ចូរកុំបញ្ឆោតខ្ញុំអី
កាលយើងគោរពបទបញ្ញត្តិរបស់ព្រះ យើងត្រូវបានដឹកនាំនៅលើផ្លូវត្រូវជានិច្ច ហើយនឹងចាញ់ការបញ្ឆោតឡើយ ។
ថ្ងៃនេះ ខ្ញុំផ្ដល់ពាក្យប្រឹក្សាដល់គ្រប់គ្នា ប៉ុន្ដែជាពិសេសដល់ក្មួយៗនៃជំនាន់ដែលកំពុងធំឡើង—កុមារថ្នាក់បឋមសិក្សា យុវជន និងយុវនារី ។ ព្យាការីរបស់ព្រះអម្ចាស់សម្រាប់ជំនាន់យើង ប្រធាន រ័សុល អិម ណិលសុន ស្រឡាញ់ក្មួយៗយ៉ាងខ្លាំង—ខ្លាំងរហូតដល់លោកបាននិយាយទៅកាន់ក្មួយៗជាច្រើនកាលពីឆ្នាំមុនក្នុងការចាក់ផ្សាយការប្រជុំធម្មនិដ្ឋានយុវវ័យទូទាំងពិភពលោកពិសេសមួយ ដែលមានចំណងជើងថា « ក្ដីសង្ឃឹមនៃអ៊ីស្រាអែល » ។ ជាញឹកញាប់ យើងឮប្រធានណិលសុនពិតជាហៅក្មួយៗយ៉ាងដូច្នេះថា— « ក្ដីសង្ឃឹមនៃអ៊ីស្រាអែល » ជាជំនាន់ដែលកំពុងពេញវ័យ និងជាអនាគតនៃសាសនាចក្រដ៏ពិត និងរស់រវើករបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ ។
មិត្តវ័យក្មេងរបស់ខ្ញុំអើយ ខ្ញុំសូមចាប់ផ្ដើមដោយចែកចាយដំណើររឿងគ្រួសារចំនួនពីរ ។
រឿងឆ្កែ ១០២
ច្រើនឆ្នាំកន្លងទៅ កាលខ្ញុំមកពីធ្វើការវិញ នោះបានភ្ញាក់ផ្អើលពេលឃើញថ្នាំពណ៌-សប្រឡាក់គ្រប់ទីកន្លែង—នៅលើកម្រាលនៅលើឥដ្ឋ ទ្វារការ៉ាស់ និងលើផ្ទះឥដ្ឋ-ក្រហមរបស់យើង ។ ខ្ញុំបានអង្កេតមើលហេតុការណ៍ឲ្យកាន់តែជាក់ ហើយឃើញថា ថ្នាំពណ៌នោះនៅសើមៗនៅឡើយ ។ ដានថ្នាំពណ៌នោះនាំទៅក្រោយផ្ទះ ដូច្នេះហើយខ្ញុំបានដើរតាមវា ។ ខ្ញុំបានឃើញកូនប្រុសអាយុប្រាំឆ្នាំរបស់ខ្ញុំកាន់ជក់ថ្នាំដេញតាមឆ្កែរបស់យើង ។ ឆ្កែខ្មៅស្អាតរបស់យើងត្រូវបានលាបពណ៌-សពាក់កណ្ដាល !
