តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ?
នៅទីបំផុត យើងម្នាក់ៗត្រូវតែឆ្លើយសំណួររបស់ព្រះអង្គសង្គ្រោះ ៖ « អ្នករាល់គ្នាចង់ថយទៅដែរឬ ? »
អស់ជាច្រើនឆ្នាំកន្លងទៅ គ្រួសារខ្ញុំ និងខ្ញុំបានទៅលេងទឹកដីបរិសុទ្ធ ។ ការចងចាំយ៉ាងច្បាស់មួយរបស់ខ្ញុំអំពីការធ្វើដំណើររបស់យើង គឺការទៅកាន់បន្ទប់ជាន់លើក្នុងទីក្រុងយេរូសាឡិម ជាទីតាំងនៃយប់អាហារចុងក្រោយ ។
នៅពេលយើងឈរនៅទីនោះ ខ្ញុំបានអានដល់ពួកគាត់អំពី យ៉ូហាន ១៧ ត្រង់កន្លែងដែលព្រះយេស៊ូវបានទូលអង្វរដល់ព្រះបិតាទ្រង់ជំនួសពួកសិស្សរបស់ទ្រង់ ៖
« ទូលបង្គំអធិស្ឋានសម្រាប់ពួកគេ…ដើម្បីពួកគេបានរួមគ្នាតែមួយ ដូចជាយើងដែរ ។ …
« ទូលបង្គំមិនអធិស្ឋានឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ
« ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ។
ខ្ញុំរំជួលចិត្តជាខ្លាំងពេលអានបន្ទូលទាំងនេះ ហើយឃើញថាខ្លួនខ្ញុំកំពុងអធិស្ឋាននៅក្នុងកន្លែងពិសិដ្ឋនោះ ដែលខ្ញុំអាចបានមករួមគ្នាតែមួយនឹងគ្រួសារខ្ញុំ ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ។
ទំនាក់ទំនងដ៏មានតម្លៃរបស់យើងជាមួយក្រុមគ្រួសារ មិត្តភក្ដិ ព្រះអម្ចាស់ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ គឺស្ថិតក្នុងចំណោមរឿងទាំងឡាយដែលសំខាន់បំផុតនៅក្នុងជីវិតនេះ ។ ដោយសារតែទំនាក់ទំនងទាំងនេះសំខាន់យ៉ាងខ្លាំង នោះវាគួរតែត្រូវបានរីករាយ ការពារ និងបីបាច់ ។
រឿងដ៏ឈឺចាប់បំផុតមួយក្នុងបទគម្ពីរ បានកើតឡើងនៅពេល « ពួកសិស្សរបស់ [ព្រះអម្ចាស់] ជាច្រើន បានឃើញថាវាលំបាកសម្រាប់ពួកគេដើម្បីទទួលយកការបង្រៀន និងគោលលទ្ធិរបស់ទ្រង់ ហើយពួកគេបាន « ដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ »។
នៅពេលពួកសិស្សទាំងនេះចាកចេញទៅ ព្រះយេស៊ូវបានងាកទៅរកពួកដប់ពីរនាក់ ហើយសួរថា « អ្នករាល់គ្នាចង់ថយទៅដែរឬ ? »
ពេត្រុសបានទូលថា ៖
« ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
« យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត » ។
នៅគ្រានោះ ខណៈពេលដែលអ្នកដទៃផ្ដោតទៅលើអ្វីដែលពួកគេពុំអាចទទួលយកបាន ពួកសាវកបានជ្រើសរើសផ្ដោតទៅលើអ្វីដែលពួកគេ បាន ជឿ និងដឹង ជាលទ្ធផល ពួកគេបានបន្ដនៅជាមួយព្រះគ្រីស្ទ ។
ក្រោយមក នៅបុណ្យថ្ងៃទីហាសិប ពួកដប់ពីរនាក់បានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេបានក្លាយជាសាក្សីដ៏មុតមាំរបស់ព្រះគ្រីស្ទ ហើយបានចាប់ផ្ដើមយល់កាន់តែពេញលេញអំពីការបង្រៀនរបស់ព្រះយេស៊ូវ ។
នៅសព្វថ្ងៃនេះគឺមិនខុសគ្នាទេ ។ ចំពោះមនុស្សខ្លះ ការអញ្ជើញរបស់ព្រះគ្រីស្ទឲ្យជឿ ហើយបន្ដនៅស្មោះត្រង់ នៅតែមានការលំបាក—ឬពិបាកទទួលយក ។ សិស្សមួយចំនួនមានបញ្ហាពិបាកយល់អំពីគោលនយោបាយ ឬការបង្រៀនជាក់លាក់របស់សាសនាចក្រ ។ អ្នកខ្លះទៀតមានចម្ងល់អំពីប្រវត្តិរបស់យើង ឬអំពីការមិនល្អឥតខ្ចោះរបស់សមាជិក និងអ្នកដឹកនាំមួយចំនួន តាំងពីអតីតកាល និងបច្ចុប្បន្នកាល ។ អ្នកដទៃទៀតនៅតែរកឃើញថាវាលំបាកដើម្បីរស់នៅក្នុងសាសនាមួយដែលមានតម្រូវការជាច្រើនពីពួកគេ ។ ទីបំផុត មនុស្សមួយចំនួនបាន « ណាយចិត្តនឹងធ្វើការល្អ » ។ ដោយមូលហេតុនេះ និងមូលហេតុផ្សេងៗទៀត សមាជិកសាសនាចក្រមួយចំនួន មានភាពមិនប្រាកដអំពីជំនឿរបស់ពួកគេ ហើយបានងឿងឆ្ងល់ថាពួកគេគួរដើរតាមអ្នកដែល « ដកខ្លួនថយចេញ មិនតាមព្រះយេស៊ូវ » ទៀតឬយ៉ាងណា ។
