គ្មានសេចក្តីអំណរណាដែលធំជាងការដឹងថា ពួកគេដឹងនោះឡើយ
ខ្ញុំមិនដឹងថាមានអ្វីក្នុងលោកនេះដែលអាចនាំមកនូវសុភមង្គល និងអំណរជាងការដឹងថាកូនៗរបស់យើងស្គាល់ព្រះអង្គសង្គ្រោះនោះទេ ។
បងប្អូនប្រុសស្រី ថ្មីៗនេះខ្ញុំបានពិចារណាសំណួរនេះ ៖ « ប្រសិនបើអ្វីដែលកូនៗរបស់អ្នកបានដឹងអំពីដំណឹងល្អដោយសារអ្នក—ជាប្រភពតែមួយគត់របស់ពួកគេ—តើពួកគេនឹងបានដឹងច្រើនប៉ុណ្ណា ? សំណួរនេះអនុវត្តចំពោះអស់អ្នកដែលស្រឡាញ់ អ្នកប្រៀនប្រដៅ និងមានឥទ្ធិពលលើកុមារតូចៗ ។
តើមានអំណោយអស្ចារ្យណាដែលយើងអាចចែកដល់កូនៗរបស់យើងជាងការចងចាំដែលដក់ជ្រៅក្នុងដួងចិត្តពួកគេថា យើងដឹងថាព្រះអង្គប្រោសលោះរបស់យើងមានព្រះជន្មរស់ឬទេ ? តើពួកគេដឹងថាយើងដឹងឬទេ ? ហើយសំខាន់ជាងនោះ តើពួកគេបានស្គាល់ដោយខ្លួនឯងថាទ្រង់មានព្រះជន្មរស់ឬទេ ?
កាលខ្ញុំនៅក្មេង ខ្ញុំជាកូនដែលពិបាកចិញ្ចឹមបំផុត ។ ខ្ញុំមានថាមពលខ្លាំងពេក ។ ម្ដាយខ្ញុំប្រាប់ខ្ញុំថា ការភ័យបំផុតរបស់គាត់គឺថា ខ្ញុំនឹងមិនអាចរស់នៅដល់ធំបាន ។ ខ្ញុំរពឹសពេក ។
ខ្ញុំចាំថាកាលពីក្មេងពេលអង្គុយ ក្នុងការប្រជុំសាក្រាម៉ង់មួយជាមួយគ្រួសារយើង ។ ម្ដាយខ្ញុំទើបទទួលបានព្រះគម្ពីរថ្មីមួយឈុត ។ គម្ពីរថ្មីនេះមានបញ្ចូលនូវគម្ពីរទាំងអស់ក្នុងកម្រងព្រះគម្ពីរតែមួយ ហើយនៅផ្នែកកណ្ដាលមានក្រដាសមានបន្ទាត់សម្រាប់កត់ចំណាំ ។
អំឡុងការប្រជុំ ខ្ញុំបានសុំកាន់គម្ពីររបស់គាត់ ។ ដោយសង្ឃឹមថាខ្ញុំនឹងមានគារវភាព នោះគាត់បានហុចវាមកខ្ញុំ ។ នៅពេលខ្ញុំមើលគម្ពីររបស់គាត់ ខ្ញុំកត់សម្គាល់ឃើញថា គាត់បានសរសេរគោលដៅផ្ទាល់ខ្លួនក្នុងផ្នែកកត់ចំណាំ ។ ដើម្បីផ្ដល់រឿងលម្អិតអំពីគោលដៅគាត់ ខ្ញុំត្រូវប្រាប់អ្នកថា ខ្ញុំជាកូនទីពីរនៃបងប្អូនប្រាំមួយនាក់ ហើយខ្ញុំឈ្មោះ ប្រេត ។ ម្ដាយខ្ញុំបានសរសេគោលដៅតែមួយប៉ុណ្ណោះជាពណ៌ក្រហមថា ៖ « អត់ធ្មត់ជាមួយ ប្រេត ! »
ជាភស្ដុតាងបន្ថែមដើម្បីជួយអ្នកឲ្យយល់ពីឧបសគ្គដែលឪពុកម្ដាយខ្ញុំបានមានក្នុងការចិញ្ចឹមគ្រួសារយើង ខ្ញុំសូមប្រាប់អ្នកអំពីការអានគម្ពីរជាគ្រួសាររបស់យើង ។ រាល់ព្រឹក ម្ដាយខ្ញុំអានព្រះគម្ពីរមរមនដល់គ្រួសារយើងអំឡុងពេលអាហារពេលព្រឹក ។ អំឡុងពេលនេះបងប្រុសខ្ញុំ ដេវ និងខ្ញុំនឹងអង្គុយចុះដោយស្ងាត់ស្ងៀម ប៉ុន្តែពុំមានគារវភាពទេ ។ និយាយឲ្យត្រង់ទៅ យើងពុំស្ដាប់ទេ ។ យើងអានអក្សរនៅលើប្រអប់នំ ។
ទីបំផុត នាព្រឹកមួយ ខ្ញុំបានសម្រេចចិត្តថាត្រូវប្រឈមមុខនឹងម្ដាយខ្ញុំ ។ ខ្ញុំបានស្រែកថា « ម៉ាក់ ហេតុអ្វីធ្វើដូចនេះចំពោះពួកយើង ? ហេតុអ្វីម៉ាក់អានគម្ពីរមរមនរាល់ព្រឹក ? » បន្ទាប់មកខ្ញុំបាននិយាយពាក្យដែលខ្ញុំខ្មាសនឹងសារភាព ។ តាមពិត ខ្ញុំមិនជឿថា ខ្ញុំនិយាយវាសោះ ។ ខ្ញុំបានប្រាប់គាត់ថា « ម៉ាក់ ខ្ញុំ មិន ស្ដាប់ទេ ! »
ការតបដោយក្ដីស្រឡាញ់របស់គាត់ គឺជាគ្រាដ៏សំខាន់មួយក្នុងជីវិតរបស់ខ្ញុំ ។ គាត់បានតបថា « កូនប្រុសម្តាយ ម្តាយបាននៅក្នុងការប្រជុំមួយដែលប្រធាន ម៉ារីអន ជី. រ៉ូមនី បានបង្រៀនអំពីពរជ័យនៃការអានព្រះគម្ពីរ ។ អំឡុងការប្រជុំនេះ ម៉ាក់បានទទួលការសន្យាមួយថា ប្រសិនបើម៉ាក់នឹងអានគម្ពីរមរមនដល់កូនៗរាល់ថ្ងៃ នោះម៉ាក់នឹងមិនបាត់បង់កូនៗទេ » ។ បន្ទាប់មក គាត់បានមើលមុខខ្ញុំចំ ហើយបាននិយាយដោយការប្ដេជ្ញាចិត្តទាំងស្រុងថា « ហើយម៉ាក់នឹងមិនបាត់បង់កូនទេ ! »
ពាក្យសម្ដីគាត់បានចាក់ទម្លុះបេះដូងខ្ញុំ ។ ទោះជាខ្ញុំមិនល្អឥតខ្ចោះ តែខ្ញុំមានតម្លៃដើម្បីសង្គ្រោះ ! គាត់បានបង្រៀនខ្ញុំអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ចថា ខ្ញុំជាបុត្រាម្នាក់របស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។ ខ្ញុំបានរៀនថា មិនថាក្នុងស្ថានភាពណាទេ ខ្ញុំមានតម្លៃដើម្បីសង្គ្រោះ ។ នេះគឺជាគ្រាដ៏ល្អឥតខ្ចោះមួយសម្រាប់ក្មេងប្រុសមិនល្អឥតខ្ចោះ ។
ខ្ញុំមានអំណរគុណដ៏អស់កល្បជានិច្ចចំពោះម្ដាយដ៏ល្អដូចទេវតារបស់ខ្ញុំ និងចំពោះទេវតាទាំងអស់ដែលស្រឡាញ់កូនៗយ៉ាងឥតខ្ចោះ មិនថាពួកគេមិនល្អប៉ុណ្ណាទេ ។ ខ្ញុំជឿយ៉ាងមុតមាំថា គ្រប់ស្ត្រីទាំងអស់—ខ្ញុំនឹងហៅពួកគាត់ថា « ពួកទេវតា »— គឺជាម្ដាយក្នុងក្រុងស៊ីយ៉ូន ទោះជាពួកគាត់បាន ឬមិនបានរៀបការ ឬមានកូនក្នុងជីវិតលើផែនដីនេះក្ដី ។
