ទ្វារចុងក្រោយគេនៅជាន់ទីបួន
ព្រះ « ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់ » ដូច្នេះយើងត្រូវតែបន្តគោះ ។ បងប្អូនស្រីអើយ ចូរកុំរាថយឡើយ ។ សូមស្វែងរកព្រះដោយអស់ពីចិត្តរបស់បងប្អូន ។
បងប្អូនស្រី មិត្តភក្តិជាទីស្រឡាញ់របស់ខ្ញុំអើយ យើងមានពរអ្វីម៉្លេះ ដែលបានជួបប្រជុំគ្នាម្តងទៀតនៅក្នុងសន្និសីទទូទាំងពិភពលោក ក្រោមការណែនាំ និង ដឹកនាំពីព្យាការី និង ជាប្រធានជាទីស្រឡាញ់របស់យើងគឺប្រធាន ថូម៉ាស អេស ម៉នសុន ។ លោកប្រធាន ពួកយើងស្រឡាញ់លោក យើងពួកយើងគាំទ្រលោក ! ពួកយើងដឹងថា លោកខ្ញុំស្រឡាញ់បងប្អូនស្រីនៃសាសនាចក្រ ។
ខ្ញុំចូលចិត្តចូលរួមសម័យប្រជុំសន្និសីទទូទៅដ៏អស្ចារ្យនេះ ដែលបានប្រារព្ធធ្វើឡើងសម្រាប់ស្ត្រីនៃសាសនាចក្រ ។
បងប្អូនអើយ ពេលខ្ញុំបានឃើញបងប្អូន នោះខ្ញុំពុំអាចមិនគិតពីស្ត្រីដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងជីវិតខ្ញុំបានឡើយដូចជា ៖ ជីដូនខ្ញុំ និង ម្តាយខ្ញុំ ដែលពួកគាត់ជាមនុស្សដំបូងគេទទួលយកការអញ្ជើញឲ្យទៅមើលថាតើសាសនាចក្រមានអ្វីខ្លះ ។ មានភរិយាជាទីស្រឡាញ់របស់ខ្ញុំ ហារៀត ជាស្ត្រីដែលខ្ញុំបានធ្លាក់ក្នុងអន្លង់ស្នេហ៍ចាប់តាំងពីបានឃើញគាត់លើកដំបូងម៉្លេះ ។ ម្តាយរបស់ហារៀត ដែលគាត់បានចូលព្រះវិហារមិនយូរប៉ុន្មានក្រោយពីស្វាមីគាត់បានចែកឋានទៅ ដោយសារជំងឺមហារីក ។ ព្រមទាំងបងស្រី កូនស្រី ចៅស្រី និង ចៅស្រីទួតរបស់ខ្ញុំ—ពួកគេម្នាក់ៗបានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងមកលើរូបខ្ញុំ ។ ពួកគេពិតជានាំអំណរចូលមកក្នុងជីវិតខ្ញុំ ។ ពួកគេបានបំផុសគំនិតខ្ញុំឲ្យធ្វើជាមនុស្សកាន់តែល្អប្រសើរ ហើយធ្វើជាអ្នកដឹកនាំសាសនាចក្រដែលកាន់តែមានការស្វែងយល់ ។ បើគ្មានពួកគេទេ មិនដឹងជាជីវិតខ្ញុំនឹងទៅជាបែបណាឡើយ !
