បរិសុទ្ធភាព និង ផែនការនៃសុភមង្គល
សុភមង្គលដ៏ធំកើតឡើងតាមរយៈភាពបរិសុទ្ធផ្ទាល់ខ្លួនដ៏ធំ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំបានអធិស្ឋានឲ្យព្រះចេស្តាជួយបងប្អូនក្នុងការស្វែងរកសុភមង្គលផ្ទាល់ខ្លួនបងប្អូន ។ បងប្អូនមួយចំនួនអាចមានអារម្មណ៍រីករាយគ្រប់គ្រាន់ហើយ ប៉ុន្ដែប្រាកដណាស់ គ្មាននរណាម្នាក់បដិសេធការផ្ដល់សុភមង្គលបន្ថែមនោះទេ ។ គ្រប់គ្នាអន្ទះសាទទួលយកការធានាដែលផ្ដល់សុភមង្គលជានិរន្ដរ៍ ។
នោះជាអ្វីដែលព្រះវរបិតាសួគ៌ ព្រះរាជបុត្រាសំណព្វទ្រង់គឺព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធបានផ្ដល់ដល់បុត្រខាងវិញ្ញាណគ្រប់គ្នារបស់ព្រះវរបិតាសួគ៌ ដែលរស់នៅឥឡូវនេះ នឹងរស់នៅ ឬធ្លាប់បានរស់នៅលើពិភពលោកនេះ ។ ពេលខ្លះគេហៅការផ្ដល់នោះថា ផែនការនៃសុភមង្គល ។ វាត្រូវបានហៅដូច្នេះដោយព្យាការីអាលម៉ា កាលលោកបង្រៀនកូនប្រុសរបស់លោក ដែលរងទុក្ខនឹងការវេទនានៃអំពើបាប ។ អាលម៉ាបានដឹងថា អំពើទុច្ចរិតមិនអាចជាសុភមង្គលសម្រាប់កូនប្រុសលោក—ឬសម្រាប់បុត្រទាំងអស់របស់ព្រះវរបិតាសួគ៌ឡើយ ។
លោកបានបង្រៀនកូនប្រុសលោកថា ការបង្កើនភាពបរិសុទ្ធគឺជាផ្លូវតែមួយគត់ទៅកាន់សុភមង្គល ។ លោកពន្យល់យ៉ាងច្បាស់ថា បរិសុទ្ធភាពដ៏ធំមហិមាអាចកើតឡើងបាន តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលសម្អាតយើង និងធ្វើឲ្យយើងឥតខ្ចោះ ។ មានតែតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការបន្ដប្រែចិត្ត និងការរក្សាសេចក្ដីសញ្ញាប៉ុណ្ណោះ ទើបយើងអាចទទួលបានសុភមង្គលជានិរន្ដរ៍ ដែលយើងទាំងអស់គ្នាចង់បាន និងដកពិសោធន៍ ។
ការអធិស្ឋានខ្ញុំនៅថ្ងៃនេះគឺថា ខ្ញុំអាចជួយបងប្អូនឲ្យយល់ថា សុភមង្គលដ៏ធំមហិមាកើតឡើងពីបរិសុទ្ធភាពផ្ទាល់ខ្លួនកាន់តែខ្លាំង ដើម្បីឲ្យបងប្អូនប្រព្រឹត្តតាមជំនឿនោះ ។ រួចខ្ញុំនឹងចែករំលែកអ្វីដែលខ្ញុំដឹងសម្រាប់ខ្លួនខ្ញុំ អំពីអ្វីដែលយើងអាចធ្វើបាន ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលអំណោយក្នុងការក្លាយមនុស្សកាន់តែបរិសុទ្ធនោះ ។
