« អ្នកមើលឆុតម្នាក់ដ៏ជម្រើសដែលយើងនឹងបង្កើតឡើង »
ដោយសារយ៉ូសែបគឺជាព្យាការី នោះយើងមានមធ្យោបាយជាច្រើនដើម្បីចូលស្ថានសួគ៌—គឺជាច្រកចូលទៅក្នុងភាពអស់កល្បដែលបើកឡើងសម្រាប់យើង ។
ពេលមរ៉ូណៃយាងមកជួប យ៉ូសែប ស៊្មីធ លើកដំបូងទ្រង់ព្រមានថា « ឈ្មោះរបស់ យ៉ូសែប នឹងត្រូវនិយាយដល់ទាំងសេចក្ដីល្អ និងសេចក្ដីអាក្រក់នៅក្នុងចំណោមបណ្ដាជនទាំងអស់ » ។ យើងបានឃើញថា ការព្យាករនោះត្រូវបានបំពេញ ។ ក្នុងសង្គ្រាមរវាងសេចក្ដីល្អ និង សេចក្ដីអាក្រក់ ការស្តារឡើងវិញនៃដំណឹងល្អតាមរយៈព្យាការី យ៉ូសែប ស៊្មីធ បានបំផុសទាំងអ្នកជឿដែលធ្វើតាមលោក និង អ្នកប្រឆាំងដ៏មានកំហឹងដែលប្រយុទ្ធយ៉ាងខ្លាំងក្លាទាស់នឹងបុព្វហេតុនៃក្រុងស៊ីយ៉ូន និង យ៉ូសែបផ្ទាល់តែម្តង ។ ចម្បាំងនោះមិនមែនទើបតែកើតឡើងទេ ។ វាបានចាប់ផ្ដើមនៅមិនយូរប៉ុន្មានបន្ទាប់ពីយុវជនយ៉ូសែប បានដើរចូលទៅក្នុងព្រៃពិសិដ្ឋ ហើយវានៅតែបន្តដល់សព្វថ្ងៃនេះ ដែលអាចឃើញមាននៅលើអ៊ិនធើរណែត ។
ព្រះអម្ចាស់មានបន្ទូលដល់ យ៉ូសែប ស៊្មីធ ដូចនេះ ៖
« នៅគ្រប់ចុងផែនដីនឹងសាកសួរអំពីឈ្មោះរបស់អ្នក ហើយពួកល្ងង់ខ្លៅនឹងសើចចំអកអ្នក ហើយស្ថាននរកខ្ញាល់ទាស់នឹងអ្នក
« ក្នុងកាលអ្នកមានចិត្តបរិសុទ្ធ និងអ្នកមានប្រាជ្ញា និងអ្នកដែលមានត្រកូលខ្ពស់ និងអ្នកដែលមានគុណធម៌ នោះនឹងស្វែងរកដំបូន្មាន និងសិទ្ធិអំណាច និងព្រះពរទាំងឡាយជារៀងរហូតពីក្រោមដៃអ្នក » ។
ថ្ងៃនេះខ្ញុំសូមថ្លែងទីបន្ទាល់ដល់អស់អ្នកដែលព្យាយាមយល់កាន់តែច្បាស់អំពីបេសកកម្មដ៏ពិសិដ្ឋរបស់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ថាជាព្យាការីនៃការស្ដារឡើងវិញ ។
យើងមិនត្រូវកំសាកក្នុងការថ្លែងទីបន្ទាល់អំពីបេសកកម្មរបស់យ៉ូសែបថាជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈឡើយ ដ្បិតព្រះអម្ចាស់តែងតែធ្វើការជាមួយពួកព្យាការី ។ ដោយសារសេចក្តីពិតដែលបានស្តារឡើងវិញតាមរយៈ យ៉ូសែប ស្ម៊ីធ យើងស្គាល់ព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើងកាន់តែច្រើនឡើង ។ យើងស្គាល់លក្ខណៈនៃភាពជាព្រះរបស់ពួកទ្រង់ ទំនាក់ទំនងរបស់ទ្រង់ទាំងពីរអង្គ និង ជាមួយពួកយើង និង ផែនការដ៏មហិមានៃសេចក្តីប្រោសលោះ ដែលអនុញ្ញាតឲ្យយើងត្រឡប់ទៅក្នុងវត្តមានទ្រង់វិញ ។
