ឆ្នាំ ២០១០-២០១៩
ការពាល់​របស់​ព្រះអង្គ​សង្គ្រោះ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


2:3

ការពាល់​របស់​ព្រះអង្គ​សង្គ្រោះ

កាល​យើង​មករក​ទ្រង់ ព្រះ​អម្ចាស់ នឹង​សង្គ្រោះ​យើង មិន​ថា​ព្យាបាល​យើង ឬ​ប្រទាន​កម្លាំង​ឲ្យ​យើង​ប្រឈម​នឹង​ស្ថានភាព​នានា​នោះ​ទេ ។

ប្រហែល​ជា​ពីរ​ពាន់​ឆ្នាំ​កន្លង​ទៅ ព្រះអង្គ​សង្គ្រោះ​បាន​ចុះ​មកពី​ភ្នំ បន្ទាប់ពី​ការបង្រៀន​អំពី​សុភមង្គល និង​គោលការណ៍​នៃ​ដំណឹងល្អ​ផ្សេង​ទៀត ។ កាល​ទ្រង់​កំពុង​យាត្រា មាន​បុរស​កើត​ឃ្លង់​ម្នាក់​មក​កាន់​ទ្រង់ ។ បុរស​នោះ​បាន​បង្ហាញ​គារវភាព និង​ការគោរព កាល​គាត់​លុត​ជង្គង់​ចុះ​មុខ​ព្រះគ្រីស្ទ ទូល​សូម​ការធូរស្បើយ​ពី​ការឈឺចាប់​របស់​គាត់ ។ សំណើ​គាត់​គឺ​សាមញ្ញ ៖ « ឱ​ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន » ។

រួច​ព្រះអង្គ​សង្គ្រោះ​បាន​លូក​ព្រះហស្ដ​ទ្រង់​ពាល់​គាត់ ហើយ​មាន​បន្ទូល​ថា « ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ » ។

យើង​រៀន​ថា​ព្រះ​អង្គ​សង្រ្គោះ​តែង​តែ​ចង់​ប្រទាន​ពរ​ជ័យ​មក​យើង ។ ពរជ័យ​ខ្លះ​អាច​មក​ភ្លាមៗ ខ្លះ​ទៀត​អាច​ចំណាយ​ពេល​យូរ​បន្ដិច ហើយ​ពរជ័យ​ខ្លះ​អាច​ថែម​ទាំង​កើត​មាន​ក្រោយ​ជីវិត​នេះ ប៉ុន្ដែ​ពរជ័យ​នឹង​កើត​មាន​ក្នុង​ពេល​កំណត់​វា ។

ដូចជា​មនុស្ស​ឃ្លង់​នេះ​ដែរ យើង​អាច​រកឃើញ​កម្លាំង និង​ការលួងលោម​ក្នុង​ជីវិត​នេះ តាមរយៈ​ការទទួល​យក​ព្រះទ័យ​របស់​ទ្រង់ ហើយ​ដឹង​ថា ទ្រង់​សព្វ​ព្រះទ័យ​ប្រទាន​ពរ​យើង ។ យើង​អាច​រកឃើញ​កម្លាំង​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ ដើម្បី​យក​ឈ្នះ​ការល្បួង និង​យល់ ហើយ​ស៊ូទ្រាំ​នៅ​ក្នុង​ស្ថានភាព​លំបាក​របស់​យើង ។ ប្រាកដ​ណាស់ ក្នុង​គ្រា​ដ៏​ពិបាក​ខ្លាំង​មួយ​ក្នុង​ព្រះជន្ម​របស់​ទ្រង់ កម្លាំង​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការស៊ូទ្រាំ​កាន់តែ​ស៊ីជម្រៅ​ឡើង កាល​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះវរបិតា​ទ្រង់​ថា « សូម​តាម​ព្រះហឫទ័យ​ទ្រង់​ចុះ » ។

