« ការណែនាំ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន ( ឆ្នាំ២០២២ )
« ការណែនាំ » កម្មវិធី EnglishConnect ១ សម្រាប់អ្នករៀន
Introduction
ការណែនាំ
Welcome to EnglishConnect!
សូមស្វាគមន៍មកកាន់កម្មវិធី EnglishConnect !
កម្មវិធី EnglishConnect នាំមនុស្សដែលកំពុងស្វែងរកឱកាសបន្ថែមតាមរយៈការរៀនអង់គ្លេសមកជួបជុំគ្នា ។ យើងទាំងអស់គ្នាមានជីវប្រវត្តិ និងការនិយាយភាសាផ្សេងៗគ្នា ។ យើងអាចមានកម្រិតសមត្ថភាពភាសាអង់គ្លេសផ្សេងៗគ្នា ប៉ុន្តែយើងអាចសម្រេចគោលដៅរបស់យើងរួមគ្នា ។
Why Are You Learning English?
ហេតុអ្វីអ្នករៀនភាសាអង់គ្លេស ?
ការមានគោលបំណងច្បាស់លាស់មួយ អាចជួយអ្នកឲ្យបន្ដផ្ដោតយកចិត្តទុកដាក់ និងជំរុញចិត្ត ។ សូមពិចារណាថាហេតុអ្វីអ្នកកំពុងរៀនភាសាអង់គ្លេស ។ តើអ្នកសង្ឃឹមថានឹងមានការងារល្អប្រសើរឬទេ ? តើអ្នកត្រូវការរៀនភាសាអង់គ្លេសដើម្បីឲ្យអ្នកទទួលបានការអប់រំកាន់តែបានវែងឆ្ងាយឬ ? សូមចំណាយពេលមួយសន្ទុះដើម្បីសរសេរអំពី មូលហេតុនៃការរៀនភាសាអង់គ្លេសរបស់អ្នក ។
ខ្ញុំចង់រៀនភាសាអង់គ្លេស ពីព្រោះ ៖
ការរៀនភាសាអង់គ្លេស អាចបង្កើនឱកាសរបស់អ្នកសម្រាប់ការអប់រំ ការងារ ការបម្រើ និងមិត្តភាព ។ កម្មវិធី EnglishConnect អាចជួយអ្នកឲ្យសម្រេចគោលដៅរបស់អ្នកបាន ។
What Is EnglishConnect?
តើអ្វីជាកម្មវិធី EnglishConnect ?
EnglishConnect គឺជាកម្មវិធីរៀនភាសាអង់គ្លេសពិសេសមួយ ដែលផ្តល់ជូនដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ កម្មវិធី EnglishConnect ត្រូវបានរៀបចំឡើងដើម្បីជួយអ្នកអភិវឌ្ឍជំនាញភាសាអង់គ្លេសនៅក្នុងបរិយាកាសនៃសេចក្តីជំនឿ មិត្តភាព និងការរីកចម្រើន ។ នោះមានន័យថាអ្នកនឹងមិនធ្វើរឿងនេះតែម្នាក់ឯងនោះទេ ។ អ្នកនឹងរៀនជាមួយអ្នកដទៃ ហើយគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ។ អ្នកក៏នឹងអាចធ្វើឲ្យសេចក្ដីជំនឿរបស់អ្នករីកចម្រើនថា ព្រះអាចជួយអ្នកឲ្យរៀនចេះបាន ។
កម្មវិធី EnglishConnect មានជាច្រើនកម្រិត ។ កម្មវិធី EnglishConnect ១ និង ២ ជួយដល់អ្នករៀនឲ្យអភិវឌ្ឍជំនាញភាសាអង់គ្លេសជាមូលដ្ឋាន ។ កម្មវិធី EnglishConnect ៣ រៀបចំអ្នករៀនឲ្យទទួលបានឱកាសការអប់រំ–ជាពិសេសកម្មវិធី BYU–Pathway Worldwide ។ អ្នកអាចរៀនបន្ថែមទៀតអំពី BYU–Pathway Worldwide នៅលើគេហទំព័រ byupathway.org ។ សូមរៀនបន្ថែមអំពីកម្មវិធី EnglishConnect នៅលើគេហទំព័រ englishconnect.org ។
What Makes EnglishConnect Unique?
តើអ្វីធ្វើឲ្យកម្មវិធី EnglishConnect ពិសេស ?
