ឆ្នាំ ២០១០-២០១៩
ឱ​បងប្អូន​ស្ត្រី​ក្នុង​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​ក្នុង​ភាពរឹងមាំ
ខែ តុលា ឆ្នាំ ២០១៦


12:40

ឱ​បងប្អូន​ស្ត្រី​ក្នុង​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​ក្នុង​ភាពរឹងមាំ

ដើម្បីធ្វើ​ជា​ពួក​អ្នករក្សា​សេចក្ដី​សញ្ញា​ដែល​បាន​ប្រែ​ចិត្ត​ជឿ យើង​ត្រូវ​សិក្សា​គោលលទ្ធិ​សំខាន់ៗ​នៃដំណឹងល្អ ហើយ​មាន​ទីបន្ទាល់​មិន​ងាក​រេពីសេចក្ដី​ពិត​ដ៏ពេញ​លេញ​របស់​ពួកគេ ។

ខ្ញុំ​មាន​អំណរ​ដែល​មក​ជួបជុំ​គ្នា​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ​ជាមួយ​កុមារី យុវនារី និង ស្ត្រី​ក្នុង​សាសនាចក្រ ។ យើង​ក៏​ដឹង​ដែរ​ថា មាន​ក្រុម​បងប្អូន​ស្រី​រាប់ពាន់​ក្រុម​ទៀត​ដែល​ជួបជុំ​គ្នា​ពាសពេញ​ពិភពលោក មើល​ការចាក់ផ្សាយ​នេះ ហើយ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស និង មធ្យោបាយ​ដែល អនុញ្ញាត​ឲ្យ​យើង​ចូលរួម​ដោយ​សាមគ្គីភាព និង គោលបំណង​នា​ល្ងាច​នេះ ។

ក្នុង​ខែ តុលា ឆ្នាំ ២០០៦ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​សុន្ទរកថា​ក្រោម​ចំណងជើង​ថា « ក្រោក​ឡើង ឱ​បុរស​នៃ​ព្រះ​អើយ » យក​ឈ្មោះ​តាម​ទំនុកតម្កើង​និពន្ធ​ក្នុង​ឆ្នាំ ១៩១១ ។ នោះ​ជា​ការអំពាវនាវ​ចំពោះ​បុរស​ក្នុង​សាសនាចក្រ​ឲ្យ​ធ្វើ​សកម្មភាព ដោយ​ក្រោក​ឡើង ហើយ​កែលម្អ​ខ្លួន ។ កាល​ខ្ញុំ​អធិស្ឋាន​ឲ្យ​ដឹង​ថា​ត្រូវ​ចែកចាយ​អ្វី​ជាមួយ​បងប្អូន នោះ​ខ្ញុំ​នឹក​ឃើញ​សុន្ទរកថា​មួយ​នេះ ។

បងប្អូន​ស្រី​អើយ យើង​រស់នៅ​ក្នុង « គ្រា​លំបាក​ណាស់ » ។ ស្ថានភាព​ក្នុង​ជំនាន់​យើង​នេះ​មិន​គួរ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ។ វា​ត្រូវបាន​ព្យាករ​ទុក​ច្រើន​សហស្សវត្សរ៍​ទុក​ជា​ការព្រមាន និង ការដាស់តឿន ដើម្បី​ឲ្យ​យើង​អាច​ត្រៀមខ្លួន ។ ជំពូក ​ទី ៨ ក្នុង​គម្ពីរ​មរមន ផ្ដល់​ការបកស្រាយ​ដ៏​ជាក់ស្ដែង​យ៉ាង​រំជួលចិត្ត​អំពី​ស្ថានភាព​ក្នុង​ជំនាន់​យើង​នេះ ។ ក្នុង​ជំពូក​នេះ មរ៉ូណៃ​មាន​ប្រសាសន៍​ថា​ លោក​មើល​ឃើញ​ជំនាន់​យើង​នេះ ដែល​រួម​មាន សង្គ្រាម និង ពាក្យ​ចចាមអារ៉ាម​អំពី​សង្គ្រាម ការបំពុល​យ៉ាង​ធំ ឃាតកម្ម ឆក់ប្លន់ និង​មនុស្ស​ដែល​ប្រាប់​យើង​ថា គ្មាន​ត្រូវ ឬ​ខុស​ឡើយ​នៅ​ចំពោះ​ព្រះនេត្រ​ព្រះ ។ លោក​ពិពណ៌នា​អំពី​មនុស្ស​ដែល​ពេញ​ដោយ​ភាពឆ្មើងឆ្មៃ ខ្វាយខ្វល់​តែ​រឿង​សម្លៀកបំពាក់​ថ្លៃៗ ហើយ​មើលងាយ​សាសនា ។ លោក​ប្រាប់​អំពី​មនុស្ស​ដែល​គិត​តែ​រឿង​លោកិយ រហូត​ដល់​ទុក​ឲ្យ « អ្នក​កម្សត់​ទុគ៌ត និង​អ្នក​អាក្រាត និង​អ្នក​ឈឺ និង​អ្នក​ដែល​រង​ទុក្ខ​វេទនា​ដើរ​ទៅ​ហួស » ដោយ​ពុំ​យក​ចិត្ត​ទុកដាក់ ។