ប្រហែលជាអ្វីដែលធ្វើឲ្យខ្ញុំរាបសាបំផុតនោះគឺការដឹងថា ឥទ្ធិពលដូចគ្នានេះកើតឡើងរាប់លានដង នៅក្នុងសាសនាចក្រទាំងមូល តាមរយៈសមត្ថភាព ទេពកោសល្យ បញ្ញា និង ទីបន្ទាល់របស់ស្ត្រីដែលមានជំនឿដូចជាបងប្អូន ។
ឥឡូវនេះ មានបងប្អូនខ្លះប្រហែលជាគិតថាខ្លួនមិនសមនឹងពាក្យសរសើរដ៏ខ្ពង់ខ្ពស់បែបនេះទេ ។ បងប្អូនអាចគិតថាខ្លួនឯងមិនសំខាន់ ក្នុងការជះឥទ្ធិពលល្អទៅលើមនុស្សដទៃទៀតទេ ។ ប្រហែលជាបងប្អូនពុំធ្លាប់ចាត់ទុកខ្លួនឯងថាជា « ស្ត្រីនៃសេចក្តីជំនឿ » ឡើយ ដោយសារជួនកាលបងប្អូនមានមន្ទិលសង្ស័យ ឬ ការភ័យខ្លាច ។
ថ្ងៃនេះ ខ្ញុំចង់និយាយទៅកាន់បងប្អូនដែលធ្លាប់មានអារម្មណ៍បែបនេះ—ហើយប្រហែលជារួមបញ្ចូលទាំងពួកយើងទាំងអស់គ្នាផងដែរ ។ ខ្ញុំចង់និយាយអំពីជំនឿ—ពីអត្ថន័យវា ពីអ្វីដែលវាអាច និង មិនអាចធ្វើ ហើយថាយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យអំណាចនៃជំនឿនោះមានភាពរស់រវើកនៅក្នុងជីវិតយើង ។
អ្វីជាជំនឿ
ជំនឿគឺជាការជឿស៊ប់ខ្លាំងទៅលើអ្វីមួយដែលយើងជឿ—ជាការជឿស៊ប់ខ្លាំងដែលជំរុញចិត្តយើងឲ្យធ្វើកិច្ចការដែលយើងប្រហែលជាមិនអាចធ្វើបាន ។ « សេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសម្គាល់ពីការដែលមើលមិនឃើញ » ។
រឿងនេះធ្វើឲ្យពួកអ្នកមានជំនឿយល់ ប៉ុន្តែជារឿយៗធ្វើឲ្យអ្នកគ្មានជំនឿមានចម្ងល់ ។ ពួកគេគ្រវីក្បាល ហើយសួរថា « តើមនុស្សអាចជឿទៅលើអ្វីដែលពួកគេមើលមិនឃើញដោយរបៀបណា ? » ចំពោះពួកគេ នេះគឺជាភស្តុតាងនៃរឿងដែលគួរឲ្យអស់សំណើចអំពីសាសនា ។
អ្វីដែលពួកគេពុំយល់នោះគឺថា មានរបៀបជាច្រើនដែលយើងអាចមើលឃើញដោយមិនប្រើភ្នែកយើង មានរបៀបច្រើនដែលយើងអាចប៉ះដឹងដោយមិនប្រើដៃយើង មានរបៀបច្រើនដែលយើងអាចស្តាប់ឮដោយមិនប្រើត្រចៀក ។
វាដូចជាបទពិសោធន៍ដែលក្មេងស្រីម្នាក់កំពុងដើរជាមួយជីដូននាង ។ ក្មេងតូចនោះចូលចិត្តសំឡេងបក្សាបក្សី ហើយនាងបានប្រាប់ជីដូនពីសំឡេងទាំងអស់នោះ ។
នាងតូចបានសួរម្តងហើយម្តងទៀតថា « តើលោកយាយឮសំឡេងនោះទេ ? » ។ ប៉ុន្តែជីដូននាងថ្លង់ ហើយស្តាប់ពុំឮទេ ។
ទីបំផុតជីដូននោះបានលត់ជង្គង់ចុះ ហើយនិយាយថា « ឱ ចៅសម្លាញ់អើយ ឲ្យយាយសូមទោស ។ យាយស្តាប់ពុំសូវឮទេ » ។
ដោយអន់ចិត្ត ចៅស្រីតូចនោះបានយកដៃទៅចាប់មុខជីដូននាងសម្លឹងចំជីដូន រួចនិយាយថា « លោកយាយ សូមព្យាយាមស្តាប់បន្តិចទៅមើល ! »
