ភាពរឹងមាំដើម្បីកាន់ខ្ជាប់
សមត្ថភាពយើងដើម្បីកាន់ខ្ជាប់ដល់ចុងបំផុតក្នុងក្ដីសុចរិតនឹងភ្ជាប់ដោយផ្ទាល់ទៅនឹងភាពរឹងមាំនៃទីបន្ទាល់ និងជម្រៅនៃការផ្លាស់ចិត្តជឿយើង ។
ពេលយើងក្រោកឡើងរាល់ព្រឹក យើងឃើញថ្ងៃថ្មីដែលពេញដោយឧបសគ្គនៃជីវិត ។ ឧបសគ្គនោះកើតឡើងក្នុងទម្រង់ជាច្រើនដូចជា ៖ ឧបសគ្គខាងរូបកាយ ការខ្វះខាតខាងហិរញ្ញវត្ថុ មានទំនាក់ទំនងមិនល្អ ការសាកល្បងផ្លូវចិត្ត និងភាពស្មុគស្មាញខាងក្ដីជំនឿ ។
ឧបសគ្គជាច្រើនដែលយើងមានក្នុងជីវិតអាចដោះស្រាយ និងយកឈ្នះបាន តែ ឧបសគ្គផ្សេងទៀតអាចពិបាកយល់ និងពុំអាចយកឈ្នះបានទេ ហើយនឹងអន្ទោលតាមប្រាណដរាបអស់ជីវិត ។ ពេលយើងស៊ូទ្រាំឧបសគ្គនានា យើងអាចដោះស្រាយបាន ហើយយើងបន្តស៊ូទ្រាំឧបសគ្គដែលពុំអាចដោះស្រាយបាន ដែលជាការសំខាន់ត្រូវចាំថា ភាពរឹងមាំខាងវិញ្ញាណ ដែលយើងពង្រឹងនឹងជួយយើងកាន់ខ្ជាប់យ៉ាងជោគជ័យនូវឧបសគ្គក្នុងជីវិត ។
បងប្អូនប្រុសស្រី យើងមានព្រះបិតាសួគ៌ជាទីស្រឡាញ់ ដែលរៀបរៀងជីវិតផែនដីដើម្បីយើងអាចរៀនមេរៀនដោយខ្លួនឯង ដែលយើងត្រូវចេះដើម្បីសមនឹងជីវិតអស់កល្បក្នុងវត្តមានទ្រង់ ។
វគ្គមួយនៃសាច់រឿងពីជីវិតព្យាការី យ៉ូសែប ស្ម៊ីធ ឆ្លុះបញ្ចាំងពីគោលការណ៍នេះ ។ ព្យាការី និងដៃគូប៉ុន្មាននាក់ត្រូវឃុំក្នុងគុក លីប៊ើធី រដ្ឋ មិសសួរី អស់រយៈពេលច្រើនខែ ។ ខណៈរងការលំបាកក្នុងគុក ព្យាការី យ៉ូសែប អង្វរកព្រះអម្ចាស់ដោយការអធិស្ឋានរាបសាឲ្យពួកបរិសុទ្ធអាចត្រូវរំដោះពីទុកលំបាកនេះ ។ ព្រះមានបន្ទូលតបដោយបង្រៀនព្យាការី យ៉ូសែប និងយើងទាំងអស់គ្នាថា ឧបសគ្គដែលយើងជួបប្រទះនឹងជារឿងល្អវិញបើយើងកាន់ខ្ជាប់ដោយជោគជ័យ ។ នេះគឺជាចម្លើយព្រះអម្ចាស់ចំពោះការអង្វររបស់ យ៉ូសែប ៖
« បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និងសេចក្ដីលំបាករបស់អ្នកនោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ
« ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ » ។1