មរ៉ូណៃ​សួរ​សំណួរ​ស្វែងយល់​ខាង​ព្រលឹង​អំពី​យើង—ជា​អ្នក​ដែល​រស់នៅ​ក្នុង​ជំនាន់​នេះ ។ លោក​សួរ​ថា « ហេតុអ្វី​ក៏​អ្នក​រាល់​គ្នា​ខ្មាសអៀន​នឹង​លើក​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ ? » ការចោទ​ឡើង​ដូចនេះ​ពិពណ៌នា​យ៉ាង​ជាក់ស្ដែង អំពី​ស្ថានភាព​លោកិយ​នេះដែល​មិន​ជឿ​សាសនា ។

យ៉ូសែប ស្ម៊ីធ--ម៉ាថាយ​សរសេរ​ថា នៅ​ថ្ងៃ​ចុងក្រោយ សូម្បី​តែ « ពួក​រើស​តាំង ស្រប​តាម​សេចក្ដី​សញ្ញា » ក៏​នឹង​ត្រូវ​គេ​បញ្ឆោត​ដែរ ។ បុគ្គល​ដែល​ស្រប​តាម​សេចក្ដី​សញ្ញា​រួម​មាន​កុមារី យុវនារី និង បងប្អូនស្រី​ក្នុង​សាសនាចក្រ​ដែល​បាន​ជ្រមុជទឹក ហើយ​ចុះ​ក្ដីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ ។ សូម្បី​តែយើង ក៏​ប្រថុយ​នឹង​ការដែល​ត្រូវ​គេ​បញ្ឆោត​ដោយ​ការបង្រៀន​ក្លែងក្លាយ​ដែរ ។

បងប្អូនស្រី​អើយ ខ្ញុំ​មិន​ជឿ​ថា ស្ថានភាព​នោះ​នឹង​រីកដុះដាល​ទៅ​មុខ​ឡើយ ។ បើ​និន្នាការ​បច្ចុប្បន្ន​នេះ​គឺ​ជា​ទីសម្គាល់​មួយ នោះ​យើង​ត្រូវ​ត្រៀមខ្លួន​ទប់ទល់​នឹង​ព្យុះ​ដែល​នឹង​បក់បោក​មក ។ វា​ស្រួល​ដើម្បី​ធ្លាក់​ទៅ​ក្នុង​ការអស់សង្ឃឹម ប៉ុន្តែ​ក្នុង​នាម​ជា​រាស្ត្រ​នៃសេច​ក្ដីសញ្ញា យើង​មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ ។ ដូច​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន មាន​ប្រសាសន៍​ថា « ការតបស្នង​ដ៏​សប្បុរស​របស់​ព្រះវរបិតាសួគ៌​ចំពោះ​ការរស់នៅ​ក្នុង​គ្រា​លំបាក ក៏​មាន​ចំពោះ​ការរស់នៅ​ក្នុង​កាល​ដ៏​ពេញកំណត់​ផងដែរ » ។ ខ្ញុំ​ចូលចិត្ត​ការលួងលោមចិត្ត​មក​ពី​ការថ្លែង​នោះ ។

