ប្រកាន់ខ្ជាប់ជានិច្ច
សូមឲ្យយើងកាន់ខ្ជាប់ជានិច្ចនឹងដំបងដែក ដែលនាំយើងទៅក្នុងវត្តមាននៃព្រះបិតាសួគ៌ ។
ឪពុកខ្ញុំអាចចាំពីថ្ងៃ និងវេលាដែលគ្រួសារគាត់ — លោកតា លោកយាយ និងកូនបួននាក់ — បានចេញពីសាសនាចក្រ មានច្រើននាក់ពុំត្រឡប់មកវិញឡើយ ។ គាត់មានវ័យ 13 ឆ្នាំ ជាឌីកុនម្នាក់ នៅជំនាន់នោះ គ្រួសារចូលថ្នាក់សាលាថ្ងៃអាទិត្យនៅពេលព្រឹក បន្ទាប់មកមានប្រជុំសាក្រាម៉ង់ពេលរសៀល ។ នារដូវផ្ការីកដ៏ឆើតមួយ បន្ទាប់ពីត្រឡប់មកផ្ទះវិញពីការថ្វាយបង្គំពេលព្រឹកថ្ងៃអាទិត្យ និងបានបរិភោគអាហារថ្ងៃត្រង់ជុំគ្នាហើយ នោះលោកយាយបានងាកទៅលោកតា សួរថា « បង តើបងគិតថា យើងគួរទៅប្រជុំសាក្រាម៉ង់នៅរសៀលនេះឬទេ ឬយើងគួរនាំគ្រួសារធ្វើដំណើរកម្សាន្តទៅតាមខេត្តវិញ » ?
គំនិតដែលថា គួរទៅ ឬមិនទៅការប្រជុំសាក្រាម៉ង់ ឪពុកខ្ញុំពុំដែលនឹកដល់ទេ តែគាត់ និងបងប្អូនជំទង់បីនាក់របស់គាត់ បានអង្គុយយ៉ាងយកចិត្តទុកដាក់ ។ នារសៀលថ្ងៃអាទិត្យនោះ ការធ្វើដំណើរទៅខេត្ត អាចជាសកម្មភាពគ្រួសារដ៏សប្បាយមួយ តែការសម្រេចចិត្តតូចនោះ បានក្លាយជាការចាប់ផ្ដើមទិសដៅថ្មីមួយ ដែលទីបំផុត បាននាំគ្រួសារគាត់ចេញពីសាសនាចក្រ ដែលជាទីសុវត្ថិភាព សន្ដិសុខ និងពរជ័យ ហើយបាននាំទៅមាគ៌ាទីទៃមួយផ្សេងវិញ ។
មេរៀនមួយនៅជំនាន់យើងកាលនោះ ដល់អ្នកដែលអាចត្រូវល្បួងឲ្យជ្រើសផ្លូវទីទៃ ព្យាការីព្រះគម្ពីរមរមន លោកលីហៃ ចែកចាយការនិមិត្តមួយជាមួយគ្រួសារដែលលោក « បានឃើញក្រុមមនុស្សជាច្រើនឥតគណនា ពួកគេជាច្រើននាក់ក្នុងចំណោមនោះ កំពុងតែប្រជ្រៀតទៅមុខ ដើម្បីពួកគេអាចទៅដល់ផ្លូវ ដែលនាំទៅដើមឈើដែល [ លោក ] ឈរជិតនោះ ។
« ហើយ … ពួកគេបានទៅមុខ ហើយចាប់ផ្ដើមដើរនៅលើផ្លូវ ដែលនាំទៅដល់ដើមឈើនោះ ។
« ហើយ … មានអ័ព្ទនៃសេចក្ដីងងឹតដ៏ធំ … ដរាបដល់ធ្វើឲ្យពួកគេ ដែលបានដើរនៅលើផ្លូវនោះត្រូវធ្លាក់វង្វេងផ្លូវខ្ចាតខ្ចាយបាត់អស់ទៅ » ។1