នៅក្នុងកម្មវិធី EnglishConnect យើងអភិវឌ្ឍជំនាញភាសាអង់គ្លេសនៅក្នុងបរិយាកាសនៃសេចក្តីជំនឿ មិត្តភាព និងការរីកចម្រើន ។
Faith
សេចក្តីជំនឿ
នៅក្នុងកម្មវិធី EnglishConnect យើងរៀនតាមរយៈការសិក្សា និងសេចក្ដីជំនឿ ។ មេរៀនទាំងអស់ចាប់ផ្ដើមដោយគោលការណ៍នៃការរៀនសូត្រមួយ ។ គោលការណ៍ទាំងនេះគឺជាគោលការណ៍ខាងវិញ្ញាណដែលជួយយើងឲ្យពឹងផ្អែកទៅលើព្រះ ដើម្បីចម្រើនសមត្ថភាពរៀនសូត្ររបស់យើង ។ ជំនឿដែលអ្នកមានអំពីសមត្ថភាពរបស់អ្នកដើម្បីរៀនចេះ នឹងមានឥទ្ធិពលខ្លាំងជាពិសេសមកលើការខិតខំ និងលទ្ធផលរបស់អ្នក ។ គោលការណ៍នៃការរៀនសូត្រអាចជួយអ្នកយល់ពីសក្ដានុពលពិតរបស់អ្នក និងសមត្ថភាពរបស់ព្រះដើម្បីជួយអ្នក ។ ខាងក្រោមនេះ គឺជាគោលការណ៍ទាំងឡាយដែលអ្នកនឹងសិក្សា ៖
គោលការណ៍នៃការរៀនសូត្រ គឺជាសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិត ។ អ្នកអាចនិយាយសេចក្ដីថ្លែងការណ៍ទាំងនេះទៅកាន់ខ្លួនឯង នៅពេលអ្នកត្រូវការការជំរុញចិត្ត ឬការលើកទឹកចិត្ត ។ នៅពេលអ្នកអនុវត្តគោលការណ៍ទាំងនេះ នោះសមត្ថភាពរៀនរបស់អ្នកនឹងរីកចម្រើនឡើង ។ អ្នកនឹងដឹងថា ដោយមានជំនួយរបស់ព្រះ នោះអ្នកអាចសម្រេចគោលដៅរបស់អ្នក ។
Fellowship
មិត្តភាព
ផ្នែកសំខាន់មួយនៃបទពិសោធន៍ EnglishConnectគឺការរៀនសូត្រជាមួយអ្នកដទៃ ។ ក្រុម EnglishConnect ស្រឡាញ់ ជួយ និងគាំទ្រដល់គ្នាទៅវិញទៅមក ។ ការប្រជុំក្រុមរបស់អ្នក គឺជាកន្លែងសុវត្ថិភាពមួយដើម្បីហាត់និយាយ និងធ្វើកំហុសឆ្គង ។ ការចូលរួមនៅក្នុងក្រុម EnglishConnect មួយ អាចជួយអ្នកឲ្យបន្ដមានការជំរុញចិត្ត និងបង្កើតមិត្តភាព ។
Growth
ការរីកចម្រើន
កម្មវិធី EnglishConnect គឺច្រើនជាងគ្រាន់តែជាកម្មវិធីមួយសម្រាប់ការរៀនសូត្រភាសាអង់គ្លេស ។ មិនថាអ្នកចាប់ផ្ដើមនៅកន្លែងណាទេ បទពិសោធន៍ដែលអ្នកមាននឹងជួយអ្នកឲ្យក្លាយជាអ្នករៀនកាន់តែល្អប្រសើរ ។ អ្នកនឹងមានឱកាសដើម្បី ៖
-
ហាត់ភាសាអង់គ្លេសប្រចាំថ្ងៃ ។
-
តាមដានការរីកចម្រើនរបស់អ្នក ។
-
រៀនជាមួយនឹងអ្នកដទៃ ។
-
អធិស្ឋានទៅកាន់ព្រះទូលសូមជំនួយដើម្បីសម្រេចគោលដៅរបស់អ្នក ។
What Will I Do in EnglishConnect?
តើខ្ញុំនឹងធ្វើអ្វីខ្លះ នៅក្នុង EnglishConnect ?
