ការពន្លឿនផែនការយុទ្ធសាស្ត្ររបស់ព្រះអម្ចាស់ !
យើងម្នាក់ៗត្រូវអភិវឌ្ឍ និងអនុវត្តផែនការយុទ្ធសាស្ត្រផ្ទាល់ខ្លួន ដើម្បីបម្រើដោយអង់អាចជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។
ប៉ុន្មានឆ្នាំមុន ខ្ញុំត្រូវការជួបនិយាយនឹងភរិយារបស់ប៊ីស្សពម្នាក់ក្នុងស្ដេករបស់យើង ដូច្នេះខ្ញុំក៏បានទូរស័ព្ទទៅផ្ទះរបស់ពួកគេ ។ កូនប្រុសតូចគាត់បានលើកទូរស័ព្ទ ។ ខ្ញុំបាននិយាយថា « សួស្ដី តើម៉ាក់ក្មួយនៅទេ ? »
គាត់តបថា ៖ « បាទ គាត់នៅ ។ ខ្ញុំនឹងទៅហៅគាត់ ។ តើលោកជានរណា?»
ខ្ញុំតបថា ៖ « ប្រាប់គាត់ថា ប្រធាន និលសិន » ។
មានសភាពស្ងាត់មួយសន្ទុះ រួចខ្ញុំបានឮសំឡេងនិយាយថា « ម៉ាក់ ប្រធាន ហ៊ិងគ្លី ចង់និយាយជាមួយម៉ាក់តាមទូរស័ព្ទ ! »
ខ្ញុំនឹកមិនដល់ពីអ្វីដែលគាត់គិតឃើញឡើយ ។ វាជាការដើរមកឆ្លើយទូរស័ព្ទដ៏យូរបំផុត ដែលគាត់ពុំធ្លាប់មាន ។ ខ្ញុំមានគំនិតមួយថា ៖ «តើខ្ញុំគួរល្បងគាត់ដែរទេ ?» ខ្ញុំមិនបានធ្វើឡើយ តែយើងបានអស់សំណើចយ៉ាងខ្លាំងពីរឿងនោះ ។ ឥឡូវនេះពេលខ្ញុំគិតពីរឿងនោះ គាត់ប្រហែលជាខកចិត្តជាខ្លាំងដែលត្រូវនិយាយនឹងខ្ញុំទៅវិញនោះ ។
តើអ្នកនឹងធ្វើអ្វីខ្លះ បើព្យាការីព្រះអម្ចាស់ពិតជាទូរស័ព្ទទៅអ្នកមែននោះ ? មែនហើយ លោកបានធ្វើវាមែន ! ប្រធាន ថូម៉ាស អេស ម៉នសុន បានអំពាវនាវ នៅព្រឹកនេះម្ដងទៀតដល់យើងម្នាក់ៗសម្រាប់កិច្ចការដ៏សំខាន់មួយ ។ លោកមានប្រសាសន៍ថា « ឥឡូវជាពេលសម្រាប់សមាជិក និងអ្នកផ្សាយសាសនារួបរួមគ្នា ធ្វើការរួមគ្នា បម្រើក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ដើម្បីនាំមនុស្សមករកទ្រង់ » ( « Faith in the Work of Salvation » [worldwide leadership training broadcast ខែ មិថុនា ឆ្នាំ 2013] lds.org/broadcasts ) ។
សំណួរគឺ ៖ តើយើងបានស្ដាប់ដែរទេ?
