អ្នកគង្វាលដ៏ពិត
ការបង្រៀនតាមផ្ទះ ឆ្លើយតបការអធិស្ឋានជាច្រើន ហើយអនុញ្ញាតឲ្យយើងមើលឃើញការផ្លាស់ប្ដូរដែលអាចកើតឡើងក្នុងជីវិតមនុស្ស ។
យប់នេះក្នុងមជ្ឈមណ្ឌលសន្និសីទនៅទីក្រុង សលត៍ លេក និងនៅគ្រប់ទីកន្លែង ទាំងឆ្ងាយទាំងជិត បានប្រមូលផ្ដុំអ្នកដែលកាន់បព្វជិតភាពនៃព្រះជុំគ្នា ។ អ្នកពិតជា «សង្ឃហ្លួង»---ថែមទាំងជា «ពូជជម្រើស» ដូចដែលសាវកពេត្រុសបានប្រកាស ។1 ខ្ញុំមានកិត្តិយសសម្រាប់ឱកាសនិយាយទៅកាន់អ្នក ។
កាលពីក្មេង គ្រួសារយើងបានទៅជ្រលងភ្នំ ប្រូវ៉ូ ប្រមាណជា 72 គ.ម. ភាគខាងត្បូងឈាងខាងកើតទីក្រុង សលត៍ លេក រាល់រដូវក្ដៅ ជាទីដែលយើងស្នាក់នៅក្នុងផ្ទះតូចមួយរបស់គ្រួសារបានបីបួនសប្ដាហ៍ ។ យើងជាក្មេងប្រុសៗ តែងអន្ទៈសារចុះទៅអូរស្ទួចត្រី ឬហែលទឹក ហើយយើងបានបង្ខំឲ្យបើកឡានឲ្យលឿន ។ នៅពេលនោះ ឡានដែលឪពុកខ្ញុំបើក គឺឡានឆ្នាំ 1928 ។ បើគាត់បើកលើសពី 56 គ.ម. ក្នុងមួយម៉ោង ម្ដាយខ្ញុំនឹងនិយាយថា « បន្ថយល្បឿន ! បន្ថយល្បឿន ! » តែខ្ញុំនិយាយថា «ប៉ា បន្ថែមល្បឿនឲ្យលឿនទៀត ! »
ប៉ាបានបើកល្បឿន 56 គ.ម. ក្នុងមួយម៉ោងរហូតដល់ជ្រលងភ្នំ ប្រូវ៉ូ ឬរហូតយើងដល់ផ្លូវបត់ ហើយដល់ពាក់កណ្ដាលផ្លូវត្រង់ហ្វូងចៀម ។ យើងបានមើលចៀមរាប់រយដើរកាត់យើង ទំនងដូចជាគ្មានអ្នកគង្វាល តែមានឆ្កែពីរបីក្បាលនៅយាមពួកវា ។ ពីក្រោយហ្វូងចៀមនោះក្នុងចម្ងាយយ៉ាងឆ្ងាយ យើងបានឃើញអ្នកគង្វាលចៀមជិះលើសេះ---តែសេះនោះគ្មានពាក់បង្ហៀរទេ ។ ម្ដងម្កាលគាត់បានបន្ទាបកែបសេះចុះ ហើយដេក ដោយសារសេះនោះដឹងពីផ្លូវដែលត្រូវទៅ ហើយឆ្កែចាំយាមបានធ្វើកិច្ចការនោះហើយ ។
ប្រៀបធៀបការនោះនឹងអ្វីដែលខ្ញុំបានឃើញនៅ ម៉ូនីច ប្រទេស អាល្លឺម៉ង់ ជាយូរមកហើយ ។ វាជាព្រឹកថ្ងៃអាទិត្យមួយ ហើយយើងបានធ្វើដំណើរទៅសន្និសីទអ្នកផ្សាយសាសនាមួយ ។ ពេលខ្ញុំមើលតាមបង្អួចឡានប្រធានបេសកកម្ម ខ្ញុំបានឃើញអ្នកគង្វាលម្នាក់កាន់ដំបងមួយក្នុងដៃ ដើម្បីនាំ សត្វចៀម ។ វាដើរតាមគាត់មិនថាគាត់ទៅទីណាទេ ។ បើគាត់ងាកទៅឆ្វេង វាដើរទៅឆ្វេង ។ បើគាត់ងាកទៅស្ដាំ វាដើរទៅស្ថាំតាមទិសតែមួយ ។ ខ្ញុំបានធ្វើការប្រៀបធៀបរវាងអ្នកគង្វាលពិតដែលនាំចៀមគាត់ និងអ្នកមើលចៀមដែលជិះពីក្រោយចៀមគាត់ដោយមិនខ្វល់ខ្វាយ ។
