យុវវ័យ
រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ


« រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​ ( ឆ្នាំ ២០២២ )

« រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » ដើម្បី​កម្លាំង​នៃ​យុវជន

រូបគំនូរ​ស្រ្តី​ម្នាក់​កំពុង​អធិស្ឋាន ។

រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ

កូរិនថូស ទី១ ៦:១៨–២០

រូបតំណាង​មនុស្ស​កំពុង​លេង​បាល់​ទាត់

រូបកាយ​របស់​អ្នក​គឺជា​អំណោយទាន​ដ៏​អស្ចារ្យ​មកពី​ព្រះវរបិតា​សួគ៌​របស់​អ្នក ។ ទ្រង់​បាន​ប្រទាន​រូបកាយ​មក​ឲ្យ​អ្នក​ដើម្បី​ជួយ​អ្នក​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ ការ​មាន​រូបកាយ​ផ្តល់​ឲ្យ​អ្នក​នូវ​ថាមពល​ថែមទៀត​ដើម្បី​អនុវត្ត​សេរីភាព​ជ្រើសរើស​របស់​អ្នក ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ​អាច​ជួយ​អ្នក​មើលឃើញ​រូបកាយ​របស់អ្នក​តាម​ព្រះ​ទស្សន​វិស័យ​របស់​ព្រះ ។ ហើយ​នោះ​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ដ៏​ធំ​នៅក្នុង​ជម្រើស​របស់​អ្នក​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​រូបកាយ​របស់​អ្នក និង​របៀប​ថែទាំ​រូបកាយ​នេះ ។

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

រូបកាយ​របស់​អ្នក​គឺជា​រូបរាង​របស់​ព្រះ—ជា​អង្គ​ដ៏​ដ៏​មាន​សិរី រុង​រឿង​អស្ចារ្យ​បំផុត​ក្នុង​សកលលោក ។ ព្រះគម្ពីរ​បាន​ប្រៀបធៀប​រូបកាយ​យើង​ទៅនឹង​ព្រះវិហារបរិសុទ្ធ ជា​ទីកន្លែង​ដែល​ព្រះវិញ្ញាណ​អាច​គង់​នៅ ។ ប្រាកដ​ណាស់ រូបកាយ​របស់​អ្នក​ពុំ​ទាន់​ឥតខ្ចោះ​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ។ ប៉ុន្តែ​បទពិសោធន៍​ដែល​អ្នក​មាន​ជាមួយ​នឹង​រូបកាយ​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​នូវ​រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ រស់ឡើងវិញ និង​រុងរឿង​នៅថ្ងៃ​ណា​មួយ ។

ព្រលឹង​របស់​អ្នក​បង្កើត​ឡើង​ដោយ​រូបកាយ និង​វិញ្ញាណ​របស់​អ្នក ។ ដោយ​ហេតុផល​នេះ សុខភាព​ផ្លូវកាយ និង​សុខភាព​ខាងវិញ្ញាណ​គឺ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ។ ព្រះអង្គ​សង្គ្រោះ​បាន​បើក​សម្ដែង​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ដើម្បី​បង្រៀន​គោលការណ៍​នៃ​ការមើលថែ​រូបកាយ​របស់អ្នក—ហើយ​សន្យា​នូវ​ពរជ័យ​ខាង​រូបកាយ និង​ខាងវិញ្ញាណ ។