ព្រះគម្ពីរបង្រៀនយើងថា ក្នុងចំណោមរឿងផ្សេងទៀត យើងអាចត្រូវបន្សុទ្ធ ឬកាន់តែមានភាពបរិសុទ្ធ ពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទ បង្ហាញការគោរពរបស់យើង ប្រែចិត្ត លះបង់សម្រាប់ទ្រង់ ទទួលពិធីបរិសុទ្ធដ៏ពិសិដ្ឋ និងរក្សាសេចក្ដីសញ្ញារបស់យើងជាមួយទ្រង់ ។ ការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលអំណោយនៃបរិសុទ្ធភាពតម្រូវឲ្យយើងចេះរាបសា បន្ទាបខ្លួន និងមានអំណត់ ។
បទពិសោធន៍មួយនៃការចង់បានបរិសុទ្ធភាពកាន់តែខ្លាំងកើតមានដល់ខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ។ ខ្ញុំបានចូលព្រះវិហារបរិសុទ្ធជាលើកដំបូង ដោយបានដឹងតិចតួចអំពីអ្វីដែលត្រូវរំពឹង ។ ខ្ញុំបានឃើញអក្សរនៅលើអគារ ៖ « បរិសុទ្ធភាពដល់ព្រះអម្ចាស់ » និង « ព្រះដំណាក់នៃព្រះអម្ចាស់ » ។ ខ្ញុំបានគិតទុកមុនយ៉ាងច្រើន ។ ប៉ុន្ដែខ្ញុំបានឆ្ងល់ថា តើខ្ញុំបានត្រៀមខ្លួនដើម្បីចូលឬនៅ ។
ម្តាយ និងឪពុកខ្ញុំបានដើរពីមុខខ្ញុំ កាលយើងចូលក្នុងព្រះវិហារបរិសុទ្ធ ។ យើងត្រូវបានសូមឲ្យបង្ហាញបណ្ណចូលព្រះវិហារបរិសុទ្ធរបស់យើង ដែលបញ្ជាក់ពីភាពស័ក្ដិសមរបស់យើង ។
ឪពុកម្ដាយខ្ញុំស្គាល់បុរសនៅឯតុទទួលបណ្ណព្រះវិហារបរិសុទ្ធនោះ ។ ដូច្នេះ ពួកគាត់បង្អង់មួយភ្លែតដើម្បីសួរសុខទុក្ខគាត់ ។ ខ្ញុំដើរទៅមុនម្នាក់ឯង ទៅក្នុងកន្លែងធំមួយ ដែលគ្រប់យ៉ាងមានពណ៌ស-ក្បុស ។ ខ្ញុំមើលទៅពិដានយ៉ាងខ្ពស់ពីលើខ្ញុំ វាដូចជាមេឃបើកចំហ ។ គ្រានោះ ខ្ញុំមានចំណាប់អារម្មណ៍ដ៏ច្បាស់មួយថា ខ្ញុំធ្លាប់បាននៅទីនោះពីមុនមក ។
ប៉ុន្តែបន្ទាប់មក ខ្ញុំបានឮសំឡេងដ៏តូចរហៀងមួយ—ពុំមែនជាសំឡេងរបស់ខ្ញុំឡើយ ។ សម្ដីថ្លែងដ៏ស្រទន់ទាំងនេះគឺ ៖ « កូនមិនដែលមកទីនេះពីមុនទេ ។ កូនកំពុងចាំដល់គ្រាមួយពីមុនកូនកើតមក ។ កូនធ្លាប់នៅទីដ៏ពិសិដ្ឋមួយដូចនេះដែរ ។ កូនមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះរៀបនឹងមកទីនេះ កន្លែងដែលកូនឈរ ។ ហើយកូនមានអារម្មណ៍មានសុភមង្គល ដោយសារកូនអន្ទះសាចង់ឃើញទ្រង់ » ។
បទពិសោធន៍ក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក នោះកើតមានតែមួយភ្លែតប៉ុណ្ណោះ ។ ប៉ុន្ដែការចងចាំអំពីវានៅតែនាំសេចក្ដីសុខសាន្ដ អំណរ និងសុភមង្គលដ៏ស្ងប់ស្ងាត់ ។
ខ្ញុំបានរៀនមេរៀនជាច្រើននៅថ្ងៃនោះ ។ មេរៀនមួយគឺថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលជាសំឡេងតូចរហៀង ។ ខ្ញុំអាចឮទ្រង់ ពេលមានសេចក្ដីសុខសាន្ដខាងវិញ្ញាណក្នុងចិត្តខ្ញុំ ។ ទ្រង់នាំមកនូវអារម្មណ៍សុភមង្គល និងការធានាថា ខ្ញុំកាន់តែបរិសុទ្ធជាងមុន ។ ហើយការណ៍នោះតែងនាំសុភមង្គលមកខ្ញុំ ក្នុងគ្រាដំបូងទាំងនោះក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះ ។
