ការខិតកាន់តែជិតព្រះ
ព្រះសង្គ្រោះមានព្រះទ័យឲ្យយើងស្រឡាញ់ទ្រង់ពិតដល់កម្រិត ដែលយើងចង់ចងភ្ជាប់ឆន្ទៈយើងនឹងឆន្ទៈទ្រង់ ។
ចៅប្រុសអាយុប្រាំមួយឆ្នាំយើងឈ្មោះ អូលី ដែលចូលចិត្តហៅខ្ញុំថា « ផតទើរ » ចង់យករបស់មួយពីក្នុងឡាន ។ ប៉ាគេឈរមើលពីក្នុងផ្ទះ ហើយដោយ អូលី ពុំចាប់អារម្មណ៍ គាត់ដោះសោឡានដោយប្រើប្រដាប់បញ្ជាពេល អូលី ចូលទៅជិតឡាន ហើយចាក់សោវិញពេល អូលី យករបស់ហើយ ។ រួច អូលី បានរត់ចូលផ្ទះទាំងញញឹម !
សមាជិកគ្រួសារទាំងអស់សួរគេថា « តើ កូនដោះសោឡាន និងចាក់សោវិញតាមរបៀបណាទៅ ? » អូលី គ្រាន់តែញញឹម ។
កូនស្រីយើងដែលជាម្ដាយគេបន្លឺថា « ប្រហែលដូចពេល ផតទើរ ធ្វើហើយមើលទៅ — ប្រហែលកូនចេះវេទមន្តដូចគាត់អញ្ជឹង ! »
ពេលវាកើតឡើងម្ដងទៀតបន្តិចក្រោយមក គេឆ្លើយនឹងសំណួរដែលសួរគេម្ដងទៀតនោះថា ៖ « វាចម្លែកណាស់ ! ខ្ញុំគិតថាព្រោះ ផតទើរ ស្រឡាញ់ខ្ញុំ ហើយគាត់ជាមិត្តល្អខ្ញុំ គាត់មើលថែខ្ញុំ ! »
ខ្ញុំមានពរជ័យដើម្បីស្គាល់រឿងអព្ភូតហេតុពិត ដែលកើតឡើងក្នុងជីវិតពួកបរិសុទ្ធថ្ងៃចុងក្រោយពេញ អាហ្រ្វិក ប៉ាពួ នូវ ហ្គីណេ អូស្ត្រាលី នូវហ្សើលែន និងដែនដីកោះប៉ាស៊ីហ្វិក ។ ខ្ញុំយល់ស្របនឹង អូលី — ខ្ញុំគិតថា ព្រោះមនុស្សស្មោះត្រង់ទាំងនោះមានអារម្មណ៍ដូចគ្នាពីព្រះវរបិតាសួគ៌ និងព្រះសង្គ្រោះដូច អូលី មានអារម្មណ៍ពីខ្ញុំដែរ ។ គេស្រឡាញ់ព្រះដូចជាមិត្តស្និទស្នាល ហើយទ្រង់ថែរក្សាគេ ។
សមាជិកសាសនាចក្រមានសិទ្ធិទទួល និងមនុស្សជាច្រើនទទួលបានសាក្សីខាងវិញ្ញាណ ហើយធ្វើក្ដីសញ្ញាពិសិដ្ឋ ដើម្បីដើរតាមព្រះអម្ចស់ ។ ទោះយ៉ាងនោះក្ដី មនុស្សខ្លះឆ្ពោះទៅទ្រង់កាលអ្នកផ្សេងទៀតពុំទៅ ។ តើអ្នកជាមនុស្សដូចម្ដេច ?
ព្រះគួរជាតួសំខាន់សម្រាប់មនុស្សលោក — អង្គដែលយើងយកចិត្តទុកដាក់ខ្ពស់ ។ តើទ្រង់តែងតែ ឬជួលកាលនៅឆ្ងាយពីសតិអារម្មណ៍ និងបំណងនៃដួងចិត្តយើងបានឬ ? ( សូមមើល ម៉ូសាយ 5:13 ) ។ សម្គាល់ថា ពុំគ្រាន់តែសតិអារម្មណ៍នៃដួងចិត្តទេ ដែលសំខាន់នោះ តែជា « បំណង » ដែរ ។ តើមាយាទ និងទង្វើបង្ហាញពីក្ដីសុចរិតនៃបំណងយើងដូចម្ដេច ?
