ពួកសិស្សពិតរបស់ព្រះអង្គសង្គ្រោះ
យើងអាចមានអារម្មណ៍អំណរយូរអង្វែងនៅពេលព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់សំខាន់នៅក្នុងការស្ថាបនាជីវិតរបស់យើងនោះ ។
មានអ្វីមួយលាក់នៅក្នុងគម្ពីរសញ្ញាចាស់ក្នុងគម្ពីរ ហាកា គឺជាការពិពណ៌នាអំពីក្រុមមនុស្សមួយក្រុមដែលគួរតែបានប្រើការប្រឹក្សារបស់អែលឌើរ ហូឡិន ។ ពួកគេមានកំហុសដោយពុំដាក់ព្រះគ្រីស្ទសំខាន់នៅក្នុងជីវិត និងការបម្រើរបស់ពួកគេ ។ ហាកា បានគូររូបភាពនៃពាក្យដ៏បំផុសគំនិតមួយចំនួនដែលព្រះអម្ចាស់វាយផ្ចាលមនុស្សទាំងនេះដែលនៅផ្ទះយ៉ាងសុខស្រួលជាជាងទៅអគារព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ ៖
« កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ
« ឥឡូវព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ ។
« ឯងរាល់គ្នា បានព្រោះពូជជាច្រើន តែច្រូតបានតិចទេ ក៏បានស៊ីតែមិនចេះឆ្អែត ហើយបានផឹកតែមិនបានស្កប់ស្កល់ ព្រមទាំងស្លៀកពាក់តែមិនបានកក់ក្តៅឡើយ ឯអ្នកណាដែលស៊ីឈ្នួល នោះទទួលឈ្នួលឲ្យតែដាក់ថង់ធ្លុះទេ។
« ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ » ។
តើអ្នកមិនស្រឡាញ់ការពិពណ៌នាទាំងនេះអំពីអាទិភាពដែលពុំមានតម្លៃលើសការណ៍ទាំងឡាយរបស់ព្រះទេឬអី ?
នៅក្នុងការប្រជុំថ្មីៗមួយ ដែលខ្ញុំបានចូលរួម មានអ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនាម្នាក់បានដកស្រង់ពាក្យឪពុកដោយបានសង្ខេបយ៉ាងល្អឥតខ្ចោះនៅពេលគាត់និយាយទៅកូនៗគាត់ថា « អ្វីដែលយើងត្រូវការនៅទីនេះ គឺកាត់បន្ថយ វ៉ាយហ្វាយ ហើយបង្កើននីហ្វៃ! »
ពេលរស់នៅក្នុងអាហ្វ្រិកខាងលិចអស់រយៈពេលប្រាំឆ្នាំ ខ្ញុំបានមើលឃើញគំរូរបស់មនុស្សជាច្រើនដែលបានដាក់ដំណឹងល្អជាអទិភាពដោយឯកឯង ហើយគ្មានការខ្មាសអៀនទេ ។ គំរូដូច្នេះគឺជាឈ្មោះនៃហាងជួសជុលកង់ឡានមួយនៅហ្គាណា ។ ម្ចាស់ហាងបានដាក់ឈ្មោះវាថា « ស្របតាមឆន្ទៈទ្រង់ » ។