មានមេរៀនជាច្រើននៅក្នុងរឿងនេះសម្រាប់ទាំងអ្នកមិនជឿ និង អ្នកជឿ ។ ដោយសារតែយើងមិនអាចស្តាប់ឮអ្វីមួយ វាពុំមែនមានន័យថាគ្មានអ្វីត្រូវស្តាប់នោះទេ ។ មនុស្សពីរនាក់អាចស្តាប់សារលិខិតមួយដូចគ្នា ឬ អានគម្ពីរមួយដូចគ្នា មនុស្សម្នាក់អាចទទួលអារម្មណ៍នៃសាក្សីពីព្រះវិញ្ញាណ ប៉ុន្តែម្នាក់ទៀតពុំទទួលបាន ។
ម៉្យាងទៀត ការខិតខំរបស់យើងក្នុងការជួយមនុស្សដែលយើងស្រឡាញ់ឲ្យមានបទពិសោធន៍ស្ដាប់ឮសំឡេងព្រះវិញ្ញាណ និង ភាពស្រស់ផូរផង់ដ៏ធំធេង ហើយអស់កល្បនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដោយប្រាប់ពួកគេថា « ព្យាយាមស្តាប់បន្តិចទៀត ! » ពុំមែនជាវិធីដ៏ល្អបំផុតឡើយ ។
ប្រហែលដំបូន្មានដ៏ប្រសើរជាងនេះ—សម្រាប់អស់អ្នកដែលចង់បង្កើនជំនឿ—គឺត្រូវស្តាប់ តាមរបៀបផ្សេងៗគ្នា ។ សាវកប៉ុលលើកទឹកចិត្តយើងឲ្យព្យាយាមស្តាប់សំឡេងដែលនិយាយមកកាន់វិញ្ញាណយើង មិនមែនគ្រាន់តែស្តាប់ដោយត្រចៀកនោះទេ ។ លោកបង្រៀនថា « មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ » ។ ឬ ប្រហែលជាយើងគួរតែពិចារណាសម្តីរបស់ព្រះនាងតូច Saint-Exupéry ដែលមានបន្ទូលថា ៖ « មនុស្សម្នាក់មើលឃើញច្បាស់ គឺគាត់មើលចេញពីដួងចិត្ត ។ គ្រប់អ្វីៗដែលសំខាន់គឺភ្នែកមើលពុំឃើញឡើយ » ។
អំណាច និង ដែនកំណត់នៃជំនឿ
ជួនកាលវាពិបាកក្នុងការបង្កើនជំនឿទៅលើរឿងខាងវិញ្ញាណ អំឡុងពេលរស់នៅក្នុងពិភពខាងសាច់ឈាម ។ ប៉ុន្តែវាសក្តិសមនឹងការខិតខំនោះ ដោយសារអំណាចនៃជំនឿក្នុងជីវិតយើងអាចមានប្រយោជន៍សម្រាប់យើង ។ ខគម្ពីរបង្រៀនយើងថា តាមរយៈជំនឿពិភពលោកនេះបានបង្កើតឡើង ទឹកបានបែកចេញពីគ្នា មនុស្សស្លាប់បានរស់ឡើងវិញ ហើយទឹកទន្លេ និង ភ្នំបានរើចេញពីទីតាំងរបស់វា ។
ប៉ុន្តែមានអ្នកខ្លះអាចសួរថា « ប្រសិនបើជំនឿមានអំណាចបែបនេះ ហេតុអ្វីខ្ញុំពុំអាចទទួលចម្លើយចំពោះការអធិស្ឋានដ៏ស្មោះសររបស់ខ្ញុំ ? ខ្ញុំពុំត្រូវការឲ្យសមុទ្របែកចេញពីគ្នា ឬ ឲ្យភ្នំរើចេញឡើយ ។ អ្វីដែលខ្ញុំត្រូវការនោះគឺសូមឲ្យខ្ញុំបានជាសះស្បើយពីជំងឺ ឬ សូមឲ្យឪពុកម្តាយខ្ញុំអភ័យទោសឲ្យគ្នា ឬ សូមឲ្យដៃគូអស់កល្បខ្ញុំបង្ហាញខ្លួននៅមាត់ទ្វារ ដោយដៃម្ខាងកាន់ផ្កាមួយបាច់ ហើយដៃម្ខាងទៀតកាន់ចិញ្ចៀនភ្ជាប់ពាក្យ ។ ហេតុអ្វីជំនឿខ្ញុំពុំអាចសម្រេចបាននូវ កិច្ចការនោះ? »
