ការអនុញ្ញាតឲ្យវិញ្ញាណរបស់យើងគ្រប់គ្រងរូបកាយរបស់យើង
រឿងដ៏សំខាន់បំផុតមួយដែលយើងអាចរៀននៅក្នុងជីវិតនេះគឺជារបៀបគូសបញ្ជាក់ពីនិស្ស័យខាងវិញ្ញាណដ៏អស់កល្បរបស់យើង ហើយគ្រប់គ្រងបំណងប្រាថ្នាដ៏អាក្រក់របស់យើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ កាលសន្និសីទទូទៅខែតុលាឆ្នាំមុនបានខិតចូលមកដល់ ខ្ញុំបានរៀបចំសុន្ទរកថារបស់ខ្ញុំសម្រាប់សន្នសីទ ដើម្បីគូសបញ្ជាក់ពីគម្រប់ខួប ១០០ ឆ្នាំនៃការនិមិត្តអំពីពិភពវិញ្ញាណ ដែលបានប្រទានឲ្យប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ នៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ១៩១៨ ។
បន្ទាប់ពីខ្ញុំបានដាក់ស្នើសុន្ទរកថារបស់ខ្ញុំដើម្បីបកប្រែបានពីរបីថ្ងៃក្រោយមក ដៃគូដ៏អស់កល្បជាទីស្រឡាញ់របស់ខ្ញុំ បាបារ៉ា បានបញ្ចប់ការសាកល្បងរបស់គាត់ក្នុងជីវិតរមែងស្លាប់ ហើយបានធ្វើដំណើរទៅកាន់ពិភពវិញ្ញាណ ។
កាលពេលវេលាចេះតែកន្លងទៅ ហើយឥឡូវនេះបាបារ៉ាទទួលមរណភាពបានមួយឆ្នាំហើយ នោះខ្ញុំបានឃើញថា ខ្លួនឯងមានអំណរគុណយ៉ាងខ្លាំងចំពោះបទគម្ពីរនេះ « ចូររស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ រហូតដល់អ្នកត្រូវយំសោកចំពោះការបាត់បង់នៃមនុស្សដែលស្លាប់ » ។ បាបារ៉ា និងខ្ញុំមានពរដែលបាន « រស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ » អស់រយៈពេល ៦៧ ឆ្នាំ ។ ប៉ុន្តែខ្ញុំបានរៀនតាមរបៀបដ៏ពិតមួយពីអត្ថន័យនៃឃ្លាថា « យំសោកចំពោះការបាត់បង់ » នៃមនុស្សដែលយើងស្រឡាញ់ ។ ខ្ញុំពិតជាស្រឡាញ់ ហើយនឹកគាត់ខ្លាំងណាស់ !
ខ្ញុំគិតថា យើងភាគច្រើនពុំបានមានអំណរគុណយ៉ាងពេញលេញចំពោះអ្វីដែលមនុស្សដទៃបានធ្វើសម្រាប់យើងឡើយ រហូតដល់ពួកគេបានទៅបាត់ ។ ខ្ញុំបានដឹងថា បាបារ៉ាមានភាពរវល់ជានិច្ច ប៉ុន្តែខ្ញុំពុំបានយល់ទាំងស្រុងពីការទាមទារពេលវេលារបស់គាត់ពីសំណាក់គ្រួសារ សាសនាចក្រ និងសហគមន៍ឡើយ ។ មានការខិតខំប្រឹងប្រែងប្រចាំថ្ងៃដែលបានធ្វើឡើងម្ដងហើយម្ដងទៀតរាប់ពាន់ដងរយៈពេលជាច្រើនឆ្នាំ ដែលធ្វើឲ្យគ្រួសារយើងមានដំណើរការល្អ ។ ហើយដោយឆ្លងកាត់អ្វីៗគ្រប់យ៉ាង គ្មាននរណាម្នាក់នៅក្នុងគ្រួសារធ្លាប់ឮគាត់ដំឡើងសំឡេង ឬពាក្យមិនសមរម្យនោះឡើយ ។