ប្រសិនបើបងប្អូនណាកំពុងមានភាពមិនប្រាកដអំពីជំនឿខ្លួន ខ្ញុំសូមសួរសំណួរដូចពេត្រុសបានសួរ ៖ « តើ [បងប្អូន] នឹងទៅឯអ្នកណាវិញ ? » បើសិនបងប្អូនជ្រើសរើសអសកម្ម ឬចាកចេញពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានស្ដារឡើងវិញ តើបងប្អូននឹងទៅណាវិញ ? តើបងប្អូននឹងធ្វើអ្វីខ្លះ ៕ ការសម្រេចចិត្ត « មិនតាម » សមាជិកសាសនាចក្រ និងអ្នកដឹកនាំដែលបានជ្រើសរើសរបស់ព្រះអម្ចាស់តទៅទៀត នឹងមានឥទ្ធិពលយូរអង្វែង ដែលមិនអាចយល់នៅពេលនេះទេ ។ ប្រហែលជាមានគោលលទ្ធិ គោលនយោបាយ និងប្រវត្តិសាស្ត្រមួយចំនួន ដែលធ្វើឲ្យបងប្អូនមិនយល់ស្របនឹងជំនឿខ្លួន ហើយបងប្អូនអាចមានអារម្មណ៍ថា មានផ្លូវដោះស្រាយតែមួយគត់ចំពោះចលាចលនៅក្នុងខ្លួននាពេលនេះ គឺ « មិនតាម » ពួកបរិសុទ្ធតទៅទៀត ។ បើបងប្អូនរស់នៅតាមឲ្យបានយូរដូចជាខ្ញុំ នោះបងប្អូននឹងបានស្គាល់ថា រឿងទាំងឡាយមានដំណោះស្រាយដោយខ្លួនឯង ។ គំនិតដ៏បំផុស ឬវិវរណៈមួយ អាចនឹងផ្ដល់ជាចម្លើយចំពោះបញ្ហាមួយ ។ សូមចងចាំថា ការស្ដារឡើងវិញពុំមែនជាព្រឹត្តការណ៍មួយទេ ប៉ុន្តែវាបន្ដបើកបង្ហាញ ។
សូមកុំបោះបង់ចោលសេចក្ដីពិតដ៏មហិមាដែលបានបើកសម្ដែងតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធឡើយ ។ សូមកុំឈប់អាន ពិចារណា ហើយអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទ ដែលមាននៅក្នុងព្រះគម្ពីរមរមនឡើយ ។
សូមកុំភ្លេចផ្ដល់ពេលស្មើគ្នាថ្វាយព្រះអម្ចាស់ តាមរយៈការចង់យល់ដឹងដោយស្មោះអំពីអ្វីដែលព្រះអម្ចាស់បានបើកសម្ដែង ។ ដូចមិត្តជាទីស្រឡាញ់របស់ខ្ញុំ និងជាអតីតអ្នករួមការងារ គឺអែលឌើរ នែល អេ ម៉ាក់ស្វែល បានមានប្រសាសន៍ថា « យើងមិនគួរស្មាន … ដោយព្រោះតែពួកយើងមានអ្វីមួយមិនបានពន្យល់នោះឡើយ ពីព្រោះវាពុំអាចពន្យល់បានទេ » ។
ដូច្នេះពីមុនអ្នកធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់ខាងវិញ្ញាណដើម្បីចាកចេញ ខ្ញុំលើកទឹកចិត្តអ្នកឲ្យឈប់សិន ហើយគិតដោយប្រុងប្រយ័ត្នពីមុនអ្នកបោះបង់អ្វីដែលនាំឲ្យអ្នកមានទីបន្ទាល់អំពីសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះគ្រីស្ទពីដំបូងនោះ ។ ចូរឈប់សិន ហើយគិតអំពីអ្វីដែលអ្នកបានទទួលអារម្មណ៍នៅទីនេះ និងមូលហេតុដែលអ្នកទទួលបានអារម្មណ៍នោះ ។ ចូរគិតអំពីគ្រាដែលព្រះវិញ្ញាណបរិសុទ្ធបានថ្លែងជាសាក្សីទៅកាន់អ្នកអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ។
តើបងប្អូននឹងទៅរកអ្នកដែលមានជំនឿដូចបងប្អូនជឿទៅលើព្រះបិតាមាតាសួគ៌ជាទីស្រឡាញ់ និងដោយផ្ទាល់ ដែលបានបង្រៀនយើងអំពីរបៀបដើម្បីត្រឡប់ទៅកាន់វត្តមានដ៏អស់កល្បរបស់ពួកទ្រង់នៅឯណា ?
