« យើងមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ »
ព្រះបិតាសួគ៌យើង … ជ្រាបថា យើងរៀន និងរីកចម្រើន ហើយកាន់តែរឹងមាំពេលយើងប្រឈម ហើយរស់ក្នុងការសាកល្បងដែលយើងត្រូវឆ្លងកាត់ ។
យប់នេះខ្ញុំនឹងសរសេរនៅក្នុងកំណត់ហេតុរបស់ខ្ញុំថា « សម័យប្រជុំនេះមានការបំផុសគំនិតបំផុតជាងសម័យប្រជុំណាៗទាំងអស់ ដែលខ្ញុំបានចូលរួម ។ គ្រប់យ៉ាងសុទ្ធតែជារឿងអស្ចារ្យ និងមាននិស្ស័យខាងវិញ្ញាណបំផុត ។
បងប្អូនប្រុសស្រី កាលពីប្រាំមួយខែមុន ពេលយើងប្រជុំគ្នាក្នុងសន្និសីទទូទៅ ភរិយាជាទីស្រឡាញ់ខ្ញុំ ហ្វ្រានសេស បានសម្រាកនៅមន្ទីរពេទ្យ រងទុក្ខដោយការដួលមួយ ប៉ុន្មានថ្ងៃមុននោះ ។ ក្នុងខែ ឧសភា បន្ទាប់ពីពុះពារយកឈ្នះលើជំងឺដោយក្លាហាន គាត់បានឆ្លងផុតទៅភាពអស់កល្ប ។ ខ្ញុំនឹកគាត់ខ្លាំងណាស់ ។ គាត់ និងខ្ញុំបានរៀបការក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក នៅ ថ្ងៃទី 7 ខែ តុលា ឆ្នាំ 1948 ។ ថ្ងៃស្អែកជាគម្រប់ខួបរៀបការលើកទី 65 របស់យើង ។ គាត់ជាម្ចាស់ជីវិតខ្ញុំ ជាដៃគូ និងមិត្តដែលខ្ញុំទុកចិត្ត ។ ការនិយាយថា ខ្ញុំនឹកគាត់នោះ ពុំផ្លាស់ប្ដូរជម្រៅចិត្តខ្ញុំឡើយ ។
សន្និសីទនេះបង្គ្រប់ 50 ឆ្នាំ ចាប់តាំងពីខ្ញុំត្រូវហៅទៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយប្រធាន ដេវីឌ អូ មិកឃេ ។ រយៈទាំងប៉ុន្មានឆ្នាំនោះ ខ្ញុំពុំមានអារម្មណ៍អ្វី ក្រៅពីបានទទួលការគាំទ្រដ៏ពេញលេញទាំងស្រុងពីដៃគូជាទីស្រឡាញ់របស់ខ្ញុំឡើយ ។ គាត់បានលះបង់យ៉ាងច្រើន ដើម្បីខ្ញុំអាចបំពេញការហៅរបស់ខ្ញុំ ។ ខ្ញុំពុំដែលឮពាក្យត្អូញត្អែរចេញពីមាត់គាត់ឡើយ ពេលខ្ញុំត្រូវចំណាយពេលច្រើនថ្ងៃ ហើយពេលខ្លះច្រើនសប្ដាហ៍ឃ្លាតឆ្ងាយពីគាត់ និងកូនៗ ។ គាត់គឺពិតជាទេពធីតាមួយអង្គ ។
ខ្ញុំសូមសម្ដែងអំណរគុណ ព្រមទាំងជួសមុខឲ្យគ្រួសារខ្ញុំដែរ ចំពោះក្ដីស្រឡាញ់ដ៏មហិមា ដែលបានផ្ដល់ដល់ពួកយើង តាំងពី ហ្វ្រានសេស បានចែកឋានទៅ ។ មានបណ្ណ័ និងសំបុត្ររាប់រយ បានផ្ញើពីបណ្ដាប្រទេសនានាក្នុងពិភពលោក ដើម្បីសម្ដែងការគោរពដល់គាត់ និងជួយរំលែកទុក្ខគ្រួសារយើង ។ យើងបានទទួលកន្ត្រកផ្កាស្រស់ស្អាតជាច្រើន ។ យើងមានអំណរគុណសម្រាប់ការបរិច្ចាគដល់មូលនិធិអ្នកផ្សព្វផ្សាយសាសនាទូទៅក្នុងសាសនាចក្រដោយប្រើឈ្មោះគាត់។ តាំងនាមឲ្យអ្នកដែលនាងបានលាទៅ ខ្ញុំសូមសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសណ្ដានចិត្ត និងចិត្តដ៏ស្មោះរបស់អ្នកគ្រប់គ្នា ។
អ្វីដែលលួងលោមចិត្តខ្ញុំបំផុត អំឡុងពេលបែកគ្នានេះ គឺទីបន្ទាល់ខ្ញុំចំពោះដំណឹងល្អនៃព្រះគ្រីស្ទ និងតម្រិះ ដែលខ្ញុំដឹងថា ហ្វ្រានសេស ជាទីស្រឡាញ់ខ្ញុំនៅមានជីវិតរស់ ។ ខ្ញុំដឹងថា យើងបែកគ្នាបណ្ដោះអាសន្នប៉ុណ្ណោះ ។ យើងបានផ្សារភ្ជាប់ក្នុងដំណាក់នៃព្រះ ដោយអ្នកមានសិទ្ធិអំណាចចងទុកលើផែនដី និងនៅស្ថានសួគ៌ ។ ខ្ញុំដឹងថា យើងនឹងជួបគ្នាម្ដងទៀតថ្ងៃណាមួយ ហើយនឹងពុំបែកគ្នាទៀតឡើយ ។ នេះហើយជាតម្រិះ ដែលជួយដល់ខ្ញុំ ។
បងប្អូនប្រុសស្រី វាអាចសន្មត់បានថា គ្មាននរណាម្នាក់រស់លើផែនដីនេះរួចផុតពីការឈឺចាប់ និងទុក្ខព្រួយនោះទេ ក៏ពុំដែលមានពេលណាមួយក្នុងប្រវត្តិសាស្ត្រមនុស្ស ដែលពុំជួបភាពចលាចល ឬទុគ៌តភាពដែរ ។
ពេលខ្សែជីវិតជួបរឿងគ្មានមេត្តា មានការល្បួងឲ្យចោទសួរថា « ហេតុអ្វីជាខ្ញុំទៅវិញ ?» ពេលខ្លះ ការរងទុក្ខនោះហាក់ដូចជាគ្មានទីបញ្ចប់ ហើយយប់ដ៏ងងឹតនឹងមិនកន្លងផុតទៅឡើយ ។ យើងបានហ៊ុមព័ទ្ធដោយការខកចិត្ត ដោយសារក្ដីស្រមៃ និងក្ដីសង្ឃឹមបានរលាយបាត់។ យើងសូមចូលរួមអង្វរដូចក្នុងគម្ពីរបរិសុទ្ធថា « តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬអី » ?1 យើងមានអារម្មណ៍ថា ត្រូវបានបោះបង់ចោល សោកសៅ ហើយឯកោ ។ យើងមាននិន្នាការមើលឃើញភាពអកុសលយើង តាមរយៈទស្សនៈទុទិដ្ឋិនិយម ។ យើងបែរជាឆេវឆាវចំពោះការដោះស្រាយបញ្ហា ដោយភ្លេចថា គុណធម៌សួគ៌ានៃការអត់ធ្មត់តម្រូវឲ្យមាន ។
ការលំបាក ដែលកើតមានចំពោះយើងនាំយើងឲ្យមានការល្បងពីសមត្ថភាពប្រកាន់ខ្ជាប់របស់យើង ។ សំណួរសំខាន់មួយដែលយើងម្នាក់ៗត្រូវឆ្លើយគឺ ៖ តើខ្ញុំគួរចុះចាញ់ ឬសម្រេចឲ្យបាន ? មនុស្សខ្លះចុះចាញ់ ពេលគេឃើញថា ពុំអាចតតាំងនឹងឧបសគ្គបាន ។ ដើម្បីសម្រេចបាន តម្រូវឲ្យប្រកាន់ខ្ជាប់ដល់ចុងបំផុតនៃជីវិត ។
