ឆ្នាំ ២០១០-២០១៩
អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ​ទៀត​ទេ
តុលា 2013


12:9

អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ​ទៀត​ទេ

ក្នុង​សាសនាចក្រ​នេះ ពុំ​មាន​ជន​ប្លែក​មុខ និង​អ្នក​ដែល​ត្រូវ​បោះបង់​ឡើយ ។ មាន​តែ​បងប្អូន​ប្រុស​ស្រី​ប៉ុណ្ណោះ ។

ពេល​ខ្លះ យើង​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​ថ្មីផ្ទាល់​ខ្លួន ដែល​យើង​មាន​អារម្មណ៍​ចម្លែក ហើយ​ពុំ​មាន​សុវត្ថិភាព ។ ស្ថានភាព​នេះ​កើត​ឡើង​ចំពោះ​គ្រួសារ​ខ្ញុំ​ប្រហែលជា​​ប្រាំ​ឆ្នាំ​កន្លង​ទៅ ​បន្ទាប់​ពី​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បន្ត​ការហៅ​ខ្ញុំ​ឲ្យ​បម្រើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​សាសនាចក្រ ។ ការ​ហៅ​នេះ ចាំ​បាច់​ឲ្យ​គ្រួសារ​ខ្ញុំ​ផ្លាស់​ទី​លំនៅ​ពី​តំបន់​ស្រស់​ស្អាត​មួយ ដែល​យើង​រីករាយ​អស់​ជាង​ពីរ​ទសវត្សរ៍​មកហើយ​នោះ ។ ភរិយា​ខ្ញុំ និង​ខ្ញុំ​ចាំ​ពី​ប្រតិកម្មរបស់​​កូនៗ ដែល​គេ​បាន​រៀន​ពី​ការផ្លាស់​ប្ដូរ​នេះ ។ កូន​ប្រុសអាយុ 16 ឆ្នាំ​យើង​បន្លឺ​ថា « វា​ពុំ​មែន​ជា​បញ្ហា​ទេ ។ ម៉ាក់​ប៉ា​ទៅ​ចុះ កូន​នៅ​ទី​នេះ​បាន​ហើយ ! »

ក្រោយ​មក​គាត់​សម្រេច​ចិត្ត​មក​ជាមួយ​យើង ហើយ​ក្រសោប​ស្ថានភាព​ថ្មី​យ៉ាង​ស្មោះ​ត្រង់​ក្នុង​ជីវិត​គាត់ ។ ការរស់​នៅ​ក្នុង​បរិយាកាស​ថ្មី​ជាង​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​ បាន​បង្វែរ​ទៅ​ជា​ការរៀន ហើយ​រីករាយ​នឹង​បទពិសោធន៍​សម្រាប់​គ្រួសារ ជា​ពិសេស​ការរាក់ទាក់​យ៉ាង​កក់​ក្ដៅ និង​សេចក្ដី​ល្អ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ពេល​យើង​រស់​នៅ​ប្រទេស​ផ្សេងៗ​គ្នា យើង​មាន​អំណរ​គុណ​ចំពោះ​សាមគ្គី​ភាព​នៃ​រាស្ត្រ​ព្រះ​នៅ​ពាស​ពេញ​ពិភព​លោក ដែលវា​​ជា​អ្វី​មួយ​ពិត ហើយ​ជាក់​ស្ដែង ។

ការហៅបម្រើ ​នាំ​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន និង​ទទួល​បាន​ឯក​សិទ្ធិ​ពិសេស​ឲ្យ​ធ្វើ​ជា​អធិបតី​ក្នុង​ការប្រជុំ​ជា​ច្រើនផងដែរ ។ ពេល​ខ្ញុំ​សម្លឹង​មើល​ទៅ​បណ្ដា​ជន​គ្រប់​គ្នា ខ្ញុំ​តែង​ឃើញ​សមាជិក​មក​ពី​ប្រទេស ភាសា និង​វប្បធម៌​ជា​ច្រើន ។ ទិដ្ឋភាពដ៏​​ស្ញប់ស្ញែង​នៃ​ដំណឹង​ល្អ​ជំនាន់​យើង​នេះ គឺ​ពុំ​មាន​ដែន​កំណត់​ភូមិ​សាស្ត្រ ឬ​ក្រុម​ជាតិ​សាសន៍​ឡើយ ។ វា​គឺ​ជា​សាកល និង​ទូ​លំទូ​លាយ ។ វា​រៀប​ចំ​សម្រាប់​ការ​យាង​ត្រឡប់​មក​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ដ៏​រុងរឿង​ដោយ​ការប្រមូល « កូន​ចៅ​របស់​ទ្រង់​ពី​គ្រប់​ទិស​ទាំង​បួន​នៃ​ផែនដី » ។1