បងប្អូនបានសង្កេតឃើញអព្ភូតហេតុនៃសុភមង្គលក្នុងជីវិតផ្ទាល់របស់បងប្អូន និងជីវិតរបស់អ្នកដទៃ ដែលកើតមកពីការកាន់តែមានបរិសុទ្ធភាព ដោយក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។ ប៉ុន្មានអាទិត្យកន្លងមកនេះ ខ្ញុំបាននៅក្បែរមនុស្សដែលប្រឈមមុខនឹងការស្លាប់ ដែលពេញដោយសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ និងមានទឹកមុខរីករាយ ។
មានបុរសម្នាក់ដែលហ៊ុមព័ទ្ធដោយគ្រួសារគាត់ ។ គាត់ និងភរិយាគាត់បានជជែកស្ងាត់ៗ កាលកូនប្រុសខ្ញុំ និងខ្ញុំបានចូលទៅ ។ ខ្ញុំស្គាល់ពួកគាត់ច្រើនឆ្នាំហើយ ។ ខ្ញុំបានឃើញដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទធ្វើការក្នុងជីវិតរបស់ពួកគាត់ និងក្នុងជីវិតសមាជិកគ្រួសាររបស់ពួកគាត់ ។
ពួកគាត់បានគិតគ្នាថាជ្រើសរើសបញ្ចប់ការព្យាបាលវេជ្ជសាស្ដ្រដែលពន្យារជីវិតគាត់ ។ យើងមានអារម្មណ៍ស្រងូតស្រងាត់ កាលគាត់និយាយមកកាន់យើង ។ គាត់ញញឹម កាលគាត់បង្ហាញអំណរគុណចំពោះដំណឹងល្អ និងកិច្ចខិតខំនៃដំណឹងល្អដើម្បីបន្សុទ្ធគាត់ និងគ្រួសារដែលគាត់ស្រឡាញ់ ។ គាត់បានថ្លែងអំពីការបម្រើដ៏រីករាយរាប់ឆ្នាំក្នុងព្រះវិហារបរិសុទ្ធ ។ តាមសំណើរបស់បុរសរូបនេះ កូនប្រុសខ្ញុំបានចាក់ប្រេងតាំងលើក្បាលគាត់ ។ ខ្ញុំបានផ្សារភ្ជាប់ការចាក់ប្រេងនោះ ។ កាលខ្ញុំផ្សារភ្ជាប់ ខ្ញុំមានចំណាប់អារម្មណ៍ដ៏ច្បាស់មួយដើម្បីប្រាប់គាត់ថា គាត់នឹងជួបព្រះអង្គសង្គ្រោះផ្ទាល់មុខគាត់ ។
ខ្ញុំបានសន្យានឹងគាត់ថា គាត់នឹងមានអារម្មណ៍នៃសុភមង្គល ក្ដីស្រឡាញ់ និងការអនុម័តរបស់ព្រះអង្គសង្គ្រោះ ។ គាត់ញញឹមយ៉ាងកក់ក្ដៅ កាលយើងចាកចេញមក ។ សម្ដីចុងក្រោយរបស់គាត់មកខ្ញុំគឺ « សូមប្រាប់ ខេធី ថាខ្ញុំស្រឡាញ់នាង » ។ កាលពីច្រើនឆ្នាំមុន ភរិយាខ្ញុំ ខេតលីន បានលើកទឹកចិត្តគ្រួសារគាត់ច្រើនជំនាន់ឲ្យទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យមករកទ្រង់ ចុះនិងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ដើម្បីឲ្យមានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ទទួលសុភមង្គលដែលកើតមានជាលទ្ធផលនៃភាពបរិសុទ្ធដ៏ធំនោះ ។
