ឆ្នាំ ២០១០-២០១៩
គោលលទ្ធិ និង គោលការណ៍​ដែល​មាន​នៅ​ក្នុង​មាត្រា​នៃ​សេចក្ដី​ជំនឿ
តុលា 2013


14:30

គោលលទ្ធិ និង គោលការណ៍​ដែល​មាន​នៅ​ក្នុង​មាត្រានៃ​សេចក្ដី​ជំនឿ

មាត្រា​នីមួយៗ​នៃ​សេចក្ដី​ជំនឿ​បន្ថែម​នូវ​តម្លៃ​ពិសេស​ដល់​ការ​យល់​ដឹង​យើង​ស្ដី​ពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ពេលខ្ញុំ​បាន​ទទួល​ការ​ចាត់​ឲ្យ​និយាយ​ក្នុង​សម័យ​ប្រជុំ​បព្វជិតភាព​នៃ​សន្និសីទ​ទូទៅ​នេះ ខ្ញុំ​បាន​គិត​ភ្លាម​ពី​គ្រូបង្រៀន​ថ្នាក់​កុមារ​ដ៏​អស្ចារ្យ​ម្នាក់ ។ ក្ដី​ប្រាថ្នា​ដ៏​ធំ​របស់​គាត់​ គឺ​រៀបចំ​ខ្លួន​យើង​ឲ្យ​សក្ដិសម​​ទទួល​បព្វជិតភាព ។ គាត់​បាន​សាកល្បង​យើង​ពី​តម្រូវការ​ដើម្បី​បញ្ចប់​ថ្នាក់​កុមារ​---ដោយ​ទន្ទេញ​ចាំ​ឈ្មោះ​សមាជិក​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់ និង​មាត្រា​នៃ​សេចក្ដី​ជំនឿ ។ គាត់​ក៏​បាន​សន្យា​នឹង​យើង​ដែរ​ថា--- បើ​យើង​អាច​ទន្ទេញ​ចាំ​មាត្រា​នៃ​សេចក្ដី​ជំនឿ ខ​ដប់​បី យើង​អាច​រើស​កន្លែង​ទៅ​ធ្វើ​សកម្មភាព​សម្រាប់​ថ្នាក់​ចុង​ក្រោយ​របស់​យើង ។

យើង​បាន​រើស​កន្លែង​ពិសេស​មួយ​ ដែល​យើង​ចូលចិត្ត​ឡើង​លើ​ចំណោត​ភ្នំ​ដែល​នៅ​លើ​ពី​ទំនប់​ទឹក​ទី​មួយ​ត្រង់​ច្រក​ចូល​នៃ​ជ្រោះ ឡូហ្គិន ភាគខាង​ជើង​រដ្ឋ​យូថាហ៍។ មាន​ទី​រាប​មួយ​នៅ​លើ​ថ្មី​ភ្នំ​ទាំងនេះ​ដែល​មាន​កន្លែង​អាំង​ភ្លើង​ធម្មជាតិ ដែល​អ្នក​អាច​អាំង​សាច់ក្រក និង ម៉ាសម៉ាឡូ ផងដែរ ។ ពេល​យើង​រើស​យក​កន្លែង​នោះ យើង​មិន​បាន​គិត​ពី​គ្រូបង្រៀន​យើង ដែល​មាន​វ័យ​ចំណាស់ ហើយ​ពុំ​មែន​ជា​អ្នក​ចូលចិត្ត​កីឡាទេ ។ បើ​យើង​បាន​គិត​ពី​បញ្ហា​នោះ​ដោយ​ប្រុងប្រយ័ត្ន នោះ​យើង​នឹង​ឃើញ​ថា​គាត់​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ឡើង​ភ្នំ​នោះ ។ តែ​គាត់​រក្សា​សន្យា​គាត់ ហើយ​គាត់​បាន​តាំងចិត្ត​ដើរ​តាម​យើង ។

