ស្ត្រីនៃសេចក្ដីសញ្ញារួបរួមជាមួយនឹងព្រះ
ការប្រែក្លាយជាស្ត្រីក្នុងសេចក្ដីសញ្ញាម្នាក់រួបរួមជាមួយនឹងព្រះ គឺជាបុត្រីដ៏អស្ចារ្យ និងល្អរបស់ព្រះដែលតែងតែបីបាច់ ដឹកនាំ និងផ្ដល់ការងារបម្រើ ។
ខ្ញុំមានអំណរគុណចំពោះពរជ័យនៃការថ្លែងទៅកាន់បងប្អូន ជាបុត្រីនៃសេចក្ដីសញ្ញារបស់ព្រះ ។ នារាត្រីនេះ គោលបំណងរបស់ខ្ញុំគឺដើម្បីលើកទឹកចិត្តបងប្អូននៅក្នុងការបម្រើដ៏ធំដែលបងប្អូនត្រូវបានហៅឲ្យធ្វើ ។ ពិតណាស់ បុត្រីរបស់ព្រះគ្រប់រូបបានទទួលការហៅមួយមកពីព្រះអម្ចាស់ ព្រះយេស៊ូវ គ្រីស្ទ ។
ការហៅរបស់បងប្អូនបានចាប់ផ្ដើម ពេលបងប្អូនបានកើតនៅក្នុងជីវិតរមែងស្លាប់ ក្នុងទីកន្លែងមួយ និងពេលវេលាមួយដែលបានជ្រើសរើសសម្រាប់បងប្អូនដោយ ព្រះដែលស្គាល់ ហើយស្រឡាញ់បងប្អូនយ៉ាងល្អឥតខ្ចោះ ក្នុងនាមជាបុត្រីរបស់ទ្រង់ ។ ក្នុងពិភពវិញ្ញាណ ទ្រង់បានស្គាល់បងប្អូន ហើយបានបង្រៀនបងប្អូន ហើយដាក់បងប្អូននៅកន្លែងដែលបងប្អូននឹងមានឱកាសត្រូវបានអញ្ជើញឲ្យចូលទៅក្នុងអាងជ្រមុជទឹកមួយ ដែលជាឱកាសដ៏កម្រនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកនេះ ។ នៅទីនោះ បងប្អូននឹងបានឮអ្នកបម្រើដែលបានហៅមួយរូបរបស់ព្រះយេស៊ូវគ្រីស្ទបានបន្លឺឡើងនូវពាក្យពេចន៍ទាំងនេះថា « ដោយបានទទួលការអនុញ្ញាតពីព្រះយេស៊ូវគ្រីស្ទ ខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ដោយនូវព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា និងនៃព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន » ។
ពេលបងប្អូនចេញពីទឹកនោះមក បងប្អូនបានទទួលយកការហៅឲ្យបម្រើមួយទៀត ។ ក្នុងនាមជាបុត្រីនៃសេចក្ដីសញ្ញាថ្មីរបស់ព្រះ បងប្អូនបានធ្វើការសន្យាមួយ ហើយបានទទួលកិច្ចការមួយនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបន្ទាប់មកបងប្អូនត្រូវបានបញ្ជាក់ជាសមាជិក ។ បងប្អូនបានចុះសេចក្ដីសញ្ញាជាមួយនឹងព្រះលើកដាក់មកលើខ្លួននូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ គោរពបទបញ្ញត្តិរបស់ទ្រង់ ហើយបម្រើទ្រង់ ។
សម្រាប់បុគ្គលម្នាក់ៗដែលចុះសេចក្ដីសញ្ញាទាំងនេះ ការបម្រើដែលព្រះអម្ចាស់ហៅគាត់ឲ្យធ្វើនឹងស័ក្ដិសមយ៉ាងល្អឥតខ្ចោះចំពោះបុគ្គលនោះ ។ ប៉ុន្តែ បុត្រី និងបុត្រានៃសេចក្ដីសញ្ញារបស់ព្រះ ចែកចាយនូវការហៅមួយដ៏សំខាន់ ហើយពេញដោយអំណរ ។ វាគឺជាការបម្រើមនុស្សដទៃជំនួសទ្រង់ ។