បន្ទាប់មក លីហៃ បានឃើញក្រុមទីពីរដែល « កំពុងតែប្រជ្រៀតទៅមុខ ហើយពួកគេបានចេញមកចាប់ចុងដំបងដែក ហើយពួកគេប្រជ្រៀតពុះពារអ័ព្ទនៃសេចក្ដីងងឹតទៅមុខ ដោយដើរសួតាមដំបងដែករហូតដល់ពួកគេទៅដល់ ហើយទទួលទានផ្លែឈើនោះ » ។ ជាអកុសល « បន្ទាប់ពីពួកគេបានទទួលទានផ្លែឈើនោះហើយ នោះពួកគេក៏សម្លឹងមើលជុំវិញខ្លួន ហាក់បីដូចជាពួកគេមានការខ្មាស់អៀនចំពោះខ្លួន » ពីព្រោះតែ « អគារដ៏ធំ ហើយទូលាយមួយ » ដែល « នៅក្នុងអាកប្បកិរិយាចំអកឡកឡឺយ ហើយចង្អុលដៃខ្លួនទៅរកពួកអ្នកដែលបានទៅដល់ ហើយកំពុងតែទទួលទានផ្លែឈើនោះ » ។ ក្រោយមកមនុស្សទាំងនេះ « បានធ្លាក់តាមផ្លូវហាមឃាត់ទាំងឡាយ ហើយវង្វេងបាត់អស់ទៅ » ។2 គេពុំអាច ឬប្រហែលពុំចង់កាន់ខ្ជាប់ដរាបចុងបំផុតឡើយ ។
យ៉ាងណាក៏ដោយ មានក្រុមទីបី ដែលពុំគ្រាន់តែសម្រេចបានផ្លែឈើជីវិតទេ គេទាំងពុំបានឃ្លាតឆ្ងាយទៀតផង ។ ព្រះគម្ពីរចែងពីរឿងនេះថា គេបានប្រជ្រៀតគ្នា « ទៅមុខ ដោយកាន់ដំបងដែកយ៉ាងខ្ជាប់ជានិច្ច រហូតដល់ពួកគេបានមកដល់ ហើយដួលចុះ ហើយបរិភោគផ្លែឈើនោះទៅ » ។3 ដំបងដែក ជាតំណាងឲ្យក្រុមមនុស្សនេះ ជាសុវត្ថិភាព និងសន្ដិសុខមួយគត់ ដែលគេអាចរកបាន ហើយគេបានកាន់ខ្ជាប់ជានិច្ច គេបដិសេធមិនបោះបង់ចោល សូម្បីជារឿងសាមញ្ញៗ ដូចជាដំណើរកម្សាន្តទៅខេត្តនៅរសៀលថ្ងៃអាទិត្យក្តី ។
អែលឌើរ ដេវីឌ អេ បែដណា បង្រៀនពីក្រុមមនុស្សនេះថា ៖ « ឃ្លាគន្លឹះនៃខគម្ពីរនេះគឺ ‹ កាន់ខ្ជាប់ជានិច្ច › ទៅនឹងដំបងដែក ។ … ប្រហែលជាមនុស្សក្រុមទីបីនេះអាន និង សិក្សា ហើយ ស្រាវជ្រាវបន្ទូលនៃព្រះគ្រីស្ទ ដោយជាប់លាប់ ។ … នេះជាក្រុមដែលអ្នក និងខ្ញុំគួរខ្នះខ្នែងចូលរួម » ។4
យើងទាំងអស់គ្នា ដែលជាសមាជិកនៃសាសនាចក្រព្រះសព្វថ្ងៃ បានធ្វើសេចក្ដីសញ្ញាធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយគោរពបទបញ្ញត្តិព្រះ ។ កាលធ្វើបុណ្យជ្រមុជទឹក យើងសន្យាឈរជាសាក្សីនៃព្រះសង្គ្រោះ5 ដើម្បីជួយអ្នកទន់ខ្សោយ និងអ្នកខ្វះខាត6 ដើម្បីរក្សាបទបញ្ញត្តិ និងប្រែចិត្ត ជាចាំបាច់ ដូចសាវកប៉ុល បង្រៀនថា « គ្រប់គ្នាបានធ្វើបាប ហើយ [ ខ្វះ ] មិនដល់សិរីល្អនៃព្រះ » ។7