ព្រះបិតាសួគ៌បានរៀបចំដំណើរជីវិតជាការសាកល្បងលក្ខណៈបុគ្គលយើង ។ យើងត្រូវបានភ្លក់រស់ជាតិទាំងឥទ្ធិពលល្អ និងអាក្រក់ ហើយត្រូវបានផ្ដល់សិទ្ធិជ្រើសរើសដោយក្រមសីលធម៌សម្រាប់ខ្លួនយើងថា មាគ៌ាណាដែលយើងនឹងទៅ ។ ដូចព្យាការីក្នុងព្រះគម្ពីរមរមនគឺ សាំយូអែល ពីបុរាណបង្រៀនថា « អ្នករាល់គ្នាមានសេរីភាព អ្នករាល់គ្នាត្រូវបានអនុញ្ញាតឲ្យធ្វើអ្វីៗដើម្បីខ្លួនឯង ត្បិតមើលចុះ ព្រះទ្រង់បានប្រទានដល់អ្នកនូវការចេះដឹង ហើយទ្រង់ធ្វើឲ្យអ្នកមានសេរីភាព » ។2
ព្រះបិតាសួគ៌ក៏ព្រះតម្រិះផងដែរថា ព្រោះតែភាពរមែងស្លាប់ យើងនឹងពុំធ្វើជម្រើសត្រឹមត្រូវ ឬសុចរិតជានិច្ចទេ ។ ដោយហេតុតែយើងពុំគ្រប់លក្ខណ៍ និងព្រោះយើងមានកំហុស យើងត្រូវការជំនួយដើម្បីត្រឡប់ទៅវត្តមានទ្រង់វិញ ។ ជំនួយចាំបាច់ត្រូវបានផ្ដល់តាមការបង្រៀន គំរូ និងពលិកម្មនៃព្រះគ្រីស្ទ ។ ពលិកម្មធួននៃព្រះសង្គ្រោះធ្វើឲ្យក្ដីសង្គ្រោះ និងភាពតម្កើងឡើងនៅជីវិតខាងមុខកើតមានតាមរយៈគោលការណ៍នៃការប្រែចិត្ត ។ បើយើងប្រែចិត្តដោយស្មោះ និងឥតលាក់លៀម នោះដង្វាយធួនអាចជួយយើងឲ្យស្អាតស្អំ កែប្រែនិស្ស័យ និងស៊ូទ្រាំឧបសគ្គដោយជោគជ័យ ។
ប្រកាន់ខ្ជាប់ គឺជាគោលការណ៍សំខាន់ក្នុងគោលលទ្ធិនៃព្រះគ្រីស្ទ ។ វាសំខាន់ព្រោះគុណសម្បត្តិនៃអនាគតអស់កល្បយើងទាក់ទងនឹងសមត្ថភាពកាន់ខ្ជាប់ក្នុងក្ដីសុចរិត ។
នៅក្នុង នីហ្វៃទី 2 31 ព្យាការី នីហ្វៃ បង្រៀនថា ក្រោយទទួលពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ នៃបុណ្យជ្រមុជទឹក ដែលព្រះគ្រីស្ទទទួល និងក្រោយមក ទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធហើយ យើងត្រូវ « ឈានទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត [ ហើយខណៈនោះ ] មើលចុះ នោះព្រះវរបិតាទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងរាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ។3