« កូនកំពុងធ្វើអីហ្នឹង ? » ខ្ញុំសួរក្នុងសំឡេងជីវចល ។
កូនប្រុសខ្ញុំបានឈប់ រួចងាកមើលមកខ្ញុំ ហើយមើលទៅឆ្កែនោះ រួចក៏មើលទៅជក់ថ្នាំដែលជ្រលក់ថ្នាំពណ៌-ស ហើយនិយាយថា « កូនគ្រាន់ចង់ឲ្យឆ្កែនោះមើលទៅដូចឆ្កែសម្បុរខ្មៅអុជៗក្នុងរឿងនោះ—ប៉ាដឹងទេ រឿងឆ្កែ ១០១ នោះ » ។
ខ្ញុំស្រឡាញ់ឆ្កែរបស់យើង ។ ខ្ញុំបានគិតថាវាស្អាតណាស់ ប៉ុន្តែនៅថ្ងៃនោះកូនប្រុសខ្ញុំបានមានគំនិតមួយផ្សេង ។
កូនឆ្មាក្រឡាឆ្នូតៗ
រឿងទីពីររបស់ខ្ញុំផ្ដោតលើលោកតា ហ្គ្រូវើរ [ ពូរបស់ឪពុកប្រពន្ធគាត់ ] ដែលបានរស់នៅយ៉ាងឆ្ងាយ ក្នុងផ្ទះមួយក្រៅក្រុងនៅតាមជនបទ ។ លោកតាហ្គ្រូវើរមានវ័យចំណាស់ ។ យើងគិតថា កូនប្រុសយើងគួរតែជួបគាត់ មុនពេលគាត់លាចាកលោកទៅ ។ ដូច្នេះនាពេលរសៀលមួយ យើងបានជិះឡានយ៉ាងយូរទៅលេងផ្ទះកំសត់របស់គាត់ ។ យើងអង្គុយលេងជុំគ្នា ហើយណែនាំកូនប្រុសរបស់យើងប្រាប់គាត់ ។ មិនទាន់បានសន្ទនាយូរផង កូនប្រុសពីរនាក់របស់យើងប្រហែលអាយុប្រាំ និងប្រាំមួយឆ្នាំបានចេញទៅលេងខាងក្រៅ ។
ដោយឮសំណើរបស់ពួកគេ លោកតាហ្គ្រូវើរឱនមុខគាត់ចុះទល់នឹងមុខពួកគេ ។ មុខគាត់ចាស់ និងចម្លែក រហូតដល់ក្មេងៗរាងខ្លាចគាត់បន្ដិច ។ គាត់និយាយប្រាប់ពួកគេក្នុងសំឡេងធ្ងន់ថា « ប្រយ័ត្ន—មានសត្វស្កាច្រើនណាស់នៅខាងក្រៅ » ។ ដោយស្ដាប់ឮបែបនេះ ឡេសា និងខ្ញុំបានភ្ញាក់ផ្អើល យើងបារម្ភខ្លាចពួកគេរងរបួសដោយសារសត្វស្កា ! ក្មេងៗបានចេញទៅលេងខាងក្រៅភ្លាម កាលយើងបន្ដនិយាយគ្នាលេង ។
ក្រោយមក ពេលយើងជិះឡានមកផ្ទះវិញ ខ្ញុំបានសួរក្មេងៗថា « តើកូនបានឃើញសត្វស្កាទេ ? » កូនម្នាក់បានឆ្លើយថា « ទេ យើងមិនបានឃើញសត្វស្កាអីផង តែយើងបានឃើញកូនឆ្មាពណ៌ខ្មៅ មានឆ្នូតសនៅលើខ្នងវា ! »
អ្នកបញ្ឆោតដ៏អស្ចារ្យ
ដំណើររឿងទាំងនេះអំពីក្មេងៗមិនទាន់ដឹងអី ដែលរកឃើញអ្វីមួយអំពីជីវិត និងតថភាពអាចធ្វើឲ្យយើងម្នាក់ៗញញឹម តែវាក៏បង្ហាញពីគោលបំណងដ៏សំខាន់មួយផងដែរ ។
នៅក្នុងរឿងទីមួយ កូនប្រុសតូចរបស់យើងមានសត្វឆ្កែស្អាតមួយក្បាល ប៉ុន្តែគាត់បានកាន់ជក់ថ្នាំ និងថ្នាំលាប ដើម្បីបង្កើតការពិតដែលគាត់ស្រមៃឃើញ ។
ក្នុងដំណើររឿងទីពីរ ក្មេងៗមិនបានដឹងសោះអំពីគ្រោះថ្នាក់ដែលអាចកើតមាន ពេលពួកគេបានជួបនឹងសត្វស្កា ។ ដោយមិនអាចស្គាល់ច្បាស់ពីអ្វីដែលពួកគេពិតជាបានជួបប្រទះ ពួកគេប្រថុយនឹងការរងគ្រោះលទ្ធផលមិនល្អមួយចំនួន ។ ទាំងនេះជារឿងអត្តសញ្ញាណក្លែងក្លាយ—ដោយគិតថា រឿងពិតជាអ្វីមួយផ្សេងទៀត ។ ក្នុងករណីនីមួយៗ លទ្ធផលគឺតូចតាច ។
