« បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ »
តើយើងគ្រាន់តែដឹងអំពីព្រះអង្គសង្គ្រោះ ឬ យើងកំពុងស្គាល់ទ្រង់ឲ្យកាន់តែខ្លាំងឡើង ? តើយើងកាន់តែស្គាល់ព្រះអម្ចាស់តាមរបៀបណា ?
ពេលព្រះសង្គ្រោះបញ្ចប់ទេសនកថារបស់់ទ្រង់នៅលើភ្នំ ទ្រង់បានគូសបញ្ជាក់អំពីក្ដីពិតអស់កល្បថា « មានតែធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាប៉ុណ្ណោះ ទើបអាចបានព្រះគុណនៃការសង្គ្រោះពីព្រះបុត្រាបាន » ។
ទ្រង់មានបន្ទូលដូចនេះ ៖
« មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ ។
« នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនៅព្រះនាមទ្រង់ទេឬអី ?
« នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ » ។
ពេលយើងពិចារណាលើកំណែថ្មីដ៏បំផុសគំនិតនេះ នោះយើងនឹងយល់ការបង្រៀននេះកាន់តែច្បាស់ ។ ជាពិសេសព្រះបន្ទូលព្រះអម្ចាស់ក្នុងកំណែថ្មីនៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ថា « អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ » ត្រូវបានកែក្នុងការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ទៅជា « ឯងរាល់គ្នាមិនដែលស្គាល់អញទេ » ។
ចូរពិចារណាផងដែរលើរឿងប្រៀបប្រដូចអំពីស្ត្រីព្រហ្មចារីដប់នាក់ ។ ចូរគិតពីស្ត្រីល្ងង់ប្រាំនាក់ ហើយមិនបានត្រៀមខ្លួន បានទៅទិញប្រេងចាក់ក្នុងចង្កៀងបន្ទាប់ពីឮគេស្រែកឲ្យទៅទទួលប្ដី ។
« តែកំពុងតែនាងទាំងនោះទៅទិញ ប្តីក៏មកដល់ ហើយពួកនាងដែលបានបម្រុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ ។
« ឯនាងព្រហ្មចារី [ ល្ងង់ប្រាំនាក់ ] ឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង ។
« តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ » ។
យើងយល់គំនិតសំខាន់នៃរឿងប្រៀបប្រដូចនេះកាន់តែច្បាស់ តាមរយៈកំណែថ្មីដ៏បំផុសគំនិតមួយទៀត ។ ជាពិសេស ឃ្លាក្នុងកំណែថ្មីនៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ថា « ខ្ញុំមិនស្គាល់នាងទេ » ត្រូវបានបកស្រាយក្នុងការបកប្រែដោយ យ៉ូសែប ស៊្មីធ ទៅជា « នាងមិនស្គាល់ខ្ញុំទេ » ។
ឃ្លា « ឯងរាល់គ្នាមិនដែលស្គាល់អញទេ » និង « នាងមិនស្គាល់ខ្ញុំទេ » គួរតែជាមូលហេតុមួយដែលយើងត្រូវធ្វើការត្រួតពិនិត្យខាងវិញ្ញាណលើខ្លួនឯង ។ តើយើងគ្រាន់តែដឹងអំពីព្រះអង្គសង្គ្រោះ ឬ យើងកំពុងស្គាល់ទ្រង់ឲ្យកាន់តែខ្លាំងឡើង ? តើយើងកាន់តែស្គាល់ព្រះអម្ចាស់តាមរបៀបណា ? សំណួរខាងព្រលឹងនេះគឺជាការផ្ដោតសំខាន់ក្នុងសារលិខិតខ្ញុំ ។ ខ្ញុំសូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយយើង ពេលយើងពិចារណារួមគ្នាអំពីប្រធានបទសំខាន់នេះ ។
