ចូរ​មក​តាម​ខ្ញុំ
គំនិត​ដើម្បី​កែលម្អ​ការសិក្សា​នៅ​គេហដ្ឋាន និង​នៅឯ​ព្រះវិហារ


« គំនិត​ដើម្បី​កែលម្អ​ការសិក្សា​នៅ​គេហដ្ឋាន និង​នៅឯ​ព្រះវិហារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នំា ២០២៥ )

« គំនិត​យោបល់​ដើម្បី​កែលម្អ​ការសិក្សា​នៅ​គេហដ្ឋាន និង​នៅឯ​ព្រះវិហារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

គ្រួសារ​កំពុង​សិក្សា​ជាមួយ​គ្នា

គំនិត​ដើម្បី​កែលម្អ​ការសិក្សា​នៅ​គេហដ្ឋាន និង​នៅឯ​ព្រះវិហារ

នៅ​ពេល​ដែល​បងប្អូន​សិក្សា​អំពី​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​គេហដ្ឋាន និង​នៅឯ​ព្រះវិហារ សូម​ពិចារណា​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​បងប្អូន​នឹង​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់នៅ​ក្នុង​ការសិក្សា​របស់​បងប្អូន​ដោយ​របៀប​ណា ?

  • តើ​បងប្អូន​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ នៅ​ក្នុង​ការ​សិក្សា​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

  • តើ​បងប្អូន​អាច​ទាញ​យក​ប្រយោជន៍​ពី​ការរៀនសូត្រ​ប្រចាំ​ថ្ងៃ​ដោយ​របៀបណា ?

  • តើ​បងប្អូន​អាច​លើក​ទឹក​ចិត្ដ​សមាជិក​គ្រួសារ និង​ថ្នាក់​រៀន​ឲ្យ​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​ឯង និង​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នោះ​ដោយ​របៀបណា ?

នេះ​គឺជា​របៀប​សាមញ្ញ​ខ្លះៗ​ដើម្បី​ពង្រឹង​ដល់​ការសិក្សា​នៃ​ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​បទគម្ពីរ​របស់​បងប្អូន ។

អធិស្ឋាន​សម្រាប់​ការបំផុស​គំនិត

ព្រះគម្ពីរ​គឺជា​ព្រះបន្ទូល​នៃ​ព្រះ ដូច្នេះ​ចូរ​សូម​ជំនួយ​ពីទ្រង់​ដើម្បី​យល់ដឹង​អំពី​ព្រះគម្ពីរ ។

ស្វែងរក​សេចក្ដីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

គ្រប់ការណ៍​ទាំងអស់​ធ្វើ​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ( សូមមើល​នីហ្វៃទី២ ១១:៤; ម៉ូសេ ៦:៦៣ ) ដូច្នេះ​ហើយ​សូម​ពិចារណា ឬ​គូស​ចំណាំ​ខគម្ពីរ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សេចក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទ្រង់ និង​បង្រៀន​អំពី​របៀប​ដើម្បី​ធ្វើតាម​ទ្រង់ ។ ពេល​ខ្លះ​សេចក្ដីពិត​អំពី​ព្រះអង្គសង្រ្គោះ និង​ដំណឹង​ល្អ​របស់ទ្រង់​ត្រូវ​បាន​ថ្លែង​ចំៗ ហើយ​ពេល​ខ្លះ​សេចក្តីពិត​នៃ​ដំណឹងល្អ​ទាំង​នេះ​ត្រូវ​បាន​បរិយាយ​តាម​រយៈ​ឧទាហរណ៍ ឬ​ដំណើរ​រឿង​មួយ ។ សូម​សួរ​ខ្លួន​អ្នកថា « តើ​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​អ្វី​ខ្លះ​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? » តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្រ្គោះ ?

