សារទូតនៃសាសនាចក្រ
យើងកំពុងសូមដល់បងប្អូនដែលជាគ្រូបង្រៀនតាមផ្ទះ ធ្វើជាសារទូតរបស់ព្រះទៅកូនចៅទ្រង់ ដើម្បីស្រឡាញ់ និងយកចិត្តទុកដាក់ ហើយអធិស្ឋានសម្រាប់មនុស្សដែលបងប្អូនចាត់ឲ្យទៅ ។
មិនយូរប៉ុន្មានកន្លងទៅ មានស្ត្រីនៅលីវម្នាក់ ដែលខ្ញុំនឹងហៅថា ម៉ូលី ពេលគាត់មកពីធ្វើការវិញ ស្រាប់តែឃើញមានទឹកលិច (៥ សង់ទីម៉ែត្រ) ពេញបន្ទប់ក្រោមដីរបស់គាត់ទាំងមូល ។ ភ្លាមនោះ គាត់បានដឹងថា អ្នកជិតខាងដែលប្រើបណ្ដាញលូទឹករួមគ្នា ច្បាស់ជាបានបោកគក់ និងងូតទឹកច្រើនខុសពីធម្មតាហើយមើលទៅ បានជាទឹកលិចចូលផ្ទះគាត់ ។
បន្ទាប់ពីម៉ូលីបានទូរសព្ទទៅមិត្តម្នាក់ឲ្យមកជួយ អ្នកទាំងពីរបានចាប់ផ្ដើមដងទឹកចេញ រួចជូតសម្អាតផ្ទះ ។ ពេលនោះកណ្ដឹងទ្វារក៏រោទិ៍ឡើង ។ មិត្តគាត់បានស្រែកប្រាប់ថា « គ្រូបង្រៀនតាមផ្ទះរបស់ឯងមកហើយ ! »
ម៉ូលីបានសើច ។ គាត់បានតបថា « វា ជា ថ្ងៃដាច់ខែហើយ ប៉ុន្ដែខ្ញុំធានាថា នោះពុំមែនជាគ្រូបង្រៀនតាមផ្ទះរបស់ខ្ញុំទេ » ។
ម៉ូលីបានដើរទៅកាន់ទ្វារទាំងជើងទទេ ខោទទឹកជោគ សក់ចុកឡើងក្នុងកន្សែងជួតក្បាល ហើយពាក់ស្រោមដៃជ័រ ។ ប៉ុន្តែរូបរាងខុសពីធម្មតារបស់គាត់ប្រៀបពុំស្មើនឹងអ្នកមកសួរសុខទុក្ខឈរនៅមាត់ទ្វាររបស់គាត់នោះទេ ។ គឺជាគ្រូបង្រៀនតាមផ្ទះរបស់នាង !
ក្រោយមកគាត់ប្រាប់ខ្ញុំថា « ខ្ញុំរំភើបយ៉ាងខ្លាំង ! « នេះគឺជាអព្ភូតហេតុការបង្រៀនតាមផ្ទះ ជាប្រភេទបងប្អូនប្រុសដែលបានចែកនៅក្នុងប្រសាសន៍សន្និសីទទូទៅ ! » នាងបានបន្ដថា « ខ្ញុំកំពុងសម្រេចចិត្តថា តើគួរថើបពួកគាត់ ឬហុចប្រដាប់ជូតឥដ្ឋឲ្យពួកគាត់ ប៉ុន្ដែពេលនោះ ស្រាប់តែពួកគាត់និយាយថា ‹ អូ៎ បងស្រីម៉ូលី ពួកយើងសូមទោសផង ។ យើងឃើញថាបងស្រីជាប់រវល់ហើយ ។ យើងពុំចង់រំខានបងស្រីទេ យើងនឹងមកម្ដងទៀតនៅពេលក្រោយ › ។ ហើយពួកគាត់ក៏បានចេញទៅ » ។
មិត្តគាត់សួរពីបន្ទប់ក្រោមដីមកថា « តើនរណាគេហ្នឹង ? »
ម៉ូលីបានសារភាពថា « ខ្ញុំចង់និយាយថា ‹ ប្រាកដណាស់ ពួកគាត់ពុំមែនជាសាសន៍នីហ្វៃបីរូបនោះទេ › ប៉ុន្ដែខ្ញុំគ្រប់គ្រងខ្លួនឯង ហើយនិយាយដោយស្ងប់ស្ងាត់ថា ‹ គឺជាគ្រូបង្រៀនតាមផ្ទះរបស់ខ្ញុំ ប៉ុន្តែពួកគាត់ដឹងថា នេះពុំមែនជាពេលល្អដើម្បីចែកចាយសារលិខិតទេ ›» ។