ពេលយើងគិតពីហេតុការណ៍ដែលកើតឡើងចំពោះមុខ យើងអាចនិយាយជាមួយ យ៉ូប ពីបុរាណថា « មនុស្សកើតមកតែងមានសេចក្ដីវេទនា » ។2 យ៉ូប ជា « អ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ » ជាបុរសដែល « គោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់ » ។3 ព្រោះតែប្រព្រឹត្តដោយចិត្តធម៌ មានជោគវាសនាខ្ពស់ យ៉ូប ត្រូវប្រឈមមុខការសាកល្បង ដែលអាចឲ្យគ្រប់គ្នាវិនាស ។ ដោយការអន្តរាយទ្រព្យធន ការចំអកពីមិត្ត រងទុក្ខដោយការឈឺចាប់ បែកខ្ញែកគ្រួសារ នោះលោកត្រូវបង្ខំឲ្យ « ប្រមាថដល់ព្រះ ហើយស្លាប់ទៅចុះ » ។4 លោកតទល់នឹងការល្បួង ហើយប្រកាសចេញពីជម្រៅចិត្តដ៏មុតមាំថា ៖
« មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ ហើយសាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់ » ។5
« ខ្ញុំដឹងថា អ្នកដែលលោះខ្ញុំ ទ្រង់មានព្រះជន្មរស់នៅ » ។6
យ៉ូបនៅតែមានក្ដីជំនឿ ។ តើយើងនឹងធ្វើដូចនេះទេ ពេលជួបនឹងឧបសគ្គរបស់យើងនោះ ?
មិនថាពេលណា យើងបម្រុងនឹងមានអារម្មណ៍ថា មានបន្ទុកក្នុងជីវិតនោះទេ ចូរយើងចាំថា មនុស្សឯទៀតក៏ធ្លាប់ឆ្លងកាត់រ កាន់ខ្ជាប់ រួចយកឈ្នះតាមរបៀបដូចគ្នានេះដែរ។
ប្រវត្តិសាសនាចក្រនៅសម័យនៃគ្រាដ៏ពោរពេញនេះ គឺផ្ទុកដោយបទពិសោធន៍នៃអ្នក ដែលជួបបញ្ហា រ តែនៅខ្ជាប់ខ្ជួន ហើយសង្ឃឹម ។ ហេតុអ្វីទៅ ? គេបានដាក់ដំណឹងល្អនៃព្រះគ្រីស្ទជាកត្តាសំខាន់ក្នុងជីវិតគេ ។ ការណ៍នេះ នឹងជម្រុញយើងឲ្យឆ្លងកាត់មិនថាអ្វីកើតឡើងក្នុងជីវិតឡើយ ។ យើងនឹងនៅតែជួបប្រទះការលំបាក តែយើងនឹងអាចប្រឈមមុខវាបាន ដោយក្លាហាន និងទទួលបានជ័យជំនះ ។
ពីគ្រែនៃការឈឺចាប់ ពីខ្នើយដែលជោគជាំដោយទឹកភ្នែក យើងត្រូវបានតម្កើងឆ្ពោះទៅការអះអាង និងការសន្យាដែលថា ៖ « យើងមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ » 7 ការលួងលោមនេះ មានតម្លៃដ៏លើសលុប ។