ប៉ុន្តែមនុស្សភាគច្រើនសព្វថ្ងៃនេះមានបញ្ហាទាំងនេះដូចគ្នាដែរ ។ ពួកកគេមិនអាចទាំងមើលឃើញរឿងដែលជាការពិត និងពុំស្កប់ស្កល់នឹងសេចក្ដីពិត ។ លើសពីនេះទៀត នៅសព្វថ្ងៃនេះ មាននូវកម្លាំងដែលបានរៀបចំដើម្បីដឹកនាំយើងឲ្យឃ្លាតឆ្ងាយពីសេចក្ដីពិត ។ ការបញ្ឆោត និងការកុហកទាំងនេះវាលើសពីការមិនស្គាល់អត្តសញ្ញាណក្លែងក្លាយទៅទៀត ហើយជារឿយៗមានលទ្ធផលធ្ងន់ធ្ងរ មិនមែនតូចតាចនោះទេ ។
សាតាំង ជាបិតានៃសេចក្ដីកុហក និងមេបញ្ឆោតដ៏អស្ចារ្យ វាចង់ឲ្យយើងសង្ស័យនឹងអ្វីមួយពិត រួចហើយទាំងព្រងើយនឹងសេចក្ដីពិតដ៏អស់កល្ប ឬវាដាក់ជំនួសដោយអ្វីមួយដែលមើលទៅកាន់តែរីករាយ ។ « វាបានធ្វើសង្គ្រាមជាមួយនឹងពួកបរិសុទ្ធនៃព្រះ » វាចំណាយពេលរាប់ពាន់ឆ្នាំគិត និងអនុវត្តសមត្ថភាពដើម្បីបញ្ចុះបញ្ចូលបុត្ររបស់ព្រះទាំងអស់ឲ្យជឿថា ការណ៍ល្អគឺអាក្រក់ហើយការណ៍អាក្រក់គឺល្អ ។
វាបានបង្កើតកេរ្ដិ៍ឈ្មោះសម្រាប់ខ្លួនវា ក្នុងការបញ្ចុះបញ្ចូលជីវិតរមែងស្លាប់ថា សត្វស្កាគឺគ្រាន់តែកូនឆ្មា ឬថា បើលាបពណ៌បន្ដិច បងប្អូនអាចប្រែឆ្កែខ្មៅទៅជាឆ្កែអុជៗបាន !
ឥឡូវ ចូរងាកទៅគំរូនៃគោលការណ៍នេះដែលមានក្នុងបទគម្ពីរ ពេលព្យាការីរបស់ព្រះអម្ចាស់ លោកម៉ូសេបានជួបនឹងបញ្ហាដូចគ្នានេះផ្ទាល់ ។ « ក្នុងកាលម៉ូសេត្រូវបាននាំឡើងទៅលើភ្នំដ៏ខ្ពស់បំផុត…គាត់បានឃើញព្រះនៅប្រទល់មុខ ហើយគាត់បានទូលជាមួយនឹងទ្រង់ » ។ ព្រះបានបង្រៀនម៉ូសេអំពីអត្តសញ្ញាណដ៏អស់កល្បរបស់លោក ។ ទោះជាម៉ូសេនៅជាសាច់ឈាម និងមិនឥតខ្ចោះក្ដី ក៏លោក « នៅក្នុងរូបដូចជាព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ហើយព្រះរាជបុត្រាបង្កើតតែមួយរបស់យើង … នឹងទៅជាព្រះអង្គសង្គ្រោះ » ។
នៅក្នុងការនិមិត្តដ៏អស្ចារ្យនេះ ម៉ូសេបានឃើញព្រះ ហើយលោកក៏បានរៀនពីអ្វីមួយដ៏សំខាន់អំពីខ្លួនលោកផងដែរ ៖ ទោះជាមនុស្សខាងសាច់ឈាមក្ដី ប៉ុន្តែលោកគឺជាបុត្រារបស់ព្រះ ។