ដោយថ្លែងទៅកាន់បងប្អូនស្រី ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ការសង្ខេបដ៏មានខ្លឹមសារមួយអំពីការអំពាវនាវរបស់ព្រះអម្ចាស់ចំពោះបងប្អូនឲ្យចូលរួមនឹងទ្រង់ក្នុងកិច្ចការរបស់ទ្រង់។ ប្រធាន ណិលសុន បានពិពណ៌នាអំពីការហៅរបស់អ្នកតាមរបៀបនេះថា ៖ « ព្រះអម្ចាស់បានមានបន្ទូលថា ‹ កិច្ចការ និងសិរីល្អរបស់យើង គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស › ។( ម៉ូសេ ១:៣៩) ។ ដូច្នេះ បុត្រីដែលមានការលះបង់ខ្ពស់របស់ទ្រង់អាចនឹងថ្លែងឡើងថា ‹ កិច្ចការ និងសិរីល្អរបស់ខ្ញុំគឺដើម្បីជួយឲ្យមនុស្សជាទីស្រឡាញ់របស់ខ្ញុំឈានដល់គោលដៅសួគ៌ានោះ › ។
« ដើម្បីជួយមនុស្សម្នាក់ទៀតឲ្យឈានដល់សក្ដានុពលខាងសេឡេស្ទាលរបស់មនុស្សគឺជាផ្នែកនៃបេសកកម្មដ៏ទេវភាពរបស់ស្ត្រី ។ ក្នុងនាមជាម្ដាយ គ្រូបង្រៀន ឬពួកបរិសុទ្ធដែលចិញ្ចឹមបីបាច់ គាត់សូនដីឥដ្ឋដែលមានជីវិតនោះឲ្យចេញជារូបរាងតាមសេចក្ដីសង្ឃឹមរបស់គាត់ ។ ដោយរួបរួមជាមួយនឹងព្រះ បេសកកម្មដ៏ទេវភាពរបស់គាត់គឺដើម្បីជួយវិញ្ញាណឲ្យរស់ ហើយព្រលឹងត្រូវបានតម្កើងឡើង ។ នេះគឺជារង្វាស់នៃការបង្កបង្កើតរបស់គាត់ ។ វាមានភាពរុងរឿង ស្អាងឡើង ហើយតម្កើងឡើង » ។
អ្នកពុំអាចដឹងថា បេសកកម្មរបស់បងប្អូនផ្ទាល់នឹងផ្ដោតលើការបម្រើនៅក្នុងការហៅដូចជា ម្ដាយ ថ្នាក់ដឹកនាំ ឬបងប្អូនស្រីដែលផ្ដល់ការងារបម្រើនៅពេលណា ឬរយៈពេលប៉ុណ្ណានោះទេ ។ ដោយសារតែសេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះអម្ចាស់ទុកឲ្យយើងជ្រើសកាលវេលា រយៈពេល ឬលំដាប់នៃកិច្ចការរបស់យើងឡើយ ។ ប៉ុន្តែបងប្អូនដឹងមកពីបទគម្ពីរ និងពួកព្យាការីនៅរស់ថា រាល់កិច្ចការទាំងនេះនឹងកើតមានចំពោះបុត្រីគ្រប់រូបរបស់ព្រះ ទោះជាក្នុងជីវិតនេះ ឬក្នុងជីវិតក្រោយក្ដី ។ ហើយអ្វីទាំងអស់គឺជាការរៀបចំសម្រាប់ជីវិតអស់កល្បជានិច្ចនៅក្នុងក្រុមគ្រួសារជាទីស្រឡាញ់—« ជាអំណោយទានដ៏ធំបំផុតរបស់ព្រះ » ។
បងប្អូននឹងមានភាពឆ្លាតវៃបើខិតខំប្រឹងប្រែងរៀបចំខ្លួននៅពេលនេះដោយគិតពីគោលដៅចុងក្រោយនោះ ។ កិច្ចការនោះគឺមានភាពងាយ ដោយសារកិច្ចការទាំងនេះនីមួយៗតម្រូវឲ្យមានការរៀបចំខ្លួនដូចគ្នា ។