អារម្មណ៍​ខាង​ផ្លូវ​ភេទ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ ដើម្បី​បង្កើត​អាពាហ៍​ពិពាហ៍​ដែល​សប្បាយ​រីករាយ និង​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ អារម្មណ៍​នេះ​មិនមែន​ជា​អំពើបាប​នោះ​ទេ—អារម្មណ៍​ទាំងនេះ​គឺ​ពិសិដ្ឋ ។ ពីព្រោះ​អារម្មណ៍​ផ្លូវ​ភេទ​គឺ​ពិសិដ្ឋ និង​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ព្រះ​បាន​ប្រទាន​ដល់​អ្នក​នូវ​ច្បាប់​ព្រហ្មចារីភាព​របស់​ទ្រង់ ដើម្បី​រៀបចំ​អ្នក​ឲ្យ​ប្រើ​អារម្មណ៍​ទាំងនេះ​តាម​ព្រះរាជ​បំណង​របស់​ទ្រង់ ។ ច្បាប់​ព្រហ្មចារីភាព​ចែងថា ព្រះ​អនុម័ត​សកម្មភាព​ខាង​ផ្លូវ​ភេទ​របស់​យើង​តែ​រវាង​បុរស និង​ស្រ្តី​ដែល​បាន​រៀបការ​ហើយ​ប៉ុណ្ណោះ ។ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​បដិសេធ ឬ​ថែមទាំង​ចំអក​ដល់​ក្រឹត្យ​វិន័យ​របស់​ព្រះ ប៉ុន្តែ​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ហើយ​រស់នៅ​តាម​បទដ្ឋាន​ឲ្យ​បាន​ខ្ពស់​ជាង​ពិភពលោក​នេះ ។

គ្រួសារ​មួយ​កំពុង​ដើរ​នៅលើ​ផ្លូវ​នៅ​ទីក្រុង ។

ការ​អញ្ជើញ

សូម​ប្រព្រឹត្ត​ចំពោះ​រូបកាយ​របស់​អ្នក—និង​រូបកាយ​របស់​អ្នក​ផ្សេង—ដោយ​ការគោរព ។ នៅពេល​អ្នក​ធ្វើការ​សម្រេច​ចិត្ត​អំពី​សម្លៀក​បំពាក់ ម៉ូដ​សក់ និង​រូបរាង​របស់​អ្នក សូម​សួរ​ខ្លួនឯង​ថា « តើ​ខ្ញុំ​កំពុង​គោរព​ដល់​រូបកាយ​របស់​ខ្ញុំ​ដែល​ជា​អំណោយ​ទាន​ដ៏​ពិសិដ្ឋ​ពី​ព្រះ​ដែរ​ឬ​ទេ ? » ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ឃើញ​គ្នា​ទៅវិញ​ទៅមក​ថា យើង​ជា​នរណា ៖ មិន​មែន​គ្រាន់តែ​ជា​រូបកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​បុត្រាបុត្រី​ជា​ទីស្រឡាញ់​របស់​ទ្រង់​ដែល​មាន​ជោគវាសនា​ដ៏​ទេវភាព ។ សូម​ជៀសវាង​ម៉ូដ​ដែល​បង្ហាញ​ខ្លាំង​ពេក ឬ​នាំ​ឲ្យ​មាន​ការគិត​មិន​សមរម្យ​ចំពោះ​រូបកាយ​របស់អ្នក ជាជាង​បង្ហាញ​ថា​អ្នក​ជា​នរណា​ក្នុង​នាម​ជា​បុត្រ​របស់ព្រះ​ជាមួយនឹង​អនាគត​ដ៏​អស់​កល្បជានិច្ច ។ សូម​ឲ្យ​ភាពស្អាតស្អំ​ខាង​សីលធម៌ និង​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​ដឹកនាំ​ជម្រើស​របស់​អ្នក ។ សូម​ស្វែងរក​ដំបូន្មាន​ពី​ឪពុកម្តាយ​របស់​អ្នក ។

យុវជន​ពីរ​នាក់​នៅក្នុង​ព្រៃ​ក្នុង​តំបន់​ត្រូពិច ។

សូម​ធ្វើ​អ្វី​ដែល​នឹង​ពង្រឹង​រូបកាយ​របស់​អ្នក—គ្មាន​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​វា​ឈឺចាប់ ឬ​ខូចខាត​នោះ​ទេ ។ សូម​រីករាយ​នឹង​អំណរគុណ​ដែល​ព្រះ​បាន​ប្រទាន​អ្វីៗ​ល្អៗ​ជាច្រើន ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា គ្រឿង​ស្រវឹង ថ្នាំ​ជក់ កាហ្វេ តែ និង​សារធាតុ​បង្កគ្រោះ​ថ្នាក់​ផ្សេងៗ​ទៀត មិនមែន​សម្រាប់​រូបកាយ ឬ​វិញ្ញាណ​របស់​អ្នក​ទេ ។ សូម្បីតែ​សារធាតុ​ដែល​មាន​ប្រយោជន៍ ដូចជា ថ្នាំ​តាម​វេជ្ជបញ្ជា​ក៏​អាច​បំផ្លាញ​បាន ប្រសិនបើ​មិន​បាន​ប្រើ​ត្រឹមត្រូវ​នោះ ។

