ក្បួនខ្នាត និង​ការហៅ
១. ផែនការ​របស់​ព្រះ និង​តួនាទី​របស់​អ្នក​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង


« ១. ផែនការ​របស់​ព្រះ និង​តួនាទី​របស់​អ្នក​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ១. កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង » ក្បួនខ្នាត​ទូទៅ ។

ក្រុមបុរស​កំពុង​សង់ផ្ទះ

១.

ផែនការ​របស់​ព្រះ និង​តួនាទី​របស់​អ្នក​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង

១.០

សេចក្តីផ្ដើម

អ្នក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ សូម​អរគុណ​ចំពោះ​ការបម្រើ​របស់​អ្នក ។ អ្នកនឹង​ផ្តល់ពរជ័យ​ដល់​ជីវិត​ជាច្រើន ហើយ​ដកពិសោធន៍​សេចក្តីអំណរ កាលណា​អ្នកបម្រើ​ដោយស្មោះត្រង់ ។

ក្បួនខ្នាត​នេះ​នឹង​ជួយ​អ្នកឲ្យ​រៀន​ពី​គោលការណ៍​នៃ​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ ហើយ​យល់ដឹង​ពីការ​ទទួលខុសត្រូវ​ទាំងឡាយ​របស់​អ្នក ។ អ្នកនឹង​ជាបុគ្គល​ដែល​ធ្វើការ​មាន​ប្រសិទ្ធភាព​បំផុត នៅពេល​អ្នក​ដាក់​ការបម្រើ​របស់អ្នក​នៅក្នុង​សាសនាចក្រ​ឲ្យ​ស្រប​ជាមួយ​កិច្ចការ​របស់ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ជំពូកនេះ​នឹង​ជួយ​អ្នកឲ្យ​ទទួលបាន​នូវ​ទស្សនវិស័យ​អំពី ៖

  • ផែនការ​នៃ​សុភមង្គល​របស់ព្រះ ។

  • កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។

  • គោលបំណង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

១.១

ផែនការ​នៃ​សុភមង្គល​របស់ព្រះ

ព្រះវរបិតា​សួគ៌​បានប្រទាន​ដល់​យើង​នូវ​ផែនការ​នៃ​សុភមង្គល ដើម្បី​ធ្វើ​ឲ្យ​យើង​អាច​រីករាយ​នឹង​ពរជ័យ​ទាំងអស់​របស់ទ្រង់ ។ កិច្ចការ និង​សិរី​ល្អ​របស់​ទ្រង់​គឺ​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ អមតភាព​គឺជា​ការរស់នៅ​ជារៀងរហូត​ជាមួយ​នឹង​រូបកាយ​ដែលបាន​រស់ឡើងវិញ ។ ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ឬ​ភាពតម្កើង​ឡើង​គឺជា​ការប្រែក្លាយ​ដូចជា​ព្រះ ហើយ​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​ជា​ក្រុមគ្រួសារ​ដ៏នៅអស់​កល្ប​ជានិច្ច ។

យើង​មិនអាច​ទទួលបាន​អមតភាព និង​ជីវិតដ៏​អស់កល្ប​ជានិច្ច​ដោយគ្មាន​ជំនួយ​របស់ព្រះ​នោះទេ ។ នៅក្នុង​ជីវិតនេះ យើង​រង​នូវ​អំពើបាប និង​សេចក្តី​ស្លាប់ ដែល​វា​បំបែក​យើង​ចេញពី​ព្រះវរបិតាសួគ៌ ហើយ​រារាំង​យើង​មិនឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់​បាន ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដ៏​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះ ។ ដោយសារ​តែសេចក្តីស្រឡាញ់​ដ៏​គ្មាន​ព្រំដែន​របស់ព្រះវរបិតាសួគ៌​ចំពោះ​ពួកយើង នោះ​ទ្រង់បាន​បញ្ជូន​ព្រះរាជបុត្រា​របស់ទ្រង់​ឲ្យ​មកប្រោសលោះ​យើង​ពី​អំពើ​បាប និង​សេចក្តីស្លាប់ តាមរយៈ​ពលិកម្ម​ដ៏ធួន​របស់​ព្រះរាជបុត្រា​ទ្រង់ ( សូមមើល យ៉ូហាន ៣:១៦ ) ។ តាមរយៈ​ដង្វាយធួន​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធានា​ថា ពួកយើង​ម្នាក់ៗ​ដែល​បានកើត​នៅលើ​ផែនដី​នេះ​នឹង​រស់ឡើងវិញ ហើយ​ទទួលបាន​អមតភាព ។ ដង្វាយធួន​របស់ទ្រង់​ក៏​អាចធ្វើ​ឲ្យ​យើង​បាន​ជ្រះស្អាត​ពី​អំពើបាប ហើយ​ធ្វើ​ឲ្យ​ដួងចិត្ត​របស់យើង​បានផ្លាស់ប្តូរ ដើម្បី​យើង​អាច​ទទួលបាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច និង​សេចក្តីអំណរ​ដ៏ពេញលេញ​ផងដែរ ។