ប្រធាន ព្រិកហាំ យ៉ង់ បានមានប្រសាសន៍អំពី យ៉ូសែប ដូចនេះ ៖ « ការណ៍នោះត្រូវបានសម្រេចក្នុងក្រុមប្រឹក្សានៃភាពអស់កល្ប យូរយារមកហើយមុនផែនដីត្រូវបានបង្កើតម្ល៉េះ ថាលោកនឹងក្លាយជាបុរសម្នាក់ក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយដែលនាំព្រះបន្ទូលព្រះទៅដល់មនុស្ស ហើយទទួលបានភាពពោរពេញនៃកូនសោ និង អំណាចបព្វជិតភាពនៃបុត្រារបស់ព្រះ ។ ព្រះអម្ចាស់ទតមើលលោកជានិច្ច … [ ដ្បិតលោក ] ត្រូវបានតែងតាំងពីមុនផែនដីក្នុងភាពអស់កល្ប ដើម្បីគ្រប់គ្រងលើគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ » ។
ក្នុងការត្រៀមខ្លួនធ្វើកិច្ចការដ៏មហិមានេះ យ៉ូសែប ស៊្មីធ បានកើតក្នុងគ្រួសារពេញដោយក្តីស្រឡាញ់ ដែលមានជីវភាពយាប់យឺន និង ការសាកល្បងរាល់ថ្ងៃ ។ កាល យ៉ូសែប ស្ម៊ីធ បានចាប់ផ្ដើមមានគំនិតចាស់ទុំ លោក « មានគំនិតគិតដ៏ជ្រាលជ្រៅ ហើយជួនកាលដ៏ខ្លាំងក្លា » ប៉ុន្តែលោកច្របូកច្របល់នឹងការខ្វែងគំនិតខាងសាសនា ដែលបានបង្រៀនដោយគ្រូសាសនាក្នុងជំនាន់លោក ។ សំណាងល្អ យុវជនយ៉ូសែបពុំបានទុកឲ្យចម្ងល់នេះបង្អាក់សេចក្ដីជំនឿរបស់ខ្លួនឡើយ ។ លោកបានស្វែងរកចម្លើយក្នុងព្រះគម្ពីរប៊ីប ហើយរកឃើញដំបូន្មាននេះ ៖ « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ » ។
យ៉ូសែប ចងចាំដូចនេះ ៖ « ពុំដែលមានបទគម្ពីរណាមួយ ដែលមានប្រសិទ្ធិភាពទៅលើចិត្តមនុស្ស ដូចជាបទគម្ពីរនេះមានប្រសិទ្ធិភាពមកលើចិត្តខ្ញុំឡើយ ។ មើលទៅហាក់បីដូចជាចូលមកពេញដួងចិត្តដោយឥទ្ធិពលដ៏មហិមា ។ ខ្ញុំតែងតែពិចារណាគិតអំពីរឿងនេះម្ដងហើយម្ដងទៀត » ។