កូនប្រុសយើងឈ្មោះ បិន កាលវ័យ 16 ឆ្នាំបានថ្លែងក្នុងសន្និសីទស្តេកដោយសួរសំណួរថា ៖ « តើអ្នកមានអារម្មណ៍ដូចម្ដេច បើនរណាម្នាក់សន្យាអ្វីមួយរាល់សប្ដាហ៍ ហើយពុំដែលគោរពពាក្យសន្យានោះ ? » គាត់បន្តថា « តើយើងសន្យាយ៉ាងប្រាកដប្រជា កាលយើងទទួលទានសាក្រាម៉ង់ ហើយធ្វើក្ដីសញ្ញារក្សាបញ្ញត្តិទ្រង់ និងចងចាំទ្រង់ជានិច្ចឬទេ ? »
ព្រះប្រទានរបៀបច្រើន ដើម្បីឲ្យយើងចងចាំទ្រង់ និងអំណាចគាំទ្រ ។ របៀបមួយគឺតាមរយៈអ្វីដែលយើងជួបប្រទះជាមួយគ្នា — ទុក្ខវេទនា ( សូមមើល អាលម៉ា 32:6 ) ។ ពេលខ្ញុំក្រឡេកទៅការសាកល្បងដែលខ្ញុំប្រឈមមុខ ច្បាស់ណាស់ថា វាផ្ដល់លទ្ធផលក្នុងការរីកចម្រើន ការយល់ដឹង និងការយល់ចិត្ត ។ វាបង្ខិតខ្ញុំទៅជិតព្រះវរបិតាសួគ៌ និងព្រះបុត្រាទ្រង់ ជាមួយបទពិសោធន៍ និងការបន្សុទ្ធក្នុងចិត្តខ្ញុំ ។
ការដឹកនាំរបស់ព្រះអម្ចាស់ និងការណែនាំទ្រង់គឺចំបាច់ ។ ទ្រង់ជួយបងប្រុសយ៉ារេឌ ដ៏ស្មោះត្រង់ ដោះស្រាយឧបសគ្គមួយចំណោមពីរ កាលទ្រង់បន្ទូលប្រាប់គាត់របៀបធ្វើឲ្យមានខ្យល់ចេញចូលភេត្រា ដែលបានសង់ឡើងដោយក្ដីជំនឿ ( សូមមើល អេធើរ 2:20 ) ។ ព្រះពុំគ្រាន់តែទុកឲ្យមានរឿង ដែលពុំទាន់ដោះស្រាយពីរបៀបធ្វើឲ្យមានពន្លឺមួយរយៈនោះទេ តែទ្រង់ធ្វើឲ្យឃើញច្បាស់ថា ព្រះអម្ចាស់អនុញ្ញាតឲ្យការបក់បោក និងការសាកល្បងដែលចាំបាច់ត្រូវការការដោះស្រាយ ។ គឺទ្រង់ហើយ ដែលនឹងបង្កើតព្យុះ ភ្លៀង និងជំនន់លិច ( សូមមើល អេធើរ 2:23–24 ) ។
ហេតុអ្វីទ្រង់ធ្វើដូច្នោះ ? ហើយហេតុអ្វីទ្រង់ព្រមានយើងជាច្រើន ឲ្យដកខ្លួនពីប្រភពគ្រោះថ្នាក់ ទោះជាទ្រង់អាចបញ្ឈប់វាពីការកើតឡើងបាននោះ ? ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានតំណាលរឿងនៃការណ៍ដែលត្រូវព្រមានខាងវិញ្ញាណឲ្យយករទេះសេះចេញ ដែលគាត់ ភរិយា និងកូនសម្រាកខាងក្នុង គ្រាន់តែដករទេះចេញភ្លាម មានខ្យល់គួចមករម្លើងឫសដើមឈើធំមួយ និងបានទម្លាក់វានៅចំទីដែលរទេះនោះចតពីមុន ( សូមមើល ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ វិលហ្វូឌ វូឌដ្រុព្វ [ ឆ្នាំ 2004 ] ទំព័រ 47 ) ។