ជាច្រើនឆ្នាំកន្លងទៅ គណៈប្រធានទីមួយបានប្រកាសថា ៖ « ភាពជាម្ដាយគឺនៅជិតនឹងភាពជាព្រះ ។ ភាពជាម្ដាយគឺជាការបម្រើដ៏ខ្ពស់បំផុត បរិសុទ្ធបំផុតដែលមនុស្សអាចធ្វើបាន ។ ភាពជាម្ដាយដាក់ឲ្យស្ត្រីដែលគោរពតាមការហៅ និងការបម្រើដ៏បរិសុទ្ធនេះស្មើនឹងពួកទេវតា » ។
ខ្ញុំមានអំណរគុណចំពោះពួកទេវតានៅទូទាំងសាសនាចក្រ ដែលប្រកាសអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ចយ៉ាងមុតមាំ និងដោយក្ដីស្រឡាញ់ ទៅ ដល់កូនចៅរបស់ព្រះវរបិតាសួគ៌ ។
ខ្ញុំមានអំណរគុណចំពោះអំណោយទាននៃព្រះគម្ពីរមរមន ។ ខ្ញុំដឹងថា វាជាព្រះគម្ពីរពិត ! វាមាននូវភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំមិនទាន់ដឹងថាមាននរណាម្នាក់ដែលអានព្រះគម្ពីរមរមនដោយឧស្សាហ៍រាល់ថ្ងៃ ដោយបំណងពិត និងដោយសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ បានបាត់បង់ទីបន្ទាល់ ហើយធ្លាក់ចុះនោះទេ ។ ការសន្យាព្យាកររបស់មរ៉ូណៃមាននូវគន្លឹះ ដើម្បីស្គាល់សេចក្ដីពិតនៃរឿងគ្រប់យ៉ាង—រួមទាំងការមានសមត្ថភាព ដើម្បីញែកដឹង និងចៀសផុតពីការបោកបញ្ឆោតរបស់មារសត្រូវ ។ ( សូមមើល មរ៉ូណៃ ១០:៤–៥) ។
ខ្ញុំក៏មានអំណរគុណផងដែរចំពោះព្រះវរបិតាសួគ៌ជាទីស្រឡាញ់ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គសង្គ្រោះប្រទានគំរូដ៏ឥតខ្ចោះនៃរបៀបដើម្បីរស់នៅក្នុងពិភពលោក ដែលអយុត្តិធម៌ និងមិនល្អឥតខ្ចោះនេះ ។ « យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន (យ៉ូហានទី ១ ៤:១៩) ។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងគឺពុំអាចវាស់បានទេ ។ ទ្រង់គឺជាមិត្តដ៏ពិតរបស់យើង ។ ញើសទ្រង់ « ដូចជាដំណក់ឈាមដ៏ធំៗស្រក់ » សម្រាប់អ្នក និងខ្ញុំ ( លូកា ២២:៤៤) ។ ទ្រង់អភ័យទោសដល់អ្នកដែលគេហាក់ដូចជាមិនអាចអភ័យទោសឲ្យបាន ។ ទ្រង់ស្រឡាញ់អ្នកដែលគេពុំអាចស្រឡាញ់បាន ។ ទ្រង់បានធ្វើនូវអ្វីដែលមនុស្សរមែងស្លាប់មិនអាចធ្វើ ៖ ទ្រង់បានផ្ដល់ដង្វាយធួនដើម្បីយកឈ្នះលើការរំលង ការឈឺចាប់ និងជំងឺរបស់មនុស្សលោកទាំងអស់ ។
ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចរស់នៅដោយការសន្យាដែលថា មិនថាយើងមានបញ្ហាអ្វីទេ នោះយើងតែងតែអាចមានសេចក្ដីសង្ឃឹមទៅលើទ្រង់ « ដែលមានឥទ្ធិឬទ្ធិដើម្បីសង្គ្រោះ » (នីហ្វៃទី ២ ៣១:១៩) ។ ដោយសារតែដង្វាយធួនរបស់ទ្រង់ យើងអាចមានអំណរ ភាពសុខសាន្ដ សុភមង្គល និងជីវិតអស់កល្បជានិច្ច ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានថ្លែងថា ៖ « លើកលែងតែបុគ្គលមួយចំនួនតូចដែលជ្រើសរើសយកការបំផ្លិចបំផ្លាញប៉ុណ្ណោះ នោះគ្មានទម្លាប់ ការញៀន ការបះបោរ អំពើរំលង ការក្បត់សាសនា ឬបទល្មើសណាមួយដែលនឹងមិនទទួលការសន្យានៃការអត់ទោសពេញលេញនោះទេ ។ នោះហើយគឺជាការសន្យានៃដង្វាយធួនរបស់ព្រះគ្រីស្ទ » ។
ព្រឹត្តការណ៍ដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្ស គឺការយាងទៅបម្រើមនុស្សនៅលើទ្វីបអាមេរិកកាលពីបុរាណរបស់ព្រះអង្គសង្គ្រោះ ។ សូមនឹកក្នុងចិត្តអ្នកថា តើវាមានសភាពយ៉ាងណាបើយើងនៅទីនោះ ។ នៅពេលខ្ញុំពិចារណាអំពីសេចក្ដីស្រឡាញ់ និងការមើលថែដោយទន់ភ្លន់របស់ក្រុមពួកបរិសុទ្ធដែលបានមកជួបជុំគ្នានៅព្រះវិហារ ខ្ញុំបាននឹកគិតដល់កូនម្នាក់ៗដែលខ្ញុំស្រឡាញ់ជាងជីវិតខ្លួន ។ ខ្ញុំបានព្យាយាមនឹកគិតថាខ្ញុំនឹងមានអារម្មណ៍យ៉ាងណាដើម្បីមើលកូនតូចៗរបស់យើង ធ្វើជាសាក្សីដោយផ្ទាល់ភ្នែកឃើញព្រះអង្គសង្គ្រោះអញ្ជើញកុមារម្នាក់ៗឲ្យមករកទ្រង់ ឃើញដោយផ្ទាល់ថាព្រះអង្គសង្គ្រោះបានលាតព្រះហស្តទ្រង់ ហើយឈរនៅជិតនោះ ពេលកុមារម្នាក់ៗ ម្ដងម្នាក់ៗ ដើរទៅស្ទាបស្នាមនៅលើព្រះហស្ត និងព្រះបាទាទ្រង់ដោយទន់ភ្លន់ បន្ទាប់មកមើលពួកគេម្នាក់ៗឈរថ្លែងបន្ទាល់ថាទ្រង់មានព្រះជន្មរស់នោះ ! ( សូមមើល នីហ្វៃទី៣ ១១:១៤–១៧ សូមមើលផងដែរ ១៧:២១; ១៨:២៥) ។ ដើម្បីឲ្យកូនៗរបស់យើងងាកមកនិយាយថា « ម៉ាក់ ប៉ា នោះគឺជាទ្រង់ ! »
ខ្ញុំមិនដឹងថាមានអ្វីក្នុងពិភពលោកនេះដែលអាចនាំឲ្យមានសុភមង្គល និងអំណរលើសជាងដឹងថា កូនៗរបស់យើងស្គាល់ព្រះអង្គសង្គ្រោះ ដឹងថាពួកគេដឹង « ប្រភពណាមួយ ដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » នោះទេ ។ ក្នុងនាមជាសមាជិកនៃសាសនាចក្រនោះជាហេតុផលដែល « យើងផ្សាយអំពីព្រះគ្រីស្ទ » ហើយយើងថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ (នីហ្វៃទី ២ ២៥:២៦) ។
-