ពេលខ្ញុំធ្វើដំណើរទៅពេញពិភពលោក ដើម្បីបំពេញការហៅរបស់ខ្ញុំ ខ្ញុំបានដឹងរឿងជាច្រើន — រួមទាំងការពិតថា មនុស្សគ្រប់គ្នាសោកសៅ ហើយរងទុក្ខ ។ ខ្ញុំពុំអាចវាស់វែងពីការឈឺចាប់ និងទុក្ខព្រួយដែលខ្ញុំឃើញ ពេលខ្ញុំចុះសួរសុខទុក្ខអ្នកដែលកំពុងប្រឈមមុខនឹងទុក្ខលំបាក ជំងឺ ការបែកបាក់ ថប់អារម្មណ៍នឹងកូនៗ ដែលពុំស្ដាប់បង្គាប់ ឬរងទុក្ខដោយសារអំពើបាបបានឡើយ ។ បញ្ជីនេះអាចបន្តសរសេរបន្ថែម ព្រោះបញ្ហានេះមានមិនចប់មិនចេះហើយទេ ។ បើគ្រាន់តែលើករឿងមួយឡើងនោះ វាពិបាកបន្តិច ហើយពេលខ្ញុំគិតពីឧបសគ្គ ខ្ញុំនឹកឃើញបងប្រុស ព្រែម ដែលជាគ្រូបង្រៀនថ្នាក់សាលាថ្ងៃអាទិត្យ កាលខ្ញុំនៅក្មេង ។ គាត់ជាសមាជិកស្មោះត្រង់ម្នាក់ ជាមនុស្សមានក្ដីស្រឡាញ់ពិត ។ គាត់ និងភរិយាឈ្មោះ សាឌី មានកូនប្រាំបីនាក់ ភាគច្រើនមានអាយុស្របាលៗនឹងបងប្ងូនខ្ញុំដែរ ។
បន្ទាប់ពី ហ្វ្រានសេស និងខ្ញុំបានរៀបការ ហើយផ្លាស់ចេញពីវួដ យើងឃើញ បងប្រុស និងបងស្រី ព្រែម និងសមាជិកគ្រួសារពួកគាត់ទាំងក្នុងពិធីមង្គលការ និងបុណ្យសព ក៏ដូចជាការប្រជុំក្នុងវួដដែរ ។
ក្នុងឆ្នាំ 1968 បងស្រី សាឌី បានចែកឋានទៅ ។ ប៉ុន្មានឆ្នាំក្រោយមក កូនគាត់ពីរនាក់ទៀតក៏បានស្លាប់ដែរ ។
មានថ្ងៃមួយ ប្រហែលជា 13 ឆ្នាំមុន ចៅស្រីច្បង បងប្រុស ព្រែម បានទូរស័ព្ទមកខ្ញុំ ។ នាងប្រាប់ថា ជីតានាងបានឈានចូលរ័យ 105 ឆ្នាំហើយ ។ នាងពោលថា « គាត់រស់នៅមជ្ឈមណ្ឌលគាំពារតូចមួយ តែជួបនឹងកូនចៅទាំងអស់រាល់ថ្ងៃអាទិត្យ ជាថ្ងៃគាត់បង្រៀនដំណឹងល្អ » ។ នាងបានបន្តថា « កាលពីអាទិត្យមុន លោកតាប្រកាសប្រាប់យើងថា ‹ កូនចៅជាទីស្រឡាញ់អើយ តានឹងស្លាប់ក្នុងសប្ដាហ៍នេះ ។ សូមទូរស័ព្ទទៅ ថមមី ម៉នសុន ។ លោកនឹងដឹងអ្វីត្រូវធ្វើហើយ › » ។
ខ្ញុំបានទៅជួបបងប្រុស ព្រែម នៅល្ងាចថ្ងៃបន្ទាប់ ។ ខ្ញុំខានជួបគាត់យូរហើយ ។ ខ្ញុំពុំអាចនិយាយជាមួយគាត់ទេ ព្រោះគាត់អន់ត្រចៀកណាស់ហើយ ។ ខ្ញុំពុំអាចសរសេរអ្វីឲ្យគាត់អានបានទេ ព្រោះភ្នែកគាត់ងងឹតហើយ ។ ខ្ញុំឮថា កូនចៅនិយាយទៅគាត់ដោយកាន់ម្រាមដៃស្ដាំគាត់ ហើយសរសេរលើប្រអប់ដៃឆ្វេងគាត់ពីឈ្មោះអ្នកមកសួរសុខទក្ខ ។ គ្រប់រឿងទាំងអស់ត្រូវធ្វើតាមរបៀបនេះ ។ ខ្ញុំបានធ្វើតាមរបៀបនោះដោយយកម្រាមដៃគាត់ សរសរថា « T-O-M-M-Y M-O-N-S-O-N » ជាឈ្មោះដែលគាត់ធ្លាប់ហៅខ្ញុំ ។ បងប្រុស ព្រែម រំភើបចិត្ត ហើយដាក់ដៃខ្ញុំលើក្បាលគាត់ ។ ខ្ញុំដឹងថា គាត់មានបំណងចង់បានការប្រសិទ្ធិពរបព្វជិតភាពមួយ ។ អ្នកបើកឡានដែលនាំខ្ញុំទៅមជ្ឈមណ្ឌលនោះ បានចូលរួមដាក់ដៃលើក្បាល ហើយផ្ដល់ការប្រសិទ្ធិពរ ដែលគាត់ចង់បាននោះ ។ ក្រោយមក ទឹកភ្នែកបានហូរចេញពីភ្នែកគាត់ដែលមើលមិនឃើញ ។ គាត់ក្ដោបដៃយើង ដោយមានអំណរគុណ ។ ទោះជាគាត់ពុំអាចឮការប្រសិទ្ធិពរយើងក្ដី ក៏គាត់មានអារម្មណ៍ពីព្រះវិញ្ញាណជាខ្លាំង ហើយខ្ញុំជឿថា គាត់ត្រូវបំផុសឲ្យដឹងពីអត្ថន័យនៃការប្រសិទ្ធពរនោះ ។ បុរសអស្ចារ្យម្នាក់នេះមើលពុំឃើញទៀតឡើយ ។ គាត់ពុំអាចស្ដាប់ឮទៀតឡើយ ។ គាត់សម្រាកនៅក្នុងបន្ទប់តូចមួយនៃមជ្ឃមណ្ឌលនោះ ។ តែស្នាមញញឹមលើផ្ទៃមុខគាត់ សម្ដីគាត់បានពោល បានប៉ះពាល់ដួងចិត្តខ្ញុំ ។ គាត់ពោលថា « អរគុណហើយ ព្រះបិតាសួគ៌ខ្ញុំ ពិតជាល្អចំពោះខ្ញុំណាស់ » ។
ដូចដែលបងប្រុស ព្រែម បានដឹងទុកជាមុន គាត់បានចែកឋានទៅនៅមួយសប្ដាហ៍ក្រោយ ។ គាត់ពុំដែលផ្ដោតលើអ្វី ដែលគាត់ពុំមាននោះទេ តែគាត់តែងមានអំណរគុណជ្រាលជ្រៅសម្រាប់ពរជ័យជាច្រើន ។
ព្រះបិតាសួគ៌យើង ដែលប្រទានពរជ័យច្រើនដល់យើងឲ្យរីករាយ ក៏ជ្រាបដែរថា យើងរៀន និងរីកចម្រើន ហើយកាន់តែរឹងមាំពេលយើងប្រឈម ហើយរស់ក្នុងការសាកល្បងដែលយើងត្រូវឆ្លងកាត់ ។ យើងដឹងថា ពេលខ្លះ យើងនឹងជួបទុក្ខព្រួយដ៏ខ្លាំង ជាពេលយើងសោកសៅ ជាពេលយើងនឹងសាកល្បងនឹងភាពអំណត់យើង ។ តែការលំបាកបែបនោះអនុញ្ញាតឲ្យយើងផ្លាស់ប្ដូរ ឬ កសាងជីវិតថ្មីតាមរបៀបដែលព្រះបិតាសួគ៌បង្រៀន ហើយប្រែក្លាយជាអ្វីមួយខុសពីមុន — គឺធ្វើកាន់តែប្រសើរ យល់កាន់តែច្បាស់ យល់ចិត្តកាន់តែខ្លាំង និងទីបន្ទាល់កាន់តែរឹងមាំជាងកាលពីមុន ។
ការណ៍នេះគប្បីជាគោលបំណងយើង — ដើម្បីរក្សា និងកាន់ខ្ជាប់ មែនហើយ ប្រែជាបរិសុទ្ធខាងវិញ្ញាណលើសពីមុន ពេលធ្វើដំណើរកាត់ពន្លឺ និងទុក្ខព្រួយ ។ បើគ្មានឧបសគ្គ ដើម្បីយកឈ្នះ និងបញ្ហា ដើម្បីដោះស្រាយទេនោះ យើងច្បាស់ជានៅដដែល ដោយគ្មាន ឬមានការរីកចម្រើនតែបន្តិចប៉ុណ្ណោះឆ្ពោះទៅជីវិតអស់កល្ប ។ កំណាព្យមួយបង្ហាញពីគំនិតដូចគ្នានេះថា ៖