បងប្អូនប្រុស សូមយើងពិនិត្យមើលត្រួសៗអំពីកាតព្វកិច្ចបព្វជិតភាពដែលបានពិពណ៌នាថាជា « ប្រភពជំនួយដំបូងគេរបស់សាសនាចក្រ » ទៅកាន់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ មានសម្ភារយ៉ាងច្រើនផ្ដល់ឲ្យដើម្បីរៀបចំ និងរៀបចំការបង្រៀនតាមផ្ទះឡើងវិញ ។ មានប្រសាសន៍រាប់ពាន់ត្រូវបានផ្ដល់ឲ្យ ព្យាយាមលើកទឹកចិត្តអំពីការបង្រៀនតាមផ្ទះ ។ ច្បាស់ណាស់ គ្មានអ្វីដែលបានរៀបចំឡើងដែលធ្វើឲ្យយើងមានអារម្មណ៍ថាខុសឆ្គងយ៉ាងច្រើន ដូចជាប្រធានបទដែលបានលើកឡើងនេះទេ ។ ប៉ុន្តែយើងនៅតែលំបាកដើម្បីសម្រេចបានតាមបទដ្ឋានបទបញ្ញត្តិរបស់ព្រះអម្ចាស់ឲ្យ « មើលការខុសត្រូវលើសាសនាចក្រជានិច្ច » តាមរយៈការបង្រៀនតាមផ្ទះរបស់បព្វជិតភាព ។
ឧបសគ្គខ្លះដែលយើងជួប គឺការផ្លាស់ប្ដូរខាងប្រជាសាស្ត្ររបស់សាសនាចក្រ ។ យើងដឹងថាសមាជិកភាពរបស់យើងឥឡូវបានកើននៅក្នុងវួដ និងសាខាច្រើនជាង៣០,០០០ កន្លែង ស្ថិតនៅក្នុងប្រជាជាតិ និងទឹកដីចំនួន ១៨៨ ដែលវាមានការលំបាកកាន់តែច្រើនដើម្បីទៅសួរសុខទុក្ខតាមផ្ទះបងប្អូនប្រុសស្រីយើង ជាងកាលពីសាសនាចក្រជំនាន់មុន ដែលអ្នកជិតខាងបង្រៀនដល់អ្នកជិតខាង ជា « ការបង្រៀនតាមសង្កាត់តូចៗ » ។
បន្ថែមពីនោះ នៅក្នុងអង្គភាពសាសនាចក្រជាច្រើន មានចំនួនអ្នកកាន់បព្វជិតភាពមានកំណត់ ដើម្បីធ្វើការបង្រៀនតាមផ្ទះ ដែលបណ្ដាលឲ្យអ្នកដែលអាចបម្រើដល់គ្រួសារបាន បម្រើរហូតដល់ ១៨ ឬ ២០ គ្រួសារ—ឬលើសនេះ ។ ក៏អាចមានបញ្ហានឹងរយៈចម្ងាយឆ្ងាយដើម្បីធ្វើដំណើរ ចំណាយថ្លៃខ្ពស់ និងការខ្សត់មធ្យោបាយធ្វើដំណើរ ព្រមទាំងរយៈពេលនៃថ្ងៃធ្វើការ និងសប្ដាហ៍ធ្វើការក្នុងតំបន់ផងដែរ ។ ថែមទាំងមាននូវការហាមប្រាមខ្លះៗទាស់នឹងការសួរសុខទុក្ខតាមផ្ទះដោយមិនបានអញ្ជើញ និងបញ្ហាសុវត្ថិភាពដែលមាននៅក្នុងភូមិស្រុកជាច្រើនក្នុងពិភពលោក—មែនហើយយើងចាប់ផ្ដើមមើលឃើញមានបញ្ហាស្មុគស្មាញ ។