ជំនឿ គឺ ពោរពេញដោយអំណាច ហើយជារឿយៗវានាំឲ្យមានអព្ភូតហេតុ ។ ប៉ុន្តែទោះបីយើងមានជំនឿខ្លាំងក្លាក្តី មានរឿងពីរដែលជំនឿពុំអាចធ្វើបាន ។ ទីមួយ ជំនឿពុំអាចបំពានលើសិទ្ធិជ្រើសរើសរបស់អ្នកផ្សេងទៀតឡើយ ។
មានស្ត្រីម្នាក់បានអធិស្ឋានអស់ជាច្រើនឆ្នាំ សូមឲ្យកូនស្រីដែលវង្វេងចេញពីដំណឹងល្អត្រឡប់មករកក្រោលនៃព្រះគ្រីស្ទវិញ ហើយគាត់បានបាក់ទឹកចិត្តដោយសារការអធិស្ឋានរបស់គាត់ទំនងជាពុំទទួលបានចម្លើយ ។ ជាពិសេសគាត់កាន់តែឈឺចាប់នៅពេលបានស្តាប់រឿងកូនៗអ្នកដទៃដែលវង្វេងផ្លូវ បានប្រែចិត្តមកវិញ ។
បញ្ហានោះគឺពុំមែនកើតមកពីការខ្វះការអធិស្ឋាន ឬ មានជំនឿតិចនោះទេ ។ គាត់ចាំបាច់ត្រូវយល់ថា ព្រះវរបិតាសួគ៌ក៏ឈឺចាប់ដែរ ប៉ុន្តែទ្រង់នឹងពុំបង្ខំនរណាម្នាក់ឲ្យជ្រើសរើសផ្លូវនៃសេចក្តីសុចរិតឡើយ ។ ព្រះពុំបានបង្ខំកូនចៅទ្រង់ ឲ្យធ្វើតាមទ្រង់កាលនៅក្នុងពិភពមុនឆាកជីវិតនេះឡើយ ។ ចុះតើទ្រង់នឹងមិនបង្ខំយើងខ្លាំងប៉ុណ្ណាទៅ អំឡុងពេលយើងធ្វើដំណើរក្នុងជីវិតរមែងស្លាប់នេះនោះ ?
ព្រះនឹងអញ្ជើញ ហើយបញ្ចុះបញ្ចូល ។ ព្រះនឹងជួយដោយក្តីស្រឡាញ់ និង ការបំផុសគំនិត ព្រមទាំងការលើកទឹកចិត្តដោយឥតឈប់ឈរ ។ ប៉ុន្តែព្រះនឹងមិនបង្ខំឡើយ—វានឹងបង្ខូចដល់ផែនការដ៏មហិមារបស់ទ្រង់សម្រាប់ការរីកចម្រើនដ៏អស់កល្បរបស់យើង ។
រឿងទីពីរដែលជំនឿពុំអាចធ្វើបាននោះគឺការបង្ខំឆន្ទៈយើងចំពោះព្រះ ។ យើងពុំអាចបង្ខំព្រះឲ្យបំពេញបំណងប្រាថ្នាយើងឡើយ—ទោះបីយើងគិតថាយើងត្រូវ ឬ យើងអធិស្ឋានដោយស្មោះសរក្តី ។ សូមពិចារណាអំពីបទពិសោធន៍របស់ប៉ុល ដែលបានទូលអង្វរជាច្រើនដងដល់ព្រះអម្ចាស់ ឲ្យរំដោះលោកពីការសាកល្បងផ្ទាល់ខ្លួន—ដែលលោកហៅវាថាជា « បន្លាមួយចាត់មកក្នុងសាច់ឈាម » ។ ប៉ុន្តែរឿងនោះពុំមែនជាព្រះហឫទ័យរបស់ព្រះឡើយ ។ ទីបំផុត ប៉ុលបានដឹងថានោះគឺជាការសាកល្បងរបស់គាត់គឺជាពរជ័យមួយ ហើយគាត់បានថ្លែងអំណរគុណដល់ព្រះចំពោះការមិនឆ្លើយតបចំពោះការអធិស្ឋានតាមចិត្តលោកសង្ឃឹមទុក ។
ទុកចិត្ត និង ជំនឿ
