កុំឲ្យមានព្រះឯណាទៀត
តើយើងកំពុងបម្រើដល់អាទិទេព ឬព្រះដទៃមុនព្រះដែលយើងថ្វាយបង្គំមែនទេ ?
ក្រឹត្យវិន័យដប់ប្រការជាគ្រឹះនៃជំនឿពួកគ្រីស្ទាន និងពួកយូដា ។ ក្រឹត្យវិន័យពីរដំបូងផ្ដល់ការណែនាំពីការថ្វាយបង្គំ និងអាទិភាពយើង ដែលព្រះបានប្រទានដល់កូនចៅអ៊ីស្រាអែលតាមរយៈព្យាការី ម៉ូសេ ។ ក្រឹត្យវិន័យទីមួយ ព្រះអម្ចាស់បានបញ្ជាថា « កុំឲ្យមានព្រះឯណាទៀតនៅចំពោះយើងឲ្យសោះ » ( និក្ខមនំ 20:3 ) ។ ជាច្រើនទសវត្សរ៍មក ពេលព្រះគ្រីស្ទត្រូវគេសួរថា « ក្នុងបណ្ដាក្រឹត្យវិន័យ តើបញ្ញត្តិណាដែលយ៉ាងសំខាន់បំផុត ? » ទ្រង់តបថា « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃអ្នកឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតអ្នក » ( ម៉ាថាយ 22:36–37 ) ។
ក្រឹត្យវិន័យទីពីរពន្យល់អំពីការគ្មានព្រះឯណាទៀត ហើយកំណត់ពីអ្វីដែលគួរជាអាទិភាពសំខាន់បំផុតក្នុងជីវិតយើង ជាកូនចៅទ្រង់ ។ « កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់អ្នកឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វី » នៅស្ថានសួគ៌ ឬផែនដីឡើយ ( និក្ខមនំ 20:4 ) ។ រួចបន្ថែមថា « កុំឲ្យក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ » ( និក្ខមនំ 20:5 ) ។ លើសពីការហាមឃាត់ដល់រូបសក្ការៈ ក្រឹត្យវិន័យនេះចែងពីអាទិភាពសំខាន់មួយនៅគ្រប់ពេល ។ ព្រះយេហូវ៉ាពន្យល់ថា « ត្បិតយើងជាយេហូវ៉ា ជាព្រះនៃអ្នក យើងមានសេចក្ដីប្រច័ណ្ឌ... តែផ្ដល់សេចក្ដីសប្បុរសដល់... ពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង » ( និក្ខមនំ 20:5--6 ) ។ ពាក្យ ប្រច័ណ្ឌ មានន័យថា ការបង្ហាញឲ្យដឹង ។ ពាក្យដើមភាសាហេព្រើរមានន័យថា « ការមានអារម្មណ៍ឆាប់ខឹង ហើយសោកសៅ » ។ ( និក្ខមនំ 20:5 លេខយោង ខ ) ។ ដូច្នេះយើងធ្វើឲ្យព្រះខកព្រះទ័យ ពេលយើង « ក្រាបសំពះ » ឬ « បម្រើ » ព្រះផ្សេងទៀត---ពេលយើងដាក់អាទិភាពដំបូងផ្សេង ។1
I.
តើ « អាទិភាពផ្សេង » អ្វី ដែលមនុស្សទទួលការ « បម្រើ » ពីមុនព្រះ---សូម្បីជាមនុស្សកាន់សាសនា---ក្នុងជំនាន់យើង ? សូមពិចារណាពីជម្រើសទូទៅទាំងនេះក្នុងពិភពលោកយើង ៖
-
ប្រពៃណីវប្បធម៌ និងគ្រួសារ
-
ភាពត្រឹមត្រូវខាងនយោបាយ
-
គោលដៅការងារ
-
សម្បត្តិផ្នែកសម្ភារ
-
ការសម្រាកលំហែ
-
អំណាច កេរ្តិ៍ឈ្មោះ និងកិត្យានុភាព
បើឧទាហរណ៍ទាំងនេះមិនអនុវត្តចំពោះយើងទេ នោះយើងអាចណែនាំអ្នកដទៃដែលមានបញ្ហានេះ ។ គោលការណ៍នេះគឺសំខាន់ជាងឧទារណ៍និមួយៗ ។ គោលការណ៍នេះពុំថា តើយើងមានអាទិភាពដទៃដែរឬអត់នោះទេ ។ សំណួរក្នុងក្រឹត្យវិន័យទីពីរគឺថា « តើអ្វីទៅជាអាទិភាពធំបំផុតរបស់យើង ? » តើយើងនឹង បម្រើអាទិទេព ឬព្រះដ៏ទៃ មុនព្រះដែលយើងថ្វាយបង្គំមែនឬ ? តើយើងបានភ្លេចដើរតាមព្រះអង្គសង្គ្រោះដែលបង្រៀនថា បើយើងស្រឡាញ់ទ្រង់ យើងនឹងកាន់តាមបញ្ញត្តិទ្រង់ដែរឬទេ ? ( សូមមើល យ៉ូហាន 14:15 ) ។ បើដូច្នេះ នោះអាទិភាពយើងបានធ្វើឲ្យភ័ន្តច្រឡំ ដោយការគ្មានចំណាប់អារម្មណ៍ខាងវិញ្ញាណ និងការស្រេកឃ្លានឥតគិតក្នុងជំនាន់យើង ។
II.
ចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ បញ្ញត្តិព្រះគឺផ្អែកទៅលើផែនការព្រះសម្រាប់កូនចៅទ្រង់---ជាផែនការសង្គ្រោះដ៏អស្ចារ្យ ។ ផែនការនេះ ពេលខ្លះហៅថា « ផែនការសុភមង្គលដ៏មហិមា » ( អាលម៉ា 42:8 ) ពន្យល់ពីដើមកំណើត និងជោគវាសនាយើងជាកូនចៅព្រះ --- តើយើងមកពីណា ហេតុអ្វីយើងនៅទីនេះ ហើយតើយើងនឹងទៅទីណា ។ ផែនការនៃសេចក្ដីសង្គ្រោះ ពន្យល់ពីគោលបំណងនៃការបង្កបង្កើត និងស្ថានភាពនៃជីវិតរមែងស្លាប់ និងក្រុមគ្រួសារអស់កល្ប ។ បើយើងជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានទទួលចំណេះដឹងនេះ មិនដាក់អាទិភាពយើងស្របតាមផែនការនេះទេ នោះយើងស្ថិតក្នុងគ្រោះថ្នាក់នៃការបម្រើព្រះដទៃទៀតហើយ ។
ចំណេះដឹងពីផែនការព្រះសម្រាប់កូនចៅទ្រង់ ផ្ដល់ឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយនូវទស្សនវិស័យអស្ចារ្យមួយស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ។ យើងត្រូវគេស្គាល់យ៉ាងច្បាស់ថា ជាព្រះវិហារផ្ដោតលើគ្រួសារ ។ សាសនាយើងចាប់ផ្ដើមជាមួយមាតាបិតាសួគ៌ ហើយគោលដៅខ្ពស់បំផុតយើងគឺដើម្បីសម្រេចបានភាពពេញលេញនៃភាពតម្កើងឡើងអស់កល្ប ។ យើងដឹងថា ការណ៍នេះអាចកើតឡើងបានតែក្នុងទំនាក់ទំនងគ្រួសារម្យ៉ាងគត់ ។ យើងដឹងថា អាពាហ៍ពិពាហ៍រវាងបុរសស្ត្រី គឺចាំបាច់ដើម្បីសម្រេចផែនការព្រះ ។ មានតែអាពាហ៍ពិពាហ៍នេះម្យ៉ាងគត់ ដែលនឹងផ្ដល់មជ្ឈដ្ឋានត្រឹមត្រូវសម្រាប់កំណើតនៃជីវិតរមែងស្លាប់ និងដើម្បីរៀបចំសមាជិកគ្រួសារសម្រាប់ជីវិតអស់កល្ប ។ យើងគិតពីអាពាហ៍ពិពាហ៍ និងការចិញ្ចឹមបីបាច់កូនចៅមានចំណែកក្នុងផែនការព្រះ និងជាកាតព្វកិច្ចពិសិដ្ឋនៃជនដែលបានទទួលឱកាសឲ្យធ្វើដូច្នេះ ។ យើងជឿថា សម្បត្តិធំបំផុតលើផែនដី និងស្ថានសួគ៌គឺកូនចៅយើង និងពូជពង្សយើង ។
III.