ស្ដាប់​តាម​ព្រះវិញ្ញាណ

សូម​យកចិត្ត​ទុកដាក់​ចំពោះ​គំនិត និង​អារម្មណ៍​របស់​បងប្អូន ​ទោះបីជា​វា​មិន​ទាក់ទង​នឹង​អ្វី​ដែល​បងប្អូន​កំពុង​អាន​ក្ដី ។ ចំណាប់​អារម្មណ៍​ទាំងនោះ​អាច​នឹង​ជា​អ្វី​ដែល​ព្រះវរបិតា​សួគ៌​របស់​បងប្អូន​ចង់​ឲ្យ​បងប្អូន​រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន ។

មាន​វិធី​ជាច្រើន​ដើម្បី​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​កើត​មាន​នៅពេល​បងប្អូន​សិក្សា ។ ឧទាហរណ៍ បងប្អូន​អាច​រក​ឃើញ​ថា​ពាក្យ និង​ឃ្លា​ជាក់លាក់​នៅ​ក្នុង​បទគម្ពីរ​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍ បងប្អូន​អាច​សម្គាល់​បទគម្ពីរ​ទាំងនោះ ហើយ​កត់​ត្រា​គំនិត​របស់​បងប្អូន​ជា​កំណត់​ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​របស់​បងប្អូន​។ បងប្អូន​ក៏​អាច​រក្សា​សៀវភៅ​កំណត់ហេតុ​អំពី​ការយល់ដឹង​អារម្មណ៍ និង​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​ទទួល​បាន​ផងដែរ ។

យុវនារី​កំពុង​សិក្សា

ចែកចាយ​អ្វី​ដែល​បងប្អូន​រៀនជាមួយ​អ្នក​ដទៃ ។

ការពិភាក្សា​អំពី​ការយល់ដឹង​មក​ពី​ការ​សិក្សា​ផ្ទាល់ខ្លួន​របស់​បងប្អូន គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បង្រៀន និង​ជួយ​ពង្រឹង​ដល់​ការ​យល់ដឹង​របស់​បងប្អូន​អំពី​អ្វី​ដែល​បងប្អូន​បាន​អាន ។ ចែកចាយ​នូវអ្វី​ដែល​បងប្អូន​កំពុង​រៀន​ជាមួយ​សមាជិក​គ្រួសារ និង​មិត្តភក្តិ ( ដោយ​ផ្ទាល់ ឬ​តាម​ឌីជីថល ) ហើយ​អញ្ជើញ​ពួកគេ​ឲ្យធ្វើ​ដូចគ្នា ។

ភ្ជាប់​ទំនាក់ទំនង​បទគម្ពីរ​មក​ក្នុង​ជីវិត​របស់​បងប្អូន

សូម​ពិចារណា​អំពី​របៀប​ដែល​ដំណើរ​រឿង និង​ការបង្រៀន​ទាំងឡាយ​ដែល​បងប្អូន​កំពុង​អាន​នេះ​អនុវត្ត​ក្នុង​ជីវិត​របស់​បងប្អូន ។ ឧទាហរណ៍ បងប្អូន​អាច​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ខ្ញុំ​មាន​ដែល​ស្រដៀង​ទៅនឹង​អ្វី​ដែល​ខ្ញុំ​កំពុង​អាន ? »

សួរ​សំណួរ​នៅពេល​បងប្អូន​សិក្សា ។

កាល​បងប្អូន​សិក្សា​បទគម្ពីរ នោះ​សំណួរ​ជាច្រើន​អាច​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ សំណួរ​ទាំងនេះ​អាច​ទាក់ទង​ទៅនឹង​អ្វី​ដែល​បងប្អូន​កំពុង​អាន ឬ​ទាក់ទង​ទៅនឹង​ជីវិត​ទូទៅ​របស់​បងប្អូន ។ សូម​ពិចារណា​អំពី​សំណួរ​ទាំងនេះ ហើយ​រកមើល​ចម្លើយ​កាល​បងប្អូន​បន្ដ​សិក្សា​បទគម្ពីរ ។

យុវជន​ម្នាក់​កំពុង​សិក្សា

ប្រើ​ជំនួយ​ការសិក្សា​ព្រះគម្ពីរ ។

ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែម​អំពី​ខគម្ពីរ​ដែល​បងប្អូន​អាន សូម​ប្រើ​លេខយោង Topical Guide, Bible Dictionary, សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង​ជំនួយ​ការសិក្សា​ដទៃទៀត ។

