គោលការណ៍ និងការសន្យាទាំងឡាយ
សូមឲ្យយើងថែរក្សារូបកាយ និងគំនិតរបស់យើងដោយការគោរពតាមគោលការណ៍ទាំងឡាយដែលបានដាក់នៅក្នុងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ជាផែនការប្រទានមកពីព្រះ ។
បងប្អូនប្រុស នារាត្រីនេះ ខ្ញុំអធិស្ឋានសូមការណែនាំពីព្រះវរបិតាសួគ៌របស់យើង ពេលខ្ញុំចែកចាយសារលិខិតខ្ញុំជាមួយបងប្អូន ។
នៅឆ្នាំ ១៨៣៣ ព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការីយ៉ូសែប ស្ម៊ីធ នូវផែនការមួយសម្រាប់ការរស់នៅដោយមានសុខភាពល្អ។ ផែនការនោះឃើញមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញាកណ្ឌ ៨៩ ហើយត្រូវបានស្គាល់ថាជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ វាផ្ដល់នូវការដឹកនាំជាក់លាក់ស្ដីអំពីអាហារដែលយើងត្រូវបរិភោគ ហើយវាហាមឃាត់មិនឲ្យប្រើសារធាតុនានាដែលអន្ដរាយដល់រូបកាយយើង ។
អស់អ្នកដែលគោរពប្រតិបត្តិចំពោះបទបញ្ញត្តិនានារបស់ព្រះអម្ចាស់ ហើយគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃដោយស្មោះត្រង់ ត្រូវបានសន្យានូវពរជ័យជាក់លាក់ជាច្រើន ដែលក្នុងនោះមានសុខភាពល្អ និងផ្ដល់កម្លាំងខាងរូបកាយបន្ថែម ។
ថ្មីៗនេះ ខ្ញុំបានអានដំណើររឿងពិតអំពីការបើកសម្ដែងដ៏អស្ចារ្យ ស្តីអំពីការសន្យាទាំងនេះ ។ សមាជិកសាសនាចក្រស្មោះត្រង់មួយរូប ឈ្មោះ ចន អេ. ឡាសិន ដែលបានបម្រើក្នុងសង្គ្រាមលោកលើកទីពីរនៅក្នុងក្រុមឆ្មាំឆ្នេរសហរដ្ឋលើកប៉ាល់ USS Cambria ។ អំឡុងចម្បាំងមួយនៅប្រទេសហ្វីលីពីន មានដំណឹងមួយអំពីការមកដល់នៃក្រុមយន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បាំង ។ បញ្ជាឲ្យជម្លៀសចេញជាបន្ទាន់ ។ ដោយសារក្រុម USS Cambria បានចេញទៅបាត់ហើយ នោះ ចន និងដៃគូបីនាក់បានប្រមូលឧបករណ៍ ហើយប្រញាប់ធ្វើដំណើរទៅកាន់ឆ្នេរ ដោយសង្ឃឹមថាទៅទាន់ទូកមួយដែលកំពុងចេញដំណើរនោះ ។ សំណាងល្អ ទូកបានមកដឹកពួកគេ ហើយប្រញាប់ទៅកាន់កប៉ាល់ចុងក្រោយដែលធ្វើដំណើរទៅឆ្នេរ ។ ព្រោះតែត្រូវជម្លៀសចេញឲ្យឆាប់បំផុតតាមដែលអាចធ្វើបាន បុរសដែលនៅលើកប៉ាល់ចេញដំណើរនោះ ពួកគេរវល់នៅលើដំបូលនាវា ហើយមានពេលត្រឹមតែបោះខ្សែពួរឲ្យទៅបុរសទាំងបួននាក់តោងប៉ុណ្ណោះ ហើយសង្ឃឹមថាពួកគេអាចឡើងតាមខ្សែពួរនោះមកដល់ដំបូលនាវាបាន ។
ដោយមានស្ពាយវិទ្យុទាក់ទងធ្ងន់នៅលើខ្នងផងនោះ ចន បានឃើញថាគាត់ព្យួរខ្លួននៅចុងខ្សែរប្រវែង ១២ ម៉ែត្រ នៅចំហៀងនាវាដែលបើកឆ្ពោះទៅសមុទ្រធំធេង ។ គាត់ចាប់ផ្ដើមទាញខ្លួនឡើង ម្ដងបន្ដិចៗ ដោយដឹងថាបើគាត់ព្រលែងដៃ គាត់នឹងត្រូវស្លាប់ជាពុំខាន ។ បន្ទាប់ពីឡើងបានមួយភាគ នោះគាត់មានអារម្មណ៍ថាដៃរបស់គាត់ឈឺជាខ្លាំង ។ គាត់ហត់យ៉ាងខ្លាំង គាត់មានអារម្មណ៍ថាពុំអាចតោងជាប់ទៀតទេ ។
ពេលគាត់អស់កម្លាំង គាត់បានសញ្ជឹងគិតអំពីវាសនាអាក្រក់របស់ខ្លួន ចន បានយំទូលទៅព្រះដោយស្ងាត់ស្ងៀម ប្រាប់ទ្រង់ថា គាត់បានគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃជានិច្ច ហើយបានរស់នៅក្នុងជីវិតស្អាតស្អំ—ឥឡូវនេះគាត់ត្រូវការពរជ័យដែលបានសន្យានោះជាខ្លាំង ។
ចន ក្រោយមកបាននិយាយថា ពេល គាត់បានបញ្ចប់ការអធិស្ឋានរួច គាត់មានអារម្មណ៍ថាមានកម្លាំងដ៏មហិមាមួយ ។ គាត់ចាប់ផ្ដើមតោងឡើងម្ដងទៀត ហើយអាចឡើងយ៉ាងលឿន ។ នៅពេលគាត់ឡើងទៅដល់ដំបូលនាវា ការដកដង្ហើមរបស់គាត់គឺធម្មតា—ពុំមែនដោយដង្ហក់នោះទេ ។ ពរជ័យនៃសុខភាពល្អ និងកម្លាំងបន្ថែម ដែលបានសន្យានៅក្នុងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ត្រូវបានប្រទានដល់គាត់ ។ គាត់ថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌របស់គាត់នៅពេលនោះ និងអស់មួយជីវិតគាត់ ចំពោះចម្លើយដល់ការអធិស្ឋានសូមជំនួយយ៉ាងអស់សង្ឃឹមនោះ ។
បងប្អូនប្រុស សូមឲ្យយើងថែរក្សារូបកាយ និងគំនិតរបស់យើងដោយការគោរពតាមគោលការណ៍ទាំងឡាយដែលបានដាក់នៅក្នុងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ជាផែនការប្រទានមកពីព្រះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីពរជ័យដ៏រុងរឿងដែលរង់ចាំយើង បើយើងធ្វើតាមដូច្នោះ ដោយអស់ពីដួងចិត្ត និងព្រលឹងខ្ញុំ ។ ខ្ញុំសូមអធិស្ឋានសូមឲ្យការណ៍នេះបានដូច្នោះ នៅក្នុងព្រះនាមនៃព្រះអម្ចាស់របស់យើង និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។