ដោយសេចក្តីជំនឿ យ៉ូសែបបានធ្វើតាមអារម្មណ៍ខាងវិញ្ញាណទាំងនេះ ។ លោកបានទៅដល់កន្លែងដែលលោកនៅតែឯង ហើយលុតជង្គង់ចុះ « ហើយបានចាប់ផ្ដើមបួងសួងដល់ព្រះទូលប្រាប់ពីបំណងនៃដួងចិត្ត [ របស់លោក ] » ។ ក្នុងការរៀបរាប់របស់ យ៉ូសែប មានអំណាចដ៏អស្ចារ្យបានកើតឡើង ៖
« ខ្ញុំបានឃើញបង្គោលពន្លឺមួយនៅចំលើក្បាលខ្ញុំ មានរស្មីចែងចាំងលើសជាងសុរិយាទៅទៀត ដែលចុះសន្សឹមៗមកចំលើរូបខ្ញុំ ។
« … កាលពន្លឺនោះស្ថិតចំពីលើរូបខ្ញុំ ខ្ញុំបានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ ឈរនៅលើអាកាសពីលើរូបខ្ញុំ ។ អង្គមួយមានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា—នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង។ ចូរស្តាប់តាមទ្រង់ចុះ ! »។
យ៉ូសែប ស្ម៊ីធ បានឃើញព្រះជាព្រះវរបិតាដ៏អស់កល្បជានិច្ច និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃពិភពលោក ។ នេះគឺជាការនិមិត្ត ដំបូង របស់ យ៉ូសែប ស៊្មីធ ។ នៅឆ្នាំក្រោយៗមកទៀត យ៉ូសែបបានបកប្រែគម្ពីរមរមនដោយមានអំណោយទាន និង ព្រះចេស្ដាពីព្រះ ។ តួអង្គសួគ៌ាជាច្រើនទៀតបានយាងមកជួបលោក ដើម្បីស្ដារសេចក្ដីពិត និង សិទ្ធិអំណាចឡើងវិញ ដែលបានបាត់បង់អស់ច្រើនសតវត្សរ៍មកហើយនោះ ។ ទំនាក់ទំនងពីស្ថានសួគ៌ទាំងនេះជាមួយ យ៉ូសែប ស៊្មីធ បានបើកបង្អួចស្ថានសួគ៌ឲ្យយើងឃើញសិរីល្អនៃភាពអស់កល្ប ។ ជីវិតរបស់យ៉ូសែបឈរជាសាក្សីថា បើមានពួកយើងណាម្នាក់ខ្វះប្រាជ្ញា យើងអាចទូលសូមព្រះដោយសេចក្ដីជំនឿ ហើយទទួលបានចម្លើយ—ជួនកាលបានមកពីតួអង្គសួគ៌ា ប៉ុន្តែភាគច្រើនមកតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលមានបន្ទូលមកកាន់យើងតាមរយៈគំនិត និង អារម្មណ៍ដ៏បំផុសគំនិត ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងអាច « ស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។
