ចូរទុកចិត្តដល់ព្រះយេហូវ៉ាចុះ
ចូរចូលរួមក្នុងការធ្វើអ្វីដែលអ្នកអាច ក្នុងការចែកសារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដ៏អស្ចារ្យ ។
បងស្រី បាឡឺដ និងខ្ញុំ ថ្មីៗនេះបានត្រឡប់មកពីការចាត់តាំងឲ្យគ្រប់គ្រងប្រទេសចំនួនប្រាំនៅទ្វីបអើរ៉ុប ។ នៅទីនោះ យើងមានឯកសិទ្ធិជួបនឹងអ្នកផ្សាយសាសនាជាច្រើន ប្រហែលជាខ្លះត្រូវជាកូនប្រុសស្រីរបស់អ្នក ។ ចាប់តាំងពីការប្រកាសរបស់ប្រធានថូម៉ាស អេស ម៉នសុន ពីការបន្ទាបអាយុរបស់យុវជនយុវនារី ដើម្បីបម្រើ នោះខ្ញុំមានឯកសិទ្ធិជួបពួកគេជាង 3,000 នាក់ ។ ពន្លឺព្រះគ្រីស្ទ បានសាយភាយលើទឹកមុខពួកគេ ហើយពួកគេចង់រំកិលកិច្ចការឲ្យឆ្ពោះទៅមុខ-- ដើម្បីស្វែងរក និងបង្រៀន ដើម្បីជ្រមុជទឹក ធ្វើឲ្យសកម្ម និងដើម្បីពង្រឹង រួចស្ថាបនានគរព្រះ ។ ពេលជួបនឹងពួកគេម្នាក់ៗបានដឹងភ្លាមថា ពួកគេពុំអាចធ្វើកិច្ចការនេះតែឯងបានទេ ។ ថ្ងៃនេះ ខ្ញុំចង់និយាយទៅកាន់សមាជិកទាំងអស់ក្នុងសាសនាចក្រ ដោយសារជាភាពបន្ទាន់ដើម្បីឲ្យយើងគ្រប់រូប ចូលរួមក្នុងការចែកចាយដំណឹងល្អ ។
ដូចដែលបានដកស្រង់ជាច្រើនដងរួចមកហើយ ព្យាការី យ៉ូសែប ស្ម៊ីធ បានប្រកាសថា « បន្ទាប់ពីអ្វីៗទាំងអស់ត្រូវបាននិយាយ កាតព្វកិច្ចដ៏សំខាន់ និងមហិមាបំផុត គឺប្រកាសដំណឹងល្អ » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ 2007] ទំព័រ 330 ) ។
នៅឆ្នាំ 1974 ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ថា ៖ « ប្រហែលជា មូលហេតុដ៏ធំបំផុតក្នុងកិច្ចការផ្សព្វផ្សាយសាសនា គឺត្រូវផ្ដល់ដល់ពិភពលោកនូវឱកាសដើម្បីស្ដាប់ និងទទួលដំណឹងល្អ ។ បទគម្ពីរមានពេញដោយការបញ្ជា និងការសន្យា និងការហៅ និងរង្វាន់សម្រាប់ការបង្រៀនដំណឹងល្អ ។ ខ្ញុំប្រើពាក្យ បញ្ជា គោលបំណងដើម្បីដឹកនាំជាបន្ដបន្ទាប់ ដែលយើងពុំអាចគេចបានសូម្បីតែម្នាក់ និងជារួម » (« When the World Will Be Converted » Ensign ខែតុលា ឆ្នាំ 1974 ទំព័រ 4 ) ។
នៅ ខែកក្កដា ក្នុងឆ្នាំដដែលនោះ ស៊ីស្ទើរ បាឡឺដ និង ខ្ញុំបានចាកចេញជាមួយកូនៗទៅធ្វើជាអធិបតីនៅបេសកកម្មកាណាដា តូរ៉ុនតូ ។ សម្ដីរបស់ប្រធាន ឃឹមបឹល បានឮនៅក្នុងត្រចៀកខ្ញុំ ជាពិសេសពេលលោកមានប្រសាសន៍ថា ៖ « បងប្អូនប្រុសខ្ញុំអើយ ខ្ញុំងឿងឆ្ងល់ បើយើងកំពុងធ្វើអ្វីៗឲ្យអស់ពីលទ្ធភាព ។ តើយើងស្កប់ស្កល់ក្នុងរបៀបរបស់យើង ដើម្បីបង្រៀនដល់ពិភពលោកឬទេ ? ឥឡូវយើងបានផ្សព្វផ្សាយ 144 ឆ្នាំហើយ ។ តើយើងបានត្រៀមខ្លួនពង្រីកលទ្ធភាពយើងឬទេ ? នឹងដើម្បីពង្រីកទស្សនៈវិស័យយើងឬទេ ? » (Ensign ខែតុលា ឆ្នាំ 1974 ទំព័រ 5 ) ។