យើងអាចមានអារម្មណ៍អំណរយូរអង្វែង នៅពេលព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់សំខាន់នៅក្នុងការស្ថាបនាជីវិតរបស់យើងនោះ ។ ទោះជាយ៉ាងណា វាងាយស្រួលណាស់ថាសារៈសំខាន់នោះប្រែទៅជារឿងខាងលោកិយផ្ទុយទៅវិញ ហើយដំណឹងល្អប្រែទៅជាជម្រើស ឬគ្រាន់តែទៅព្រះវិហារតែពីរម៉ោងនៅថ្ងៃអាទិត្យទៅបានហើយ ។ នៅពេលករណីនេះកើតឡើង វាគឺដូចជាការដាក់ប្រាក់ឈ្នួលរបស់យើងទៅក្នុង « ថង់ធ្លុះគូទ » ដូច្នោះដែរ ។
ហាហ្គៃ កំពុងប្រាប់យើងឲ្យតាំងចិត្តប្រែក្លាយជាមនុស្ស « ស្មោះត្រង់ » ក្នុងការរស់នៅតាមដំណឹងល្អ ដូចជាយើងនិយាយនៅប្រទេសអូស្ត្រាលី ។ មនុស្សគឺស្មោះត្រង់ ធ្វើនូវអ្វីដែលពួកគេបាននិយាយថាធ្វើ ។
ខ្ញុំបានដឹងបន្ដិចបន្ដួចអំពីការរស់នៅធ្វើជាមនុស្សស្មោះត្រង់ និងការតាំងចិត្ត តាមរយៈការលេង រីគប៊ី ។ ខ្ញុំបានដឹងថា នៅពេលខ្ញុំប្រឹងលេង ពេលខ្ញុំបញ្ចេញអស់ពីសមត្ថភាព នោះខ្ញុំមានភាពអស្ចារ្យបំផុតក្នុងការលេងល្បែងនេះ ។
ខ្ញុំចូលចិត្តនៅក្នុងការលេងកីឡារីគប៊ី នៅឆ្នាំបន្ទាប់ពីវិទ្យាល័យ ។ ក្រុមមួយដែលខ្ញុំលេងឲ្យ គឺមានទាំងទេពកោសល្យ និងការតាំងចិត្ត ។ យើងគឺជាក្រុមទទួលជ័យលាភីនៅឆ្នាំនោះ ។ ទោះជាយ៉ាងណា ថ្ងៃមួយយើងត្រូវលេងនឹងក្រុមដែលមិនសូវខ្លាំង ហើយបន្ទាប់ពីល្បែងនោះ យើងទាំងអស់គ្នាមានមិត្តស្រីដែលត្រូវនាំទៅក្នុងការរាំដ៏ធំប្រចាំឆ្នាំនៅសាលារៀន ។ ខ្ញុំបានគិតថា ដោយសារតែល្បែងលើកនេះងាយស្រួល ខ្ញុំគួរតែព្យាយាមការពារខ្លួនខ្ញុំពីគ្រោះថ្នាក់ ដូច្នេះខ្ញុំនឹងអាចរីករាយនៅក្នុងការរាំនោះបានពេញលេញ ។ នៅក្នុងល្បែងនោះ យើងពុំបានតាំងចិត្តខ្លាំងដូចដែលយើងធ្លាប់ធ្វើទេ យើងបានចាញ់ ។ រឿងកាន់តែអាក្រក់នោះ ទីបំផុតខ្ញុំបានហើមមុខហើមមាត់ ដែលពុំអាចទៅកម្មវិធីដ៏ធំរបស់ខ្ញុំបានទេ ។ ប្រហែលជា ខ្ញុំត្រូវរៀនអ្វីមួយហើយ ។