នៅជុំវិញពិភពលោក ស្ដេក មណ្ឌល និងបេសកកម្មកំពុងទទួលនូវកម្លាំងថ្មីមួយ ដូចការប្រកាសរបស់ព្រះអង្គសង្គ្រោះទៅយ៉ូសែប ស្ម៊ីធនៅឆ្នាំ 1832 ត្រូវបានបំពេញថា ៖ « ឥឡូវមើលចុះ យើងនឹងពន្លឿនកិច្ចការរបស់យើងឲ្យឆាប់កើតនៅពេលកំណត់ » (គ. និង ស. 88:73) ។
បងប្អូនប្រុសស្រី ពេលនោះគឺជា ឥឡូវនេះ ! ខ្ញុំដឹង ហើយខ្ញុំដឹងច្បាស់ថាអ្នកដឹងផងដែរ ។
ខ្ញុំចង់ដាក់ក្តីរំភើប និងជំនឿទៅលើព្រះយេស៊ូវគ្រីស្ទរបស់ខ្ញុំឲ្យទៅជាសកម្មភាព ។ នៅពេលខ្ញុំបានលេងកីឡាបាល់ឱប ខ្ញុំគិតពីពាក្យផែនការយុទ្ធសាស្ត្រ ។ យើងគ្មានមន្ទិលសង្ស័យឡើយ កាលណាយើងធ្វើការប្រកួតមួយ ដែលក្រុមយើងបានរៀបចំយុទ្ធសាស្ត្រត្រឹមត្រូវ នោះយើងនឹងទទួលបានជោគជ័យ ។ តែថ្មីៗនេះ ខ្ញុំបាននិយាយនឹងគ្រូបង្វឹកដ៏ល្បីនៃក្រុមប៊ីវ៉ាយយូ ឈ្មោះ ឡាវ៉េល អេដវួដ ពីផែនការយុទ្ធសាស្ត្ររបស់យើង រួចគាត់បាននិយាយថា « ខ្ញុំមិនខ្វល់ថាយុទ្ធសាស្ត្រដែលអ្នកហៅនោះជាអ្វីទេ ដរាបណាយើងទទួលបានពិន្ទុទៅបានហើយ !» ក្នុងនាមជាប្រធានក្រុមម្នាក់ ខ្ញុំបានគិតច្រើនលើសពីនោះ តែប្រហែលជាគំនិតដ៏សាមញ្ញរបស់គាត់នេះហើយ ទើបមានពហុកីឡាដ្ឋានមួយបានដាក់ឈ្មោះរបស់គាត់ ។
ដោយសារយើងនៅក្នុងក្រុមរបស់ព្រះអម្ចាស់ តើយើងមានផែនការយុទ្ធសាស្ត្រជោគជ័យផ្ទាល់ខ្លួនដែរទេ ? តើយើងត្រៀមខ្លួនប្រកួតហើយឬនៅ? ក្នុងនាមជាសមាជិក បើយើងពិតជាស្រឡាញ់គ្រួសារយើង មិត្តភក្ដិ និងអ្នកដែលយើងស្គាល់មែន តើយើងមិនចង់ចែកចាយទីបន្ទាល់របស់យើងអំពីដំណឹងល្អដែលបានស្ដារឡើងវិញជាមួយពួកគេទេឬអី ?
នៅឯសិក្ខាសាលាសម្រាប់ប្រធានបេសកកម្មថ្មីក្នុងខែមិថុនា កំណត់ត្រាប្រាប់ថាមានប្រធានថ្មី និងភរិយាពួកលោកចំនួន 173 នាក់ បានទទួលការណែនាំចុងក្រោយពីមុនចាប់ផ្ដើមការបម្រើរបស់ខ្លួន ។ សមាជិក 15 រូបក្នុងគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងមកកាន់ក្រុមពិសេសនេះ។
អែលឌើរ អិល ថម ភែរី បានបន្ថែមមតិសន្និដ្ឋានថា « នេះជាគ្រាដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ។ នេះជាអ្វីមួយដែលស្រដៀងគ្នានឹងព្រឹត្តិការណ៍អស្ចារ្យដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកាលពីមុន ដូចជា ការនិមិត្តដំបូង អំណោយទាននៃព្រះគម្ពីរមរមន ការស្ដារឡើងវិញនៃដំណឹងល្អ និងកិច្ចការទាំងអស់ដែលស្ថាបនាគ្រឹះសម្រាប់យើងឲ្យដើរឆ្ពោះទៅមុខ ហើយបង្រៀនក្នុងនគររបស់ព្រះវរបិតាយើង » ( « Concluding Remarks » [address given at the seminar for new mission presidents ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ 2013] ទំព័រ 1, Church History Library, Salt Lake City) ។