ព្រះយេស៊ូវមានបន្ទូលថា « ខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ » ។2 ទ្រង់ផ្ដល់គំរូដ៏ឥតខ្ចោះដល់យើងពីអ្វីដែលអ្នកគង្វាលពិតគួរមាន ។
បងប្អូនប្រុស ដោយមានបព្វជិតភាពនៃព្រះ យើងមានទំនួសខុសត្រូវមួយដើម្បីមើលថែ ។ ប្រាជ្ញាញាណរបស់ព្រះអម្ចាស់បានផ្ដល់ការណែនាំ ដែលយើងអាចក្លាយជាអ្នកគង្វាលចំពោះក្រុមគ្រួសារក្នុងសាសនាចក្រ ជាទីដែលយើងអាចបម្រើ បង្រៀន ហើយថ្លែងទីបន្ទាល់ដល់ពួកគេ ។ នេះហៅថាការបង្រៀនតាមផ្ទះ ហើយនេះជាអ្វីដែលខ្ញុំចង់និយាយទៅកាន់អ្នកនាយប់នេះ ។
ប៊ីស្សពនៃវួដនីមួយៗក្នុងសាសនាចក្រមើលខុសត្រូវលើការចាត់អ្នកកាន់បព្វជិតភាពជាគ្រូបង្រៀនតាមផ្ទះឲ្យទៅផ្ទះសមាជិករាល់ខែ ។ ពួកគេទៅជាគូៗ ។ បើអ្នកធ្វើបាន យុវជនម្នាក់ដែលជាសង្ឃ ឬគ្រូ ក្នុងបព្វជិតភាពអើរ៉ុនធ្វើជាដៃគូរនឹងមនុស្សពេញវ័យម្នាក់ដែលកាន់បព្វជិតភាពមិលគីស្សាដែក ។ ពេលពួកគេចូលទៅក្នុងផ្ទះអ្នកដែលពួកគេបានចាត់ឲ្យទៅ នោះអ្នកកាន់បព្វជិតភាពអើរ៉ុន គួរមានចំណែកក្នុងការបង្រៀននោះ ។ ការចាត់តាំងមួយនេះ នឹងជួយរៀបចំខ្លួនយុវជនទាំងនេះសម្រាប់បេសកកម្ម រួមទាំងការបម្រើបព្វជិតភាពពេញមួយជីវិតដែរ ។
កម្មវិធីការបង្រៀនតាមផ្ទះជាការឆ្លើយតបមួយចំពោះវិវរណៈសម័យទំនើប ដោយអនុញ្ញាតឲ្យអ្នកដែលមានបព្វជិតភាព « ដើម្បីបង្រៀន ពន្យល់ ទូន្មាន ធ្វើបុណ្យជ្រមុជទឹក... ហើយទៅផ្ទះនៃសមាជិកម្នាក់ៗដើម្បីសួរសុខទុក្ខ ហើយទូន្មានពួកគេឲ្យអធិស្ឋានឲ្យឮ និងនៅទីអាថ៌កំបាំង ហើយធ្វើកាតព្វកិច្ចគ្រួសារគ្រប់យ៉ាង...ដើម្បីមើលការខុសត្រូវលើសាសនាចក្រជានិច្ច ហើយនៅជាមួយ និងចម្រើនកម្លាំងពួកគេ ហើយមើលឲ្យឃើញថា គ្មានសេចក្ដីទុច្ចរិតនៅក្នុងសាសនាចក្រ ឬក៏មានភាពរឹងទទឹងនឹងគ្នាទៅវិញទៅមក ឬមានការកុហក ការពោលបង្កាច់ ឬក៏មានកានិយាយអាក្រក់ឡើយ » ។3