ដោយសារអ្វីដែលយើងយល់ពីតួនាទីគ្រួសារដ៏អស់កល្បមានសក្ដានុពល យើងបារម្ភ ព្រោះចំនួននៃកំណើត និងអាពាហ៍ពិពាហ៍បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប្រទេសលោកខាងលិច ដែលប្រវត្តិសាស្ត្រវប្បធម៌ពួកគេជាគ្រីស្ទាន និងយូដា ។ ប្រភពដែលទទួលខុសត្រូវបានរាយការណ៍ដូចខាងក្រោម ៖
-
ឥឡូវនេះ សហរដ្ឋអាមេរិកមានអាត្រាកំណើតទាបបំផុតក្នុងប្រវត្តិសាស្ត្រខ្លួន2 ហើយនៅបណ្ដាប្រទេសសហព័ន្ធអ៊ឺរុបជាច្រើន និងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត អាត្រាកំណើត គឺទាបជាងកម្រិតដ៏ចាំបាច់ដើម្បីរក្សាចំនួនប្រជាជនខ្លួន ។3 វាគម្រាមកំហែងដល់ការរស់រាននៃវប្បធម៌ រួមទាំងប្រជាជាតិដែរ ។
-
នៅអាមេរិក ភាគរយនៃយុវជម្ឈិមវ័យ ពីអាយុ 18 ឆ្នាំ ដល់ 29 ឆ្នាំ ដែលបានរៀបការ ក្នុងឆ្នាំ 1960 បានធ្លាក់ចុះពី 59 ភាគរយ ដល់ 20 ភាគរយ មកត្រឹមឆ្នាំ 2010 ។4 អាយុជាមធ្យមនៃការរៀបការដំបូង ឥឡូវគឺមានអត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ៖ 26 ឆ្នាំសម្រាប់ស្ត្រី និងជិត 29 ឆ្នាំសម្រាប់បុរស ។5
-
ក្នុងប្រទេស និងវប្បធម៌ជាច្រើន (1) ប្រពៃណីគ្រួសាររវាងឪពុកម្ដាយ និងកូនកំពុងក្លាយជាករណីលើកលែង ជាជាងច្បាប់ (2) ការខំក្នុងការងារ ជំនួសឲ្យការរៀបការ និងការជម្រើសមានកូន កំពុងកើនឡើងសម្រាប់យុវនារីជាច្រើន ហើយ (3) តួនាទី និងសារៈសំខាន់នៃឪពុកកំពុងធ្លាក់ចុះ ។
ក្នុងចំណោមនិន្នាការទាំងនេះដែលយើងព្រួយ យើងដឹងថាផែនការព្រះគឺសម្រាប់កូនចៅទ្រង់គ្រប់រូប ហើយថាព្រះស្រឡាញ់កូនចៅទ្រង់គ្រប់ទិសទី ។6 ជំពូកទីមួយក្នុងគម្ពីរមរមនបានប្រកាសថា « ព្រះចេស្ដា និងសេចក្ដីសប្បុរស ហើយនិងសេចក្ដីមេត្តាករុណារបស់ព្រះ ... មានមកលើគ្រប់បណ្ដាជនទាំងអស់នៅលើផែនដី » ( នីហ្វៃទី1 1:14 ) ។ ជំពូកក្រោយទៀតបានប្រកាសថា « ទ្រង់បានប្រទាន [ សេចក្ដីសង្គ្រោះទ្រង់ ] ដោយឥតយកថ្លៃដល់មនុស្សលោកទាំងអស់ » ហើយថា « មនុស្សលោកទាំងអស់បានទទួលឯកសិទ្ធិដូចៗគ្នា ហើយគ្មានអ្នកណាម្នាក់ត្រូវបានហាមប្រាមឡើយ » ( នីហ្វៃទី2 26:27--28 ) ។ ដូច្នេះ ព្រះគម្ពីរបង្រៀនថា យើងត្រូវមានចិត្តមេត្តា ( ក្តីស្រឡាញ់ ) និងក្ដីសប្បុរសដល់មនុស្សគ្រប់រូប ( សូមមើល ថែស្សាឡូនីចទី1 3:12 យ៉ូហានទី1 3:17គ. និង ស. 121:45 ) ។
IV.
