ចូរ​មក​តាម​ខ្ញុំ
ការប្រែចិត្ត​ជឿ​គឺជា​គោលដៅ​របស់​យើង


« ការប្រែចិត្ត​ជឿ​គឺជា​គោលដៅ​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« ការប្រែចិត្ត​ជឿ​គឺជា​គោលដៅ​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

បុរស​ម្នាក់​កំពុង​បង្រៀន​កូន​ឲ្យ​ចំណី​កូន​ចៀម

ការប្រែចិត្ត​ជឿ​គឺជា​គោលដៅ​របស់​យើង

គោលបំណង​នៃ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​ទាំងអស់ គឺ​ដើម្បី​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​យើង​មាន​កាន់តែ​ខ្លាំង​ឡើង ហើយ​ជួយ​យើង​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​មូលហេតុ​នេះ​ហើយ នៅពេល​យើង​សិក្សា​ដំណឹងល្អ យើង​មិន​គ្រាន់តែ​រកមើល​ព័ត៌មាន​ថ្មី​ប៉ុណ្ណោះ​ទេ តែ​យើង​ចង់​ប្រែក្លាយ​ទៅជាអ្នក « កើតជា​ថ្មី » ( កូរិនថូស ទី២ ៥:១៧ ) ។ នេះ​មាន​ន័យ​ថា​ការពឹងផ្អែក​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ជួយ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង ទស្សនៈ​របស់​យើង សកម្មភាព​របស់​យើង និង​និស្ស័យ​របស់​យើង ។

ប៉ុន្តែ​ប្រភេទ​នៃ​ការរៀនសូត្រ​ដំណឹងល្អ​ដែល​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​យើង ហើយ​ដឹកនាំ​យើង​ទៅ​រក​អព្ភូតហេតុ​នៃ​ការប្រែចិត្ត​ជឿ​នោះ​ពុំ​កើត​ឡើង​តែ​ម្តងក្នុង​ពេល​តែមួយ​នោះទេ ។ វា​បន្ត​មាន​នៅ​ក្រៅ​ថ្នាក់រៀន​ចូល​ទៅក្នុង​ដួងចិត្ត និង​គេហដ្ឋាន​របស់​បុគ្គល​ម្នាក់ៗ ។ វា​តម្រូវ​ឲ្យមាន​ការខិតខំ​ដ៏​ខ្ជាប់ខ្ជួន និង​ជាប្រចាំ​ថ្ងៃ ដើម្បី​យល់ ហើយ​រស់នៅ​តាម​ដំណឹងល្អ ។ ការប្រែចិត្ត​ជឿ​ពិតប្រាកដ​តម្រូវ​ឲ្យ​មាន​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​យើង​ទៅរក​សេចក្ដីពិត ហើយ​ថ្លែង​ជា​សាក្សី​អំពី​សេចក្ដីពិត​នោះ ( សូមមើល យ៉ូហាន ១៦:១៣ ) ។ ទ្រង់​បំភ្លឺ​គំនិត​របស់​យើង ដាស់​ការយល់ដឹង​របស់​យើង ហើយ​ប៉ះ​ដួងចិត្ត​របស់​យើង​ដោយ​វិវរណៈ​មកពី​ព្រះ ដែល​ជា​ប្រភព​នៃ​គ្រប់​សេចក្ដីពិត​ទាំងអស់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​យើង​បរិសុទ្ធ ។ ទ្រង់​បំផុស​បំណង​ប្រាថ្នា​នៅក្នុង​ខ្លួន​យើង​ឲ្យ​រស់​នៅ​តាម​សេចក្ដីពិត ហើយ​ទ្រង់​ខ្សឹប​ប្រាប់​យើង​អំពី​របៀប​ដើម្បី​ធ្វើយ៉ាង​ដូចនេះ ។ ពិត​ណាស់ « ព្រះវិញ្ញាណ​បរិសុទ្ធ … នឹង​បង្រៀន [ យើង ] ពី​គ្រប់​សេចក្ដី​ទាំងអស់ » ( យ៉ូហាន ១៤:២៦ ) ។

នៅក្នុង​ការខិតខំ​របស់​យើង​ដើម្បី​រស់នៅ​តាម រៀនសូត្រ និង​បង្រៀន​ដំណឹងល្អ ដោយសារ​មូលហេតុ​ទាំងអស់​នេះ​យើង​គួរតែ​ស្វែងរក​ភាពជា​ដៃគូ​ពី​ព្រះវិញ្ញាណ​ជាមុន​សិន ។ គោលដៅ​នេះ​គួរតែ​គ្រប់គ្រង​ទៅលើ​ការជ្រើសរើស និង​ដឹកនាំ​គំនិត និង​សកម្មភាព​ទាំងឡាយ​របស់​យើង ។ យើង​គួរតែ​ស្វែងរក​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ហើយ​បដិសេធ​អ្វីៗ​ដែល​បណ្ដេញ​ឥទ្ធិពល​នោះចេញ—ដ្បិត​យើង​ដឹង​ថា ប្រសិនបើ​យើង​អាច​មាន​ភាព​ស័ក្ដិសម​នឹង​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​ក៏​អាច​មាន​ភាពស័ក្ដិសម​ដើម្បី​រស់​នៅក្នុង​វត្តមាន​នៃ​ព្រះវរបិតា​សួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផងដែរ ។