« ០. ទិដ្ឋភាពទូទៅនៃសេចក្ដីផ្ដើម » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ០. ទិដ្ឋភាពទូទៅនៃសេចក្ដីផ្ដើម » ក្បួនខ្នាតទូទៅ ។
០.
ទិដ្ឋភាពទូទៅនៃសេចក្ដីផ្ដើម
០.០
សេចក្តីផ្ដើម
ព្រះអម្ចាស់បានបង្រៀនថា « ចូរឲ្យមនុស្សគ្រប់រូបរៀនពីភារកិច្ចរបស់ខ្លួន ហើយឲ្យប្រតិបត្តិក្នុងតំណែងដែលខ្លួនត្រូវបានតាំងឡើង ដោយសេចក្តីឧស្សាហ៍គ្រប់ជំពូក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៩៩ ) ។ ក្នុងនាមជាថ្នាក់ដឹកនាំក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អ្នកគួរតែស្វែងរកវិវរណៈផ្ទាល់ខ្លួនដើម្បីជួយអ្នកឲ្យរៀន ហើយបំពេញកាតព្វកិច្ចចំពោះការហៅបម្រើរបស់អ្នក ។
ការសិក្សាព្រះគម្ពីរ និងការបង្រៀនរបស់ពួកព្យាការីថ្ងៃចុងក្រោយនឹងជួយឲ្យអ្នកយល់ ហើយបំពេញភារកិច្ចរបស់អ្នក ។ នៅពេលអ្នកសិក្សាព្រះបន្ទូលរបស់ព្រះ នោះអ្នកនឹងកាន់តែងាយទទួលបានឥទ្ធិពលនៃព្រះវិញ្ញាណ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៥ ) ។
អ្នកក៏រៀនពីកាតព្វកិច្ចរបស់ខ្លួន តាមរយៈការសិក្សាសេចក្តីណែនាំទាំងឡាយនៅក្នុងក្បួនខ្នាតនេះផងដែរ ។ សេចក្តីណែនាំទាំងនេះអាចអញ្ជើញឲ្យមានវិវរណៈ ប្រសិនបើវាត្រូវបានប្រើដើម្បីផ្តល់នូវការយល់ដឹងមួយអំពីគោលការណ៍ គោលនយោបាយ និងនីតិវិធីទាំងឡាយដើម្បីអនុវត្ត ខណៈដែលស្វែងរកការណែនាំពីព្រះវិញ្ញាណ ។
០.១
ក្បួនខ្នាតនេះ
ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ផ្តល់នូវការណែនាំសម្រាប់ថ្នាក់ដឹកនាំសាសនាចក្រទូទៅ និងថ្នាក់ដឹកនាំសាសនាចក្រក្នុងមូលដ្ឋាន ។ វាចែកជាបួនផ្នែក ៖
-
គោលលទ្ធិគ្រឹះ ៖ ជំពូកទាំងនេះបង្ហាញពីគោលលទ្ធិ និងគោលការណ៍គ្រឹះទាំងឡាយដើម្បីបម្រើនៅក្នុងសាសនាចក្រ ។ ជំពូកទាំងនេះពន្យល់ពី ៖
-
ផែនការនៃសុភមង្គលរបស់ព្រះ កិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើង ព្រមទាំងគោលបំណងនៃសាសនាចក្រផងដែរ ។
-
តួនាទីនៃក្រុមគ្រួសារនៅក្នុងផែនការរបស់ព្រះ កិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើងនៅក្នុងគេហដ្ឋាន ក៏ដូចជាទំនាក់ទំនងរវាងគេហដ្ឋាន និងសាសនាចក្រ ។
-
គោលការណ៍បព្វជិតភាព ។
-
គោលការណ៍សម្រាប់ដឹកនាំនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។
-
-