តើបងប្អូននឹងទៅទទួលការបង្រៀនអំពី ព្រះអង្គសង្គ្រោះដែលជាមិត្តដ៏ល្អបំផុតរបស់បងប្អូន ដែលបានរងទុក្ខពុំគ្រាន់តែសម្រាប់អំពើបាបរបស់បងប្អូន ប៉ុន្តែក៏បានរងទុក្ខ « ការឈឺចាប់ និងទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ដើម្បី « ឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្ដីមេត្តាករុណាស្របតាមសាច់ឈាមដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ខ្ញុំជឿថា រួមទាំងការឈឺចាប់ចំពោះការបាត់បង់សេចក្ដីជំនឿរបស់ពួកគេផងដែរនោះនៅកន្លែងណា ?
តើបងប្អូននឹងទៅរៀនបន្ថែមទៀតអំពីផែនការរបស់ព្រះវរបិតាសួគ៌ដើម្បីសុភមង្គល និងភាពសុខសាន្ដដ៏អស់កល្បជានិច្ចរបស់យើង ដែលជាផែនការមួយពេញទៅដោយលទ្ធភាព ការបង្រៀន និងការណែនាំសម្រាប់ជីវិតរមែងស្លាប់ និងជីវិតដ៏អស់កល្បជានិច្ចរបស់យើងនៅកន្លែងណា ? សូមចងចាំថា ផែនការនៃសេចក្ដីសង្គ្រោះផ្ដល់នូវអត្ថន័យ គោលបំណង និងការដឹកនាំនៃជីវិតរមែងស្លាប់ ។
តើបងប្អូននឹងទៅរករចនាសម្ព័ន្ធអង្គការសាសនាចក្រដ៏លម្អិត និងបំផុសគំនិតតាមរយៈអ្វីដែលបងប្អូនត្រូវបានបង្រៀន និងគាំទ្រដោយបុរស និងស្ត្រីដែលមានការតាំងចិត្តខ្ពស់ដើម្បីបម្រើព្រះអម្ចាស់ ដោយការបម្រើដល់បងប្អូន និងគ្រួសាររបស់បងប្អូននៅកន្លែងណា ?
តើបងប្អូននឹងទៅរកពួកព្យាការី និងពួកសាវកនៅរស់ ដែលត្រូវបានហៅដោយព្រះដើម្បីផ្ដល់ជាធនធានមួយទៀតដល់អ្នកទទួលបានដំបូន្មាន ការយល់ដឹង ការលួងលោមចិត្ត និងការបំផុសគំនិតចំពោះឧបសគ្គនៃជីវិតរបស់យើងនៅកន្លែងណា ?
តើបងប្អូននឹងទៅរកមនុស្សដែលរស់នៅតាមគុណតម្លៃ និងបទដ្ឋានដូចបងប្អូន ហើយចង់ចែកចាយទៅដល់កូនចៅរបស់បងប្អូននៅកន្លែងណា ?
ហើយតើបងប្អូននឹងទៅទទួលបទពិសោធន៍អំណរដែលកើតមានមកតាមរយៈពិធីបរិសុទ្ធនៃការសង្គ្រោះ និងសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធនៅកន្លែងណា ?