គាត់បានស្លាប់ប៉ុន្មានម៉ោងក្រោយមក ។ ប៉ុន្មានសប្ដាហ៍ក្រោយគាត់ស្លាប់ ភរិយាមេម៉ាយរបស់គាត់បានយកអំណោយមួយមកឲ្យភរិយាខ្ញុំ និងខ្ញុំ ។ គាត់ញញឹម កាលយើងជជែកគ្នា ។ គាត់ថ្លែងដោយរីករាយថា « ខ្ញុំគិតថា ខ្ញុំនឹងមានអារម្មណ៍ក្រៀមក្រំ និងឯកោ ។ តែខ្ញុំមានអារម្មណ៍រីករាយណាស់ ។ តើលោកគិតថា វាមិនអីទេឬ ? »
ដោយដឹងថាគាត់ស្រឡាញ់ស្វាមីគាត់ខ្លាំងប៉ុណ្ណា និងរបៀបដែលពួកគាត់ទាំងពីរមកស្គាល់ ស្រឡាញ់ និងបម្រើព្រះអម្ចាស់ ខ្ញុំបានប្រាប់គាត់ថា អារម្មណ៍នៃសុភមង្គលរបស់គាត់ជាអំណោយដែលបានសន្យាមួយ ដោយសារគាត់កាន់តែបរិសុទ្ធ តាមរយៈការបម្រើដ៏ស្មោះត្រង់របស់គាត់ ។ បរិសុទ្ធភាពរបស់គាត់ធ្វើឲ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលសុភមង្គលនោះ ។
មនុស្សមួយចំនួនដែលស្ដាប់នៅថ្ងៃនេះអាចឆ្ងល់ ៖ « ហេតុអ្វីខ្ញុំមិនមានអារម្មណ៍សុខសាន្ដ និងសុភមង្គល ដែលបានសន្យាដល់អ្នកដែលស្មោះត្រង់ ? ខ្ញុំបានស្មោះត្រង់ឆ្លងកាត់គ្រោះក៏កាចសាហាវ ប៉ុន្ដែខ្ញុំមិនមានសុភមង្គលទេ » ។
សូម្បីព្យាការី យ៉ូសែប ស៊្មីធក៏បានជួបនឹងការសាកល្បងនេះដែរ ។ លោកបានអធិស្ឋានសូមការធូរស្បើយ កាលលោកជាប់គុកនៅលើប៊ើធី រដ្ឋមិសសួរី ។ លោកបានស្មោះត្រង់ចំពោះព្រះអម្ចាស់ ។ លោកបានបង្កើនភាពបរិសុទ្ធ ។ ប៉ុន្ដែលោកមានអារម្មណ៍ថា គ្មានសុភមង្គលឡើយ ។
ព្រះអម្ចាស់បានបង្រៀនលោកនូវមេរៀននៃការអត់ធន់ ដែលយើងទាំងអស់គ្នានឹងត្រូវការពេលខ្លះ ហើយប្រហែលជាសម្រាប់រយៈពេលយូរ ក្នុងការសាកល្បងជីវិតរមែងស្លាប់របស់យើង ។ នេះគឺជាសារលិខិតរបស់ព្រះអម្ចាស់ទៅកាន់ព្យាការីដ៏ស្មោះត្រង់ និងរងទុក្ខរបស់ទ្រង់ ៖
« ហើយបើសិនជាអ្នកត្រូវបានបោះទៅក្នុងរណ្ដៅ ឬទៅក្នុងកណ្ដាប់ដៃនៃពួកឃាតករ ហើយអ្នកត្រូវគេកាត់ទោសដល់ស្លាប់ បើសិនជាអ្នកបោះទៅក្នុងជម្រៅ បើសិនជាទឹករលកបោកបាចទាស់នឹងអ្នក បើសិនជាខ្យល់កួចត្រឡប់ជាខ្មាំងសត្រូវដល់អ្នក បើសិនជាផ្ទៃមេឃទៅជាងងឹតឈឹង ហើយអស់ទាំងធនធាតុប្រមូលគ្នារារាំងផ្លូវ ហើយទោះបីលើសជាងអ្វីៗទាំងអស់ បើសិនជាចង្ការមាត់នៃស្ថាននរកនឹងហារត្របាក់អ្នកក្ដី បុត្រយើងអើយ ចូរអ្នកដឹងថា គ្រប់ការណ៍ទាំងនេះនឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ ។
កូនមនុស្សបានចុះទាបជាងការណ៍ទាំងនោះទៅទៀត ។ តើអ្នកធំជាងទ្រង់ឬអី ?
