រហូតដល់យើងជួបគ្នាម្ដងទៀត
សូមឲ្យយើងបង្ហាញនូវសណ្ដានចិត្តល្អកាន់តែច្រើនចំពោះគ្នាទៅវិញទៅមក ហើយសូមឲ្យយើងរីករាយក្នុងការធ្វើកិច្ចការព្រះជានិច្ច ។
បងប្អូនប្រុសស្រី ដួងចិត្តខ្ញុំបានពោរពេញ នៅពេលយើងមកដល់ការបញ្ចប់នៃសន្និសីទទូទៅក្នុងសាសនាចក្រដ៏អស្ចារ្យនេះ ។ យើងបានទទួលទានខាងវិញ្ញាណ នៅពេលយើងស្ដាប់ការប្រឹក្សា និងទីបន្ទាល់នៃអ្នកទាំងឡាយដែលចូលរួមក្នុងសម័យប្រជុំនីមួយៗ ។
យើងមានពរដើម្បីជួបគ្នានៅទីនេះ ក្នុងមជ្ឈមណ្ឌលសន្និសីទដ៏អស្ចារ្យដោយក្ដីសុខសាន្ដ និងសុវត្ថិភាព ។ យើងបានថតចម្លងសន្និសីទនេះ ដើម្បីឆ្លងគ្រប់ទ្វីប ទៅដល់មនុស្សគ្រប់ទីកន្លែង ។ ទោះជាយើងនៅឆ្ងាយគ្នាខាងរូបកាយពីអ្នករាល់គ្នាច្រើនក្ដី ក៏យើងដឹងពីអារម្មណ៍អ្នកដែរ ។
ចំពោះបងប្អូនប្រុសយើង ដែលដោះលែងនៅសន្និសីទនេះ ខ្ញុំសូមថ្លែងអំណរគុណដោយអស់ពីចិត្តចំពោះការបម្រើដ៏លះបង់ដែលបងប្អូនបានធ្វើអស់ជាច្រើនឆ្នាំក្នុងសាសនាចក្រ ។ មានមនុស្សជាច្រើនបានពរតាមរយៈការបរិច្ចាគរបស់អ្នកចំពោះកិច្ចការរបស់ព្រះអម្ចាស់ ។
ខ្ញុំថ្លែងអំណរគុណចំពោះក្រុមចម្រៀងរោងឧបោសថ និងក្រុមចម្រៀងដទៃទៀត ដែលចូលរួមក្នុងសន្និសីទនេះ ។ តន្ត្រីពិរោះណាស់ ហើយបានបន្ថែមយ៉ាងអស្ចារ្យនឹងព្រះវិញ្ញាណដែលយើងបានទទួលក្នុងសម័យប្រជុំនីមួយៗ ។
ខ្ញុំអរគុណអ្នករាល់គ្នាចំពោះការអធិស្ឋានរបស់អ្នកជំនួសខ្ញុំ និងអ្នកមានសិទ្ធិអំណាចទូទៅ និងអ្នកកាន់តំណែងទូទៅក្នុងសាសនាចក្រទាំងអស់ ។ ពួកយើងត្រូវបានពង្រឹងតាមរយៈនោះ ។
សូមឲ្យព្រះពរនៃស្ថានសួគ៌ស្ថិតនៅនឹងអ្នក ។ សូមឲ្យគេហដ្ឋានយើងបានពេញដោយក្ដីស្រឡាញ់ សេចក្ដីល្អ និងមានព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ សូមឲ្យអ្នកបន្ដចិញ្ចឹមបីបាច់ទីបន្ទាល់អ្នកអំពីដំណឹងល្អ ដើម្បីវាការពារដល់អ្នកទប់ទល់នឹងការធ្វើទុក្ខរបស់មារសត្រូវ ។
ឥឡូវសន្និសីទបញ្ចប់ហើយ ។ នៅពេលយើងត្រឡប់ទៅផ្ទះវិញ សូមឲ្យមានសុវត្ថិភាព ។ សូមព្រះវិញ្ញាណដែលយើងបានទទួលនៅទីនេះ នឹងនៅជាមួយយើង ពេលយើងទៅធ្វើកិច្ចការនានារបស់យើងប្រចាំថ្ងៃនោះ ។ សូមឲ្យយើងបង្ហាញនូវសណ្ដានចិត្តល្អកាន់តែច្រើនចំពោះគ្នាទៅវិញទៅមក ហើយសូមឲ្យយើងរីករាយក្នុងការធ្វើកិច្ចការព្រះជានិច្ច ។
បងប្អូនប្រុសស្រីខ្ញុំអើយ សូមឲ្យព្រះប្រទានពរអ្នក ។ សូមឲ្យភាពសុខសាន្ដដែលទ្រង់បានសន្យាគង់នៅនឹងអ្នកនាពេលនេះ និងជានិច្ចតទៅ ។ ខ្ញុំសូមលាអ្នកសិនហើយ រហូតដល់យើងជួបគ្នាម្ដងទៀត ក្នុងពេលប្រាំមួយខែក្រោយ ។ ក្នុងនាមនៃព្រះអង្គសង្គ្រោះយើង ជាព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់ អាម៉ែន ។