រាល់សប្ដាហ៍ យើងមានឱកាសចូលប្រជុំសាក្រាម៉ង់ ដែលយើងអាចរំឭកសេចក្ដីសញ្ញាទាំងនេះ ដោយការទទួលទាននំប៉័ង និងទឹក ។ ទង្វើសាមញ្ញនេះ ធ្វើឲ្យយើងប្ដេជ្ញាខ្លួនសារជាថ្មី ដើម្បីធ្វើតាមព្រះគ្រីស្ទ និងប្រែចិត្ត ពេលយើងធ្លាក់ម្ដងៗ ។ ព្រះសន្យានឹងយើងថា ទ្រង់នឹងប្រទានព្រះវិញ្ញាណទ្រង់ធ្វើជាមគ្គុទេសន៍ និងការថែរក្សាដល់យើង ។
ពី ប្រកាសដំណឹងល្អរបស់យើង អ្នកផ្សាយសាសនាបង្រៀនថា វិររណៈ និងទីបន្ទាល់កើតមាន នៅពេលយើងចូលរួមការប្រជុំសាសនាចក្រ ៖ « ពេលយើងចូលរួមក្នុងការបម្រើសាសនាចក្រ និងថ្វាយបង្គំរួមគ្នា យើងពង្រឹងគ្នាទៅវិញទៅមក ។ យើងធ្វើទំនាក់ទំនងជាថ្មីជាមួយមិត្តភ័ក្តិ និងគ្រួសារយើង ។ សេចក្ដីជំនឿរបស់យើង ត្រូវបានពង្រឹង នៅពេលយើងសិក្សាបទគម្ពីរ និងរៀនបន្ថែមទៀតអំពីដំណឹងល្អដែលបានស្ដារឡើងវិញ » ។8
គេអាចសួរថា ហេតុអ្វីយើងមានការប្រជុំបីដាច់ពីគ្នានៅថ្ងៃអាទិត្យ ហើយហេតុអ្វីត្រូវចូលរួមនីមួយៗ ? ចូរមើលដោយសង្ខេបៗទៅលើការប្រជុំទាំងបីនេះ ៖
-
ការប្រជុំសាក្រាម៉ង់ផ្ដល់ឱកាសឲ្យរួមចំណែកក្នុងពិធីការបរិសុទ្ធនៃសាក្រាម៉ង់ ។ យើងរំឭកសេចក្ដីសញ្ញា ទទួលបានឥទ្ធិពលនៃព្រះវិញ្ញាណបន្ថែមទៀត និងមានពរជ័យបន្ថែមពីការណែនាំ និងការស្អាងឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ។
-
ថ្នាក់សាលាថ្ងៃអាទិត្យធ្វើឲ្យយើង « បង្រៀនគ្នាទៅវិញទៅមកនូវគោលលទ្ធិនៃនគរ »9 ដើម្បីឲ្យមនុស្សទាំងអស់អាចស្អាងឡើង ហើយត្រេកអរជាមួយគ្នា ។10 អំណាចអស្ចារ្យ និងភាពសុខសាន្តផ្ទាល់ខ្លួនកើតមាន ពេលយើងយល់ពីគោលលទ្ធិនៃដំណឹងល្អដែលបានស្ដារឡើងវិញ ។
-
ការប្រជុំបព្វជិតភាព ជាពេលសម្រាប់បុរស និងយុវជន « រៀនពីករណីយកិច្ច [ របស់គេ ] »11 ហើយ « ត្រូវបានណែនាំកាន់តែល្អ »12 និងការប្រជុំថ្នាក់សមាគមសង្គ្រោះ ផ្ដល់ឱកាសឲ្យស្ត្រីនៃសាសនាចក្រ « បង្កើនក្ដីជំនឿខ្លួន … ពង្រឹងគ្រួសារ [ របស់គេ ] និងគេហដ្ឋាន ហើយជួយអ្នកខ្វះខាត » ។13
ដូចគ្នានេះដែរ យុវនារី និងកុមាររបស់យើង ក៏មានការប្រជុំគេរៀងៗខ្លួន ហើយថ្នាក់ដែលគេត្រូវបានបង្រៀនដំណឹងល្អ គេត្រូវត្រៀមខ្លួនសម្រាប់ទំនួលខុសត្រូវសំខាន់ដែលនឹងមាន ។ ក្នុងការប្រជុំនីមួយៗដាច់គ្នានេះ តែមានទំនាក់ទំនងគ្នា យើងរៀនពីគោលលទ្ធិ មានអារម្មណ៍ព្រះវិញ្ញាណ និងបម្រើគ្នាទៅវិញទៅមក ។ ពេលដែលអាចមានការលើកលែងដោយព្រោះតែចម្ងាយផ្លូវ សោហ៊ុយ ឬសុខភាព នោះយើងគួរខិតខំចូលរួមការប្រជុំថ្ងៃអាទិត្យទាំងអស់ ។ ខ្ញុំសូមសន្យាពីពរជ័យនៃអំណរដ៏ធំ និងភាពសុខសាន្ត ដែលនឹងកើតមានមកពីការថ្វាយបង្គំ អំឡុងការប្រជុំថ្ងៃអាទិត្យទាំងបីម៉ោង ។