រក្សា​ផ្លូវភេទ និង​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​ពិសិដ្ឋ ។ វា​មិន​គួរ​ជា​ប្រធានបទ​លេង​សើច​សប្បាយ ឬ​ការកម្សាន្ត​នោះ​ទេ ។ រវាង​បុរស និង​ស្រ្តី ដែល​នៅ​ក្រៅ​ចំណង​អាពាហ៍​ពិពាហ៍ គឺ​វា​ខុស​ដែល​ត្រូវ​ប៉ះពាល់​ផ្នែក​សម្ងាត់ ពិសិដ្ឋ​លើ​រូបកាយ​របស់​មនុស្ស​ផ្សេង​សូម្បីតែ​វា​បានបិទបាំង​ដោយ​សម្លៀក​បំពាក់​ក៏​ដោយ ។ នៅក្នុង​ជម្រើស​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​ធ្វើ សូម​មើល អាន ស្តាប់ គិតអំពី ការចុះផ្សាយ ឬ​អត្ថបទ សូម​ជៀស​វាង​ពី​អ្វីៗ​ដែល​មាន​ចេតនា​ដាស់​អារម្មណ៍​ចំណង់​ចំពោះ​អ្នក​ដទៃ ឬ​ខ្លួន​អ្នក ។ អ្វីៗ​ទាំងនេះ​រួមទាំង​រូប​អាសគ្រាម​នៅ​គ្រប់​ទម្រង់ ។ ប្រសិនបើ​អ្នក​រកឃើញ​ថា​ស្ថានភាព ឬ​សកម្មភាព​ធ្វើ​ឲ្យ​មាន​ការល្បួង​កាន់តែ​ខ្លាំង សូម​ចៀសវាង​ពី​វា ។ អ្នក​ដឹងថា​ស្ថានភាព និង​សកម្មភាព​ទាំងនោះ​ជា​អ្វី ។ ហើយ​ប្រសិន​បើ​អ្នក​មិន​ប្រាកដ​ទេ ព្រះវិញ្ញាណ ឪពុកម្តាយ​របស់​អ្នក និង​ថ្នាក់​ដឹកនាំ​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​ដឹង​បាន ។ សូម​បង្ហាញ​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌​ថា អ្នក​ឲ្យ​តម្លៃ និង​គោរព​អំណាច​ដ៏​ពិសិដ្ឋ​ក្នុងការ​បង្កើត​ជីវិត ។

ក្មេងប្រុស​ពីរ​នាក់​ជួយ​ធ្វើ​ម្ហូប​ម្តាយ​របស់​គាត់ ។

ពរជ័យ​ដែល​បាន​សន្យា

ការគោរព​របស់​អ្នក​ចំពោះ​ខ្លួន​អ្នក​និង​អ្នក​ដទៃ​នឹង​កើនឡើង កាល​ណា​អ្នក​គោរព​ដល់​រូបកាយ​របស់​អ្នក តាមរយៈ​ឥរិយាបទ បុគ្គលិក​លក្ខណៈ​ខាងក្រៅ និង​ការស្លៀកពាក់​របស់​អ្នក ។

ព្រះអម្ចាស់​បាន​សន្យា​នូវ​រតនៈ​សម្បត្តិ​ដ៏​អស្ចារ្យ​នៃ​ចំណេះដឹង ចំពោះ​អស់​អ្នក​ដែល​រក្សា​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាងវៃ ។ រូបកាយ​ដែល​មាន​សុខភាព​ល្អ គ្មាន​ការញៀន ក៏​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុងការ​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន គិត​បាន​ច្បាស់លាស់ និង​បម្រើ​ព្រះអម្ចាស់​ផងដែរ ។