ចូរយើងចាប់ផ្ដើមជាមួយនឹងកិច្ចការដើម្បីក្លាយជាបងប្អូនស្រីដែលផ្ដល់ការងារបម្រើ ។ មិនថាបងប្អូនមានការចាត់តាំងនោះ ក្នុងនាមជាកូនស្រីម្នាក់អាយុ ១០ ឆ្នាំ ក្នុងគ្រួសារមួយដែលឪពុកបានស្លាប់ ឬជាប្រធានសមាគមសង្គ្រោះ ដែលទីក្រុងរបស់គាត់ទើបតែមានភ្លើងឆេះ ឬពេលបងប្អូនសម្រាកក្នុងមន្ទីរពេទ្យព្យាបាលខ្លួនក្រោយពីការវះកាត់នោះទេ–បងប្អូនមានឱកាសមួយដើម្បីបំពេញការហៅរបស់បងប្អូនមកពីព្រះអម្ចាស់ដើម្បីធ្វើជាបុត្រីដែលផ្ដល់ការងារបម្រើរបស់ទ្រង់ ។
អ្នកទាំងនោះទំនងជាមានការចាត់តាំងឲ្យផ្ដល់ការងារបម្រើខុសៗគ្នា ។ ប៉ុន្តែវាតម្រូវឲ្យមានការរៀបចំខ្លួននៃដួងចិត្តគួរឲ្យស្រឡាញ់ពេញដោយអនុភាព សេចក្ដីជំនឿដ៏រឹងមាំថា ព្រះអម្ចាស់ពុំប្រទានបទបញ្ញត្តិណាមួយឡើយ លើកលែងតែទ្រង់រៀបចំផ្លូវមួយ និងបំណងប្រាថ្នាដើម្បីចេញទៅធ្វើជំនួសទ្រង់ » ។
ដោយសារនាងបានរៀបចំខ្លួន កូនស្រីអាយុ ១០ ឆ្នាំនោះបានឱបម្ដាយនាងដែលជាស្ត្រីមេម៉ាយ ហើយអធិស្ឋានដើម្បីដឹងពីរបៀបជួយដល់គ្រួសារនាង ។ ហើយនាងបន្តអធិស្ឋាន ។
ប្រធានសមាគមសង្គ្រោះបានរៀបចំខ្លួនផ្ដល់ការងារបម្រើពីមុនភ្លើងឆេះដែលពុំបានរំពឹងនោះកើតឡើងក្នុងតំបន់របស់គាត់ ។ គាត់បានស្គាល់ ហើយស្រឡាញ់មនុស្សទូទៅ ។ សេចក្ដីជំនឿរបស់គាត់លើព្រះយេស៊ូវគ្រីស្ទកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយការទទួលចម្លើយចំពោះការអធិស្ឋានរបស់គាត់ សូមព្រះអម្ចាស់ឲ្យជួយគាត់ក្នុងការបម្រើតូចតាចសម្រាប់ទ្រង់ ។ ដោយសារតែការរៀបចំខ្លួនរយៈពេលយូររបស់គាត់ គាត់បានត្រៀមជាស្រេច ហើយមានចិត្តអន្ទះសារចង់រៀបចំបងប្អូនស្រីរបស់គាត់ឲ្យផ្ដល់ការងារបម្រើដល់មនុស្សទូទៅ និងក្រុមគ្រួសារដែលមានបញ្ហា ។
បងប្អូនស្រីម្នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយពីការវះកាត់បានរៀបចំខ្លួនផ្ដល់ការងារបម្រើដល់អ្នកជំងឺផ្សេងទៀតដូចគាត់ដែរ ។ គាត់បានចំណាយពេលពេញមួយជីវិតផ្ដល់ការងារបម្រើដល់មនុស្សទូទៅជំនួសព្រះអម្ចាស់ ដូចជាពួកគេជាអ្នកជិតខាង ឬជាមិត្តម្នាក់របស់គាត់ដូច្នោះដែរ ។ ពេលគាត់ទទួលអារម្មណ៍ក្នុងដួងចិត្តឲ្យផ្ដល់ការងារបម្រើនៅក្នុងមន្ទីរពេទ្យ គាត់បានបម្រើមនុស្សដទៃយ៉ាងឧស្សាហ៍ ហើយដោយសេចក្ដីស្រឡាញ់បែបនេះ ទើបអ្នកជំងឺផ្សេងទៀតពុំចង់ឲ្យគាត់ឆាប់ជាសះស្បើយឡើយ ។