យើងត្រូវចូលរួមដើម្បីធ្វើឲ្យក្ដីរំភើបនៃអ្នកដឹកនាំយើង ទៅស្របនឹងការតាំងចិត្តនៃពួកអ្នកផ្សាយសាសនាចក្រពេញម៉ោង ដែលពុំធ្លាប់មានពីមុន ។ កិច្ចការនេះនឹងមិនដើរឆ្ពោះទៅមុខតាមរបៀបរបស់ព្រះអម្ចាស់ ដោយគ្មានយើងបានឡើយ ! ដូចប្រធាន ហិនរី ប៊ី អាវរិង បានថ្លែងថា « មិនថាយើងមានវ័យ សមត្ថភាព ការហៅក្នុងសាសនាចក្រ ឬស្ថានភាពបែបណាទេ យើងត្រូវបានហៅរួមគ្នាក្នុងកិច្ចការដើម្បីជួយទ្រង់ក្នុងការច្រូតកាត់របស់ទ្រង់» («We Are One,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 62) ។
តើខ្ញុំអាចចែកនឹងអ្នកពីផែនការយុទ្ធសាស្ត្រ ដែលខ្ញុំចាប់អារម្មណ៍ចង់អនុវត្ត បន្ទាប់ពីអធិស្ឋាន និងអាន ជំពូក 13 ក្នុងប្រកាសដំណឹងល្អរបស់យើង ហើយគិតបទពិសោធន៍ពីអតីតកាលបានទេ? ខ្ញុំអញ្ជើញអ្នកឲ្យគិតចំណុចទាំងបីនេះ ខណៈដែលអ្នកគិតពីផែនការផ្ទាល់ខ្លួនអ្នក។
ទីមួយ អធិស្ឋានជាក់លាក់ដើម្បីនាំមនុស្សម្នាក់មករកព្រះអង្គសង្គ្រោះ និងដំណឹងល្អទ្រង់រាល់ថ្ងៃ ។ អ្នកអាចធ្វើកិច្ចការនេះដោយការមើលឃើញថា មនុស្សគ្រប់គ្នាជាបុត្រាបុត្រីនៃព្រះ ដែលចាំជួយគ្នាក្នុងដំណើរត្រឡប់ទៅផ្ទះវិញរបស់គេ ។ សូមគិតពីមិត្តថ្មីដែលអ្នកនឹងមាន ។
ទីពីរ សូមអធិស្ឋានសម្រាប់អ្នកផ្សាយសាសនាកំពុងបម្រើក្នុងតំបន់អ្នក និងពួកអ្នករៀនដោយហៅឈ្មោះពួកគេរាល់ថ្ងៃ ។ វិធីតែមួយដើម្បីធ្វើកិច្ចការនេះបានគឺ ជំរាបសួរពួកគេ មើលស្លាកឈ្មោះពួកគេ ហៅឈ្មោះពួកគេ ហើយសួរពីអ្នកដែលពួកគេកំពុងបង្រៀន ។ អែលឌើរ រ័សុល អិម ណិលសុន បានប្រាប់ថ្មីៗនេះថា « ព្រះអម្ចាស់មិនអាចជួយអ្នកស្គាល់ចិត្តគេបានទេ ទាល់តែអ្នកស្គាល់មុខ និងឈ្មោះរបស់មនុស្សសិន » ។
ខ្ញុំបានចូលរួមបុណ្យជ្រមុជទឹករបស់ស្ត្រីអស្ចារ្យម្នាក់ដែលបានចែកទីបន្ទាល់គាត់ ។ ខ្ញុំចងចាំពាក្យរបស់គាត់ជានិច្ចថា « ខ្ញុំពុំធ្លាប់មានមនុស្សច្រើនអធិស្ឋានឲ្យ និងមានអារម្មណ៍នូវសេចក្ដីល្អដ៏ច្រើនបែបនេះទេ ! ខ្ញុំដឹងថាកិច្ចការនេះពិត ! »
ទីបី សូមអញ្ជើញមិត្តម្នាក់មកសកម្មភាពក្នុង ឬក្រៅផ្ទះអ្នក។ មិនថាអ្នកទៅទីណា ឬអ្នកធ្វើអ្វីនោះទេ សូមគិតថា តើនរណាទៅដែលចូលចិត្តសកម្មភាពបែបនេះ រួចស្ដាប់តាមព្រះវិញ្ញាណពេលទ្រង់ដឹកនាំអ្នក ។