លោកក៏បានសុំយើងឲ្យពន្លឿនជំហានយើង ធ្វើការជាមួយគ្នាដើម្បីស្ថាបនាសាសនាចក្រ និងនគរព្រះផងដែរ ។
កាលពីខែមិថុនាកន្លងទៅនេះ ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងនូវសារលិខិតដូចគ្នានេះ ដល់សមាជិកក្នុងសាសនាចក្រ ។ លោកប្រធានបានថ្លែងថា ៖ « ឥឡូវដល់ពេលសម្រាប់សមាជិក និងអ្នកផ្សាយសាសនាធ្វើការរួមគ្នា …[ ហើយ ] ធ្វើការក្នុងចម្ការរបស់ព្រះអម្ចាស់ ដើម្បីនាំព្រលឹងមកកាន់ទ្រង់ ។ ទ្រង់បានរៀបចំមធ្យោបាយឲ្យយើងចែកចាយដំណឹងល្អតាមរបៀបជាច្រើន ហើយទ្រង់នឹងជួយយើងក្នុងកិច្ចការយើង បើយើងនឹងធ្វើកិច្ចការដោយជំនឿ ដើម្បីបំពេញកិច្ចការទ្រង់ » (« សេចក្ដីជំនឿទៅលើកិច្ចការនៃសេចក្ដីសង្គ្រោះ » [ សុន្ទរកថា ផ្ដល់ឲ្យនៅការចាក់ផ្សាយពិសេសមួយ ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2013], lds.org/broadcasts) ។
វាជាការល្អ បងប្អូនប្រុសស្រី ដើម្បីគិតពីការបង្រៀនរបស់ពួកព្យាការី ចាប់តាំងពីជំនាន់ យ៉ូសែប ស្ម៊ីធ រហូតដល់បច្ចុប្បន្ន។ ពួកលោកបានលើកទឹកចិត្ត និងបានហៅថ្នាក់ដឹកនាំ និងសមាជិកនៃសាសនាចក្រឲ្យចូលរួមយ៉ាងខ្លាំង នៅក្នុងការនាំសារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អទៅដល់កូនចៅព្រះបិតាសួគ៌ទាំងអស់ ក្នុងពិភពលោកទាំងមូល ។
សារលិខិតខ្ញុំរសៀលនេះ គឺថា ព្រះអម្ចាស់ កំពុង ពន្លឿនកិច្ចការទ្រង់ ។ នៅជំនាន់យើង ការណ៍នេះអាចធ្វើបាន តែពេលសមាជិកគ្រប់រូបក្នុងសាសនាចក្រ ឈោងជួយដោយក្ដីស្រឡាញ់ ដើម្បីចែកសេចក្ដីពិតនៃដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ យើងចាំបាច់ត្រូវធ្វើការរួមគ្នា ជាដៃគូនឹងអ្នកផ្សាយសាសនាជិត 8000នាក់របស់យើងដែលកំពុងបម្រើឥឡូវនេះ ។ ព័ត៌មានអំពីកិច្ចការមហិមានេះ ជាពិសេសកិច្ចការសម្រាប់អ្នកដឹកនាំក្រុមប្រឹក្សាស្ដេក និងវួដ គឺបានចែងយ៉ាងច្បាស់នៅវិបសាយ LDS.org ដែលមានចំណងជើងថា « ពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ » ។
យើងដឹងមកពីការស្រាវជ្រាវយើងថា សមាជិកសកម្មបំផុតក្នុងសាសនាចក្រចង់បានពរជ័យនៃដំណឹងល្អ មានចំណែកក្នុងជីវិតរបស់អ្នកដទៃដែលគេស្រឡាញ់ ទោះជាអ្នកដែលពួកគេពុំធ្លាប់ជួបក្ដី ។ ប៉ុន្តែយើងក៏ដឹងផងដែរថា សមាជិកជាច្រើនស្ទាក់ស្ទើរធ្វើកិច្ចការផ្សាយសាសនា និងចែកដំណឹងល្អដោយមូលហេតុចម្បងពីរ ។