អង្គការក្នុងសាសនាចក្រ ៖ ជំពូកទាំងនេះផ្តល់នូវសេចក្តីណែនាំសម្រាប់គណៈប្រធានស្តេក និងគណៈប៊ីស្សព ថ្នាក់ដឹកនាំកូរ៉ុមបព្វជិតភាព ថ្នាក់ដឹកនាំអង្គការស្ដេក និងវួដ ព្រមទាំងអ្នកដទៃទៀតដែលបម្រើនៅក្នុងសាសនាចក្រ ។
-
កិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើង ៖ ជំពូកទាំងនេះណែនាំអំពីកិច្ចការស្នូលនៃសាសនាចក្រ ៖
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
-
ការមើលថែដល់អ្នកខ្វះខាត
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
-
-
ការគ្រប់គ្រងសាសនាចក្រ ៖ ជំពូកទាំងនេះបង្ហាញគោលការណ៍ណែនាំបន្ថែមសម្រាប់ការគ្រប់គ្រងសាសនាចក្រ ។ ប្រធានបទរួមមានការប្រជុំ ការហៅបម្រើ កំណត់ត្រា ហិរញ្ញវត្ថុ និងគោលនយោបាយទាំងឡាយ ។
នៅក្នុងក្បួនខ្នាតនេះ ចំណងជើង និងចំណងជើងរង ត្រូវបានដាក់ជាលេខ ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការស្វែងរកប្រធានបទ និងសេចក្តីយោង ។ ឧទាហរណ៍ សេចក្ដីណែនាំអំពីអ្នកដែលអាចផ្សារភ្ជាប់បាននៅក្នុងព្រះវិហារបរិសុទ្ធ ត្រូវបានផ្តល់នៅក្នុង ២៧.៣.១ ។ លេខ ២៧ សំដៅទៅលើជំពូក លេខ ៣ សំដៅទៅលើវគ្គនៃជំពូកនោះ ហើយលេខ ១ សំដៅទៅលើអនុវគ្គ ។
០.២
ធនធានដែលអាចសម្របសម្រួលបាន និងអាចជ្រើសរើសបាន
ពុំមែនស្តេក និងវួដទាំងអស់មានតម្រូវការដូចគ្នានោះទេ ។ ក្បួនខ្នាតនេះមាននូវគោលការណ៍ណែនាំសម្រាប់ធនធានដែលអាចសម្របសម្រួលបាន និងអាចជ្រើសរើសបាន ៖
-
គោលការណ៍ណែនាំសម្រាប់ការសម្របសម្រួល () ផ្តល់នូវការណែនាំអំពីរបៀបដើម្បីសម្របសម្រួលអង្គការនានា និងកម្មវិធីទាំងឡាយរបស់សាសនាចក្រ សម្រាប់អង្គភាពដែលមានសេចក្តីត្រូវការ និងធនធានខុសៗគ្នា ។
-
ធនធានដែលអាចជ្រើសរើសបាន () មាននូវព័ត៌មាន និងការណែនាំទិសដៅបន្ថែមដែលអាចជួយដល់ថ្នាក់ដឹកនាំស្តេក និងវួដ ។
ថ្នាក់ដឹកនាំស្វែងរកការបំផុសគំនិតថាត្រូវប្រើគោលការណ៍ណែនាំ និងធនធានដែលអាចជ្រើសរើសបានមួយណា ដើម្បីបំពេញតាមតម្រូវការរបស់សមាជិកទាំងឡាយ ។
០.៣
បច្ចុប្បន្នភាព
ក្បួនខ្នាតនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ។ បញ្ជីរាយនាមការផ្លាស់ប្តូរថ្មីៗនេះគឺមាននៅក្នុង « សេចក្តីសង្ខេបនៃការធ្វើបច្ចុប្បន្នភាពថ្មីៗ » ។
០.៤
សំណួរអំពីសេចក្តីណែនាំទាំងឡាយ