ប្រធាន ដេវីឌ អូ មិកឃេ បានទូន្មានថា ៖ « ការបង្រៀនតាមផ្ទះជាឱកាសដ៏សំខាន់ ហើយរីករាយបំផុតដើម្បីចិញ្ចឹមបីបាច់ និងបំផុសគំនិត ដើម្បីប្រឹក្សា និងណែនាំដល់កូនចៅព្រះវរបិតាយើង ។ ...[វា] ជាការបម្រើ និងការហៅពីព្រះ ។ វាជាកាតព្វកិច្ចយើងក្នុងនាមជាគ្រូបង្រៀនតាមផ្ទះដើម្បីនាំ ...ព្រះវិញ្ញាណចូលទៅគ្រប់ផ្ទះ និងដួងចិត្ត ។ ការស្រឡាញ់កិច្ចការនេះ និងការធ្វើវាឲ្យអស់ពីចិត្ត នឹងនាំយកក្ដីសុខសាន្ត ក្ដីអំណរ និងក្ដីរីករាយដ៏ធំដល់ [គ្រូបង្រៀន] ដ៏ [ថ្លៃថ្នូរ] ហើយមានការលះបង់របស់កូនចៅព្រះ » ។ 4
ក្នុងព្រះគម្ពីរមរមន យើងអានថា អាលម៉ា « បានតាំងអស់ទាំងសង្ឃរបស់គេ និងអស់ទាំងគ្រូរបស់គេ ហើយគ្មានអ្នកណាម្នាក់បានតាំងឡើយ លើកលែងតែពួកគេជាមនុស្សសុចរិត ។
« ហេតុដូច្នេះហើយ ពួកគេបានថែទាំប្រជាជន ហើយបានផ្ដល់ដល់គេនូវអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ។5
ក្នុងការបំពេញទំនួលខុសត្រូវយើងនៃការបង្រៀនតាមផ្ទះ យើងមានការវៃឆ្លាត បើយើងរៀនយល់ពីបញ្ហាសមាជិកគ្រួសារនីមួយៗ ដើម្បីយើងអាចបង្រៀនឲ្យមានប្រសិទ្ធភាព និងផ្ដល់ជំនួយដែលត្រូវការ ។
ការទៅបង្រៀនតាមផ្ទះក៏ទំនងជាមានភាពជោគជ័យដែរ បើការណាត់ជួបមួយត្រូវបានធ្វើឡើងជាមុន ។ ដើម្បីបង្ហាញពីចំណុចនេះ ខ្ញុំចង់ចែកចាយដល់អ្នកនូវបទពិសោធន៍មួយដែលមានជាយូរមកហើយ ។ នៅពេលនោះ គណៈកម្មការប្រតិបត្តិអ្នកផ្សាយសាសនា រួមមាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល, ហ្គរដុន ប៊ី ហ៊ិងគ្លី និង ថូម៉ាស អេស ម៉នសុន ។ មានល្ងាចមួយ បងប្រុសបងស្រី ហ៊ិងគ្លី បានរៀបចំអាហារពេលល្ងាចនៅផ្ទះគាត់សម្រាប់សមាជិកក្នុងគណៈកម្មការនោះ និងភរិយាពួកយើង ។ យើងបានបញ្ចប់អាហារដ៏ឆ្ងាញ់ពិសារនោះ ពេលឮសំឡេងគោះទ្វារ ។ ប្រធាន ហ៊ិងគ្លី បានបើកទ្វារ ហើយឃើញគ្រូបង្រៀនតាមផ្ទះលោក ម្នាក់ឈរនៅមាត់ទ្វារ ។ គ្រូបង្រៀនរូបនោះបានពោលថា « ខ្ញុំដឹងថា ខ្ញុំមិនបានធ្វើការណាត់ជួប ហើយខ្ញុំគ្មានដៃគូទៀត តែខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែមកនៅយប់នេះ ។ ខ្ញុំមិនដឹងថា លោកមានភ្ញៀវនោះទេ ។
