យុវវ័យ
ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក


« ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​ ( ឆ្នាំ ២០២២ )

« ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក » ដើម្បី​កម្លាំង​នៃ​យុវជន

រូបភាព
រូប​គំនូរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក

ទំនុកដំកើង ១៤៧:៣

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​របស់​អ្នក ។ ទ្រង់​បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ចាំបាច់​សម្រាប់​អ្នក​ដើម្បី​មាន​អំណរ​នៅក្នុង​ជីវិត​នេះ និង​ជា​រៀងរហូត ។ តាមរយៈ​ការជ្រើសរើស​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​អ្នក​កំពុង​ជ្រើសរើស​អំណរ​ដ៏​អស់​កល្បជានិច្ច ។

រូបភាព
រូបគំនូរ​របស់​បុរស​ម្នាក់​ដែល​ព្រះហស្ត​របស់​ព្រះ​យេស៊ូវ​ប៉ះ​ភ្នែក​ងងឹត​របស់​គាត់ ។

ទោះបី​ជា​ពេល​អ្នក​ព្យាយាម​ធ្វើ​ការជ្រើស​ល្អ​ឲ្យ​អស់​ពី​សមត្ថភាព​ក្តី ក៏​នៅពេល​ខ្លះ​អ្នក​នឹង​នៅតែ​ធ្វើ​ខុស​ដែរ ។ អ្នក​នឹង​ធ្វើ​អ្វីៗ​ដែល​អ្នក​ប្រាថ្នា​ថា អ្នក​មិន​បានធ្វើ​បែប​នោះ ។ មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ ។ នៅពេល​អារម្មណ៍​នោះ​កើតឡើង វា​ងាយ​នឹង​មាន​អារម្មណ៍​បាក់ទឹកចិត្ត ឬ​ឆ្ងល់​ថាតើ​អ្នក​នឹង​ល្អ​គ្រប់គ្រាន់​ឬ​អត់ ។ ប៉ុន្ដែមានដំណឹងល្អមួយ—ជា​ដំណឹងល្អ​ដ៏​អស្ចារ្យ និង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម ! ដោយសារ​ព្រះ​ស្រឡាញ់​អ្នក ទ្រង់​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​លើក​ដាក់​លើ​ទ្រង់​ផ្ទាល់​នូវ​អំពើបាប​របស់​អ្នក ដើម្បី​អ្នក​អាច​ប្រែចិត្ត ហើយ​បន្ត​រីកចម្រើន​ទៅមុខ ។

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ពង្រឹង​អ្នក ។ ទ្រង់​អាច​ជួយ​អ្នក​ផ្លាស់ប្តូរ​បំណងប្រាថ្នា គំនិត និង​សកម្មភាព​របស់​អ្នក​បាន ។ នៅពេល​អ្នក​ព្រួយបារម្ភ ភ័យខ្លាច ឬ​ពុះពារ​តាម​មធ្យោបាយ​ណាមួយ​ក៏​ដោយ ទ្រង់​នឹង​សម្រាល​ទុក្ខ​អ្នក ។ ទ្រង់​នឹង​ជួយ​អ្នក​នៅ​គ្រប់​ស្ថានភាព​នៃ​ជីវិត​របស់អ្នក ។

ការប្រែចិត្ត​មិន​មែន​ជា​ការដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​បាបទេ វា​គឺជា​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​រំដោះ​យើង​ពី​អំពើ​បាប ។ ការប្រែចិត្ត​មាន​ន័យ​ថា​ការផ្លាស់​ប្តូរ—ត្រូវ​ងាក​ចេញ​ពី​អំពើ​បាប ហើយ​បែរ​ទៅ​រក​ព្រះ ។ វា​មានន័យ​ថា​ត្រូវ​កែលម្អ និង​ទទួល​ការភ័យ​ទោស ។ ការផ្លាស់ប្តូរ​ប្រភេទ​នេះ​មិនមែន​ជា​ព្រឹត្តិការណ៍​ដែល​មាន​តែ​ម្តង​ទេ វា​ជា​ដំណើរការ​បន្ត​ទៅ​មុខ ។

