ឆ្នាំ ២០១០-២០១៩
ការដឹង ការស្រឡាញ់ និង​ការរីក​ចម្រើន
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


2:3

ការដឹង ការស្រឡាញ់ និង​ការរីក​ចម្រើន

សូម​ឲ្យ​យើង​បាន​យល់​ពី​ផ្នែក​របស់​យើង​នៅ​ក្នុង​កិច្ចការ​នៃ​ការងារ​បម្រើ​ដ៏​ធំ​នេះ ដើម្បី​យើង​នឹង​ប្រែ​ក្លាយ​កាន់​តែ​ដូច​ជា​ទ្រង់ ។

នៅ​ឆ្នាំ ២០១៦ ក្រុម​ចម្រៀង​រោង​ឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​បាន​មក​លេង​នៅ​ប្រទេស​ន័រវ៉េ និង​ប៊ែលហ្សិក ។ ​ហើយដោយសារ​ខ្ញុំ​បាន​ចំណែក​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រំភើប​នោះ ខ្ញុំ​មាន​ឱកាស​រីករាយ​នឹង​ការ​សម្ដែង​របស់​ពួកគេ​ពីរ​លើក ។

អ្នក​វាយ​ឃ្មោះ

អំឡុង​ពេល​នៃ​ការសម្ដែង​របស់​ពួកគេ ខ្ញុំ​បាន​គិត​ថា​វា​ជា​កិច្ចខិតខំ​ដ៏​អស្ចារ្យ​ណាស់ ដើម្បី​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ជាមួយ​នឹង​ក្រុម​ធំ​បែប​នេះ​នោះ ។ គំនិត​របស់​ខ្ញុំ​ដក់​ជាប់​ជាមួយ​នឹង​ឃ្មោះ​ដ៏​ធំ ដែល​វា​ពិបាក ហើយ​ប្រហែល​ជា​ថ្លៃ​ណាស់​ដើម្បី​ផ្ញើ​វា​មក​ទីនេះ បើ​ប្រៀបធៀប​ទៅនឹង​វីយ៉ូឡុង ត្រែ ឬ​ឧបករណ៍​ផ្សេង​ទៀត​ដែល​អ្នក​អាច​ស្ពាយ​នឹង​ស្មា​អ្នក​ដោយ​ងាយ​ស្រួល​នោះ ។ ប៉ុន្តែ​ពេល​មើល​ពី​ការរួម​ចំណែក​ពិត​ប្រាកដ​របស់​ឃ្មោះ​នេះ ខ្ញុំ​បាន​ដឹង​ថា គេ​វាយ​វា​តែ​ពីរបី​ដង​ប៉ុណ្ណោះ កាលដែល​ឧបករណ៍​តូចៗ​ផ្សេង​ទៀត​បាន​រួម​ចំណែក​ភាគច្រើន​បំផុត​នៃ​ការប្រគំ​តន្ត្រី​នោះ ។ ខ្ញុំ​បាន​គិត​ថា បើ​គ្មាន​សំឡេង​របស់​ឃ្មោះ​នោះ​ទេ នោះ​ការសម្ដែង​នឹង​មិន​ដូច​គ្នា​ទេ ដូច្នេះ​ហើយ​កិច្ច​ខិតខំ​នោះ​ត្រូវតែ​ធ្វើ​ឡើង​ដើម្បី​បញ្ចូន​ឃ្មោះ​ដ៏​ធំ​នេះ​ឆ្លងកាត់​មហា​សមុទ្រ ។

អ្នក​លេង​ឃ្មោះ​ជាមួយ​ក្រុម​តន្ត្រី

ពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ថា​យើង​ដូច​ជា​ឃ្មោះ​ដ៏​ធំ​នោះ​ដែរ គ្រាន់តែ​ល្អ​ល្មម​គ្រប់គ្រាន់​ដើម្បី​លេង​ក្នុង​ផ្នែក​ដ៏​តូច​នៅក្នុង​ការសម្ដែង​ប៉ុណ្ណោះ ។ ប៉ុន្តែ​សូម​ឲ្យ​ខ្ញុំ​ប្រាប់​បងប្អូន​ថា សំឡេង​របស់​បងប្អូន​សំខាន់​ខ្លាំង​ណាស់ ។

