យុវវ័យ
សេចក្តីពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព


« សេចក្តីពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរី​ភាព » ដើម្បី​កម្លាំង​នៃ​យុវជន ៖ ជា​សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​ ( ឆ្នាំ ២០២២ )

« សេចក្តីពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរី​ភាព » ដើម្បី​កម្លាំង​នៃ​យុវជន

រូបភាព
រូប​គំនូរ​របស់​យុវនារី​កាន់​ទៀន ហើយ​សម្លឹង​មើល​ទៅ​លើ​មេឃ ។

សេចក្តីពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព

យ៉ូហាន ៨:៣២

ព្រះវរបិតាសួគ៌​របស់​អ្នក​គឺជា​ព្រះ​នៃ​សេចក្តីពិត ។ ទ្រង់​ជ្រាប​អ្វីៗ​ទាំងអស់ ។ សេចក្តីពិត​ទាំងអស់​មកពី​ទ្រង់ និង​ដឹកនាំ​ទៅរក​ទ្រង់ ។ អ្នក​បង្ហាញ​ថា អ្នក​ឲ្យ​តម្លៃ​លើ​សេចក្តីពិត កាល​អ្នក​ខិតខំ​រៀនសូត្រ រស់នៅ​ជាមួយ​ភាពស្មោះត្រង់ ហើយ​ឈរ​យ៉ាងក្លាហាន​ចំពោះ​អ្វី​ដែល​អ្នក​ដឹង​ថា​ត្រឹមត្រូវ—បើទោះបី​ជា​អ្នក​ត្រូវ​ឈរ​តែ​ម្នាក់​ឯង​ក៏ដោយ ។

រូបភាព
យុវជន​ម្នាក់​កំពុង​ញញឹម ។

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រី និង​បុត្រា​របស់​ទ្រង់​រៀន​សូត្រ​ជានិច្ច ។ អ្នក​មាន​ហេតុផល​ទាំង​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ​ក្នុង​ការ​ស្វែងរក និង​ការ​ស្រឡាញ់​ការរៀន​សូត្រ ។ ការអប់រំ​មិនមែន​តែ​អំពី​ការ​រក​ប្រាក់​ប៉ុណ្ណោះ​នោះ​ទេ ។ ការអប់រំ​គឺ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ដ៏​អស់កល្ប​របស់​អ្នក​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ ។

ការរស់នៅ​ដោយ​ទៀងត្រង់​មាន​ន័យថា អ្នក​ស្រឡាញ់​សេចក្តី​ពិត​អស់​ពី​ចិត្ត—ច្រើន​ជាង​អ្នក​ស្រឡាញ់​ការលួងលោម​ផ្ទាល់ខ្លួន ប្រជា​ប្រិយភាព ឬ​ភាពងាយស្រួល ។ វា​មាន​ន័យ​ថា​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ព្រោះ​វា​ត្រឹមត្រូវ ។

អ្នក​មាន​អ្វី​មួយ​ដែល​មាន​តម្លៃ​ដើម្បី​ចែករំលែក ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចម្លើយ​ចំពោះ​សំណួរ​នៃ​ជីវិត ។ វា​គឺជា​ផ្លូវ​ទៅរក​សេចក្តី​សុខសាន្ត និង​សុភមង្គល ។ អ្នក​ប្រហែល​ជា​មិន​ដឹង​គ្រប់​យ៉ាង​ទេ ប៉ុន្តែ​អ្នក​ដឹង​គ្រប់គ្រាន់​ក្នុងការ​ជួយ​អ្នក​ដទៃ​ឲ្យ​យល់ និង​ឲ្យ​តម្លៃ​គោលការណ៍​ដ៏​ពិត ដែល​អស់កល្ប​ជានិច្ច ។

ការ​អញ្ជើញ

សូម​ធ្វើ​ជាមនុស្ស​រៀនសូត្រ​ជានិច្ច ។ សូម​ស្វែងរក​ឱកាស​ដើម្បី​ពង្រីក​គំនិត និង​ជំនាញ​របស់​អ្នក ។ ឱកាស​ទាំងនេះ​អាច​រួម​បញ្ចូល​ការអប់រំ​ផ្លូវការ​នៅ​សាលា ឬ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដូចជា​ការរៀន​ក្រៅផ្លូវការ​ពី​ប្រភព​ដែល​អ្នក​ទុកចិត្ត​ផងដែរ ។ សូម​រាប់បញ្ចូល​ព្រះអម្ចាស់​នៅក្នុង​ការខិតខំ​របស់​អ្នក ហើយ​ទ្រង់​នឹង​ដឹកនាំ​អ្នក ។ នៅពេល​អ្នក​រៀន​អំពី​ពិភពលោក​ជុំវិញ​អ្នក សូម​រៀន​ផងដែរ​អំពី​ព្រះអង្គសង្គ្រោះ ដែល​បាន​បង្កើត​ពិភពលោក​នេះ ។ សូម​សិក្សា​ពី​ព្រះជន្ម និង​ការបង្រៀន​របស់​ទ្រង់ ។ សូម​ធ្វើ​ឲ្យ​ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន និង​ការសិក្សា​ដំណឹង​ល្អ​ផ្ទាល់ខ្លួន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ពេញ​មួយ​ជីវិត​របស់​អ្នក ។