ទោះ​ជា​សមាជិក​ភាព​នៃ​សាសនាចក្រ​កំពុង​កើន​ឡើង​ក្នុង​កន្លែងផ្សេង​ៗ​គ្នា​ក្ដី នោះ​កេរ​ដំណែល​ដ៏​ពិសិដ្ឋ​យើង បាន​​ពុះពារនៅ​​ពី​ក្រោយ​ខ្នង​នៃ​ភាព​ខុស​គ្នា​របស់​យើងនេះ​ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ត្រូវ​បាន​រាប់​ជា​ពូជ​ពង្ស​អ៊ីស្រាអែល ។ យើង​ក្លាយ​ជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ទទួល​មរតក​ស្មើៗ​គ្នា​ចំពោះ​ត្រកូល​ខាង​វិញ្ញាណ​តែ​មួយ ។ ព្រះ​សន្យា​លោក​អ័ប្រាហាំ​ថា « ​មនុស្ស​ជា​ច្រើន ដែល​ទទួល​ដំណឹង​ល្អ​នេះ នោះ​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ [ លោក ] ហើយ​នឹង​ត្រូវ​បាន​រាប់​ថា​ជា​ពូជ [ លោក ] ហើយ​នឹង​ក្រោក​ឡើង ហើយ​ទទួល [ លោក ] ជា​ឪពុករបស់​គេ » ។ 2

អ្នក​ដែល​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​ត្រូវ​បាន​សន្យា​ថា ៖ « ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​មួយ​នឹង​ពួក​បរិសុទ្ធ​ជា​ពួក​ដំណាក់​ព្រះ​វិញ » ។ 3

ពាក្យ អ្នក​ដទៃ ចេញ​ពី​ពាក្យ​ភាសា​ឡាតាំង​ថា ពុំ​ទាក់​ទង ដែល​មាន​ន័យ​ថា « ខាង​ក្រៅ » ឬ « មក​ពី​ខាង​ក្រៅ » ។ ជា​ទូទៅ វា​សម្គាល់​នរណា​ម្នាក់​ដែល​ជា « អ្នក​មក​ពី​ក្រៅ » តាម​ហេតុ​ផល​ផ្សេង​ៗ ទោះ​ជា​ដោយ​សារ​ពូជពង្ស វប្បធម៌ គំនិត ឬ​សាសនា​ក្ដី ។ ក្នុង​នាម​ជា​សិស្ស​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ដែល​ព្យាយាម​រស់​នៅ​ក្នុង​លោកិយ​នេះ ប៉ុន្តែ​ពុំ​មែន​ជា​របស់​ផង​លោកិយ​នោះ​​ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា ​ជា​ជន​ប្លែក​មុខ ។ យើង​ប្រសើរ​ជាង​មនុស្ស​ជា​ច្រើន ដែល​ដឹង​ថា ទ្វា​អាច​នឹង​បិទ​ដល់​អ្នក​ដែល​ត្រូវ​ចាត់​ទុក​ជា​អ្នក​ប្លែក​ពី​គេ ។

អស់​កាល​ជា​ច្រើន រាស្ត្រ​ព្រះ​ត្រូវ​បាន​បញ្ជា​ឲ្យ​ខ្វាយខ្វល់​ដល់​មនុស្ស​គ្រប់​គ្នា ដែល​ជា​ជន​ប្លែក​មុខ ឬ​ដែល​អាច​មើល​ទៅ​ជា​អ្នក​ខុស​ប្លែក​ពី​គេ ។ កាល​ជំនាន់​បុរាណ ជន​ប្លែក​មុខ​ទទួល​គុណ​ប្រយោជន៍​ពី​ករណីយកិច្ច​នៃ​ការគាំពារ​ដូច​គ្នា​នឹង​ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា​ដែរ ។ ដូច​ពួក​គេ​ដែរ ជន​ប្លែក​មុខ​នៅ​ក្នុង​ស្ថានភាព​ទុក្ខព្រួយ​ខ្លាំង ហើយ​ជីវិត​គេ​ផ្អែក​លើ​ការគាំពារ ដែល​គេ​ទទួល​បាន​ពី​ប្រជាជន​ក្នុង​ស្រុក ។ រាស្ត្រ​អ៊ីស្រាអែល ទទួល​ការណែនាំ​ច្បាស់​លាស់​ពី​ប្រធាន​បទ​នេះ​ថា ៖ « ឯ​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា​នោះ​ ត្រូវ​ទុក​ដូច​ជា​កើត​នៅ​ស្រុក​ឯង​វិញ ហើយ​ត្រូវ​ស្រឡាញ់​គេ​ដូច​ជា​ខ្លួន​ឯង​ដែរ ត្បិត​ឯង​រាល់​គ្នា​ពី​ដើម​ក៏​ជា​អ្នក​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ » ។ 4