ការកាន់តែស្គាល់
ព្រះយេស៊ូវមានបន្ទូលដូចនេះ ៖
« ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ ។
« បើអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះបានស្គាល់ព្រះវរបិតាដែរ » ។
ពេលយើងស្គាល់បុត្រាដ៏ជាទីស្រលាញ់ នោះយើងក៏កាន់តែស្គាល់ព្រះវរបិតាដែរ ។
គោលបំណងដ៏ធំក្នុងជីវិតរមែងស្លាប់នេះគឺពុំគ្រាន់តែរៀនអំពីព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះវរបិតាទេ ប៉ុន្តែក៏ព្យាយាមស្គាល់ទ្រង់ដែរ ។ ជំហានបួនសំខាន់ៗដែលអាចជួយយើងកាន់តែស្គាល់ព្រះអម្ចាស់បាន គឺជាការអនុវត្តក្ដីជំនឿលើទ្រង់ ការដើរតាមទ្រង់ ការបម្រើទ្រង់ និងការជឿលើទ្រង់ ។
ការអនុវត្តក្ដីជំនឿលើទ្រង់
ការអនុវត្តក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទពឹងទៅលើបុណ្យគុណ ក្ដីមេត្តា និង ព្រះគុណទ្រង់ ។ យើងចាប់ផ្ដើមស្គាល់ព្រះអង្គសង្គ្រោះពេលយើងប្រើសមត្ថភាពខាងវិញ្ញាណ និងការដកពិសោធន៍ទៅលើការបង្រៀនរបស់ទ្រង់ ដរាបយើងទុកកន្លែងមួយដើម្បីទទួលយកព្រះបន្ទូលទ្រង់មួយចំណែក ។ ពេលក្ដីជំនឿយើងលើព្រះអម្ចាស់កើនឡើង យើងទុកចិត្តលើទ្រង់ ហើយទុកចិត្តលើព្រះចេស្ដាទ្រង់ក្នុងការប្រោសលោះប្រោសឲ្យជា ហើយពង្រឹងដល់យើង ។
សេចក្ដីជំនឿស្មោះត្រង់ផ្ដោតសំខាន់លើព្រះអម្ចាស់ ហើយតែងតែឲ្យយើងធ្វើល្អ ។ « សេចក្ដីជំនឿ [លើព្រះគ្រីស្ទ គឺជា ] គោលការណ៍ទីមួយក្នុងសាសនាដែលបានបើកសម្ដែង … ជាមូលដ្ឋាននៃសុចរិតភាព … និងជាគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្សដ៏ឆ្លាតវៃ » ។ ដោយសារតែការប្រព្រឹត្តស្របតាមគោលការណ៍ត្រឹមត្រូវដែលព្រះប្រោសលោះមានបន្ទូលគឺជាចំណុចស្នូលនៃការទទួលបាន និង ការអនុវត្តសេចក្ដីជំនឿនេះហើយទើប « សេចក្តីជំនឿដែលឥតមានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ » ។ យើងត្រូវ « ប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ » ។
ការស្ដាប់បន្ទូលព្រះ និង ការទទួលបានអំណោយទានខាងវិញ្ញាណនៃសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ ទាក់ទងគ្នាយ៉ាងស្អិតរមួត នៅពេល « សេចក្តីជំនឿកើតឡើងដោយឮ ហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះ » ។ យើងស្គាល់ទ្រង់ និង ព្រះសូរសៀងទ្រង់ នៅពេលយើងសិក្សា ហើយទទួលទានព្រះបន្ទូលទ្រង់នៅក្នុងបទគម្ពីរ អធិស្ឋានទៅព្រះវរបិតាដោយស្មោះអស់ពីចិត្តក្នុងព្រះនាមទ្រង់ ហើយព្យាយាមឲ្យមានព្រះវិញ្ញាណបរិសុទ្ធធ្វើជាដៃគូ ។ ការរៀន និង ការអនុវត្តតាមគោលលទ្ធិនៃព្រះគ្រីស្ទនៅក្នុងជីវិតយើង គឺជាលក្ខខណ្ឌទទួលបានអំណោយទាននៃសេចក្ដីជំនឿលើទ្រង់ ។
ការអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ គឺជាការត្រៀមខ្លួនចាំបាច់ដើម្បីដើរតាមទ្រង់ ។
ការដើរតាមទ្រង់
« កាលព្រះយេស៊ូវ ទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២នាក់ ជាអ្នកនេសាទត្រីគឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូនកំពុងតែបង់សំណាញ់ក្នុងសមុទ្រ ។
រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ ។
គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម » ។
ពេត្រុស និងអនទ្រេគឺជាគំរូសំខាន់នៃការស្ដាប់ និង ការដើរតាមលោកគ្រូ ។
ព្រះអង្គសង្គ្រោះបានណែនាំអ្នក និងខ្ញុំដូច្នេះថា « បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ » ។ ផ្ទុកឈើឆ្កាងខ្លួនគឺលះកាត់ចិត្តខ្លួនឯងពីអស់ទាំងអំពើអាក្រក់ និងចំណង់លោកិយ ហើយគោរពព្រះបញ្ញត្តិព្រះអម្ចាស់ ។
ព្រះអង្គសង្គ្រោះដាស់តឿនយើងឲ្យក្លាយដូចទ្រង់ ។ ដូច្នេះ ការដើរតាមព្រះអម្ចាស់រួមបញ្ចូលទាំងការព្យាយាមឲ្យបានដូចទ្រង់ ។ យើងបន្តស្គាល់ព្រះអម្ចាស់នៅពេលយើងព្យាយាមឲ្យក្លាយដូចទ្រង់ តាមរយៈព្រះចេស្ដានៃដង្វាយធួនទ្រង់ ។
ក្នុងការបម្រើក្នុងជីវិតរមែងស្លាប់ទ្រង់ ព្រះយេស៊ូវបានបន្សល់ដាន ដឹកនាំផ្លូវ ហើយធ្វើជាគំរូដ៏ឥតខ្ចោះ ។ « គំនិតដ៏ត្រឹមត្រូវមួយអំពីលក្ខណៈសម្បត្តិ ភាពឥតខ្ចោះ និង លក្ខណៈនានារបស់ទ្រង់ » ផ្ដល់គោលបំណងបន្តបន្ទាប់ និង ការដឹកនាំច្បាស់លាស់នៅពេលយើងដើរតាមទ្រង់នៅលើមាគ៌ានៃភាពជាសិស្សដ៏លះបង់ ។
ការធ្វើតាមព្រះអង្គសង្គ្រោះក៏អាចជួយឲ្យយើងទទួលបាន « ចំណេះដឹងពិតប្រាកដមួយថា ដំណើរជីវិតដែល [ យើង ] កំពុងដើរ » គឺស្របតាមព្រះទ័យរបស់ព្រះ ។ ចំណេះដឹងដូច្នេះគឺពុំមែនជារឿងអាថ៌កំបាំងដែលពុំអាចដឹង ហើយមិនផ្ដោតជាចំបងទៅលើការខិតខំខាងសាច់ឈាមរបស់យើង ឬកង្វល់ខាងជីវិតរមែងស្លាប់នោះដែរ ។ ផ្ទុយទៅវិញ ភាពរីកចម្រើនដ៏ខ្ជាប់ខ្ជួន និង ប្រកបដោយចីរភាពស្របតាមមាគ៌ានៃសេចក្ដីសញ្ញា គឺជាទិសដៅជីវិតដែលទ្រង់សព្វព្រះទ័យ ។
សុបិនរបស់លីហៃក្នុងព្រះគម្ពីរមរមនបង្ហាញឲ្យឃើញមាគ៌ាដែលយើងត្រូវដើរ ឧបសគ្គដែលយើងនឹងជួប និង ធនធានខាងវិញ្ញាណនានាដែលមានដើម្បីជួយយើងក្នុងការដើរតាម ហើយស្គាល់ព្រះអង្គសង្គ្រោះ ។ ការបន្តឆ្ពោះទៅមុខនៅលើផ្លូវតូច និង ចង្អៀត គឺជាកិច្ចការដែលទ្រង់សព្វព្រះទ័យឲ្យយើងធ្វើ ។ ការភ្លក់ផ្លែឈើ និង ការ « ប្រែចិត្តជឿដល់ព្រះអម្ចាស់ » យ៉ាងស៊ប់ » គឺជាពរជ័យ ដែលទ្រង់សព្វព្រះទ័យឲ្យយើងទទួលបាន ។ ដូច្នេះទ្រង់អំពាវនាវថា « ចូរមកតាមខ្ញុំ » ។