-
ទីមួយ គឺខ្លាច ។ សមាជិកជាច្រើន ពុំទាំងអធិស្ឋានសុំឱកាសចែកចាយដំណឹងល្អផង ដោយខ្លាចថាពួកគេអាចនឹងទទួលការបំផុសពីព្រះឲ្យធ្វើអ្វីមួយ ដែលពួកគេគិតថា ពួកគេពុំមានសមត្ថភាពនឹងធ្វើបាន ។
-
មូលហេតុទីពីរ គឺការមិនយល់ពីកិច្ចការផ្សាយសាសនាថាជាអ្វី ។
យើងដឹងថា ពេលនរណាម្នាក់ឡើងនិយាយក្នុងម៉ោងសាក្រាម៉ង់ ហើយនិយាយថា « ថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីកិច្ចការផ្សាយសាសនា » ឬប្រហែលជាពេលអែលឌើរ បាឡឺដ ឡើងនិយាយក្នុងសន្និសីទទូទៅ ហើយនិយាយរឿងដដែលនេះ នោះមានអ្នករាល់គ្នាមួយចំនួនអាចគិតថា « ទៀតហើយ យើងបានស្ដាប់ពីមុនហើយហ្នឹង » ។
ឥឡូវយើងដឹងថា គ្មាននរណាម្នាក់ចង់មានអារម្មណ៍ធ្វើខុសទេ ។ ប្រហែលជាអ្នកមានអារម្មណ៍ថា អ្នកអាចនឹងត្រូវសុំឲ្យធ្វើរឿងមិនពិតក្នុងទំនាក់ទំនងអ្នក ជាមួយមិត្តភក្ដិ ឬអ្នកជិតខាង ។ ដោយមានជំនួយពីព្រះ ខ្ញុំសូមដកការភ័យខ្លាចរបស់អ្នក ឬអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងរបស់យើងចេញ ពេលចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។
ចូរធ្វើការសម្រេចចិត្តដើម្បីធ្វើអ្វីដែលព្រះយេស៊ូវគ្រីស្ទបានសុំឲ្យយើងធ្វើ ។ ព្រះអង្គសង្គ្រោះបានបន្ទូលថា ៖
« ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ៖
« ត្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរកនោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ ។
« ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំប៉័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ?
« ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ?
« ចុះបើអ្នក… ចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អមកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត ? » ( ម៉ាថាយ 7:7–11 ) ។
បងប្អូនប្រុសស្រី ភាពភ័យខ្លាចនឹងជំនួសដោយជំនឿ និងទំនុកចិត្ត នៅពេលសមាជិក និងអ្នកផ្សាយសាសនាពេញម៉ោង លុតជង្គង់ចុះអធិស្ឋាន ហើយសូមព្រះអម្ចាស់ ដើម្បីប្រទានពរដល់ពួកគេនូវឱកាសផ្សាយសាសនា ។ បន្ទាប់ យើងត្រូវបង្ហាញជំនឿយើង ហើយរកឱកាសដើម្បីណែនាំដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់កូនចៅព្រះបិតាសួគ៌ ឱកាសទាំងនោះនឹងពិតជាមកដល់ ។ ឱកាសទាំងនេះ នឹងពុំតម្រូវឲ្យមានការតបដោយបង្ខំ ឬគ្រោងទុកនោះទេ ។ វានឹងមកជាផលនៃក្ដីស្រឡាញ់យើងចំពោះបងប្អូនប្រុសស្រីយើង ។ ចូរវិជ្ជមាន ហើយអ្នកដែលអ្នកនិយាយជាមួយ នឹងដឹងពីក្ដីស្រឡាញ់អ្នក ។ ពួកគេនឹងមិនភ្លេចអារម្មណ៍នោះ ទោះជាពួកគេពុំទាន់ដល់ពេលទទួលយកដំណឹងល្អក្ដី ។ មានការផ្លាស់ប្ដូរយ៉ាងច្រើននាពេលអនាគត ជាពេលដែលស្ថានភាពពួកគេផ្លាស់ប្ដូរ ។
យើងពុំអាចបរាជ័យបានឡើយ ពេលយើងខំអស់ពីសមត្ថភាព ពេលយើងនៅក្នុងកិច្ចការរបស់ ព្រះអម្ចាស់ ។ ខណៈដែលលទ្ធផល ជាផលមួយនៃការអនុវត្តសិទ្ធិជ្រើសរើសរបស់មនុស្សម្នាក់ នោះការចែកចាយដំណឹងល្អ ជាការទទួលខុសត្រូវយើង ។
ចូរទុកចិត្តព្រះអម្ចាស់ ។ ទ្រង់ជាអ្នកគង្វាលល្អ ។ ទ្រង់ស្គាល់ចៀមទ្រង់ ហើយចៀមទ្រង់ស្គាល់សម្លេងទ្រង់ នៅសព្វថ្ងៃនេះ សម្លេងអ្នកគង្វាលល្អ គឺជាសម្លេងអ្នក និងខ្ញុំ ។ ហើយបើយើងពុំចូលរួម នោះមានមនុស្សជាច្រើននឹងពុំបានឮសារលិខិតនៃការស្ដារឡើងវិញទេ ។ វាថ្លែងដោយសាមញ្ញថា វាសំខាន់លើជំនឿ និងសកម្មភាពរបស់យើង ។ គោលការណ៍គឺសាមញ្ញណាស់-- អធិស្ឋានដោយផ្ទាល់ និងជាគ្រួសារ សូមឲ្យព្រះអម្ចាស់ដាក់ឱកាស ។ ព្រះអម្ចាស់បានមានបន្ទូលក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញាថា មនុស្សជាច្រើនត្រូវបានរារាំងពីសេចក្ដីពិតតែ « ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ » (គ. និង ស. 123:12) ។
អ្នកពុំចាំបាច់ជាមនុស្សលេចធ្លោ ឬជាគ្រូបង្រៀនប្រសប់និយាយទាក់ទាញទេ ។ បើអ្នកមានក្ដីស្រឡាញ់ និងសង្ឃឹមជាប់ក្នុងខ្លួនអ្នក នោះព្រះអម្ចាស់សន្យាថា បើអ្នក « … ចូរបន្លឺសម្លេងរបស់អ្នកឡើងដល់ប្រជាជននេះចុះ [ហើយ] ចូរប្រាប់គំនិតទាំងឡាយដែល [ទ្រង់] នឹងដាក់ក្នុងចិត្តរបស់អ្នករាល់គ្នាចុះ ហើយអ្នកនឹងមិនត្រូវបានធ្វើឲ្យខ្មាស់ នៅចំពោះមនុស្សលោកឡើយ ៖
« [ហើយ] ត្បិតសេចក្ដីដែលអ្នកត្រូវនិយាយ នោះនឹងបានប្រទានដល់អ្នកនៅម៉ោងនោះ …» ( គ. និង ស. 100:5–6) ។
សៀវភៅប្រកាសដំណឹងល្អរបស់យើង រំឭកយើងថា « គ្មានអ្វីកើតឡើងក្នុងកិច្ចការផ្សាយសាសនាទេ ទាល់តែ [យើង] ស្វែងរកនរណាម្នាក់បង្រៀន ។ និយាយជាមួយមនុស្សឲ្យបានច្រើនរាល់ថ្ងៃ ។ វាគឺជាធម្មជាតិ ឲ្យងាយយល់នូវអ្វីមួយ អំពីការនិយាយទៅកាន់មនុស្សម្នាក់ ប៉ុន្តែអ្នកអាចអធិស្ឋានសម្រាប់សេចក្ដីជំនឿ និងកម្លាំង ដើម្បីកាន់តែមានភាពក្លាហាន នៅក្នុងការបើកមាត់របស់អ្នក ប្រកាសដំណឹងល្អ ដែលបានស្ដារឡើងវិញ » ([ ឆ្នាំ 2004 ] ទំព័រ 156–57) ។ អ្នកផ្សាយសាសនាពេញម៉ោង បើអ្នកចង់បង្រៀនកាន់តែច្រើន នោះអ្នកត្រូវតែនិយាយទៅមនុស្សឲ្យច្រើនរាល់ថ្ងៃ ។ នេះតែងតែជាអ្វីដែលព្រះអម្ចាស់ បានបញ្ជូនអ្នកផ្សាយសាសនាឲ្យទៅធ្វើ ។