គ្រួសារយើងបានតាំងចិត្តចូលការប្រជុំថ្ងៃអាទិត្យ ។ យើងឃើញថា វាពង្រឹងក្ដីជំនឿយើង ហើយធ្វើឲ្យយើងយល់ដឹងកាន់តែជ្រៅពីដំណឹងល្អ ។ យើងដឹងថា យើងមានអារម្មណ៍ល្អលើការសម្រេចចិត្តយើងដើម្បីចូលការប្រជុំសាសនាចក្រ ជាពិសេសពេលយើងមកផ្ទះវិញ និងបន្តរក្សាថ្ងៃឈប់សម្រាក ។ ទោះជាពេលវិស្សមកាល ឬដំណើរកម្រាន្ត យើងក៏ចូលការប្រជុំទាំងអស់នៅថ្ងៃអាទិត្យដែរ ។ កូនស្រីយើងម្នាក់សរសរសំបុត្រមកនិយាយថា នាងចូលព្រះវិហារក្នុងទីក្រុងមួយដែលនាងធ្វើដំណើរទៅ ហើយបានបន្ថែមថា « មែនហើយ ប៉ា កូនចូលរួមការប្រជុំថ្ងៃអាទិត្យទាំងបីម៉ោង » ។ យើងដឹងថា នាងបានពរជ័យសម្រាប់ការសម្រេចចិត្តសុចរិតនាង ។
យើងមានជម្រើសជាច្រើនពីរបៀបរក្សាថ្ងៃឈប់សម្រាក ។ វាតែងតែមានសកម្មភាព « ល្អ » ខ្លះដែលអាច និងគួរលះបង់ វាជាជម្រើសកាន់តែប្រសើរនៃការចូលរួមប្រជុំសាសនាចក្រ ។ នេះជារបៀបមួយពិតដែលបច្ចាមិត្ត « បញ្ឆោតព្រលឹង [ យើង ] ហើយនាំ [ យើងដោយប្រុងប្រយ័ត្ន ] ចុះទៅស្ថាននរក » ។14 វាប្រើសកម្មភាព « ល្អ » ជំនួសឲ្យសកម្មភាព « ល្អជាង » ឬ « ល្អបំផុត » ។15
ការកាន់ខ្ជាប់ជានិច្ចនឹងដំបងមានន័យថា ទោះជាទីណាក៏ដោយ យើងចូលការប្រជុំនៅថ្ងៃអាទិត្យដូចជា ៖ សាក្រាម៉ង់ សាលាថ្ងៃអាទិត្យ បព្វជិតភាព និងសមាគមសង្គ្រោះ ។ កូនៗ និងយុវវ័យយើងចូលរៀនក្នុងថ្នាក់រៀងៗខ្លួន ក្នុងថ្នាក់បឋមសិក្សា ថ្នាក់យុវជន និងថ្នាក់យុវនារី ។ យើងពុំគួររើស ឬជ្រើសយកការប្រជុំណាមួយដើម្បីចូលរួមឡើយ ។ យើងកាន់ខ្ជាប់យ៉ាងសាមញ្ញនឹងបន្ទូលនៃព្រះដោយការថ្វាយបង្គំ និងចូលការប្រជុំនៅថ្ងៃអាទិត្យ ។
ការកាន់ខ្ជាប់ជានិច្ចនឹងដំបងមានន័យថា យើងខិតខំរក្សាបទបញ្ញត្តិព្រះ ដោយអធិស្ឋានផ្ទាល់ខ្លួន និងជាគ្រួសាររាល់ថ្ងៃ ហើយសិក្សាគម្ពីរជាប្រចាំ ។