ប្រធាន រ័សុល អិម ណិលសុន មាន​ប្រសាសន៍​មួយ​ឆ្នាំ​មុន​ដូចនេះ ៖ « ការវាយប្រហារ​ទាស់​នឹង​សាសនាចក្រ គោលលទ្ធិ និង​មាគ៌ា​នៃជីវិត​របស់​យើង នឹង​កើន​ឡើង ។ ដោយសារ​រឿង​នេះ យើង​ត្រូវការ​ស្ត្រី​ដែល​មានការ​យល់​ដឹង​រឹងមាំ​អំពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​អ្នក​ដែល​នឹង​ប្រើ​ការ​យល់ដឹង​នោះ​ដើម្បី​បង្រៀន និង​ជួយ​បីបាច់​ដល់​ជំនាន់​ដែល​កំពុង​ទប់ទល់​នឹង​អំពើបាប ។ យើង​ត្រូវការ​ស្ត្រី​ដែល​អាច​ទប់ទល់​នឹង​ការបញ្ឆោត​គ្រប់​ទម្រង់ ។ យើង​ត្រូវការ​ស្ត្រី​ដែល​ចេះ​ទទួល​ព្រះចេស្ដា​ដែលព្រះ​ធ្វើ​ឲ្យ​មាន សម្រាប់​អ្នករក្សា​សេចក្ដីសញ្ញា និង​អ្នក​ដែលបង្ហាញ​ជំនឿ​របស់ពួកគេ​ដោយទំនុកចិត្ត និង​សេចក្ដីសប្បុរស ។ យើង​ត្រូវការ​ស្ត្រី​ដែលមានភាព​ក្លាហាន និង​ទស្សនវិស័យ របស់​មាតា​អេវ៉ា​របស់​យើង » ។

សារលិខិត​នេះ​អះអាង​ដល់​ខ្ញុំ​ថា ទោះជា​ស្ថានភាព​នៅ​ជំនាន់​យើង​នេះ​ដូចម្ដេច​ក្ដី ក៏​យើង​មាន​ធនធាន​ជា​ច្រើន​ដើម្បី​រីករាយ ហើយ​មាន​សង្ឃឹម​ដែរ ។ ខ្ញុំ​ជឿ​​អស់​ពី​ចិត្ត​ថា យើង​ជា​បងប្អូនស្រី​មាន​ភាពរឹងមាំ​ពី​កំណើត និង សេចក្ដី​ជំនឿ​ដែល​នឹង​ជួយ​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​រស់នៅនា​ថ្ងៃ​ចុងក្រោយនេះ ។ ស៊ិស្ទើរ សឺរី អិល ឌូវ បាន​សរសេរ​ថា « ខ្ញុំ​ជឿ​ថា ខណៈ​ពេល​ដែល​យើង​រៀន​ដើម្បី​បញ្ចេញ​ឥទ្ធិពល​របស់​ស្ត្រី​ដែល​បាន​ប្រែ​ចិត្តជឿ ហើយ​បាន​រក្សា​សេចក្ដី​សញ្ញា នោះ​នគរ​ព្រះ​នឹង​រីកចម្រើន​យ៉ាង​រហ័ស » ។

វា​តម្រូវ​ឲ្យ​មាន​ការប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់ ដើម្បី​បាន​ប្រែចិត្ត​ជឿ ហើយ​រក្សា​សេចក្ដីសញ្ញា ។ ដើម្បី​ធ្វើ​ដូចនេះ យើង​ត្រូវតែ​ក្លាយ​ជា​កុមារី និង ស្ត្រី​ដែល​សិក្សា​គោលលទ្ធិ​សំខាន់ៗ​នៃ​ដំណឹងល្អ ហើយ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ភាពពេញលេញ​នៃ​ក្ដីពិត​របស់​គោលលទ្ធិ​ទាំងនោះ ។ ខ្ញុំ​ជឿ​ថា មាន​ចំណុច​បី​ដែល​ជា​គ្រឹះ​នៃ​ទីបន្ទាល់​ដ៏​រឹងមាំ ហើយ​ដែល​ខ្ញុំ​ចាត់ទុក​ថា​ចាំបាច់​ចំពោះ​ការយល់ដឹង​របស់​យើង ។

