ឆ្នាំ ២០១០-២០១៩
កិច្ចការ​តួច ហើយងាយ
តុលា 2013


2:3

កិច្ចការ​តូច ហើយងាយ

ចូរ​យើង​ឈោងទៅ​ជួយ​អ្នកដទៃ​ដោយ​សេចក្ដីជំនឿ និង​សេចក្ដីស្រឡាញ់ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ប៉ុន្មាន​សប្ដាហ៍​មុន ខ្ញុំ​បាន​នៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​បេសកកម្ម​ក្នុង​ទីក្រុង ម៉ិចស៊ីកូ ដើម្បី​ចែក​សារលិខិត​មួយ​ដល់​អ្នកផ្សាយសាសនា។ ភរិយាខ្ញុំ និង​ខ្ញុំ​មាន​ចេតនា​ទៅមុន​ពីរបី​ម៉ោង។ ពេល​យើង​ដើរ​មើល​សួនច្បារ​ និង​ផ្លូវ​ស្អាតក្នុង អិម. ធី. ស៊ី. យើង​បាន​សង្កេត​ឃើញ​ពី​សុភមង្គល​លើ​ផ្ទៃមុខ​នៃ​អែលឌើរ និង​ស៊ិស្ទើរវ័យ​ក្មេង​រាប់រយ​នាក់ ដែល​ម្នាក់ៗ​ផ្ដោតលើ​ជំនាញ​ភាសា​ថ្មី និង​រៀន​មាន​អំណរ​គុណ​ថែមទៀត​ពី​គោលបំណង​ខ្លួន​ជា​អ្នកផ្សាយ​​សាសនា ។

ពេលខ្ញុំ​ឈប់មើល​ទិដ្ឋភាព​នេះ ខ្ញុំបាន​គិត​ពី​ពាក្យ​អាលម៉ា ពេល​គាត់​បាន​បញ្ជា​កូនប្រុស​គាត់ ហេលេមិន​ឲ្យ​រក្សា​ប្រវត្តិសាស្ត្រ​នៃ​ប្រជាជន​គាត់​ជា​ផ្នែក​មួយ​នៃ​កំណត់ត្រា​ដែល​បាន​ផ្ដល់​ឲ្យ​គាត់ ហើយ​រក្សា​រឿង​ទាំងនេះ​ឲ្យ​ពិសិដ្ឋ ដើម្បី​ថ្ងៃណា​មួយ​វា​នឹង​ត្រូវ​បាន​នាំ​មក​ដល់​គ្រប់​សាសន៍ ពូជ​មនុស្ស ភាសា និង​ប្រជាជន ។

រួច​អាលម៉ា​ប្រាប់​គាត់​ថា ៖

«ឥឡូវ​នេះ កូនអាច​សន្និដ្ឋាន​ថា នេះ​គឺ​ជា​ការ​ឆ្កួត​វង្វេង​របស់​ឪពុក​ហើយ ប៉ុន្តែ​មើលចុះ ឪពុក​ប្រាប់​កូន​ថា ដោយ​កិច្ចការ​តូចតាច និង​ងាយ ទើបនាំ​ឲ្យ​កើត​កិច្ចការ​ដ៏ធំៗ​បាន ហើយ​នៅ​ក្នុង​ករណី​ជាច្រើន មធ្យោបាយ​ដ៏តូចតាច​ធ្វើ​ឲ្យ​ពួកអ្នក​ប្រាជ្ញ​ជ្រប់​មុខ ។

«ហើយ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ប្រើ​មធ្យោបាយ​ទាំងឡាយ​ដើម្បី​សម្រេច​គោលបំណង​ទាំងឡាយ​ដ៏មហិមា និង​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ហើយ​ដោយ​មធ្យាបាយ​ដ៏សែន​តូច​ នោះ​ព្រះអម្ចាស់ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​ជ្រប់​មុខ ហើយ​នាំ​មក​នូវ​ការ​សង្គ្រោះ​ដល់​មនុស្ស​ជាច្រើន » ( អាលម៉ា 37:6–7 ) ។