ទាំងការអនុវត្តក្ដីជំនឿ និង ការដើរតាមព្រះយេស៊ូវគ្រីស្ទ គឺជាការត្រៀមខ្លួនបម្រើទ្រង់ ។
ការបម្រើទ្រង់
« ដ្បិតតើមនុស្សនឹងស្គាល់ចៅហ្វាយ ដែលខ្លួនពុំដែលបានបម្រើនោះ ហើយដែលជាអ្នកចម្លែកចំពោះមនុស្សនោះ ហើយនៅឆ្ងាយពីសតិអារម្មណ៍ និងបំណងនៃដួងចិត្តខ្លួនដូចម្ដេចបាន ? »
នៅពេលយើងបម្រើទ្រង់ ហើយធ្វើការនៅក្នុងនគរទ្រង់ នោះយើងស្គាល់ព្រះអម្ចាស់កាន់តែច្បាស់ ។ ពេលយើងធ្វើដូចនេះ ទ្រង់ប្រទានពរដល់យើងនូវជំនួយពីស្ថានសួគ៌ អំណោយទានខាងវិញ្ញាណ និង សមត្ថភាពកាន់តែខ្ពស់ ។ ពេលយើងធ្វើការក្នុងចម្ការទ្រង់ នោះយើងមិនឯកោទេ ។
ទ្រង់បានអះអាងថា ៖ « ដ្បិតយើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង »
យើងស្គាល់ព្រះសង្គ្រោះនៅពេលយើងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីទៅកន្លែងដែលទ្រង់សព្វព្រះទ័យឲ្យយើងទៅ ព្យាយាមថ្លែងអ្វីដែលទ្រង់សព្វព្រះទ័យឲ្យយើងថ្លែង និងក្លាយជាមនុស្សដែលទ្រង់សព្វព្រះទ័យឲ្យយើងក្លាយ ។ នៅពេលយើងទទួលពឹងផ្អែកលើទ្រង់ទាំងស្រុងដោយចេះស្ដាប់បង្គាប់ ទ្រង់នឹងពង្រីកសមត្ថភាពយើងឲ្យបម្រើកាន់តែមានប្រសិទ្ធិភាព ។ យូរៗទៅ បំណងយើងនឹងបានស្របតាមព្រះទ័យទ្រង់ទាំងស្រុង ហើយព្រះបំណងទ្រង់ក្លាយជាគោលបំណងយើង ដូចនេះយើងនឹង « ពុំប្រាថ្នាអ្វី ដែលផ្ទុយពីបំណង [ របស់ទ្រង់ ] ឡើយ » ។
ការបម្រើទ្រង់តម្រូវពីចិត្ត ពីពលំ ពីគំនិត ហើយពីកម្លាំង ។ ជាលទ្ធផល ការបម្រើដោយមិនគិតពីខ្លួនឯងយកឈ្នះលើនិន្នាការដែលគិតតែពីខ្លួនឯង និង ភាពអាត្មានិយមនៃមនុស្សខាងសាច់ឈាម ។ យើងកាន់តែស្រឡាញ់មនុស្សដែលយើងបម្រើ ។ ដោយសារតែការបម្រើមនុស្សដទៃដូចជាការបម្រើព្រះ នោះយើងស្រឡាញ់ទ្រង់ និង បងប្អូនប្រុសស្រីយើងកាន់តែខ្លាំង ។ សេចក្ដីស្រឡាញ់បែបនេះគឺជាការបង្ហាញនៃអំណោយទានខាងវិញ្ញាណនៃសេចក្ដីសប្បុរស ដែលជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។
« ចូរអធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ ដែលទ្រង់បានប្រទានដល់អស់អ្នកណាដែលជាអ្នកដើរតាមដ៏ពិត នៃព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាអាចក្លាយទៅជាកូនព្រះ ដើម្បីកាលណាទ្រង់នឹងលេចមក នោះយើងរាល់គ្នានឹងបានដូចជាទ្រង់ ដ្បិតយើងនឹងឃើញទ្រង់ ជាទ្រង់ពិតប្រាកដ ដើម្បីឲ្យយើងអាចមានសេចក្ដីសង្ឃឹមនេះ ដើម្បីឲ្យយើងអាចបានបរិសុទ្ធដូចជា ទ្រង់បរិសុទ្ធ » ។
យើងស្គាល់ព្រះអម្ចាស់នៅពេលយើងពេញដោយសេចក្ដីស្រឡាញ់របស់ទ្រង់ ។
ការជឿលើទ្រង់
តើអាចទៅរួចឬទេដែលយើងអនុវត្តក្ដីជំនឿលើទ្រង់ ដើរតាមទ្រង់ បម្រើទ្រង់ ប៉ុន្តែមិនជឿលើទ្រង់នោះ ?
