« ធ្វើការជ្រើសរើសដែលបំផុសគំនិត » ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ )
« ធ្វើការជ្រើសរើសដែលបំផុសគំនិត » ដើម្បីកម្លាំងនៃយុវជន
ធ្វើការជ្រើសរើសដែលបំផុសគំនិត
នៅក្នុង ដើម្បីកម្លាំងនៃយុវជន អ្នកនឹងរកឃើញការបង្រៀនជាច្រើនរបស់ព្រះយេស៊ូវគ្រីស្ទ និងព្យាការីទាំងឡាយរបស់ទ្រង់ ។ ដោយមានសេចក្តីពិតទាំងនេះទុកជាការណែនាំរបស់អ្នក នោះអ្នកអាចធ្វើការជ្រើសរើសដែលបំផុសគំនិតដែលនឹងផ្តល់ពរដល់អ្នកពេលនេះ និងរហូតអស់កល្បជានិច្ច ។
ព្រះយេស៊ូវ គ្រីស្ទគឺជាផ្លូវទៅកាន់អំណរដ៏អស់កល្បជានិច្ច ។ នៅពេលអ្នកប្រើសេរីភាពរបស់អ្នកដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ នោះអ្នកនៅលើផ្លូវដែលដឹកនាំទៅរកសុភមង្គលដ៏នៅអស់កល្បជានិច្ច ។ សូមធ្វើឲ្យព្រះយេស៊ូវគ្រីស្ទជាបទដ្ឋានរបស់អ្នក ជាគ្រឹះដ៏រឹងមាំរបស់អ្នក ។ សូមស្ថាបនាជីវិតរបស់អ្នកនៅលើការបង្រៀនទាំងឡាយរបស់ទ្រង់ ហើយថ្លឹងថ្លែងការជ្រើសរើសរបស់អ្នកតាមរយៈការបង្រៀនទាំងនេះ ។ សេចក្ដីសញ្ញាដែលអ្នកធ្វើនៅឯពិធីបុណ្យជ្រមុជទឹក អំឡុងពេលសាក្រាម៉ង់ និងនៅក្នុងព្រះវិហារបរិសុទ្ធ គឺជាបណ្តុំតូចៗដ៏រឹងមាំរបស់អ្នកនៅក្នុងព្រះគ្រីស្ទ ។ អ្នកនឹងនៅតែប្រឈមមុខនឹងភាពស្មុគស្មាញ និងការល្បួងទាំងឡាយ ប៉ុន្តែព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះនឹងជួយអ្នកឆ្លងកាត់អ្វីៗទាំងនោះ ។
អ្នកគឺជាបុត្រខាងវិញ្ញាណជាទីស្រឡាញ់របស់ព្រះ ។ ផែនការនៃសុភមង្គលដ៏មហិមារបស់ទ្រង់ធ្វើឲ្យអ្នកអាចរីកចម្រើនខាងវិញ្ញាណ និងអភិវឌ្ឍសក្ដានុពលដ៏ទេវភាពរបស់អ្នក ។ នេះជាមូលហេតុដែលទ្រង់បានចាត់ព្រះយេស៊ូវគ្រីស្ទឲ្យធ្វើជាព្រះអង្គសង្គ្រោះរបស់អ្នក ។
ព្រះវរបិតាសួគ៌ដែលគង់នៅស្ថានសួគ៌របស់អ្នកទុកចិត្តលើអ្នក ។ ទ្រង់បានប្រទានពរជ័យដ៏អស្ចារ្យដល់អ្នក រួមទាំងភាពពេញលេញនៃដំណឹងល្អ និងពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ដែលចងភ្ជាប់អ្នកទៅនឹងទ្រង់ ហើយនាំព្រះចេស្តារបស់ទ្រង់មកក្នុងជីវិតរបស់អ្នក ។ ជាមួយនឹងពរជ័យទាំងនោះនឹងមានការទទួលខុសត្រូវបន្ថែម ។ ទ្រង់ជ្រាបដឹងថាអ្នកអាចធ្វើឲ្យមានភាពខុសប្លែកនៅក្នុងពិភពលោក ហើយនៅករណីជាច្រើនក៏តម្រូវឲ្យអ្នកធ្វើដែលខុសពីពិភពលោកនេះផងដែរ ។ សូមស្វែងរកការណែនាំពីព្រះវរបិតាសួគ៌របស់អ្នក នៅពេលអ្នកធ្វើការជ្រើសរើស ។ ទ្រង់នឹងប្រទាន ពរឲ្យមានការបំផុសគំនិតដល់អ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
គោលបំណងនៃ ដើម្បីកម្លាំងនៃយុវជន មិនមែនដើម្បីផ្តល់ឲ្យអ្នកនូវ « បាទ/ចាស » ឬ « អត់ទេ » អំពីការជ្រើសរើសដែលអាចកើតមានដែល អ្នកត្រូវប្រឈមមុខនោះទេ ។ ផ្ទុយទៅវិញ ព្រះអម្ចាស់កំពុងអញ្ជើញអ្នកឲ្យរស់នៅតាមមាគ៌ាដ៏ខ្ពង់ខ្ពស់ និងបរិសុទ្ធ—ដែលជាមាគ៌ារបស់ទ្រង់ ។ សេចក្តីណែនាំនេះនឹងបង្រៀនអ្នកអំពីមាគ៌ារបស់ទ្រង់ ។ វាពន្យល់ពីសេចក្តីពិតដែលទ្រង់បានបើកសម្តែង ។ សូមធ្វើឲ្យសេចក្តីពិតទាំងនេះក្លាយជាការណែនាំរបស់អ្នកសម្រាប់ការជ្រើសរើស—ការជ្រើសរើសធំៗ ដូចជា ការចុះសេចក្តីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើបេសកកម្ម ក៏ដូចជាការជ្រើសរើសប្រចាំថ្ងៃ ដូចជារបៀបប្រព្រឹត្តចំពោះមនុស្ស ឬរបៀបចំណាយពេលវេលារបស់អ្នកផងដែរ ។
ខណៈពេលដែលអ្នកផ្សេងទៀតអាចជួយអ្នកបាន នោះការរីកចម្រើនខាងវិញ្ញាណរបស់អ្នកគឺជារឿងផ្ទាល់ខ្លួន ។ វាគឺរវាងអ្នក និងព្រះអម្ចាស់ ។ ទ្រង់ស្គាល់ចិត្តរបស់អ្នក ហើយមានតែទ្រង់ប៉ុណ្ណោះជាចៅក្រមចុងក្រោយ ។ សូមធ្វើឲ្យអស់ពីសមត្ថភាពដើម្បីកែលម្អជារៀងរាល់ថ្ងៃ រក្សាបទបញ្ញត្តិរបស់ព្រះ និងគោរពសេចក្តីសញ្ញារបស់អ្នក ហើយជួយអ្នកដទៃឲ្យខិតទៅជិតព្រះអង្គសង្គ្រោះ ។
សូមមើល ម៉ូសាយ ៤:២៩–៣០ ( ផ្លូវនៃអំពើបាបមានច្រើនរាប់មិនអស់ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន ); ហេលេមិន ៥:១២ ( ស្ថាបនាគ្រឹះរបស់អ្នកនៅលើព្រះគ្រីស្ទ ); គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៥៧ ( សូមយកព្រះវិញ្ញាណបរិសុទ្ធធ្វើជាសេចក្តីណែនាំរបស់អ្នក ); ៨២:១៥ ( ចង់ភ្ជាប់ខ្លួនរបស់អ្នកទៅនឹងព្រះអម្ចាស់ តាមរយៈសេចក្តីសញ្ញាទាំងឡាយ ) ។