កាលពីឆ្នាំមុននេះ ខ្ញុំនឹកឃើញនូវអនុស្សាវរីយ៍ជាច្រើន ។ ខ្ញុំបានគិតពីការជ្រើសរើសដ៏ពិបាកខាងសាច់ឈាមដែលគាត់បានធ្វើ ដើម្បីក្លាយជាម្ដាយរបស់កូនប្រាំពីរនាក់ ។ ការធ្វើជាមេផ្ទះម្នាក់គឺជាការងារតែមួយគត់ដែលគាត់ចង់ធ្វើ ហើយគាត់បានធ្វើកិច្ចការគ្រប់យ៉ាងក្នុងផ្ទះយ៉ាងល្អបំផុត ។
ជារឿយៗ ខ្ញុំបានងឿងឆ្ងល់ថា តើគាត់តាមដានកូនៗ និងខ្ញុំបានដោយរបៀបណា ។ ការរៀបចំអាហារតែម្នាក់ឯងគឺជាពិតជាកិច្ចការមួយដ៏ធំ ហើយលើសពីនេះទៀត គាត់ត្រូវធ្វើអ្វីផ្សេងទៀតដូចជា ការបោកខោអាវយ៉ាងច្រើនដែលគ្រួសារយើងមានរៀងរាល់សប្ដាហ៍ និងការទុកដាក់ស្បែកជើង និងការយកខោអាវដែលមានទំហំត្រឹមត្រូវទៅពាក់ឲ្យកូនៗ ។ យើងគ្រប់គ្នាបានទៅរកគាត់ចំពោះបញ្ហាផ្សេងទៀតជាច្រើន ដែលវាសំខាន់ចំពោះយើង ។ ហើយដោយសារវាសំខាន់ចំពោះយើង វាក៏សំខាន់ចំពោះគាត់ផងដែរ ។ បើខ្ញុំរកពាក្យមួយពិពណ៌នាពីគាត់ នោះគាត់មានភាពអស្ចារ្យ—ជាភរិយា ជាម្ដាយ ជាមិត្ត ជាអ្នកជិតខាង និងជាបុត្រីរបស់ព្រះ ។
ឥឡូវនេះគាត់បានចែកឋានទៅហើយ ខ្ញុំរីករាយដែលខ្ញុំបានជ្រើសយកការអង្គុយក្បែរគាត់ ពេលខ្ញុំបានចេញទៅការិយាល័យត្រឡប់ទៅផ្ទះវិញ ហើយកាន់ដៃគាត់មើលចុងបញ្ចប់នៃការប្រជុំតន្ត្រីមួយចំនួនដែលគាត់ចូលចិត្ត—ម្ដងហើយម្ដងទៀត ដោយសារជំងឺបាត់ការចងចាំធ្វើឲ្យគាត់ភ្លេចពីអ្វីដែលទើបបានមើលកាលពីថ្ងៃរសៀល នៅអំឡុងប៉ុន្មានខែចុងក្រោយនៃជីវិតរបស់គាត់ ។ អនុស្សាវរីយ៍នៃការកាន់ដៃជាពិសេសទាំងនោះ វាមានតម្លៃខ្លាំងណាស់ចំពោះខ្ញុំនៅពេលនេះ ។
បងប្អូនប្រុសស្រី សូមកុំឲ្យបាត់បង់ឱកាសដើម្បីសម្លឹងមើលទៅកែវភ្នែកនៃសមាជិកគ្រួសាររបស់បងប្អូនដោយសេចក្ដីស្រឡាញ់ឡើយ ។ កូនៗ និងឪពុកម្ដាយអើយ សូមជួយគ្នាទៅវិញទៅមក ហើយបង្ហាញសេចក្ដីស្រឡាញ់ និងការដឹងគុណរបស់បងប្អូន ។ ដូចជារូបខ្ញុំដែរ បងប្អូនមួយចំនួន អាចនឹងក្រោកឡើងនៅថ្ងៃមួយ ហើយឃើញថា ពេលវេលាសម្រាប់ការប្រាស្រ័យទាក់ទងដ៏សំខាន់បែបនេះ បានកន្លងផុតហើយ ។ សូមរស់នៅជាមួយគ្នាជារៀងរាល់ថ្ងៃ ដោយមានដួងចិត្តពោរពេញដោយអំណរគុណ អនុស្សាវរីយ៍ល្អៗ ការបម្រើ និងសេចក្ដីស្រឡាញ់ដ៏ច្រើន ។
នៅឆ្នាំមុននេះ ខ្ញុំបានពិចារណាយ៉ាងច្រើនអំពីផែនការរបស់ព្រះវរបិតាសួគ៌យើងលើសពេលណាទាំងអស់ ។ នៅក្នុងការបង្រៀនដល់កូនប្រុសរបស់លោកឈ្មោះ កូរីអានតុន អាលម៉ាបានហៅផែនការនេះថាជា « ផែនការនៃសុភមង្គលដ៏មហិមា » ។
