សារលិខិត អត្ថន័យ និងហ្វូងមនុស្ស
តាមរយៈសំឡេងឮខ្លាំង និងការរំខានដ៏ឥតឈប់ឈរនៅជំនាន់យើង សូមឲ្យយើងខិតខំមើលទៅព្រះគ្រីស្ទជាស្នូលនៃជីវិត សេចក្ដីជំនឿ និងការបម្រើរបស់យើង ។
បងប្អូនប្រុសស្រី នេះគឺ សេមមី ហូ ជីង អាយុប្រាំពីរខែ កំពុងមើលសន្និសីទទូទៅក្នុងផ្ទះគាត់កាលពីខែមេសា ។
កាលដល់ពេលគាំទ្រប្រធាន រ័សុល អិម ណិលសុន និងអ្នកមានសិទ្ធិអំណាចទូទៅផ្សេងទៀត ដៃរបស់សេមីរវល់កាន់ដបទឹកដោះគោជាប់ ។ ដូច្នេះ គាត់ធ្វើរឿងដែលល្អបំផុតមួយ ។
សេមមីផ្ដល់អត្ថន័យថ្មីទាំងស្រុងនៃការគាំទ្រដោយលើកជើងរបស់ខ្លួន ។
សូមស្វាគមន៍មកកាន់សន្និសីទពាក់កណ្ដាលឆ្នាំនេះ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីយល់ពីការពិភាក្សារបស់ខ្ញុំអំពីអត្ថន័យនៃការប្រជុំគ្នាពីរដងក្នុងមួយឆ្នាំនេះ ខ្ញុំសូមបង្កើតទិដ្ឋភាពនេះ ពីដំណើររឿងគម្ពីរលូកានៃព្រះគម្ពីរសញ្ញាថ្មី ៖
« កាល [ ព្រះយេស៊ូវ ] ជិតដល់ក្រុងយេរីខូរហើយ នោះមានមនុស្សខ្វាក់ម្នាក់អង្គុយសូមទាននៅមាត់ផ្លូវ
… ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា តើមានការអ្វី ។
… គេប្រាប់គាត់ថា គឺព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ទ្រង់យាងមក ។
រួចគាត់ស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង » ។
ដោយភ្ញាក់ផ្អើលនឹងភាពក្លាហានរបស់គាត់ ហ្វូងមនុស្សខំប្រាប់គាត់ឲ្យនៅស្ងៀម ប៉ុន្ដែវាចែងថា « គាត់ស្រែករឹតតែខ្លាំងឡើង » ។ ជាលទ្ធផលនៃការតស៊ូរបស់គាត់ គេបាននាំគាត់ទៅព្រះយេស៊ូវ ដែលបានឮការអង្វរពេញដោយក្ដីជំនឿរបស់គាត់ សូមឲ្យជួយព្យាបាលភ្នែកគាត់ឲ្យភ្លឺ ។
ខ្ញុំទទួលការបំផុសគំនិតយ៉ាងជាក់ច្បាស់ រាល់ពេលខ្ញុំអានបទពិសោធន៍ដ៏ខ្លីជាក់ច្បាស់នេះ ។ យើងអាចដឹងពីទុក្ខព្រួយរបស់បុរសនេះ ។ យើងស្ទើរតែអាចឮគាត់ស្រែករកព្រះអង្គសង្គ្រោះ ។ យើងញញឹម ពេលគាត់មិនព្រមនៅស្ងៀម—ជាការប្ដេជ្ញាចិត្តរបស់គាត់ដើម្បីស្រែកកាន់តែខ្លាំងឡើងពេលគ្រប់គ្នាប្រាប់គាត់ឲ្យនៅស្ងៀម ។ វាគឺជាដំណើររឿងដ៏ល្អអំពីសេចក្ដីជំនឿដ៏មុតមាំខ្លាំងមួយ ។ ប៉ុន្ដែដូចមានក្នុងគម្ពីរទាំងអស់ដែរ កាលណាយើងអានកាន់តែច្រើន យើងយល់ពីវាកាន់តែច្បាស់ ។