ទី​មួយ យើង​ត្រូវ​ទទួលស្គាល់​សារៈសំខាន់​នៃ​ព្រះ​ជា​ព្រះវរបិតា​អស់កល្ប និង បុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មាន​ចំពោះ​សេចក្ដីជំនឿ និង ការសង្គ្រោះ​យើង ។ ព្រះយេស៊ូវគ្រីស្ទ គឺ​ជាព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះ​យើង ។ យើង​ត្រូវ​សិក្សា ហើយ​យល់​អំពី​ដង្វាយធួន​ទ្រង់ និង របៀប​អនុវត្ត​វា​ប្រចាំ​ថ្ងៃ ដ្បិត​ការប្រែចិត្ត​គឺ​ជា​ពរជ័យ​មួយ​ដ៏​មហិមា​ដើម្បី​យើង​ម្នាក់ៗ​បន្ត​នៅ​ក្នុង​ផ្លូវ​សុចរិត ។ យើង​ត្រូវ​ចាត់ទុក​ព្រះយេស៊ូវគ្រីស្ទ​ជា​គំរូ​សំខាន់ និង ជា​បុគ្គល​ដែល​យើង​ត្រូវ​ប្រែក្លាយ​ឲ្យ​ដូច ។ យើង​ត្រូវ​បន្ត​បង្រៀន​គ្រួសារ និង​សិស្ស​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏​មហិមា​របស់​ព្រះវរបិតា ដែល​រួម​មាន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។

ទី​ពីរ យើង​ត្រូវ​យល់​អំពី​តម្រូវការ​ឲ្យ​មាន​ការស្ដារឡើងវិញ​នៃ​គោលលទ្ធិ ការរៀបចំ និង កូនសោ​នៃ​សិទ្ធិអំណាច​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។ យើង​ត្រូវ​មាន​សាក្សី​មួយ​ប្រាប់​យើង​ថា ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវបាន​ជ្រើសរើស ហើយ​តែងតាំង​ដោយ​ព្រះអម្ចាស់ ដើម្បី​នាំ​ឲ្យ​មាន​ការស្ដារឡើងវិញ ហើយ​ត្រូវ​ទទួលស្គាល់​ថា​លោក​បាន​រៀបចំ​ស្ត្រី​ក្នុង​សាសនាចក្រ​ឲ្យ​ដូច​នឹង​សាសនាចក្រ​ព្រះគ្រីស្ទ​កាល​ពី​បូរាណ ។

ទី​បី យើង​ត្រូវ​សិក្សា ហើយ​យល់​អំពី​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង សេចក្ដីសញ្ញា​នានា ។ ព្រះវិហារបរិសុទ្ធ​មាន​តួនាទី​យ៉ាង​សំខាន់​ដល់​ជំនឿ​ដ៏​ពិសិដ្ឋ​របស់​យើង ហើយ​ព្រះអម្ចាស់​ស្នើ​ឲ្យ​យើង​ទៅ សញ្ជឹង​គិត សិក្សា ហើយ​ស្វែងរក​អត្ថន័យ​ផ្ទាល់ខ្លួន និង ការអនុវត្ត​ដោយ​ខ្លួន​ឯង ។ យើង​នឹង​យល់​ថា​ តាមរយៈ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ព្រះចេស្ដា​នៃ​ព្រះ​មាន​ក្នុង​ជីវិត​យើង ហើយ​ដោយ​ព្រោះ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ នោះ​យើង​អាច​បំពាក់​ដោយ​ព្រះចេស្ដា​ព្រះ និង​ព្រះ​នាម​ទ្រង់​មក​លើ​យើង សិរីល្អ​មាន​ជុំវិញ​យើង ហើយ​ទេវតា​ទ្រង់​នៅ​ថែរក្សា​យើង ។ ខ្ញុំ​ឆ្ងល់​ថាតើ​យើង​ពឹងផ្អែក​លើ​អំណាច​នៃ​ការសន្យា​នោះ​ដែរ​ឬ​ទេ ។