ពាក្យនោះធ្វើឲ្យខ្ញុំគិតច្រើន ឥឡូវនេះពេលខ្ញុំចាត់ទុកថា ផែនការនោះគឺជា « ការជួបជុំគ្នាវិញ » ។ ដោយបានរៀបចំឡើងដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់នៃយើង វាគឺជាផែនការមួយដែលមាននូវឱកាសដ៏ធំ ហើយរុងរឿងនៃការជួបជុំគ្រួសារវិញ–ជាការជួបជុំគ្នាវិញដ៏អស់កល្បរវាងស្វាមី និងភរិយា ឪពុកម្ដាយ និងកូន ពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងគ្រួសាររបស់ព្រះ ។
ការគិតនោះបានលួងលោមចិត្តខ្ញុំ ហើយបានផ្ដល់ការអះអាងដល់ខ្ញុំថា ខ្ញុំនឹងជួបបាបារ៉ាម្ដងទៀត ។ ទោះជា គាត់បានរងទុក្ខខាងរូបកាយនៅចុងបញ្ចប់នៃជីវិតរបស់គាត់ក្ដី ប៉ុន្តែវិញ្ញាណគាត់រឹងមាំ ថ្លៃថ្នូរ ហើយបរិសុទ្ធ ។ គាត់បានរៀបចំខ្លួនគ្រប់យ៉ាង ដើម្បីពេលថ្ងៃនោះមកដល់ គាត់អាចឈរនៅចំពោះមុខ « វេទិកាជំនុំជំរះដ៏គាប់ព្រះហឫទ័យនៃព្រះ »ពោរពេញដោយទំនុកចិត្ត និងការធានាពេញដោយភាពសុខសាន្ត ។ នៅពីរថ្ងៃទៀតខ្ញុំនឹងមានវ័យ ៩១ ឆ្នាំ ហើយខ្ញុំនៅតែងឿងឆ្ងល់ថា « តើខ្ញុំត្រៀមខ្លួនរួចរាល់ឬនៅ ? តើខ្ញុំកំពុងធ្វើអ្វីៗដែលខ្ញុំត្រូវធ្វើ ដើម្បីអាចកាន់ដៃគាត់ម្ដងទៀតដែរឬទេ ? »
ភាពប្រាកដប្រជាដ៏សាមញ្ញបំផុតនៃជីវិតគឺថា យើងគ្រប់គ្នានឹងស្លាប់ ។ មិនថាយើងស្លាប់នៅវ័យចំណាស់ ឬវ័យក្មេង ងាយ ឬពិបាក មាន ឬក្រ មានគេស្រឡាញ់ ឬឯកោនោះទេ គឺគ្មាននរណាម្នាក់អាចគេចផុតពីសេចក្ដីស្លាប់ឡើយ ។
ប៉ុន្មានឆ្នាំមុន ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានមានប្រសាសន៍ពីអ្វីមួយដែលមានន័យជាពិសេសចំពោះរឿងនេះថា « ឱការអះអាង និងភាពសុខសាន្តដែលកើតចេញពីចំណេះដឹងថា បើយើងរៀបការត្រឹម ហើយរស់នៅបានត្រឹមត្រូវ នោះទំនាក់ទំនងយើងនឹងបន្ត មិនថាមានភាពប្រាកដប្រជានៃសេចក្ដីស្លាប់ និងការកន្លងទៅនៃពេលវេលាយ៉ាងនោះទេ វាមាននូវភាពផ្អែមល្ហែម និងការលួងលោមចិត្តអ្វីម្ល៉េះទេ » ។
ខ្ញុំពិតជាបានរៀបការត្រូវ ។ ខ្ញុំគ្មានការសង្ស័យពីរឿងនោះឡើយ ។ ប៉ុន្តែយោងតាមប្រធាន ហ៊ីងគ្លី វាពុំគ្រប់គ្រាន់ទេ ។ ខ្ញុំក៏ត្រូវរស់នៅដោយត្រឹមត្រូវដែរ ។
សព្វថ្ងៃនេះ « ការរស់នៅត្រឹមត្រូវ » អាចជាគំនិតមួយដែលមានការភាន់ច្រឡំខ្លាំង ជាពិសេសបើបងប្អូនចំណាយពេលច្រើនលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាកន្លែងដែលសំឡេងនានាអាចប្រកាសសេចក្ដីពិត ឬគំនិតខុសឆ្គងពីព្រះ និងផែនការរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ សំណាងល្អ សមាជិកទាំងឡាយនៃសាសនាចក្រមានគោលការណ៍ទាំងឡាយនៃដំណឹងល្អ ដ៏ពិតអស់កល្ប ដើម្បីដឹងពីរបៀបរស់នៅ ដើម្បីយើងអាចរៀបចំខ្លួនឲ្យប្រសើរ ពេលយើងត្រូវស្លាប់ទៅ ។