ប្រធាន ហ៊ិងគ្លី បានអញ្ជើញបុរសនោះឲ្យចូលមកខាងក្នុងដោយចិត្តសប្បុរស ហើយបានឲ្យគាត់អង្គុយបង្រៀនសាវកបីរូប និងភរិយាពួកលោកស្ដីពីកាតព្វកិច្ចយើងជាសមាជិក ។ ដោយរាងភ័យខ្លាចបន្ដិច បុរសនោះមិនបានធ្វើអស់ពីលទ្ធភាពគាត់ឡើយ ។ ប្រធាន ហ៊ិងគ្លី អរគុណគាត់ដែលបានមក ហើយគាត់ក៏ដើរចេញទៅភ្លាម ។
ខ្ញុំសូមលើកឡើងនូវគំរូមួយទៀតស្ដីពីរបៀបមិនត្រឹមត្រូវដើម្បីសម្រេចការបង្រៀនតាមផ្ទះ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយពីមុន ធ្លាប់ប្រាប់ពីគ្រូបង្រៀនតាមផ្ទះរបស់លោកដែលគ្រាមួយបានទៅផ្ទះគ្រួសារ រ៉មនី នៅយប់មួយដ៏ត្រជាក់ ។ គាត់បានដោះមួកគាត់ចេញ ហើយភ័យខ្លាចពេលអញ្ជើញឲ្យអង្គុយ និងចែកសារលិខិតគាត់ ។ ពេលគាត់នៅឈរ គាត់ពោលថា « បងប្រុស រ៉មនី ខ្ញុំនឹងប្រាប់លោកថា នៅខាងក្រៅត្រជាក់ណាស់ ហើយខ្ញុំបានបញ្ឆេះឡានខ្ញុំចោល ដើម្បីកុំឲ្យវារលត់ ។ ខ្ញុំគ្រាន់តែឈប់មួយភ្លែត ដើម្បីខ្ញុំអាចប្រាប់ប៊ីស្សពថា ខ្ញុំបានធ្វើការបង្រៀនតាមផ្ទះខ្ញុំហើយ » ។6
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បន្ទាប់ពីលើកឡើងនូវបទពិសោធន៍របស់ប្រធាន រ៉មនី ក្នុងការប្រជុំអ្នកកាន់បព្វជិតភាពមួយមក ក្រោយមក បងប្រុស រ៉មនី បានថ្លែងថា « បងប្អូនប្រុស យើងអាចធ្វើបានប្រសើរជាងនោះ---ពិតជាប្រសើរជាងនោះមែន ! »7 ខ្ញុំឯកភាព ។
ការបង្រៀនតាមផ្ទះលើសពីការទៅសួរសុខទុក្ខតាមទម្លាប់មួយខែម្ដងទៅទៀត ។ ទំនួលខុសត្រូវរបស់យើងគឺដើម្បីបង្រៀន បំផុសគំនិត លើកទឹកចិត្ត ហើយជាឱកាសដែលយើងទៅសួរអ្នកដែលមិនសកម្ម ដើម្បីនាំឲ្យមានការសកម្មវិញ ហើយនៅទីបំផុត លើកតម្កើងបុត្រាបុត្រីនៃព្រះ ។
ដើម្បីជួយក្នុងការខិតខំយើង ខ្ញុំសូមចែកនូវការប្រឹក្សាដ៏ឈ្លាសវៃមួយដែលអនុវត្តដល់គ្រួបង្រៀនតាមផ្ទះទាំងឡាយ ។ វាកើតចេញពី អ័ប្រាហាំ លីងគិន ដែលបានពោលថា ៖ « បើអ្នកចង់ឲ្យមនុស្សម្នាក់ដើរតាមអ្នក ដំបូងត្រូវធ្វើឲ្យគាត់ដឹងថា អ្នកជាមិត្តស្មោះត្រង់របស់គាត់ » ។8 ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបន្ថែមថា ៖ « ចូរធ្វើជាមិត្តពិតនឹងបុគ្គល