បំណងប្រាថ្នាដ៏ស្មោះរបស់ព្រលឹង
គ្រប់គ្រានៃការអធិស្ឋានដ៏មានតម្លៃអាចជាពេលដ៏បរិសុទ្ធដែលបានចំណាយនឹងព្រះវរបិតាយើង ក្នុងព្រះនាមនៃព្រះបុត្រា តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
នៅក្នុងឧបសគ្គនៃជីវិតរមែងស្លាប់ យើងពុំដែលទុកឲ្យនៅតែឯងដើម្បីសម្រេចកិច្ចការរបស់យើង ដើម្បីតតាំងនឹងចម្បាំងរបស់យើង ដើម្បីប្រឈមនឹងមារសត្រូវ ឬសំណួរដែលគ្មានចម្លើយឡើយ ។ ព្រះយេស៊ូវគ្រីស្ទបានបង្រៀននូវរឿងប្រៀបប្រដូចមួយ « ថាត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ » ។ ទ្រង់បានមានបន្ទូលពីចៅក្រមម្នាក់ដែលមិនគោរពព្រះ ហើយមិនខ្វល់ខ្វាយចំពោះមនុស្សដទៃទៀត ។ មានស្ត្រីមេម៉ាយម្នាក់បានមករកគាត់ម្តងហើយម្តងទៀត សូមរកយុត្តិធម៌ទាស់នឹងមារសត្រូវរបស់នាង ។ អស់មួយរយៈមក ចៅក្រមនោះពុំបានធ្វើឲ្យគាត់ស្កប់ចិត្តឡើយ ។ ប៉ុន្តែជាលទ្ធផលនៃការសូមដ៏ស្មោះត្រង់ខ្ជាប់ខ្ជួនរបស់នាង នៅទីបំផុតចៅក្រមនោះបានគិត « គង់តែយើងនឹងជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តយើងខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យយើងពិបាកចិត្តទៅទៀត » ។
បន្ទាប់មកព្រះយេស៊ូវបានពន្យល់ថា ៖
« ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី … ?
ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន » ។
រួចហើយព្រះអម្ចាស់បានសួរសំណួរនេះថា ៖ « ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច ? »
ការអធិស្ឋានគឺជាកត្តាដ៏ចាំបាច់ចំពោះការអភិវឌ្ឍសេចក្ដីជំនឿ ។ ពេលព្រះអម្ចាស់យាងមកម្ដងទៀត តើទ្រង់នឹងរកប្រជាជនដែលស្គាល់របៀបអធិស្ឋានដោយសេចក្ដីជំនឿ ហើយបានរៀបចំខ្លួនទទួលសេចក្ដីសង្គ្រោះឬ ? « ហើយគ្រប់គ្នា គឺអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ » ។ យើងគឺជាកូនចៅរបស់ព្រះវរបិតាសួគ៌ ហើយយើងអាចរីករាយនឹងការទាក់ទងដោយផ្ទាល់ជាមួយទ្រង់ កាលយើងអធិស្ឋាន« ដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ » រួចហើយធ្វើតាមចម្លើយដែលយើងបានទទួលដោយការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ យើងអធិស្ឋាន យើងស្ដាប់ ហើយយើងគោរពប្រតិបត្តិតាមដោយសេចក្ដីជំនឿ ដើម្បីយើងអាចរៀនរួបរួមនឹងព្រះវរបិតា និងព្រះរាជបុត្រា ។
ការអធិស្ឋាននៃសេចក្ដីជំនឿបើកផ្លូវដើម្បីទទួលបានពរជ័យដ៏រុងរឿងពីស្ថានសួគ៌ ។ ព្រះអង្គសង្គ្រោះបានបង្រៀន ៖
« ចូរសុំនោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ៖
ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរកនោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ » ។
បើយើងចង់ទទួលបានពរជ័យ នោះយើងត្រូវសូម រក ហើយគោះ ។ នៅក្នុងការស្វែងរកសេចក្ដីពិតរបស់លោក យ៉ូសែប ស្ម៊ីធបានអានចេញពីបទគម្ពីរថា « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ » ។ ជាការឆ្លើយតបទៅការអធិស្ឋានដោយសេចក្ដីជំនឿរបស់លោក ស្ថានសួគ៌ត្រូវបានបើកឡើង ។ ព្រះវរបិតា និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ បានយាងចុះមកក្នុងសិរីល្អ ហើយមានបន្ទូលទៅយ៉ូសែប ស្ម៊ីធ ដែលជាការចាប់ផ្ដើមនៃគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ ។ ចំពោះយើង ការព្យាបាលប្រកបដោយអព្ភូតហេតុ ការការពារដ៏មានឥទ្ធិពល ចំណេះដឹងនៃព្រះ ការអភ័យទោសដ៏ប្រោសលោះ និងភាពសុខសាន្តដ៏មានតម្លៃគឺស្ថិតនៅក្នុងចម្លើយដែលកើតមានចំពោះយើង នៅពេលយើងថ្វាយ « បំណងប្រាថ្នាដ៏ស្មោះរបស់យើង » ដោយសេចក្ដីជំនឿ ។
យើងអធិស្ឋានទៅព្រះវរបិតាយើង នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះយើងយាងសមាជិកទាំងបីអង្គនៃក្រុមព្រះមកក្នុងការអធិស្ឋានរបស់យើង ។
យើងអធិស្ឋានទៅព្រះវរបិតាសួគ៌ និងទៅទ្រង់តែមួយអង្គគត់ ដោយសារទ្រង់គឺជា « ព្រះមួយអង្គគង់នៅលើស្ថានសួគ៌ ដែលនៅជានិរន្តរ៍ និងអស់កល្បជានិច្ច គឺពីអស់កល្បទៅអស់កល្បជានិច្ច … ជាអ្នកបង្កើតផ្ទៃមេឃ និងផែនដី និងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង » ។ ក្នុងនាមជាព្រះដ៏បង្កបង្កើតរបស់យើង ទ្រង់បានប្រទានបទបញ្ញត្តិថា យើង « ស្រឡាញ់ ហើយបម្រើទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ និងពិតតែមួយ ហើយថាទ្រង់ជាព្រះអង្គមួយគត់ ដែល[ យើង ]គប្បីថ្វាយបង្គំ » ។
នៅពេលបងប្អូនអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ដោយសេចក្ដីជំនឿ « នោះទ្រង់នឹងលួងលោមដល់[ បងប្អូន ] ក្នុងគ្រាដែល[ បងប្អូន ]មានទុក្ខលំបាក … [ ហើយបងប្អូនអាច ] ទទួលទាននូវសេចក្ដីស្រឡាញ់របស់ទ្រង់ » ។ ប្រធាន ហិនរី ប៊ី អាវរិង បានចែកចាយថា ការអធិស្ឋានរបស់ឪពុកលោក កាលគាត់មានជំងឺមហារីកបានបង្រៀនលោកនូវទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅរវាងព្រះ និងកូនចៅរបស់ទ្រង់ ។
« កាលការឈឺចាប់មានកាន់តែខ្លាំងឡើង យើងបានឃើញគាត់លុតជង្គង់ចុះនៅក្បែរគ្រែរបស់គាត់ ។ គាត់មិនអាចក្រោកឡើងទៅលើគ្រែវិញបានឡើយ ។ គាត់បានប្រាប់យើងថា គាត់បានអធិស្ឋានទូលសួរទៅព្រះវរបិតាសួគ៌ថា ហេតុអ្វីបានជាគាត់ត្រូវរងទុក្ខខ្លាំងបែបនេះ ពីព្រោះគាត់បានព្យាយាមធ្វើល្អជានិច្ច ។ គាត់បានពោលថា ចម្លើយដ៏សប្បុរសមួយបានឆ្លើយតបថា ៖ ‹ ព្រះត្រូវការពួកបុត្រាដែលក្លាហាន › ។
« ហេតុដូច្នេះហើយ គាត់បានស៊ូទ្រាំដល់ទីបំផុត ដោយទុកចិត្តថា ព្រះស្រឡាញ់គាត់ ស្ដាប់គាត់ ហើយនឹងលើកគាត់ឡើង ។ គាត់មានពរដោយបានដឹងជាមុន ហើយមិនភ្លេចថា ព្រះដ៏ជាទីស្រឡាញ់មួយអង្គគឺ គង់នៅក្បែរប្រៀបបាននឹងការអធិស្ឋានដែរ » ។
យើងអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ដោយសារសេចក្ដីសង្គ្រោះរបស់យើងពឹងផ្អែកលើព្រះគ្រីស្ទ ហើយ« នៅក្រោមមេឃ គ្មាននាមណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ » ។ យើងមករកព្រះវរបិតានៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់គឺជាព្រះគាំទ្ររបស់យើងជាមួយនឹងព្រះវរបិតា ហើយទ្រង់ពិតជាជួយទូលអង្វរជំនួសយើង ។ ទ្រង់បានរងទុក្ខ ហូរលោហិត ហើយសុគតដើម្បីឲ្យព្រះវរបិតាទ្រង់បានសិរីល្អ ហើយការទូលអង្វរដ៏មានក្ដីមេត្តារបស់ទ្រង់សម្រាប់យើង បើកផ្លូវឲ្យយើងម្នាក់ៗទទួលបានភាពសុខសាន្តនៅក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនាពេលខាងមុខ ។ ទ្រង់មិនចង់ឲ្យយើងរងទុក្ខយូរ ឬស៊ូទ្រាំនឹងការសាកល្បងច្រើនជាងអ្វីដែលចាំបាច់ឡើយ ។ ទ្រង់សព្វព្រះទ័យឲ្យយើងងាកទៅរកទ្រង់ ហើយអនុញ្ញាតឲ្យទ្រង់សម្រាលបន្ទុករបស់យើង ព្យាបាលដួងចិត្តយើង ហើយសម្អាតព្រលឹងយើងតាមរយៈព្រះចេស្ដាធ្វើឲ្យបរិសុទ្ធរបស់ទ្រង់ ។ យើងមិនចង់ប្រើព្រះនាមទ្រង់ជាអសារឥតការជាមួយនឹងពាក្យដែលទន្ទេញចាំ ហើយដដែលៗនោះឡើយ ។ ការអធិស្ឋានស្មោះសរដែលបានធ្វើឡើងនៅក្នុងព្រះនាមដ៏បរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទគឺជាការបង្ហាញមួយពីសេចក្ដីស្រឡាញ់ដែលមានការលះបង់ ការដឹងគុណដ៏អស់កល្ប និងបំណងប្រាថ្នាដ៏ខ្ជាប់ខ្ជួនរបស់យើងដើម្បីអធិស្ឋានដូចដែលទ្រង់បានអធិស្ឋាន ធ្វើដូចជាទ្រង់បានធ្វើ ហើយប្រែក្លាយដូចជាទ្រង់។
យើងអធិស្ឋានដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដោយសារ « អ្នកណាដែលសូមដោយនូវព្រះវិញ្ញាណ នោះសូមតាមព្រះហឫទ័យរបស់ព្រះ » ។ ពេលយើងអធិស្ឋានដោយសេចក្ដីជំនឿ នោះព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំគំនិតយើង ដើម្បីឲ្យពាក្យសម្ដីយើងសមស្របតាមព្រះទ័យរបស់ព្រះ ។ « ចូរកុំសូមនូវអ្វីៗដែលអ្នករាល់គ្នាអាចយកមកបម្រើការសម្រើបរបស់អ្នកឡើយ ប៉ុន្តែចូរសូមដោយភាពរឹងប៉ឹង មិនវេរវៀរ ដើម្បីកុំឲ្យអ្នកបណ្ដោយទៅតាមសេចក្ដីល្បួង ប៉ុន្តែដើម្បីឲ្យអ្នករាល់គ្នាបម្រើព្រះដ៏ពិត និងដ៏មានព្រះជន្មរស់វិញ » ។
« កាលដែលយើងនឹងស្គាល់របៀបអធិស្ឋានវាជារឿងសំខាន់ ប៉ុន្តែកាលដែលយើងស្គាល់ពី របៀបទទួលចម្លើយចំពោះការអធិស្ឋានរបស់យើង ដើម្បីដឹង ដើម្បីស្គាល់ ដើម្បីអាចមើលឃើញយ៉ាងច្បាស់ ហើយយល់នូវចេតនាដ៏ច្បាស់ពីព្រះទ័យ និងព្រះរាជបំណងរបស់ព្រះសម្រាប់យើងក៏ជារឿងដ៏សំខាន់ដែរ » ។
ប្រធាន អាវរិង បានចែកចាយថា ៖ « ខ្ញុំធ្លាប់ទទួលចម្លើយច្រើនចំពោះការអធិស្ឋាន ។ ចម្លើយទាំងនោះមានភាពច្បាស់ នៅពេលអ្វីដែលខ្ញុំចង់បានស្ងាត់បាត់ទៅដោយសេចក្ដីត្រូវការដ៏លើសលុបដើម្បី ដឹងនូវអ្វីដែលព្រះសព្វព្រះទ័យ ។ នៅពេលនោះហើយដែលចម្លើយមកពីព្រះវរបិតាសួគ៌អាចចាក់ចូលទៅក្នុងគំនិតតាមរយៈសំឡេងដ៏តូចរហៀង ហើយអាចចារនៅក្នុងដួងចិត្តបាន » ។