ព្រះអម្ចាស់ស្គាល់យើង ។ ទ្រង់ដឹងថា យើងមានឧបសគ្គ ។ ខ្ញុំបានដឹងថា អ្នករាល់គ្នាមួយចំនួនអាចមានអារម្មណ៍ជាបន្ទុកធ្ងន់ ប៉ុន្តែខ្ញុំអធិស្ឋានសូមកុំឲ្យមាននរណាម្នាក់ មានអារម្មណ៍ថា ការឈោងទៅជួយតាមធម្មតា និងរីករាយ ដើម្បីចែកចាយដំណឹងល្អនឹងទៅជាបន្ទុកនោះឡើយ ។ ប៉ុន្តែវាជាឯកសិទ្ធិមួយវិញទេ ! គ្មានក្ដីអំណរណាក្នុងជីវិត អស្ចារ្យជាងការចូលរួមក្នុងការបម្រើនៃព្រះអម្ចាស់ទេ ។
គន្លឹះ គឺថាអ្នកត្រូវបានបំផុសពីព្រះ ថាអ្នកទូលសូមទ្រង់នូវការដឹកនាំ បន្ទាប់មកទៅ ហើយធ្វើដូចដែលព្រះវិញ្ញាណប្រាប់ ។ ពេលសមាជិកមើលកិច្ចការនៃសេចក្ដីសង្គ្រោះថា ជាការទទួលខុសត្រូវរបស់ពួកគេតែឯង វាអាចគួរឲ្យខ្លាច ។ ពេលពួកគេមើលវា ជាការអញ្ជើញឲ្យដើរតាមព្រះ ក្នុងការនាំព្រលឹងមករកទ្រង់ ទទួលការបង្រៀនដោយអែលឌើរ និងស៊ីស្ទើរពេញម៉ោង នោះវាជាការបំផុស រឹងប៉ឹង និងលើកតម្កើង ។
យើងពុំសុំឲ្យមនុស្សគ្រប់គ្នាធ្វើអ្វីគ្រប់យ៉ាងនោះទេ ។ យើងគ្រាន់តែសុំឲ្យសមាជិកទាំងអស់ឲ្យអធិស្ឋាន ដើម្បីដឹងថា បើសមាជិកគ្រប់រូប ទាំងចាស់ ទាំងក្មេង នឹងឈោងទៅជួយ « មនុស្សម្នាក់ » ចន្លោះពីពេលនេះ ដល់បុណ្យគ្រីស្ទម៉ាស នោះមនុស្សរាប់លាននឹងទទួលក្ដីស្រឡាញ់របស់ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ ។ ហើយនោះជាអំណោយដ៏អស្ចារ្យចំពោះព្រះអង្គសង្គ្រោះ ។
ប្រាំមួយសប្ដាហ៍កន្លងទៅ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីគ្រួសារសមាជិកអ្នកផ្សាយសាសនាដ៏ជោគជ័យម្នាក់ គឺគ្រួសារ មុនស៍ នៅរដ្ឋ ផ្ល័ររីដា ។ ពួកគេសរសេរថា ៖
« អែលឌើរ បាឡឺដ ជាទីស្រឡាញ់ រយៈពេល 30 នាទីបន្ទាប់ពីការចាក់ផ្សាយទូទាំងពិភពលោក អំពីការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ នោះយើងបានមានក្រុមប្រឹក្សាផ្សាយសាសនាជាគ្រួសារ ។ យើងរីករាយដែលដឹងថា ចៅជំទង់របស់យើង ចង់ចូលរួមដែរ ។ យើងរីករាយនឹងរាយការណ៍ថា ចាប់តាំងពីការប្រជុំក្រុមប្រឹក្សាយើងមក នោះយើងបានពង្រីកបញ្ជីការបង្រៀនគ្រួសាររបស់យើង ដល់ទៅ 200 ភាគរយ ។
« យើងមានចៅៗនាំមិត្តមកព្រះវិហារ ហើយបានរីករាយនឹងការប្រជុំសាក្រាម៉ង់ ជាមួយនឹងមិត្តពុំសូវសកម្មរបស់យើងមួយចំនួន ហើយបានមានអ្នកថ្មីមួយចំនួន ដែលបានតាំងចិត្តនឹងរៀនជាមួយអ្នកផ្សាយសាសនា ។ ស្ត្រីពុំសូវសកម្មយើងម្នាក់ ពុំគ្រាន់តែត្រឡប់មកព្រះវិហារវិញទេ តែបាននាំអ្នករៀនថ្មីមកជាមួយគាត់ផងដែរ ។