បងប្អូនប្រុសស្រី ការទទួលយក និងការរស់នៅតាមដំណឹងល្អរបស់ព្រះគ្រីស្ទ អាចនឹងមានការលំបាក ។ វាតែងតែដូច្នេះ ហើយនឹងមានជានិច្ច ។ ជីវិតអាចដូចជាអ្នកដើរឡើងចំណោទដ៏ខ្ពស់ និងលំបាក ។ វាគឺជារឿងសាមញ្ញធម្មតាទេដើម្បីឈប់ម្ដងម្កាលតាមផ្លូវ ដើម្បីដកដង្ហើម ដើម្បីវាយតម្លៃឡើងវិញអំពីទិសដៅរបស់យើង និងដើម្បីគិតជាថ្មីអំពីជំហានរបស់យើង ។ ពុំមែនមនុស្សគ្រប់រូបត្រូវឈប់នៅលើផ្លូវនោះទេ ប៉ុន្តែវាមិនជាការខុសឆ្គងអ្វីទេក្នុងការធ្វើដូច្នោះ នៅពេលស្ថានភាពរបស់អ្នកតម្រូវឲ្យធ្វើនោះ ។ តាមពិត វាអាចជារឿងវិជ្ជមានចំពោះអ្នកដែលឆ្លៀតយកឱកាសទាំងស្រុង ដើម្បីទទួលយកទឹករស់នៃដំណឹងល្អរបស់ព្រះគ្រីស្ទនោះ ។
គ្រោះថ្នាក់កើតមានឡើងនៅពេលនរណាម្នាក់ជ្រើសរើសដើរវង្វេងចេញពីផ្លូវដែលនាំទៅរកដើមនៃជីវិត ។ ពេលខ្លះយើងអាចរៀន សិក្សា ហើយស្គាល់ ពេលខ្លះយើងត្រូវជឿ ទុកចិត្ត និងសង្ឃឹម ។
នៅទីបំផុត យើងម្នាក់ៗត្រូវតែឆ្លើយសំណួររបស់ព្រះអង្គសង្គ្រោះ ៖ « អ្នករាល់គ្នាចង់ថយទៅដែរឬ ? » យើងទាំងអស់គ្នាត្រូវស្វែងរកចម្លើយចំពោះសំណួរនោះផ្ទាល់ខ្លួន ។ អ្នកខ្លះឆ្លើយថាស្រួល អ្នកខ្លះទៀតឆ្លើយថាពិបាក ។ ខ្ញុំមិនចង់ធ្វើជាមិនដឹងពីមូលហេតុដែលជំនឿដើម្បីជឿកើតមានដោយងាយចំពោះមនុស្សខ្លះ ជាងមនុស្សផ្សេងទៀតនោះទេ ។ ខ្ញុំមានអំណរគុណខ្លាំងណាស់ដែលដឹងថាមានចម្លើយជានិច្ចនោះ ហើយបើយើងស្វែងរក—ពិតជាស្វែងរកដោយបំណងពិត និងដោយគោលបំណងពេញលេញអស់ពីដួងចិត្តប្រកបដោយការអធិស្ឋាន—ទីបំផុតនោះយើងនឹងរកឃើញចម្លើយចំពោះសំណួររបស់យើង នៅពេលយើងបន្ដនៅលើផ្លូវនៃដំណឹងល្អ ។ នៅក្នុងការបម្រើរបស់ខ្ញុំ ខ្ញុំបានស្គាល់មនុស្សមួយចំនួនដែលបានឃ្លាតឆ្ងាយ រួចត្រឡប់មកវិញបន្ទាប់ពីការសាកល្បងនៃសេចក្ដីជំនឿរបស់ពួកគេ ។
ក្ដីសង្ឃឹមដ៏ស្មោះរបស់ខ្ញុំ គឺថា យើងនឹងអញ្ជើញកូនចៅរបស់ព្រះកាន់តែច្រើនឲ្យស្វែងរក និងស្ថិតនៅលើផ្លូវដំណឹងល្អ ដើម្បីពួកគេក៏អាច « ទទួលទានផ្លែឈើ ដែល [គួរ] ឲ្យមានប្រាថ្នាជាងផ្លែឈើណាៗទាំងអស់ » ។
ខ្ញុំសូមអង្វរដោយស្មោះថា យើងនឹងលើកទឹកចិត្ត ទទួលយក យល់ និងស្រឡាញ់អ្នកទាំងឡាយដែលកំពុងពុះពារនឹងសេចក្ដីជំនឿរបស់ពួកគេ ។ យើងមិនត្រូវបដិសេធបងប្អូនប្រុសស្រីយើងណាម្នាក់ទេ ។ យើងទាំងអស់គ្នាស្ថិតនៅទីកន្លែង និងលើផ្លូវផ្សេងៗគ្នា ហើយយើងចាំបាច់បម្រើគ្នាទៅវិញទៅមកស្របតាមស្ថានភាពនោះ ។
ក៏ដូចជាយើងលាតដៃស្វាគមន៍អ្នកផ្លាស់ប្រែចិត្តថ្មីដោយក្ដីស្រឡាញ់ នោះយើងគួរទទួលយក និងគាំទ្រដល់អ្នកដែលមានសំណួរ និងមិនច្បាស់នៅក្នុងសេចក្ដីជំនឿពួកគេផងដែរ ។