ពិចារណា​អំពី​បរិបទ​នៃ​បទគម្ពីរ

បងប្អូន​អាច​រកឃើញ​គំនិត​យោបល់​ដ៏​មាន​អត្ថន័យ​អំពី​បទគម្ពីរ​មួយ នៅពេល​បងប្អូន​ពិចារណា​អំពី​មាតិកា​របស់​វា​រួមទាំង​ស្ថានភាព ឬ​ចេញ​មកពី​មជ្ឈដ្ឋាន​ដែល​វា​បាន​កើតឡើង ។ ឧទាហរណ៍ ការ​ស្គាល់​ពី​ប្រវត្តិ និង​ជំនឿ​របស់​មនុស្ស​ដែល​ព្រះបាន​មាន​បន្ទូល​ទៅកាន់​អាច​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​ព្រះរាជ​បំណង​នៃ​ព្រះបន្ទូល​ទ្រង់​កាន់​តែប្រសើរឡើង ។ បងប្អូន​អាច​រៀន​អំពី​ពួក​គេ​នៅ​ក្នុង ពួក​បរិសុទ្ធ, Revelations in Context ក្បាល​កណ្ឌ​នៅក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា និង​ធនធាន​ផ្សេងៗ​ទៀត ។

សិក្សា​ពាក្យសម្ដី​របស់​ពួក​ព្យាការី និង​សាវក​ជំនាន់​ចុងក្រោយ​នេះ ។

សូម​អាន​អ្វី​ដែល​ពួក​ព្យាការី និង​ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ​បាន​បង្រៀន​អំពី​គោលការណ៍​ដែល​បងប្អូន​រកឃើញ​នៅក្នុង​បទគម្ពីរ ។

ម្តាយ និង​កូន​កំពុង​សិក្សា​ជាមួយ​គ្នា

រស់នៅ​តាម​អ្វី​ដែល​បងប្អូន​បាន​រៀន

ការសិក្សា​ព្រះគម្ពីរ​ពុំ​គ្រាន់​តែ​សម្រាប់​បំផុស​គំនិត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ដឹកនាំ​យើង​ឲ្យ​ផ្លាស់ប្តូរ​របៀប​ដែល​យើង​រស់នៅ​ផងដែរ ។ សូម​ស្ដាប់​អ្វី​ដែល​ព្រះវិញ្ញាណ​បំផុស​ឲ្យ​បងប្អូន​ធ្វើ​នៅពេល​បងប្អូន​អាន រួច​ហើយ​សូម​ប្តេជ្ញា​ចិត្ត​ធ្វើ​តាម​ការបំផុស​គំនិត​ទាំងនោះ ។

ប្រើ​តន្ត្រី

បទចម្រៀង​ដែល​បាន​ណែនាំ និង​ចម្រៀង​កុមារ​ដែលមាន​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ​ ទាំងមូល ។ សូម​ប្រើ​តន្ត្រី​ដ៏​ពិសិដ្ឋ​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ និង​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​បងប្អូន​អំពី​សេចក្ដី​ពិតនៃ​ដំណឹង​ល្អ ។

គ្រួសារ​កំពុង​ច្រៀង​ជាមួយ​គ្នា

ទន្ទេញ​បទគម្ពីរ

សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ដែល​មាន​អត្ថន័យ​ចំពោះ​គ្រួសារ​របស់​បងប្អូន ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ទន្ទេញ​វគ្គ​បទគម្ពីរ​នោះ​ដោយ​ការសូត្រ​វគ្គ​បទគម្ពីរ​នោះ​ឡើង​វិញ​រាល់​ថ្ងៃ ឬ​លេង​ល្បែង​ចងចាំ ។

ចែកចាយ​មេរៀន​ដោយ​ប្រើ​វត្ថុ

សូម​ស្វែងរក​វត្ថុ​ដែល​ទាក់ទង​នឹង​ជំពូក និង​ខគម្ពីរ​ទាំងឡាយ​ដែល​បងប្អូន​កំពុង​អាន​ជា​គ្រួសារ ។ ចូរ​ពិចារណា​អំពី​របៀប​ដែល​វត្ថុ​នីមួយៗ​ទាក់ទង​ទៅនឹង​ការ​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ ។