បងប្អូនប្រុស នៅក្នុងស្ថានភាពដ៏ល្អបំផុត និងស្ថានភាពទាំងឡាយដែលការបង្រៀនតាមផ្ទះអាចធ្វើឡើងបាន ការសួរសុខទុក្ខតាមផ្ទះរាល់ខែ នៅតែជារឿងដ៏ល្អបំផុតដែលសាសនាចក្រនឹងព្យាយាមធ្វើ ។ ប៉ុន្តែដោយដឹងថានៅក្នុងកន្លែងជាច្រើននៅជុំវិញពិភពលោក ការធ្វើដូច្នេះ គឺពុំអាចធ្វើទៅរួច ហើយបណ្ដាលឲ្យបងប្អូនប្រុសមានអារម្មណ៍ថាបរាជ័យ ពេលយើងសុំពួកគេឲ្យធ្វើនូវអ្វីដែលភាពពិតពុំអាចធ្វើទៅបាននោះ ដូច្នេះគណៈប្រធានទីមួយបានសរសេរទៅកាន់អ្នកដឹកនាំបព្វជិតភាពនៃសាសនាចក្រក្នុងខែធ្នូ ឆ្នាំ ២០០១ ផ្ដល់ជាការទូន្មានដ៏បំផុសគំនិត និងជាជំនួយនេះ ៖ ពួកលោកសរសេរថា « មានកន្លែងខ្លះក្នុងសាសនាចក្រ…ពុំអាចមានការបង្រៀនតាមផ្ទះរាល់ខែបានទេ ដោយសារតែពុំមានចំនួនអ្នកកាន់បព្វជិតភាពសកម្មគ្រប់គ្រាន់ និងឧបសគ្គក្នុងតំបន់ផ្សេងៗទៀត » ។ យើងបាននិយាយអំពីស្ថានភាពមួយចំនួន ។ ពួកគេបានបន្ដ« នៅពេលមានស្ថានភាពដូច្នេះ អ្នកដឹកនាំគួរខំឲ្យអស់ពីសមត្ថភាពរបស់ពួកគេដើម្បីប្រើធនធានដែលពួកគេមាន ដើម្បីមើលថែ និងពង្រឹងដល់សមាជិកម្នាក់ៗ » ។
បងប្អូនប្រុស បើនៅក្នុងវួដ ឬសាខាខ្ញុំមានជួបនូវស្ថានភាពលំបាកដូចនេះ ដៃគូបព្វជិតភាពអើរ៉ុនរបស់ខ្ញុំ និងខ្ញុំនឹងអនុវត្តដំបូន្មានរបស់គណៈប្រធានទីមួយ ( ដែលឥឡូវជាគោលនយោបាយក្នុងក្បួនខ្នាត ) តាមរបៀបនេះ ៖ ទីមួយ មិនថាត្រូវចំណាយពេលប៉ុន្មានខែដើម្បីសម្រេចវានោះទេ យើងនឹងពុះពារ « ទៅផ្ទះនៃសមាជិកម្នាក់ៗ ដើម្បីសួរសុខទុក្ខ » ដាក់កាលវិភាគមួយដែលនឹងនាំយើងទៅដល់ផ្ទះទាំងឡាយតាមដែលអាចធ្វើបាន និងតាមជាក់ស្ដែង ។ ការធ្វើដូច្នោះនឹងដាក់អាទិភាពពេលវេលារបស់យើងខ្ពស់បំផុត ហើយទាក់ទងនឹងអ្នកដែលត្រូវការយើងបំផុតឲ្យញឹកញាប់—ជាសាសនាគន់ការីដែលអ្នកផ្សព្វផ្សាយសាសនាកំពុងបង្រៀន អ្នកផ្លាស់ប្រែចិត្តជឿដែលជ្រមុជទឹកថ្មីៗ អ្នកដែលឈឺ អ្នកឯកោ អ្នកមិនសូវសកម្ម គ្រួសារដែលមានឪពុកឬម្ដាយទោលដែលមានកូនក្នុងបន្ទុក ជាដើម ។