ក្នុងឧទាហរណ៍ទាំងនេះ អាកាសធាតុអាចកែប្រែបានដើម្បីបន្ថយគ្រោះថ្នាក់ ។ តែនេះជាចំណុចសំខាន់ — ផ្ទុយឲ្យការដោះស្រាយបញ្ហាដោយពឹងលើទ្រង់ ព្រះអម្ចាស់មានព្រះទ័យឲ្យយើងបង្កើនក្ដីជំនឿ ដែលនឹងជួយយើងពឹងលើទ្រង់ក្នុងការដោះស្រាយ និងជឿជាក់លើទ្រង់ ។ នោះយើងអាចទទួលអារម្មណ៍ក្ដីស្រឡាញ់ទ្រង់បន្ថែម កាន់តែខ្លាំង កាន់តែច្បាស់ និងដោយផ្ទាល់ខ្លួន ។ យើងប្រែជារួបរួមនឹងទ្រង់ ហើយអាចដូចជាទ្រង់ ។ ត្បិតគោលដៅទ្រង់គឺឲ្យយើងដូចជាទ្រង់ ។ តាមពិត វាគឺជាសិរីល្អ ក៏ដូចជាកិច្ចការទ្រង់ដែរ ( សូមមើល ម៉ូសេ 1:39 ) ។
ក្មេងប្រុសម្នាក់ព្យាយាមសម្អាតទីកខ្វក់ក្រោយផ្ទះដើម្បីអាចលេងជាមួយកូនឡានរបស់គេនៅទីនោះ ។ មានថ្មមួយដុំធំរារាំងការងារ ។ ក្មេងប្រុសនោះរុញ ហើយទាញអស់មួយទំហឹង តែខំយ៉ាងណាក្ដី ថ្មនោះពុំកម្រើកសោះ ។
ប៉ារបស់គេឈរមើលបន្តិចរួចដើរទៅកូនប្រុស ហើយសួរថា « កូនត្រូវប្រើកម្លាំងទាំងអស់ទើបអាចយកថ្មធំនេះចេញបាន » ។
ក្មេងប្រុសនោះឆ្លើយថា ៖ « កូនបានប្រឹងអស់ពីសមត្ថភាពហើយ ! »
ប៉ារបស់គេកែតម្រូវថា « ទេកូនពុំបានធ្វើទេ ។ ប៉ាពុំទាន់បានជួយកូននៅឡើយទេ ! »
ហើយពួកគេបានឱនចុះទាំងអស់គ្នា ហើយយកថ្មនោះចេញបានយ៉ាងស្រួល ។
ឪពុកមិត្តរបស់ខ្ញុំម្នាក់ឈ្មោះ វែបា រ៉ូម ជាប្រធានស្តេកទីមួយនៃ ប៉ាពួ នូវ ហ្គីណេ បង្រៀនដែរថា គាត់អាចងាករកព្រះបិតានៅស្ថានសួគ៌ចំគ្រាដែលត្រូវការ ។ គាត់ និងអ្នកភូមិគាត់អាចរស់បានដោយសារតែដំណាំដែលគេដាំ ។ ថ្ងៃមួយ គាត់បានដុតសម្អាតដីកសិកម្មដាំដុះគាត់ក្នុងភូមិ ។ ប៉ុន្តែ ភ្លើងត្រូវបានឆេះឡើងនៅពេលរដូវក្ដៅខ្លាំង ហើយរុក្ខជាតិនានាសុទ្ធតែស្ងួត ។ ដូច្នេះ ភ្លើងរបស់គាត់បានឆេះដូចជារបៀបភ្លើងដែលប្រធាន ថូម៉ាស អេស ម៉នសុន បានលើកឡើងកាលពីសន្និសីទមុនអញ្ជឹង ( សូមមើល « ការគោរពប្រតិបត្តិនាំមកនូវពរជ័យ » Ensign ឬលេអាហូណា ខែ ឧសភា ឆ្នាំ 2013 ទំព័រ 86–90 ) ។ វាផ្ដើមរាលដាលទៅវាលស្មៅ និងគុម្ពោតព្រៃ ហើយកូនប្រុសគាត់ស្រែកថា « ភ្លើងឆេះដ៏សន្ធោរសន្ធៅ » ។ គាត់ខ្លាចថា នឹងរាលដាលដល់អ្នកភូមិគាត់ និងអាចខាតបង់ដំណាំពួកគេ ។ បើដំណាំត្រូវបំផ្លាញ គាត់ត្រូវប្រឈមមុខនឹងច្បាប់ ។ ដោយពុំអាចពន្លត់ភ្លើងនោះបាន គាត់នឹកឃើញដល់ព្រះអម្ចាស់ ។
ខ្ញុំសូមលើកពាក្យកូនប្រុសគាត់ដែលជាមិត្តខ្ញុំនោះថា « គាត់លុតជង្គង់លើទួលក្នុងគម្ពោតព្រៃ ហើយផ្ដើមអធិស្ឋានទៅព្រះបិតាឲ្យបញ្ឈប់ភ្លើង ។ រំពេចនោះ មានពពកខ្មៅធំមួយដុំចំពីលើកន្លែងគាត់អធិស្ឋាន ហើយបង្អុរភ្លៀងយ៉ាងខ្លាំង — ចំតែកន្លែងភ្លើងឆេះប៉ុណ្ណោះ ។ ពេលគាត់មើលជុំវិញឃើញមេឃស្រឡះគ្រប់ទិសទី លើកលែងតែកន្លែងភ្លើងឆេះ ។ គាត់ពុំអាចជឿសោះថា ព្រះតបនឹងមនុស្សដូចជាគាត់ ហើយបានលុតជង្គង់ម្ដងទៀត ហើយបានយំដូចជាកូនក្មេង ។ គាត់ថាវាជាអារម្មណ៍ដ៏ផ្អែមល្អែមបំផុត » ( សូមមើល អាល់ម៉ា 36:3 ) ។
ព្រះសង្គ្រោះមានព្រះទ័យឲ្យយើងស្រឡាញ់ទ្រង់ពិតដល់កម្រិត ដែលយើងចង់ចងភ្ជាប់ឆន្ទៈយើងនឹងឆន្ទៈទ្រង់ ។ បន្ទាប់មក យើងអាចទទួលអារម្មណ៍ក្ដីស្រឡាញ់ និងស្គាល់សិរីល្អទ្រង់ ។ ហើយទ្រង់អាចប្រទានពរយើងតាមព្រះហឫទ័យ ។ វាកើតឡើងដល់នីហ្វៃជាកូននៃហេលេមិន ដែលព្រះអម្ចាស់ទុកចិត្តលើគាត់ទាំងស្រុង ហេតុដូច្នេះ ទ្រង់អាចប្រទានពរគាត់នូវអ្វីដែលគាត់សុំ ( សូមមើល ហេលេមិន 10:4–5 ) ។
ក្នុងរឿង Life of Pi ដែលជារឿងប្រឌិតមួយសរសេរដោយ យ៉ាន់ ម៉ាថែល ជាវីវបុរសសម្ដែងអារម្មណ៍ពីព្រះគ្រីស្ទថា ៖ « ខ្ញុំពុំអាចដកទ្រង់ចេញពីគំនិតខ្ញុំទេ ។ នៅតែពុំអាច ។ ខ្ញុំគិតពីទ្រង់បីថ្ងៃពេញ ។ ទ្រង់កាន់តែបារម្ភពីខ្ញុំយ៉ាងណា នោះខ្ញុំកាន់តែពុំអាចភ្លេចទ្រង់បានយ៉ាងនោះដែរ ។ ខ្ញុំកាន់តែរៀនពីទ្រង់យ៉ាងណា កាន់តែពុំចង់ចេញពីទ្រង់យ៉ាងនោះដែរ » ( [ ឆ្នាំ 2001 ] ទំព័រ 57 ) ។
វាពិតជារបៀបខ្ញុំមានអារម្មណ៍ពីព្រះសង្គ្រោះ ។ ទ្រង់នៅក្បែរជានិច្ច ជាពិសេសក្នុងទីពិសិដ្ឋ និងពេលដែលត្រូវការ ហើយជួនកាល ពេលអស់សង្ឃឹម ខ្ញុំស្ទើរតែមានអារម្មណ៍ថា ទ្រង់បញ្ជិះខ្ញុំលើស្មា ហើយឲ្យខ្ញុំដឹងថា ទ្រង់ស្រឡាញ់ខ្ញុំ ។ ខ្ញុំអាចថ្វាយក្ដីស្រឡាញ់នោះតាមរបៀបមិនគ្រប់លក្ខណ៍ដោយថ្វាយដួងចិត្តខ្ញុំទៅទ្រង់ ( សូមមើល គ. និង ស. 64:22, 34 ) ។