បងប្អូនស្រី​អើយ ទោះជា​អ្នក​មាន​អាយុ​ក្មេង​ជាង​គេ​នៅ​ទី​នេះ​ក្ដី ក៏​អ្នក​អាច​ក្រោក​ឡើង​ក្នុង​សេចក្ដីជំនឿ ហើយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការស្ថាបនា​នគរ​ព្រះ​ដែរ ។ កុមារ​ចាប់ផ្ដើម​បង្កើន​ទីបន្ទាល់​របស់​ខ្លួន​ដោយ​ការអាន ឬ ការស្ដាប់​ព្រះគម្ពីរ ការអធិស្ឋាន​រាល់​ថ្ងៃ ហើយ​ទទួលទាន​សាក្រាម៉ង់​តាម​របៀប​ដ៏​មាន​អត្ថន័យ ។ កុមារ និង យុវនារី​ទាំងអស់​អាច​លើកទឹកចិត្ត​ឲ្យ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង ធ្វើ​ជា​អ្នក​រួមចំណែក​ពេញលេញ ។ អ្នក​អាច​ធ្វើ​ជា​មនុស្ស​ដំបូង​ដែល​លុតជង្គង់​នៅ​ពេល​គ្រួសារ​ប្រជុំ​គ្នា​អធិស្ឋាន ។ ទោះជា​គ្រួសារ​របស់​អ្នក​មិន​ល្អ​ឥតខ្ចោះ​ក្ដី គំរូ​របស់​អ្នក​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​យ៉ាង​ស្មោះត្រង់ អាច​មាន​ឥទ្ធិពល​លើ​ជីវិត​គ្រួសារ និង មិត្តភក្ដិ​របស់​អ្នក ។

យុវនារី​ក្នុង​សាសនាចក្រ​ត្រូវ​ចាត់ទុក​ខ្លួន​គេ​ជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​កិច្ចការ​នៃ​ការសង្គ្រោះ​ដែល​ដឹកនាំ​ដោយ​បព្វជិតភាព ដោយ​មិន​គ្រាន់តែ​ធ្វើ​ជា​អ្នក​ឈរ​មើល និង អ្នក​គាំទ្រ​ឡើយ ។ អ្នក​មាន​ការហៅ​បម្រើ ហើយ​ត្រូវបាន​ញែក​ចេញ​ដោយ​អ្នក​កាន់​កូនសោ​បព្វជិតភាព ដើម្បី​កាន់តំណែង​ជា​អ្នក​ដឹកនាំ​ដែល​មាន​អំណាច និង សិទ្ធិអំណាច​ក្នុង​កិច្ចការ​នេះ ។ ពេល​អ្នក​តម្កើង​ការហៅ​របស់​អ្នក​ក្នុង​គណៈប្រធាន​ថ្នាក់ ហើយ​ត្រៀមខ្លួន​ខាង​វិញ្ញាណ ប្រឹក្សា​ជាមួយ​គ្នា ជួយ​សមាជិក​ក្នុង​ថ្នាក់ ហើយ​បង្រៀន​ដំណឹងល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​អ្នក​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ ហើយ​ទាំង​អ្នក និង មនុស្ស​ដែល​អ្នក​បម្រើ​នឹង​មាន​ពរ ។