ខណៈពេលកំពុងធ្វើតាមកាលវិភាគសួរសុខទុក្ខតាមផ្ទះទាំងអស់របស់យើង ដែលអាចនឹងចំណាយពេលរាប់ខែដើម្បីសម្រេចបាន នោះយើងនឹងធ្វើការទាក់ទងផ្សេងទៀតជាមួយនឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារនៅក្នុងបញ្ជីរបស់យើងតាមមធ្យោបាយណាដែលព្រះអម្ចាស់ប្រទានឲ្យ ។ ប្រាកដណាស់ យើងនឹងមើលថែក្រុមគ្រួសាររបស់យើងនៅព្រះវិហារ ដូចបទគម្ពីរថ្លែងថា នឹង « ពិគ្រោះគ្នាទៅវិញទៅមកអំពីសុខុមាលភាព ដល់ព្រលឹងពួកគេ » ។ បន្ថែមពីលើនោះ យើងនឹងទូរសព្ទទៅ ផ្ញើអ៊ីម៉ែល ផ្ញើរសារ ព្រមទាំងផ្ញើការស្វាគមន៍តាមទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលយើងមាន ។ ដើម្បីជួយប្រាប់ពីតម្រូវការពិសេស យើងអាចនឹងផ្ញើពាក្យដកស្រង់ចេញពីបទគម្ពីរ ឬពាក្យចេញមកពីសន្និសីទទូទៅ ឬ Mormon Message ដកចេញមកពីធនធានដ៏សម្បូរបែបនៅលើ LDS.org ។ នៅក្នុងភាសារបស់គណៈប្រធានទីមួយ យើងនឹងធ្វើឲ្យអស់ពីលទ្ធភាពដែលយើងមាននៅក្នុងស្ថានភាពនានាដែលយើងជួបតាមធនធានដែលយើងមាន ។
បងប្អូនប្រុស ការអង្វរដែលខ្ញុំសូមនៅយប់នេះ គឺឲ្យបងប្អូនបង្កើនទស្សនអំពីការបង្រៀនតាមផ្ទះ ។ ហើយមើលខ្លួនឯងតាមរបៀបថ្មី និងល្អប្រសើរ ក្នុងនាមជាសារទូតរបស់ព្រះអម្ចាស់ទៅដល់កូនចៅរបស់ទ្រង់ ។ នោះមានន័យថា ត្រូវទុកចោលនូវទំនៀមទម្លាប់ក្រឹត្យវិន័យតឹងរឹងរបស់ម៉ូសេ ដែលនៅចុងខែអ្នកត្រូវប្រញាប់ឲ្យសារលិខិតដែលបានសរសេរ ដែលដកចេញមកពីទស្សនាវដ្ដីសាសនាចក្រ ដែលគ្រួសារនោះបានអានរួចហើយ ។ ប៉ុន្ដែយើងសង្ឃឹមថា អ្នកនឹងបង្កើតទម្លាប់ថ្មីដែលខ្វល់ខ្វាយក្នុងការប្រាប់ដំណឹងល្អដល់សមាជិក មើលថែ ហើយថែទាំគ្នាទៅវិញទៅមកដោះស្រាយតម្រូវការខាងវិញ្ញាណ និងខាងសាច់ឈាមតាមគ្រប់មធ្យោបាយដែលអាចជួយ ។
ឥឡូវទាក់ទងនឹងអ្វីដែល « រាប់ » ថាជាការបង្រៀនតាមផ្ទះ គឺរឿងល្អគ្រប់យ៉ាងដែលអ្នកធ្វើ « រាប់ » ថាជាការបង្រៀនតាមផ្ទះ ដូច្នេះចូររាយការណ៍វាទាំងអស់ ! ប្រាកដណាស់ របាយការណ៍ដែលសំខាន់បំផុតគឺរបៀបដែលអ្នកប្រទានពរ និងមើលថែដល់អ្នកទាំងឡាយដែលស្ថិតនៅក្នុងភារកិច្ចរបស់អ្នក ដែលពុំទាក់ទងនឹងប្រតិទិន ឬទីតាំងជាក់លាក់នោះទេ ។ អ្វីដែលសំខាន់គឺថាបងប្អូនស្រឡាញ់មនុស្សរបស់បងប្អូន ហើយកំពុងបំពេញបទបញ្ញត្តិឲ្យ « មើលការខុសត្រូវលើសាសនាចក្រជានិច្ច » ។
