មើលទៅមុខ ហើយជឿ
នៅក្នុងព្រះនេត្រព្រះអម្ចាស់ វាពុំសំខាន់នូវអ្វីដែលយើងបានធ្វើ ឬកន្លែងដែលយើងបានទៅនោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនោះគឺ ជាកន្លែងដែលយើងស្ម័គ្រទៅវិញទេតើ ។
កាលពីក្មេង ការធ្វើការក្នុងចម្ការជាមួយម្ដាយ គាត់បានបង្រៀនខ្ញុំនូវមេរៀនជីវិតដ៏សំខាន់បំផុតមួយ ។ ព្រឹកព្រលឹមស្រាងៗ ព្រះអាទិត្យរះឡើង ហើយយើងបានជីកកាប់គាស់ដី ដែលជាអ្វីដែលខ្ញុំគិតថា វាចំណាយពេលដ៏យូរ ។ ខ្ញុំបានឈប់ ហើយងាកទៅមើលអ្វីដែលខ្ញុំបានធ្វើរួច ហើយបាននិយាយទៅម្ដាយខ្ញុំថា « មើលន៎ នោះជាអ្វីដែលយើងបានធ្វើហ្ន៎! » ម៉ាក់ ពុំបានតបទេ ។ ដោយគិតថា គាត់ពុំឮ ខ្ញុំបាននិយាយឡើងវិញ ហើយខ្លាំងជាងមុន ។ គាត់នៅតែមិនឆ្លើយតប ។ ខ្ញុំបាននិយាយម្ដងទៀត ដោយនិយាយកាន់តែខ្លាំងជាងមុន ។ ទីបំផុត គាត់បានងាកមកខ្ញុំ ហើយនិយាយថា « អែតវើត កុំមើលក្រោយឡើយ។ ចូរមើលទៅមុខនូវអ្វីដែលយើងត្រូវធ្វើបន្ដទៀតវិញ » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សេចក្ដីសញ្ញាដែលយើងបានចុះជាមួយព្រះ ពេលយើងជ្រមុជទឹក « ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង ដែល [ យើង ] បាននៅ » (ម៉ូសាយ 18:9) គឺជាការតាំងចិត្តពេញមួយជីវិត ។ ប្រធាន ឌៀថើរ ហ្វ្រែតទ្រីច អុជដូហ្វ បានផ្តល់ដំបូន្មានថា ៖ « អ្នកទាំងឡាយណាដែលបានចូលក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ហើយបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះបានដាក់ជើងរបស់ពួកគេនៅលើផ្លូវនៃភាពជាសិស្ស ហើយត្រូវបានដឹកនាំឲ្យដើរតាមដោយខ្ជាប់ខ្ជួន និងស្មោះត្រង់តាមដានជើងរបស់ព្រះអង្គសង្គ្រោះរបស់យើង » ( « Saints for All Seasons » Ensign ឬ Liahona ខែកញ្ញា ឆ្នាំ 2013 ទំព័រ 5 ) ។ ព្រះអម្ចាស់បានហៅយើងតាមរយៈពួកអ្នកបម្រើទ្រង់ ដើម្បីបម្រើក្នុងការហៅផ្សេងៗ ដែលយើងទទួលដោយការតាំងចិត្តទាំងស្រុង ។ នៅពេលផ្ដល់ការដោះលែង ហើយហៅឲ្យធ្វើការបម្រើមួយផ្សេងទៀត យើងទទួលដោយរីករាយ ដោយដឹង ដូចជាជីដូនជីតាយើងបានដឹងថា « នៅក្នុងការបម្រើនៃព្រះអម្ចាស់ នោះវាមិនអាស្រ័យទៅលើកន្លែងដែលអ្នកបម្រើទេ ប៉ុន្តែអាស្រ័យលើរបៀបដែលអ្នកបម្រើវិញ » ( J. Reuben Clark Jr. ក្នុង Conference Report ខែមេសា ឆ្នាំ 1951 ទំព័រ 154 ) ។
ដូច្នេះ នៅពេលប្រធានស្ដេក ឬប៊ីស្សពម្នាក់ត្រូវបានដោះលែង នោះគាត់ទទួលយកការដោះលែងនោះដោយរីករាយ ហើយនៅពេលផ្ដល់នូវការហៅបម្រើមួយ តាមដែលអ្នកបម្រើទ្រង់ « មើលឃើញថាសម » តាមផ្លូវរបស់ព្រះ (ម៉ូសាយ 3:19) នោះគាត់ពុំទទួលឥទ្ធិពលពីបទពិសោធន៍មុនរបស់គាត់ ទាំងមិនមើលក្រោយ ហើយគិតថា គាត់បានបម្រើគ្រប់គ្រាន់ហើយនោះដែរ ។ គាត់ « ពុំណាយចិត្តក្នុងការធ្វើល្អ » ឡើយ ព្រោះគាត់ដឹងថា គាត់ « កំពុងដាក់គ្រឹះនៃកិច្ចការដ៏ធំ » ដោយមានទស្សនៈវិស័យច្បាស់លាស់មួយ ដែលការខិតខំនោះ ប្រទានពរដល់ភាពអស់កល្បជានិច្ច ។ ដូច្នេះ « ចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » (គ. និង ស. 64:33 ) ។