មានពាក្យប្រៀបធៀបស្រដៀងគ្នាមួយទៀត ខ្ញុំអធិស្ឋានសូមឲ្យអ្នកដែលគិតចង់ចាកចេញពី « នាវាស៊ីយ៉ូនចាស់ » ជាកន្លែងដែលព្រះ និងព្រះគ្រីស្ទ គ្រប់គ្រង នឹងឈប់សិន ហើយគិតដោយប្រុងប្រយ័ត្នពីមុនធ្វើដូច្នោះ ។
សូមដឹងថា ទោះជាព្យុះ និងរលកធំៗបោកបក់មកលើនាវាចាស់ក្ដី ព្រះអង្គសង្គ្រោះគង់នៅលើនោះ ហើយអាចរម្ងាប់ព្យុះដោយបញ្ជារបស់ទ្រង់ថា « ចូរស្ងៀមទៅ » ។ ដល់ពេលនោះ យើងពុំត្រូវភ័យខ្លាចឡើយ ហើយយើងត្រូវមានសេចក្ដីជំនឿដោយឥតងាករេ និងដឹងថា « សមុទ្រក៏ស្តាប់បង្គាប់ទ្រង់ដែរ » ។
បងប្អូនប្រុសស្រី ខ្ញុំសន្យានឹងអ្នកក្នុងព្រះនាមនៃព្រះថា ទ្រង់នឹងមិនបោះបង់សាសនាចក្រទ្រង់ចោលឡើយ ហើយថាទ្រង់នឹងមិនបោះបង់នរណាម្នាក់ឲ្យវិនាសឡើយ ។ សូមចងចាំការឆ្លើយតបរបស់ពេត្រុសទៅនឹងសំណួរ និងបន្ទូលរបស់ព្រះអង្គសង្គ្រោះ ៖
« តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ? គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
« យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត » ។
ខ្ញុំថ្លែងទីបន្ទាល់ថា « ពុំមាននាមណាមួយ ឬផ្លូវ ឬក៏មធ្យោបាយឯណាទៀតឡើយ ដែលអាចនាំសេចក្ដីសង្គ្រោះមកឲ្យកូនចៅមនុស្ស មានតែមធ្យោបាយមួយប៉ុណ្ណោះ គឺដោយតាមរយៈព្រះនាមនៃព្រះគ្រីស្ទ » ។
ខ្ញុំក៏ថ្លែងទីបន្ទាល់ផងដែរថា ព្រះយេស៊ូវគ្រីស្ទ បានហៅពួកសាវក និងពួកព្យាការីនៅជំនាន់យើង ហើយបានស្ដារសាសនាចក្ររបស់ទ្រង់ឡើងវិញជាមួយនឹងការបង្រៀន និងបទបញ្ញត្តិនានាធ្វើជា « ទីជ្រកកោនព្យុះសង្ឃរា និងពីសេចក្ដីក្រោធ » ដែលនឹងមានជាពិត លើកលែងតែមនុស្សក្នុងលោកិយនេះប្រែចិត្ត ហើយត្រឡប់ទៅរកទ្រង់វិញ ។
ខ្ញុំសូមថ្លែងទីបន្ទាល់បន្ថែមថាព្រះអម្ចាស់ « អញ្ជើញពួកគេទាំងអស់គ្នាឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ ហើយទ្រង់ពុំបដិសេធអ្នកណាម្នាក់ដែលមករកទ្រង់ឡើយ ទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី … ក៏ដូចគ្នានៅចំពោះព្រះដែរ » ។
ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ហើយដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ នឹងដឹកនាំយើងឲ្យត្រឡប់ទៅកាន់វត្តមានរបស់ព្រះបិតាមាតាសួគ៌វិញដោយសុវត្ថិភាព ប្រសិនបើយើងបន្ដនៅលើផ្លូវនៃដំណឹងល្អ ហើយដើរតាមដានព្រះបាទារបស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។