តាមរបៀបដូចគ្នាដែលបងប្អូនរៀបចំខ្លួនដើម្បីផ្ដល់ការងារបម្រើ បងប្អូនអាច ហើយត្រូវតែរៀបចំខ្លួនសម្រាប់ការហៅរបស់បងប្អូនដើម្បីធ្វើជាថ្នាក់ដឹកនាំម្នាក់សម្រាប់ព្រះអម្ចាស់ នៅពេលវាមកដល់ផងដែរ ។ វានឹងតម្រូវឲ្យមានសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទដែលបានចាក់ឫសនៅក្នុងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់បងប្អូនចំពោះបទគម្ពីរ ដើម្បីដឹកនាំមនុស្សទូទៅ ហើយបង្រៀនបន្ទូលរបស់ទ្រង់ដោយគ្មានការភ័យខ្លាច ។ បន្ទាប់មក បងប្អូននឹងត្រូវរៀបចំខ្លួនឲ្យមានព្រះវិញ្ញាណបរិសុទ្ធ ធ្វើជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់បងប្អូន ។ បងប្អូននឹងនិយាយដោយចិត្តអន្ទះសារថា « ខ្ញុំនឹងធ្វើ » នៅពេលទីប្រឹក្សារបស់បងប្អូននៅក្នុងគណៈប្រធានយុវនារី ពោលដោយសំឡេងភ័យខ្លាចថា « ថ្ងៃនេះ បងស្រី អាល់វ៉ារេស ឈឺ ។ តើនរណានឹងបង្រៀនថ្នាក់គាត់ទៅ ? »
វាតម្រូវឲ្យមានការរៀបចំខ្លួនដូចគ្នាសម្រាប់ថ្ងៃដ៏អស្ចារ្យដែលព្រះអម្ចាស់ហៅបងប្អូនឲ្យធ្វើជាម្ដាយម្នាក់ ។ ប៉ុន្តែវាក៏តម្រូវឲ្យមានដួងចិត្តដ៏គួរឲ្យស្រឡាញ់ច្រើនជាងអ្វីដែលបងប្អូនត្រូវការពីមុនផងដែរ ។ វានឹងតម្រូវឲ្យមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទលើសពីអ្វីដេលធ្លាប់មាននៅក្នុងដួងចិត្តបងប្អូនកាលពីមុន ។ ហើយវានឹងតម្រូវឲ្យសមត្ថភាពដើម្បីអធិស្ឋានសូមព្រះចេស្ដា ការដឹកនាំ និងការលួងលោមពីព្រះវិញ្ញាណបរិសុទ្ធលើសពីអ្វីដែលបងប្អូនធ្លាប់មានអារម្មណ៍ថាអាចធ្វើបាន ។
បងប្អូនអាចនឹងសួរសំណួរដ៏សមហេតុផលថា តើបុរសម្នាក់ មិនថាវ័យណាទេ អាចដឹងពីអ្វីដែលម្ដាយត្រូវការតាមរបៀបណា ។ វាគឺជាសំណួរមួយដ៏ត្រឹមត្រូវ ។ បុរសពុំអាចដឹងអ្វីទាំងអស់នេះទេ ប៉ុន្តែយើងអាចរៀនមេរៀនមួយចំនួនតាមរយៈវិវរណៈមកពីព្រះ ។ ហើយយើងក៏អាចរៀនច្រើនតាមរយៈការសង្កេតមើលផងដែរ ពេលយើងយកឱកាសដើម្បីស្វែងរកព្រះវិញ្ញាណឲ្យជួយយើងយល់ពីអ្វីដែលយើងសង្កេតមើល ។
ខ្ញុំធ្លាប់សង្កេតមើល ខាតធ្លីន ចនសុន អាវរិង អស់រយៈពេល ៥៧ ឆ្នាំ ដែលយើងបានរៀបការជាមួយគ្នា ។ គាត់គឺជាម្ដាយដែលមានកូនប្រុសបួននាក់ និងកូនស្រីពីរនាក់ ។ គិតត្រឹមបច្ចុប្បន្ននេះ គាត់បានទទួលយកការហៅឲ្យធ្វើជាម្ដាយដែលមានឥទ្ធិពលលើសមាជិកគ្រួសាររាប់រយនាក់ដោយផ្ទាល់ហើយបានទទួលរាប់រយនាក់ទៀត មកចិញ្ចឹមនៅក្នុងដួងចិត្តជាម្ដាយរបស់គាត់ ។
បងប្អូនចាំពីការពិពណ៌នាដ៏ល្អ ឥតខ្ចោះរបស់ប្រធានណិលសុនអំពីបេសកកម្មដ៏ទេវភាពរបស់ស្ត្រី—រួមទាំងបេសកកម្មរបស់គាត់នៃការធ្វើជាម្ដាយដែរថា « ក្នុងនាមជាម្ដាយ គ្រូបង្រៀន ឬពួកបរិសុទ្ធដែលចិញ្ចឹមបីបាច់ គាត់សូនដីឥដ្ឋដែលមានជីវិតនោះឲ្យចេញជារូបរាងតាមសេចក្ដីសង្ឃឹមរបស់គាត់ ។ ដោយរួបរួមជាមួយនឹងព្រះ បេសកកម្មដ៏ទេវភាពរបស់គាត់គឺដើម្បីជួយវិញ្ញាណឲ្យរស់ ហើយព្រលឹងត្រូវបានតម្កើងឡើង ។ នេះគឺជារង្វាស់នៃការបង្កបង្កើតរបស់គាត់ » ។