មនុស្ស​ឃ្លង់​មិន​បាន​ស្នើ​សូម​ដោយ​ធ្វើ​ពុត​ជា​ចង់​បាន ឬ​ទាមទារ​ពរជ័យ​ឡើយ ។ សម្ដី​របស់​គាត់​បង្ហាញ​ពី​ឥរិយាបថ​ដ៏​រាបសា ដែល​មាន​ការរំពឹង​ខ្ពស់ ប៉ុន្ដែ​ក៏​មាន​បំណង​ស្មោះសរ​ថា នឹង​ធ្វើតាម​ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ ។ នេះ​គឺជា​គំរូ​នៃ​ឥរិយាបថ​មួយ ដែល​យើង​គួរ​មករក​ព្រះគ្រីស្ទ ។ យើង​មករក​ព្រះគ្រីស្ទ​ដោយ​ភាពជឿជាក់​ថា ព្រះទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​តែង​ល្អ​បំផុត​សម្រាប់​ជីវិត​រមែង​ស្លាប់ និង​ជីវិត​អស់កល្ប​របស់​យើង ។ ទ្រង់​តែង​តែ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ដែល​យើង​មិន​មាន ។ យើង​ត្រូវ​មករក​ព្រះគ្រីស្ទ​ដោយ​បំណង​ស្មោះសរ​ថា ឆន្ទៈ​យើង​ត្រូវ​លេប​ដណ្ដប់​ក្នុង​ព្រះហឫទ័យ​នៃ​ព្រះ​វរបិតា ដូច​ព្រះគ្រីស្ទ​ដែរ ។ ការណ៍​នេះ​នឹង​រៀបចំ​ខ្លួន​យើង​សម្រាប់​ជីវិត​ដ៏​អស់កល្ប ។

វា​ពិបាក​នឹង​ស្រមៃ​ពី​ការរងទុក្ខ​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​មនុស្ស​ឃ្លង់​នោះ​មាន កាល​មករក​ព្រះអង្គ​សង្គ្រោះ​ណាស់ ។ ជំងឺ​ឃ្លង់​ប៉ះពាល់​សរសៃ​ប្រសាទ និង​ស្បែក ហើយ​បណ្ដាល​ឲ្យ​ខូច​រូបកាយ និង​សមត្ថភាព ។ លើសពី​នេះ វា​នាំឲ្យ​មាន​ការមាក់ងាយ​យ៉ាង​ខ្លាំង​ពី​សង្គម​ ។ អ្នកដែល​មាន​ជំងឺ​ឃ្លង់​ត្រូវ​ចាកចេញ​ពី​មនុស្ស​ជាទី​ស្រឡាញ់​របស់​គេ ហើយ​រស់នៅ​ដាច់​ដោយ​ឡែក​ពី​សង្គម ។ មនុស្ស​ឃ្លង់​ត្រូវបាន​គេ​ចាត់ទុក​ថា​មិន​ស្អាតស្អំ​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ ដោយសារ​មូលហេតុ​នេះ​ហើយ ច្បាប់​ម៉ូសេ​តម្រូវ​ឲ្យ​មនុស្ស​ឃ្លង់​ស្លៀកពាក់​កណ្តាច ហើយ​ស្រែក​ថា « ខ្ញុំ​ស្មោក​គ្រោកៗ » ពេល​ពួកគេ​ដើរ ។ ដោយ​ឈឺ និង​ត្រូវ​គេ​ប្រមាថ​ផង មនុស្ស​ឃ្លង់​ត្រូវ​រស់នៅ​ក្នុង​ផ្ទះ ឬ​នៅ​ផ្នូរ​ដែល​គេ​បោះបង់​ចោល ។ វា​មិន​ពិបាក​នឹង​ស្រមៃ​ទេ​ថា មនុស្ស​ឃ្លង់​ដែល​មក​កាន់​ព្រះអង្គ​សង្គ្រោះ​នោះ​ខ្ទេចខ្ទាំ​ប៉ុណ្ណា​ឡើយ ។