យើងក៏ត្រូវគោរពដល់ជំនឿសាសនាមនុស្សគ្រប់រូបដែរ សូម្បីតែជនមិនជឿព្រះដែលកំពុងមានចំនួនកើនឡើងក្ដី ។ យើងដឹងថា តាមអំណាចនៃការជ្រើសរើស ដែលព្រះប្រទានឲ្យ មានមនុស្សជាច្រើននឹងកាន់ជំនឿផ្ទុយពីយើង តែយើងសង្ឃឹមថាមនុស្សដទៃនឹងគោរពចំពោះជំនឿសាសនាយើងដូចគ្នាដែរ ហើយយល់ថា ជំនឿយើង ធ្វើឲ្យយើងមានជម្រើស និងឥរិយាបថផ្សេងពីពួកគេ ។ ឧទាហរណ៍ យើងជឿថា ផ្នែកសំខាន់មួយក្នុងផែនការសង្គ្រោះទ្រង់ ព្រះបានបង្កើតបទដ្ឋានអស់កល្បមួយ ដែលទំនាក់ទំនងផ្លូវភេទគួរកើតឡើងតែរវាងបុរសស្ត្រីម្នាក់ដែលបានរៀបការប៉ុណ្ណោះ ។
អំណាចបង្កើតជីវិត ជាអំណាចដ៏ធំបំផុតដែលព្រះបានប្រទានដល់កូនចៅ ទ្រង់ ។ ការប្រើវាត្រូវបានណែនាំក្នុងបញ្ញត្តិទីមួយរបស់ព្រះដល់អ័ដាម និងអេវ៉ា ( សូមមើល លោកុប្បត្តិ 1:28 ) តែបញ្ញត្តិសំខាន់ផ្សេងទៀតត្រូវបានប្រទានឲ្យដើម្បីហាមឃាត់ដល់ការប្រើវាខុស ( សូមមើល និក្ខមនំ 20:14 ថែស្សាឡនីចទី1 4:3 ) ។ តាមការយល់ដឹងយើង ការបញ្ជាក់ដែលយើងមានក្នុងច្បាប់ព្រហ្មចារីភាព ត្រូវបានពន្យល់ពីបំណងនៃអំណាចបង្កើតកូនដើម្បីសម្រេចផែនការព្រះ ។ ចំណងរវាងបុរសស្ត្រីក្រៅអាពាហ៍ពិពាហ៍ ទោះក្នុងកម្រិតណាក្ដី គឺជាអំពើបាប និងផ្ទុយពីផែនការនៃភាពតម្កើងឡើងដល់កូនចៅទ្រង់ ។
សារៈសំខាន់ដែលយើងភ្ជាប់នឹងច្បាប់ព្រហ្មចារីភាព បានពន្យល់ពីការតាំងចិត្តយើងចំពោះគំរូនៃការរៀបការដែលរៀបចំឡើងជាមួយអ័ដាម និងអេវ៉ា ហើយបានបន្តមកជាច្រើនសម័យកាល ជាគំរូរបស់ព្រះពីទំនាក់ទំនងនៃការបង្កើតជីវិតរវាងបុត្រាបុត្រីទ្រង់ និងការចិញ្ចឹមបីបាច់កូនចៅទ្រង់ ។ ជាសំណាងល្អ មានមនុស្សជាច្រើនបានចូលរួមនឹងសាសនា និងអង្គការផ្សេងទៀត ឯកភាពនឹងយើងលើធម្មជាតិ និងសារៈសំខាន់នៃការរៀបការ អ្នកខ្លះឯកភាពលើមូលដ្ឋានគោលលទ្ធិសាសនា ហើយផ្សេងទៀតលើមូលដ្ឋាននៃអ្វីដែលពួកគេជឿថាល្អដល់សង្គម ។
ចំណេះដឹងយើងពីផែនការព្រះសម្រាប់កូនចៅទ្រង់7 ពន្យល់ពីហេតុផលដែលយើងព្រួយថា កុមារកាន់តែច្រើនបានកើតដោយឪពុកម្ដាយមិនបានរៀបការ --- ថ្មីៗមាន 41 ភាគរយ នៃកំណើតក្នុងសហរដ្ឋអាមេរិក8 -- ហើយថាចំនួនអ្នករួមរស់នឹងគ្នាដោយមិនរៀបការ មានកំណើនយ៉ាងខ្លាំងនៅពាក់កណ្ដាលសតវត្សរ៍នេះ ។ ប្រាំទសវត្សរ៍មុន ភាគរយនៃការរួមរស់នឹងគ្នាដោយមិនរៀបការមានតិចបំផុត ។ ឥឡូវ វាកើនឡើងដល់ទៅ 60 ភាគរយ ។9 ហើយរឿងនេះត្រូវក្មេងជំទង់ទទួលយកយ៉ាងខ្លាំង ជាពិសេស ។ ទន្និន័យស្ទង់មតិថ្មីៗនេះបានរកឃើញថា ប្រមាណជា 50 ភាគរយនៃក្មេងជំទង់បានថ្លែងថា ការមានកូនដោយមិនរៀបការ គឺជា « ជីវិតមួយដ៏មានតម្លៃ » ទៅវិញ ។10
V.