នៅថ្ងៃទី ៣០ ខែឧសភា កាលពីឆ្នាំមុន មិត្តរបស់ខ្ញុំ ត្រយ រ៉ាស់សល បានបើកឡានរបស់គាត់យឺតៗចេញពីការាសរបស់គាត់ចេញទៅបរិច្ចាគរបស់របរទៅដល់ឧស្សាហ៍កម្មដេសេរ៉ែតក្នុងតំបន់ ។ គាត់មានអារម្មណ៍ថាកង់ក្រោយរបស់គាត់កិនអ្វីមួយ ។ ដោយគិតថាមានធ្លាក់របស់របរពីឡាន នោះគាត់បានចុះទៅក៏ឃើញកូនប្រុសអាយុប្រាំបួនឆ្នាំដ៏មានតម្លៃរបស់គាត់ ឈ្មោះ អូស្ទីន ដេកផ្កាប់មុខនៅលើផ្លូវដើរ ។ ក្នុងករណីនេះ គាត់បានស្រែករកជំនួយ ផ្ដល់ការប្រសិទ្ធពរបព្វជិតភាព ក្រុមជួយសង្គ្រោះ និងក្រុមគ្រូពេទ្យ—បានមកដល់ភ្លាម ខិតខំអស់ពីលទ្ធភាពដើម្បីជួយសង្គ្រោះ ប៉ុន្ដែជួយពុំបាន ។ អូស្ទីន ស្លាប់ទៅហើយ ។
ត្រយ ពុំស្រណុកចិត្តមិនអាចដេកលក់ ឬមានភាពសុខសាន្ដឡើយ ។ គាត់បាននិយាយថា វាលើសជាងអ្វីដែលគាត់អាចទ្រាំទ្របាន ហើយថាគាត់មិនអាចរស់បានទៀតទេ ។ ប៉ុន្តែនៅក្នុងការរងទុក្ខដ៏ឈឺចាប់នោះ មានកម្លាំងប្រោសលោះបីបានកើតឡើង ។
ទីមួយ គឺសេចក្ដីស្រឡាញ់ និងការបញ្ជាក់ខាងវិញ្ញាណមកពីព្រះវរបិតាសួគ៌យើង ជាវត្តមានមួយបានទំនាក់ទំនងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលលួងលោមចិត្ត ត្រយ បានបង្រៀនគាត់ស្រឡាញ់គាត់ ហើយបានខ្សឹបប្រាប់ថា ព្រះដឹងរឿងគ្រប់យ៉ាងអំពីការបាត់បង់កូនប្រុសដ៏ល្អ និងល្អឥតខ្ចោះនោះ ។ ទីពីរ គឺភរិយារបស់គាត់ ឌីដ្រា ដែលបានឱប ត្រយ ក្នុងរង្វង់ដៃ ហើយបានស្រឡាញ់គាត់ និងរំឭកគាត់ថា នាងក៏បាត់បង់កូនប្រុសនោះដែរ ហើយមិនចង់បាត់បង់ប្ដីទៀតទេ ។ ទីបី នៅក្នុងរឿងនេះ ចន ម៉េននីង គឺជាគ្រូបង្រៀនតាមផ្ទះ ដ៏អស្ចារ្យ ។
ខ្ញុំពិតជាមិនដឹងថា ចន និងដៃគូវ័យក្មេងរបស់គាត់ដាក់កាលវិភាគយ៉ាងណាដើម្បីទៅសួរសុខទុក្ខផ្ទះគ្រួសារ រ៉ាស់សល ទេ ឬសារលិខិតអ្វីដែលពួកគេចែកចាយ នៅពេលពួកគេទៅដល់ទីនោះ ឬពួកគេរាយការណ៍ពីបទពិសោធន៍ដោយរបៀបណាទេ ។ អ្វីដែលខ្ញុំដឹងគឺថា កាលពីនិទាឃរដូវមុន បងប្រុស ម៉េននីង បានឈោងទៅជួយ ត្រយ រ៉ាស់សល ឡើងចេញពីសោកនាដកម្មនៅច្រកផ្លូវនោះ ដូចជាគាត់លើកកូនប្រុសតូច