ការកាន់ខ្ជាប់ជានិច្ចជាផ្នែកនៃដំណឹងល្អនៃព្រះគ្រីស្ទ ដូចបានបង្រៀនក្នុងព្រះគម្ពីរមរមន ។ យើងអនុវត្តជំនឿក្នុងព្រះគ្រីស្ទ ប្រែចិត្តពីបាប ផ្លាស់ប្ដូរដួងចិត្តយើង ហើយលំដាប់នោះ សូមធ្វើតាមទ្រង់ចុះទៅក្នុងទឹកនៃបុណ្យជ្រមុជ ហើយទទួលអំណោយបញ្ជាក់នៃព្រះវិញ្ញាណបរិសុទ្ធ ដែលដើរតួជាមគ្គុទេសន៍ និងអ្នកលួងចិត្ត ។ ហើយដូចនីហ្វៃបង្រៀនថា « ជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ » ដរាបដល់អស់ជីវិត ។16
បងប្អូនប្រុសស្រី យើងជារាស្ត្រនៃសេចក្ដីសញ្ញា ។ យើងមានឆន្ទៈធ្វើ និងរក្សាសេចក្ដីសញ្ញា ហើយពរជ័យដែលបានសន្យានឹងបានទទួល « គ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាយើងមាន » ។17 ពេលយើងកាន់ខ្ជាប់ជានិច្ចនឹងដំបងដោយការរក្សាសេចក្ដីសញ្ញា នោះយើងនឹងត្រូវពង្រឹងឲ្យតតាំងនឹងការល្បួង និងហានិភ័យនៃលោកិយ ។ យើងនឹងអាចកាច់ចង្កូតជីវិតរមែងស្លាប់នេះជាមួយនឹងឧបសគ្គទាំងអស់ ដរាបយើងទៅដល់ដើមឈើមានផ្លែ « ដ៏ពិសេស ហើយគួរឲ្យប្រាថ្នាជាងផ្លែណាៗទាំងអស់ » ។18
ឪពុកខ្ញុំមានសំណាងរៀបការនឹងនារីល្អម្នាក់ដែលលើកទឹកចិត្តគាត់ឲ្យត្រឡប់មកសាសនាចក្រវិញ ហើយផ្ដើមរីកចម្រើនម្ដងទៀតលើមាគ៌ានោះ ។ ជីវិតពេញដោយជំនឿគេ ប្រទានពរដល់កូនៗ ចៅៗជំនាន់ក្រោយ ហើយឥឡូវដល់ចៅទួត ។
គ្រាន់តែការសម្រេចចិត្តចូល ឬពុំចូលការប្រជុំថ្វាយបង្គំនៅថ្ងៃឈប់សម្រាកតែម្ដង បានធ្វើឲ្យមានភាពផ្លាស់ប្ដូរដ៏ធំមួយក្នុងជីវិតគ្រួសារដូនតាខ្ញុំ ដូច្នេះការសម្រេចចិត្តរាល់ថ្ងៃរបស់យើង នឹងមានឥទ្ធិពលលើជីវិតតាមរបៀបផ្សេងៗ ។ មើលទៅវាហាក់ដូចជាជាការសម្រេចចិត្តតូចមួយ ទោះជាចូល ឬពុំចូលប្រជុំសាក្រាម៉ង់ក្ដី តែវានាំឲ្យមានផលកើតឡើងដែលនឹកស្មានមិនដល់ សូម្បីតែភាពអស់កល្បក្តី ។
សូមឲ្យយើងជ្រើសរើសមានភាពឧស្សាហ៍ ហើយទទួលបានពរជ័យមហិមា និងការការពារដែលកើតពីការប្រជុំគ្នា និងការរក្សាសេចក្ដីសញ្ញា ។ សូមឲ្យយើងកាន់ខ្ជាប់ជានិច្ចនឹងដំបងដែក ដែលនាំយើងទៅក្នុងវត្តមាននៃព្រះបិតាសួគ៌ នៅក្នុងការអធិស្ឋានរបស់ខ្ញុំក្នុងព្រះនាមពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។