និងគ្រួសារដែលអ្នកបង្រៀន លើសពីអ្វីទាំងអស់ ... មិត្តម្នាក់ធ្វើលើសពីការសួរសុខទុក្ខម្ដងមួយខែទៅទៀត ។ មិត្តម្នាក់ខ្វាយខ្វល់ពីការជួយអ្នកដទៃលើសពីការទទួលបានស្នាដៃទៅទៀត ។ មិត្តម្នាក់ចេះខ្វល់ខ្វាយ ។ មិត្តម្នាក់ [បង្ហាញ] ក្ដីស្រឡាញ់ ។ មិត្តម្នាក់ចេះស្ដាប់ ។ ហើយមិត្តម្នាក់ចេះជួយយកអាសារ» ។9
ការបង្រៀនតាមផ្ទះឆ្លើយតបការអធិស្ឋានជាច្រើន ហើយអនុញ្ញាតឲ្យយើងមើលឃើញការផ្លាស់ប្ដូរដែលអាចកើតឡើងក្នុងជីវិតមនុស្ស ។
គំរូមួយពីរឿងនេះ គឺ ឌី ហាំមើរ ដែលបានមករដ្ឋ យូថាហ៍ តាមរយៈកម្មវិធីការងាររបស់រដ្ឋាភិបាលក្នុងពេលវិបត្តិសេដ្ឋកិច្ចដ៏ធំ ។ គាត់បានជួប ហើយរៀបការនឹងយុវនារីពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់ ។ គាត់បានបើកហាងមួយឈ្មោះ ឌីកកាហ្វេ ក្នុង សេន ចច រដ្ឋ យូថាហ៍ ដែលបានក្លាយជាកន្លែងជួបជុំគ្នាមួយដ៏ល្បី ។
វល្លាដ មីល ជាមិត្តខ្ញុំ ត្រូវបានចាត់ជាគ្រូបង្រៀនតាមផ្ទះរបស់គ្រួសារ ហាំមើរ ។ ដោយសារខ្ញុំស្គាល់ ឌី ហាំមើរ ដែរ ពីព្រោះបានបោះពុម្ពមីនុយសម្រាប់ហាងគាត់ នោះខ្ញុំបានសួរមិត្តខ្ញុំ បងប្រុស មីល ថា ពេលខ្ញុំទៅលេង សេនចច « តើមិត្តយើងឈ្មោះ ឌី ហាំមើរ យ៉ាងម៉េចហើយ ? »
ចម្លើយគឺថា « គាត់កំពុងរីកចម្រើនសន្សឹមៗ » ។
ពេល វល្លាដ មីលនិងដៃគូរគាត់ទៅសួរសុខទុក្ខគ្រួសារ ហាំមើរr រាល់ខែ ពួកគាត់តែងបង្ហាញពីសារលិខិតនៃដំណឹងល្អ ហើយចែកចាយទីបន្ទាល់ពួកគាត់ដល់ ឌីក និងគ្រួសារជានិច្ច ។
ជាច្រើនឆ្នាំបានកន្លងទៅ មានថ្ងៃមួយ វល្លាដ បានទូរស័ព្ទមកខ្ញុំប្រាប់ពីដំណឹងល្អថា ៖ « បងប្រុស ម៉នសុន ឌីក ហាំមើរ បានផ្លាស់ប្រែចិត្តជឿ ហើយនឹងទទួលបុណ្យជ្រមុជទឹក ។ គាត់មានអាយុជិត 90 ឆ្នាំហើយ ហើយយើងបានក្លាយជាមិត្តតាំងពីក្មេង ។ ការសម្រេចចិត្តរបស់គាត់បានធ្វើឲ្យចិត្តខ្ញុំកក់ក្ដៅ ។ ខ្ញុំបានក្លាយជាគ្រូបង្រៀនតាមផ្ទះគាត់ជាច្រើនឆ្នាំ » ។ វល្លាដ ហៀបអួលដើមក ពេលគាត់ប្រាប់ខ្ញុំពីរឿងនេះ ។