កាលព្រះអង្គសង្គ្រោះយាងចូលទៅក្នុងសួនច្បារគែតសេម៉ានី ព្រលឹងទ្រង់មានភាពសោកសៅយ៉ាងខ្លាំងស្ទើនឹងសុគត ។ ដោយការឈឺចាប់របស់ទ្រង់ មានតែអង្គម្នាក់គត់ដែលទ្រង់បានងាកទៅរកគឺព្រះវរបិតាទ្រង់ ។ ទ្រង់បានទូលអង្វរថា « បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ » ។ ប៉ុន្តែទ្រង់បានបន្ថែមថា « ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ។ ទោះបីជាទ្រង់គ្មានអំពើបាបក្ដី ក៏ព្រះអង្គសង្គ្រោះត្រូវបានហៅឲ្យ« រងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » រួមទាំងជំងឺ និងភាពទន់ខ្សោយទាំងឡាយរបស់រាស្ត្រទ្រង់ ។ « [ ទ្រង់ ] រងឈឺចាប់ ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចយកដាក់លើរូបអង្គទ្រង់នូវអំពើបាបទាំងឡាយរបស់រាស្ត្រទ្រង់ ដើម្បីទ្រង់អាចលុបចោលនូវអំពើរំលងទាំងឡាយរបស់គេ ស្របតាមព្រះចេស្ដានៃការដោះលែងរបស់ទ្រង់ » ។ ទ្រង់បានអធិស្ឋានបីដងថា « ព្រះវរបិតាអើយ សូមឲ្យព្រះទ័យរបស់ព្រះអង្គបានសម្រេច » ។ ពែងនោះពុំបានដកចេញឡើយ ។ នៅក្នុងការអធិស្ឋានដ៏ស្មោះត្រង់រាបសា ទ្រង់បានទទួលកម្លាំងដើម្បីឆ្ពោះទៅមុខ ហើយបំពេញបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ដើម្បីរៀបចំសម្រាប់សេចក្ដីសង្គ្រោះរបស់យើង ដើម្បីយើងអាចប្រែចិត្ត ជឿ គោរពតាម ហើយទទួលបានពរជ័យនៃភាពអស់កល្បជានិច្ច ។
ចម្លើយដែលយើងបានទទួលក្នុងការអធិស្ឋានប្រហែលពុំមែនជាអ្វីដែលយើងប្រាថ្នាចង់បានឡើយ ។ ប៉ុន្តែនៅគ្រាដ៏លំបាក ការអធិស្ឋានរបស់យើងក្លាយជាការគាំទ្រមួយនៃសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ ។ នៅក្នុងការទូលអង្វររបស់យើង យើងអាចទទួលបានកម្លាំងដើម្បីដើរឆ្ពោះទៅមុខ ហើយបំពេញអ្វីទាំងអស់ដែលយើងត្រូវបានតែងតាំងឲ្យធ្វើ ។ ព្រះអម្ចាស់មានបន្ទូលទៅពួកបរិសុទ្ធរបស់ទ្រង់ដែលកំពុងរស់នៅក្នុងគ្រាដ៏លំបាកថា « ចូរឲ្យចិត្តអ្នកបានក្សាន្ត … ដ្បិតសាច់ឈាមទាំងអស់នៅក្នុងព្រះហស្តរបស់យើងហើយ ចូរបង្អង់សិន ឲ្យបានដឹងថាយើងជាព្រះ » ។
មិនថាការអធិស្ឋានរបស់យើងធ្វើឡើងជាលក្ខណៈផ្ទាល់ខ្លួន ជាគ្រួសារ នៅឯព្រះវិហារ ឬ ក្នុងព្រះវិហារបរិសុទ្ធ ឬនៅទីណាដែលយើងរស់នៅ មិនថាយើងអធិស្ឋានដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ទូលសូមការអភ័យទោស ស្វែងរកប្រាជ្ញាពីសួគ៌ា ឬទទួលបានកម្លាំងដើម្បីស៊ូទ្រាំបែបណានោះទេ យើងអធិស្ឋាន ជានិច្ច ដោយអស់ពីចិត្ត នឹងគិតដល់ព្រះជានិច្ចសម្រាប់សុខុមាលភាពរបស់យើង និងមនុស្សដែលនៅជុំវិញយើង ។ បំណងប្រាថ្នាស្មោះត្រង់ផ្ដល់នូវវិញ្ញាណនៃការដឹងគុណសម្រាប់ពរជ័យដ៏ច្រើនលើសលុប និងសម្រាប់មេរៀនជីវិតចារជាប់ក្នុងចិត្តយើងនូវសេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួនទៅលើព្រះគ្រីស្ទ « សេចក្ដីសង្ឃឹមដ៏ភ្លឺស្វាង និងសេចក្ដីស្រឡាញ់របស់ព្រះ និងមនុស្សទាំងអស់ » ។
ការអធិស្ឋានគឺជាអំណោយទានពីព្រះ ។ យើងមិនត្រូវមានអារម្មណ៍វង្វេង ឬ ឯកោឡើយ ។ គ្រប់គ្រានៃការអធិស្ឋានដ៏មានតម្លៃអាចជាពេលដ៏បរិសុទ្ធដែលបានចំណាយនឹងព្រះវរបិតាយើង ក្នុងព្រះនាមនៃព្រះបុត្រា តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។