សូមស្ដាប់ដោយប្រុងប្រយ័ត្ននូវអ្វីដែលបានកើតឡើង កាលការនិមិត្តដ៏អស្ចារ្យនេះបានបញ្ចប់ ។ « ហើយហេតុការណ៍បានកើតឡើងថា … សាតាំងបានមក ដោយល្បួងគាត់ »ដោយពោលថា « ម៉ូសេ ជាកូនមនុស្ស អើយ ចូរថ្វាយបង្គំយើង » » ម៉ូសេបានឆ្លើយតបដោយក្លៀវក្លា ៖ « តើអ្នកជានរណា ? ដ្បិតមើលចុះ ខ្ញុំជាបុត្រនៃព្រះ នៅក្នុងរូបដូចជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ហើយចុះតើសិរីល្អរបស់អ្នកនៅឯណា ដែលគួរឲ្យខ្ញុំថ្វាយបង្គំអ្នក ? »
និយាយម្យ៉ាងទៀត ម៉ូសេបានពោលថា « អ្នកមិនអាចបញ្ឆោតខ្ញុំបានទេ ត្បិតខ្ញុំដឹងថា ខ្ញុំជានរណា ។ ខ្ញុំត្រូវបានបង្កើតតាមរូបភាពនៃព្រះ ។ អ្នកមិនមានពន្លឺ និងសិរីល្អរបស់ទ្រង់ឡើយ ។ ដូច្នេះ ហេតុអ្វីខ្ញុំគួរថ្វាយបង្គំអ្នក ឬចាញ់ល្បិចបញ្ឆោតរបស់អ្នក ? »
ឥឡូវសូមផ្តោតចិត្តទុកដាក់លើរបៀបដែលម៉ូសេឆ្លើយតបបន្ដទៀត ។ លោកប្រកាសថា « នែ៎សាតាំង ចូរឯងថយចេញទៅ ចូរកុំបញ្ឆោតខ្ញុំអី » ។
មានអ្វីជាច្រើនដែលយើងអាចរៀនពីចម្លើយដ៏ខ្លាំងរបស់ម៉ូសេ ចំពោះការល្បួងពីសត្រូវ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យឆ្លើយតបតាមរបៀបដូចគ្នានេះ ពេលបងប្អូនមានអារម្មណ៍ថារងនឹងការល្បួង ។ ចូរបញ្ជាសត្រូវនៃព្រលឹងរបស់បងប្អូនដោយនិយាយថា « ចូរចេញទៅ » ! ឯងគ្មានសិរីល្អទេ ។ កុំចង់ល្បង ឬកុហកខ្ញុំឡើយ ! ព្រោះខ្ញុំដឹងថា ខ្ញុំជាកូនរបស់ព្រះ ។ ហើយខ្ញុំនឹងអំពាវនាវហៅព្រះរបស់ខ្ញុំសូមរកជំនួយទ្រង់ជានិច្ច » ។
ប៉ុន្ដែ មារសត្រូវមិនបោះបង់គម្រោងបំផ្លាញ ដើម្បីបញ្ឆោត និងបន្ទាបយើងងាយៗទេ ។ វាប្រាកដជាមិនបានធ្វើដូច្នោះជាមួយម៉ូសេទេ ផ្ទុយទៅវិញវាចង់បណ្ដាលឲ្យម៉ូសេភ្លេចថា លោកជានរណាដ៏អស់កល្ប ។
ហាក់ដូចវាជះកំហឹងដ៏ខ្លាំងបែបក្មេង « អារក្សសាតាំងក៏ស្រែកដោយសំឡេងខ្លាំង ហើយទន្ទ្រានលើដី ហើយបញ្ជាថា ៖ យើងជាព្រះរាជបុត្រាបង្កើត ចូរថ្វាយបង្គំយើងមក » ។
សូមពិនិត្យឡើងវិញ ។ តើបងប្អូនបានឮអ្វីដែលវាទើបបាននិយាយទេ ? « យើងជាព្រះរាជបុត្រាបង្កើត ។ ចូរថ្វាយបង្គំយើងមក ! »
មេបញ្ឆោតបាននិយាយថា « កុំបារម្ភអី ខ្ញុំមិនធ្វើបាបអ្នកទេ—ខ្ញុំមិនមែនជាសត្វស្កាទេ ខ្ញុំគ្រាន់ជាកូនឆ្មាមានក្រឡាឆ្នូតសខ្មៅតូចមួយប៉ុណ្ណោះ » ។
រួចហើយម៉ូសេបានអំពាវនាវដល់ព្រះ ហើយបានទទួលកម្លាំងដ៏ទេវភាពរបស់ទ្រង់ ។ ទោះជាវាបានញ័រ ហើយផែនដីបានរញ្ជួយនៅពេលនោះក្ដី ក៏ម៉ូសេមិនបានចុះចាញ់ដែរ ។ សំឡេងលោកគឺជាក់ច្បាស់ ។ លោកប្រកាសថា « នែ៎សាតាំង ចូរថយចេញពីខ្ញុំទៅ ត្បិតខ្ញុំនឹងថ្វាយបង្គំដល់ព្រះតែមួយអង្គប៉ុណ្ណោះ គឺជាព្រះនៃសិរីល្អ » ។