ចំពោះយើងជាច្រើន សាក្សីអំពីព្យាការី យ៉ូសែប ស៊្មីធ ចាប់ផ្ដើមមាននៅពេលយើងអានព្រះគម្ពីរមរមន ។ ខ្ញុំបានអានព្រះគម្ពីរមរមនពីដើមដល់ចប់ជាលើកដំបូង កាលខ្ញុំរៀនថ្នាក់សិក្ខាសាលាពេលព្រឹកព្រលឹម ។ ដោយមានមនោគតិមួយ ខ្ញុំបានសម្រេចចិត្តអានគម្ពីរនេះដូចជា យ៉ូសែប ស៊្មីធ អានដែរ ដោយស្វែងរកសេចក្ដីពិតនៅក្នុងព្រះគម្ពីរមរមនលើកដំបូង ។ វិធីនេះជះឥទ្ធិពលយ៉ាងខ្លាំងក្នុងជីវិតខ្ញុំ ដែលធ្វើឲ្យខ្ញុំនៅតែបន្តអានព្រះគម្ពីរមរមនតាមរបៀបនោះ ។ ខ្ញុំតែងឃើញថាពេលខ្ញុំអានរបៀបនោះ វាធ្វើឲ្យខ្ញុំមានការដឹងគុណកាន់តែខ្លាំងចំពោះព្យាការី យ៉ូសែប និង ចំពោះសេចក្ដីពិតដែលបានស្ដារឡើងវិញក្នុងព្រះគម្ពីរដ៏មានតម្លៃនេះ ។
ឧទាហរណ៍ សូមស្រមៃអំពីអារម្មណ៍របស់យ៉ូសែប កាលលោកបានបកប្រែវគ្គគម្ពីរអំពីពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ។ យ៉ូសែបដែលបានដឹងថាលោកមិនត្រូវចូលរួមព្រះវិហារណាមួយទេនោះ បានមានសំណួរអំពីពិធីបរិសុទ្ធនៃការសង្គ្រោះនេះ ។ សំណួរនេះបានធ្វើឲ្យលោកអធិស្ឋានម្ដងទៀត បន្ទាប់មកយ៉ូហាន បាទីស្ទក៏បានយាងមកជួបលោក ដោយបានស្ដារបព្វជិតភាពអើរ៉ុន និង សិទ្ធិអំណាចដើម្បីធ្វើបុណ្យជ្រមុជទឹកឡើងវិញ ។
ឬពិចារណាអំពីអារម្មណ៍របស់យ៉ូសែប ពេលលោកដឹងជាលើកដំបូងថា ព្រះយេស៊ូវគ្រីស្ទបានយាងមកជួបប្រជាជននៅអឌ្ឍគោលខាងលិច—ហើយទ្រង់បង្រៀនពួកគេ អធិស្ឋានឲ្យពួកគេ ប្រោសពួកគេឲ្យជា ប្រសិទ្ធពរកូនៗពួកគេ ប្រទានសិទ្ធិអំណាចបព្វជិតភាព ហើយធ្វើពិធីសាក្រាម៉ង់ឲ្យពួកគេ ។ យ៉ូសែបអាចមិនដឹងពីរឿងទាំងនេះទេពេលនោះ ប៉ុន្តែអ្វីដែលលោកបានរៀនអំពីពិធីបរិសុទ្ធ និង ការរៀបចំសាសនាចក្ររបស់ព្រះគ្រីស្ទពីបូរាណនោះ ក្រោយមកបានរៀបចំលោកឲ្យជួយព្រះអម្ចាស់ស្ដារសាសនាចក្រដដែលនោះលើផែនដីឡើងវិញ ។
អំឡុងពេលបកប្រែព្រះគម្ពីរមរមន យ៉ូសែប ស្ម៊ីធ និង ភរិយាលោកគឺ អិមម៉ា កាន់ទុក្ខមរណភាពទារករបស់ពួកគេ ។ នៅពេលនោះ គ្រូសាសនាដទៃៗបង្រៀនថា កូនក្មេងដែលបានស្លាប់ទៅដោយមិនបានជ្រមុជទឹកនឹងមានទោសរៀងរហូត ។ ដោយគិតពីរឿងនេះ ចូរស្រមៃថាតើយ៉ូសែបច្បាស់ជាមានអារម្មណ៍បែបណា ពេលលោកបកប្រែប្រសាសន៍របស់ព្យាការីមរមនដូចនេះ ៖ « កូនក្មេងតូចពុំចាំបាច់មានការប្រែចិត្ត ឬបុណ្យជ្រមុជទឹកឡើយ ។ … [ ដ្បិត ] កូនក្មេងតូចរស់នៅក្នុងព្រះគ្រីស្ទ គឺចាប់តាំងពីកំណើតលោកិយមកម្ល៉េះ » ។