នៅពេលមានសំណួរដែលមិនបានបកស្រាយនៅក្នុងព្រះគម្ពីរ ប្រសាសន៍របស់ព្យាការីដែលនៅរស់ ឬក្បួនខ្នាតនេះ នោះសមាជិកសាសនាចក្រគួរតែពឹងផ្អែកទៅលើសេចក្តីសញ្ញារបស់ពួកគេជាមួយព្រះ ការប្រឹក្សាពីថ្នាក់ដឹកនាំក្នុងមូលដ្ឋានរបស់ពួកគេ ហើយនិងការបំផុសគំនិតមកពីព្រះវិញ្ញាណសម្រាប់ការដឹកនាំ ។
ប្រសិនបើថ្នាក់ដឹកនាំមានសំណួរអំពីព័ត៌មាននៅក្នុងក្បួនខ្នាតនេះ ឬអំពីបញ្ហាទាំងឡាយដែលមិនបានចែងនៅក្នុងក្បួនខ្នាតនេះ នោះពួកគាត់គួរតែយកសំណួរនោះទៅប្រឹក្សាជាមួយអ្នកមានសិទ្ធិអំណាចជាអធិបតីផ្ទាល់របស់ពួកគាត់ ។
០.៥
វាក្យសព្ទ
លើកលែងតែពាក្យណាដែលត្រូវបានបញ្ជាក់ បើពុំដូច្នោះទេ ៖
-
ពាក្យ ប៊ីស្សព និង គណៈប៊ីស្សព នៅក្នុងក្បួនខ្នាតនេះ ក៏សំដៅទៅលើប្រធានសាខា និងគណៈប្រធានសាខាផងដែរ ។ ពាក្យ ប្រធានស្តេក និង គណៈប្រធានស្តេក ក៏សំដៅទៅលើប្រធានមណ្ឌល និងគណៈប្រធានមណ្ឌលផងដែរ ។ សម្រាប់សេចក្ដីសង្ខេបអំពីរបៀបដែលសិទ្ធិអំណាចរបស់ប្រធានមណ្ឌលខុសពីសិទ្ធិអំណាចរបស់ប្រធានស្ដេក សូមមើល ៦.៣ ។
-
សេចក្តីយោងទៅលើពាក្យវួដ និងស្តេកក៏ប្រើសម្រាប់សាខា មណ្ឌល និងបេសកកម្មផងដែរ ។
-
សេចក្តីយោងទៅលើពាក្យថ្ងៃអាទិត្យអនុវត្តចំពោះថ្ងៃណាក៏ដោយដែលជាថ្ងៃបរិសុទ្ធ ដែលគេគោរពនៅក្នុងមូលដ្ឋាន ។
-
ពាក្យ អង្គភាព សំដៅទៅលើវួដ និងសាខាទាំងឡាយ ។
-
សេចក្តីយោងទៅពាក្យឪពុកម្តាយ ជាទូទៅក៏អនុវត្តចំពោះអាណាព្យាបាលស្របច្បាប់ផងដែរ ។
ការហៅបម្រើរបស់ប៊ីស្សព និងប្រធានសាខាមានសិទ្ធិអំណាច និងការទទួលខុសត្រូវខុសគ្នា ហើយការហៅបម្រើជាប្រធានស្តេក និងប្រធានមណ្ឌលក៏មិនដូចគ្នាដែរ ។ ប៊ីស្សពគឺជាតំណែងមួយនៅក្នុងបព្វជិតភាព ហើយការតែងតាំងត្រូវបានអនុញ្ញាតមកពីគណៈប្រធានទីមួយតែប៉ុណ្ណោះ ។ ប្រធានស្តេកត្រូវបានហៅដោយអ្នកមានសិទ្ធិអំណាចទូទៅ និងពួកចិតសិបនាក់ប្រចាំតំបន់ ។
០.៦
ការទាក់ទងទៅកាន់ទីស្នាក់ការកណ្តាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់
ជំពូកខ្លះនៅក្នុងក្បួនខ្នាតនេះមាននូវការណែនាំ ដើម្បីទាក់ទងទៅកាន់ទីស្នាក់ការកណ្ដាលនៃសាសនាចក្រ ឬការិយាល័យប្រចាំតំបន់ ។ សេចក្ដីណែនាំដើម្បីទាក់ទងទៅកាន់ទីស្នាក់ការកណ្ដាលនៃសាសនាចក្រអនុវត្តចំពោះអ្នកនៅក្នុងសហរដ្ឋ និងប្រទេសកាណាដា ។ សេចក្ដីណែនាំដើម្បីទាក់ទងទៅកាន់ការិយាល័យប្រចាំតំបន់អនុវត្តចំពោះអ្នកនៅក្រៅសហរដ្ឋ និងប្រទេសកាណាដា ។