ដំបូង យើង​ឡើង​លើ​ភ្នំ​តូច​មួយ ។ ក្នុង​ជំនាន់​យើង គ្មាន​ខ្សែ​ភ្លើង​ដាក់​នៅ​តំបន់​ហាមឃាត់​ឡើយ ។  ដោយ​មាន​ជំនួយ​ខ្លះៗ គាត់​បាន​ឡើង​ទៅ​លើ​កូន​ភ្នំ​នោះ ។ ពេល​នៅ​លើ​កំពូល​ភ្នំ​នោះ យើង​បាន​ដើរ​ចុះ​ទៅ​តំបន់​មាន​ថ្ម​ច្រើន​ទៅ​កន្លែង​ហៅ​ថា « ខ្នង​អណ្តើក » ។

ពេល​យើង​ទៅ​ដល់ គ្រូបង្រៀន​យើង​បាន​ឈរ​ដង្ហក់​យ៉ាង​ខ្លាំង ។ លុះ​ដល់​ពេល​យើង​រៀបចំអង្គុយចុះ​បរិភោគ​អាហារ នោះ​គាត់​បាន​មាន​កម្លាំង​ឡើង​វិញ​ដើម្បី​បង្រៀន​មេរៀន​ចុង​ក្រោយ​ដល់​យើង ។ គាត់​ប្រាប់​យើង​ពី​ភាព​រីករាយ​ដែល​គាត់​មាន​ពេល​បង្រៀន​យើង​ក្នុង​ថ្នាក់​កុមារ​រយៈពេល​ពីរ​ឆ្នាំ​នេះ ។ គាត់​សរសើរ​ពួក​យើង​ដែល​យើង​បាន​ទន្ទេញ​ចាំ​នូវ​មាត្រា​នៃ​សេចក្ដី​ជំនឿ ។ គាត់​បាន​ហៅ​លេខ​ណា​មួយ​ក្នុង​មាត្រា​នោះ ហើយ​បាន​សូត្រ​ឲ្យ​គាត់​ស្ដាប់ ។ រួច​គាត់​ពោល​ថា ការ​ទន្ទេញ​ចាំ​មាត្រា​នៃ​សេចក្ដី​ជំនឿ​គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់​ក្រៅ​ពី​​ពាក្យ​ជា​ច្រើន លុះ​ត្រា​យើង​យល់​ពី​គោលលទ្ធិ និង គោលការណ៍​ដែល​មាន​នៅ​ក្នុង​នោះ ។ គាត់​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​សិក្សា​គោលលទ្ធិ​នៃ​ដំណឹង​ល្អ​ដែល​បង្រៀន​នៅ​ក្នុង​ខ​នីមួយៗ​នៃ​មាត្រា​នៃ​សេចក្ដី​ជំនឿ ។ គាត់​បាន​ពន្យល់​ថា គោលលទ្ធិ​ដែល​មាន​ក្នុង​មាត្រា​នៃ​សេចក្ដី​ជំនឿ​ត្រូវ​បាន​បែងចែក​ជា​ផ្នែក ។

I. ក្រុម​ព្រះ និង​ គោលលទ្ធិ​គ្រឹះ​នៃ​ព្រះគ្រីស្ទ

យើង​រៀន​ពី​មាត្រា​ទី​មួយ​នៃ​សេចក្ដី​ជំនឿ​ថា ក្រុម​ព្រះ​មាន​តួអង្គ​បី ។ ព្រះ​ជា​ព្រះវរបិតា ព្រះ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។

មាត្រា​ទី​ពីរ​បង្រៀន​យើង​ថា យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើរ​យើង​នៅ​លើ​ផែនដី​នេះ ។

មាត្រា​ទី​បី ​ផ្ដល់​ការ​និមិត្ត​មួយ​ពី​បេសកកម្ម​ព្រះគ្រីស្ទ​សម្រាប់​ការ​សង្គ្រោះ​ដល់​កូន​ចៅ​ព្រះវរបិតា ។