ខ្ញុំគិតពីគំនិតមួយយ៉ាងខ្លាំងថ្មីៗនេះ គឺញាណដឹងដ៏ល្អរបស់បុរសនេះ ដែលមានមនុស្សជុំវិញខ្លួនគាត់ងាយដឹងរឿងខាងវិញ្ញាណ ។ សារសំខាន់នៃដំណើររឿងនេះទាំងស្រុងអាស្រ័យលើបុរស និងស្ដ្រីអនាមិកមួយចំនួន ដែលមើលឃើញ អាចស្គាល់ព្រះគ្រីស្ទ ថាជាមូលហេតុនៃសំឡេងស្រែកនេះ កាលមនុស្សក្បែរគ្នាគាត់សួរថា « តើមានការអ្វី ? » ព្រោះទ្រង់គឺជា « អង្គនៃការណ៍នោះ » ។ យើងម្នាក់ៗអាចរៀនមេរៀនមួយនៅក្នុងការសន្ទនាដ៏ខ្លីនេះ ។ ទាក់ទងនឹងសេចក្ដីជំនឿ និងការប្រែចិត្តជឿ វាជួយតម្រង់សំណួររបស់បងប្អូនទៅសួរអ្នកដែលមានសេចក្ដីជំនឿ និងការប្រែចិត្តខ្លះរួចហើយ ! ព្រះយេស៊ូវធ្លាប់សួរថា « តើមនុស្សខ្វាក់អាចនឹងដឹកមនុស្សខ្វាក់បានឬទេ ? [ បើបាន ] តើមិនធ្លាក់ទៅក្នុងរណ្តៅទាំង២នាក់ទេឬអី ? »
គោលបំណងនៃការចូលរួមក្នុងសន្និសីទទាំងនេះគឺដើម្បីបង្កើនសេចក្ដីជំនឿ និងការប្រែចិត្តជឿរបស់មនុស្សគ្រប់គ្នា និងតាមរយៈការចូលរួមជាមួយយើងថ្ងៃនេះ បងប្អូននឹងដឹងថា ការស្វែងរកនេះជាកិច្ចខំប្រឹងទូលំទូលាយមួយរួមគ្នា ។ សូមមើលជុំវិញខ្លួនបងប្អូន ។ នៅទីនេះ បងប្អូនឃើញក្រុមគ្រួសារគ្រប់បែបមកពីគ្រប់ទិសទី ។ មិត្តចាស់ជួបគ្នា ឱបគ្នាដោយរីករាយ ក្រុមចម្រៀងដ៏អស្ចារ្យត្រៀមខ្លួនច្រៀង ហើយអ្នកប្រឆាំងស្រែកនៅខាងក្រៅ ។ អ្នកផ្សព្វផ្សាយសាសនាពីមុនរកមើលដៃគូផ្សព្វផ្សាយចាស់ ខណៈអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាថ្មីៗរកមើលដៃគូថ្មីស្រឡាង ( បងប្អូនដឹងថាខ្ញុំចង់និយាយពីអ្វីហើយ ! ) ។ ចុះបានថតរូបទេ ? ឱ ច្រើនណាស់លោកអើយ ! ដោយមានទូរសព្ទគ្រប់ដៃ យើងបានផ្លាស់ប្ដូរពី « សមាជិកគ្រប់គ្នាជាអ្នកផ្សព្វផ្សាយសាសនា » ទៅជា « សមាជិកគ្រប់គ្នាជាអ្នកថតរូប » ។ ក្នុងការភ្ញាក់ផ្អើលដ៏រីករាយទាំងអស់នេះ គេអាចសួរដោះសារបានថា « តើមានការអ្វី ? »
ដូចក្នុងរឿងព្រះគម្ពីរសញ្ញាថ្មីយើងដែរ អ្នកដែលមានពរឲ្យយល់ច្បាស់នឹងដឹងថា ថ្វីបើប្រពៃណីនៃសន្និសីទនេះមានអ្វីផ្សេងទៀតផ្ដល់ឲ្យយើងក្តី ក៏វានឹងមានន័យតិចតួច ឬគ្មានសោះឡើយ បើយើងមិនផ្ដោតលើព្រះយេស៊ូវទេនោះ ។ ដើម្បីយល់ពីអ្វីដែលយើងកំពុងរក ទទួលបានការព្យាបាលដែលទ្រង់សន្យា យល់ពីសារសំខាន់ដែលយើងដឹងថាមាននៅទីនេះ នោះយើងត្រូវកាត់បន្ថយការរំជើបរំជួលយើង—ទោះបីវារីករាយក្ដី—ហើយផ្ដោតការយកចិត្តទុកដាក់យើងលើទ្រង់ ។ ការអធិស្ឋានរបស់អ្នកឡើងនិយាយគ្រប់រូប ក្ដីសង្ឃឹមរបស់អ្នកច្រៀងទាំងអស់ គាវរភាពរបស់ភ្ញៀវគ្រប់គ្នា—អ្វីទាំងអស់ធ្វើឡើងដើម្បីយាងវិញ្ញាណរបស់ទ្រង់ ដែលជាប្រធាននៃសាសនាចក្រនេះ—គឺព្រះគ្រីស្ទដ៏មានព្រះជន្មរស់ កូនចៀមនៃព្រះ ម្ចាស់នៃមេត្រីភាព ។