អ្នក​ផ្សាយ​សាសនា​ដ៏​បរិសុទ្ធ​វ័យក្មេង​ យើង​ជា​គំរូ​ពី​ផ្លូវ​របស់​ព្រះអម្ចាស់​ថា អ្នក​ដែល​រាបសារ​អាច « អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ដោយ​ជួយ​ពួកគេ​ឲ្យ​ទទួល​ដំណឹង​ល្អ​ដែល​បានស្ដារ​ឡើងវិញ តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ការ​ប្រែចិត្ត បុណ្យ​ជ្រមុជ​ទឹក ការ​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និងការ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » (ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ សៀវភៅ​ណែនាំ​សម្រាប់​ការ​បម្រើ​របស់​អ្នកផ្សព្វផ្សាយ​សាសនា [ ឆ្នាំ 2004 ] ទំព័រ 1 ) ។

ជា​សមាជិក​សាសនាចក្រ តាមរយៈកិច្ចការ​តូច ហើយ​ងាយ​របស់​យើង នោះ​យើង​អាច « [បរិវត្ត​មនុស្ស...] ​ជា​ច្រើន​អំពី​កំហុស​នៃ​ផ្លូវ​របស់​ខ្លួន » ហើយ​ជួយ​នាំ «គេ​ឲ្យ​ស្គាល់​ព្រះ​របស់​គេ ដើម្បី​ឲ្យ​បាន​ការ​សង្គ្រោះ​ដល់​ព្រលឹង​គេ » ( អាលម៉ា 37:8 ) ។

មាន​គ្រា​មួយ​ ខ្ញុំ​បាន​រួម​ដំណើរ​ប្រធាន​ស្ដេក និង​ប៊ីស្សព​ទៅលេង​នឹង​សមាជិក​មិន​សូវ​សកម្ម​ម្នាក់។ យើង​បាន​បង្រៀន​គាត់​តាម​របៀប​ងាយ​ពី​ពរជ័យ​នៃ​ថ្ងៃ​ឈប់​សម្រាក។ យើង​បាន​បង្ហាញ​កា​រស្រឡាញ់​ដ៏​ស្មោះ​របស់យើង​ចំពោះ​គាត់។ គាត់​បាន​តប​ថា « អ្វីដែល​ខ្ញុំ​ត្រូវការ​គឺមាន​មនុស្ស​ម្នាក់​មក ហើយ​ឱប​ខ្ញុំ » ។ រំពេច​នោះ ខ្ញុំ​ក្រោកឡើង​ ហើយ​ឱប​គាត់ ។ ថ្ងៃ​បន្ទាប់​គឺ​ជា​ថ្ងៃ​អាទិត្យ ។ បងប្រុស​ម្នាក់​នេះ​បាន​មក​ការ​ប្រជុំ​សាក្រាម៉ង់​ជាមួយ​គ្រួសារ​គាត់​ទាំងមូល ។

ក្នុង​ការ​សួរសុខទុក្ខ​មួយ ម៉ាថា ជា​សមាជិក​វួដ​យើង បាន​ប្រាប់​ភរិយា​ខ្ញុំ និង​ដៃគូ​គាត់​ថា កុំ​ត្រឡប់​មក​វិញ​ម្ដង​ទៀត ។ គាត់​បាន​សម្រេច​ចិត្ត​ឈប់​មក​ព្រះវិហារ ។ គ្រូបង្រៀន​សួរសុខ​ទុក្ខ​ម្នាក់​បាន​សួរ ម៉ាថា ថា តើ​គេ​អាច​ច្រៀងទំនុក​តម្កើង​រួម​គ្នា​ជា​ពេល​ចុងក្រោយ​បាន​ទេ ហើយ​គាត់​ក៏​យល់ព្រម ។ ពេល​ពួកគេ​ច្រៀង មាន​អ្វី​មួយ​ពិសេស​បាន​កើត​ឡើង ។ បន្ដិច​ម្ដងៗ ព្រះវិញ្ញាណ​បាន​ចាប់ផ្ដើម​គង់​ពេញ​បន្ទប់​នោះ ។ គេម្នាក់ៗ​មាន​អារម្មណ៍​នោះ ។ ម៉ាថា បាន​ចាប់ផ្ដើម​ទន់​ចិត្ត ។ គាត់​ថ្លែង​អារម្មណ៍​របស់​គាត់​ប្រាប់​គ្រូសួរ​សុខទុក្ខ​នោះ​ទាំង​ទឹក​ភ្នែក ។ នៅ​ពេលនោះ គាត់​បាន​ដឹង​ថា ​ដំណឹងល្អ​ពិត ។ ឥឡូវ​ គាត់​បាន​ថ្លែងអំណរ​គុណ​ដល់​គ្រូ​សួរ​សុខទុក្ខ​គាត់ ហើយ​ចង់ឲ្យ​ពួកគេ​ត្រឡប់​មក​វិញ​ទៀត ។ ចាប់​ពីថ្ងៃ​នោះ​មក គាត់​បាន​ទទួល​ពួកគេ​ដោយ​ក្ដីអំណរ ។