ទេ គោលបំណងនៃជំនឿគឺពុំមែនដើម្បី ផ្លាស់ប្តូរ ព្រះហឫទ័យរបស់ព្រះឡើយ ប៉ុន្តែដើម្បីផ្តល់អំណាចដល់យើងឲ្យ អនុវត្តតាម ព្រះហឫទ័យរបស់ព្រះវិញ ។ ជំនឿគឺជាការទុកចិត្ត—ទុកចិត្តថា ព្រះទតឃើញអ្វីដែលយើងមើលមិនឃើញ ហើយទ្រង់ជ្រាបដឹងអ្វីដែលយើងមិនដឹង ។ ជួនកាល ការទុកចិត្តលើការមើលឃើញ និង ការវិនិច្ឆ័យរបស់យើងផ្ទាល់គឺវាមិនគ្រប់គ្រាន់ឡើយ ។
ខ្ញុំរៀនពីចំណុចនេះកាលខ្ញុំជាអ្នកបើកយន្តហោះ នៅថ្ងៃដែលខ្ញុំត្រូវបើកយន្តហោះឆ្លងកាត់អ័ព្ទ ឬ ពពកក្រាស់ ហើយអាចមើលឃើញទៅមុខបានតែពីរបីម៉ែត្រ ។ ខ្ញុំត្រូវពឹងផ្អែកលើឧបករណ៍ដែលប្រាប់ខ្ញុំពីកន្លែងដែលខ្ញុំនៅ និង កន្លែងដែលខ្ញុំបានហោះកាត់ ។ ខ្ញុំត្រូវតែស្តាប់សំឡេងបុគ្គលិកត្រួតពិនិត្យចរាចរណ៍ជើងអាកាស ។ ខ្ញុំត្រូវតែធ្វើតាមការណែនាំរបស់អ្នកដែលមានព័ត៌មានច្បាស់ជាងខ្ញុំ ។ ជាមនុស្សម្នាក់ដែលខ្ញុំមើលពុំឃើញ ប៉ុន្តែជាអ្នកដែលខ្ញុំបានរៀនទុកចិត្ត ។ ជាមនុស្សម្នាក់ដែលមើលឃើញនូវអ្វីដែលខ្ញុំមើលពុំឃើញ ។ ខ្ញុំត្រូវតែទុកចិត្ត ហើយធ្វើតាមការណែនាំនោះ ដើម្បីទៅដល់ទីសុវត្ថិភាពរបស់ខ្ញុំ ។
ជំនឿមានន័យថា យើងមិនត្រឹមតែទុកចិត្តលើព្រះប្រាជ្ញាញាណរបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវតែទុកចិត្តលើសេចក្តីស្រឡាញ់របស់ទ្រង់ផងដែរ ។ វាមានន័យថា ទុកចិត្តថាព្រះស្រឡាញ់យើងយ៉ាងខ្លាំង ថាអ្វីៗដែលទ្រង់ធ្វើ—គ្រប់ពរជ័យដែលទ្រង់ប្រទានឲ្យ ហើយជួនកាលពរជ័យខ្លះទ្រង់មិនប្រទានឲ្យ—គឺសម្រាប់សុភមង្គលដ៏អស់កល្បជានិច្ចរបស់យើងតែប៉ុណ្ណោះ ។
ដោយមានជំនឿបែបនេះ ទោះបីជាយើងមិនយល់ពីមូលហេតុច្បាស់លាស់ចំពោះរឿងជាក់លាក់ដែលកើតឡើង ឬ មូលហេតុដែលការអធិស្ឋានជាក់លាក់នានាពុំត្រូវបានឆ្លើយតបក៏ដោយ យើងអាចដឹងថា នៅទីបំផុតយើងនឹងយល់នូវអ្វីគ្រប់យ៉ាង ។ « គ្រប់ការទាំងអស់ [ នឹង ] ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ » ។
អ្វីៗទាំងអស់នឹងដំណើរការត្រឹមត្រូវ ។ អ្វីៗនឹងស្រួលទាំងអស់ ។
យើងអាចប្រាកដក្នុងចិត្តថាចម្លើយនឹងបានទទួល ហើយយើងនឹងមិនត្រឹមតែមានទំនុកចិត្តថា នឹងពេញចិត្តចំពោះចម្លើយនោះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងរំភើបយ៉ាងខ្លាំង ដោយសារព្រះគុណ សេចក្តីមេត្តាករុណា សេចក្តីសប្បុរស និង សេចក្តីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានចំពោះយើង ដែលជាកូនចៅទ្រង់ផងដែរ ។
ចូរបន្តគោះ