ខ្ញុំស្គាល់សមាជិកដែលទទួលស្គាល់គោលលទ្ធិ និង គោលការណ៍នានាមានក្នុងព្រះគម្ពីរ និង ត្រូវបានថ្លែងចេញពីវេទិកានេះ ថាជាការពិត ។ ប៉ុន្តែពួកគេពិបាកជឿថាសេចក្ដីពិតទាំងនោះនៃដំណឹងល្អ អាចអនុវត្តជាពិសេសក្នុងជីវិត និង ស្ថានភាពរបស់ពួកគេណាស់ ។ ពួកគេហាក់មានសេចក្ដីជំនឿលើព្រះសង្គ្រោះ ប៉ុន្តែមិនជឿលើព្រះពរដែលបានសន្យាថានឹងមាន ឬ កើតឡើងក្នុងជីវិតគេឡើយ ។ ខ្ញុំក៏ជួបបងប្អូនប្រុសស្រី ដែលបំពេញការហៅរបស់ខ្លួនយ៉ាងសកម្ម ប៉ុន្តែជាអ្នកដែលមិនទាន់មានការផ្លាស់ប្តូរដ៏ពិតនៅក្នុងជីវិតរបស់ពួកគេ តាមរយៈដំណឹងល្អដែលបានស្ដារឡើងវិញនៅឡើយទេ ។ យើងស្គាល់ព្រះអម្ចាស់គឺមិនគ្រាន់តែជឿលើទ្រង់ប៉ុណ្ណោះទេ គឺត្រូវជឿលើអ្វីដែលទ្រង់សន្យាទៀតផង ។
ក្នុងគម្ពីរសញ្ញាថ្មី ឪពុកមួយរូបអង្វរព្រះយេស៊ូវឲ្យប្រោសកូនរបស់គាត់ ។ ព្រះយេស៊ូវមានបន្ទួលតបដូចនេះ ៖
« បើអាចនឹងជឿបាន នោះការទាំងអស់នឹងសម្រេចបាន ដល់អ្នកណាដែលជឿ ។
ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង » ។
ខ្ញុំបានគិតច្រើនដងលើសំណើរបស់ឪពុករូបនេះ ៖ « សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង » ។ ខ្ញុំឆ្ងល់ថាតើចេតនានៃការអង្វររបស់បុរសនេះ មិនមែនចាំបាច់ដើម្បីជួយគាត់ឲ្យជឿលើព្រះយេស៊ូវថាជាព្រះប្រោសលោះ និង លើព្រះចេស្ដាទ្រង់ក្នុងការប្រោសឲ្យជាទេឬអី ។ គាត់ប្រហែលបានទទួលស្គាល់ព្រះគ្រីស្ទថាជាបុត្រានៃព្រះហើយ ។ ប៉ុន្តែគាត់អាចត្រូវការជំនួយឲ្យគាត់ជឿលើព្រះចេស្ដារបស់លោកគ្រូក្នុងការប្រោសឲ្យជាយ៉ាងពិសេស និង ផ្ទាល់ខ្លួនដើម្បីប្រទានពរដល់កូនជាទីស្រឡាញ់របស់គាត់ ។ គាត់អាចជឿលើព្រះគ្រីស្ទជាទូទៅ ប៉ុន្តែមិនមែនជាក់លាក់ និង ដោយផ្ទាល់ឡើយ ។
ជារឿយៗ យើងថ្លែងទីបន្ទាល់អំពីអ្វីដែលយើងដឹងថាជាការពិត ប៉ុន្តែសំណួរសម្រាប់យើងម្នាក់ៗសួរថាតើយើងជឿលើអ្វីដែលយើងដឹងដែរឬទេ ។
ពិធីបរិសុទ្ធពិសិដ្ឋៗដែលបានធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ គឺចាំបាច់ដល់ការជឿលើព្រះសង្គ្រោះ ការស្គាល់ទ្រង់ ហើយទីបំផុតការជឿលើអ្វីដែលយើងដឹង ។