ស្ត្រី​ទាំងអស់​ត្រូវ​ចាត់ទុក​ខ្លួនឯង​ជា​អ្នក​រួមចំណែក​ដ៏​សំខាន់​ក្នុង​កិច្ចការ​បព្វជិតភាព ។ ស្ត្រី​ក្នុង​សាសនាចក្រ​នេះ​គឺ​ជា​ប្រធាន ទីប្រឹក្សា គ្រូបង្រៀន សមាជិក​ក្រុមប្រឹក្សា បងប្អូនស្រី និង ម្ដាយ ហើយ​នគរ​ព្រះ​មិន​អាច​ដំណើរការ​បាន​ទេ លុះត្រា​តែ​យើង​ក្រោក​ឡើង ហើយ​បំពេញ​ករណីយកិច្ច​ដោយ​ក្ដីជំនឿ ។ ពេល​ខ្លះ យើង​ត្រូវ​មាន​ទស្សនៈកាន់តែ​ច្បាស់​អំពី​អ្វី​ដែល​អាច​កើត​មាន ។

បងស្រី​ម៉ាលដូណាដូ ជាមួយ​នឹង​ស៊ីស្ទើរ អូស្កាសុន

ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​នឹង​បងស្រី​ម្នាក់​នៅ​ប្រទេស​ម៉ិកស៊ិក ដែល​យល់​អត្ថន័យ​នៃ​ការតម្កើង​ការហៅ​របស់​គាត់​ដោយសេច​ក្ដី​ជំនឿ ។ ម៉ាហ្វីស្សា ម៉ាលដូណាដូ ត្រូវបាន​ហៅ​ឲ្យ​បង្រៀន​ថ្នាក់​សាលាថ្ងៃអាទិត្យ​ស​ម្រាប់​យុវវ័យ​កាល​ពី​បី​ឆ្នាំ​មុន ។ គាត់​មាន​សិស្ស​នៅ​ក្នុង​ថ្នាក់ ៧​នាក់ ប៉ុន្តែ​ឥឡូវ​នេះ​គាត់​មាន​សិស្ស ២០​នាក់ ។ ខ្ញុំ​បាន​សួរ​គាត់​ដោយ​ងឿងឆ្ងល់ ថាតើ​គាត់​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​ចំនួន​សិស្ស​កើនឡើង ។ គាត់​ឆ្លើយ​យ៉ាង​សុភាព​ថា « មិន​មែន​ខ្ញុំ​តែ​ម្នាក់​ទេ ។ សិស្ស​ទាំងអស់​បាន​ជួយ​កិច្ចការ​នេះ » ។ ពួកគេ​បាន​មើល​ក្នុង​បញ្ជី​ឈ្មោះ​សិស្ស​មិន​សូវ​សកម្ម ហើយ​ចាប់ផ្ដើម​ចេញ​ទៅ​ទាំងអស់​គ្នា​ដើម្បី​អញ្ជើញ​ពួកគេ​ត្រឡប់​មក​វិញ ។ ដោយសារតែ​ការប្រឹងប្រែង​នេះ ពួកគេ​ក៏​បាន​ធ្វើ​បុណ្យជ្រមុជទឹក​ដែរ ។

ប្រធានថ្នាក់សាលាថ្ងៃអាទិត្យ​នៅ​ប្រទេស​ម៉ិចស៊ិក

បងស្រី ម៉ាលដូណាដូ បាន​បង្កើត​ទំព័រ​ក្នុង​បណ្ដាញ​សង្គម​សម្រាប់​សិស្ស​ក្នុង​ថ្នាក់​គាត់​ឈ្មោះ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ហើយ​គាត់​ចុះផ្សាយ​គំនិត​ខាង​វិញ្ញាណ និង បទគម្ពីរ​បី​បួន​ដង​ក្នុង​មួយ​សប្ដាហ៍ ។ គាត់​តែង​ផ្ញើ​សារ​ទៅ​សិស្ស​គាត់​ដោយ​មាន​លំហាត់ និង ការលើកទឹកចិត្ត ។ គាត់​ដឹង​ថា វា​សំខាន់​ដែល​ត្រូវ​ទាក់ទង​តាមរបៀប​ដែល​ពួកគេ​ចូលចិត្ត ហើយ​វា​ដំណើរការ​ល្អ ។ គាត់​ប្រាប់​ខ្ញុំ​ដោយ​សាមញ្ញ​ថា « ខ្ញុំ​ស្រឡាញ់​សិស្ស​របស់​ខ្ញុំ » ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​ក្ដីស្រឡាញ់​នោះ ពេល​គាត់​ប្រាប់​ខ្ញុំ​អំពី​ការប្រឹងប្រែង​របស់​ពួកគេ និង គំរូ​របស់​គាត់ ហើយ​វា​បាន​រំឭក​ខ្ញុំ​អំពី​អ្វី​ដែល​បុគ្គល​ដែល​មាន​ក្ដីជំនឿ និង សកម្មភាព​អាច​សម្រេច​ក្នុង​កិច្ចការ​នេះ​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ។