រហូតដល់ពេលយើងបានទទួលចម្លើយ យើងដើរដោយជំនឿដែលយើងមាន ដោយព្យាយាមបង្កើនជំនឿយើងជានិច្ច ។ ជួលកាលនេះមិនមែនជារឿងងាយឡើយ ។ អស់អ្នកដែលគ្មានការអត់ធ្មត់ គ្មានការតាំងចិត្ត ឬ ព្រងើយកន្តើយអាចយល់ថាពិបាកទទួលបានជំនឿណាស់ ។ អស់អ្នកដែលឆាប់ បាក់ទឹកចិត្ត ឬ បែកអារម្មណ៍អាចពិបាកនឹងទទួលបទពិសោធន៍នៃជំនឿណាស់ ។ ជំនឿកើតមានដល់មនុស្សដែលបន្ទាបខ្លួន ឧស្សាហ៍ព្យាយាម និង មានការតស៊ូ ។
ជំនឿកើតមានដល់អស់អ្នកដែលខិតខំបន្តស្មោះត្រង់ ។
សេចក្តីពិតនេះត្រូវបានបង្ហាញនៅក្នុងបទពិសោធន៍របស់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងពីរនាក់ បម្រើនៅក្នុងទ្វីបអឺរ៉ុបដែលមានអ្នកប្រែចិត្តជឿជ្រមុជទឹកតែពីរបីនាក់ប៉ុណ្ណោះ ។ ខ្ញុំគិតថា ពួកគេអាចនឹងគិតថា អ្វីដែលពួកគេបានធ្វើ នឹងពុំមានការផ្លាស់ប្តូរច្រើនឡើយ ។
ប៉ុន្តែពួកអ្នកផ្សព្វផ្សាយសាសនាពីរនាក់នេះមាន ជំនឿ ហើយពួកគេមានការតាំងចិត្ត ។ ពួកគេមានឥរិយាបថថា ប្រសិនបើគ្មាននរណាស្តាប់សារលិខិតពួកគេទេ នោះវាក៏មិនជាថ្វីដែរ ដោយសារពួកគេពុំទាន់បានប្រឹងអស់ពីសមត្ថភាពខ្លួននៅឡើយទេ ។
ថ្ងៃមួយ ពួកគេមានអារម្មណ៍ថា ត្រូវទៅជួបអ្នកស្នាក់នៅក្នុងអគារបួនជាន់ដ៏ស្រស់ស្អាតមួយ ។ ពួកគេបានចាប់ផ្តើមគោះទ្វារបន្ទប់នីមួយៗពីជាន់ទីមួយទៅ ដោយបង្ហាញសារលិខិតនៃសេចក្តីសង្គ្រោះអំពីព្រះយេស៊ូវគ្រីស្ទ និង ការស្តារឡើងវិញនៃសាសនាចក្ររបស់ទ្រង់ ។
មនុស្សនៅជាន់ទីមួយពុំចង់ស្តាប់ពួកគេឡើយ ។
វាងាយស្រួលណាស់ដើម្បីនិយាយថា « យើងបានព្យាយាមហើយ ។ ចូរយើងឈប់ត្រឹមនេះចុះ ។ តោះព្យាយាមទៅរកមនុស្សនៅអគារផ្សេងទៀត » ។
ប៉ុន្តែអ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់នេះមាន ជំនឿ ហើយពួកគេមានឆន្ទៈដើម្បី ផ្សព្វផ្សាយ ដូច្នោះហើយពួកគេបានគោះទ្វារបន្ទប់នីមួយៗនៅជាន់ទីពីរ ។
ជាថ្មីម្តងទៀតគ្មាននរណាចង់ស្តាប់ពួកគាត់ឡើយ ។
នៅជាន់ទីបីក៏ដូចគ្នាផងដែរ ។ ហើយជាន់ទីបួនក៏ដូចគ្នាដែរ—ហើយវាបន្តបែបនេះ រហូតដល់ពួកគេទៅគោះទ្វារចុងក្រោយគេនៅជាន់ទីបួន ។
នៅពេលទ្វារនោះបើកឡើង ក្មេងស្រីម្នាក់បានញញឹមដាក់ពួកគេ ហើយសូមឲ្យពួកគេរង់ចាំ អំឡុងពេលនាងនិយាយជាមួយម្តាយនាង ។
ម្តាយនាងដែលមានអាយុត្រឹមតែ ៣៦ ឆ្នាំ ទើបតែបាត់បង់ស្វាមី ហើយកើតទុក្ខមិនចង់និយាយជាមួយអ្នកផ្សព្វផ្សាយសាសនាពួកមរមនឡើយ ។ ដូច្នោះគាត់បានប្រាប់កូនស្រីគាត់ឲ្យដេញពួកគេចេញទៅ ។