នៅក្នុងកម្មវិធី EnglishConnect អ្នកនឹងធ្វើការសិក្សាផ្ទាល់ខ្លួន ការហាត់សន្ទនាជាក្រុម និងការហាត់ប្រចាំថ្ងៃ ។ មេរៀននីមួយៗនៅក្នុងសៀវភៅ EnglishConnect សម្រាប់អ្នករៀន គឺត្រូវបានបំបែកជាពីរផ្នែក—« ការសិក្សាផ្ទាល់ខ្លួន » និង « ក្រុមសន្ទនា » ។
Personal Study
ការសិក្សាផ្ទាល់ខ្លួន
វគ្គ « ការសិក្សាផ្ទាល់ខ្លួន » រៀបចំអ្នកសម្រាប់ក្រុមសន្ទនារបស់អ្នក ។ នៅក្នុង « ការសិក្សាផ្ទាល់ខ្លួន » អ្នកបំពេញសកម្មភាពដូចខាងក្រោម ៖
Study the Principle of Learning
សិក្សាគោលការណ៍នៃការរៀនសូត្រ
មេរៀននីមួយៗមានដាក់បញ្ចូលនូវគោលការណ៍មួយនៃការរៀនសូត្រ ។ ទាំងនេះគឺជាគោលការណ៍ខាងវិញ្ញាណ ដែលជួយអ្នកធ្វើជាដៃគូជាមួយព្រះនៅក្នុងការរៀនភាសាអង់គ្លេស ។ ពីមុនក្រុមសន្ទនារបស់អ្នក សូមអានគោលការណ៍នៃការរៀនសូត្រ ពិចារណាអំពីសំណួរទាំងឡាយ ហើយកត់ត្រាគំនិតរបស់អ្នក ។
Memorize Vocabulary
ទន្ទេញវាក្យសព្ទ
រៀនអំពីអត្ថន័យ និងការបញ្ចេញសំឡេងនៃពាក្យនីមួយៗ ។ ប្រើវាក្យសព្ទដើម្បីហាត់តាមលំនាំ ។ អ្នកក៏អាចរកមើលពាក្យវាក្យសព្ទបន្ថែមផងដែរ ដើម្បីអាចយកមកប្រើនៅក្នុងលំនាំ ។
Practice the Patterns
ហាត់តាមលំនាំ
ចាប់ផ្ដើមដោយការទន្ទេញលំនាំប្រយោគ ។ បន្ទាប់មកប្រើលំនាំដើម្បីបង្កើតសំណួរ និងចម្លើយផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកអាចជំនួសពាក្យដែលមានគូសបន្ទាត់ពីខាងក្រោមដោយពាក្យផ្សេងទៀតមកពីក្នុងបញ្ជីវាក្យសព្ទ ។ បន្ដហាត់និយាយឲ្យឮៗ រហូតដល់អ្នកអាចប្រើលំនាំនោះដើម្បីសួរ និងឆ្លើយសំណួរដោយទំនុកចិត្ត ។
Conversation Group
ក្រុមសន្ទនា
វគ្គ « ក្រុមសន្ទនា » មានដាក់បញ្ចូលសកម្មភាពនានាដែលអ្នកនឹងប្រើដើម្បីរៀនជាមួយអ្នកដទៃ ។ នៅក្នុង « ក្រុមសន្ទនា » អ្នកបំពេញសកម្មភាពដូចខាងក្រោម ៖
Discuss the Principle of Learning (20–30 minutes)
ពិភាក្សាអំពីគោលការណ៍នៃការរៀនសូត្រ ( ២០–៣០ នាទី )
នៅក្នុងក្រុមរបស់អ្នក សូមអាន និងពិភាក្សាអំពីគោលការណ៍នៃការរៀនសូត្រ ។ នេះគឺជាឱកាសមួយដើម្បីចែកចាយ និងរៀនពីអ្នកដទៃ ។
Activities
សកម្មភាព
នៅក្នុងសកម្មភាព ១ ២ និង ៣ សូមប្រើវាក្យសព្ទ និងលំនាំប្រយោគដើម្បីចូលរួមនៅក្នុងការសន្ទនាប្រកបដោយអត្ថន័យ ។ សកម្មភាពទាំងឡាយជួយអ្នកឲ្យរីកចម្រើនចេញមកពីការហាត់ដដែលៗ ទៅបង្កើតការសន្ទនាផ្ទាល់ខ្លួនរបស់អ្នក ។ សកម្មភាពនីមួយៗរៀបចំអ្នកសម្រាប់សកម្មភាពបន្ទាប់ ។
Activity 1: Practice the Patterns (10–15 minutes)
សកម្មភាព ១ ៖ ហាត់តាមលំនាំ ( ១០–១៥ នាទី )
នៅក្នុងសកម្មភាព ១ សូមរំឭកអំពីវាក្យសព្ទ និងលំនាំដែលអ្នកបានរៀននៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នក ។ គោលដៅរបស់អ្នក គឺត្រូវប្រើប្រាស់លំនាំដើម្បីនិយាយ ហើយយល់អំពីសំណួរ និងចម្លើយសាមញ្ញៗ ។
Activity 2: Create Your Own Sentences (10–15 minutes)