ដូច្នេះ ដើម្បីទទួលបានពរជ័យមហិមាបំផុតពីព្រះបិតាសួគ៌ ដែលជាជីវិតអស់កល្ប យើងត្រូវតែបំពេញកិច្ចការពីធីបរិសុទ្ធ ហើយបន្តរក្សាក្ដីសញ្ញាដែលទាក់ទង ។ យើងអាចនិយាយម៉្យាងទៀតថា យើងត្រូវតែកាន់ខ្ជាប់ដោយជោគជ័យ ។
សមត្ថភាពយើងដើម្បីកាន់ខ្ជាប់ដល់ចុងបំផុតក្នុងក្ដីសុចរិតនឹងភ្ជាប់ដោយផ្ទាល់ទៅនឹងភាពរឹងមាំនៃទីបន្ទាល់ និងជម្រៅនៃការផ្លាស់ចិត្តជឿយើង ។ ពេលទីបន្ទាល់យើងរឹងមាំ ហើយយើងពិតជាផ្លាស់ចិត្តជឿលើដំណឹងល្អនៃព្រះគ្រីស្ទមែននោះ ជម្រើសយើងនឹងត្រូវបំផុសដោយព្រះវិញ្ញាណបរិសុទ្ធ ជម្រើសនឹងផ្ដោតលើព្រះគ្រីស្ទ ហើយវានឹងគាំទ្របំណងកាន់ខ្ជាប់ក្នុងក្ដីសុចរិត ។ បើទីបន្ទាល់យើងខ្សោយ ហើយការផ្លាស់ចិត្តជឿរាក់កំភែល គ្រោះថ្នាក់កាន់តែធំ ដែលយើងនឹងត្រូវទាក់ចិត្តដោយសណ្ដាប់ខុសឆ្គងនៃលោកិយឲ្យធ្វើជម្រើសខុស ។
ខ្ញុំសូមចែកចាយបទពិសោធន៍ ដែលបង្ហាញពីកិច្ចខិតខំតម្រូវឲ្យមាន ដើម្បីកាន់ខ្ជាប់ខាងសាច់ឈាម ហើយប្រដូចវាទៅនឹងកិច្ចខិតខំតម្រូវឲ្យមានដើម្បីកាន់ខ្ជាប់ខាងវិញ្ញាណ ។ ក្រោយត្រឡប់ពីបេសកកម្មវិញ ខ្ញុំមានឱកាសលេងបាល់បោះឲ្យគ្រូបង្វឹកដ៏ល្បីម្នាក់ និងគួរឲ្យគោរព ជាអ្នកនិពន្ធម្នាក់នៅសាកលវិទ្យាល័យក្នុងរដ្ឋ កាលីហ្វូញ៉ា ។ គ្រូបង្វឹករូបនោះហ្មត់ចត់ណាស់ពីសុខភាពកីឡាករពីមុនដល់រដូវកាលលេងបាល់បោះ ។ ការហ្វឹកហ្វឺនផ្នែកលក្ខន្តិកមួយមុនគ្នាយើងណាម្នាក់ចាប់កាន់បាល់អនុវត្តគឺត្រូវរត់ប្រណាំងលើភ្នំក្បែរសាលាដោយប្រើវេលាជាក់លាក់ និងចំណេញពេល ។ ខ្ញុំចាំពីការប្រឹងប្រែងរត់ដំបូងរបស់ខ្ញុំ ដែលក្រោយត្រឡប់ពីបេសកកម្មវិញ ៖ ខ្ញុំគិតថា ខ្ញុំច្បាស់ជាស្លាប់មិនខាន ។
ខ្ញុំចំណាយពេលច្រើនសប្ដាហ៍ហ្វឹកហ្វឺន ដើម្បីទីបំផុតសម្រេចបានពេលកំណត់ ដែលគ្រូបង្វឹកដាក់គោលដៅ ។ វាជាអារម្មណ៍អស្ចារ្យ ពុំគ្រាន់តែអាចរត់ទៅទិសដៅទេ តែបន្ថែមល្បឿនទៅដល់ខ្សែផ្ដាច់ព្រ័ត្រទៀតផង ។
ដើម្បីបានជោគជ័យក្នុងការលេងបាល់បោះ អ្នកត្រូវមានសុខភាពល្អ ។ ការមានសុខភាពរូបកាយល្អបង្កើតតម្លៃ ហើយតម្លៃនោះជាការបូជា ស្មារតីលះបង់ និងការដាក់វិន័យខ្លួន ។ ការកាន់ខ្ជាប់ខាងវិញ្ញាណក៏បង្កើតតម្លៃ ។ វាជាតម្លៃដូចគ្នា ៖ ការបូជា ស្មារតីលះបង់ ការដាក់វិន័យខ្លួន ។