មានសម្ពាធនយោបាយ និងសង្គមជាច្រើនក្នុងការផ្លាស់ប្ដូរច្បាប់ និងគោលនយោបាយ ដើម្បីបង្កើតឥរិយាបថផ្ទុយពីច្បាប់ព្រះ ស្ដីពីសីលធម៌ផ្លូវភេទ និងធម្មជាតិ និងបំណងអស់កល្បនៃការរៀបការ និងការមានកូន ។ សម្ពាធទាំងនេះបានអនុញ្ញតរួចហើយ គឺការរៀបការភេទដូចគ្នានៅសហរដ្ឋ និងប្រទេសមួយចំនួន ។ សម្ពាធផ្សេងទៀតបានបំភ័ន្ត ភេទខុសគ្នារវាងបុរសស្ត្រី ដែលវាចាំបាច់ដើម្បីសម្រេចផែនការសុភមង្គលមហិមារបស់ព្រះ ។
ការយល់ដឹងយើងពីផែនការព្រះ និងគោលលទ្ធិទ្រង់ ផ្ដល់ទស្សនៈវិស័យអស់កល្បមួយដល់យើង ដែលមិនឲ្យយើងបណ្ដោយតាមឥរិយាបថបែបនេះ ឬរកខុសត្រូវចំពោះច្បាប់ដែលអនុញ្ញាតឲ្យមានបញ្ហានេះទេ ។ ហើយដោយយើងខុសពីអង្គការផ្សេងទៀតដែលអាចកែប្រែគោលនយោបាយ រួមទាំងគោលលទ្ធិខ្លួន នោះគោលនយោបាយយើងត្រូវបានកំណត់ដោយសេចក្ដីពិតដែលព្រះបានប្រាប់ ពុំអាចផ្លាស់ប្ដូរបានឡើយ ។
មាត្រានៃសេចក្ដីជំនឿយើង ខ-ទីដប់ពីរចែងថា ជំនឿយើងគឺធ្វើតាមច្បាប់ និង « ការគោរពប្រតិបត្តិ និងការគាំទ្រច្បាប់ » ។ តែច្បាប់មនុស្សមិនអាចធ្វើឲ្យអ្វីដែលព្រះបានប្រកាសថា អាក្រក់ទៅជាល្អបានឡើយ ។ ការតាំងចិត្តចំពោះអាទិភាពខ្ពស់បំផុតរបស់យើង --- ដើម្បីស្រឡាញ់ ហើយបម្រើព្រះ --- តម្រូវឲ្យយើងពឹងផ្អែកលើក្រឹត្យវិន័យទ្រង់សម្រាប់បទដ្ឋាននៃឥរិយាបថយើង ។ ឧទាហរណ៍ យើងស្ថិតនៅក្រោមបញ្ញត្តិព្រះ មិនឲ្យធ្វើអំពើផឹតក្បត់ ឬរួមរស់នឹងគ្នាដោយមិនរៀបការ ទោះជាទង្វើរនោះពុំ រំលោភច្បាប់រដ្ឋ ឬប្រទេសដែលយើងរស់នៅក្ដី។ ដូចគ្នាដែរ ច្បាប់អនុញ្ញាតឲ្យមាន « ការរៀបការភេទដូចគ្នា » មិនបានកែប្រែក្រឹត្យវិន័យព្រះស្ដីពីការរៀបការ ឬបញ្ញត្តិទ្រង់ និងបទដ្ឋានយើងដែលទាក់ទងនឹងបញ្ហានេះឡើយ ។ យើងបន្តស្ថិតនៅក្រោមសេចក្ដីសញ្ញា ស្រឡាញ់ព្រះ ហើយកាន់តាមបញ្ញត្តិទ្រង់ និងដើម្បីចៀសវាងពីការបម្រើព្រះ និងអាទិភាពផ្សេងទៀត --- សូម្បីតែចំពោះជនមានកេរ្តិ៍ឈ្មោះល្បីនៅជំនាន់យើងក្ដី ។