អូស្ទីន ដោយខ្លួនគាត់ដែរ ។ ដូចជាគ្រូបង្រៀនតាមផ្ទះ ឬអ្នកចាំយាម ឬបងប្រុសក្នុងដំណឹងល្អ ចន បានធ្វើការមើលថែខាងបព្វជិតភាព ហើយថែរក្សា ត្រយ រ៉ាស់សល ។ គាត់បានចាប់ផ្ដើមដោយនិយាយថា « ត្រយ, អូស្ទីន ចង់ឲ្យអ្នកក្រោកឡើង—ទៅកន្លែងលេងបាល់បោះ—ដូច្នេះខ្ញុំនឹងមកទីនេះរាល់ព្រឹកនៅម៉ោង ៥:១៥ ព្រឹក។ ចូរត្រៀមខ្លួនឲ្យស្រេច ពីព្រោះខ្ញុំមិនចង់មកដាស់អ្នកឡើងទេ—ហើយខ្ញុំ ដឹងថា ឌីដ្រា ក៏មិនចង់ឲ្យខ្ញុំធ្វើដូច្នោះដែរ » ។
ក្រោយមក ត្រយ បានប្រាប់ខ្ញុំថា « ខ្ញុំមិនចង់ទៅទេ ព្រោះខ្ញុំតែងតែនាំ អូស្ទីន ទៅជាមួយនៅរាល់ព្រឹក ហើយខ្ញុំដឹងថាវាជាការចងចាំដ៏ឈឺចាប់ណាស់ ។ ប៉ុន្ដែ ចន នៅតែទទូច ដូច្នេះខ្ញុំបានទៅ ។ ចាប់ពីថ្ងៃដំបូងនោះមក យើងបាន—ឬខ្ញុំនិយាយ ហើយ ចន បានស្ដាប់ ។ ខ្ញុំបាននិយាយពេលបើកទៅព្រះវិហារ និងពេលត្រឡប់មកផ្ទះវិញ ។ ពេលខ្លះខ្ញុំនិយាយខណៈពេលយើងចតនៅតាមផ្លូវ ហើយមើលព្រះអាទិត្យរះនៅទីក្រុង ឡាស វេហ្គាស ។ ដំបូងវាមានការលំបាក ប៉ុន្តែយូរៗទៅ ខ្ញុំបានដឹងថា ខ្ញុំទទួលបានកម្លាំងនៅក្នុងទម្រង់ជាអ្នកលេងបាល់មិនល្អ ៦-ហ្វុត-២-អ៊ិញ (១.៨៨ ស.ម) បោះបាល់មិនចូលហ្គោន មានអ្នកស្រឡាញ់ខ្ញុំ និងស្ដាប់ខ្ញុំ រហូតដល់ព្រះអាទិត្យរះឡើងក្នុងជីវិតខ្ញុំនៅទីបំផុត ។
បងប្អូនប្រុសនៃបព្វជិតភាពដ៏បរិសុទ្ធ នៅពេលយើងនិយាយអំពីការបង្រៀនតាមផ្ទះ ឬការចាំយាម ឬការបម្រើបព្វជិតភាព—ហៅអ្វីក៏បានតាមអ្នកចង់—នេះគឺជាអ្វីដែលយើងនិយាយដល់ ។ យើងកំពុងសូមដល់បងប្អូនដែលជាគ្រូបង្រៀនតាមផ្ទះ ធ្វើជាសារទូតរបស់ព្រះទៅកូនចៅទ្រង់ ដើម្បីស្រឡាញ់ និងយកចិត្តទុកដាក់ ហើយអធិស្ឋានសម្រាប់មនុស្សដែលអ្នកបានចាត់ឲ្យទៅ ដូចជាយើងស្រឡាញ់ និងយកចិត្តទុកដាក់ ហើយអធិស្ឋានសម្រាប់បងប្អូនដែរ ។ សូមឲ្យបងប្អូនប្រយ័ត្នក្នុងការមើលថែហ្វូងចៀមនៃព្រះតាមរបៀបដែលសមទៅតាមស្ថានភាពរបស់បងប្អូន ខ្ញុំអធិស្ឋាននៅក្នុងព្រះនាមនៃអ្នកគង្វាលដ៏ល្អរបស់យើង ដែលខ្ញុំធ្វើជាសាក្សីគឺជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។