ប្រហែលវគ្គគួរឲ្យចាប់អារម្មណ៍បំផុតក្នុងព្រះគម្ពីរមរមនចំពោះយុវជនយ៉ូសែបនោះគឺ នីហ្វៃទី២ ជំពូកទី ៣។ ជំពូកនេះមានការព្យាករពីបូរាណមួយអំពី « អ្នកមើលឆុតម្នាក់ដ៏ជម្រើស » ដែលព្រះអម្ចាស់នឹងរើសនៅថ្ងៃចុងក្រោយ—ឈ្មោះថា យ៉ូសែប ដាក់តាមឪពុកលោក ។ អនាគតជាព្យាការីរូបនេះនឹង « បានតម្កើងខ្ពស់ » ហើយនឹងធ្វើកិច្ចការដែលជា « ប្រយោជន៍ដ៏ធំ » ដល់ប្រជាជន ។ លោកនឹង « បានជាធំដូចម៉ូសេ » ហើយនឹងត្រូវបានប្រទានឲ្យនូវ « អំណាចឲ្យនាំពាក្យ [ របស់ព្រះ ] » ។ ចូរពិចារណាពីអារម្មណ៍ដែលយ៉ូសែប ស៊្មីធ ច្បាស់ជាមាន កាលលោកដឹងថាការព្យាករនេះគឺអំពី រូបលោក ! លោកពុំគ្រាន់តែបកប្រែប្រវត្តិប៉ុណ្ណោះទេ លោកថែមទាំងបកប្រែការនិមិត្តអំពីថ្ងៃចុងក្រោយ អំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដ៏ប្រកបដោយអព្ភូតហេតុផងដែរ—ហើយយ៉ូសែបនឹងជួយបំពេញវាដោយផ្ទាល់ !
មកដល់បច្ចុប្បន្ននេះវាជិត ២០០ឆ្នាំហើយយើងឃើញដោយសាមញ្ញថា ការព្យាករនេះត្រូវបានសម្រេច ។ យើងស្គាល់ស្នាដៃដ៏អស្ចារ្យ ដែលយ៉ូសែបសម្រេចបានក្នុងនាមជាព្យាការីរបស់ព្រះអម្ចាស់ ។ ប៉ុន្តែចូរចាំថា ពេលយ៉ូសែបបានបកប្រែការព្យាករនេះ លោកសម្រេចបានស្នាដៃមួយចំនួនដែលព្យាការីបានទាយទុករួចទៅហើយ ។ លោកគ្រាន់តែជាយុវជនវ័យ ២០ឆ្នាំស្ដើងប៉ុណ្ណោះ ។ សាសនាចក្រពុំទាន់បានរៀបចំឡើងនៅឡើយ ។ គ្មានវួដ ឬ សាខា គ្មានអ្នកផ្សព្វផ្សាយសាសនា និង គ្មានព្រះវិហារបរិសុទ្ធទេ ។ គ្មាននរណាស្គាល់យ៉ូសែប ស្ម៊ីធ ឡើយ ហើយអ្នកដែលស្គាល់វិញ បានប្រឆាំងលោកយ៉ាងពេញទំហឹង ។ ឥឡូវ ចូរយើងមើលទៅស្នាព្រះហស្តអស្ចារ្យដែលព្រះអម្ចាស់សម្រេចបានតាមរយៈស្នាដៃរបស់អ្នកបម្រើទ្រង់គឺ យ៉ូសែប ទោះជាមានការប្រឆាំងក្ដី ។ តើការសម្រេចតាមការព្យាករនេះ ពុំបង្ហាញភស្ដុតាងអំពីការហៅរបស់យ៉ូសែប ស៊្មីធ ដែលបានព្យាករទុកទេឬអី ?