ក្នុងការតាំងចិត្តនេះ យើងអាចត្រូវគេយល់ខុស ហើយរងការចោទប្រកាន់ពីការជឿហួសហេតុ ទទួលការរើសអើង ឬត្រូវទ្រាំទ្រនូវការវាយប្រហារ ស្ដីពីសេរីភាពសាសនារបស់យើង ។ បើដូច្នេះ ខ្ញុំគិតថា យើងគួរចាំពីអាទិភាពទីមួយរបស់យើង---គឺបម្រើព្រះ--- ហើយដូចជាពួកអ្នកត្រួសត្រាយផ្លូវពីមុន ដែរ យើងត្រូវស៊ូទ្រាំក្នុងការសាកល្បង ដែលមានកម្លាំងដូចគ្នានឹងពួកគាត់ ។
មានការបង្រៀនមួយរបស់ប្រធាន ថូម៉ាស អេស ម៉នសុន បានអនុវត្តនឹងស្ថានភាពនេះ ។ ក្នុងសន្និសីទនេះកាលពី 27 ឆ្នាំមុន លោកបានប្រកាសយ៉ាងមុតមាំថា ៖ « ចូរយើងក្លាហានដើម្បីប្រឆាំងនឹងមតិទូទៅ ក្លាហានការពារគោលការណ៍ ។ ចូរក្លាហាន កុំចុះញ៉ម ដើម្បីនាំភាពញញឹមដល់បញ្ញត្តិព្រះ ។ ភាពក្លាហានក្លាយជាការរស់នៅ ដែលនាំទៅរកគុណធម៌ ពេលវាត្រូវបានគេគិតថាមិនមែនគ្រាន់តែជាការសុខចិត្តស្លាប់ដោយកិត្តិយសប៉ុណ្ណោះទេ តែជាការតាំងចិត្តរស់នៅដោយត្រឹមត្រូវផងដែរ ។ មនុស្សម្នាក់ទន់ខ្សោយខាងសីលធម៌ ជាជនដែលខ្លាចធ្វើអ្វីដែលគាត់គិតថាត្រឹមត្រូវ ដោយសារខ្លាចអ្នកដទៃរិះគន់ ហើយសើចចំអក ។ សូមចាំថា មនុស្សគ្រប់រូបមានការភ័យខ្លាចផ្ទាល់ខ្លួន តែជនដែលទ្រាំទ្រនឹងការភ័យខ្លាចខ្លួនដោយកិត្តិយស ក៏មានភាពក្លាហានដែរ » ។11
ខ្ញុំអធិស្ឋានថា យើងនឹងមិនបណ្តោយឲ្យឧបសគ្គបណ្ដោះអាសន្ននៃជីវិតរមែងស្លាប់ ធ្វើឲ្យយើងភ្លេចនូវបញ្ញត្តិ និងអាទិភាព ដែលព្រះបង្កបង្កើត និងព្រះអង្គសង្គ្រោះយើងបានប្រទានឲ្យទេ ។ យើងមិនត្រូវដាក់ចិត្តលើរឿងលោកិយ និងចង់បានការគោរពពីមនុស្សហួសហេតុពេក ( គ. និង ស. 121:35 ) រហូតធ្វើឲ្យយើងឈប់ព្យាយាមទទួលជោគវាសនាអស់កល្បយើងឡើយ ។ យើងដែលដឹងពីផែនការព្រះ សម្រាប់កូនចៅទ្រង់ --- យើងដែលបានធ្វើសេចក្ដីសញ្ញាដើម្បីចូលរួមក្នុងកិច្ចការនេះ --- មានទំនួលខុសត្រូវមួយយ៉ាងច្បាស់ ។ យើងមិនត្រូវងាកចេញបំណងដ៏សំខាន់របស់យើង ដើម្បីបានជីវិតអស់កល្ប។ 12យើងពុំត្រូវធ្វើឲ្យអាទិភាពទីមួយ---ដើម្បីគ្មានព្រះឯណាទៀត ហើយមិនបម្រើអាទិភាពណាទៀតពីមុនព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទឡើយ ។
សូមឲ្យព្រះជួយយើងយល់ពីអាទិភាពនេះ ហើយឲ្យអ្នកដទៃទៀតយល់ ពេលយើងខំស្វែងរកតាមរបៀបឈ្លាសវៃ និងដោយក្ដីស្រឡាញ់ ខ្ញុំអធិស្ឋានក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។