ទីបំផុត វា« បាន… ថយចេញ… ពីវត្តមាននៃម៉ូសេ » ។
ក្រោយពីព្រះអម្ចាស់បានបង្ហាញព្រះកាយ និងប្រទានពរម៉ូសេចំពោះការគោរពប្រតិបត្តិរបស់លោក ព្រះអម្ចាស់បានមានបន្ទូល ៖
« ម៉ូសេអើយ អ្នកមានពរហើយ ត្បិត …អ្នកនឹងត្រូវធ្វើឲ្យបានខ្លាំងពូកែជាងទឹកជាច្រើន ។…
ហើយមើលន៏ យើងគង់នៅជាមួយនឹងអ្នក គឺរហូតដល់អស់មួយជីវិតរបស់អ្នក » ។
ការទប់ទល់នឹងមារសត្រូវរបស់ម៉ូសេជាគំរូដ៏ច្បាស់ និងបំភ្លឺមួយសម្រាប់យើងម្នាក់ៗ មិនថាយើងស្ថិតក្នុងឆាកជីវិតបែបណាទេ ។ វាជាសារដ៏មានអានុភាពសម្រាប់បងប្អូនរៀងខ្លួន—ដើម្បីដឹងពីអ្វីដែលត្រូវធ្វើ ពេលវាព្យាយាមបញ្ឆោតបងប្អូន ។ ដោយសារដូចជាម៉ូសេដែរ បងប្អូនមានពរជាអំណោយទានជំនួយពីសួគ៌ា ។
បទបញ្ញត្តិ និង ពរជ័យ
តើបងប្អូនអាចរកឃើញជំនួយពីសួគ៌ានេះដោយរបៀបណា គឺដូចជាអ្វីដែលម៉ូសេបានធ្វើ ហើយមិនចាញ់ការបញ្ឆោត ឬធ្លាក់ក្នុងការល្បួង ? បណ្ដាញច្បាស់មួយសម្រាប់ជំនួយពីព្រះត្រូវបានបញ្ជាក់ជាថ្មីក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ដោយព្រះអម្ចាស់ទ្រង់ផ្ទាល់ កាលទ្រង់ប្រកាសថា « ហេតុដូច្នេះហើយ យើងជាព្រះអម្ចាស់ ដោយជ្រាបនូវគ្រោះដែលនឹងមានមកលើបណ្ដាជនទាំងឡាយនៅលើផែនដី នោះបានហៅយ៉ូសែបស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ហើយបាននិយាយមកកាន់លោកពីលើស្ថានសួគ៌ ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក » ។ ដោយប្រើពាក្យកាន់តែសាមញ្ញ យើងអាចនិយាយថា ព្រះអម្ចាស់ដែលជ្រាប « ពីដើមដំបូងមកចុងបំផុត »ជ្រាបពីការលំបាកទាំងឡាយនៃជំនាន់យើង ។ ហេតុដូច្នេះហើយ ទ្រង់បានប្រទានមធ្យោបាយមួយសម្រាប់យើងដើម្បីប្រឆាំងនឹងឧបសគ្គ និងការល្បួង ដែលភាគច្រើនកើតជាលទ្ធផលចំៗនៃឥទ្ធិពលបញ្ឆោតរបស់សត្រូវ និងការវាយលុករបស់វា ។
មធ្យោបាយនោះគឺសាមញ្ញទេ ។ តាមរយៈអ្នកបម្រើរបស់ទ្រង់ ព្រះមានបន្ទូលមកយើង ជាបុត្ររបស់ទ្រង់ ហើយប្រទានដល់យើងនូវបទបញ្ញត្តិ ។ យើងអាចថ្លែងជាថ្មីពីខគម្ពីរដែលខ្ញុំទើបបានដកស្រង់ទៅជា « យើងជាព្រះអម្ចាស់…បានហៅ [ ប្រធាន រ័សុល អិម ណិលសុន ] ជាអ្នកបម្រើរបស់ [ យើង ] ហើយបាននិយាយមកកាន់លោកពីស្ថានសួគ៌ ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក » ។ តើនោះពុំមែនជាសេចក្ដីពិតដ៏រុងរឿងទេឬ ?