តាមដែលខ្ញុំអាចយល់ ភរិយារបស់ខ្ញុំ ខាធ្លីន បានធ្វើតាមការទទួលខុសត្រូវនោះ ដោយផ្ដល់វាទៅឲ្យបុត្រីនៃព្រះវរបិតានៃយើង ។ ផ្នែកដ៏សំខាន់ចំពោះខ្ញុំគឺជាពាក្យថា « គាត់សូនដីឥដ្ឋដែលមានជីវិតនោះឲ្យចេញជារូបរាងទៅតាមសេចក្ដីសង្ឃឹមរបស់គាត់…ដោយរួបរួមជាមួយនឹងព្រះ » ។ គាត់ពុំបានបង្ខំទេ ។ គាត់បានសូន ។ ហើយគាត់បានមានគំរូមួយសម្រាប់សេចក្ដីសង្ឃឹមរបស់គាត់ ហើយដែលគាត់បានព្យាយាមសូនមនុស្សដែលគាត់ស្រឡាញ់ ហើយបានចិញ្ចឹមបីបាច់ ។ គំរូរបស់គាត់គឺជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ—ដោយសារខ្ញុំអាចមើលឃើញតាមរយៈការសង្កេតមើលប្រកបដោយការអធិស្ឋានអស់ជាច្រើនឆ្នាំ ។
ការក្លាយជាស្ត្រីនៃសេចក្ដីសញ្ញាម្នាក់ ដោយរួបរួមនឹងព្រះគឺជារបៀបដែលបុត្រីដ៏ល្អប្រពៃរបស់ព្រះត្រូវបានចិញ្ចឹមបីបាច់ ដឹកនាំ ហើយផ្ដល់ការងារបម្រើជានិច្ច ដោយបម្រើតាមរបៀប និងទីកន្លែងដែលទ្រង់បានរៀបចំសម្រាប់ពួកគេ ។ ខ្ញុំសូមសន្យាថា បងប្អូននឹងរកឃើញអំណរនៅក្នុងដំណើររបស់បងប្អូនទៅកាន់ផ្ទះសួគ៌ា ពេលបងប្អូនត្រឡប់ទៅរកទ្រង់វិញ ក្នុងនាមជាបុត្រីដែលរក្សាសេចក្ដីសញ្ញារបស់ព្រះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះជាព្រះវបិតាមានព្រះជន្មរស់ ហើយស្រឡាញ់បងប្អូន ។ ទ្រង់ នឹង ឆ្លើយ តប ការ អធិស្ឋាន របស់ បងប្អូន ។ ព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ដឹកនាំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់កិច្ចការទាំងអស់ ។ ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីដែលកំពុងរស់នៅរបស់ទ្រង់ ។ ហើយយ៉ូសែប ស្ម៊ីធបានឃើញ ហើយបានទូលនឹងព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទក្នុងព្រៃនៅទីក្រុង ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ។ ខ្ញុំដឹងថា នោះគឺជាការពិត ។ ខ្ញុំក៏សូមថ្លែងទីបន្ទាល់ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះថាទ្រង់ស្រលាញ់អ្នក ។ ហើយតាមរយៈដង្វាយធួនរបស់ទ្រង់អ្នកនឹងអាចត្រូវបានបរិសុទ្ធនិងលើកអ្នកឡើងទៅទីខ្ពស់ព្រមទាំងការហៅបំរើដ៏ពិសិដ្ឋដែលនឹងមកឲ្យអ្នក ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។