ប៉ុន្តែយើងមិនចាំបាច់នៅក្នុងមជ្ឈមណ្ឌលសន្និសីទដើម្បីរកឃើញទ្រង់ទេ ។ ពេលកុមារម្នាក់អានព្រះគម្ពីរមរមនជាលើកដំបូង ហើយពេញចិត្តនឹងភាពក្លាហានរបស់អ័ប៊ីណាដៃ ឬចម្បាំងរបស់កងពលកំលោះពីរពាន់នាក់ នោះយើងអាចបន្ថែមដោយទន់ភ្លន់ថា ព្រះយេស៊ូវជាអង្គដ៏សំខាន់ មានគ្រប់កន្លែងក្នុងកំណត់ត្រាដ៏អស្ចារ្យនេះ ព្រោះទ្រង់ជាឥទ្ធិពល និងការបំផុសគំនិតលើគ្រប់ទំព័រនៃគម្ពីរទាំងនេះ ហើយផ្ដល់តំណភ្ជាប់តួអង្គដែលមានក្ដីជំនឿផ្សេងទៀតទាំងអស់ក្នុងគម្ពីរនោះ ។
ដូចគ្នាដែរ កាលមិត្តម្នាក់រៀនអំពីសេចក្ដីជំនឿយើង គាត់អាចសន្ធប់នឹងចំណុចពិសេសខ្លះ និងពាក្យចម្លែកក្នុងការអនុវត្តសាសនារបស់យើងបន្ដិច—ការដាក់កំហិតរបបអាហារ គ្រឿងផ្គត់ផ្គង់ភាពខ្លួនទីពឹងខ្លួន ការធ្វើដំណើររបស់អ្នកត្រួសត្រាយផ្លូវ មែកធាងគ្រួសារឌីជីថល ជាមួយនឹងមណ្ឌលស្ដេកដ៏ច្រើន ដែលមនុស្សចំនួនយល់ច្រឡំថាជាកន្លែងអាំងសាច់គោស្ដេកទៅវិញ ។ ដូច្នេះ កាលមិត្តថ្មីយើងមើលឃើញ និងស្ដាប់ឮអ្វីជាច្រើនដែលថ្មីចំពោះគេ យើងត្រូវជួយគេឲ្យបង្វែរចិត្តចេញពីភាពប្រញាប់ប្រញាល់ និងភាពច្របូកច្របល់ ដោយផ្តោតអារម្មណ៍ទៅលើអត្ថន័យ និងភាពរស់រវើកនៃដំណឹងល្អដ៏អស់កល្ប—ជាក្ដីស្រឡាញ់របស់ព្រះវរបិតាមាតាសួគ៌ា អំណោយដ៏ធួនរបស់ព្រះរាជបុត្រាសួគ៌ ការដឹកនាំដ៏លួងលោមពីព្រះវិញ្ញាណបរិសុទ្ធ ការស្ដារសេចក្ដីពិតទាំងអស់នេះ និងច្រើនទៀតឡើងវិញនៅថ្ងៃចុងក្រោយ ។
ពេលមនុស្សម្នាក់ទៅព្រះវិហារបរិសុទ្ធជាលើកដំបូង គាត់អាចភាំងនឹងបទពិសោធន៍នោះ ។ កិច្ចការរបស់យើងគឺដើម្បីធានាថា និមិត្តសញ្ញាដ៏ពិសិដ្ឋ និងពិធីដែលបើកសម្ដែង សំលៀកបំពាក់ពិធី និងបទបង្ហាញនានា មិនរំខានគេ ប៉ុន្ដែវាផ្ដោតទៅលើព្រះអង្គសង្គ្រោះ ដែលយើងទៅថ្វាយបង្គំនោះ ។ ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ទ្រង់ ហើយទ្រង់គួរជាអង្គដ៏សំខាន់បំផុតក្នុងចិត្តគំនិតយើង—គោលលទ្ធិដ៏រុងរឿងរបស់ព្រះគ្រីស្ទបំពេញខ្លួនយើង ដូចជាវាបំពេញក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដែរ—ពីពេលដែលយើងអានអក្សរនៅខាងមុខទ្វារ ទៅដល់គ្រាចុងក្រោយបំផុតដែលយើងចំណាយក្នុងអគារនោះ ។ ក្នុងចំណោមការណ៍អស្ចារ្យទាំងអស់ ដែលយើងជួប អ្វីដែលសំខាន់បំផុតគឺ យើងត្រូវមើលឃើញពីអត្ថន័យនៃព្រះយេស៊ូវក្នុងព្រះវិហារបរិសុទ្ធ ។
