ពួកសាក្សី កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី
ការកែសម្រួលនានាដែលយើងនឹងប្រកាសនៅពេលនេះ គឺក្នុងគោលបំណងជួយដល់យុវជន និងយុវនារីអភិវឌ្ឍសក្ដានុពលដ៏ពិសិដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ វាអស្ចារ្យណាស់ដែលបាននៅជាមួយនឹងបងប្អូនម្ដងទៀតក្នុងសន្និសីទទូទៅ ។ នៅដើមសប្ដាហ៍នេះ មានសេចក្ដីប្រកាសត្រូវបានធ្វើឡើងចំពោះសមាជិកសាសនាចក្រអំពីការផ្លាស់ប្ដូរគោលនយោបាយស្ដីពីអ្នកដែលអាចបម្រើជាពួកសាក្សីក្នុងពិធីបុណ្យជ្រមុជទឹក និងពិធីបរិសុទ្ធនៃពិធីផ្សារភ្ជាប់ ។ ខ្ញុំចង់គូសបញ្ជាក់ពីចំណុចទាំងបីនោះ ។
-
ពិធីបុណ្យជ្រមុជទឹកជំនួសមរណជន អាចមានសាក្សីជានរណាម្នាក់ដែលកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាព រួមទាំងប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានកំណត់ការប្រើប្រាស់ផងដែរ ។
-
រាល់សមាជិកដែលទទួលអំណោយទានពិសិដ្ឋរួចហើយ ដែលកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធសុពលភាព អាចបម្រើជាសក្សីម្នាក់ក្នុងពិធីបរិសុទ្ធនៃពិធីផ្សារភ្ជាប់សម្រាប់អ្នកនៅរស់ និងពិធីជំនួសបាន ។
-
រាល់សមាជិកសាសនាចក្រដែលបានជ្រមុជទឹករួចអាចបម្រើជាសាក្សីក្នុងពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកនៅរស់បាន ។ ការផ្លាស់ប្ដូរនេះទាក់ទងនឹងពិធីបុណ្យជ្រមុជទឹកនៅក្រៅព្រះវិហារបរិសុទ្ធទាំងអស់ ។
ការកែសម្រួលគោលនយោបាយទាំងនេះគឺជាទម្រង់ការ ។ គោលលទ្ធិ និងសេចក្ដីសញ្ញាជាមូលដ្ឋាន គឺពុំផ្លាស់ប្ដូរទេ ។ វាមានភាពពិសិដ្ឋស្មើគ្នានៅគ្រប់ពិធីបរិសុទ្ធទាំងអស់ ។ ការផ្លាស់ប្ដូរទាំងនេះគួរតែបង្កើនការចូលរួមយ៉ាងច្រើនពីគ្រួសារនៅក្នុងពិធីបរិសុទ្ធទាំងនេះ ។
ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូននៅពេលនេះ ឲ្យណែនាំពីការកែសម្រួលនានាដែលទាក់ទងទៅយុវវ័យនិងថ្នាក់ដឹកនាំរបស់ពួកគេផងដែរ ។
បងប្អូននឹងចងចាំថា ខ្ញុំបានអញ្ជើញយុវវ័យក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឲ្យចូលរួមនៅក្នុងទ័ពចម្បាំងយុវវ័យរបស់ព្រះអម្ចាស់ ដើម្បីចូលរួមនៅក្នុងបុព្វហេតុដ៏ធំបំផុតនៅលើផែនដីសព្វថ្ងៃនេះ—គឺការប្រមូលផ្ដុំអ៊ីស្រាអែល ។ ខ្ញុំបានធ្វើការអញ្ជើញនេះដល់យុវវ័យរបស់យើង ដោយសារពួកគេមានអំណោយទានអស្ចារ្យនៅក្នុងឈោងទៅជួយមនុស្សដទៃ ហើយចែកចាយអ្វីដែលពួកគេជឿតាមរបៀបដែលធ្វើឲ្យជឿ ។ បុព្វហេតុនៃការប្រមូលផ្ដុំនេះគឺជាផ្នែកដ៏សំខាន់មួយនៃការជួយរៀបចំពិភពលោកនេះ និងមនុស្សទាំងអស់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
ក្នុងវួដនីមួយៗ ទ័ពចម្បាំងយុវវ័យរបស់ព្រះអម្ចាស់ត្រូវបានដឹកនាំដោយប៊ីស្សព ជាអ្នកបម្រើដ៏លះបង់ម្នាក់របស់ព្រះ ។ ការទទួលខុសត្រូវដ៏សំខាន់បំផុតរបស់គាត់គឺ ដើម្បីមើលថែយុវជន និងយុវនារីនៅក្នុងវួដរបស់គាត់ ។ ប៊ីស្សព និងទីប្រឹក្សារបស់គាត់ដឹកនាំកិច្ចការថ្នាក់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់ក្រុមយុវនារីនៅក្នុងវួដ ។
ការកែសម្រួលនានាដែលយើងនឹងប្រកាសនៅពេលនេះ គឺក្នុងគោលបំណងជួយដល់យុវជន និងយុវនារីអភិវឌ្ឍសក្ដានុពលដ៏ពិសិដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ ។ យើងក៏ចង់ពង្រឹងដល់ថ្នាក់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ហើយផ្ដល់ការគាំទ្រដល់ប៊ីស្សព និងថ្នាក់ដឹកនាំជាមជ្ឈិមវ័យផ្សេងទៀតផងដែរ ពេលពួកគេបម្រើដល់ជំនាន់ដែលកំពុងពេញវ័យ ។
ឥឡូវនេះ អែលឌើរ ឃ្វីនធិន អិល ឃុក នឹងពិភាក្សាពីការកែសម្រួលដែលទាក់ទងនឹងយុវជន ។ ហើយនៅយប់នេះ ក្នុងសម័យប្រជុំស្ត្រីទូទៅ ស៊ីស្ទើរ បូនី អេច ខ័រឌុន ប្រធានយុវនារីទូទៅ នឹងពិភាក្សាពីការកែសម្រួលដែលទាក់ទងនឹងយុវនារី ។
គណៈប្រធានទីមួយ និងពួកដប់ពីរនាក់បានអនុម័តព្រមគ្នាចំពោះកិច្ចខិតខំទាំងនេះដើម្បីពង្រឹងដល់យុវវ័យរបស់យើង ។ ឱ ! យើងពិតស្រឡាញ់ពួកគេ ហើយអធិស្ឋានឲ្យពួកគេខ្លាំងណាស់ ។ ពួកគេគឺជា« សង្ឃឹមនៃអ៊ីស្រាអែល កងទ័ពស៊ីយ៉ូន កូនចៅនៃដែនដីសន្យា » ។ យើងសូមសម្ដែងនូវទំនុកចិត្តទាំងស្រុងទៅលើយុវវ័យរបស់យើង ហើយមានអំណរគុណចំពោះពួកគេ ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។