មើលឈើខ្លឹមល្អ ដុះត្រដរទាំងលំបាក
វាមិនរំលើងចាក គ្រាលំបាកព្យុះព្យមា ។
លូតកាន់តែខ្ពស់ មិនខ្លាចកម្ពស់នៃមេឃា
ថែមព្យុះព្យមា ក៏ពុំងាររឹងមាំជាក់ ។
ព្រោះតែនិត្យនៅ រងាក្ដៅ ព្រិល ភ្លៀងធ្លាក់
ដើមឈើ មនុស្សជាក់ ទាំងពីរនាក់ខ្លឹមអស្ចារ្យ ។8
មានតែព្រះទេ ដែលជ្រាបពីជម្រៅនៃការសាកល្បង ការឈឺចាប់ និងការរងទុក្ខយើង ។ មានតែទ្រង់ទេ ដែលប្រទានភាពសុខសាន្តអស់កល្បនៅគ្រារងទុក្ខ ។ មានតែទ្រង់ទេ ដែលមានអានុភាពលើព្រលឹងជាប់បាបកម្ម ដោយបន្ទូលលួងលោមថា ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
« ចូរទទួលនឹមខ្ញុំចុះ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង ។
« ពីព្រោះនឹងខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ។9
ទោះជាក្នុងគ្រាស្រួល ឬលំបាកយ៉ាងណាក្ដី ទ្រង់គង់ជាមួយយើង ។ ទ្រង់បានសន្យាថា ការណ៍នេះពុំផ្លាស់ប្ដូរឡើយ ។
បងប្អូនជាទីស្រឡាញ់អើយ សូមឲ្យយើងប្ដេជ្ញាចំពោះព្រះបិតាសួគ៌យើងថា កុំពន្យាពេល និងបណ្ដែតបណ្ដោយទៅតាមពេលវេលា ឬវិប្បិត្តិនៃជីវិតឡើយ ។ យើងពុំគួរដកពិសោធន៍ការលំបាក ដើម្បីចងចាំដល់ទ្រង់ ហើយយើងពុំគួរនាំឲ្យបន្ទាបខ្លួន ពីមុនមានក្ដីជំនឿ និងដាក់ក្ដីទុកចិត្តលើទ្រង់ឡើយ ។
សូមឲ្យយើងខិតខំខិតទៅជិតព្រះបិតាសួគ៌យើង ។ ដើម្បីធ្វើដូច្នោះបាន យើងត្រូវតែអធិស្ឋាន និងស្ដាប់ទ្រង់រាល់ថ្ងៃ ។ យើងពិតជាត្រូវការទ្រង់ជានិច្ច ទោះជាពេលមានពន្លឺថ្ងៃ ឬពេលមានភ្លៀងធ្លាក់ក្ដី ។ សូមឲ្យយើងចាំពីការសន្យាទ្រង់ថា ៖ « យើងមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ » 10
ដោយអស់ពីកម្លាំងនៃព្រលឹងខ្ញុំ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះមានព្រះជន្មរស់ ហើយស្រឡាញ់យើង ថាមានតែព្រះបុត្រាមួយអង្គគត់ដែលបានមានព្រះជន្ម ហើយសុគតសម្រាប់យើង ហើយថាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានជះពន្លឺបំភ្លឺភាពអន្ធការនៃជីវិត។ សូមឲ្យការណ៍នេះនៅជាដរាប ខ្ញុំសូមអធិស្ឋានក្នុងព្រះនាមពិសិដ្ឋ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។