មាត្រា​ទី​បួន​បង្រៀន​យើង​ពី​សារៈសំខាន់​នៃ​គោលការណ៍ និង​ពិធី​បរិសុទ្ធ​សំខាន់ៗ ។

ប្រសាសន៍​ដ៏​មាន​ឥទ្ធិពល​របស់​អ្នកគ្រូ​យើង​បាន​ក្លាយ​ជា​ប្រភព​នៃ​ការ​បំផុស​គំនិត​មួយ​សម្រាប់​ខ្ញុំ ដោយ​សារការ​គូស​បញ្ជាក់​ដែល​គាត់​បានដាក់​លើ​ការ​សិក្សា​ដំណឹង​ល្អ ។ ព្រះគម្ពីរ​ដឹកនាំ​យើង​ទៅ​រក​បទដ្ឋាន​នៃ​សេចក្ដី​ពិត​ដែល​អាច​វិនិច្ឆ័យ​លើ​ចំណេះ​ដឹង​ដែល​យើង​នឹង​ទទួល ថា​វា​ពិត​ ឬ​ក្លែងក្លាយ ។ គោលលទ្ធិ​ពិត​មក​ពី​ព្រះ ជា​ប្រភព និង​គ្រឹះ​នៃ​រាល់​សេចក្ដី​ពិត ។ ការ​បង្រៀន និងគោល​គំនិត​នៃ​គោលលទ្ធិ​ពិត​មាន​នៅ​ក្នុង​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ ។ ការ​បង្រៀន​ក្លែងក្លាយ​មក​ពី​សាតាំង ជា​បិតា​នៃ​ការ​កុហក ។ បំណង​វា​គឺ​បំផ្លាញ ផ្លាស់ប្ដូរ ហើយ​កែប្រែ​សេចក្ដី​ពិត​ដែល​បាន​បើក​សម្ដែង ។ វា​ចង់​បញ្ឆោត​យើង​ ដើម្បី​ឲ្យ​យើង​មួយ​ចំនួន​វង្វេង​ផ្លូវ​ក្នុង​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​យើង​វិញ ។

ព្រះគម្ពីរ​បង្រៀន​យើង​ពី​របៀប​ចៀសវាង​ពី​ការ​បង្រៀន​ក្លែងក្លាយ ។ ឧទាហរណ៍ ក្នុង​សំបុត្រ​របស់​ប៉ុល​ទៅ​ធីម៉ូថេ បាន​ចែ​ងថា ៖

« គ្រប់​ទាំង​បទគម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត ៖

« ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សម្រាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ » ( ធីម៉ូថេទី 2 3:16–17 ) ។

គោលលទ្ធិ​នេះ​សំខាន់​ចំពោះ​សាសនាចក្រ ដូច​ជា​ថ្ម​សំខាន់​ចំពោះ​ទូរស័ព្ទ​ដែរ ។ ពេល​អ្នក​ដក​ថ្ម​ចេញពី​ទូរស័ព្ទ​អ្នក វាឥត​ប្រយោជន៍ ។ ព្រះវិហារ​មួយ​ដែល​គោលលទ្ធិ​ពិត​ឈប់​ត្រូវ​បាន​គេ​បង្រៀន ក៏​ឥត​ប្រយោជន៍​ដែរ ។ វា​មិន​អាច​នាំ​យើង​ត្រឡប់​ទៅ​ព្រះវរបិតា​ និង​ផ្ទះ​អស់​កល្ប​យើង​បាន​ឡើយ ។

II. ការរៀប​ចំ និង​របៀប​នៃ​បព្វជិតភាព

បន្ទាប់​ពី​យើង​ចាប់ផ្ដើម​យល់​ពី​គោលលទ្ធិ​គ្រឹះ​នៃ​ព្រះគ្រីស្ទ នោះ​មាត្រា​ទី​ប្រាំ និង​ទី​ប្រាំមួយ​នៃ​សេចក្ដី​ជំនឿ​បង្រៀន​យើង​ពី​ការ​រៀបចំ និង​របៀប​នៃ​បព្វជិតភាព ។ ក្រោម​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់ យ៉ូសែប ស្ម៊ីធ​បាន​រៀបចំ​សាសនាចក្រ​ព្រះគ្រីស្ទ​ដោយ​ប្រើ​សិទ្ធិ​អំណាច​បព្វជិតភាព---ជា​ព្រះចេស្ដា​នៃ​ព្រះ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជា​អង្គភាព​ដូចគ្នា​ដែល​ព្រះគ្រីស្ទ​បាន​រៀប​ចំ ហើយ​ដឹកនាំ​កាល​ទ្រង់​គង់​លើ​ផែនដី ។