យើង​ត្រូវ​ការ​ឧបករណ៍​ទាំងអស់ ។ ពួក​យើង​ខ្លះ​រៀន​បាន​យ៉ាង​ងាយ ហើយ​ធ្វើ​បាន​ល្អ​នៅ​សាលា​រៀន ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​មាន​ទេពកោសល្យ​ខាង​សិល្បៈ ។ អ្នក​ខ្លះ​ចេះ​រចនា​ម៉ូត និង​សង់​របស់​របរ ឬ​ថែទាំ ការពារ ឬ​បង្រៀន​អ្នក​ផ្សេង​ទៀត ។ យើងគ្រប់​គ្នា​​ត្រូវការ​មនុស្ស​ទាំងអស់​នោះ​ដើម្បី​នាំ​ពណ៌ និង​អត្ថន័យ​ដល់​ពិភពលោក​នេះ ។

ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា ពួកគេ​ពុំ​មាន​អ្វី​ដើម្បី​រួម​ចំណែក ឬ​ជឿ​ថា ពួកគេ​គ្មាន​សារសំខាន់ ឬ​មិនមាន​តម្លៃ​ដល់​នរណា​សោះ ចំពោះ​អ្នក​ផ្សេង​ទៀត​ប្រហែល​ជា​មាន​អារម្មណ៍​ថា អ្វីៗ​គ្រប់​យ៉ាង​គឺ​ល្អ​ប្រសើរ​នៅក្នុង​ជីវិត​គេ ហើយ​នរណា​ក៏​ដោយ​នៅ​ចន្លោះ​នោះ ខ្ញុំ​សូម​ថ្លែង​សារ​នេះ​ដល់​បងប្អូន ។

មិន​ថា​បងប្អូន​ស្ថិត​ត្រង់​ណា​ក៏​ដោយ​នៅ​លើ​ផ្លូវ​នៃ​ជីវិត បងប្អូន​មួយ​ចំនួន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​មាន​បន្ទុក​ហួស​កម្រិត ដែល​បងប្អូន​មិន​ទាំង​គិត​ផង​ថា​បងប្អូន​ស្ថិត​នៅ​លើ​ផ្លូវ​នោះ ។ ខ្ញុំ​ចង់​អញ្ជើញ​បងប្អូន​ឲ្យ​ឈាន​ជើង​ចេញ​ពី​ភាព​ងងឹត​ចូល​ទៅ​ក្នុង​ពន្លឺ ។ ពន្លឺ​នៃ​ដំណឹងល្អ​នឹង​ផ្ដល់​នូវ​ភាព​កក់ក្ដៅ និង​ការ​ព្យាបាល ហើយ​នឹង​ជួយ​បងប្អូន​ឲ្យ​យល់​ពី​អត្តសញ្ញាណ​របស់​បងប្អូន និង​គោលបំណង​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។

ពួកយើង​ខ្លះ​បាន​វង្វេង​លើ​ផ្លូវ​ដែល​ហាមឃាត់ ដើម្បី​សាកល្បង​រកមើល​សុភមង្គល​នៅ​ទីនោះ ។

ព្រះវរបិតាសួគ៌​ដ៏​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​បាន​អញ្ជើញ​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​នៃ​ភាពជា​សិស្ស ដើម្បី​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។ ទ្រង់ ស្រឡាញ់ យើង ដោយ ក្ដី ស្រឡាញ់ ដ៏ ឥតខ្ចោះ ។

តើ​អ្វី​ទៅ​ជា​ផ្លូវ​នោះ ? ផ្លូវ​នោះ​គឺ​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​យល់​ថា យើង​ជា​នរណា​តាមរយៈ​ការផ្ដល់​ការងារ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅ​មក ។

ចំពោះខ្ញុំ ការ​ងារ​បម្រ​គឺ​ការ​អនុវត្ត​សេចក្ដី​ស្រឡាញ់​ដ៏​ទេវភាព ។ ​តាម​របៀប​នោះ​យើង​បង្កើត​នូវ​បរិយាកាស​មួយ​ដែល​ទាំង​អ្នក​ផ្ដល់​ឲ្យ និង​អ្នក​ទទួល​ទទួល​បាន​នូវ​បំណង​ប្រាថ្នា​ដើម្បី​ប្រែចិត្ត ។ និយាយ​ម្យ៉ាង​ទៀត យើង​ផ្លាស់​ប្ដូរ​ទិសដៅ ហើយ​ខិត​កាន់តែ​ជិត និង​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