ខ្ញុំសូមថ្លែងសាក្សីដ៏មុតមាំថា ព្រះអម្ចាស់ពិតជាបានមានបន្ទូលទៅកាន់យ៉ូសែប ស្ម៊ីធ មកពីស្ថានសួគ៌ប្រាកដមែន ដោយចាប់ផ្ដើមជាមួយនឹងការនិមិត្តដ៏ធំនោះ ។ ទ្រង់ក៏មានបន្ទូលមកប្រធាន ណិលសុន ក្នុងជំនាន់របស់យើងផងដែរ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះមានបន្ទូលជាមួយព្យាការីក្នុងអតីតកាល ហើយប្រទានបទបញ្ញត្តិដល់ពួកលោក ដែលរៀបចំឡើងដើម្បីដឹកនាំបុត្ររបស់ទ្រង់ទៅរកសុភមង្គលក្នុងជីវិតនេះ និងសិរីល្អក្នុងជីវិតបន្ទាប់ ។
ព្រះបន្ដប្រទានបទបញ្ញត្តិដល់ព្យាការីនៅរស់របស់យើងសព្វថ្ងៃនេះ ។ ឧទាហរណ៍មានច្រើន ដូចជា—តុល្យភាពនៅក្នុងការបង្រៀនដំណឹងល្អក្នុងគេហដ្ឋាន ហើយមានការគាំទ្រពីសាសនាចក្រ ការផ្លាស់ប្ដូរពីការបង្រៀន និងការសួរសុខទុក្ខតាមផ្ទះទៅជាការផ្ដល់ការងារបម្រើ ការកែសម្រួលចំពោះគោលនយោបាយ និងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងកម្មវិធីថ្មីសម្រាប់កុមារ និងយុវវ័យនៅដើមឆ្នាំ២០២០ ។ ខ្ញុំស្ញប់ស្ញែងនឹងសេចក្ដីល្អ និងសេចក្ដីមេត្តារបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ និងព្រះរាជបុត្រាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ដែលបានស្ដារសាសនាចក្ររបស់ព្រះអង្គសង្គ្រោះមកកាន់ផែនដីឡើងវិញម្ដងទៀត ហើយបានហៅព្យាការីក្នុងជំនាន់របស់យើង ។ ការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទរារាំងគ្រាមានគ្រោះដោយគ្រានៃភាពពេញលេញ ។
សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ
ការគោរពតាមបទបញ្ញត្តិដែលបានប្រទានដល់ព្យាការីយើង មិនត្រឹមតែជាគន្លឹះដើម្បីចៀសវាងពីឥទ្ធិពលរបស់មេបញ្ឆោតប៉ុណ្ណោះទេ តែថែមទាំងជាគន្លឹះដើម្បីដកពិសោធន៍អំណរ និងសុភមង្គលជារៀងរហូត ។ រូបមន្តដ៏ទេវភាពនេះក្រៅពី ភាពសាមញ្ញហើយ វាមាននូវ ៖ សេចក្ដីសុចរិត ឬការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិ នាំមកនូវពរជ័យ ហើយពរជ័យនាំមកនូវសុភមង្គល ឬអំណរចូលមកក្នុងជីវិតរបស់យើង ។
ប៉ុន្ដែ តាមរបៀបដូចគ្នាដែលមារសត្រូវបានព្យាយាមបញ្ឆោតម៉ូសេ វាក៏ព្យាយាមបញ្ឆោតបងប្អូនដែរ ។ វាតែងធ្វើពុតជាអ្វីមួយ ដែលវាមិនមែន ។ វាតែងប៉ុនប៉ងលាក់បាំងថាខ្លួនវាជានរណា ។ វាអះអាងថា ការគោរពប្រតិបត្តិនឹងធ្វើឲ្យជីវិតបងប្អូនសោកសៅ ហើយឆក់យកសុភមង្គលពីបងប្អូន ។