ប៉ុន្តែកូនស្រីនោះបានសូមអង្វរគាត់ ។ នាងបាននិយាយថា យុវជនទាំងនេះមានចិត្តល្អណាស់ ។ ហើយវាចំណាយពេលតែបន្តិចទេដើម្បីស្តាប់ពួកគេ ។
ដូច្នោះម្តាយរូបនោះក៏បានយល់ព្រមទាំងស្ទាក់ស្ទើរ ។ អ្នកផ្សព្វផ្សាយសាសនាបានចែកចាយសារលិខិតពួកគេ ហើយបានហុចសៀវភៅមួយក្បាលឲ្យទៅម្តាយរូបនោះអាន—គឺព្រះគម្ពីរមរមន ។
បន្ទាប់ពី ពួកគេបានចាកចេញទៅ ម្តាយរូបនោះបានសម្រេចចិត្តថា គាត់នឹងអានតែពីរបីទំព័រប៉ុណ្ណោះ ។
គាត់បានអានចប់គម្ពីរទាំងមូលតែពីរបីថ្ងៃប៉ុណ្ណោះ ។
មិនយូរប៉ុន្មានក្រោយមកគ្រួសារដ៏អស្ចារ្យដែលមានម្តាយទោលនេះ បានទទួលបុណ្យជ្រមុជទឹក ។
នៅពេលគ្រួសារតូចនេះបានចូលរួមសាខានៅក្នុងមូលដ្ឋានរបស់ពួកគេនៅទីក្រុង ហ្វ្រែងហ្វើត ប្រទេសអាល្លឺម៉ង់ ឌីកុនម្នាក់បានកត់សម្គាល់ពីសម្រស់ដ៏ស្រស់ស្អាតរបស់កូនស្រីម្នាក់របស់គាត់ ហើយបានគិតក្នុងចិត្តគាត់ថា « អ្នកផ្សព្វផ្សាយសាសនាទាំងនេះធ្វើកិច្ចការបានល្អណាស់ ! »
ឌីកុននោះមានឈ្មោះថា ឌៀថើរ អុជដូហ្វ ។ ហើយយុវនារីដ៏មានមន្តស្នេហ៍នោះ—គឺជាមនុស្សម្នាក់ដែលបានអង្វរម្តាយនាងឲ្យស្តាប់អ្នកផ្សព្វផ្សាយសាសនា—មានឈ្មោះយ៉ាងពីរោះថាហារៀត ។ អស់អ្នកដែលបានជួបគាត់ស្រឡាញ់គាត់ ពេលគាត់ធ្វើដំណើរទៅណាមកណាជាមួយខ្ញុំ ។ គាត់បានផ្តល់ពរដល់ជីវិតមនុស្សជាច្រើន តាមរយៈការស្រឡាញ់ដំណឹងល្អរបស់គាត់ និង បុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់គាត់ ។ គាត់ជាពន្លឺព្រះអាទិត្យដែលបំភ្លឺជីវិតខ្ញុំដ៏ពិត ។
ជារឿយៗខ្ញុំតែងថ្លែងអំណរគុណដល់អ្នកផ្សព្វផ្សាយសាសនាទាំងពីរនាក់នោះ ដែលពុំបានឈប់នៅជាន់ទីមួយ ! ជារឿយៗ ដួងចិត្តខ្ញុំមានអំណរគុណដល់ ជំនឿ និង កិច្ចការរបស់ពួកគេ ។ ជារឿយៗខ្ញុំថ្លែងអំណរគុណយ៉ាងខ្លាំងដែលពួកគេបន្តធ្វើកិច្ចការនោះ—រហូតដល់ទ្វារចុងក្រោយគេនៅជាន់ទីបួន ។
នោះតែងនឹងបើកឲ្យអ្នក
នៅក្នុងការស្វែងរកជំនឿដ៏ខ្ជាប់ខ្ជួន នៅក្នុងការខិតខំរបស់យើងដើម្បីទាក់ទងនឹងព្រះ និង ព្រះទ័យរបស់ទ្រង់ ចូរយើងចងចាំពីការសន្យារបស់ព្រះអម្ចាស់ដូចនេះ ៖ « ចូរគោះ នោះតែងនឹងបើកឲ្យអ្នក »
តើយើងនឹងចុះចាញ់បន្ទាប់ពីគោះបានតែទ្វារមួយ ឬ ពីរនោះឬ ? ជាន់ទីមួយ ឬ ជាន់ទីពីរនោះឬ ?