ម៉ាថា បាន​ចាប់ផ្ដើម​ចូលរួម​ព្រះវិហារ​ជាមួយ​កូនស្រី​តូច​គាត់ ។ គេ​បាន​ចូលរួម​ទៀងទាត់​ជាច្រើន​ឆ្នាំ ម៉ាថា សង្ឃឹម​ថា ស្វាមី​គាត់​នឹង​ជ្រើស​ចូលរួម​នឹង​ពួកគេ​នៅថ្ងៃ​មួយ ។ ទីបំផុត ថ្ងៃ​នោះបាន​មកដល់ ជា​ពេល​ដែល​ព្រះអម្ចាស់​បាន​បន្ទន់​ចិត្ត​គាត់ ហើយ​គាត់បាន​ចាប់ផ្ដើម​ចូលរួម​នឹង​ពួកគេ ​ក្រោយ​មក​មិន​យូរប៉ុន្មាន​កូនស្រី​ដទៃ​ទៀត​ក៏​បាន​មក​ដែរ ។ តាំងពីពេល​​នោះ​មក ម៉ាថា បានបម្រើ​ដោយ​ស្មោះត្រង់​ជា​ប្រធាន​សមាគ​សង្គ្រោះ​ក្នុង​វួដ​យើង ហើយ​ស្វាមី​គាត់​បម្រើ​ក្នុង​ការហៅ​មួយ​ចំនួន​ក្នុង​ស្ដេក ។ រឿង​ទាំងនេះ​ចាប់ផ្ដើម​នឹង​ការ​ច្រៀង​ទំនុក​តម្កើង​មួយ ជា​កិច្ចការ​តូច ហើយងាយ ដែល​ប៉ះដល់​ចិត្ត​ ម៉ាថា ។

ណាម៉ាន់ ជា​មេទ័ព​ស្ដេច​ស៊ីរី ជា​បុរស​ខ្លាំង​ពូកែ ហើយ​មាន​យសសក្តិ​ខ្ពស់ តែ​មាន​រោគ​ឃ្លង់ ( សូមមើល ពង្សាវតារក្សត្រទី 2 5:1) ។ បន្ទាប់ពី​មិន​បាន​ទទួល​ថ្នាំ​ព្យាបាល​ជំងឺ​ឃ្លង់​គាត់​​ពី​ស្ដេច​នៃ​អ៊ីស្រាអែល ណាម៉ាន់ បាន​ទៅ​ផ្ទះ​អេលីសេ ជា​ព្យាការី ។ អេលីសេ បាន​បញ្ជូន​អ្នក​នាំ​សារ​ម្នាក់​ទៅ​ប្រាប់​គាត់ ដោយ​ពោល​ថា ៖

ទៅ​មុជទឹក​ក្នុង​ទន្លេ​យ័រដាន់​ប្រាំពីរ​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ ។

« តែ​ណាម៉ាន់​មាន​សេចក្ដី​កំហឹង ហើយ​ក៏​ចេញ​ទៅ​ដោយ​ពោល​ថា មើល​ខ្ញុំ​ស្មាន​ថា​ប្រាកដ​ជា​លោក​នឹង​ចេញ​មក​ឯ​ខ្ញុំ ឈរ​អំពាវ​នាវ​ដល់​ព្រះនាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក ហើយ​រា​ដៃ​ពីលើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា... ។

« តែ​ពួក​អ្នក​បម្រើ​លោក​ក៏​អែប​ចូល​ជិត ជម្រាប​ថា លោក​ឪពុក​អើយ បើសិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់បើ​លោក​គ្រាន់តែ​ឲ្យ​ទៅ​មុជ​ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល​ម៉ាន​ទៅ​ទៀត ?