« គ្មាននរណាម្នាក់បានបដិសេធការអញ្ជើញឲ្យទទួលការរៀនពីអ្នកផ្សាយសាសនាទេ ។ ឱនេះជាពេលដ៏រំភើបមួយ ដើម្បីធ្វើជាសមាជិកនៃសាសនាចក្រនេះ » ( សំបុត្រផ្ទាល់ខ្លួន ថ្ងៃទី 15 ខែ សីហា ឆ្នាំ 2013) ។
ចូរស្ដាប់ការបំផុសពីព្រះវិញ្ញាណ ។ ចូរទូលអង្វរព្រះក្នុងការអធិស្ឋានដ៏ខ្លាំង ។ ចូរចូលរួមក្នុងការធ្វើអ្វីដែលអ្នកអាច ក្នុងការចែកសារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដ៏អស្ចារ្យ ។
ខ្ញុំដកស្រង់ពីសមាជិកផ្សាយសាសនាដ៏ជោគជ័យមួយទៀតគឺ ក្លេតុន គ្រីស្ទានសិន ៖ « រាល់ពេលដែលអ្នកចាប់ដៃនរណាម្នាក់ ហើយណែនាំគាត់ ឬនាងទៅព្រះយេស៊ូវគ្រីស្ទ នោះអ្នកនឹងទទួលអារម្មណ៍ថាព្រះអង្គសង្គ្រោះស្រឡាញ់អ្នកខ្លាំងប៉ុណ្ណា ហើយស្រឡាញ់មនុស្សដែលអ្នកចាប់ដៃយ៉ាងណា » (The Power of Everyday Missionaries: The What and How of Sharing the Gospel [ ឆ្នាំ 2013] ទំព័រ 1 ) ។
សូមព្រះប្រទានពរអ្នក បងប្អូនប្រុសស្រី ឲ្យរកបានក្ដីអំណរដ៏មហិមា ដែលកើតមានពីការជួបនឹងអព្ភូតហេតុ តាមរយៈជំនឿអ្នក ។ ដូចយើងបានរៀនក្នុងមរ៉ូណៃជំពូក 7 ថា ៖
« ទ្រង់មានព្រះបន្ទូលថា ៖ បើសិនជាអ្នករាល់គ្នាមានសេចក្ដីជំនឿជឿដល់យើង នោះអ្នករាល់គ្នានឹងមានអំណាច ប្រយោជន៍នឹងធ្វើនូវអ្វីៗដែលជាការចាំបាច់ដល់យើង ។ …
« … ត្បិតដោយសារសេចក្ដីជំនឿនេះហើយ ទើបពួកទេវតាលេចមក ហើយធ្វើការងារបម្រើដល់មនុស្ស ហេតុដូច្នោះហើយ បើសិនជាឈប់មានការណ៍អស់ទាំងនេះ នោះវេទនាហើយកូនចៅមនុស្ស ត្បិតគឺដោយមកពីការឥតជំនឿ នោះអ្វីៗទាំងអស់ក៏ឥតប្រយោជន៍ដែរ » ( មរ៉ូណៃ 7:33, 37) ។
ចេញពីបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ខ្ញុំអាចថ្លែងទីបន្ទាល់ទៅកាន់អ្នកថា ព្រះអម្ចាស់នឹងស្ដាប់ឮការអធិស្ឋានរបស់អ្នក ហើយអ្នកនឹងមានឱកាសជាច្រើនឥឡូវនេះ និងឆ្នាំខាងមុខៗទៀត ដើម្បីណែនាំដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅកាន់កូនចៅដ៏មានតម្លៃរបស់ព្រះបិតាសួគ៌ ។ ប្រធាន ម៉នសុន យើងបានស្ដាប់ ។ យើងនឹងខិតខំស្វែងរកអ្នកដែលរៀបចំខ្លួន ។ ខ្ញុំអធិស្ឋានសុំឲ្យយើងទាំងអស់គ្នាអាចមានបទពិសោធន៍ក្ដីអំណរដ៏មហិមា ដែលកើតមានពីកិច្ចការផ្សាយសាសនា ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។