ឬ តើយើងនឹងបន្តស្វែងរក រហូតដល់យើងទៅដល់ទ្វារចុងក្រោយគេនៅជាន់ទីបួន ?
ព្រះ « ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់ » ប៉ុន្តែរង្វាន់នោះពុំតែងតែកើតឡើងនៅត្រឹមទ្វារទីមួយឡើយ ។ ដូច្នេះយើងត្រូវតែបន្តគោះ ។ បងប្អូនស្រីអើយ ចូរកុំរាថយឡើយ ។ សូមស្វែងរកព្រះដោយអស់ពីចិត្តរបស់បងប្អូន ។ សូមអនុវត្តសេចក្តីជំនឿ ។ សូមដើរនៅក្នុងសេចក្ដីសុចរិត ។
ខ្ញុំសន្យាថា ប្រសិនបើបងប្អូនធ្វើបែបនេះ—ទោះបីជារហូតដល់ទ្វារចុងក្រោយគេនៅជាន់ទីបួនក្តី—ក៏បងប្អូននឹងបានទទួលចម្លើយដែលបងប្អូនស្វែងរកដែរ ។ បងប្អូននឹងរកឃើញជំនឿ ។ ហើយថ្ងៃណាមួយបងប្អូននឹងពោរពេញដោយពន្លឺដែល « ពន្លឺនោះភ្លឺកាន់តែខ្លាំងឡើងៗ រហូតដល់ថ្ងៃបានល្អឥតខ្ចោះ » ។
បងប្អូនស្រីជាទីស្រឡាញ់នៅក្នុងព្រះគ្រីស្ទរបស់ខ្ញុំអើយ ព្រះគឺមានពិត ។
ទ្រង់មានព្រះជន្មរស់ ។
ទ្រង់ស្រឡាញ់បងប្អូន ។
ទ្រង់ស្គាល់បងប្អូន ។
ទ្រង់យល់ពីបងប្អូន ។
ទ្រង់ជ្រាបដឹងពីការទូលអង្វរដ៏ស្ងប់ស្ងាត់នៃដួងចិត្តបងប្អូន ។
ទ្រង់ពុំបំភ្លេចបងប្អូនឡើយ ។
ទ្រង់នឹងពុំបោះបង់ចោលបងប្អូនឡើយ ។
នេះគឺជាទីបន្ទាល់ និង ពរជ័យរបស់ខ្ញុំក្នុងនាមជាសាវកទៅដល់បងប្អូនម្នាក់ៗថា បងប្អូននឹងទទួលអារម្មណ៍ក្នុងចិត្ត និង គំនិតបងប្អូនអំពីសេចក្តីពិតដ៏អស្ចារ្យនេះសម្រាប់ខ្លួនបងប្អូនផ្ទាល់ ។ ចូររស់នៅដោយជំនឿ ឱ មិត្ត និង បងប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ហើយ « ព្រះអម្ចាស់ជាព្រះ [ របស់យើង ] [ និង ] ចម្រើនឲ្យបានគ្នាជាច្រើនលើសជាងឥឡូវនេះ ជាមួយពាន់ដងទៅទៀតចុះ ហើយប្រទានពរ ដូចជាទ្រង់បានមានព្រះបន្ទូលនឹងបងប្អូនដែរ ! »
ខ្ញុំសូមបន្សល់ជំនឿ ការជឿស៊ប់ ភាពជាសាក្សីដ៏ពិត និង ឥតងាករេររបស់ខ្ញុំជាមួយបងប្អូនថា នេះគឺជាកិច្ចការរបស់ព្រះ ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង គឺព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។