វា​ជា​ថ្ងៃ​ដ៏​រុងរឿង​ណាស់​សម្រាប់ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ក្នុង​ខែ មេសា ឆ្នាំ 1829 ពេល​ពួកគាត់​ចូល​ទៅ​ក្នុង​ព្រៃ​អធិស្ឋាន​ពី​គោលលទ្ធិ​នៃ​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការ​ផ្ដាច់​បាប ដែល​ពួកគាត់​បាន​អាន​ពេល​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន ។ មាន​ការ​បង្រៀន​ពី​បុណ្យ​ជ្រមុជ​ទឹក​ដែល​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិហារ​ជាច្រើន​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ 1800 ហើយ​ យ៉ូសែប និង អូលីវើរ បាន​ដឹង​ថា វា​មិន​ពិត​ទាំងអស់​នោះ​ទេ ។ ពួកគាត់​ចង់ដឹង​ពី​របៀប​ត្រឹមត្រូវ​នៃ​បុណ្យ​ជ្រមុជ​ទឹក និង​អ្នក​មាន​សិទ្ធិ​អំណាច​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ផងដែរ ។

ជា​ចម្លើយ​ទៅនឹង​ការ​ទូល​សួរ​ពួកគាត់​ទៅ​ព្រះអម្ចាស់ នោះ​យ៉ូហាន បាទីស្ទ បាន​លេច​មកឯ​ពួកគាត់ ។ លោក​បាន​ដាក់​ដៃ​លើ​ក្បាល ហើយ​ប្រគល់​សិទ្ធិ​អំណាច​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដល់​ពួកគាត់​ដោយ​ពោល​ថា ៖ « នៅ​លើ​អ្នក​ជា​ពួក​អ្នក​បម្រើ​រូប​ខ្ញុំ​អើយ ដោយ​នូវ​ព្រះនាម​នៃ​ព្រះ​ម៊ែស៊ី​ ខ្ញុំ​សូម​ប្រគល់​បព្វជិតភាព​អើរ៉ុន » ( គ. និង ស. 13:1 ) ។

ឱ ! វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​អ្វី​ម្ល៉េះ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។ បព្វជិតភាព​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​លើ​ផែនដី ។

ពេល​យើង​ទទួល​បព្វជិតភាព យើ់ង​ទទួល​សិទ្ធិ​អំណាច​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​ព្រះ ហើយ​ដឹកនាំ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត ។ សិទ្ធិ​អំណាច​នេះ​ជា​ប្រភព​មួយ​ដ៏​សំខាន់​នៃ​អំណាច​ និង​ឥទ្ធិពល​សុចរិត​ជា​ប្រយោជន៍​ដល់​កូនចៅ​ព្រះ​នៅ​លើ​ផែនដី ហើយ​នឹង​បន្ត​មាន​ក្រោយ​ពីសេចក្ដី​ស្លាប់ ។ វា​ជាការ​ចាំបាច់​ដែល​បព្វជិតភាព​ត្រូវបាន​ស្ដារ​ឡើងវិញ​ពី​មុន​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​រៀបចំ ។ នេះ​ជា​មេរៀន​ដ៏​សំខាន់​ដែល​យើង​រៀន​ក្នុង​មាត្រា​ទី​ប្រាំ និង​ទី​ប្រាំមួយ​នៃ​សេចក្ដី​ជំនឿ ។