ពេលខ្លះ—តាម​របៀប​ណាមួយ— យើង​អាច​មាន​អារម្មណ៍​ថា​ខ្ទេចខ្ទាំ​ផងដែរ មិន​ថា​ដោយសារ​សកម្មភាព​យើង​ផ្ទាល់ ឬ​របស់​អ្នកផ្សេង ដោយសារ​ស្ថានភាព​ដែល​យើង​អាច ឬ​មិន​អាច​គ្រប់គ្រង​បាន​នោះ​ទេ ។ ក្នុង​គ្រា​បែបនោះ យើង​អាច​ដាក់​ឆន្ទៈ​យើង​ក្នុង​ព្រះហស្ដ​ទ្រង់ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ហ្សុលម៉ា—ភរិយាខ្ញុំ ជាម្ចាស់​ជីវិត​ខ្ញុំ— បាន​ទទួល​ព័ត៌មាន​មិន​ល្អ មួយ​ចំនួន នៅ​ពីរ​សប្ដាហ៍​ពីមុន​អាពាហ៍ពិពាហ៍​របស់​កូន​យើង​ម្នាក់ ។ នាង​មាន​ដុំ​សាច់​មួយ​ក្នុង​ក្រពេញ​ទឹកមាត់ ហើយ​វា​ដុះ​យ៉ាង​លឿន ។ មុខ​នាង​ចាប់ផ្ដើម​ហើម ហើយ​នាង​ត្រូវ​វះកាត់​ភ្លាមៗ ។ នាង​បាន​គិត​ច្រើន​ណាស់ ហើយ​ដួងចិត្ត​នាង​បាន​ធ្ងន់​ជ្រប់ ។ តើ​សាច់ដុះ​នេះ​អាច​គ្រោះថ្នាក់​ដល់​ស្លាប់​ទេ ? តើ​រាងកាយ​នាង​ជា​សះស្បើយ​របៀប​ណា ? តើ​មុខ​នាង​នៅ​កម្រើក​បាន​ទេ ? តើ​ការឈឺចាប់​នោះ​ខ្លាំង​ប៉ុណ្ណា​ទៅ ? តើ​មុខ​នាង​នឹង​មាន​ស្នាម​រហូត​ទេ ? តើ​សាច់ដុះ​ដែល​កាត់​ចេញ​ហើយ​ដុះ​មកវិញ​ទេ ? តើ​នាង​នឹង​អាច​ចូល​រួម​អាពាហ៍​ពិពាហ៍​កូន​ប្រុស​យើង​បាន​ដែរ​ឬទេ ? កាល​នាង​គេង​ក្នុង​បន្ទប់​វះកាត់ នាង​មាន​អារម្មណ៍​ថា​ខ្ទេចខ្ទាំ ។

ក្នុង​គ្រា​ដ៏​សំខាន់​ខ្លាំង​នោះ ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​នាង​ថា នាង​ត្រូវ​ទទួល​យក​ព្រះទ័យ​របស់​ព្រះវរបិតា ។ រួច​នាង​បាន​សម្រេច​ចិត្ត​ដាក់​ការ​ទុក​ចិត្ត​របស់​នាង​លើ​ព្រះ ។ នាង​បាន​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក្ដី ក៏​ព្រះឆន្ទៈ​របស់​ទ្រង់​នឹង​ក្លាយ​ជា​រឿង​ល្អ​បំផុត​សម្រាប់​នាង ។ ភ្លាម​នោះ​នាង​បាន​សន្លប់​ដើម្បី​វះកាត់ ។

ក្រោយមក នាង​បាន​សរសេរ​ជា​កំណាព្យ​ក្នុង​សៀវភៅ​កំណត់ហេតុ​នាង ៖ « លើ​តុ​វះកាត់ កូន​ឱន​ក្បាល​ចុះ​ចំពោះ​ទ្រង់ ហើយ​ដាក់​ខ្លួន​ចុះ​ចូល​តាម​ព្រះទ័យ​ទ្រង់ ខ្ញុំ​បាន​ដេក​លុងលក់ ។ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់​ដោយ​ដឹង​ថា​គ្មាន​អ្វី​ដែល​អាក្រក់​អាច​មក​ពី​ទ្រង់​។

នាង​រកឃើញ​កម្លាំង និង​ការលួងលោម ពេល​នាង​សម្រប​ឆន្ទៈ​នាង​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ។ ថ្ងៃ​នោះ ព្រះ​បាន​ប្រទានពរ​នាង​យ៉ាង​ខ្លាំង ។

មិន​ថា​ស្ថានភាព​យើង​អាច​ទៅ​ជា​យ៉ាងណា​នោះ​ទេ យើង​អាច​អនុវត្ត​សេចក្ដី​ជំនឿ​ដើម្បី​មករក​ព្រះគ្រីស្ទ ហើយ​រកឃើញ​ព្រះ​ដែល​យើង​អាច​ទុកចិត្ត​បាន ។ មាន​គ្រា​មួយ​កូន​ខ្ញុំ​ម្នាក់ ឈ្មោះ កាព្រីយ៉ែល​បាន​សរសេរ​ថា ៖