យើងទាំងអស់គ្នាគួរតែ « ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ ហើយប្រព្រឹត្តអ្វីៗជាច្រើន តាមបំណងចិត្តរបស់ [ យើង ] ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន » (គ.និងស. 58:27) ។
អែលឌើរ ជែហ្វ្រីអ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានទូន្មានថា ៖ « អតីតកាល ជាអ្វីដែលយើងត្រូវរៀនសូត្រ ប៉ុន្តែពុំមែនដើម្បីរស់នៅតាមទេ ។ យើងក្រឡេកក្រោយមើលអ្វីដែលល្អបំផុត ចេញពីបទពិសោធន៍ល្អនោះ ពុំមែនផេះផង់ទេ ។ ហើយនៅពេលយើងរៀននូវអ្វីដែលយើងចាំបាច់ត្រូវរៀន ហើយបាននាំមកជាមួយយើងនូវអ្វីដែលល្អបំផុត ដែលយើងបានជួបបទពិសោធន៍ នោះយើងមើលទៅមុខ ហើយចងចាំថា សេចក្ដីជំនឿតែងតែចង្អុលឆ្ពោះទៅមុខនាពេលអនាគត » ( « The Best Is Yet to Be » Ensign ខែ មករា ឆ្នាំ 2010 ទំព័រ 24 ឬ Liahona ខែ មករា ឆ្នាំ 2010 ទំព័រ 18 ) ។
ខណៈដែលមេរៀនម្ដាយរបស់ខ្ញុំអំពីការមើលទៅមុខ ត្រូវបានបង្រៀននៅក្នុងចម្ការដែលមើលឃើញដោយភ្នែក នោះវាពុំប្រៀបស្មើនឹងអ្វីដែលពួកបរិសុទ្ធជំនាន់មុនបានឆ្លងកាត់នោះទេ ។ អែលឌើរ យ៉ូសែប ប៊ីវ៉ឺតលីន បានពិពណ៌នាបទពិសោធន៍នេះយ៉ាងល្អថា ៖ « នៅឆ្នាំ 1846 មានមនុស្សច្រើនជាង [10,000 នាក់] បានចាកចេញពី[ទីក្រុង ណៅវូ] ដ៏រីកចម្រើន ដែលបានស្ថាបនានៅលើច្រាំងនៃទន្លេ មីស៊ិស៊ីពី ។ ដោយមានជំនឿលើអ្នកដឹកនាំប្រកបដោយការព្យាករណ៍ នោះសមាជិកសាសនាចក្រពីដើមទាំងនោះ បានចាកចេញពី ‹ទីក្រុងស្រស់ស្អាត› របស់គេ ហើយបានទៅក្នុងទីរហោស្ថាននៃព្រំប្រទល់អាមេរិក ។ ពួកគេពុំដឹងច្បាស់អំពីកន្លែងដែលគេត្រូវទៅ ចម្ងាយប៉ុន្មានគីឡូនៅខាងមុខ ត្រូវចំណាយពេលធ្វើដំណើរប៉ុន្មាន ឬអ្វីនឹងមាននៅពេលខាងមុខសម្រាប់ពួកគេនោះទេ ។ ប៉ុន្តែពួកគេ បានដឹងថា ពួកគេត្រូវបានដឹកនាំដោយព្រះ និងពួកអ្នកបម្រើទ្រង់ » ( « Faith of Our Fathers » Ensign ខែ ឧសភា ឆ្នាំ 1996 ទំព័រ 33 ) ។
ពួកគេបានដឹងរបៀបត្រូវមើលទៅមុខ និងជឿ ។ កាលមួយទសវត្សកន្លះមុន សមាជិកមួយចំនួនទាំងនេះ មានវត្តមាន ពេលវិវរណៈត្រូវបានទទួល ។
« ត្បិតយើងប្រាប់អ្នកជាប្រាកដថា មានពរហើយដល់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ទោះបីរស់ ឬស្លាប់ក្ដី ហើយអ្នកណាដែលមានចិត្តស្មោះត្រង់ក្នុងសេចក្ដីវេទនា រង្វាន់របស់អ្នកនោះនៅនគរស្ថានសួគ៌ គឺប្រសើរជាង ។