ឧទាហរណ៍ មិនចាំ​បាច់​ប្រាប់​ស្វាមី​ឬ​ភរិយា ឬ​កូនៗ​ពី​របៀប​ដែល ពួកគេ​ត្រូវ​អភិវឌ្ឍ​ចំណុច​ណា​នោះ​ទេ ពួកគេ​ដឹង​រួច​ហើយ ។ ការបង្កើត​បរិយាកាស​នៃ​ក្ដី​ស្រឡាញ់​បែបនេះ​ហើយ ដែល​ពួកគេ​នឹង​ត្រូវបាន​ជម្រុញ​ឲ្យ​ធ្វើ​ការផ្លាស់​ប្ដូរ​ដ៏​ចាំបាច់​នៅក្នុង​ជីវិត​ពួកគេ ហើយ​ក្លាយ​ជា​មនុស្ស​កាន់តែ​ល្អ​ប្រសើរ ។

នៅក្នុង​របៀប​នេះ ការប្រែចិត្ត​ក្លាយ​ជា​ដំណើរការ​នៃ​ការបន្សុទ្ធ​ជា​ប្រចាំ​ថ្ងៃ ដែល​អាច​រួម​មាន​ការសូមទោស​សម្រាប់​ឥរិយាបទ​មិន​ល្អ ។ ខ្ញុំ​ចាំ ហើយ​នៅតែ​ជួប​នឹង​ស្ថានភាព​ដែល​ខ្ញុំ​ឆាប់​នឹង​កាត់សេចក្ដី ឬ​មិនងាយ​នឹង​ស្ដាប់ ។ ហើយ​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ អំឡុង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​នូវ​ការប្រឹក្សា​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ពី​ស្ថានសួគ៌​ឲ្យ​ប្រែចិត្ត ហើយ​ប្រែក្លាយ​កាន់តែ​ប្រសើរ​ឡើង ។ បរិយាកាស​ដ៏​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ដែល​ដំបូង​ឡើយ​បាន​បង្កើត​ឡើង​ដោយ​ឪពុក​ម្ដាយ បងប្រុស និង​បងស្រី​ខ្ញុំ ហើយ​ក្រោយ​មក​ដោយ​ភរិយា កូនៗ និង​មិត្តភក្ដិ​ខ្ញុំ បាន​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

យើង​ទាំងអស់​គ្នា​ដឹង​ថា យើង​អាច​អភិវឌ្ឍ​នៅ​ចំណុច​ណា ។ មិន​ចាំបាច់​រំឭក​គ្នា​ដដែលៗ​នោះ​ទេ ប៉ុន្តែ​តម្រូវ​ឲ្យ​ស្រឡាញ់ និង​ផ្ដល់​ការងារ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ហើយ​ក្នុង​ការធ្វើ​ដូច្នោះ​ផ្ដល់​នូវ​បរិយាកាស​នៃ​ឆន្ទៈ​ដើម្បី​ផ្លាស់​ប្ដូរ ។

នៅក្នុង​បរិយកាស​ដូច​គ្នា​នេះ យើង​កំពុង​រៀន​ថា​យើង​ជានរណា​ពិត​ប្រាកដ ហើយ​ថា​តួនាទី​របស់​យើង​ជា​អ្វី​នៅក្នុង​ជំពូក​ចុងក្រោយ​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក​នេះ ពីមុន​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ។

ប្រសិន​បើ​បងប្អូន​ឆ្ងល់​ពី​ផ្នែក​របស់​បងប្អូន ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ស្វែងរក​កន្លែង​មួយ​ដែល​បងប្អូន​អាច​នៅ​តែ​ឯង ហើយ​សួរ​ដល់​ព្រះវរបិតាសួគ៌​ដើម្បី​បងប្អូន​ដឹង​ថា​ផ្នែក​ណា​ជា​របស់​បងប្អូន ។ បងប្អូន​ប្រហែល​ជា​ទទួល​ចម្លើយ​បន្តិច​ម្ដងៗ ហើយ​កាន់តែ​ច្បាស់​ឡើងៗ ពេល​យើង​ចាក់​គ្រឹះ​កាន់តែ​រឹងមាំ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា និង​ការងារ​បម្រើ ។

យើង​កំពុង​តែ​ជួប​នឹង​ការលំបាក​ដូច​គ្នា​ដែល​យ៉ូសែប ស្ម៊ីធ បាន​ជួប​ពេល​លោក​ស្ថិត​នៅ​កណ្ដាល​ចម្បាំង​ខាង​ពាក្យ​សម្ដី និង​ការ​ជ្រួលច្របល់​ខាង​គំនិត ។ ពេល​យើង​អាន​នៅក្នុង​ដំណើរ​រឿង​ផ្ទាល់​របស់​លោក ជា​ញឹកញាប់​លោក​បាន​និយាយ​ទៅកាន់​ខ្លួនឯង​ថា « តើ​ត្រូវ​ធ្វើ​អ្វី​ហ្ន៎ ? តើ​បក្ស​ពួក​មួយ​ណា​ទៅ​ដែល​ត្រូវ ឬ​ក៏​គេ​សុទ្ធ​តែ​ខុស​ទាំង​អស់​គ្នា ? បើ​សិន​ជា​មាន​បក្ស​ពួក​ណា​មួយ​ដែ​ត្រូវ នោះ​តើ​[មួយ]ណា​ទៅ ហើយ​តើ​ខ្ញុំ​នឹង​ស្គាល់​តាម​របៀប​ណា​បាន ? »​