បងប្រុស ហាំមើរ បានជ្រមុជទឹក ហើយមួយឆ្នាំក្រោយមកបានចូលក្នុងព្រះវិហារបរិសុទ្ធ សេន ចច ដ៏ស្រស់ស្អាត ហើយនៅក្នុងនោះបានទទួលអំណោយទានពិសិដ្ឋ និងពរជ័យនៃការផ្សារភ្ជាប់របស់គាត់ ។
ខ្ញុំបានសួរ វល្លាដ ថា « តើអ្នកធ្លាប់បាក់ទឹកចិត្តទេ ក្នុងនាមជាគ្រូបង្រៀនតាមផ្ទះគាត់ដ៏យូរបែបនេះ ? »
គាត់បានតបថា « ទេ ការខិតខំទាំងអស់មិនឥតប្រយោជន៍ទេ ។ ដោយសារខ្ញុំឃើញពីអំណរដែលកើតមានក្នុងគ្រួសារ ហាមមើរ នោះចិត្តខ្ញុំពេញដោយការដឹងគុណចំពោះពរជ័យដែលដំណឹងល្អបានចូលទៅក្នុងជីវិតពួកគេ និងចំពោះឱកាសដែលខ្ញុំបានជួយតាមរបៀបមួយចំនួន ។ ខ្ញុំជាមនុស្សដ៏រីករាយ » ។
បងប្អូនប្រុស វានឹងក្លាយជាឱកាសយើង ជាច្រើនឆ្នាំដើម្បីសួរសុខទុក្ខ ហើយបង្រៀនមនុស្សជាច្រើន---ដែលមិនសូវសកម្ម រួមទាំងអ្នកដែលមានការតាំងចិត្តពេញលេញដែរ ។ បើយើងខ្វល់ខ្វាយក្នុងការហៅរបស់យើង យើងនឹងមានឱកាសជាច្រើនដើម្បីប្រទានពរដល់ជីវិតជាច្រើន ។ ការសួរសុខទុក្ខយើងដល់អ្នកដែលដកខ្លួនចេញពីសកម្មភាពសាសនាចក្រ អាចក្លាយជាកូនសោមួយដែលនៅទីបំផុតនឹងបើកទ្វារឲ្យពួកគេត្រឡប់មកវិញ ។
ដោយមានគំនិតនេះក្នុងចិត្ត ចូរយើងឈោងជួយអ្នកដែលយើងទទួលខុសត្រូវ ហើយនាំពួកគេមកតុរបស់ព្រះអម្ចាស់ដើម្បីបរិភោគព្រះបន្ទូលទ្រង់ និងរីករាយនឹងភាពជាដៃគូនៃព្រះវិញ្ញាណទ្រង់ ហើយ « មិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែមួយនឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ » ។10
បើអ្នករាល់គ្នាមិនខ្វល់ខ្វាយពីការបង្រៀនតាមផ្ទះរបស់អ្នកទេ ខ្ញុំចង់និយាយទៅកាន់អ្នកថា ឥឡូវនេះជាពេលដើម្បីពង្រឹងខ្លួនអ្នកឡើងវិញ ដើម្បីបំពេញកាតព្វកិច្ចការបង្រៀនតាមផ្ទះរបស់អ្នក ។ សូមសម្រេចិត្តនៅពេលនេះ ដើម្បីធ្វើកិច្ចការអ្វីក៏ដោយដែលចាំបាច់ ដើម្បីឈោងជួយដល់មនុស្សដែលអ្នកទទួលខុសត្រូវ ។ ពេលខ្លះ ប្រហែលជាត្រូវការលើកទឹកចិត្តបន្តិចបន្តួចថែមទៀត ក៏ដូចជា ជួយដៃគូបង្រៀនតាមផ្ទះអ្នកឲ្យរកពេលទៅជាមួយអ្នក តែបើអ្នកនៅតែបន្ត អ្នកនឹងបានជោគជ័យ ។