យុវវ័យ​យើង​ជួប​ប្រទះ​សំណួរ​ពិបាកៗ​រាល់​ថ្ងៃ ហើយ​យើង​ភាគ​ច្រើន​មាន​មនុស្ស​ជា​ទីស្រឡាញ់​ដែល​មាន​ការលំបាក​ក្នុង​ការស្វែងរក​ចម្លើយ ។ រឿង​ល្អ​នោះ​គឺ​ថា មាន ចម្លើយ​សម្រាប់​សំណួរ​ដែល​បាន​សួរ ។ ចូរ​ស្ដាប់​សារលិខិត​ថ្មីៗ​ពី​ថ្នាក់​ដឹកនាំ ។ យើង​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​សិក្សា ហើយ​យល់​ផែនការ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​យើង ។ យើង​ត្រូវបាន​រំឭក​អំពី​គោលការណ៍​នានា​ក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ ។ យើង​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​បង្រៀន ហើយ​ប្រើប្រាស់​ធនធាន​នានា ទុកជា​បន្ទាត់​ការពារ​យើង​នៅ​លើ​ផ្លូវតូច និង ចង្អៀត ។

ប្រហែល​មួយ​ឆ្នាំ​មុន ខ្ញុំ​បាន​ជួប​នឹង​ម្ដាយ​​ម្នាក់​មាន​កូន​តូចៗ ដែល​បាន​សម្រេច​រើស​យក​វិធី​ដ៏​សកម្ម​មួយ​ដើម្បី​ការពារ​កូនៗ​នាង​ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​មិន​ល្អ​ជា​ច្រើន ដែល​មាន​នៅ​អ៊ិនធើរណែត និងនៅ​ឯ​សាលា ។ រាល់​សប្ដាហ៍​នាង​រើស​យក​ប្រធានបទ​មួយ ជា​រឿយៗ​ជា​ប្រធានបទ​ដែល​បង្កើត​ឲ្យ​មាន​ការពិភាក្សា​ច្រើន​លើ​អ៊ិនធើរណែត ហើយ​នាង​បង្កើត​ឲ្យ​មាន​ការពិភាក្សា​ដ៏​មាន​អត្ថន័យ​រៀង​រាល់​ថ្ងៃ ជា​ពេល​ដែល​កូនៗ​នាង​អាច​សួរ​សំណួរ ហើយ​នាង​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​ទទួល​បាន​ទស្សនៈ​ស្មើភាព​មួយ​លើ​បញ្ហា​លំបាក​ជា​ញឹកញាប់ ។ នាង​បាន​ធ្វើ​ឲ្យ​ផ្ទះ​នាង​ក្លាយ​ជា​ទី​សុវត្ថិភាព​ដើម្បី​សួរ​សំណួរ ហើយ​បង្រៀន​ដំណឹងល្អ​ដ៏​មាន​អត្ថន័យ ។