តើបងប្អូនអាចគិតពីឧបាយកលបញ្ឆោតរបស់វាខ្លះទេ ? ឧទាហរណ៍ វាធ្វើឲ្យលទ្ធផលអាក្រក់នៃការប្រើថ្នាំខុសច្បាប់ និងការសេពគ្រឿងស្រវឹងថាជារឿងមិនសំខាន់ ហើយផ្ទុយទៅវិញប្រាប់ថា គ្រឿងស្រវឹងនឹងនាំមកនូវការរីករាយ ។ វាជ្រមុជយើងទៅក្នុងធាតុអវិជ្ជមាននានាដែលអាចកើតមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងការប្រៀបធៀបពីភាពទន់ខ្សោយ និងការពិតដ៏មានឧត្តមគតិផងដែរ ។ លើសពីនេះទៀត វាបើកបង្ហាញឲ្យយើងឃើញនូវមាតិកាអាក្រក់ៗផ្សេងទៀត ដែលមាននៅលើអ៊ិនធើរណែត ដើម្បីធ្វើឲ្យមានការខូចខាត និងការឈឺចាប់ ដូចជា រូបអាសគ្រាម ការវាយប្រហារទៅលើអ្នកដទៃតាមរយៈការជេរប្រមាថតាមអ៊ិនធើរណែត និងការសាបព្រួសព័ត៌មានមិនពិតដើម្បីបង្កើតភាពសង្ស័យ និងការភ័យខ្លាចនៅក្នុងដួងចិត្ត និងគំនិតរបស់យើង ។ វាខ្សឹបយ៉ាងប្រសព្វថា « ធ្វើតាមតែខ្ញុំទៅ ហើយអ្នកប្រាកដជារីករាយ » ។
ពាក្យដែលចារទុកជាច្រើនសតវត្សរ៍មកហើយដោយព្យាការីនៃព្រះគម្ពីរមរមន ទាក់ទងជាពិសេសដល់ជំនាន់យើង ៖ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ សូមយើងស្គាល់ការបញ្ឆោតរបស់សាតាំងថាវាជាអ្វី ។ សូមយើងអត់ទ្រាំ និងស្គាល់ការកុហក ក៏ដូចជាឥទ្ធិពលរបស់អ្នកដែលខិតខំបំផ្លាញព្រលឹងយើង ហើយលួចអំណរបច្ចុប្បន្ន និងសិរីល្អនាអនាគតរបស់យើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ យើងត្រូវបន្ដធ្វើជាមនុស្សស្មោះត្រង់ និងប្រុងប្រយ័ត្ន ដោយសារនេះជារបៀបតែមួយគត់ដើម្បីដឹងសេចក្ដីពិត ហើយស្ដាប់តាមសំឡេងរបស់ព្រះអម្ចាស់តាមរយៈអ្នកបម្រើរបស់ទ្រង់ ។ « ព្រោះព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលតែការពិត ហើយមិនកុហកឡើយ » ។ … រឿងទាំងនេះត្រូវបានបើកសម្ដែងយ៉ាងច្បាស់មកកាន់យើង សម្រាប់សេចក្ដីសង្គ្រោះនៃព្រលឹងរបស់យើង ។ … ដ្បិតព្រះក៏មានបន្ទូលពីរឿងនេះប្រាប់ពួកព្យាការីពីបុរាណដែរ » ។ យើងគឺជាពួកបរិសុទ្ធនៃព្រះដ៏មានមហិទ្ធិឫទ្ធិ ក្ដីសង្ឃឹមនៃអ៊ីស្រាអែល តើយើងនឹងស្ទាក់ស្ទើរឬទេ ? « តើយើងខ្លបខ្លាចឬគេចវាឬ ? ទេ !… តាមបញ្ជាព្រះ យើងឈរដោយពិតស្មោះត្រង់ ទាំងកាយទាំងចិត្តរហូតទៅ » ។
ខ្ញុំសូមថ្លែងសាក្សីរបស់ខ្ញុំអំពីព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល—ជាព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំថ្លែងទីបន្ទាល់ពីក្ដីស្រឡាញ់ សេចក្ដីពិត និងអំណរដ៏ខ្ជាប់ខ្ជួនរបស់ទ្រង់ ដែលកើតមានបាន តាមរយៈពលិកម្មដ៏និរន្ដរ៍ និងអស់កល្បរបស់ទ្រង់ ។ កាលយើងគោរពបទបញ្ញត្តិរបស់ទ្រង់ យើងត្រូវបានដឹកនាំលើផ្លូវត្រូវជានិច្ច ហើយនឹងមិនចាញ់ការបញ្ឆោតឡើយ ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។