ទីបន្ទាល់គឺដូចជារាងកាយអ្នក ដែលត្រូវមានសុខភាពល្អ បើអ្នកចង់កាន់ខ្ជាប់ ។ តើយើងរក្សាទីបន្ទាល់យើងឲ្យរឹងមាំដូចម្ដេច ? យើងពុំអាចធ្វើឲ្យរាងកាយយើងមានសណ្ឋានដូចបាល់បោះ ដោយការមើលទូរទស្សន៍ធម្មតានោះទេ ។ ស្រដៀងគ្នាដែរ យើងនឹងពុំមានសក្ខីភាពរឹងមាំ ដោយការមើលសន្និសីទទូទៅតាមទូរទស្សន៍ធម្មតានោះទេ ។ យើងត្រូវសិក្សា និងរៀនសូត្រពីគោលការណ៍គ្រឹះនៃដំណឹងល្អនៃព្រះគ្រីស្ទ ហើយយើងត្រូវធ្វើអស់ពីសមត្ថភាពរស់នៅតាមវា ។ នោះជារបៀបក្លាយជាសិស្សព្រះគ្រីស្ទ ហើយជារបៀបយើងសាងទីបន្ទាល់នៃការកាន់ខ្ជាប់ ។
ពេលជួបប្រទះទុក្ខវេទនាក្នុងជីវិត ហើយបំណងយើង គឺត្រូវត្រាប់តាមលក្ខណៈនៃព្រះគ្រីស្ទ ដែលវាសំខាន់ដើម្បីត្រៀមខ្លួនខាងវិញ្ញាណ ។ ការត្រៀមខ្លួនខាងវិញ្ញាណមានន័យថា យើងបានពង្រឹងការអត់ធន់ខាងវិញ្ញាណ ឬភាពរឹងមាំ — ដែលយើងនឹងរឹងប៉ឹងខាងវិញ្ញាណ ។ យើងនឹងរឹងប៉ឹងខាងវិញ្ញាណ ដែលយើងនឹងជ្រើសផ្លូវត្រូវជានិច្ច ។ យើងនឹងពុំបែរចេញក្នុងបំណង និងសមត្ថភាពរស់តាមដំណឹងល្អយើងនោះទេ ។ មានអ្នកនិពន្ធអនាមិកថ្លែងថា « អ្នកត្រូវប្រែដូចជាថ្មក្នុងទន្លេ ដែលពុំអាចហូរនាំទៅ » ។
ពីព្រោះយើងប្រឈមមុខឧបសគ្គរាល់ថ្ងៃ វាសំខាន់ ដែលយើងខិតខំខាងការអត់ធន់ខាងវិញ្ញាណរាល់ថ្ងៃដែរ ។ ពេល យើងពង្រឹងការអត់ធន់ខាងវិញ្ញាណ នោះសណ្ដាប់ខុសឆ្គងនៃលោកិយ ក៏ដូចជាឧបសគ្គប្រចាំថ្ងៃផ្ទាល់ខ្លួន នឹងជាឥទ្ធិពលអវិជ្ជមានតូចតាចប៉ុណ្ណោះលើសមត្ថភាពកាន់ខ្ជាប់ក្នុងក្ដីសុចរិត ។
គំរូអស្ចារ្យមួយនៃការអត់ធន់ខាងវិញ្ញាណកើតពីប្រវត្តិគ្រួសារផ្ទាល់ខ្លួនយើង ។ ចំណោមរឿងច្រើនពីបុព្វការីជន យើងនឹងអាចឃើញគំរូ ដែលបង្ហាញពីលក្ខណៈសម្បត្តិនៃការកាន់ខ្ជាប់ ។