ស្របតាម​ព្យាការី ព្រះភ័ក្រ​របស់​ព្រះ​គឺ​ចែងចាំង​ជាង​ព្រះអាទិត្យ

ហើយ​ព្រះកេសា​ទ្រង់​ស​ជាង​ព្រិល

ហើយ​សំឡេង​ទ្រង់​ឮ​ដូច​ទឹក​ហូរ

ហើយ​ប្រៀប​នឹង​ទ្រង់ មនុស្ស​គ្មាន​ជា​អ្វី​សោះ​ឡើយ ។​…

ខ្ញុំ​ក្ដុកក្ដួល ពេល​ដឹង​ថា ខ្ញុំ​គ្មាន​ជា​អ្វី​សោះ ។

ហើយ​ដល់​ពេល​នោះ​ទើប​ខ្ញុំ​ខំ​នឹក​រក​របៀប​ទៅរក​ព្រះ ដែល​ខ្ញុំ​អាច​ទុកចិត្ត​បាន ។

ហើយ​ដល់​ពេល​នោះ​ទើប​ខ្ញុំ​រកឃើញ​ព្រះ ដែល​ខ្ញុំ​អាច​ទុកចិត្ត​បាន ។

ព្រះ​មួយ​អង្គ​ដែល​យើង​អាច​ទុក​ចិត្ត​បង្កើន​សេចក្ដី​សង្ឃឹម​យើង ។ យើង​អាច​ទុក​ចិត្ត​លើ​ទ្រង់​ពី​ព្រោះ​ទ្រង់​ស្រលាញ់​យើង​និង​ចង់​ឲ្យ​អ្វី​ដែល​ល្អ​បំផុត​មក​យើង​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់ ។

មនុស្ស​ឃ្លង់​បាន​មក ដោយសារ​តែ​អំណាច​នៃ​ក្ដី​សង្ឃឹម ។ ពិភពលោក​មិន​មាន​ដំណោះស្រាយ​ឲ្យ​គាត់​ទេ សូម្បី​តែ​ការលួងលោម​ក៏​គ្មាន​ដែរ ។ ដូច្នេះ ការពាល់​ដ៏​សាមញ្ញ​របស់​ព្រះអង្គ​សង្គ្រោះ​ប្រាកដ​ជា​ដូច​ការអង្អែល​ដល់​ដួងព្រលឹង​ទាំងមូល​របស់​គាត់​ហើយ ។ យើង​អាច​ត្រឹម​ស្រមៃ​ពី​អារម្មណ៍​ដឹងគុណ​ដ៏​ខ្លាំង ដែល​មនុស្ស​ឃ្លង់​នោះ​មាន កាល​ព្រះអង្គ​សង្គ្រោះ​ពាល់​គាត់ ជាពិសេស​ពេល​គាត់​ឮ​បន្ទូល​ថា « ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ » ។

ដំណើររឿង​នេះ​ថ្លែង​ថា « ស្រាប់​តែ​រោគ​ឃ្លង់​ក៏​ជា​ស្អាត​ភ្លាម » ។

យើង​ក៏​អាច​មាន​អារម្មណ៍​ពី​ការពាល់​នៃ​ព្រះហស្ដ​ព្យាបាល​ដោយ​ក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ដែរ ។ តើ​ព្រលឹង​យើង​នឹង​មាន​អំណរ ក្ដី​សង្ឃឹម និង​ការដឹងគុណ​យ៉ាងណា​ទៅ ពេល​ដឹង​ថា ទ្រង់​សព្វ​ព្រះទ័យ​ជួយ​យើង​ឲ្យ​ស្អាត​នោះ ! កាល​យើង​មករក​ទ្រង់ ព្រះ​នឹង​សង្គ្រោះ​យើង មិន​ថា​ព្យាបាល​យើង ឬ​ប្រទាន​កម្លាំង​ឲ្យ​យើង​ប្រឈម​នឹង​ស្ថានភាព​នានា​នោះ​ទេ ។