ព្រះអម្ចាស់បានបង្រៀនខ្ញុំនូវមេរៀនសាមញ្ញមួយក្នុងការរៀនដំណឹងល្អរបស់ខ្ញុំ ដែលខ្ញុំជឿថាវាអនុវត្តយ៉ាងល្អបំផុតចំពោះ «ការពន្លឿន» នេះ ។ ពេលខ្ញុំមានអារម្មណ៍រំភើបពីអ្វីមួយ វាបង្ហាញក្នុងការសរសេររបស់ខ្ញុំ ហើយជារឿយៗបញ្ចប់ដោយសញ្ញាឧទាន ដែលតាមអត្ថន័យរបស់វាគឺជា «អារម្មណ៍ដ៏ខ្លាំង ឬជាសញ្ញាមួយនៃការសំខាន់បំផុត»)។(Merriam-Webster’s Collegiate Dictionary កំណែទី 11 [ ឆ្នាំ 2003 ] « exclamation point » ) ។
ខ្ញុំមានចំណាប់អារម្មណ៍នឹងបទគម្ពីរស្ដីពី « ការប្រមូលផ្ដុំ» ដែលបញ្ចប់ដោយសញ្ញាឧទាន បានលេចឡើង ដូចជាការអង្វររបស់អាលម៉ាថា ៖ «ឱ បើសិនជាខ្ញុំបានទៅជាទេវតាមួយ ហើយអាចបំពេញបំណងចិត្តខ្ញុំ គឺឲ្យខ្ញុំអាចទៅនិយាយដោយត្រែនៃព្រះ ដោយសំឡេងដែលធ្វើឲ្យញ័រផែនដី ហើយស្រែកហៅឲ្យមានការប្រែចិត្តដល់មនុស្សគ្រប់រូប !» (អាលម៉ា 29:1)។
ខ្ញុំបានរកឃើញថាមានបទគម្ពីរចំនួន 65 ដែលបង្ហាញពីអារម្មណ៍ដ៏ខ្លាំងបែបនេះនៃអ្នកផ្សាយសាសនា រួមមានដូចតទៅនេះ ៖
« សេចក្ដីអំណររបស់ទ្រង់មហិមាណាស់ណា៎ ចំពោះព្រលឹងណាដែលប្រែចិត្ត ! ...
« ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នក ដោយស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ហើយគ្រាន់តែនាំព្រលឹងតែមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះ នៅក្នុងនគរនៃព្រះវរបិតារបស់យើង!
« ហើយឥឡូវនេះ បើសិនជាអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាដល់ព្រលឹងតែមួយ ហើយយ៉ាងណាទៅដែលអ្នកបាននាំមករកយើងក្នុងនគរនៃព្រះវរបិតាយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមា បើសិនជាអ្នកបាននាំព្រលឹងជាច្រើនមករកយើង!» (គ. និង ស. 18:13, 15--16)។
ការភ្ញាក់រឭករបស់ខ្ញុំចំពោះខដ៏សំខាន់ទាំងនេះ បានដើរតួសំខាន់មួយក្នុងការចាត់តាំងដំបូងរបស់ខ្ញុំ ជាពួកចិតសិបនាក់ប្រចាំតំបន់ម្នាក់ ។ ខ្ញុំដូចជាភ័យខ្លាចបន្តិចក្នុងការធ្វើជាដៃគូនឹងសាវកម្នាក់គឺ អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងសន្និសីទស្តេកមួយ ។ ពេលខ្ញុំដើរចូលទៅបន្ទប់ប្រធានស្តេកសម្រាប់ការប្រជុំទីមួយនៅចុងសប្ដាហ៍នោះ ខ្ញុំបានឃើញស្បែកជើងរហែកមួយគូដាក់នៅក្នុងទូរខាងក្រោយតុគាត់ ដោយមានបិទនូវខគម្ពីរដែលបញ្ចប់ដោយសញ្ញាឧទាន ។ ពេលខ្ញុំអាន-ខនោះ ខ្ញុំមានអារម្មណ៍ថាព្រះអម្ចាស់បានដឹងពីការសិក្សារបស់ខ្ញុំ ហើយបានឆ្លើយតបការអធិស្ឋានខ្ញុំ ហើយថាទ្រង់ជ្រាបយ៉ាងច្បាស់ពីអ្វីដែលខ្ញុំត្រូវការដើម្បីធ្វើឲ្យចិត្តខ្ញុំស្ងប់ ។