រឿងមួយក្នុងប្រវត្តិគ្រួសារខ្ញុំបង្ហាញពីគោលការណ៍នេះ ។ ជីតាទួតខ្ញុំ យ៉ូសែប វ៉តសុន ម៉េណេស កើតនៅឆ្នាំ 1856 នៅ ហ៊ុល យ៉កសៀរ ប្រទេស អង់គ្លេស ។ គ្រួសារគាត់ចូលសាសនាចក្រនៅប្រទេស អង់គ្លេស ហើយផ្លាស់ទីលំនៅទៅទីក្រុង សលត៍ លេក ។ គាត់រៀបការនឹង អែមីលី ឃីប នៅឆ្នាំ 1883 ហើយពួកគាត់មានកូនប្រាំបីនាក់ ។ តាទួត យ៉ូសែប ត្រូវហៅឲ្យបម្រើបេសកកម្មពេញម៉ោងក្នុងខែ មិថុនា ឆ្នាំ 1910 កាលវ័យ 53 ឆ្នាំ ។ ដោយមានការគាំទ្រពីភរិយា និងកូនទាំងប្រាំបីនាក់ គាត់ត្រឡប់ទៅបម្រើនៅដែនដីកំណើតប្រទេស អង់គ្លេសវិញ ។
ពេលកំពុងបម្រើដោយស្មោះត្រង់បានជិតពីរឆ្នាំ គាត់បានជិះកង់ជាមួយដៃគូគាត់ទៅថ្នាក់សាលាថ្ងៃអាទិត្យក្នុងទីក្រុង គ្លូសែស្ទើរ ប្រទេស អង់គ្លេស ហើយកង់គាត់បានធ្លាយ ។ គាត់ចុះពីលើកង់ពិនិត្យមើលកន្លែងធ្លាយ ។ ពេលគាត់ឃើញថា វាធ្លាយធំ ហើយចំណាយពេលជួសជុល នោះគាត់ប្រាប់ដៃគូឲ្យទៅមុន ហើយចាប់ផ្ដើមថ្នាក់ ហើយគាត់នឹងទៅដល់ឆាប់ៗនេះ ។ គ្រាន់តែនិយាយចប់ភ្លាម គាត់ដួលទៅលើដី ។ គាត់បានអស់ជីវិតមួយរំពេចដោយគាំងបេះដូង ។
តាទួត យ៉ូសែប វ៉តសុន ម៉េណេស ពុំដែលឃើញភរិយា និងកូនទាំងប្រាំបីនាក់ទៀតក្នុងជីវិតគាត់ឡើយ ។ គេអាចដឹកសពគាត់ត្រឡប់មកទីក្រុង សលត៍ លេក វិញ ហើយប្រារព្វបុណ្យនៅសាលប្រជុំចាស់ វ៉ធើរលូ ។ សេចក្ដីថ្លែងក្នុងបុណ្យសពដោយអែលឌើរ អានថូនី ដបុលយូ អាយវិនស៍ នៃកូរ៉ុមសាវកដប់ពីរនាក់ បង្រៀនយើងពីសារសំខាន់នៃមេរៀនជីវិត មរណភាព និងការកាន់ខ្ជាប់ថា ៖ « នេះជាអ្វីដែលដំណឹងល្អផ្ដល់ឲ្យ — ពុំមែនរួចខ្លួនពីក្ដីស្លាប់ទេ តែមានជ័យជំនះលើវាតាមរយៈក្ដីសង្ឃឹមក្នុងការរស់ឡើងវិញ ។ … វាកើតឡើងចំពោះ [ យ៉ូសែប ម៉េណេស ] ។ …វាជាការស្រាកស្រាន្ត ហើយវាជាការបំពេញចិត្ត និងក្ដីអំណរ ដើម្បីដឹងថា មនុស្សដែលប្ដូរជីវិតគេក្នុងក្ដីសុចរិត ក្នុងក្ដីជំនឿ គឺពិតចំពោះសេចក្ដីជំនឿ » ។4
ប្រវត្តិគ្រួសារនេះបំផុសខ្ញុំឲ្យធ្វើឲ្យអស់ពីសមត្ថភាពតាមគំរូនៃការកាន់ខ្ជាប់ និងការអត់ធន់ខាងវិញ្ញាណដែលតាទួតខ្ញុំបានធ្វើ ។ ខ្ញុំត្រូវបំផុសដោយក្ដីជំនឿយាយទួតខ្ញុំ អែមីលី ដែលបន្ទាប់ពីតាទួត យ៉ូសែប ទទួលមរណភាពទៅ គាត់ត្រូវលីបន្ទុកមួយដ៏ធ្ងន់ ។ ទីបន្ទាល់គាត់រឹងមាំ និងការប្រែចិត្តជឿគាត់បំពេញដោយការចំណាយពេលក្នុងជីវិតពិតចំពោះក្ដីជំនឿ ដែលគាត់ត្រូវបីបាច់កូនទាំងប្រាំបីនាក់ដោយខ្លួនឯង ។