សកម្មភាព ២ ៖ បង្កើតប្រយោគផ្ទាល់ខ្លួនរបស់អ្នក ( ១០–១៥ នាទី )
នៅក្នុងសកម្មភាព ២ សូមផ្ដោតទៅលើការប្រើប្រាស់លំនាំដើម្បីបង្កើតប្រយោគផ្ទាល់ខ្លួនរបស់អ្នក ។ ចូរមានភាពច្នៃប្រឌិត ។ គោលដៅរបស់អ្នក គឺត្រូវប្រើលំនាំដើម្បីបង្កើតសំណួរ និងចម្លើយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។
Activity 3: Create Your Own Conversations (15–20 minutes)
សកម្មភាព ៣ ៖ បង្កើតការសន្ទនាផ្ទាល់ខ្លួនរបស់អ្នក ( ១៥–២០ នាទី )
នៅក្នុងសកម្មភាព ៣ សូមហាត់បំពេញការសន្ទនានៅក្នុងសាច់រឿងជីវិតពិត ។ គោលដៅរបស់អ្នកគឺត្រូវមានការសន្ទនាដែលមានអត្ថន័យដោយប្រើភាសាអង់គ្លេសដែលអ្នកបានរៀន ។
Evaluate (5–10 minutes)
វាយតម្លៃ ( ៥–១០ នាទី )
នៅចុងបញ្ចប់នៃក្រុមសន្ទនានីមួយៗ សូមវាយតម្លៃការរីកចម្រើនរបស់អ្នកនៅលើគោលបំណងមេរៀន ។ សូមប្រើ « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ដើម្បីវាយតម្លៃកិច្ចខិតខំរបស់អ្នកនៅក្នុងការសិក្សាផ្ទាល់ខ្លួន ហើយដាក់គោលដៅដើម្បីកែលម្អ ។ សូមចំណាយពេលដើម្បីអបអរដល់ការរីកចម្រើន និងការខិតខំរបស់អ្នក ។
Daily Practice
ការហាត់ប្រចាំថ្ងៃ
ដើម្បីរៀនភាសាអង់គ្លេស អ្នកចាំបាច់ត្រូវបង្កើតទម្លាប់ហាត់ប្រចាំថ្ងៃ ។ បន្ថែមលើម៉ោងសិក្សាដែលដាក់ សូមស្វែងរកវិធីដើម្បីជំនួសសកម្មភាពប្រចាំថ្ងៃរបស់អ្នកដោយប្រើភាសាអង់គ្លេស ។ ឧទាហរណ៍ ពេលអ្នកស្តាប់តន្ត្រី សូមស្តាប់ជាភាសាអង់គ្លេស ។ នៅពេលអ្នកមើលខ្សែភាពយន្ដ សូមមើលជាភាសាអង់គ្លេស ឬបើកអក្សររត់ចំណងជើងជាភាសាអង់គ្លេស ។ នៅពេលណាអ្នកកំពុងរង់ចាំនៅកន្លែងណាមួយ សូមហាត់សន្ទនាជាភាសាអង់គ្លេសនៅក្នុងគំនិតរបស់អ្នក ។ នៅពេលអ្នកអធិស្ឋាន សូមនិយាយជាភាសាអង់គ្លេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ គន្លឹះដើម្បីហាត់ប្រចាំថ្ងៃ គឺប្រើភាសាអង់គ្លេសនៅក្នុងទម្លាប់ជាធម្មតារបស់អ្នក ។
អ្នកក៏អាចបំពេញសកម្មភាពមេរៀន និងការវាយតម្លៃតាមអនឡាញនៅគេហទំព័រ englishconnect.org/learner/resources ហើយនៅក្នុង សៀវភៅលំហាត់ EnglishConnect ផងដែរ ។
នៅពេលអ្នកបំពេញសកម្មភាពសិក្សាផ្ទាល់ខ្លួនសម្រាប់មេរៀននីមួយៗ ហើយហាត់ប្រចាំថ្ងៃ នោះអ្នកនឹងរៀនបានលឿន និងរៀបចំខ្លួនបានកាន់តែល្អសម្រាប់ក្រុមសន្ទនារបស់អ្នក ។ សូមប្រើ « ការតាមដានការសិក្សាផ្ទាល់ខ្លួន » ដែលមានបញ្ចូលនៅចុងការណែនាំនេះ ដើម្បីតាមដានកិច្ចខិតខំ និងគោលដៅរបស់អ្នក ។
Remember This
ចងចាំការណ៍នេះ
នៅពេលអ្នកបញ្ចប់សកម្មភាពសិក្សាផ្ទាល់ខ្លួន សូមហាត់ភាសាអង់គ្លេសប្រចាំថ្ងៃ ហើយចូលរួមយ៉ាងសកម្មនៅក្នុងក្រុមសន្ទនា នោះអ្នកនឹងអភិវឌ្ឍជំនាញសន្ទនាភាសាអង់គ្លេស ។ សំខាន់ជាងនោះ នៅពេលអ្នកអនុវត្តគោលការណ៍នៃការរៀនសូត្រ ហើយអធិស្ឋានសូមជំនួយរបស់ព្រះ នោះទ្រង់អាចជួយអ្នកសម្រេចគោលដៅរបស់អ្នកក្នុងពេលឥឡូវនេះ និងពេលអនាគត ។