក់ ហើយឲ្យយើងធ្វើ ព្រមទាំងក្លាយជាមនុស្សល្អ ។ …
« ‹ … នោះគឺ … តាមរយៈព្រះគុណនៃព្រះអម្ចាស់ដែលបុគ្គលម្នាក់ៗ … ទទួលបានភាពរឹងមាំ និង ជំនួយដើម្បីប្រព្រឹត្តអំពើល្អ តែបើគ្មានព្រះគុណនេះទេ ពួកគេមិនអាច [ ប្រព្រឹត្ត ] ល្អបានឡើយ ។ … ព្រះគុណនេះគឺជាព្រះចេស្ដាដ៏ជាជំនួយ … › ឬជំនួយសួគ៌ាដែលជួយបំពេញតម្រូវការភ្លាមៗរបស់យើង ដើម្បីបានសក្ដិសមចូលនគរសេឡេស្ទាល » ។
អ្វីដែលយើងអាចធ្វើដើម្បីទទួលបានជំនួយនេះ គឺត្រូវទូលសូម ហើយប្រព្រឹត្តតាមការបំផុសគំនិតដ៏សុចរិតដែលយើងមាន ។
រឿងល្អនោះគឺ បើយើងប្រែចិត្តដោយស្មោះ នោះអំពើបាបពីមុនរបស់យើងមិនអាចរារាំងយើងពីភាពតម្កើងឡើងបានឡើយ ។ មរ៉ូណៃប្រាប់យើងពីអ្នកប្រព្រឹត្តរំលងក្នុងជំនាន់របស់លោកដូចនេះ ៖ « ប៉ុន្តែ ដរាបណាពួកគេប្រែចិត្ត ហើយស្វែងរកការអត់ទោសដោយស្មោះអស់ពីចិត្ត នោះពួកគេតែងតែនឹងបានអត់ទោសឲ្យ » ។
ព្រះអម្ចាស់ផ្ទាល់មានបន្ទូលអំពីអ្នកប្រព្រឹត្តបាបថា ៖
« ប្រសិនជាគេទទួលសារភាពនូវអំពើបាបទាំងឡាយរបស់ខ្លួនចំពោះអ្នក និងចំពោះយើង ហើយប្រែចិត្តដោយស្មោះអស់ពីចិត្ត អ្នកនោះហើយដែលអ្នកត្រូវអត់ទោសឲ្យ ហើយយើងក៏នឹងអត់ទោសឲ្យគេដែរ ។
« មែនហើយ ហើយដរាបណារាស្ត្រយើងប្រែចិត្ត យើងនឹងអត់ទោសឲ្យគេចំពោះការរំលងច្បាប់ទាំងឡាយដែលគេបានប្រព្រឹត្តទាស់នឹងយើង » ។
បើយើងប្រែចិត្តដោយស្មោះ ព្រះពិតជានឹងអភ័យទោសឲ្យយើង ទោះជាយើងបានប្រព្រឹត្តបាបដដែលៗនោះម្ដងហើយម្ដងទៀតក្ដី ។ ដូចអែលឌើរ ជែហ្វ្រី អ័រ ហូឡិន មានប្រសាសន៍ថា ៖ « ទោះអ្នកគិតថាខ្លួនឯងបានខកខានច្រើនដង ទោះអ្នកគិតថាខ្លួនឯងបានធ្វើកំហុសច្រើនយ៉ាងណាក្ដី … ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នក ពុំ បានធ្វើដំណើរហួសពីសេចក្ដីស្រឡាញ់របស់ព្រះឡើយ ។ វាមិនអាចទៅរួចសម្រាប់អ្នកទេ ដែលលិចទៅផុតពីពន្លឺនៃដង្វាយធួនដ៏និរន្ដន៍របស់ព្រះគ្រីស្ទ ជាពន្លឺដែលចែងចាំងដ៏ចិញ្ចាចនោះ » ។
ការណ៍នេះពុំមានន័យថា អំពើបាបអាចទទួលយកបានឡើយ ។ អំពើបាបតែងមានលទ្ធផលរបស់វា ។ អំពើបាបតែងធ្វើឲ្យអន្តរាយ ហើយបង្កការឈឺចាប់ទាំងអ្នកប្រព្រឹត្តបាប និង អ្នករងគ្រោះដោយអំពើបាបរបស់គេ ។ រីឯការប្រែចិត្តដ៏ពិតមិនងាយស្រួលធ្វើនោះទេ ។ លើសពីនេះ សូមយល់ថា ទោះជាព្រះដកយកកំហុស និង ស្នាមប្រឡាក់នៃអំពើបាបយើងកាលយើងប្រែចិត្តដោយស្មោះក្ដី ក៏ទ្រង់អាចមិនដកយកលទ្ធផលនៃអំពើបាបរបស់យើងភ្លាមៗដែរ ។ ពេលខ្លះយើងនឹងចងចាំវាអស់មួយជីវិត ។ អំពើបាបធ្ងន់បំផុតគឺ អំពើបាបដែលគ្រោងទុកជាមុនដែលមនុស្សម្នាក់ពោលថា « ខ្ញុំអាចប្រព្រឹត្តបាបឥឡូវនេះ ហើយប្រែចិត្តតាមក្រោយ » ។ ខ្ញុំជឿថា នេះគឺជាការប្រមាថក្រៃលែងដល់ពលិកម្ម និង ការរងទុក្ខរបស់ព្រះយេស៊ូវគ្រីស្ទ ។
ព្រះអម្ចាស់មានបន្ទូលថា « ដ្បិតយើងជាព្រះអម្ចាស់ ពុំអាចទតមើលអំពើបាប សូម្បីតែបន្តិចបន្តួចបានឡើយ » ។
អាលម៉ាមានប្រសាសន៍ថា « មើលចុះ ឪពុកប្រាប់កូនថា សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។