III. ធនធាន​អស់​កល្ប​ក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់

មាត្រា​បី​បន្ទាប់​ទៀត​នៃ​សេចក្ដី​ជំនឿ---ទី​ប្រាំពីរទី​ប្រាំបី និង​ទី​ប្រាំបួន---បង្ហាញ​ពី​ធនធាន​ដែល​មាន​ដើម្បី​ណែនាំ​យើង​ក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់​យើង ។ យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណោយ​ទាន​ខាងវិញ្ញាណ​ដើម្បី​ដឹកនាំ​យើង​ ពេល​យើង​ដើរ​តាម​ការ​បង្រៀន​របស់​ព្រះអម្ចាស់ ហើយ​ការ​ពារ​យើង​ពី​អំពើ​អាក្រក់ ។ ព្រះគម្ពីរ​ជា​សៀវភៅ​ណែនាំ​មួយ​ទៀត----បើ​យើងអាន​បន្ទូល​ព្រះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ទ្រង់​​នឹង​បង្ហាញ​យើង​នូវ​ផ្លូវ​ត្រឡប់​ទៅរ​ក​​ជីវិត​អស់​កល្បវិញ ។

មាត្រា​ទី​ប្រាំបួន​នៃ​សេចក្ដី​ជំនឿ​បង្រៀន​យើង​ថា ព្រះ​បាន​បើក​សម្ដែង ពិត​ជា​បើក​សម្ដែង ហើយ​នឹង​បើក​សម្ដែង​នៅ​អនាគត​នូវ​សេចក្ដី​ពិត​សំខាន់​អស្ចារ្យ​ជា​ច្រើន​ដល់​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ទ្រង់ ។ យើង​រៀន​ថា ក្រៅ​ពី​លើ​ការ​ស្ដាប់​តាម​សំឡេង​តូច​រហៀង​នៃ​ព្រះវិញ្ញាណ និង​ការ​អាន​ព្រះគម្ពីរ ធនធាន​មួយ​ទៀត​នៃការ​ដឹកនាំ​គឺ​អ្នក​ដឹកនាំ​សាសនាចក្រ​យើង ដែល​បាន​រើស ហៅ ហើយ​ញែក​ចេញ​ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​យើង​តាមរយៈ​មេរៀន​ដែល​ពួកគាត់​បង្រៀន ។

IV. អ្នក​ផ្សាយ​សាសនា​ជា​សមាជិក

មាត្រា​ទី​ដប់ទី​ដប់មួយ និង​ទី​ដប់ពីរ​​នៃ​សេចក្ដី​ជំនឿបង្រៀន​យើង​ពី​របៀប​ដឹកនាំ​កិច្ចការ​ផ្សាយ​សាសនា ហើយ​ចែក​ចាយ​ដំណឹង​ល្អ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​ប្រទេស​ជា​ច្រើន និង​ច្បាប់​ផ្សេងៗ​គ្នា ។ យើង​រៀន​ពី​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដើម្បី​រៀបចំ​សម្រាប់​ការ​យាង​មក​ជា​លើក​ទី​ពីរ​នៃ​ព្រះគ្រីស្ទ ។ យើង​បាន​បង្រៀន​ថា បុរស​ស្ត្រី​ជា​ភ្នាក់ងារ​ចំពោះ​ខ្លួន​ឯង ហើយ​គេ​អាច​ទទួល​យក ឬ​បដិសេធ​បន្ទូល​ព្រះ​ស្រប​តាម​សម្បជញ្ញៈ​គេ​ផ្ទាល់ ។ ជា​ចុង​ក្រោយ ​ពេល​យើង​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទៅ​កាន់​ទិស​ទាំង​បួន​នៃ​ផែនដី យើង​រៀន​ថា យើង​ត្រូវ​គោរព​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ដែល​ចូល​ទៅ ។ ពិត​ណាស់ យើង​ជឿ​លើ​ការ​គោរព ការ​ឲ្យ​តម្លៃ និង​ការ​គាំទ្រ​ដល់​ច្បាប់​ដែន​ដី​នីមួយៗ ។