ជាមួយ​នឹង​ចំណេះ​ដឹង​ដែល​លោក​បាន​រកឃើញ​នៅក្នុង​សំបុត្រ​របស់​យ៉ាកុប ដែល​ថ្លែង​ថា « តែបើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មានតែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ »នោះ​នៅ​ទីបំផុត យ៉ូសែប​បាន​ប្ដេជ្ញា​ចិត្ត​ដើម្បី « សូម​ដល់​ព្រះ » ។

យើង​អាន​បន្ថែម​ទៀត​ថា វា​ជា​លើក​ទីមួយ​នៅក្នុង​ជីវិត​លោក​ដែល​លោក​បាន​ធ្វើ​ការប៉ុនប៉ង​ដូច្នេះ ទោះ​ស្ថិត​នៅ​កណ្ដាល​ការថប់​បារម្ភ​របស់​លោក​ដែល​លោក​មិន​ដែល​បាន​ប៉ុនប៉ង​អធិស្ឋាន​ឲ្យ​ឮៗ ក៏​លោក​បាន​ធ្វើ​ដូច្នោះ ។

ហើយ​វា​អាច​ជា​លើក​ទីមួយ​សម្រាប់​យើង ដែល​យើង​ថ្លែង​ទៅកាន់​ព្រះ​របស់​យើង​ក្នុង​របៀប​មួយ​ដែល​យើង​មិន​ដែល​ធ្លាប់​ធ្វើ​ពី​មុន​មក ។

ដោយសារ​ការប៉ុនប៉ង​របស់​យ៉ូសែប នោះ​ព្រះវរបិតាសួគ៌ និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​យាង​មក​ជួប​លោក ហៅ​លោក​ដោយ​ឈ្មោះ ហើយ​ជា​លទ្ធផល យើង​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​ថា​យើង​ជា​នរណា ហើយ​ថា​យើង​ពិត​ជា​សំខាន់ ។

យើង​អាន​បន្ថែម​ទៀត​ថា នៅក្នុង​យុវវ័យ​ដ៏​ទន់ភ្លន់​របស់​លោក យ៉ូសែប​ត្រូវបាន​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​ពួក​អ្នក​ដែល​គួរតែ​ជា​មិត្ត​របស់​លោក និង​ជា​អ្នក​ដែល​ត្រូវ​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក ។ អញ្ចឹង​ហើយ យើង​អាច​រំពឹង​នូវ​ការប្រឆាំង​ខ្លះៗ ពេល​យើង​រស់តាម​ជីវិត​នៃ​ភាពជាសិស្ស ។

ប្រសិន​បើ​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​មិន​អាច​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ក្រុម​តន្ត្រី​នេះ​នា​ពេល​ឥឡូវ​នេះ ហើយ​ផ្លូវ​នៃ​ការប្រែចិត្ត​ហាក់ដូច​ជា​ពិបាក​ចំពោះ​បងប្អូន សូម​ដឹង​ថា បើ​យើង​បន្ត​ព្យាយាម នោះ​បន្ទុក​នោះ​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​ស្មា​របស់​យើង ហើយ​វា​នឹង​បាន​ស្រាល​ឡើង ។ ព្រះវរបិតា​សួគ៌​នឹង​មិន​ដែល​ចាកចេញ​ពី​យើង ពេល​យើង​ឈោង​ទៅ​រក​ទ្រង់​នោះ​ឡើយ ។ យើង​អាច​ដួល​ចុះ ហើយ​ងើប​ឡើង​វិញ ហើយ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​បោស​ធូលី​ចេញ​ពី​ជង្គង់​យើង ។

ពួក​យើង​មួយ​ចំនួន​មាន​របួស ប៉ុន្តែ​កញ្ចប់​សង្គ្រោះ​បឋម​របស់​ព្រះអម្ចាស់​មាន​បង់​រុំ​របួស​ធំ​គ្រប់គ្រាន់​ដើម្បី​រុំ​របួស​ទាំងអស់​របស់​បងប្អូន ។