ជាបទពិសោធន៍ខុសគ្នាដាច់ដែលបានកើតឡើងក្នុងល្បែងលើកក្រោយនេះ ។ ដល់ចំណុចមួយ ខ្ញុំបានប្រឹងរត់ហើយបានបុកដៃគូម្នាក់ រំពេចនោះខ្ញុំមានអារម្មណ៍ថាមុខខ្ញុំឈឺ ។ ឪពុកខ្ញុំបានបង្រៀនថា ខ្ញុំមិនគួរឲ្យដៃគូដឹងថាខ្ញុំឈឺទេ ដូច្នេះខ្ញុំបន្ដលេងតទៅទៀត ។ យប់នោះ ពេលដែលខ្ញុំព្យាយាមញ៉ាំអាហារ ខ្ញុំពុំអាចទំពារបានទេ ។ ព្រឹកឡើង ខ្ញុំបានទៅមន្ទីរពេទ្យ ថតកាំរស្មី ឃើញថាបាក់ថ្គាម ។ មាត់របស់ខ្ញុំត្រូវស្រោបដែករយៈពេលប្រាំមួយសប្ដាហ៍ ។
មេរៀនត្រូវបានរៀនមកពីរឿងប្រៀបធៀបនេះគឺ បបូរមាត់ហើម និងបាក់ថ្គាម ។ ក្រៅពីការចងចាំអំពីការចង់ញ៉ាំអាហារអំឡុងពេលប្រាំមួយសប្ដាហ៍នោះ ដែលខ្ញុំអាចផឹកបានតែទឹក ខ្ញុំពុំមានអារម្មណ៍សោកស្ដាយអំពីថ្គាមបាក់ទេ ពីព្រោះវាជាលទ្ធផលមកពីការខិតខំរបស់ខ្ញុំ ។ ប៉ុន្តែខ្ញុំសោកស្ដាយអំពីមាត់ហើម ដោយសារតែវាជាសញ្ញាអំពីការធ្វេសប្រហែលរបស់ខ្ញុំ ។
ការខំអស់ពីសមត្ថភាពពុំមានន័យថា យើងនឹងបន្ដស្រោបនៅក្នុងពរជ័យ ឬតែងតែជោគជ័យនោះទេ ។ ប៉ុន្តែវាមានន័យថា យើងនឹងមានអំណរ ។ អំណរពុំបណ្ដេញក្ដីសប្បាយ ឬជាសុភមង្គលបណ្ដោះអាសន្ននោះទេ ។ អំណរ គឺជាការស៊ូទ្រាំ ហើយវាមាននៅក្នុងការខិតខំរបស់យើងដើម្បីព្រះអម្ចាស់ទទួលយក ។
គំរូនៃការទទួលយកដូចនេះ គឺជារឿងរបស់អូលីវើរ គ្រែនជើរ ។ ដូចប្រធាន ប៊យ ខេ. ផាកគឺបានថ្លែងថា ៖ « នៅពេលពួកបរិសុទ្ធត្រូវបានគេបណ្ដេញចេញពីខឺតឡង់ … អូលីវើរ ត្រូវបានគេទុកឲ្យនៅលក់ទ្រព្យសម្បត្តិរបស់ពួកគេក្នុងតម្លៃតិចតួចមួយ ។ ឱកាសជោគជ័យរបស់គាត់ពុំមានច្រើនទេ ។ ហើយពិតណាស់ គាត់ពុំបានជោគជ័យទេ ! » គាត់ត្រូវបានបង្គាប់ដោយគណៈប្រធានទីមួយឲ្យទៅធ្វើកិច្ចការដែលពិបាក តែអាចធ្វើបាន ។ ប៉ុន្តែព្រះអម្ចាស់បានសរសើរលោកចំពោះការខិតខំ ទោះបីជាបរាជ័យក្តី ថា ៖
« យើងនឹកចាំដល់ អូលីវើរ គ្រែនជើរ ជាអ្នកបម្រើរបស់យើង មើលចុះ យើងប្រាប់គាត់ជាប្រាកដថា ឈ្មោះគាត់នឹងត្រូវបានរំឭកថាពិសិដ្ឋពីតំណមួយទៅតំណមួយទៀត ជារៀងដរាបរហូតតទៅ ព្រះអម្ចាស់មានព្រះបន្ទូលថាដូច្នោះ។