សូមគិតពីគំនិតផ្ដួចផ្ដើមដ៏មុតមាំជាច្រើន និងការប្រកាសថ្មីៗក្នុងសាសនាចក្រប៉ុន្មានខែមុននេះ ។ កាលយើងបម្រើគ្នាទៅវិញទៅមក ឬដុសខាត់បទពិសោធន៍ថ្ងៃឈប់សម្រាករបស់យើង ឬធ្វើតាមកម្មវិធីថ្មីសម្រាប់កុមារ និងយុវវ័យ យើងអាចភ្លេចពីមូលហេតុពិតប្រាកដនៃការកែសម្រួលប្រកបដោយវិវរណៈទាំងនេះ បើយើងគិតថា វាជាធាតុដាច់ដោយឡែកមិនទាក់ទងគ្នា ជាជាងគិតថា ជាកិច្ចខិតខំទាក់ទងគ្នាមួយ ដែលជួយយើងឲ្យសង់លើថ្មដាដ៏រឹងមាំនៃសេចក្តីសង្គ្រោះរបស់យើងនោះ ។ ពិតប្រាកដហើយ នេះជាអ្វីដែលប្រធាន រ័សុល អិម ណិលសុន ប៉ុនប៉ងឲ្យយើងប្រើឈ្មោះសាសនាចក្រដែលបានបើកសម្ដែង ។ បើព្រះយេស៊ូវ—ព្រះនាមរបស់ទ្រង់ គោលលទ្ធិទ្រង់ គំរូទ្រង់ ទេវភាពទ្រង់—អាចជាអង្គដ៏សំខាន់នៃការថ្វាយបង្គំរបស់យើង នោះយើងនឹងពង្រឹងសេចក្ដីពិតដ៏អស្ចារ្យ ដែលអាលម៉ាធ្លាប់បានបង្រៀន ៖ « នឹងមានការណ៍ជាច្រើនកើតឡើងក្នុងពេលអនាគត [ ប៉ុន្ដែ ] មើលចុះ មានរឿងមួយដែលសំខាន់ជាងរឿងទាំងអស់— … ព្រះដ៏ប្រោសលោះ [ ដែល ] មានព្រះជន្មរស់នៅ ហើយនឹងយាងមកក្នុងចំណោមរាស្ត្រទ្រង់។ » ។
មានគំនិតសន្និដ្ឋានមួយថា បរិយាកាសដ៏ស្រួចស្រាលនាសតវត្សរ៍ទី ១៩ របស់យ៉ូសែប ស្ម៊ីធ គឺពេញដោយមនុស្សខ្នះខ្នែងខ្លាំង ប្រជែងគ្នាធ្វើជាសាក្សីគ្រីស្ទាន ។ ប៉ុន្ដែក្នុងការជ្រួលច្របល់ដែលពួកគេបង្កើត គូប្រជែងដ៏រំភើបទាំងនេះតាមពិតទៅធ្វើឲ្យយ៉ូសែបដ៏ក្មេងវ័យ ពិបាកស្វែងយល់ពីព្រះអង្គសង្គ្រោះទៅវិញទេ ។ ដោយប្រយុទ្ធនឹងអ្វីដែលលោកហៅថា « សេចក្ដីងងឹតងងល់ »លោកបានដកថយទៅឯកជនភាពក្នុងព្រៃជ្រៅ ជាទីដែលលោកបានឃើញ និងឮសាក្សីដ៏រុងរឿងអំពីសារសំខាន់នៃព្រះអង្គសង្គ្រោះក្នុងដំណឹងល្អ ជាងអ្វីៗដែលយើងបានលើកឡើងនៅទីនេះ ។ ដោយមានអំណោយទាននៃការយល់ដឹងដែលនឹកស្មានមិនដល់ យ៉ូសែបបានឃើញព្រះវរបិតាសួគ៌របស់គាត់ ជាព្រះដ៏មហិមានៃសកលលោក និងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាបង្កើតដ៏ឥតខ្ចោះរបស់ទ្រង់ក្នុងការនិមិត្ត ។ រួចហើយព្រះវរបិតាធ្វើជាគំរូ ដែលយើងបានពិភាក្សានាព្រឹកនេះ ៖ ទ្រង់ចង្អុលទៅព្រះយេស៊ូវ ហើយមានបន្ទូលថា « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! » គ្មានសម្ដីអស្ចារ្យណាអំពីអត្តសញ្ញាណជាព្រះរបស់ព្រះយេស៊ូវ សារសំខាន់ដ៏ខ្លាំងបំផុតរបស់ទ្រង់ក្នុងផែនការនៃសេចក្ដីសង្គ្រោះ និងព្រះទ័យរបស់ព្រះចំពោះលោក អាចយកឈ្នះលើការប្រកាសប៉ុន្មានម៉ាត់ដ៏ខ្លីនេះឡើយ ។
តើមានការភ្ញាក់ផ្អើល និងការភាន់ច្រឡំទេ ? ហ្វូងមនុស្ស និងការទាស់ទែង ? អ្វីទាំងអស់នេះមានច្រើនណាស់ក្នុងពិភពលោកយើង ។ តាមពិតទៅ អ្នកសង្ស័យ និងអ្នកជឿនៅតែទាស់គ្នាអំពីការនិមិត្តនេះ និងអ្វីទាំងអស់ទៀតដែលខ្ញុំបានលើកឡើងនៅថ្ងៃនេះ ។ ក្នុងករណីបងប្អូនកំពុងព្យាយាមមើលឲ្យកាន់តែច្បាស់ ហើយរកមើលអត្ថន័យក្នុងចំណោមគំនិតដ៏ច្រើន ខ្ញុំសូមឲ្យបងប្អូនរកចម្លើយពីព្រះយេស៊ូវដដែលនោះ ហើយថ្លែងទីបន្ទាល់ជាសាក្សីនៃបទពិសោនធ៍របស់យ៉ូសែប ស្ម៊ីធ ដែលកើតមានកាលពីជាង ១,៨០០ ឆ្នាំក្រោយពីបុរសខ្វាក់នោះបានភ្លឺភ្នែកនៅតាមផ្លូវក្រុងយេរីខូរពីបុរាណនោះ ។ ខ្ញុំថ្លែងទីបន្ទាល់អំពីបុរសទាំងពីររូបនេះ និងបុគ្គលជាច្រើនទៀតពីមុន ដែលពិតជាបានយល់ និងស្ដាប់ឮពីរឿងដ៏រំភើបអំពីព្រះយេស៊ូវក្នុងជីវិតលោក ដែលមិនគ្រាន់តែយាងមកទេប៉ុន្ដែទ្រង់យាងមកឯយើង ឈប់មើលយើង ហើយតាំងទីលំនៅទ្រង់ជាមួយយើង ។
បងប្អូនប្រុសស្រី តាមរយៈសំឡេងឮខ្លាំង និងការរំខានដ៏ឥតឈប់ឈរនៅជំនាន់យើង សូមឲ្យយើងខិតខំមើលទៅព្រះគ្រីស្ទជាស្នូលនៃជីវិត សេចក្ដីជំនឿ និងការបម្រើរបស់យើង ។ នោះជាទីដែលអត្ថន័យពិតស្ថិតនៅ ។ ហើយបើថ្ងៃណាមួយ ការនិមិត្តយើងមានកម្រិត ឬទំនុកចិត្តយើងចុះអន់ថយ ឬជំនឿយើងត្រូវបានសាកល្បង និងដុសខាត់—ហើយវានឹងកើតយ៉ាងប្រាដក—សូមឲ្យយើងស្រែកកាន់តែខ្លាំងថា « ឱព្រះយេស៊ូវ ជាព្រះវង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង » ។ ខ្ញុំសន្យាដោយក្ដីរំភើបនៃសាវក និងការប្រែចិត្តជឿនៃព្យាការីថា ទ្រង់នឹងឮបងប្អូន ហើយនឹងមានបន្ទូលមិនយូរមិនឆាប់ថា « ឲ្យភ្លឺចុះ សេចក្តីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ » ។ សូមស្វាគមន៍មកកាន់សន្និសីទទូទៅ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។