អំឡុង​ទ្រង់​បម្រើ​លើ​ផែនដី ព្រះ​យេស៊ូវ ជា​គំរូ​ដល់​អ្នក​ដែល​ធ្វើ​លើស​ពី​ករណី​កិច្ច​នៃ​ការគាំពារ និង​ការត្រាប្រណី ។ អ្នក​ដែល​ត្រូវ​គេ​កាត់​ចេញ​ពី​សង្គម ត្រូវ​គេ​បដិសេធ និង​ចាត់ទុក​ថា​ពុំ​ស្អាត​ស្អំ ដោយ​អ្នក​ដែល​គិត​ថា​ខ្លួន​​សុចរិត អ្នក​នោះ​នឹង​ត្រូវ​បាន​ផ្ដល់​មេត្តា​ធម៌ និង​សេចក្ដី​គោរព ។ គេ​ទទួល​បាន​ចំណែក​នៃ​ការបង្រៀន និង​ការបម្រើ​ទ្រង់​ស្មើៗ​គ្នា ។

តួយ៉ាង ព្រះ​សង្គ្រោះ​ប្រឆាំង​នឹង​ទំនៀម​ទម្លាប់​ដែល​ធ្វើ​ឡើង​ក្នុង​ជំនាន់​ទ្រង់​ ដោយ​មាន​បន្ទូល​ទៅ​កាន់​ស្ត្រី​សាសន៍​សាម៉ារី ដោយ​សុំ​ទឹក​នាង​សោយ ។ ទ្រង់​សោយ​ជាមួយ​ម្ចាស់​តៀម​ស្រា និង​អ្នក​យក​ពន្ធ ។ ទ្រង់​ពុំ​ស្ទាក់ស្ទើរ​នឹង​ទៅ​ជិត​មនុស្ស​គម្លង់​កាន់ ហើយ​ប្រោស​គេ​ឡើយ ។ ទ្រង់​មាន​បន្ទូល​ទៅ​បណ្ដា​ជន​ដោយ​សរសើរ​ពី​ជំនឿ​របស់​មេទ័ព​រ៉ូម​ម្នាក់​ថា « ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ជា​ខ្លាំង​ដល់​ម្ល៉េះ​ទេ ទោះ​ទាំង​នៅ​ក្នុង​អ៊ីស្រាអែល​ផង » ។ 5

ព្រះ​យេស៊ូវ សុំ​ឲ្យ​យើង​រក្សា​ច្បាប់​នៃ​ក្ដី​ស្រឡាញ់​ឥត​ខ្ចោះ ដែល​ជា​អំណោយ​ដ៏​ធំ​មហិមា និង​គ្មាន​កំហិត ។ ទ្រង់​មាន​បន្ទូល​ថា ៖

« ត្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី ? តើ​ម្ចាស់​តៀម​ស្រា តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរ​ទេ​ឬ​អី ?

« ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ​នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ? ឯ​ម្ចាស់​តៀម​ស្រា តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរ​ទេ​ឬ​អី ?

« ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ។ 6

ក្នុង​សាសនាចក្រ​នេះ ពុំ​មាន​ជន​ប្លែក​មុខ និង​អ្នក​ដែល​ត្រូវ​បោះបង់​ឡើយ ។ មាន​តែ​បងប្អូន​ប្រុស​ស្រី​ប៉ុណ្ណោះ ។ តម្រិះ​ដែល​យើង​មាន​ពី​ព្រះ​បិតា​ដ៏​អស់​កល្ប​ជួយ​យើង​ស្គាល់​បងប្អូន​ប្រុស​ស្រី​ដែល​គួរ​មាន​រវាង​បុរស និង​ស្ត្រី​លើ​ផែនដី ។

ខ្សែ​រឿង​ក្នុង​ប្រលោម​លោក Les misérables បង្ហាញ​ពី​របៀប​ដែល​អ្នក​កាន់​បព្វជិតភាព​​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ដែល​ជា​ជន​ប្លែក​មុខ ។ ជីន វ៉លជីន ទើប​ត្រូវ​ដោះលែង​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង ។ គាត់​អស់​កម្លាំង​ ព្រោះ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​ស្រេក​ឃ្លាន ក៏បាន​មក​ដល់​ក្រុង​តូច​មួយ​រក​អាហារ និង​ទី​សម្រាក​ពេល​យប់ ។ ពេល​គេ​ដឹង​ថា គាត់​បាន​មក​ដល់ នោះ​ប្រជាជន​បាន​បិទ​ទ្វា​ផ្ទះ​ខ្លួន ។ គ្មាន​សណ្ឋាគារ ផ្ទះ​សំណាក់ សូម្បី​តែ​គុក​ក៏​ពុំ​ទទួល​គាត់​ដែរ ។ គាត់​ត្រូវ​គេ​បោះបង់ ច្រាន​ចោល និង​និរទេស ។ ទី​បំផុត ដោយ​ល្ហិតល្ហៃ​ពេក គាត់​ដួល​នៅ​មុខ​ទ្វា​ប៊ីស្សព​ម្នាក់ ។

សាសនាចារ្យ​ល្អ​ម្នាក់​នោះ​បាន​ដឹង​ពី​ប្រវត្តិ វ៉លជីន ហើយ តែ​គាត់​បាន​អញ្ជើញ​ជន​អនាថា​នោះ​ចូល​ក្នុង​ផ្ទះ​គាត់​ដោយ​ចិត្ត​បន្លឺ​ពាក្យ​ពេជន៍​ចិត្ត​ករុណា​ថា ៖

« ‹ នេះ​ពុំ​មែន​ជា​ផ្ទះ​ខ្ញុំ​ទេ តែ​ជា​ដំណាក់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ទ្វា​ផ្ទះ​នេះ ពុំ​ទាម​ទារ​ឈ្មោះ​អ្នក​ចូល​ឡើយ តែ​ថា​ជន​នោះ​មាន​ទុក្ខព្រួយ​ឬ​អត់​វិញ​ទេ​តើ ។ លោក​រង​ទុក្ខ លោក​ស្រេក​ឃ្លាន លោក​ត្រូវ​បាន​ស្វាគមន៍ ។ … តើ​ខ្ញុំ​ត្រូវ​ដឹង​ឈ្មោះ​លោកធ្វើ​​អ្វី​ទៀត ? ពី​មុន​លោក​បាន​ប្រាប់ [ ឈ្មោះ​លោក ] ដល់​ខ្ញុំ នោះ​ខ្ញុំ​ស្គាល់​លោក​រួច​បាត់​ទៅ​ហើយ › » ។