មុនខ្ញុំកើតប៉ុន្មានខែ ជីតាខ្ញុំដែលជាសាវក ឈ្មោះ អែលឌើរ មែលវិន ជេ បាឡឺដ បានថ្លែងសុន្ទរកថាមួយ ដែលបានលើកឡើងពីកត្តាដ៏សំខាន់ចំពោះអត្ថន័យនៃការរស់នៅត្រឹមត្រូវសម្រាប់មនុស្សមួយចំនួន ។ សុន្ទរកថានោះមានចំណងជើងថា « ភាពស្មុគស្មាញសម្រាប់ដួងព្រលឹង » សុន្ទរកថារបស់លោកផ្ដោតលើចម្បាំងជាបន្តបន្ទាប់រវាងរូបកាយរបស់យើង និងវិញ្ញាណដ៏អស់កល្បរបស់យើង ។
លោកបានថ្លែងថា « វិបត្តិដ៏ធំបំផុតដែលបុរស ឬស្ត្រីគ្រប់រូបនឹងជួប…គឺជាចម្បាំងដែលមាននឹងខ្លួនឯង » ដោយពន្យល់ថា សាតាំង « មារសត្រូវនៃព្រលឹងយើង » វាយប្រហារយើងតាមរយៈ « តណ្ហា ការស្រេកឃ្លាន ឬមហិច្ឆតានៃសាច់ឈាម » ។ « ដូច្នេះចម្បាំងដ៏សំខាន់គឺរវាងនិស្ស័យជាព្រះខាងវិញ្ញាណរបស់យើង និងមនុស្សខាងសាច់ឈាម ។ បងប្អូនប្រុសស្រី សូមចាំថា យើងអាចទទួលបានជំនួយខាងវិញ្ញាណតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដែលអាច « បង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ » ។ ជំនួយក៏អាចកើតមានតាមរយៈអំណាច និងពរជ័យនៃបព្វជិតភាព ។
ឥឡូវនេះ ខ្ញុំសូមចោទជាសំណួរថា « តើចម្បាំងនេះកំពុងកើតឡើងចំពោះបងប្អូនម្នាក់ៗបែបណាដែរ ? »
ប្រធាន ដេវីឌ អូ មិកឃេ បានថ្លែងថា « ជីវិតនៅលើផែនដីរបស់មនុស្សគឺជាការសាកល្បងមួយ ដើម្បីដឹងថាតើគាត់នឹងផ្ដោតការខិតខំ គំនិត ព្រលឹងគាត់ លើរឿងដែលជួយដល់ការលួងលោម និងភាពរីករាយនៃរូបកាយរបស់គាត់ ឬថាគាត់នឹងធ្វើឲ្យគោលបំណងរបស់ជីវិតគាត់ ក្លាយជាការទទួលបានគុណសម្បត្តិខាងវិញ្ញាណ » ។
ចម្បាំងនេះរវាងនិស្ស័យខាងសាច់ឈាម និងខាងវិញ្ញាណរបស់យើងពុំមែនជារឿងថ្មីនោះទេ ។ នៅក្នុងការបង្រៀនចុងក្រោយរបស់ទ្រង់ ស្ដេចប៊េនយ៉ាមីន បានបង្រៀនថា « ព្រោះមនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ ហើយមានមកតាំងពីការធ្លាក់នៃលោកអ័ដាមម្ល៉េះ ហើយនឹងនៅយ៉ាងនេះជារៀងដរាបតទៅ លើកលែងតែគេព្រមធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។
សាវកប៉ុលបានបង្រៀនថា « ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ។
« ដ្បិតគំនិតខាងសាច់ឈាមនោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណនោះទើបជាជីវិត និង សេចក្តីសុខសាន្តវិញ » ។