ស្រឡាញ់​សេចក្តីពិត ឲ្យ​បាន​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចង់​លួច កុហក បន្លំ ឬ​បោក​បញ្ឆោត​តាម​គ្រប់​មធ្យោបាយ​ទាំង​នៅ​សាលា កន្លែង​ធ្វើការ តាម​អនឡាញ និង គ្រប់​ទីកន្លែង​ទាំងអស់ ។ សូម​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​ស្មោះត្រង់​ដូចគ្នា​ទាំង​នៅ​ទីសាធារណៈ និង​ទី​ឯកជន ។

សូម​ធ្វើ​ជា​ពន្លឺ​ដល់​អ្នក​ដទៃ ។ សូម​ឲ្យ​ពាក្យ​សំដី និង​សកម្មភាព​របស់​អ្នក​ឆ្លុះបញ្ចាំង​ពី​សេចក្តីជំនឿ​របស់​អ្នក​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​រៀបចំ​ខ្លួន​ឥឡូវនេះ​សម្រាប់​ឱកាស​នា​ពេល​អនាគត​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដ៏​រុងរឿង​របស់ទ្រង់ ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ពេញ​មួយ​ជីវិត​របស់​អ្នក ។ ហើយ​សូម​ត្រៀមខ្លួន​ប្រាប់​អ្នក​ណា​ម្នាក់​ដែល​សួរ​អ្នក​អំពី​ក្តី​សង្ឃឹម និង​សុភមង្គល​ដែល​អ្នក​ដឹង ។

ពរជ័យ​ដែល​បាន​សន្យា

ការអប់រំ​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ វា​ផ្តល់​អំណាច​ឲ្យ​អ្នក​ក្នុងការ​ប្រទានពរ​ដល់​អ្នកដទៃ ជា​ពិសេស​គ្រួសារ​របស់​អ្នក ។ អ្នក​រៀន​កាន់​តែ​ច្រើន នោះ​អ្នក​ក៏​កាន់តែ​អាច​ជួយ​ស្ថាបនា​នគរ​របស់​ព្រះ និង​មាន​ឥទ្ធិពល​លើ​ពិភពលោក​សម្រាប់​ការល្អ​ផងដែរ ។

ភាពស្មោះត្រង់​នាំមក​នូវ​សេចក្តី​សុខសាន្ត និង​ការគោរព​ចំពោះ​ខ្លួន​ឯង ។ នៅពេល​ពាក្យសម្ដី និង​សកម្មភាព​របស់​អ្នក​ស្រប​នឹង​សេចក្ដីពិត នោះ​អ្នក​បង្ហាញ​ថា​អ្នក​ជាមនុស្ស​អាច​ទុកចិត្ត​បាន—ពី​មនុស្ស​ដទៃ និង​ដោយ​ព្រះអម្ចាស់ ។

នៅពេល​អ្នក​ក្រោកឈរ​ឡើង​ការពារ​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​ឈរ​ជាមួយ​អ្នក ។ អ្នក​ផ្សេង​ទៀត​ប្រហែលជា​មិន​យល់​ស្រប​ជាមួយ​អ្នក​ទេ ប៉ុន្តែ​ភាពក្លាហាន និង​ភាពស្មោះត្រង់​របស់​អ្នក​នឹង​ត្រូវ​បាន​កត់សម្គាល់ ។ មិន​ថា​អ្នក​ផ្សេងទៀត​ធ្វើ​តាម​គំរូ​របស់​អ្នក​ឬ​អត់​នោះទេ ទីបន្ទាល់ ទំនុកចិត្ត និង​ជំនឿ​លើ​ព្រះគ្រីស្ទ​របស់​អ្នក​នឹង​រីកចម្រើន​ឡើង ។