« [វ៉លជីន] បើក​ភ្នែក​ធំៗ​ដោយ​ភ្ញាក់​ផ្អើល ។

« ‹ មែន​ឬ ? លោក​ឪពុក​ស្គាល់​ខ្ញុំ​ជា​នរណា​ហើយ​ឬ ? ›

« ប៊ីស្សព​នោះ​ឆ្លើយ​ថា ‹ មែន​ហើយ លោក​ជា​បងប្អូន​ប្រុស​របស់​ខ្ញុំ › » ។ 7

ក្នុង​សាសនាចក្រ​នេះ វួដ និង​កូរ៉ុម​ពុំ​ជា​របស់​យើង​ទេ ។ វា​ជា​របស់​ផង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ នរណា​ក៏​ដោយ ដែល​ចូល​ក្នុង​សាល​ប្រជុំ យើង​គួរ​មាន​អារម្មណ៍​ដូច​នៅ​ផ្ទះ​ខ្លួន​ដែរ ។ ទំនួល​ខុស​ត្រូវ​ដែល​ត្រូវ​ស្វាគមន៍​មនុស្ស​គ្រប់​គ្នា គឺ​សំខាន់ ។ ពិភព​លោក​ដែល​យើង​រស់​នៅ កំពុង​ឆ្លង​កាត់​រយៈ​កាល​នៃ​សន្ទុះ​យ៉ាង​ខ្លាំង ។ ព្រោះ​តែ​សមត្ថភាព​ខាង​គមនាគមន៍ ល្បឿន​ទំនាក់​ទំនង និង​សាកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច​កើន​ឡើង នោះ​ផែនដី​ក្លាយ​ជា​ភូមិ​ឋាន​មួយ ដែល​មនុស្ស និង​សញ្ជាតិ​ជួប​ជុំ​គ្នា តភ្ជាប់ និង​រស់​ជាមួយ​គ្នា ដែល​ពុំធ្លាប់​មាន​ពី​មុន​មក ។

ការផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ​បំពេញ​ផែនការ​នៃ​ព្រះ ។ ការប្រមូល​ផ្ដុំ​ពី​ទិស​ទាំង​បួន​នៃ​ផែនដី​របស់​ទ្រង់​ពុំ​គ្រាន់តែ​ធ្វើ​ឡើង​ដោយ​ការ​បញ្ជូន​អ្នក​ផ្សាយ​សាសនា​ទៅ​ប្រទេស​ឆ្ងាយៗ​នោះ​ទេ តែ​ក៏​ជាមួយ​ការមក​ដល់​នៃ​មនុស្ស​ពី​តំបន់​ផ្សេង​ មក​នៅ​ទីក្រុង និង​សង្កាត់​យើង​ដែរ ។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ​ទាំង​​មិន​ដឹង​ខ្លួន ទៅ​តំបន់​ដែល​គេ​អាច​ឮ​ដំណឹង​ល្អ ហើយ​ចូល​មក​ក្នុង​ក្រោល​ទ្រង់ ។

វា​សម​គួរ​ណាស់ ដែល​បុគ្គល​មួយ​ទៀត​ប្រែ​ចិត្ត​ជឿ​ដំណឹង​ល្អ​ក្នុង​វួដ​របស់​អ្នក​ ពុំ​មែន​ជា​អ្នក​ចេញ​ពី​រង្វង់​មិត្ត​ភ័ក្តិ និង​មនុស្ស​ដែល​ស្គាល់ ។ អ្នក​នឹង​សម្គាល់​បាន​ដោយ​រូបរាង ភាសា របៀប​ស្លៀក​ពាក់ ឬ​ពណ៌​សប្បុរ ។ បុគ្គល​នេះ អាច​ដឹង​ក្ដី​ក្នុង​សាសនា​ផ្សេង ដោយ​មាន​ប្រវត្តិ និង​របៀប​រស់នៅ​ខុស​គ្នា ។

ការបង្កើត​មិត្តភាព ជា​ទំនួល​ខុស​ត្រូវ​សំខាន់​របស់​បព្វជិតភាព ។ កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​មិលគីស្សាដែក ត្រូវ​ប្រព្រឹត្ត​ដោយ​សាមគ្គីភាព​​នឹង​បងប្អូន​ស្រី ក្រោម​ការដឹកនាំ​នៃ​ប៊ីស្សព ដើម្បី​ធានា​ថា បុគ្គល​ម្នាក់ៗ ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្ដី​ស្រឡាញ់ និង​សណ្តាន​ចិត្ត​ល្អ ។ គ្រូ​បង្រៀន​តាម​ផ្ទះ និង​សួរ​សុខទុក្ខ​នឹង​ធានា​ដោយ​ប្រុង​ប្រយ័ត្ន​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​គេ​ភ្លេច ឬ​បដិសេធ​ឡើយ ។

យើង​ទាំង​អស់​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​កសាង​សាមគ្គីភាព​ខាង​វិញ្ញាណ​ក្នុង​វួដ និង​សាខា ។ គំរូ​មួយ​នៃ​សាមគ្គីភាព​ឥតខ្ចោះ​មាន​ក្នុង​ចំណោម​រាស្ត្រ​នៃ​ព្រះ​ បន្ទាប់​ពី​ព្រះ​គ្រីស្ទ​បាន​មក​ទ្វីប​អាមេរិក ។ បញ្ជី​ប្រវត្តិ​ចែង​ថា « គ្មាន​ចែក​ទៅ​ជា​ពួក​លេមិន ឬ ពួក​ណា​ផ្សេង​ទៀត​ឡើយ តែ​គេ​ទាំង​អស់​គ្នា​ទៅ​ជា​រូប​មួយ គឺ​ជា​កូន​ចៅ​នៃ​ព្រះគ្រីស្ទ និង​ជា​អ្នក​គ្រង​នគរ​ព្រះ​ទុក​ជា​មរតក ។ 8