« ដូច្នេះ​លោក​ក៏ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​ប្រាំពីរ​ដង​តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេងៗ ហើយ​លោក​បាន​ជា​ស្អាត » ( ពង្សាវតារ​ក្សត្រ​ទី 2 5:10–11, 13–14 ) ។

ព្យាការី​យើង ប្រធាន ថូម៉ាស អេស ម៉នសុន បាន​អញ្ជើញ​យើង​ឲ្យ​ចេញទៅ​សង្គ្រោះ​បងប្អូន​ប្រុស​ស្រី​យើង ។ លោក​ថ្លែងថា ៖ « ពិភព​លោក​កំពុង​ត្រូវការ​ជំនួយ​អ្នក ។ មាន​ជន​ដែល​ត្រូវ​ជួយ​ឲ្យ​ក្រោក​ឈរ លើក​ទឹក​ចិត្ត បំផុស​គំនិត និង​ជួយ​សង្គ្រោះ ។ ពរជ័យ​នៃ​ភាព​អស់កល្ប​កំពុង​រង់ចាំ​អ្នក » («To the Rescue» Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 48 ឬLiahona ខែ កក្កដា ឆ្នាំ 2001 ទំព័រ 57 ) ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ជន​ជាច្រើន​ដែល​ត្រូវការ​ជំនួយ​យើង​កំពុង​រង់ចាំ​យើង ។ ពួកគេ​ត្រៀមខ្លួន​ចាំ​បងប្អូន​ប្រុសស្រី​ដ៏​ស្មោះត្រង់​របស់​ពួកគេ​មក​ជួយសង្គ្រោះ​ពួកគេ​តាមរយៈ​មធ្យោបាយ​តូច ហើយ​ងាយ ។ ខ្ញុំ​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​សួរ​សុខទុក្ខ​សមាជិក​សាសនាចក្រ​មិន​សូវ​សកម្ម​ដែល​ចិត្ត​ពួកគេ​ត្រូវបាន​បន្ទន់​រួចជា​ស្រេច​ដោយ​ព្រះអម្ចាស់ ដែល​ឥឡូវនេះ​ត្រៀមខ្លួន​ទទួល​ទីបន្ទាល់ និង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​ដ៏ស្មោះ​របស់​យើង ។ ពេល​យើង​អញ្ជើញ​ពួកគេ គេ​នឹង​ត្រឡប់មក​សាសនាចក្រ​ដោយ​មិន​ស្ទាក់ស្ទើរ ។

ចូរ​យើង​ឈោង​ជួយ​អ្នកដទៃ​ដោយ​សេចក្ដី​ជំនឿ និង​ក្ដី​ស្រឡាញ់ ។ ចូរ​យើង​ចាំ​ពី​សន្យា​របស់​ព្រះអម្ចាស់ ៖

«ហើយ​បើសិន​ជា​អ្នក​ត្រូវ​ធ្វើការ​អស់​មួយ​ជីវិត​អ្នក ដោយ​ស្រែក​ប្រាប់​ពី​ការប្រែចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់តែ​នាំ​ព្រលឹង​មួយ​គាត់​មក​រក​យើង នោះ​អ្នកនឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ​នៅ​ក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង !

« ហើយ​ឥឡូវនេះ បើសិន​ជា​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ដល់​ព្រលឹង​តែមួយ ហើយ​យ៉ាង​ណា​ទៅ​ដែល​អ្នក​បាន​នាំមក​រក​យើងនៅ​ក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា បើសិន​ជា​អ្នកបាន​នាំ​ព្រលឹង​ជា​ច្រើន​មក​រក​យើង ! » ( គ. និង ស. 18:15–16 ) ។

ខ្ញុំ​ថ្លែង​សាក្សី​នៃ​ក្ដីស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​កូនចៅ​ទ្រង់។ ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​ជា​ព្រះ​ប្រោសលោះ​យើង ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។