V. ឥរិយាបថ​ដែល​ប្រាថ្នា​ចង់​បាន

មាត្រា​ទី​ដប់បី​នៃ​សេចក្ដី​ជំនឿ​ផ្ដល់​ការ​យល់​ដឹង​ពិសេស​ស្ដី​ពី​របៀប​ដែល​យើង​គួរ​ដឹកនាំ​ជីវិត​យើង និង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ។ វា​ចែង​ថា៖ « យើង​ខ្ញុំ​ជឿ​លើ​ការ​ប្រព្រឹត្ត​ដោយ​ទៀងត្រង់ ត្រឹមត្រូវ​បរិសុទ្ធ សប្បុរស គុណ​ធម៌ ហើយ​លើ​ការ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំងអស់ ពិត​មែន​ហើយ យើ់ង​ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ខ្ញុំ​ដើរ​តាម​សេចក្ដី​ដាស់​តឿន​របស់​ប៉ុល---យើង​ខ្ញុំ​ជឿ​ដល់​អ្វីៗ​ជា​ច្រើន ហើយ​សង្ឃឹម​ថា​នឹង​អាច​ទ្រាំទ្រ​អ្វីៗ​ទាំងអស់​បាន​ដែរ ។ ហើយ​បើសិន​ជា​មាន​អ្វី​ណា​មួយ​ដែល​ប្រកប​ដោយ​គុណធម៌ គួរ​ឲ្យ​ស្រឡាញ់ ឬ​ឈ្មោះ​ល្អ ឬ​ក៏​គួរ​ឲ្យ​សរសើរ នោះ​យើង​ខ្ញុំ​ស្វែងរក​របស់​ផង​ទាំងនេះ​ហើយ » ។

យើង​គ្រប់គ្នា​គួរ​ស្វែងរក​ឥរិយាបថ​ទាំងនេះ ហើយ​បង្ហាញ​វា​ក្នុង​ការ​រស់នៅ​យើង ។ សេចក្ដី​ពិត​ដែល​បាន​បង្រៀន​ក្នុង​មាត្រា​នៃ​សេចក្ដី​ជំនឿ​គឺ​ពឹង​អាស្រ័យ​គ្នា​ទៅវិញ​ទៅមក​ដូចជា​គ្រឿង​ក្នុង​ទូរស័ព្ទ​ដៃ​ដែរ ។ ដូចជា​ដំណើរ​ការ​លម្អិត​នៃ​ការ​ដាក់​គ្រឿង​ក្នុង​ទូរស័ព្ទ​ដៃ​ដែរ មាត្រា​នៃ​សេចក្ដី​ជំនឿ​ផ្ដល់​ឲ្យ​យើង​នូវ​គោលលទ្ធិ​ដ៏​សំខាន់​នៃ​ការ​ស្ដារ​ឡើង​វិញ ។ មាត្រា​នីមួយៗ​នៃ​សេចក្ដី​ជំនឿ​បន្ថែម​នូវ​តម្លៃ​ពិសេស​ដល់​ការ​យល់​ដឹង​យើង​ស្ដី​ពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

គ្រូ​បង្រៀន​ខ្ញុំ​ក្នុង​ថ្នាក់​កុមារ បាន​ជួយ​ខ្ញុំ​ធ្វើ​ការ​តាំងចិត្ត​មួយ ដើម្បី​សិក្សា​គោលលទ្ធិ​នៃ​នគរ​ព្រះ ។ គាត់​បាន​បង្រៀន​ខ្ញុំឲ្យ​ស្វែងរក​អត្ថន័យ​ដ៏​ស៊ី​ជម្រៅ​ដែល​មាន​ក្នុង​មាត្រា​ដ៏​សាមញ្ញ​ទាំងនេះ​នៃ​សេចក្ដី​ជំនឿ ។ គាត់​បាន​សន្យា​នឹង​ខ្ញុំ​ថា បើ​ខ្ញុំ​ខំ​រៀន​ពី​សេចក្ដី​ពិត​ដ៏​ពិសិដ្ឋ​នេះ នោះ​ចំណេះ​ដឹង​ដែល​ខ្ញុំ​ទទួល​បាន​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​បាន​ប្រសើរ​ឡើង ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ប្រាប់​អ្នក​ថា វា​បាន​ជួយ​ខ្ញុំ​ពិត​មែន ។