« ហើយបព្វជិតភាព [ មិលគីស្សាដែក ] ចាត់ចែងដំណឹងល្អ ហើយកាន់កូនសោនៃសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ គឺជា កូនសោនៃចំណេះវិជ្ជាពីព្រះ ។
ហេតុដូច្នេះហើយ នៅក្នុងពិធីបរិសុទ្ធទាំងឡាយ នៃបព្វជិតភាពដ៏ធំជាងនេះ នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ។
យើងជឿ ហើយស្គាល់ព្រះអម្ចាស់នៅពេលកូនសោនៃចំណេះវិជ្ជាពីព្រះ ត្រូវបានចាត់ចែងតាមរយៈបព្វជិតភាពមិលគីស្សាដែក ដែលចាក់សោបើកទ្វារ ហើយធ្វើឲ្យយើងម្នាក់ៗទទួលបានអំណាចនៃព្រះក្នុងជីវិតពួកគេ ។ យើងជឿ ហើយស្គាល់ព្រះសង្គ្រោះនៅពេលយើងដើរតាមទ្រង់ ដោយទទួល ហើយគោរពដល់ពិធីបរិសុទ្ធដ៏ពិសិដ្ឋ ហើយទទួលព្រះភក្ត្រទ្រង់នៅក្នុងទឹកមុខរបស់យើង ។ យើងជឿ ហើយស្គាល់ព្រះគ្រីស្ទនៅពេលយើងដកពិសោធន៍ដោយផ្ទាល់នូវព្រះចេស្ដានៃដង្វាយធួនទ្រង់ក្នុងការផ្លាស់ប្ដូរ ប្រោសឲ្យជា ពង្រឹង និង ញែកឲ្យបរិសុទ្ធ ។ យើងជឿ ហើយស្គាល់លោកគ្រូនៅពេល « ព្រះចេស្ដានៃព្រះបន្ទូលរបស់ទ្រង់ [ ចាក់ឫស ] ក្នុងយើង » ហើយ ត្រូវបានចារឹកក្នុងគំនិត និង ចិត្តយើង ហើយនៅពេលយើង « បោះបង់ចោលអស់ទាំងអំពើបាប [ របស់យើង ] ដើម្បីឲ្យបានស្គាល់ [ ទ្រង់ ] » ។
ការជឿលើទ្រង់គឺជាការទុកចិត្តថាពរជ័យដ៏បរិបូររបស់ទ្រង់មាន ហើយអាចកើតមានក្នុងជីវិតផ្ទាល់ខ្លួន និង គ្រួសាររបស់យើង ។ ការជឿលើទ្រង់ឲ្យអស់ពីព្រលឹង កើតមានពេលយើងឆ្ពោះទៅមុខតាមមាគ៌ានៃសេចក្ដីសញ្ញា ដាក់បំណងយើងឲ្យស្របនឹងព្រះទ័យទ្រង់ ហើយចុះចូលទៅនឹងអាទិភាព និងកាលវេលាទ្រង់មានសម្រាប់យើង ។ ការជឿលើទ្រង់—គឺជាការទទួលយកព្រះចេស្ដា និង ការសន្យាដ៏ពិតពីទ្រង់—អនុញ្ញាតឲ្យមានទស្សនវិស័យ ភាពសុខសាន្ត និងអំណរក្នុងជីវិតយើង ។
ការសន្យា និង ទីបន្ទាល់
នៅថ្ងៃអនាគត « គ្រប់ជង្គង់នឹងលុតចុះ ហើយគ្រប់អណ្ដាតនឹងទទួលថ្លែងប្រាប់ » ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ នៅថ្ងៃដ៏មានពរនោះ យើងនឹងដឹងថាទ្រង់ជ្រាបឈ្មោះយើងម្នាក់ៗ ។ ខ្ញុំសូមធ្វើសាក្សី ហើយសន្យាថា យើងមិនអាចគ្រាន់តែដឹងអំពីព្រះអម្ចាស់បានទេ ប៉ុន្តែក៏ត្រូវស្គាល់ទ្រង់ដែរនៅពេលយើងអនុវត្តក្ដីជំនឿ ដើរតាម បម្រើ ហើយជឿលើទ្រង់ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។