ការទទួល​យក​ព្រះទ័យ​របស់​ទ្រង់ ទោះ​តាម​កម្រិត​ណា​ក្ដី—មិនមែន​តាម​ចិត្ត​យើង—​នឹង​ជួយ​យើង​ឲ្យ​យល់​ពី​ស្ថានភាព​របស់​យើង ។ គ្មាន​អ្វី​ដែល​អាក្រក់​អាច​មក​ពី​ទ្រង់​ឡើយ។ ទ្រង់​ជ្រាប​ពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ។ ប្រហែល​ទ្រង់​នឹង​មិន​ដក​យក​បន្ទុក​យើង​ចេញ​ភ្លាម​ទេ ។ ពេលខ្លះ​ទ្រង់​អាច​ធ្វើឲ្យ​បន្ទុក​ទាំងនោះ​ស្រាល​ជាង​មុន ដូច​ទ្រង់​បាន​ធ្វើ​ដាក់​អាលម៉ា និង​ប្រជាជន​របស់​លោក​ដែរ ។ ទីបំផុត ដោយសារតែ​សេចក្ដី​សញ្ញា បន្ទុក​នោះ​នឹង​បាន​សម្រាល មិន​ថា​ក្នុង​ជីវិត​នេះ ឬ​នៅ​ឯ​ការរស់​ឡើងវិញ​ដ៏​បរិសុទ្ធ​នោះ​ទេ ។

បំណង​ដ៏​ស្មោះសរ​ថា សូម​តាម​ព្រះហឫទ័យ​ទ្រង់​ចុះ ព្រម​ជាមួយ​នឹង​ការយល់​ពី​លក្ខណៈ​ជា​ព្រះ​របស់​ព្រះប្រោសលោះ​របស់​យើង ជួយ​យើង​ឲ្យ​អភិវឌ្ឍ​សេចក្ដី​ជំនឿ ដែល​មនុស្ស​ឃ្លង់​នោះ​បាន​បង្ហាញ​ដើម្បី​បាន​សម្អាត ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ ព្រះ​នៃ​ក្ដី​សង្ឃឺម ព្រះ​នៃ​ការព្យាបាល ព្រះ​ដែល​សព្វ​ព្រះទ័យ​ប្រទានពរ​យើង និង​ជួយ​យើង​ឲ្យ​បាន​ស្អាត ។ នោះ​ជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ ពីមុន​យាង​មក​ផែនដី​នេះ កាល​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​សង្គ្រោះ​យើង ពេល​យើង​ធ្លាក់​ក្នុង​ការរំលង ។ នោះ​ជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​នៅ​សួន​កែតសេម៉ានី កាល​ទ្រង់​ប្រឈម​នឹង​ការឈឺ​ចាប់​ដែល​មនុស្ស​មិន​អាច​យល់ អំឡុង​ពេល​ការរងទុក្ខ​នៃ​ការបង់​ថ្លៃ​អំពើ​បាប ។ នោះ​ជា​អ្វី​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឥឡូវ​នេះ កាល​ទ្រង់​អង្វរ​ជំនួស​យើង​ចំពោះ​ព្រះភ័ក្រ​ព្រះបិតា ។ នោះ​ជា​មូលហេតុ​ដែល​ព្រះសូរសៀង​ទ្រង់​បន្លឺ​ដដែលៗ​ថា « អស់​អ្នក​ដែល​នឿយព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​ឈប់​សម្រាក » ។

ទ្រង់​អាច​ព្យាបាល​យើង ហើយ​លើក​ស្ទួយ​យើង ដោយសារ​ទ្រង់​មាន​សមត្ថភាព​ធ្វើ​វា​បាន ។ ទ្រង់​បាន​លើក​ដាក់​លើ​ព្រះអង្គ​ទ្រង់​នូវ​ការឈឺចាប់​ទាំងអស់​នៃ​ព្រះកាយ និង​ព្រះវិញ្ញាណ ដើម្បី​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​ពេញ​ដោយ​សេចក្ដី​មេត្តា ដើម្បី​អាច​ជួយ​យើង​តាម​គ្រប់​សេចក្ដី ហើយ​ព្យាបាល​យើង និង​លើក​ស្ទួយ​យើង​ផង ។ ពាក្យ​របស់​អេសាយ​ដូច​បាន​ដកស្រង់​ដោយ​អ័ប៊ីណាដៃ ថ្លែង​យ៉ាង​ល្អ និង​រស់​រវើក ៖

« ទ្រង់​បាន​ទ្រាំទ្ររង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួលផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង​ជា​ពិត ។…

« …​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​ទាំងឡាយ​របស់​យើង ទ្រង់​ត្រូវ​វាយ​ដំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំងឡាយ​របស់​យើង​ទេ ឯ​ការវាយផ្ចាល​ដែល​នាំឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ » ។