ខ្ញុំយល់យ៉ាងច្បាស់ថា រឿងដ៏សំខាន់បំផុតមួយដែលយើងអាចរៀននៅក្នុងជីវិតនេះគឺជារបៀបគូសបញ្ជាក់ពីនិស្ស័យខាងវិញ្ញាណដ៏អស់កល្បរបស់យើង ហើយគ្រប់គ្រងបំណងប្រាថ្នាដ៏អាក្រក់របស់យើង ។ ការណ៍នេះពុំគួរជារឿងពិបាកឡើយ ុំ នៅទីបំផុត វិញ្ញាណរបស់យើងដែលមានអាយុច្រើនជាងរូបកាយរបស់យើង ធ្លាប់មានភាពជោគជ័យនៅក្នុងការជ្រើសរើសសេចក្ដីសុចរិតលើសេចក្ដីអាក្រក់នៅជីវិតមុនឆាកជីវិតនេះរួចហើយ ។ ពីមុនផែនដីនេះត្រូវបានបង្កើតឡើង យើងបានរស់នៅក្នុងពិភពវិញ្ញាណជាបុត្រា និងបុត្រីរបស់របស់ព្រះមាតាបិតាសួគ៌របស់យើង ដែលទ្រង់ស្រឡាញ់យើង ហើយបន្តស្រឡាញ់លុះដល់ពេលនេះ ។
ពិតណាស់ យើងបានធ្វើការសម្រេចចិត្ត និងការជ្រើសរើសដ៏សំខាន់នៅក្នុងជីវិតមុនឆាកជីវិតនេះ ។ មនុស្សគ្រប់រូបដែលធ្លាប់បានរស់នៅ ឬនឹងរស់នៅលើពិភពលោកនេះ បានធ្វើការសម្រេចចិត្តដ៏សំខាន់មួយ ដើម្បីជ្រើសទទួលយកផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សេចក្ដីសង្គ្រោះរបស់យើង ។ ដូច្នេះ គ្រប់គ្នាបានមកកាន់ផែនដីនេះដោយមានកំណត់ត្រាបញ្ជាក់មួយនៃនិស្ស័យខាងវិញ្ញាណដ៏ជោគជ័យ និងជោគវាសនាដ៏អស់កល្ប ។
សូមគិតពីរឿងនោះបន្តិច ។ នេះជាអត្តសញ្ញាណពិតឥតប្រែប្រួលឡើយរបស់បងប្អូន និងរូបខ្ញុំ គឺជា ៖ បុត្រា ឬបុត្រីរបស់ព្រះ ដោយមានគ្រឹះខាងវិញ្ញាណក្នុងភាពអស់កល្ប និងភាពបរិបូរណ៌មួយនាពេលអនាគតជាមួយនឹងឱកាសជានិរន្តរ៍ ។ បងប្អូនគឺជាតួអង្គខាងវិញ្ញាណមួយរូប–តាំងពីដំបូង និងជានិច្ចតទៅ ។ ដូច្នេះហើយ ពេលយើងជ្រើសយកនិស្ស័យខាងសាច់ឈាមមុននិស្ស័យខាងវិញ្ញាណ នោះយើងកំពុងជ្រើសយកអ្វីមួយដែលផ្ទុយនឹងខ្លួនខាងវិញ្ញាណដ៏ពិតប្រាកដរបស់យើងហើយ ។
ប្រាកដណាស់ បំណងប្រាថ្នាខាងសាច់ឈាមនៅលើផែនដីនៅតែបង្កភាពភាន់ច្រឡំដល់ការធ្វើការសម្រេចចិត្ត ។ ដោយមានវាំងនននៃសេចក្ដីភ្លេចភ្លាំងមួយដាក់នៅចន្លោះពិភពវិញ្ញាណមុនឆាកជីវិតនេះ និងពិភពរមែងស្លាប់នេះ នោះយើងអាចភ្លេចពីទំនាក់ទំនងរបស់យើងចំពោះព្រះ និងនិស្ស័យខាងវិញ្ញាណរបស់យើង ហើយនិស្ស័យខាងសាច់ឈាមរបស់យើងអាចផ្ដល់ជាអាទិភាពដល់អ្វីដែលយើងចង់បាននៅពេលនេះ ។ ការរៀនជ្រើសរើសរឿងខាងវិញ្ញាណជាជាងរឿងខាងសាច់ឈាម គឺជាហេតុផលសំខាន់មួយដែលបទពិសោធន៍លើផែនដីនេះគឺជាផ្នែកនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ វាក៏ជាហេតុផលដែលផែនការនោះត្រូវបានបង្កើតឡើងនៅលើគ្រឹះដ៏រឹងមាំនៃដង្វាយធួនរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ ដើម្បីអំពើបាបរបស់យើង រួមទាំងកំហុសដែលយើងបានធ្វើ ពេលយើងងាកទៅរកខាងសាច់ឈាម អាចត្រូវបានយកឈ្នះតាមរយៈការប្រែចិត្តជាបន្តបន្ទាប់ ហើយយើងអាចរស់នៅដោយផ្តោតខាងវិញ្ញាណ ។ ឥឡូវនេះគឺជាពេលដើម្បីគ្រប់គ្រងការស្រេកឃ្លានខាងរូបកាយរបស់យើង ដើម្បីគោរពតាមគោលលទ្ធិខាងវិញ្ញាណរបស់ព្រះគ្រីស្ទ ។ នោះគឺជាហេតុផលដែលយើងពុំត្រូវពន្យារពេលថ្ងៃនៃការប្រែចិត្តរបស់យើង ។
ដូច្នេះ ការប្រែចិត្តក្លាយជាអាវុធដ៏ចាំបាច់មួយនៅក្នុងចម្បាំងរបស់យើងជាមួយនឹងខ្លនឯង ។ នៅសន្និសីទទូទៅលើកមុន ប្រធាន រ័សុល អិម ណិលសុន បានលើកឡើងពីចម្បាំងនេះ ហើយបានរំឭកយើងថា « ពេលយើងជ្រើសយកការប្រែចិត្ត យើងជ្រើសរើសដើម្បីផ្លាស់ប្ដូរ ! យើងអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្រែយើងទៅកំណែថ្មីដ៏ល្អបំផុតនៃខ្លួនយើង ។ យើងជ្រើសរើសរីកចម្រើនខាងវិញ្ញាណ ហើយទទួលបានអំណរ— ជាអំណរនៃការប្រោសលោះនៅក្នុងទ្រង់ ។ នៅពេលយើងជ្រើសរើសប្រែចិត្ត យើងជ្រើសរើសប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ! »
រាល់យប់ ពេលខ្ញុំរំឭកពីថ្ងៃរបស់ខ្ញុំនៅក្នុងការអធិស្ឋានជាមួយនឹងព្រះវរបិតាសួគ៌របស់ខ្ញុំ ខ្ញុំបានទូលសូមការអភ័យទោស បើខ្ញុំបានធ្វើអ្វីមួយខុស ហើយសន្យាថា នឹងព្យាយាមធ្វើឲ្យប្រសើរនៅថ្ងៃស្អែក ។ ខ្ញុំជឿថា ការប្រែចិត្តប្រចាំថ្ងៃជាទៀងទាត់នេះជួយវិញ្ញាណរបស់ខ្ញុំឲ្យរំឭកដល់រូបកាយខ្ញុំពីបុគ្គលដែលគ្រប់គ្រងខ្ញុំ ។
ធនធានមួយទៀតគឺជាឱកាសប្រចាំសប្ដាហ៍ដែលយើងគ្រប់គ្នាត្រូវតែធ្វើឲ្យជីវភាពខាងវិញ្ញាណរបស់យើងមានភាពស្រស់បស់ ដោយទទួលទានសាក្រាម៉ង់ ដើម្បីរំឭកចាំចំពោះដង្វាយធួន និងសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះដែលព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទមានចំពោះយើង ។
បងប្អូនប្រុសស្រី ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យឈប់មួយភ្លែត ហើយគិតពីស្ថានភាពរបស់បងប្អូននៅពេលនេះ ដើម្បីយកឈ្នះនិស្ស័យខាងសាច់ឈាមរបស់បងប្អូន ហើយលើកកម្ពស់ដល់និស្ស័យជាព្រះខាងវិញ្ញាណដ៏ទេវភាពរបស់បងប្អូន ដើម្បីពេលនោះមកដល់ អ្នកអាចឆ្លងចូលទៅក្នុងពិភពវិញ្ញាណទៅកាន់ការរួបរួមពេញដោយអំណរមួយជាមួយនឹងមនុស្សជាទីស្រឡាញ់របស់បងប្អូន—ជាអ្វីដែលខ្ញុំសូមថ្លែងទីបន្ទាល់ ហើយអធិស្ឋានដោយរាបសា នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