ដូច្នេះ​វា​គឺ​សេចក្ដី​ស្រឡាញ់ ក្ដីស្រឡាញ់​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ហើយ ដែល​យើង​ក៏​ហៅ​ថា សេចក្ដី​សប្បុរស ឬ​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ​ផងដរដែល​យើង​ត្រូវការ​នៅក្នុង​គេហដ្ឋាន​របស់​យើង ជា​កន្លែង​ដែល​ឪពុកម្ដាយ​ធ្វើ​ការងារ​បម្រើ​ដល់​កូនៗ​របស់​ពួកគេ ហើយ​កូនៗ​ធ្វើ​ការងារ​បម្រើ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ ។ តាមរយៈ​សេចក្ដី​ស្រឡាញ់​នោះ ដួងចិត្ត​នឹង​ផ្លាស់​ប្ដូរ ហើយ​មាន​បំណង​ប្រាថ្នា​ថ្មី​ដើម្បី​ធ្វើ​តាម​ព្រះរាជ​បំណង​របស់​ទ្រង់ ។

វា​គឺ​ជា​សេចក្ដី​ស្រឡាញ់​នោះ​ហើយ​ដែល​យើង​ត្រូវការ នៅក្នុង​ការដោះស្រាយ​ជាមួយ​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះវរបិតាសួគ៌ និង​ក្នុង​នាម​​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ដែល​នឹង​ជួយ​យើង​ឲ្យ​បញ្ចូល​នូវ​គ្រប់​ឧបករណ៍​តន្ត្រី​ទាំងអស់​នៅក្នុង​ក្រុម​តន្ត្រី​របស់​យើង ដើម្បី​យើង​អាច​សម្តែង​បាន​យ៉ាង​រុងរឿង ជាមួយ​នឹង​ក្រុម​ចម្រៀង​ដូច​ទេវតា​នៃ​ស្ថានសួគ៌ ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ម្ដង​ទៀត ។

វា​គឺ​ជា​សេចក្ដី​ស្រឡាញ់​នោះ​ហើយ ជា​ពន្លឺ​ដែល​ត្រូវ​បញ្ចាំង និង​បំភ្លឺ​ដល់​អ្វី​ដែល​នៅ​ជុំ​វិញ​យើង កាលដែល​យើង​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង ។ មនុស្ស​នឹង​កត់សម្គាល់​ពី​ពន្លឺ​នោះ ហើយ​នឹង​ចាប់​អារម្មណ៍​នឹង​វា ។ នោះ​គឺជា​ប្រភេទ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ដែល​នឹង​នាំ​មនុស្ស​ដទៃ« ឲ្យមក ហើយ​មើល មក​ ហើយ​ជួយ ព្រម​ទាំង​មក ហើយ​នៅ » ។ ពេល​បងប្អូន​បាន​ទទួល​សាក្សី​ផ្ទាល់​ខ្លួន​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​នេះ និង​ផ្នែក​របស់​យើង​នៅ​ក្នុង​កិច្ចការ​នេះ សូម​ឲ្យ​យើង​រីករាយ​រួម​គ្នា​ជាមួយ​ព្យាការី​យ៉ូសែប ស្ម៊ីធ ជា​ទីស្រឡាញ់​របស់​យើង ដែល​បាន​ប្រកាស​ថា « ត្បិត​ខ្ញុំ​បាន​ឃើញ​កា​រ​និមិត្ត ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា ខ្ញុំ​ដឹង​ថា​ខ្ញុំ​ជា​នរណា ហើយ​ខ្ញុំ​ពិត​ជា​ដឹង​ថា​បងប្អូន​ជា​នរណា ។ យើង​គ្រប់​រូប​គឺជា​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌​ដែល​ទ្រង់​ស្រឡាញ់​យើង ។ ហើយ​ទ្រង់​ពុំ​បាន​បញ្ជូន​យើង​មក​ទី​នេះ​ឲ្យ​​បរាជ័យ​នោះ​ទេ ប៉ុន្តែ​ឲ្យ​​ត្រឡប់​ទៅ​រក​ទ្រង់់​វិញ​ដោយ​សិរី​រុង​រឿង ។ ថា​យើង​ទាំងអស់​គ្នា​អាច​យល់​ពី​ផ្នែក​របស់​យើង​នៅក្នុង​កិច្ចការ​បម្រើ​ដ៏​អស្ចារ្យ​នេះ ដើម្បី​យើង​នឹង​ប្រែក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ ពេល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ម្ដង​ទៀត នេះ​ជា​ការអធិស្ឋាន​របស់​ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។