ខ្ញុំបានសុំប្រធានស្ដេកឲ្យប្រាប់ខ្ញុំអំពីរឿងស្បែកជើងនោះ ។
គាត់ពោលថា ៖
« នេះជាស្បែកជើងរបស់អ្នកប្រែចិត្តជឿវ័យក្មេងម្នាក់ដែលស្ថានភាពគ្រួសារគាត់ក្រលំបាក តែគាត់បានតាំងចិត្តបម្រើបេសកកម្មដោយជោគជ័យក្នុងប្រទេសហ្គូតេម៉ាឡា ។ ពេលគាត់ត្រឡប់មកវិញ ខ្ញុំបានជួបគាត់ដើម្បីធ្វើការដោះលែងដោយកិត្តិយសដល់គាត់ ហើយបានឃើញស្បែកជើងគាត់រហែក ។ យុវជនម្នាក់នេះបានផ្ដល់អ្វីៗទាំងអស់ថ្វាយព្រះអម្ចាស់ ដោយគ្មានការជួយជ្រោមជ្រែងពីគ្រួសារឡើយ ។
«គាត់ឃើញខ្ញុំសម្លឹងមើលស្បែកជើងគាត់ រួចក៏សួរថា «ប្រធាន តើមានអ្វីខុសឆ្គងមែនទេ ?›
«ខ្ញុំតបថា ‹អត់ទេ អែលឌើរ អ្វីគ្រប់យ៉ាងល្អណាស់ ! តើខ្ញុំអាចសុំស្បែកជើងនោះបានទេ?›»
ប្រធានស្ដេកបានបន្តថា ៖ «ខ្ញុំមានការគោរព និងក្ដីស្រឡាញ់លើសលុបចំពោះអ្នកត្រឡប់មកពីផ្សាយសាសនារូបនេះណាស់! ខ្ញុំចង់រក្សាទុកអនុស្សាវរីយនៃបទពិសោធន៍នោះ ដូច្នេះខ្ញុំខាត់ស្បែកជើងនោះពណ៌ត្នោត ។ វាជាការរំឭកចំពោះខ្ញុំ ពេលដើរចូលបន្ទប់នៃការខំប្រឹងប្រែងនេះ ដែលយើងទាំងអស់គ្នាត្រូវផ្ដល់ មិនថាយើងមានស្ថានភាពយ៉ាងណាទេ ។ ខនៅក្នុងអេសាយថា ៖ ‹ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកទ្រង់សោយរាជ្យ!› (អេសាយ 52:7) » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់នៃខ្ញុំអើយ ភរិយាប៊ីស្សពដ៏ល្អនោះអាចងឿងឆ្ងល់ថាហេតុអ្វីបានជាព្យាការីទូរស័ព្ទទៅគាត់។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា គាត់ និងយើងមិនត្រូវងឿងឆ្ងល់ទៀតឡើយ --ឧទានសញ្ញា។
ខ្ញុំដឹងថា យើងម្នាក់ៗត្រូវអភិវឌ្ឍ ហើយអនុវត្តនូវផែនការយុទ្ធសាស្ត្រផ្ទាល់ខ្លួនដោយចិត្តសាទរ ដើម្បីបម្រើជាមួយនឹងអ្នកផ្សាយសាសនាពេញម៉ោង --ឧទានសញ្ញា !
ខ្ញុំសូមបន្ថែមទីបន្ទាល់ខ្ញុំនឹងអ្វីដែលព្យាការីយ៉ូសែប ស្ម៊ីធ បានថ្លែងថា ៖ «ហើយឥឡូវនេះ បន្ទាប់ពីទីបន្ទាល់ជាច្រើនដែលបានថ្លែងអំពីទ្រង់ នេះគឺជាទីបន្ទាល់ចុងក្រោយបង្អស់ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ ៖ គឺថាទ្រង់មានព្រះជន្មរស់នៅ!» (គ. និង ស. 76:22) ។ ក្នុងព្រះនាមពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។