« ហេតុដូច្នេះហើយ ចូរឲ្យគាត់ឧស្សាហ៍ធ្វើការ ដើម្បីសេចក្ដីប្រោសលោះនៃគណៈប្រធានទីមួយក្នុងសាសនាចក្ររបស់យើងចុះ … ហើយកាលណាគាត់ដួល នោះគាត់នឹងក្រោកឡើងវិញ ត្បិតការបូជារបស់គាត់នឹងបានរាប់ថាពិសិដ្ឋដល់យើង ជាងការដំឡើងរបស់គាត់ទៅទៀត ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ » ។
រឿងនោះអាចជាការពិតសម្រាប់យើងទាំងអស់គ្នា — វាពុំមែនជាជោគជ័យរបស់យើង ប៉ុន្តែជាការលះបង់ និងការខិតខំរបស់យើង ហើយរឿងនោះសំខាន់ចំពោះព្រះអម្ចាស់ ។
គំរូមួយទៀតរបស់សិស្សពិតម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ គឺមិត្តជាទីស្រឡាញ់របស់យើងម្នាក់នៅ កូតឌីវ័រ នៅអាហ្វ្រិកខាងលិច ។ បងស្រីដ៏ស្មោះត្រង់អស្ចារ្យរូបនេះ បានរងទុក្ខខាងសតិអារម្មណ៍ដ៏ឈឺផ្សារ ហើយរាងកាយរបស់គាត់ក៏ត្រូវវាយដំជាំដោយស្វាមីរបស់គាត់មួយរយៈកាល ហើយទីបំផុតពួកគេបានលែងលះគ្នា ។ គាត់ពុំដែលងាករេនៅក្នុងសេចក្ដីជំនឿ និងសេចក្ដីល្អរបស់គាត់ឡើយ ប៉ុន្តែដោយសារតែភាពឃោរឃៅរបស់ប្ដីចំពោះគាត់ គាត់បានឈឺចាប់យ៉ាងខ្លាំងអស់រយៈពេលជាយូរ ។ សម្ដីរបស់គាត់ បានពិពណ៌នាអំពីអ្វីដែលបានកើតឡើង ៖
« ទោះជាខ្ញុំបាននិយាយថាខ្ញុំអភ័យទោសឲ្យគាត់ ខ្ញុំតែងតែដេកទាំងស្នាមរបួស ខ្ញុំបានចំណាយពេលក្នុងជីវិតខ្ញុំជាមួយនឹងស្នាមរបួសនោះ ។ វាដូចជាដុតបេះដូងខ្ញុំ ។ ខ្ញុំបានអធិស្ឋានជាច្រើនដងទៅដល់ព្រះអម្ចាស់ដើម្បីដកវាចេញពីខ្ញុំ ប៉ុន្តែវាឈឺចាប់ខ្លាំងណាស់ ដែលខ្ញុំបានជឿយ៉ាងខ្លាំងថា ខ្ញុំនឹងចំណាយពេលពេញមួយជីវិតរងការឈឺចាប់នោះ ។ វាឈឺចាប់ជាងដែលខ្ញុំបាត់បង់ម្ដាយខ្ញុំទាំងវ័យក្មេង វាឈឺចាប់ជាងនៅពេលខ្ញុំបាត់បង់ឪពុកខ្ញុំ និងកូនប្រុសខ្ញុំ ។ វាហាក់ដូចជាពង្រីក ហើយគ្របដណ្ដប់លើដួងចិត្តខ្ញុំ ដែលឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងស្លាប់បានគ្រប់ពេល ។
« ពេលខ្លះទៀតខ្ញុំបានសួរខ្លួនឯងថា តើព្រះអង្គសង្គ្រោះនឹងធ្វើយ៉ាងណានៅក្នុងស្ថានភាពខ្ញុំនេះ តែខ្ញុំនឹងនិយាយថា ‹ វាច្រើនពេកហើយព្រះអម្ចាស់ › ។