រូបភាព
រូបតំណាង​សំណួរ និង​ចម្លើយ

សំណួរ និង ចម្លើយ

តើ​វា​ខុស​ទេ​ដែល​មាន​សំណួរ​អំពី​សាសនាចក្រ ? តើ​ខ្ញុំ​អាច​រក​ឃើញ​ចម្លើយ​ដោយ​របៀប​ណា ? ការ​មាន​សំណួរ​គឺ​មិនមែន​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ ឬ​ខ្វះ​សេចក្តី​ជំនឿ​នោះ​ទេ ។ តាមពិត​ទៅ ការសួរ​សំណួរ​អាច​ជួយ​ស្ថាបនា​សេចក្តីជំនឿ​បាន ។ ការស្តារឡើងវិញ​នៃ​ដំណឹង​ល្អ​បាន​ចាប់ផ្តើម​នៅ​ពេល​យ៉ូសែប ស្ម៊ីធ​ដែល​មាន​វ័យ ១៤ ឆ្នាំ បាន​សួរ​សំណួរ​ដោយ​សេចក្តីជំនឿ ។ សូម​ស្វែងរក​ចម្លើយ​នៅក្នុង​ព្រះគម្ពីរ ក្នុង​ប្រសាសន៍​របស់​ព្យាការី​របស់​ព្រះ ពី​ថ្នាក់​ដឹកនាំ និង​ឪពុកម្តាយ​ដ៏​ស្មោះត្រង់​របស់​អ្នក និង​ពី​ព្រះអង្គ​ផ្ទាល់ ។ ប្រសិនបើ​ចម្លើយ​មិន​មក​ភ្លាមៗ​ទេ សូម​ទុកចិត្ត​ថា​អ្នក​នឹង​រៀន​មួយ​បន្ទាត់​ម្តងៗ ។ សូម​បន្ត​រស់នៅ​តាម​អ្វី​ដែល​អ្នក​ដឹង​រួចហើយ ហើយ​បន្ត​ស្វែងរក​ការពិត ។

រូបភាព
រូបគំនូរ​របស់ យ៉ូសែប ស៊្មីធ លុតជង្គង់​នៅ​ចំពោះ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ។

តើ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​ការពារ​អ្វី​ដែល​ត្រឹម​ត្រូវ​ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​អាក់អន់​ចិត្ត​ដោយ​របៀបណា ? សូម​ចាប់ផ្តើម​ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពាក្យសម្ដី និង​សកម្មភាព​របស់​អ្នក​ត្រូវ​បាន​បំផុស​គំនិត​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​កូនចៅ​របស់​ទ្រង់ ។ ការចែកចាយ​ដំណឹងល្អ​មិន​គួរ​ធ្វើឡើង​ក្នុង​វិញ្ញាណ​នៃ​ការ​ទាស់ទែង​នោះ​ទេ ប៉ុន្តែ​ដោយ​ភាពច្បាស់លាស់ ស្លូតបូត និង​សប្បុរស​វិញ ។ អ្នក​អាច​ស្រលាញ់​អ្នក​ដទៃ ទោះបី​អ្នក​មិន​យល់​ស្រប​នឹង​ទស្សនៈ​របស់​ពួកគេ​ក៏​ដោយ ។

សូមមើល ម៉ាថាយ ៥:១៤–១៦សូម​ឲ្យ​ពន្លឺ​អ្នក​បាន​ភ្លឺ​ឡើង ); យ៉ូហាន ១៤:៦ ព្រះយេស៊ូវ​គឺជា​សេចក្តីពិត ); ពេត្រុស ទី១ ៣:១៥សូម​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ក្តី​សង្ឃឹម​របស់​អ្នក​លើ​ព្រះ​គ្រីស្ទ​ជានិច្ច ); គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៧៧–៨០អ្វីៗ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​រៀន ); ៩៣:៣៦សិរីល្អ​របស់​ព្រះ​គឺជា​បញ្ញា ); ១២៤:១៥សេចក្តី​ទៀងត្រង់​មាន​ន័យ​ថា​ស្រឡាញ់​អ្វី​ដែល​ត្រឹមត្រូវ ); ១៣០:១៨បញ្ញា​របស់​យើង​រះឡើង​ជាមួយ​យើង នៅពេល​យើង​រស់ឡើង​វិញ ) ។

រូបភាព
រូប​តំណាង​ព្រះវិហារ​បរិសុទ្ធ

សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

តើ​អ្នក​ព្យាយាម​មានភាព​ស្មោះត្រង់​នៅគ្រប់​កិច្ចការ​ដែល​អ្នកធ្វើ​ដែរឬទេ ?