ការ​អញ្ជើញ

ប្រែ​ចិត្ត ។ សូម​ងាក​ទៅរក​ព្រះអម្ចាស់​ដោយ​មាន​បំណងប្រាថ្នា​ដើម្បី​កែលម្អ ។ នៅពេល​អ្នក​បាន​ធ្វើអ្វី​មួយ​ខុស សូម​សារភាព​កំហុស​នោះ​ដោយ​ស្មោះត្រង់​នៅ​ចំពោះមុខ​ព្រះ បើ​ចាំបាច់ សូម​ទៅជួប​ប៊ីស្សព​របស់​អ្នក និង​នរណា​ម្នាក់​ដែល​អ្នក​ប្រហែលជា​បាន​ធ្វើ​ឲ្យ​គេ​ពិបាក ។ សូម​ខិតខំ​ធ្វើ​រឿង​ល្អ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក ។

សូម​រីករាយ​នឹង​អំណោយទាន​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ និង​ឲ្យ​កាន់តែ​ល្អ ។ ទោះបី​ជា​វា​មិន​ងាយស្រួល និង​ចំណាយពេល​យូរ​ជាង​អ្នក​ចង់​បាន​ក៏ដោយ សូម​កុំ​ឈប់​ព្យាយាម​ឡើយ ។ សូម​ខិតខំ​បន្ត និង​ទុកចិត្ត​លើ ព្រះអម្ចាស់ ។ ព្រះអង្គសង្រ្គោះ​នឹង​ជួយ​អ្នក​នៅ​គ្រប់ជំហាន​នៅ​តាម​ផ្លូវ ។

ពរជ័យ​ដែល​បាន​សន្យា

ព្រះយេស៊ូវគ្រីស្ទ​នឹង​អភ័យទោស ហើយ​ព្យាបាល​អ្នក កាល​អ្នក​ប្រែចិត្ត ។ ទ្រង់​ប្តូរ​កំហុស​របស់​អ្នក​ជាមួយ​នឹង​សេចក្តីសុខសាន្ត និង​អំណរ ។ ទ្រង់​នឹង​មិន​ចងចាំ​កំហុស​របស់ អ្នក​ទៀត​ឡើយ ។ ដោយ​មាន​កម្លាំង​របស់​ទ្រង់ នោះ​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​រក្សា​ព្រះបញ្ញត្តិ​របស់ទ្រង់​នឹង​កើន​ឡើង ។

ទ្រង់​នឹង​ផ្លាស់ប្តូរ​ចិត្ត និង​ជីវិត​របស់​អ្នក ។ បន្តិច​ម្តងៗ អ្នក​នឹង​រីកចម្រើន ហើយ​ប្រែក្លាយ​កាន់តែ​ដូចទ្រង់ ។ ទំនាក់ទំនង​សេចក្តី​សញ្ញា​របស់ អ្នក​ជាមួយ​ទ្រង់ នឹង​នាំ​ឲ្យ​កាន់តែ​ទទួល​បាន​ព្រះចេស្តា​ទ្រង់​កាន់តែ​ច្រើនឡើង ។

រូបភាព
រូបតំណាង​សំណួរ និង​ចម្លើយ

សំណួរ និង ចម្លើយ

តើ​ខ្ញុំ​ដឹងថា ប្រសិនបើ​ព្រះបាន​អត់ទោស​ឲ្យ​ខ្ញុំ​ដោយ​របៀប​ណា ? ព្រះ​បាន​សន្យា​ថា​ទ្រង់​នឹង​អភ័យទោស​ដល់ អស់ អ្នក​ដែល​ប្រែចិត្ត ។ នៅពេល​អ្នក​ទទួល​អារម្មណ៍​លួងលោម​ពី​ព្រះវិញ្ញាណ នោះ​អ្នក​អាច​ដឹង​ថា ព្រះចេស្តា​ដ៏​ធួន​របស់​ព្រះអង្គ​សង្រ្គោះ​គឺ​កំពុង​ដំណើរការ​នៅក្នុង​ជីវិត​របស់​អ្នក ។