សាមគ្គីភាព ពុំ​សម្រេច​បាន​ដោយ​ការបដិសេធ និង​ការទុក​សមាជិក ដែល​មើល​ទៅ​ខុស​ពី​គេ ហើយ​ទន់ខ្សោយ​ជាងគេ​ឲ្យ​នៅ​តែ​ឯង ហើយ​រាប់អាន​តែ​មនុស្ស​ដែល​ដូច​យើង​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ វា​ត្រូវ​បង្កើន​ដោយ​ការស្វាគមន៍ និង​ការបម្រើ​អ្នក​ដែល​ថ្មីថ្មោង ហើយ​មាន​តម្រូវ​ការចាំបាច់ ។ សមាជិក​ទាំង​នេះ​ជា​ពរជ័យ​សម្រាប់​សាសនាចក្រ និង​ផ្ដល់​ឱកាស​ឲ្យ​យើង​បម្រើ​អ្នក​ជិត​ខាង​យើង ហើយ​សម្អាត​ចិត្ត​យើង​ឡើង ។

ដូច្នេះ បងប្អូន​ប្រុស នេះ​ជា​ករណីយកិច្ច​អ្នក ក្នុងការ​ទទួល​នរណា​ម្នាក់ ដែល​មក​ដល់​ទ្វា​នៃ​អគារ​សាសនា​ចក្រ​អ្នក ។ សូម​ស្វាគមន៍​គេ​ដោយ​អំណរគុណ និង​កុំ​ប្រកាន់​ពូជ​សាសន៍ឡើយ ។ បើ​មនុស្ស​ពុំ​ស្គាល់​មុខ​ដើរ​ចូល​ក្នុង​ការប្រជុំ​អ្នក សូម​ទទួល​ពួកគេ​យ៉ាង​កក់​ក្ដៅ ហើយ​អញ្ជើញ​គេ​អង្គុយ​មក​ជាមួយ​អ្នក ។ សូម​ផ្ដើម​ជួយ​គេ​​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍ និង​ក្ដី​ស្រឡាញ់ ​ជា​ជាង​ចាំ​ឲ្យ​គេ​មក​រក​អ្នក ។

ក្រោយ​ពី​ការស្វាគមន៍​ដំបូង​របស់​អ្នក សូម​គិត​ពី​របៀប​អ្នក​អាច​បន្ត​បម្រើ​គេ ។ ខ្ញុំ​ធ្លាប់​ឮ​ពី​វួដ​មួយ ដែល​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​ស្ត្រី​ថ្លង់​​ពីរ​រូប មាន​ស្ត្រី​ថ្នាក់​សមាគម​សង្គ្រោះ​ពីរ​រូប​បាន​រៀន​ភាសា​គ​ដើម្បី​ពួក​គាត់​អាច​ទាក់ទង​នឹង​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ទាំង​នេះ​បាន ។ ឱ នេះ​ជា​គំរូ​នៃ​ក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​ណាស់​ហ្ន៎​សម្រាប់​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ដំណឹង​ល្អ !

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា គ្មាន​នរណា​ជា​ជន​ប្លែក​មុខ​ចំពោះ​ព្រះ​បិតា​សួគ៌​ឡើយ ។ គ្មាន​ព្រលឹង​ណា​ដែល​ពុំ​មាន​តម្លៃ​ចំពោះ​ទ្រង់​ឡើយ ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ជាមួយ​ពេត្រុស​ថា « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ « ប៉ុន្តែ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ដែរ » ។ 9

ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ព្រះ​ប្រមូល​កូនចៀម​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ នោះ​ទ្រង់​នឹង​មាន​បន្ទូល​មក​យើង​ថា « យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង » ។

នោះ​យើង​នឹង​ទូល​ទ្រង់​ថា « តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាលណា ? »

ទ្រង់​នឹង​មាន​បន្ទូល​តប​ថា « យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការណ៍​ទាំង​នេះ​ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ដល់​យើង​ដែរ » ។ 10

ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។