ហេតុដូច្នេះហើយ កូនកាន់ផ្លូវឲ្យខ្ជាប់ ហើយបព្វជិតភាពនឹងនៅជាមួយអ្នក ត្បិតកម្រិតទាំងឡាយរបស់ពួកគេត្រូវបានចាត់ទុក ពួកគេពុំអាចបង្ហួសបានឡើយ ។ ថ្ងៃរបស់អ្នកត្រូវបានរាប់ទុក ហើយឆ្នាំរបស់អ្នកមិនត្រូវបានរាប់ទុកជាតិចឡើយ ហេតុដូច្នេះហើយ ចូរកុំខ្លាចនូវអ្វី ដែលមនុស្សអាចប្រព្រឹត្តនោះឡើយ ត្បិតព្រះទ្រង់នឹងគង់នៅជាមួយអ្នកជារៀងដរាបតទៅ » ។
នោះជាមេរៀនណែនាំដូចគ្នា ដែលព្រះអម្ចាស់បានផ្ដល់ឲ្យយ៉ូប ដែលបានបង់ថ្លៃដ៏ធ្ងន់ ដើម្បីអនុញ្ញាតឲ្យដង្វាយធួនធ្វើឲ្យលោកកាន់តែបរិសុទ្ធ ។ យើងដឹងថា យ៉ូបបរិសុទ្ធតាំងពីសេចក្ដីផ្ដើមដែលយើងអានពីគាត់ ៖ « នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្តីអាក្រក់ » ។
បន្ទាប់មកយ៉ូបបានបាត់បង់ទ្រព្យសម្បត្តិ គ្រួសារ ហើយសូម្បីតែសុខភាពរបស់លោក ។ បងប្អូនអាចចាំថា យ៉ូបបានសង្ស័យពីបរិសុទ្ធភាពកាន់តែខ្លាំងរបស់លោក ដែលទទួលបានតាមរយៈគ្រោះកាចដ៏ខ្លាំង ដែលធ្វើឲ្យលោកស័ក្ដិសមនឹងសុភមង្គលកាន់តែខ្លាំង ។ យ៉ូបហាក់គិតថា បរិសុទ្ធភាពនាំមកនូវទុក្ខវេទនា ។
ប៉ុន្ដែព្រះអម្ចាស់បានផ្ដល់មេរៀនកែតម្រូវដូចគ្នានេះ ដែលលោកបានផ្ដល់ឲ្យយ៉ូសែប ស្ម៊ីធ ។ ទ្រង់ឲ្យយ៉ូបឃើញស្ថានភាពដ៏ក្រៀមក្រំរបស់លោកដោយភ្នែកខាងវិញ្ញាណ ។ ទ្រង់បានមានបន្ទូលថា ៖
« ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ អញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ ។
តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង ចូរប្រាប់មក បើឯងមានយោបល់ ។
បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី តើអ្នកណាបានសន្ធឹងខ្សែទៅវាស់ ?
តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ។
ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ » ។
បន្ទាប់មក ក្រោយពីយ៉ូបបានប្រែចិត្តពីការហៅព្រះថាមិនយុត្តិធម៌ យ៉ូបត្រូវបានអនុញ្ញាតឲ្យឃើញឧបសគ្គរបស់លោកក្នុងរបៀបដ៏ខ្ពស់ និងបរិសុទ្ធជាងមួយ ។ គាត់បានប្រែចិត្ត ។
« លំដាប់នោះយ៉ូបក៏ទូលឆ្លើយដល់ព្រះយេហូវ៉ាថា
ទូលបង្គំដឹងថាទ្រង់ធ្វើទាំងអស់កើត ហើយថា នឹងឃាត់ព្រះដំរិះទ្រង់ណាមួយមិនបាន ។
តើអ្នកណានេះដែលបង្អាប់ព្រះដំរិះដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យដែលទូលបង្គំមិនបានយល់ ជាសេចក្តីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ ។
ទ្រង់មានព្រះបន្ទូលថា ចូរស្តាប់ចុះ អញនឹងនិយាយសិន អញនឹងសួរឯង ចូរឯងឆ្លើយប្រាប់អញ ។
កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ ។
បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផែះ » ។
ក្រោយពីយ៉ូបបានប្រែចិត្ត ហេតុដូច្នេះហើយបានកាន់តែបរិសុទ្ធ នោះព្រះអម្ចាស់បានប្រទានពរលោកលើសអ្វីៗ ដែលលោកបានបាត់បង់ទៅទៀត ។ ប៉ុន្ដែប្រហែលពរជ័យដ៏អស្ចារ្យបំផុតសម្រាប់យ៉ូបនោះគឺ ការកាន់តែមានបរិសុទ្ធភាពតាមរយៈគ្រោះកាច និងការប្រែចិត្ត ។ លោកបានស័ក្ដិសមនឹងមានសុភមង្គលកាន់តែខ្លាំងក្នុងជីវិត ដែលលោកនៅរស់បន្ដ ។
បរិសុទ្ធភាពកាន់តែខ្លាំងមិនកើតឡើងងាយស្រួល តាមរយៈការសូមវាឡើយ ។ វាមកតាមរយៈការធ្វើអ្វីដែលចាំបាច់ ដើម្បីឲ្យព្រះផ្លាស់ប្ដូរយើង ។
ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ការប្រឹក្សាដែលមើលទៅល្អបំផុត ពីរបៀបដើរតាមផ្លូវនៃសេចក្ដីសញ្ញាឆ្ពោះទៅកាន់បរិសុទ្ធភាពកាន់តែខ្លាំងឡើង ។ លោកបានបង្ហាញផ្លូវ កាលលោកបានជម្រុញថា
« សូមទទួលបទពិសោធន៍នៃការពង្រឹងអំណាចនៃការប្រែចិត្តប្រចាំថ្ងៃ— ក្នុងការប្រព្រឹត្ត និងធ្វើជាមនុស្សប្រសើរជាងបន្ដិចម្ដងៗជារៀងរាល់ថ្ងៃ ។
នៅពេលយើងជ្រើសរើសប្រែចិត្ត នោះយើងជ្រើសរើសផ្លាស់ប្ដូរ ! យើងទុកឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្រែយើងទៅកំណែថ្មីដ៏ល្អបំផុតនៃខ្លួនយើង ។ យើងជ្រើសរើសរីកចម្រើនខាងវិញ្ញាណ ហើយទទួលបានអំណរ— ជាអំណរនៃការប្រោសលោះនៅក្នុងទ្រង់ ។ នៅពេលយើងជ្រើសរើសប្រែចិត្ត យើងជ្រើសរើសប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ! »
ប្រធាន ណិលសុន បានបន្ដលើកទឹកចិត្តក្នុងកិច្ចខិតខំរបស់យើងដើម្បីកាន់តែមានភាពបរិសុទ្ធថា ៖ « ព្រះអម្ចាស់ពុំរំពឹងភាពល្អឥតខ្ចោះពីយើង អំឡុងពេលនៃការរីកចម្រើនអស់កល្បជានិច្ចរបស់យើងនេះឡើយ ។ ប៉ុន្តែទ្រង់រំពឹងឲ្យយើងកាន់តែបានបរិសុទ្ធ ។ ការប្រែចិត្តប្រចាំថ្ងៃ គឺជាច្រកទ្វារទៅកាន់បរិសុទ្ធភាព ហើយបរិសុទ្ធភាពនាំមកនូវកម្លាំង » ។