តើ​ខ្ញុំ​ត្រូវការ​ជំនួយ​របស់​ប៊ីស្សព​ដើម្បី​ប្រែចិត្ត​នៅពេល​ណា ? ប៊ីស្សព​របស់​អ្នក​កាន់​កូនសោ​បព្វជិតភាព និង​អំណោយទាន​ខាងវិញ្ញាណ​ដើម្បី​ជួយ​អ្នក​ប្រែចិត្ត ។ អ្នក​អាច​ស្វែងរក​ជំនួយ និង​ដំបូន្មាន​របស់​គាត់​នៅ​គ្រប់ពេល​វេលា​បាន ។ ប្រសិនបើ​អ្នក​បាន​ប្រព្រឹត្តិ​កំហុស​ធ្ងន់ធ្ងរ ដូចជា ការប្រព្រឹត្តិ​ខុស​ច្បាប់​បរិសុទ្ធភាព សូម​ជួប​ជាមួយ​ប៊ីស្សព​របស់​អ្នក ។ គាត់​មិន​ដាក់​ទោស​អ្នក​ឡើយ ។ គាត់​គឺជា​អ្នក​តំណាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​ដើម្បី​ប្រែចិត្ត​យ៉ាង​ពេញលេញ និង​ទទួល​បាន​ការព្យាបាល និង​ការពង្រឹង​ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ ។

ខ្ញុំ​កំពុង​ព្យាយាម​ប្រែចិត្ត ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​កំហុស​ដដែល ។ តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វី​ទៅ ? វា​ត្រូវ​ចំណាយ​ពេលវេលា​ដើម្បី​បង្កើត​ទម្លាប់​ល្អ និង​បោះចោល​ទម្លាប់​អាក្រក់ ដូច្នេះ​ហើយ​សូម​កុំ​ឈប់​ឡើយ ។ សូម​ងាក​ទៅរក​ព្រះអម្ចាស់ ។ ព្រះគុណ​របស់​ទ្រង់​គឺ​មាន​ល្មម​គ្រប់គ្រាន់​ហើយ ។ សូម​សាកល្បង​ម្ដង​ទៀត ។ អ្នក​មិន​ឯកោ​ទេ​នៅក្នុង​កិច្ច​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​ការរីចម្រើន ។ ព្រះយេស៊ូវ​គ្រីស្ទ​តែងតែ​នៅ​ជាមួយ​អ្នក​ជានិច្ច ។

រូបភាព
រូបគំនូរ​របស់​ព្រះ​យេស៊ូវ​កាន់​ដៃ​ពេត្រុស ពេល​កំពុង​មាន​មាន​រលក​បោកបក់ ។

សូមមើល អេណុស ១:៦កំហុស​អាច​បំបាត់ចោល ); ម៉ូសាយ ៤:៣តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះ​ឲ្យ​អ្នក​ដឹង​ថា​អ្នក​ទទួល​បាន​ការអត់ទោស ); ២៦:៣០ព្រះអង្គ​សង្រ្គោះ​អត់ទោស​ញឹកញាប់​តាម​ដែល​យើង​ប្រែចិត្ត ); អេធើរ ១២:២៧ព្រះគុណ​របស់​ព្រះអង្គ​សង្រ្គោះ​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ទៅ​ជា​ខ្លាំង​ពូកែ ); មរ៉ូណៃ ៦:៨អស់​អ្នក​ដែល​ប្រែចិត្ត​នឹង​បាន​អត់​ទោស​ឲ្យ ); ១០:៣២សូម​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ ); គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣២ព្រះអម្ចាស់​អត់ទោស​ឲ្យ​អស់​អ្នក​ដែល​ប្រែចិត្ត ); ៥៨:៤២–៤៣ការ​ប្រែចិត្ត​រួមទាំង​ការសារភាព និង​ការបោះបង់​ចោល​អំពើបាប ) ។

រូបភាព
រូប​តំណាង​ព្រះវិហារ​បរិសុទ្ធ

សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

តើ​អ្នក​មាន​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ទៅលើ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប ជាព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬទេ ?

តើ​អ្នក​មាន​ទីបន្ទាល់​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ និង​តួនាទី​របស់​ទ្រង់​ក្នុងនាម​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះប្រោសលោះ​ដែរ​ឬទេ ?