« ត្បិតនៅពេលនេះ អ្នករាល់គ្នាពុំអាចមើលឃើញដោយភ្នែកធម្មតារបស់អ្នកឡើយ នូវគម្រោងការណ៍នៃព្រះរបស់អ្នក អំពីអ្វីៗទាំងនោះ ដែលត្រូវបានមកនៅពេលក្រោយ និងសិរីល្អដែលត្រូវមកតាមក្រោយ បន្ទាប់ពីមានសេចក្ដីវេទនាដ៏ច្រើន » ( គ. និង ស. 58:2–3) ។
យើងក៏អាចមើលទៅមុខ ហើយជឿផងដែរ ។ យើងអាចក្រសោបយកការអញ្ជើញរបស់ព្រះអម្ចាស់យើង ដែលលាតព្រះហស្តអញ្ជើញយើងថា ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
« ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ត្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព ៖ នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង ។
« ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ( ម៉ាថាយ 11:28–30 ) ។
ព្យាការីជាទីស្រឡាញ់របស់យើងគឺ ប្រធាន ថូម៉ាស អេស ម៉នសុន ទីប្រឹក្សារបស់លោក និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ការអញ្ជើញមួយដល់យើងទាំងអស់គ្នា ឲ្យចូលរួមនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ។ អ្នកផ្លាស់ប្រែចិត្តជឿថ្មី យុវវ័យ យុវមជ្ឈិមវ័យ អ្នកទាំងឡាយដែលបានចូលនិវត្តន៍ពីការងារពួកគាត់ និងអ្នកផ្សាយសាសនាពេញម៉ោង ត្រូវការទទួលនឹមស្មើគ្នានៅក្នុងការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ ។
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចូលរួមការប្រណាំងទាញគោ ដែលគាត់បានទាញចេញនូវសទិសភាព ។ គាត់បាននិយាយអំពីបទពិសោធន៍នេះថា ៖ មានទម្ងន់ដប់ពាន់ផោន [ 4,535 គ.ក ] --ប្រាំតោន។ … គោលដៅ គឺឲ្យគោរំកិលក្ដាររំអិលនោះ បីហ្វីត [ 91 ស.ម ] ។ … ខ្ញុំបានកត់សម្គាល់ឃើញសត្វគោមួយនឹមមានមាឌធំៗ សមគ្នាយ៉ាងល្អ មានពណ៌ពពាល… ជាគោចាស់ធំៗ » ។
និយាយអំពីលទ្ធផលនៃការប្រឡងប្រណាំងនោះ គាត់ប្រាប់ថា ៖ « ក្រុមជាច្រើន ត្រូវបានបាត់ម្ដងមួយៗ ។ … គោធំៗពុំអាចទឹមជាមួយគ្នាទេ ! គោមួយគូទៀតតូច មានមាឌខុសគ្នា បានរំកិលក្ដាររំអិលបានដល់ទៅបីដង » ។
បន្ទាប់មកគាត់បានពន្យល់ពីលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនោះថា ៖ គោពពាល មានមាឌធំ ហើយខ្លាំង និងមានមាឌប៉ុនគ្នា ល្អជាងក្រុមគោផ្សេង ។ ប៉ុន្តែគោតូចៗ មានការធ្វើការជាក្រុម និងសហការគ្នាបានល្អជាង ។ ពួកវាទទួលនឹមជាមួយគ្នា ។ សត្វទាំងពីរទាញទៅមុខដំណាលគ្នា ហើយប្រើកម្លាំងទាញបន្ទុក » (« Equally Yoked Together » ដកស្រង់ពីសុន្ទរកថាមួយដែលធ្វើឡើងនៅសិក្ខាសាលាសម្រាប់អ្នកតំណាងខាងសាសនា នៅថ្ងៃទី 3 ខែ មេសា ឆ្នាំ 1975, ក្នុងTeaching Seminary: Preservice Readings [ ឆ្នាំ 2004 ] ទំព័រ 30 ) ។