« បន្ទាប់មកនៅព្រឹកមួយខ្ញុំបានរកមើលការឈឺចាប់មកពីអ្វីៗទាំងអស់នេះនៅក្នុងដួងចិត្តខ្ញុំ ហើយមើលកាន់តែជ្រៅទៅៗដល់ព្រលឹងរបស់ខ្ញុំ ។ ខ្ញុំរកពុំឃើញវាទេ ។ គំនិតខ្ញុំចាប់ផ្ដើមរំឭកភ្លាមពីគ្រប់ហេតុផលដែលខ្ញុំ [ត្រូវ] ឈឺចាប់ ប៉ុន្តែខ្ញុំពុំដឹងពីការឈឺចាប់នោះ ។ ខ្ញុំបានរង់ចាំពេញមួយថ្ងៃដើម្បីមើលថាតើខ្ញុំនឹងមានអារម្មណ៍ឈឺចាប់ក្នុងដួងចិត្តទេ ខ្ញុំពុំមានអារម្មណ៍ទេ ។ បន្ទាប់មកខ្ញុំបានលុតជង្គង់ចុះ ថ្លែងអំណរគុណដល់ព្រះចំពោះការកើតមានពលិកម្មដង្វាយធួនរបស់ព្រះអម្ចាស់ដល់ខ្ញុំ » ។
បងស្រីរូបនេះ ឥឡូវបានផ្សារភ្ជាប់ដោយរីករាយនឹងបុរសល្អស្មោះត្រង់ម្នាក់ដែលស្រឡាញ់គាត់យ៉ាងខ្លាំង ។
ដូច្នេះតើយើងគួរមានអាកប្បកិរិយាយ៉ាងណា បើយើងជាសិស្សពិតរបស់ព្រះគ្រីស្ទ ? ហើយតើដំណឹងល្អមានតម្លៃយ៉ាងណាចំពោះយើង នៅពេលយើង « គិតអំពីរបៀប [របស់យើង] » ដូចហាហ្គៃបានផ្ដល់យោបល់នោះ ?
ខ្ញុំចូលចិត្តគំរូនៃអាកប្បកិរិយាត្រឹមត្រូវដូចដែលបិតាស្ដេចឡាម៉ូណៃបានបង្ហាញ ។ អ្នកនឹងចងចាំអំពីកំហឹងរបស់គាត់ពីដំបូង ពេលឃើញបុត្រារបស់ទ្រង់នៅជាមួយនឹងអាំម៉ូន ជាសាសន៍នីហ្វៃ— ជាសាសន៍ដែលពួកសាសន៍លេមិនស្អប់ ។ ទ្រង់បានដកដាវដើម្បីច្បាំងនឹងអាំម៉ូន តែរំពេចនោះដាវរបស់អាំម៉ូនផ្ជង់នៅបំពង់ករទ្រង់ ។ « ឥឡូវនេះ ដោយខ្លាចបាត់បង់ជីវិតរបស់ទ្រង់ នោះស្ដេចមានបន្ទូលថា ៖ បើសិនជាអ្នកលើកលែងជីវិតឲ្យយើង នោះយើងនឹងអនុញ្ញាតឲ្យអ្នកនូវអ្វីដែលអ្នកសូម សូម្បីតែពាក់កណ្ដាលនគររបស់យើងក៏បានដែរ » ។
សូមកត់ចំណាំពីការផ្ដល់ឲ្យរបស់ទ្រង់ —គឺឲ្យនគររបស់ទ្រង់ពាក់កណ្ដាលដើម្បីជីវិតរបស់ទ្រង់ ។
ប៉ុន្តែក្រោយមក បន្ទាប់ពីយល់ដំណឹងល្អ ទ្រង់បានផ្ដល់ឲ្យមួយទៀត ។ « នោះស្ដេចមានបន្ទូលថា ៖ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានជីវិតដ៏នៅអស់កល្បជានិច្ច ដែលអ្នកបាននិយាយមកនោះ? មែនហើយ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានកើតពីព្រះ ដោយដកយកវិញ្ញាណអាក្រក់នេះចេញពីទ្រូងយើង ហើយទទួលយកព្រះវិញ្ញាណរបស់ទ្រង់វិញ ដើម្បីឲ្យយើងអាចបានពោរពេញទៅដោយសេចក្ដីអំណរ ដើម្បីកុំឲ្យយើងត្រូវបោះបង់ចោលនៅថ្ងៃចុងក្រោយបង្អស់នោះ ? មើលចុះទ្រង់មានបន្ទូលថា ៖ យើងនឹងបោះបង់ចោលនូវអ្វីៗទាំងអស់ដែលយើងមាន មែនហើយ យើងនឹងទម្លាក់នគរយើង ដើម្បីឲ្យយើងអាចបានទទួលសេចក្ដីអំណរដ៏ធំនេះ » ។