នោះជាហេតុផលដែលយើងអធិស្ឋានជាមួយកូនៗរបស់យើងជារៀងរាល់ថ្ងៃ ។
-
នោះជាហេតុផលដែលយើងអានគម្ពីរជាមួយពួកគេជារៀងរាល់ថ្ងៃ ។
-
នោះជាហេតុដែលយើងបង្រៀនពួកគេឲ្យបម្រើអ្នកដទៃ ដើម្បីពួកគេអាចបានពរជ័យនៃការស្គាល់ខ្លួនឯង នៅពេលពួកគេលះបង់ខ្លួនឯងក្នុងការបម្រើដល់អ្នកដទៃ ( សូមមើល ម៉ាកុស ៨:៣៥; ម៉ូសាយ ២:១៧) ។
នៅពេលយើងលះបង់ខ្លួនយើងក្នុងគំរូនៃភាពជាសិស្សដ៏សាមញ្ញៗទាំងនេះ នោះយើងអនុញ្ញាតឲ្យកូនៗរបស់យើងមានសេចក្ដីស្រឡាញ់នៃព្រះអង្គសង្គ្រោះ ហើយមានការដឹកនាំ និងការការពារពីព្រះ នៅពេលពួកគេជួបនឹងខ្យល់កំណាចរបស់មារសត្រូវ ។
ដំណឹងល្អគឺពិតជាសម្រាប់បុគ្គលម្នាក់ៗ ។ ដំណឹងល្អគឺសម្រាប់ចៀមមួយដែលបានបាត់ ( សូមមើល លូកា ១៥:៣–៧) ដំណឹងល្អគឺសម្រាប់ស្ត្រីសាសន៍សាម៉ារីម្នាក់នៅឯអណ្ដូងទឹក ( សូមមើល យ៉ូហាន ៤:៥–៣០) ដំណឹងល្អគឺសម្រាប់កូនប្រុសខ្ជះខ្ជាយម្នាក់ ( សូមមើល លូកា ១៥:១១–៣២) ។
ដំណឹងល្អគឺសម្រាប់ក្មេងប្រុសតូចម្នាក់ដែលប្រកាសខ្លួនថាគាត់មិនស្ដាប់ទេ ។
ដំណឹងល្អគឺសម្រាប់យើងម្នាក់ៗ—ដែលមិនល្អឥតខ្ចោះ—ដើម្បីក្លាយទៅជាតែមួយនឹងព្រះអង្គសង្គ្រោះ ដូចជាទ្រង់គឺតែមួយនឹងព្រះវរបិតាទ្រង់ ( សូមមើល យ៉ូហាន ១៧:២១) ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងមានព្រះវរបិតាសួគ៌ជាទីស្រឡាញ់មួយអង្គ ដែលស្គាល់ឈ្មោះយើងម្នាក់ៗ ! ខ្ញុំថ្លែងទីបន្ទាល់ថាព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ទ្រង់ជាបុត្រសំណព្វតែមួយគត់ និងជាអង្គគាំទ្ររបស់យើងជាមួយនឹងព្រះវរបិតា ។ ខ្ញុំសូមថ្លែងទីបន្ទាល់បន្ថែមទៀតថា សេចក្ដីសង្គ្រោះកើតមាននៅក្នុង និងតាមរយៈព្រះនាមទ្រង់— ហើយគ្មានផ្លូវណាផ្សេងទៀតឡើយ ។
ខ្ញុំអធិស្ឋានសូមឲ្យយើងនឹងបូជាដួងចិត្ត និងដៃរបស់យើង ដើម្បីជួយដល់កូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ឲ្យស្គាល់ទ្រង់ ហើយដឹងពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។ នៅពេលយើងធ្វើដូច្នោះ ទ្រង់សន្យាថាយើងនឹងមានអំណរ និងសុភមង្គលដ៏អស់កល្បជានិច្ចនៅក្នុងលោកិយនេះ និងនៅបរលោកនាយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។