ប្រធាន ដាល្លិន អេច អូក នៅក្នុងសុន្ទរកថាសន្និសីទមុនមួយ ក៏បានជួយខ្ញុំឲ្យឃើញកាន់តែច្បាស់ពីរបៀបយើងកាន់តែមានភាពបរិសុទ្ធ និងរបៀបយើងអាចដឹងថា យើងកំពុងឈានទៅរកវាផងដែរ ។ លោកមានប្រសាសន៍ ៖ « តើយើងសម្រេចបានជីវភាពខាងវិញ្ញាណដោយរបៀបណា ? តើយើងទទួលបានកម្រិតនៃបរិសុទ្ធភាព ដែលយើងអាចមានភាពជាដៃគូដ៏ខ្ជាប់ខ្ជួននៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? តើយើងមើល និងវាយតម្លៃរឿងខាងលោកិយដោយទស្សនវិស័យនៃភាពអស់កល្បដោយរបៀបណា ? »
ចម្លើយរបស់ប្រធាន អូក ចាប់ផ្ដើមដោយសេចក្ដីជំនឿកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់នៃយើង ។ ការណ៍នោះនាំយើងឲ្យស្វែងរកការអភ័យទោសរាល់ថ្ងៃ និងចងចាំទ្រង់រៀងរាល់ថ្ងៃ តាមរយៈការរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ សេចក្ដីជំនឿកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទនោះកើតមាន កាលយើងទទួលទានបន្ទូលរបស់ទ្រង់ប្រចាំថ្ងៃ ។
ទំនុកតម្កើង « ឲ្យខ្ញុំកាន់តែវិសុទ្ធ » ប្រាប់ពីរបៀបមួយដើម្បីអធិស្ឋានសូមជំនួយ ដើម្បីបានកាន់តែបរិសុទ្ធ ។ អ្នកនិពន្ធផ្ដល់យោបល់យ៉ាងវាងវៃថា បរិសុទ្ធភាពដែលយើងស្វែងរក គឺជាអំណោយមួយមកព្រះជាទីស្រឡាញ់ ផ្ដល់ឲ្យតាមពេលវេលា ក្រោយពីអ្វីទាំងអស់ដែលយើងអាចធ្វើបាន ។ បងប្អូនចងចាំវគ្គចុងក្រោយ ៖
មិនថាស្ថានភាពផ្ទាល់ខ្លួនយើងយ៉ាងណា មិនថាយើងអាចនៅលើផ្លូវសេចក្ដីសញ្ញាទៅផ្ទះវិញឬអត់ សូមឲ្យការអធិស្ឋានយើងសម្រាប់បរិសុទ្ធភាពកាន់តែខ្លាំងបានទទួលចម្លើយ ។ ខ្ញុំដឹងថា កាលការអង្វរយើងត្រូវបានប្រទាន សុភមង្គលយើងនឹងកើនឡើង ។ វាអាចកើតឡើងយឺតៗ ប៉ុន្ដែវានឹងកើតឡើងពិត ។ ខ្ញុំមានការធានានោះមកពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់ និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំថ្លែងទីបន្ទាល់ថា យ៉ូសែប ស៊្មីធគឺជាព្យាការីនៃព្រះ ថាប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីនៅរស់របស់យើងនាសព្វថ្ងៃនេះ ។ ព្រះជាព្រះវរបិតា ទ្រង់មានព្រះជន្មរស់ ហើយស្រឡាញ់យើង ។ ទ្រង់សព្វព្រះទ័យឲ្យយើងមករកទ្រង់នៅផ្ទះវិញជាក្រុមគ្រួសារ ។ ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើងអញ្ជើញយើងឲ្យធ្វើតាមទ្រង់ នៅលើដំណើរយើងទៅទីនោះ ។ ពួកទ្រង់បានរៀបចំផ្លូវហើយ ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។