គ្រានេះ ទ្រង់បានត្រៀមខ្លួនដើម្បីបោះបង់ចោលនគររបស់ទ្រង់ ទាំងអស់ ដោយសារដំណឹងល្អមានតម្លៃជាងអ្វីៗទាំងអស់ដែលទ្រង់មាន ! ទ្រង់ស្មោះត្រង់អំពីដំណឹងល្អ ។
ដូច្នេះ សំណួរសម្រាប់យើងម្នាក់ៗគឺ ៖ តើយើងស្មោះត្រង់នឹងដំណឹងល្អដែរឬទេ ? ដោយសារតែការមានចិត្តតែពាក់កណ្ដាល គឺពុំស្មោះត្រង់នោះទេ ! ហើយព្រះពុំសរសើរចំពោះអ្នកស្ទាក់ស្ទើរឡើយ ។
គ្មានទ្រព្យ ល្បែងកម្សាន្ដ ឋានៈ ប្រព័ន្ធផ្សព្វផ្សាយ វីដេអូហ្គេម កីឡា ភាពល្បីល្បាញ ឬអ្វីៗនៅលើផែនដី មានតម្លៃជាងជីវិតអស់កល្បនោះទេ ។ ដូច្នេះដំបូន្មានរបស់ព្រះអម្ចាស់ចំពោះមនុស្សគ្រប់រូបគឺ « ពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ » ។
អារម្មណ៍របស់ខ្ញុំគឺបង្ហាញយ៉ាងល្អនៅក្នុងពាក្យរបស់នីហ្វៃ ៖ « ខ្ញុំសរសើរតម្កើងនៅក្នុងសេចក្ដីច្បាស់លាស់ ខ្ញុំសរសើរតម្កើងនៅក្នុងសេចក្ដីពិត ខ្ញុំសរសើរតម្កើងនៅក្នុងព្រះយេស៊ូវរបស់ខ្ញុំ ព្រោះទ្រង់បានប្រោសលោះព្រលឹងខ្ញុំពីស្ថាននរក » ។
តើយើងជាអ្នកដើរតាមពិតរបស់ទ្រង់ដែលប្រទានអ្វីៗទាំងអស់មកឲ្យយើងឬទេ ? ទ្រង់ជាព្រះប្រោសលោះ និងជាអង្គគាំទ្ររបស់យើងជាមួយនឹងព្រះវរបិតាឬទេ ? ដែលទ្រង់ផ្ទាល់បានតាំងចិត្តទាំងស្រុងនៅក្នុងពេលធ្វើពលិកម្មធួនរបស់ទ្រង់ក្នុងពេលនោះ និងពេលឥឡូវដោយក្ដីស្រឡាញ់ ក្ដីមេត្តាករុណា និងព្រះរាជបំណងទ្រង់ចំពោះយើងដើម្បីមានអំណរអស់កល្បឬទេ ? ខ្ញុំសូមអង្វរមនុស្សទាំងអស់ដែលស្ដាប់ឮ ឬអានពាក្យទាំងនេះ៖ សូមអង្វរ សូមកុំទុកចោលការតាំងចិត្តទាំងស្រុងរបស់អ្នក ចាំធ្វើពេលក្រោយនោះឡើយ ។ សូមស្មោះត្រង់ ហើយទទួលអារម្មណ៍អំណរក្នុងពេលឥឡូវនេះ ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។