ក្រោយ​ពី​មេរៀន​ដ៏​អស្ចារ្យ​របស់​អ្នក​គ្រូ​ខ្ញុំ​លើ​ភ្នំ​ក្នុង​ជ្រលង​ជ្រោះ ឡូហ្គិន មក យើង​បាន​សង្កេត​ឃើញ​ថា យើង​បាន​នៅ​ទីនោះ​យូរ​ជាងការ​គ្រោង​ទុក ។ ពេល​ល្ងាច​បាន​ខិត​ចួល​មក​ដល់ ហើយ​យើង​បាន​ដឹង​ថា​ យើង​នឹង​មាន​បញ្ហា ។

អ្នក​គ្រូ​ខ្ញុំ​មាន​ការ​លំបាក​មក​កាន់​កន្លែង​ពិសេស​របស់​យើង តែ​ការ​ត្រឡប់​ទៅ​វិញ​ជា​បញ្ហា​ធំ​មួយ​ទៀត ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​យើង​រើស​យក​កន្លែង​នេះ​កាន់​តែ​អាក្រក់​ទៅ​ទៀត ។ យើង​មាន​ការ​លំបាក​ក្នុង​ការ​ដើរ​ចុះ​ទៅ​វិញ ហើយ​វា​កាន់តែ​លំបាក​ថែម​ទៀត​សម្រាប់​អ្នក​គ្រូ​យើង ។

កាល​យើង​មាន​ការ​លំបាក​ក្នុង​ការ​ជួយ​គាត់​ឲ្យ​ចុះ​ពី​ភ្នំ​នោះ​វិញ នោះ​មាន​ប៉ូលីស​ពីរ​នាក់​បាន​មក ។ ប្រធាន​ថ្នាក់​កុមារ​បាន​ឲ្យ​ពួក​គាត់​មក​រក​យើង ដោយ​ខ្លាច​យើង​វង្វេង​ផ្លូវ ។ រឿង​នៅ​ល្ងាច​នោះ និង​មេរៀន​ដែល​បាន​បង្រៀន បាន​ក្លាយ​បទពិសោធន៍​មួយ​ដែល​មិន​អាច​ភ្លេច​បាន​ក្នុង​ជីវិត​ខ្ញុំ ។

អ្នក​រាល់គ្នា​ដែល​ជា​យុវជន--- ខ្ញុំ​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ប្រើ​គំនិត​ដ៏​ភ្លឺ​ថ្លា​របស់​អ្នក​សិក្សា ហើយ​រៀន​ពី មាត្រា​នៃ​សេចក្ដី​ជំនឿ និង​គោលលទ្ធិ​ដែល​វា​បង្រៀន ។ វា​ស្ថិត​ក្នុង​ចំណោម​គោលលទ្ធិ​ខ្លី​ដែល​សំខាន់ ហើយ​ច្បាស់​លាស់​បំផុត​ក្នុង​សាសនាចក្រ ។ បើ​អ្នក​ប្រើ​វា​ដើម្បី​ដឹកនាំ​ឲ្យ​អ្នក​សិក្សា​ពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្នក​នឹង​ឃើញ​ថា​ខ្លួន​ឯងបាន​រៀបចំ​ខ្លួន​ប្រកាស​សាក្សី​របស់​អ្នក​ពី​សេចក្ដី​ពិត​ដែល​បាន​ស្ដារ​ឡើង​វិញ​ទៅ​កាន់​ពិភពលោក ។ អ្នក​នឹង​អាច​ប្រកាស​តាម​របៀប​សាមញ្ញ ចំៗ ហើយ​អស្ចារ្យ​ពី​ជំនឿ​ដ៏​សំខាន់​ដែល​អ្នក​ឲ្យ​តម្លៃ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​ខ្ញុំ​នឹង​សេចក្ដី​ពិត​ដ៏​ពេញលេញ​នៃ​មាត្រា​ទី​ដប់បី​នៃ​សេចក្ដី​ជំនឿ​ក្នុង​ព្រះនាម​នៃ​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​យើង​ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។