មូលហេតុមួយដែលការថ្លែងរបស់អាលម៉ាពិត គឺថានៅពេលប្រព្រឹត្តបាបដដែលៗ នោះយើងដកខ្លួនឆ្ងាយពីព្រះវិញ្ញាណ បែរជាបាក់ទឹកចិត្ត ហើយឈប់ប្រែចិត្ត ។ ប៉ុន្តែខ្ញុំសូមថ្លែងឡើងវិញថា ដោយសារដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចប្រែចិត្ត ហើយបានអត់ទោសឲ្យទាំងស្រុង ដរាបណាយើងប្រែចិត្តដោយស្មោះ ។
អ្វីដែលយើងមិនអាចបានអត់ទោសឲ្យគឺ ការដោះសារជាជាងការប្រែចិត្ត ។ ខ្ញុំនឹងមិនខិតខំរាប់ខ្លួនឯងជាសុចរិតចេញពីអំពើបាបដោយពោលថា « ព្រះជ្រាបហើយថាវាពិបាកណាស់សម្រាប់ខ្ញុំ ដូច្នេះទ្រង់ទទួលយកខ្ញុំហើយ » ។ « ការព្យាយាមដោយខ្លាំងក្លា » មានន័យថា យើងបន្តរស់នៅក្នុងបទដ្ឋានព្រះអម្ចាស់ ដែលមានកំណត់ក្នុងសំណួរសម្ភាសន៍យកប័ណ្ណចូលព្រះវិហារបរិសុទ្ធដោយពេញលេញ ។
ទង្វើមួយទៀតដែលរារាំងយើងមិនឲ្យចូលស្ថានសួគ៌ និងមិនឲ្យទទួលបានជំនួយដែលយើងត្រូវការនៅពេលនេះគឺ ការបះបោរ ។ យើងរៀនចេញពីគម្ពីរម៉ូសេថា សាតាំងត្រូវបានបណ្ដេញចេញពីស្ថានសួគ៌ដោយសារតែការបះបោរ ។ ពេលណាមួយដែលយើងបន្លឺក្នុងចិត្តថា « ខ្ញុំមិនត្រូវការព្រះទេ ហើយខ្ញុំពុំចាំបាច់ប្រែចិត្តឡើយ » នោះយើងបះបោរហើយ ។
ក្នុងនាមជាពេទ្យរោគកុមារម្នាក់ ខ្ញុំដឹងថា បើបុគ្គលម្នាក់បដិសេធការព្យាបាលសង្គ្រោះជីវិត វាអាចនាំទៅរកការស្លាប់ខាងសាច់ឈាម ។ ស្រដៀងនេះដែរ ពេលយើងបះបោរទាស់នឹងព្រះ គឺព្រះយេស៊ូវគ្រីស្ទ នោះយើងបដិសេធជំនួយ និងក្ដីសង្ឃឹមដ៏ប្រសើរបំផុតដែលវានឹងដឹកនាំយើងឆ្ពោះទៅរកសេចក្ដីស្លាប់ខាងវិញ្ញាណ ។ គ្មាននរណាម្នាក់អាចធ្វើដូចនេះបានដោយកម្លាំងខ្លួនឯងឡើយ ។ គ្មាននរណាម្នាក់អាច « បានគ្រប់លក្ខណ៍ » ទេ លើកលែងតែតាមបុណ្យគុណ និងសេចក្ដីមេត្តាករុណានៃព្រះគ្រីស្ទប៉ុណ្ណោះ ប៉ុន្តែដោយសារព្រះគោរពដល់សិទ្ធិជ្រើសរើសរបស់យើង នោះយើងក៏មិនអាចបានសង្គ្រោះដោយគ្មានការព្យាយាមដែរ ។ នោះគឺជាតុល្យភាពរវាងព្រះគុណ និង ការខិតខំដំណើរការទៅបាន ។ យើងអាចមានក្ដីសង្ឃឹមនេះក្នុងព្រះគ្រីស្ទ ព្រោះទ្រង់សព្វព្រះទ័យជួយ ហើយកែប្រែយើង ។ តាមពិតទៅ ទ្រង់បានជួយបងប្អូនរួចមកហើយ ។ បងប្អូនគ្រាន់តែឈប់ ហើយគិតបន្តិច ព្រមទាំងទទួលស្គាល់ជំនួយទ្រង់ក្នុងជីវិតបងប្អូន ។
ខ្ញុំសូមធ្វើសាក្សីថា បើបងប្អូនព្យាយាមដោយខ្លាំងក្លា ហើយមិនដោះសារ ឬបះបោរទេ—ដោយប្រែចិត្តជារឿយៗ ថែមទាំងទូលអង្វរសូមព្រះគុណ ឬជំនួយពីព្រះគ្រីស្ទ—នោះបងប្អូននឹង « បានគ្រប់លក្ខណ៍ » នៅចំពោះព្រះ បងប្អូនអាចបានគ្រប់លក្ខណ៍នៅក្នុងព្រះគ្រីស្ទ ហើយនឹងទទួលបានពរជ័យ ព្រមទាំងសិរីល្អ និងអំណរដែលព្រះសព្វព្រះទ័យប្រទានដល់បុត្រាបុត្រីដ៏មានតម្លៃរបស់ទ្រង់—រួមមានបងប្អូន និងខ្ញុំផងដែរ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះមានព្រះជន្មរស់ ហើយចង់ឲ្យយើងត្រឡប់ទៅផ្ទះវិញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវមានព្រះជន្មរស់ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។