គូរ ស្វែងរក ឬ​ថត​រូប

សូម​អាន​ខគម្ពីរ​មួយ​ចំនួន ហើយ​បន្ទាប់​មក​គូរ​អ្វី​មួយ​ដែល​ទាក់ទង​ទៅនឹង​អ្វី​ដែល​បងប្អូន​បាន​អាន ។ ឬបងប្អូន​អាច​ស្វែងរក​រូបភាព​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ឬ​កន្លែង​ផ្សេងទៀត​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ បងប្អូន​ក៏​អាច​ថត​រូប​ដែល​បង្ហាញ​ពី​អ្វី​ដែល​បងប្អូន​បាន​រៀន​បាន​ផង​ដែរ ។

សម្តែង​រឿង

បន្ទាប់​ពី​អាន​ដំណើររឿង​មួយ​ចប់ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​សម្ដែង​ជា​សាច់​រឿង ។ បន្ទាប់​មក សូម​និយាយ​អំពី​របៀប​ដែល​សាច់រឿង​នោះ​ទាក់ទង​ទៅនឹង​អ្វី​ដែល​បងប្អូន​កំពុង​ជួប​ប្រទះ​ជា​លក្ខណៈ​បុគ្គល ឬ​ជា​គ្រួសារ ។

ចេះ​បត់បែន​នៅតាម​គេហដ្ឋាន

ប្រសិន​បើ​បងប្អូន​មាន​សមាជិក​គ្រួសារ​ដែល​មិន​មានបំណង​ចង់​ចូលរួម​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ សូម​រក​វិធី​ផ្សេង​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ទៅនឹង​ពួកគេ ។ ឧទាហរណ៍ បងប្អូន​អាច​លើក​ឡើង​អំពី​ព្រះសិក្ខា​បទ​នៅក្នុង​ការសន្ទនា​ធម្មតា ឬ​ចែក​ចាយ​ព្រះគម្ពីរ​ដ៏មាន​អត្ថន័យ​តាម​របៀប​មួយ​ដែល​ហាក់​ដូច​ជាមិនមែន​ជាការ​ផ្សព្វ​ផ្សាយ ឬ​បង្ខិត​បង្ខំ ? ការ​សិក្សា​ព្រះគម្ពីរ​មិន​ចាំបាច់​មាន​របៀប​តែ​មួយ​នៅ​គ្រប់​ក្រុម​គ្រួសារ​នោះទេ ។ កុមារ​ខ្លះ​អាច​ឆ្លើយ​តប​បាន​ល្អជាង​ក្នុង​ការសិក្សា​ព្រះគម្ពីរ​មួយ​ទល់​នឹងមួយ ។ សូម​អធិស្ឋាន និង​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។

ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​សម្រាប់​មាតាបិតា ។ ប្រសិន​បើ​បងប្អូន​ចង់​បាន​ជំនួយ​បន្ថែម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន សូម​ស្វែងរក​មើល​ថា​តើ​វួដ​របស់​បងប្អូន​កំពុង​រៀបចំ​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូ​បង្រៀន​សម្រាប់​ឪពុក​ម្ដាយ ឬ​អត់ ( សូម​មើល ក្បួនខ្នាត​ទូទៅ, ១៧.៥ ) ។ ការប្រជុំ​ទាំង​នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​ឪពុក​ម្ដាយ​ដើម្បី​ប្រឹក្សា និង​រៀន​ជាមួយ​គ្នា​អំពី​របៀប​ធ្វើ​ឲ្យ​ការបង្រៀន​របស់​ពួកគេ​កាន់​តែ​ប្រសើរ​ឡើង ។ ពួក​គេ​អាច​ពិភាក្សា​អំពី​គោល​ការណ៍​ក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្រ្គោះ គំនិត​នៅ​លើ​ទំព័រ​ទាំង​នេះ​សម្រាប់​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​ការណែនាំ​អំពី​ការរៀន​សូត្រ និង​ការ​បង្រៀន​ដែល​មាន​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ទាំងមូល ។