ការ​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព​នាំមក​នូវ​ការអនុម័ត​ពី​ព្រះ និង​អំណាច​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន ។ នៅពេល​អ្នក​រៀបការ ច្បាប់​នេះ​នឹង​នាំមក​នូវ​សេចក្តី​ស្រឡាញ់ ទំនុកចិត្ត និង​ការរួបរួម​កាន់តែ​ខ្លាំង​ដល់​ចំណង​អាពាហ៍​ពិពាហ៍​របស់​អ្នក ។ ការគោរព​តាម​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​រីកចម្រើន​ជា​រៀង​រហូត ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌​របស់​អ្នក ។ ទំនុក​ចិត្ត​របស់​អ្នក​នឹង​កើន​ឡើង នៅ​ពេល​អ្នក​រស់នៅ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបគំនូរ​របស់​ព្រះយេស៊ូវ​កំពុង​បង្រៀន​ដល់​ម៉ារា និង ម៉ាថា ។
រូបតំណាង​សំណួរ និង​ចម្លើយ

សំណួរ និង ចម្លើយ

តើ​អ្វី​ជា​បទដ្ឋាន​របស់​ព្រះអម្ចាស់​ស្តីពី​ការស្លៀកពាក់ ការតែង​ខ្លួន ការការសាក់ និង​ការចោះ ? បទដ្ឋាន​របស់​ព្រះអម្ចាស់​គឺ​សម្រាប់​អ្នក​ដើម្បី​គោរព​ដល់​ភាពពិសិដ្ឋ​នៃ​រូបកាយ​របស់​អ្នក ទោះបីជា​វា​មាន​ន័យ​ថា​ខុស​ពី​ពិភពលោក​ក៏ដោយ ។ សូម​ឲ្យ​សេចក្ដីពិត​នេះ និង​ព្រះវិញ្ញាណ​ធ្វើ​ជា​អ្នក​ដឹកនាំ កាលណា​អ្នក​ធ្វើ​ការសម្រេច​ចិត្ត—ជា​ពិសេស​ការសម្រេច​ចិត្ត​ដែល​មាន​ឥទ្ធិពល​យូរអង្វែង​លើ​រូបកាយ​របស់​អ្នក ។ សូម​មាន​ប្រាជ្ញា និង​ស្មោះត្រង់ ហើយ​ស្វែងរក​ការប្រឹក្សា​ពី​ឪពុកម្តាយ និង​ថ្នាក់​ដឹកនាំ​របស់​អ្នក ។

តើ​ខ្ញុំ​អាច​យក​ឈ្នះ​លើ​ការល្បួង និង​ទម្លាប់​អាក្រក់​បាន​ដោយ​របៀប​ណា ? ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ មាន​ព្រះចេស្តា​ដើម្បី​ជួយ​អ្នក ។ សូម​បំពេញ​ជីវិត​របស់​អ្នក​ជាមួយ​នឹង​អ្វី​ដែល​យាងអញ្ជើញ​ព្រះចេស្តា​នោះ​មក​ក្នុង​ជីវិត​របស់​អ្នក ដូចជា ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការបម្រើ​ដល់​អ្នក​ដទៃ ។ សូម​ងាក​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​អ្នក​នឹង​ឃើញ​ថា ភាព​ទន់ខ្សោយ​អាច​ក្លាយ​ជា​ភាពខ្លាំង​វិញ​បាន ។ សូម​ស្វែងរក​ជំនួយ​ពី​ឪពុកម្តាយ ថ្នាក់​ដឹកនាំ និង​អ្នកប្រឹក្សា​ជំនាញ តាម​តម្រូវការ ។ សម្រាប់​អស់​អ្នក​ដែល​ទទួលរង​ការញៀន នោះ​សាសនាចក្រ​ផ្ដល់​នូវ​កម្មវិធី​សង្គ្រោះ​ការញៀន​មួយ ។ ទាំងនេះ​គឺជា​ពរជ័យ​ដែល​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​ផ្តល់​ឲ្យ​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ការគ្រប់គ្រង​ជីវិត​របស់​អ្នក​ឡើង​វិញ ។ វា​នឹង​ត្រូវ​ចំណាយពេល ដូច្នេះ សូម​អត់ធ្មត់ ហើយ​មិន​ត្រូវ​បោះបង់​ចោល​ឡើយ ។