សាវក ប៉ុល ថ្លែងថា « ត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង » ។5 ការប្រណាំងដែលដាក់នៅមុខយើងលើផែនដី គឺការប្រណាំងការកាន់ខ្ជាប់ ដែលពេញដោយឧបសគ្គ ។ ឧបសគ្គក្នុងការប្រណាំងនេះគឺជាឧបសគ្គ ដែលយើងប្រទះកាលបើកភ្នែកឡើងភ្លាមនៅពេលព្រឹក ។ យើងមកផែនដីនេះដើម្បីរត់ប្រណាំង ហាត់ពត់សិទ្ធិជ្រើសរើសក្រមសីលធម៌ និងជ្រើសរវាងត្រូវ និងខុស ។ ដើម្បីបញ្ចប់ការប្រណាំង និងត្រឡប់ទៅព្រះបិតាសួគ៌វិញដោយកិត្តិយស និងជោគជ័យ យើងត្រូវបង្កើតតម្លៃនៃការបូជា ស្មារតីលះបង់ និងការដាក់វិន័យខ្លួន ។ យើងត្រូវមានសុខភាពល្អខាងវិញ្ញាណ ។ យើងត្រូវពង្រឹងការអត់ធន់ខាងវិញ្ញាណ ។ យើងត្រូវការទីបន្ទាល់រឹងមាំ ដែលនាំទៅការប្រែចិត្តជឿពិត និងជាលទ្ធផលរកឃើញសន្តិភាពក្នុងចិត្តដោយខ្លួនយើង និងភាពរឹងមាំចាំបាច់ត្រូវកាន់ខ្ជាប់ទោះជាឧបសគ្គណាដ៏ដោយ ។
ដូច្នេះ មិនថាឧបសគ្គណា ដែលអ្នកបើកភ្នែកឡើងជួបប្រទះនៅពេលព្រឹកនោះទេ សូមចាំថា — ដោយភាពរឹងមាំខាងវិញ្ញាណដែលអ្នកពង្រឹង រួមចំណែកដោយជំនួយពីព្រះ នៅទីបញ្ចប់នៃការប្រណាំង អ្នកនឹងអាចរីករាយការជឿជាក់ ដែលសាវក ប៉ុល សម្ដែងថា ៖
« ត្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅក៏បានមកដល់ហើយ ។
« ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្ដីជំនឿទៅហើយ ៖
« ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិត បម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ » ។6
ខ្ញុំសូមថ្លែងទីបន្ទាល់ និងសាក្សីនៃភាពពិតនៃព្រះបិតាសួគ៌ជាទីស្រឡាញ់ និងផែនការណ៍មហិមា និងអស់កល្បទ្រង់ ដែលបាននាំយើងមកផែនដីពេលនេះ ។ សូមឲ្យព្រះវិញ្ញាណនៃព្រះបំផុសយើងឲ្យពង្រឹងភាពរឹងមាំដើម្បីកាន់ខ្ជាប់ដោយខ្លួនយើង ។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។