ពេលយើងមើលទៅមុខ ហើយជឿ នោះយើងត្រូវការការសហការដូចគ្នានេះ ដើម្បីពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ ពេលយើងអញ្ជើញអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ។ តាមសមត្ថភាមយើងម្នាក់ៗ យើងចាំបាច់ត្រូវធ្វើតាមដំបូន្មានរបស់ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ« ឲ្យឈរគៀកគ្នា ហើយលើកត្រង់កន្លែងដែលយើងឈរ » ( « Lift Where You Stand » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 56 ) ។ យើងអាចរកឃើញសក្ដានុពលពេញលេញរបស់យើង ដូចដែលបានសង្កេតដោយអែលឌើរ អិល ថម ភែរី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថា ៖ « នៅពេលខ្ញុំធ្វើដំណើរពេញសាសនាចក្រ ខ្ញុំស្ងើចនឹងរឿងវិជ្ជមានដែលកំពុងកើតឡើង ។ ប៉ុន្តែខ្ញុំពុំដែលមានអារម្មណ៍ថា យើងរស់នៅតាមសក្ដានុពលពិតរបស់យើងទេ ។ អារម្មណ៍ខ្ញុំគឺថា យើងពុំបានធ្វើការជាមួយគ្នាជានិច្ចនោះទេ យើងនៅចាប់អារម្មណ៍ ចង់បានកិត្តិយស និងជោគជ័យផ្ទាល់ខ្លួនយ៉ាងច្រើន ហើយបង្ហាញនូវចំណាប់អារម្មណ៍តិចចំពោះគោលដៅរួមក្នុងការស្ថាបនានគរព្រះ » ( « United in Building the Kingdom of God » Ensign ខែ ឧសភា ឆ្នាំ 1987 ទំព័រ 35) ។
សូមឲ្យយើងទាំងអស់គ្នាសាមគ្គីក្នុងគោលដៅតែមួយ « ដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ 1:39 ) ។
ព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ ដែលទតឃើញពីទីដើម ដល់ទីចុង បានស្គាល់យ៉ាងច្បាស់អំពីផ្លូវដែលទ្រង់នឹងធ្វើដំណើរទៅសួនគេតសេម៉ានី និងកូកាល់ថា នៅពេលទ្រង់ប្រកាសថា « អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ » ( លូកា 9:62) ។ នៅក្នុងព្រះនេត្រព្រះអម្ចាស់ វាពុំសំខាន់នូវអ្វីដែលយើងបានធ្វើ ឬកន្លែងដែលយើងបានទៅនោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនោះគឺ ជាកន្លែងដែលយើងស្ម័គ្រទៅវិញទេតើ ។
គោលការណ៍ណែនាំរបស់យើង បានបង្រៀនយើងដោយព្យាការីយ៉ូសែប ស្ម៊ីធថា ៖ « គោលការណ៍គ្រឹះនៃសាសនារបស់យើង គឺទីបន្ទាល់អំពីពួកសាវក និងពួកព្យាការី អំពីព្រះយេស៊ូវគ្រីស្ទ ថាទ្រង់បានសុគត បានបញ្ចុះ ហើយបានរស់ឡើងវិញម្ដងទៀតនៅថ្ងៃទីបី ហើយបានយាងឡើងទៅស្ថានសួគ៌ ហើយអ្វីៗផ្សេងទៀតទាំងអស់ ដែលទាក់ទងនឹងសាសនារបស់យើង គឺជាសេចក្ដីបន្ថែមទៅលើវាប៉ុណ្ណោះ (ការបង្រៀនរបស់ប្រធាននៃសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ 2007 ] ទំព័រ 49) ។
ខ្ញុំថ្លែងទីបន្ទាល់ថា នៅពេលយើងធ្វើតាមគំរូព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ ហើយលើកដៃយើងជាកែង ព្រមជាមួយនឹងសកម្មភាពក្នុងការគាំទ្រដល់ព្យាការីជាទីស្រឡាញ់យើងគឺ ប្រធាន ថូម៉ាស អេស ម៉នសុន នោះយើងនឹងរកបានសេចក្ដីសុខសាន្ដ ការលួងលោមចិត្ត និងក្ដីអំណរ ហើយយើង «នឹងបានបរិភោគផលល្អនៃដែនដី …នៅគ្រាចុងក្រោយបង្អស់នេះ » ( គ.និងស. 64:34 ) ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។