គោលគំនិត​ដូចគ្នា​នេះ​ត្រូវបាន​បង្រៀន​ក្នុង​កំណាព្យ​នេះ ៖

« ឱ ជាងឈើ​នៃ​ណាសារ៉ែត

ដួងចិត្ត​នេះ ដែល​ខ្ទេចខ្ទាំ​ហួស​ការព្យាបាល

ជីវិត​នេះ ដែល​ស្លុត​ហៀប​នឹង​ស្លាប់

ឱ តើ​ទ្រង់​អាច​ជួសជុល​វា​បាន​ទេ ជាងឈើ​អើយ ? »

ហើយ​ដោយ​ដៃ​ល្អ​ត្រៀម​ជួយ​របស់​ទ្រង់

ព្រះជន្ម​ដ៏​ផ្អែម​ទ្រង់​ផ្ទាល់​ត្រូវបាន​ត្បាញ​ភ្ជាប់​នឹង

ជីវិត​ខ្ទេចខ្ទាំ​របស់​យើង រហូត​វា​រស់រាន​បាន

ជា​ការបង្កើត​ថ្មី—« គ្រប់​អ្វី​ថ្មី » ។

« [ ចំណែក ] ស្លុត​នៃ​បេះដូង [ នេះ ]

បំណង មហិច្ឆិតា ក្ដី​សង្ឃឹម និង​ក្ដី​ជំនឿ

អ្នក​ផ្គុំ​ទៅ​ជា​ផ្នែក​ដ៏​ឥតខ្ចោះ​មួយ

ឱ ជាងឈើ​នៃ​ណាសារ៉ែត ! »

បើ​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​មិន​ស្អាត​តាម​របៀប​ណា​មួយ បើ​បងប្អូន​មាន​អារម្មណ៍​ខ្ទេចខ្ទាំ សូម​ដឹង​ថា បងប្អូន​អាច​បាន​ស្អាត​វិញ បងប្អូន​អាច​ជួសជុល​បាន ដោយ​សារ​ទ្រង់​ស្រឡាញ់​បងប្អូន ។ សូម​ទុកចិត្ត​ថា គ្មាន​អ្វី​អាក្រក់​អាច​កើត​មក​ពី​ទ្រង់​ឡើយ ។

ដោយសារ​ទ្រង់ « បាន​យាង​ចុះក្រោម​គ្រប់​ទាំងអស់ » នោះ​ទ្រង់​អាច​ធ្វើ​ការណ៍​ទាំងអស់​រួច ជួសជុល​ជីវិត​យើង​ដែល​ខ្ទេចខ្ទាំ ហេតុដូច្នេះ​យើង​អាច​ស្រុះស្រួល​នឹង​ព្រះ​បាន ។ តាម​រយៈ​ទ្រង់​អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្សះផ្សារ​ឡើង​វិញ​ទាំង​អ្វី​ដែល​មាន​នូវ​លើ​ផែនដី​និង​អ្វី​ដែល​មាន​នៅ​លើ​ឋានសួគ៍​បង្កើត​សន្តិភាព​តាម​រយៈ​ព្រះ​លោហិត​នៃ​ឈើ​ឆ្កាង​របស់​ទ្រង់» ។

ចូរ​យើង​មករក​ព្រះគ្រីស្ទ ដោយ​ធ្វើតាម​ជំហាន​ដែល​ចាំបាច់​ទាំងអស់ ។ កាល​យើង​ធ្វើ​ដូច្នេះ សូម​ឲ្យ​ឥរិយាបថ​យើង​បាន​ដូច​ជា​ឃ្លា​នេះ « ឱ​ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន » ។ បើ​យើង​ធ្វើ​ដូច្នោះ យើង​អាច​ទទួល​បាន​ការពាល់​របស់​លោក​ចៅហ្វាយ​ដែល​ព្យាបាល​យើង អម​ដោយ​ព្រះសូរសៀង​ដ៏​ស្រទន់ ទ្រង់​បន្លឺ​ថា « ខ្ញុំ​ចង់​ដែរ ចូរ​ឲ្យ​ជា​ស្អាត​ចុះ » ។

ព្រះអង្គ​សង្គ្រោះ​គឺជា​ព្រះ​ដែល​យើង​អាច​ទុកចិត្ត​បាន ។ ទ្រង់​គឺជា​ព្រះគ្រីស្ទ ព្រះ​តាំងឡើង ព្រះមែស៊ី​ដ៏​បរិសុទ្ធ​ដែល​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។