ខ្ញុំ​បារម្ភ​ថា ​យើង​រស់នៅ​ក្នុង​បរិយាកាស​មួយ​ដែល​មិន​ចង់​ឲ្យ​គេ​អន់ចិត្ត ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​មិន​ចង់​បង្រៀន​គោលការណ៍​ពិត ។ យើង​ខកខាន​បង្រៀន​យុវនារី​យើង​ថា ការត្រៀមខ្លួន​ធ្វើ​ជា​ម្ដាយ​គឺ​ជា​រឿង​សំខាន់ ព្រោះ​យើង​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​រៀបការ​អន់​ចិត្ត អ្នក​ដែល​មិន​អាច​មាន​កូន​បាន ឬ ចាត់ទុក​ថា​ការណ៍​នេះ​ជា​រឿង​តឹងតែង​សម្រាប់​ជម្រើស​ពេល​អនាគត ។ ម្យ៉ាង​ទៀត យើង​ក៏​អាច​ខកខាន​ក្នុង​ការគូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអប់រំ ព្រោះ​យើង​មិន​ចង់​ផ្ញើ​សារ​ដែល​ថា​វា​សំខាន់​ជាង​ការរៀបការ ។ យើង​មិន​ចង់​ប្រកាស​ថា ព្រះវរបិតាសួគ៌​កំណត់​អាពាហ៍ពិពាហ៍​ថា ជា​រវាង​បុរស និង ស្ត្រី​ទេ ព្រោះ​យើង​មិន​ចង់​ធ្វើ​ឲ្យ​មនុស្ស​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​អន់​ចិត្ត ។ យើង​អាច​មាន​អារម្មណ៍​មិន​ល្អ​ពេល​ពិភាក្សា​អំពី​បញ្ហា​តួនាទី​ភេទ ឬ ជីវិត​ផ្លូវ​ភេទ​រឹងមាំ ។

ប្រាកដណាស់ បងប្អូនស្រី​អើយ យើង​ត្រូវ​ប្រើ​ញាណ​ឆាប់​ស្គាល់​របស់​យើង តែ​ក៏​ប្រើ​ការវិនិច្ឆ័យ​ល្អ និង ការយល់ដឹង​របស់​យើង​អំពី​ផែនការ​សង្គ្រោះ​ដែរ ដើម្បី​ឲ្យ​បាន​ម៉ឺងម៉ាត់ ហើយ​មិន​ស្មុគស្មាញ នៅ​ពេល​យើង​បង្រៀន​កូនៗ និង យុវវ័យ​យើង​អំពី​គោលការណ៍​ដំណឹងល្អ​ចាំបាច់ ដែល​ពួកគេ​ត្រូវតែ​យល់​ដើម្បី​តម្រង់​ទិសដៅ​ពិភពលោក​ដែល​ពួកគេ​រស់នៅ ។ បើ​យើង​មិន​បង្រៀន​កូនៗ និង យុវវ័យ​យើង​អំពី​គោលលទ្ធិ​ពិត—ឲ្យ​បាន​ច្បាស់លាស់​ទេ—នោះ​លោកិយ​នឹង​បង្រៀន​ពួកគេ​អំពី​ការកុហក​របស់​សាតាំង ។

ខ្ញុំ​ស្រឡាញ់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខ្ញុំ​មាន​អំណរគុណ​អស់កល្ប​ជានិច្ច​ចំពោះ​ទិសដៅ អំណាច និង ជំនួយ​ដែល​ខ្ញុំ​ទទួលបាន​រាល់​ថ្ងៃ​ក្នុង​នាម​ជា​បុត្រី​ក្នុង​ក្ដីសញ្ញា​នៃ​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​ប្រទានពរ​យើង ជា​ស្ត្រី​រស់នៅ​ក្នុង​គ្រា​លំបាក​ណាស់ ដោយ​មាន​គ្រប់​ទាំង​អំណាច អំណោយទាន និង​ភាពរឹងមាំ​ចាំបាច់​ដើម្បី​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​មើល​ឃើញ​សក្ដានុពល​ពិត​របស់​យើង ហើយ​ក្រោក​ឡើង​ធ្វើ​ជា​ស្ត្រី​ដែល​មាន​ក្ដីជំនឿ និង​ភាពក្លាហាន​ដែល​ព្រះវរបិតាសួគ៌​យើង​សព្វព្រះទ័យ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។