បងប្អូនប្រុស ការខិតខំយើងក្នុងការងារបង្រៀនតាមផ្ទះគឺកំពុងទៅមុខ ។ ការងារនេះនឹងមិនដែលបញ្ចប់ឡើយ លុះត្រាតែព្រះអម្ចាស់ដ៏ឆ្នើមយើងមានបន្ទូលថា « វាគ្រប់គ្រាន់ហើយ » ។ មានជីវិតជាច្រើនត្រូវការការលើកទឹកចិត្ត ។ មានដួងចិត្តដែលត្រូវការការលួងលោម ។ មានព្រលឹងដើម្បីសង្រ្គោះ ។ ឯកសិទ្ធិដ៏ពិសិដ្ឋយើង ដើម្បីលើកទឹកចិត្ត លួងលោម និងសង្រ្គោះ ដល់ព្រលឹងដ៏មានតម្លៃទាំងនោះដែលដាក់ឲ្យយើងមើលថែ ។ យើងគួរតែចេញទៅធ្វើដោយស្មោះត្រង់ ហើយដោយដួងចិត្តពេញដោយក្តីអំណរ ។
ជាទីបញ្ចប់ ខ្ញុំសូមនិយាយពីឧទាហរណ៍ចំៗមួយ ដើម្បីពិពណ៌នាពីគ្រូបង្រៀនតាមផ្ទះដែលយើងគួររៀបចំ ។ មានគ្រូបង្រៀនតាមផ្ទះម្នាក់ ដែលមានជីវិតប្រសើរជាងអ្នកដទៃទាំងអស់ ។ ទ្រង់បានបង្រៀនពីជីវិត និងសេចក្តីស្លាប់ ពីករណីកិច្ច និងជោគវាសនា ។ ទ្រង់រស់នៅមិនមែនដើម្បីឲ្យគេបម្រើទេ តែដើម្បីបម្រើគេវិញ ទ្រង់រស់នៅមិនមែនដើម្បីទទួលពីគេ តែដើម្បីឲ្យទៅគេវិញ មិនមែនឲ្យគេសង្រ្គោះជីវិតលោក តែដើម្បីធ្វើពលិកម្មដល់អ្នកដទៃវិញ ។ ទ្រង់បានពិពណ៌នាថា ក្តីស្រឡាញ់ស្រស់ស្អាតជាងតណ្ហា ភាពក្រីក្រមានតម្លៃជាងរតនៈសម្បត្តិ ។ គ្រូបង្រៀនរូបនេះ បានប្រាប់ថា ទ្រង់បង្រៀនដូចជាមានអំណាច មិនមែនដូចពួកអាចារ្យរបស់គេទេ ។11 ក្រិត្យវិន័យទ្រង់មិនមែនសរសេរនៅលើដុំថ្មទេ តែលើចិត្តមនុស្សវិញ ។
ខ្ញុំនិយាយពីគ្រូបង្រៀនដ៏ឆ្នើម ដែលជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្ររបស់ព្រះ ជាព្រះអង្គសង្រ្គោះ និងព្រះប្រោសលោះនៃមនុស្សលោកទាំងអស់ ។ រឿងក្នុងព្រះគម្ពីរប៊ីបបានសរសេរពីទ្រង់ថា ទ្រង់ « យាងចុះឡើងធ្វើកិច្ចការល្អ »12 តាមរយៈទ្រង់ដែលជាអ្នកដឹកនាំ និងធ្វើជាគំរូដ៏ខ្ជាប់ខ្ជួន នោះយើងនឹងមានគុណសម្បត្តិដើម្បីទទួលជំនួយដ៏ទេវភាពទ្រង់ក្នុងការបង្រៀនតាមផ្ទះយើង ។ ជីវិតជាច្រើន នឹងត្រូវប្រទានពរ ។ ព្រលឹងទាំងឡាយ នឹងត្រូវបានលួងលោម ។ ព្រលឹងទាំងឡាយ នឹងត្រូវបានសង្រ្គោះ ។ យើងនឹងក្លាយជាអ្នកគង្វាលពិតប្រាកដ ។ សូមឲ្យអ្វីៗទាំងនេះនៅជាប់នឹងដួងចិត្តអ្នក ខ្ញុំសូមបួងសួងក្នុងនាមនៃអ្នកគង្វាលដ៏អស្ចារ្យនោះ ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។