ចំពោះអ្នកដែលសង្ស័យលើទីបន្ទាល់អំពីយ៉ូសែប ស្ម៊ីធ ឬ កំពុងមានបញ្ហានឹងព័ត៌មានខុសឆ្គង មិនត្រឹមត្រូវ ឬ ប្រឌិតអំពីជីវិត និង ការបម្រើរបស់លោក នោះខ្ញុំអញ្ជើញអ្នកឲ្យពិចារណាអំពីផលផ្លែទាំងនេះ—ជាពរជ័យជាច្រើនដែលមានដល់យើងតាមរយៈបេសកកម្មដ៏អស្ចារ្យរបស់យ៉ូសែប ស៊្មីធ ជាព្យាការីនៃការស្ដារឡើងវិញ ។
ដោយសារយ៉ូសែបគឺជាព្យាការី នោះវិវរណៈ និង ព្យាការីមិនមែនជាហេតុការណ៍កើតឡើងក្នុងអតីតកាលទៀតឡើយ ។ « ថ្ងៃនៃអព្ភូតហេតុ »—នៃការនិមិត្ត ការប្រោសឲ្យជា និង ការបម្រើនៃពួកទេវតា—នៅតែបន្តមាន ។
ដោយសារយ៉ូសែបគឺជាព្យាការី នោះយើងម្នាក់ៗអាចទទួលបានអំណាច និង ពរជ័យពីបព្វជិតភាពដ៏បរិសុទ្ធ រួមមាន ពិធីបុណជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និង ពិធីសាក្រាម៉ង់ ។
ដោយសារយ៉ូសែបគឺជាព្យាការី យើងមានពរជ័យ និង ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដែលចងភ្ជាប់យើងជាមួយព្រះ ធ្វើឲ្យយើងក្លាយជារាស្ត្រទ្រង់ ហើយបង្ហាញដល់យើងនូវ « អំណាចនៃព្រះ » ដែលថ្ងៃណាមួយយើង « ឃើញព្រះភក្ត្រនៃព្រះ គឺព្រះវរបិតា ហើយរស់នៅ » ។
ដោយសារយ៉ូសែបគឺជាព្យាការី នោះយើងដឹងថា អាពាហ៍ពិពាហ៍ និង គ្រួសារគឺជាផ្នែកសំខាន់មួយក្នុងផែនការព្រះសម្រាប់សុភមង្គលយើង ។ យើងដឹងថា តាមរយៈពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ នោះទំនាក់ទំនងគ្រួសារដ៏រីករាយយើង អាចបន្តអស់កល្បជានិច្ច ។
ដោយសារយ៉ូសែបគឺជាព្យាការី នោះយើងមានមធ្យោបាយជាច្រើនដើម្បីចូលស្ថានសួគ៌—គឺជាច្រកចូលទៅក្នុងភាពអស់កល្បដែលបើកឡើងសម្រាប់យើង ។ យើងអាចស្គាល់ « ព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទ ដែល [ ទ្រង់បាន ] ចាត់ឲ្យមកផង » ។ ជីវិតអស់កល្បអាចជារបស់យើង ។
អ្វីដែលសំខាន់បំផុត ដោយសារយ៉ូសែបគឺជាព្យាការី នោះយើងមានសាក្សីបន្ថែមលើសាក្សី ទីបន្ទាល់បន្ថែមលើទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ និង ជាព្រះអង្គសង្គ្រោះពិភពលោក ។ យើងមានពួកសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទជាបន្ដបន្ទាប់ពុំដាច់ រួមមានព្យាការីរបស់យើង ប្រធាន ថូម៉ាស អេស ម៉នសុន ទីប្រឹក្សាទាំងឡាយនៅក្នុងគណៈប្រធានទីមួយ និង សមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ផងដែរ ។ ចំពោះភាពជាសាក្សីរបស់ពួកគាត់ ខ្ញុំសូមបន្ថែមទីបន្ទាល់របស់ខ្ញុំដោយរាបសារយ៉ាងជាក់ថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយដឹកនាំសាសនាចក្ររបស់ទ្រង់ ។ យ៉ូសែប ស៊្មីធ គឺជាព្យាការីនៃការស្ដារឡើងវិញ ។ បព្វជិតភាព និង សិទ្ធអំណាចនៃព្រះត្រូវបានប្រទានមកលើផែនដីម្តងទៀត ។ ខ្ញុំអធិស្ឋានសូមឲ្យយើងធ្វើជាសាក្សី និង ថ្លែងអំណរគុណដោយគ្មានការភិតភ័យចំពោះព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈដ៏ឆ្នើមនៃព្រះអម្ចាស់រូបនេះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។