ក្មេងស្រី​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ ។

ខ្ញុំ​ប្រតិព័ទ្ធ​មនុស្ស​មាន​ភេទ​ដូច​ខ្ញុំ ។ តើ​បទដ្ឋាន​ទាំងនេះ​អនុវត្ត​ចំពោះ​ខ្ញុំ​ដោយ​របៀបណា ? ការ​មាន​អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​មិន​មែន​ជា​អំពើបាប​នោះ​ទេ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ទាំងនេះ ហើយ​មិន​ចង់បាន ឬ​ធ្វើតាម​អារម្មណ៍​នេះ នោះ​អ្នក​កំពុង​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព ដ៏​ពិសិដ្ឋ​ហើយ ។ អ្នក​គឺជា​បុត្រ​ស្ងួនភ្ញា​របស់​ព្រះ ហើយ​ជា​សិស្ស​របស់ ព្រះ​យេស៊ូវ គ្រីស្ទ ។ សូម​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ​យល់​ពី​អ្វី​ទាំងអស់​ដែល​អ្នក​ជួបប្រទះ ។ តាមរយៈ​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​អ្នក​ជាមួយ​ទ្រង់ អ្នក​នឹង​ទទួលបាន​កម្លាំង​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​ទទួល​បាន​ពរជ័យ​ដែល​ទ្រង់​សន្យា ។ សូម ទុកចិត្ត​លើ​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ខ្ញុំ​ទទួល​ការរំលោភ​បំពាន ហើយ​មាន អារម្មណ៍​ខ្មាស​អៀន ។ តើ​ខ្ញុំ​មាន​អំពើបាប​ដែរ​ឬ​ទេ ? ការក្លាយ​ជា​ជនរងគ្រោះ​ពី​ការរំលោភ​បំពាន ឬ​ការ​វាយដំ​ណាមួយ​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អំពើបាប​នោះ​ទេ ។ សូម​កុំ​មាន​អារម្មណ៍​ថា​ខុសឆ្គង ឬ​ខ្មាសអៀន​ឡើយ ។ ព្រះអង្គសង្រ្គោះ​ស្រឡាញ់​អ្នក ។ ទ្រង់​ចង់​ជួយ​អ្នក ព្យាបាល​អ្នក និង​ប្រទាន​សេចក្តី​សុខសាន្ត​ដល់​អ្នក ។ អ្នក​ប្រឹក្សា​ជំនាញ សមាជិក​គ្រួសារ​របស់ អ្នក និង​ថ្នាក់​ដឹកនាំ​របស់​អ្នក​ក៏​អាច​ជួយ​បាន​ផងដែរ ។

សូមមើល លោកុប្បត្តិ ១:២៧យើង​ត្រូវ​បាន​បង្កើត​តាម​រូប​របស់​ព្រះ ); យ៉ូហាន ១៤:១៨ព្រះអង្គ​សង្រ្គោះ​សន្យា​នូវ​ការលួងលោម ); ភីលីព ៤:៧ សេចក្តី​សុខសាន្ត​របស់​ព្រះ​​ហួស​លើស​ពី​អស់​ទាំង​គំនិត ); គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១៥ព្រះវិញ្ញាណ និង​រូបកាយ​គឺជា​ព្រលឹង ); ៨៩ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ); ១២១:៤៥គំនិត​ដែល​មាន​គុណធម៌នាំ​ឲ្យ​មាន​ទំនុកចិត្ត ) ។

រូប​តំណាង​ព្រះវិហារ​បរិសុទ្ធ

សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​គ្រប់​ការណ៍ទាំង​អស់ គឺត្រូវ « ធ្វើ​ដោយ​ភាព​ស្អាតបាត » នៅ​ចំពោះទ្រង់ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៤១ ) ។ តើ​អ្នក​ព្យាយាម​ដើម្បី​មានភាព​ស្អាតបាត​ខាង​សីលធម៌​នៅក្នុង​គំនិត និង​អាកប្បកិរិយា​របស់​អ្នកដែរ​ឬទេ ? តើ​អ្នក​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ដែរ​ឬទេ ?

តើ​អ្នក​យល់ និង​គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញាវាងវៃ​ដែរ​ឬទេ ?