ទើបតែប៉ុន្មានខែមុននេះ ខ្ញុំអង្គុយជាមួយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ពេលលោកចាត់អ្នកផ្សព្វផ្សាយទៅកាន់បេសកកម្មពួកគេ ។ ពេលយើងចេញទៅ លោករង់ចាំខ្ញុំ ហើយពេលយើងដើរមក លោកកៀកស្មាខ្ញុំ ។ ខ្ញុំប្រាប់គាត់ពីទង្វើនេះដូចគ្នាដែលគាត់ធ្វើម្ដងកាលនៅប្រទេស អូស្ត្រាលី ។ លោកមានប្រសាសន៍ថា « ពីព្រោះខ្ញុំស្រឡាញ់អែលឌើរ ! » ហើយខ្ញុំដឹងថា វាអញ្ជឹងមែន ។
ខ្ញុំជឿថា បើយើងអាចដើរជាមួយព្រះអង្គសង្គ្រោះក្នុងសាច់ឈាមនេះ យើងនឹងមានអារម្មណ៍ដូចជា ព្រះពាហុទ្រង់កៀកស្មាយើងដូចអញ្ជឹងដែរ ។ ដូចពួកសិស្សធ្វើដំណើរទៅកាន់ ភូមិអេម៉ោស ចិត្តរបស់យើង « ខ្មួលខ្មាញ់ » ( លូកា 24:32 ) ។ នេះជាបន្ទូលទ្រង់ ៖ « ចូរតាមខ្ញុំទៅមើល » ( យ៉ូហាន 1:39 ) ។ វាគឺជាការអញ្ជើញដោយផ្ទាល់ ជាការអញ្ជើញ និងស្វាគមន៍ឲ្យដើរដោយមានព្រះពាហុទ្រង់កៀកស្មាយើង ។
សូមឲ្យយើងមានអារម្មណ៍ជឿជាក់ដូច អេណុស ដែលមានក្នុងខចុងក្រោយនៃគម្ពីរដ៏ខ្លីតែខ្លឹមថា ៖ « ខ្ញុំអររីករាយនៅក្នុងថ្ងៃដែលជីវិតរបស់ខ្ញុំនេះ នឹងបានប្រដាប់ដោយអមតភាព ហើយនឹងឈរនៅចំពោះព្រះអង្គ ខណៈនោះខ្ញុំនឹងបានឃើញព្រះភក្រ្តទ្រង់ដោយក្ដីសោមនស្ស ហើយព្រះអង្គនឹងមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរមករកយើងចុះ អ្នកមានពរហើយ មានទីកន្លែងមួយដែលបានរៀបចំសម្រាប់អ្នកនៅក្នុងវិមានរបស់ព្រះវរបិតាយើង » ( អេណុស 1:27 ) ។
ព្រោះតែបទពិសោធន៍ជាច្រើន និងព្រះចេស្ដាដែលព្រះវិញ្ញាណ បានធ្វើសាក្សីចំពោះខ្ញុំ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយជឿជាក់ពិតប្រាកដថា ព្រះមានព្រះជន្មរស់ ។ ខ្ញុំស្គាល់ក្ដីស្រឡាញ់ទ្រង់ ។ វាជាអារម្មណ៍ផ្អែមល្ហែមបំផុត ។ សូមឲ្យយើងធ្វើអ្វីដែលចាំបាច់ដើម្បីភ្ជាប់ឆន្ទៈយើងនឹងទ្រង់ ហើយស្រឡាញ់ទ្រង់ពិត ។ ក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។