ដើម្បី​ទទួលបាន​ជីវិត​ដ៏នៅអស់កល្បជានិច្ច យើងត្រូវតែ « មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់​ » ( មរ៉ូណៃ ១០:៣២ ) ។ ការ​អញ្ជើញ​នេះ​គឺ​សម្រាប់​អ្នក​ដែល​បាន​រស់​នៅ ឬ​នឹង​រស់​នៅ​លើ​ផែនដី​នេះ ។ ព្រះវរបិតាសួគ៌​មាន​ព្រះ​ទ័យចង់​ឲ្យ​បុត្រា​បុត្រី​របស់ទ្រង់​ជ្រើសរើស​ត្រឡប់​ទៅរក​ទ្រង់​វិញ ។

១.២

កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង

នៅពេល​យើង​មករក​ព្រះគ្រីស្ទ ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​នេះ នោះ​យើង​ចូលរួម​ក្នុងកិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​របស់ព្រះ ។ កិច្ចការ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​បទបញ្ញត្តិ​ធំពីរ គឺ​ឲ្យស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​របស់យើង ( សូមមើល ម៉ាថាយ ២២:៣៧–៣៩ ) ។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ នៅពេល​យើង​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ និង​បម្រើ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ( សូមមើល យ៉ូហាន ១៤:១៥ ) ។

កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​ផ្តោត​ទៅលើ​ការទទួល​ខុសត្រូវ​ចំនួន​បួន ដែលបាន​តែងតាំង​ដោយព្រះ ។ ការទទួល​ខុសត្រូវ​ទាំងនេះ​ត្រូវបាន​គូសបញ្ជាក់​ដូច​ខាង​ក្រោម ។

ក្បួនខ្នាតនេះ​នឹង​ជួយ​អ្នក​ឲ្យយល់​ពី​ផ្នែក​ទាំង​បួន​នេះ​នៃ​កិច្ចការ​របស់ព្រះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ណែនាំ​អ្នក នៅពេល​អ្នក​ធ្វើ​ចំណែក​របស់​អ្នក​នៅក្នុង​ការបំពេញ​តាម​ផ្នែក​ទាំងនេះ ( សូមមើល នីហ្វៃ​ទី២ ៣២:៥ ) ។

១.២.១

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ រួមមាន ៖

  • ការអនុវត្ត​សេចក្តីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ការប្រែចិត្ត​ជារៀងរាល់ថ្ងៃ ការចុះ​សេចក្តី​សញ្ញា​ជាមួយព្រះ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ហើយនិង​ការស៊ូទ្រាំ​ដល់​ទីបំផុត តាមរយៈ​ការគោរពតាម​សេចក្តី​សញ្ញា​ទាំងនោះ ( សូមមើល ៣.៥.១ ) ។

  • ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅឯ​ផ្ទះ និង​នៅ​ឯ​ព្រះវិហារ ។

  • ការធ្វើ​ជាមនុស្ស​ដែល​មាន​ភាព​ខ្លួនទីពឹងខ្លួន​នៅក្នុង​ការផ្គត់ផ្គង់​ដល់​ខ្លួនរបស់​យើង និង​ក្រុមគ្រួសារ​របស់យើង ទាំងខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

ស៊ីស្ទើរ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​កំពុង​បង្រៀន​ដល់ស្ត្រី​ម្នាក់

១.២.២

ការ​មើល​ថែដល់អ្នក​ខ្វះខាត

ការ​មើល​ថែដល់អ្នក​ខ្វះខាត រួមមាន ៖

  • ការបម្រើ និង​ការផ្ដល់​ការងារបម្រើ​ដល់​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ និង​សហគមន៍ ។

  • ការចែករំលែក​ធនធាន​ទាំងឡាយ​ជាមួយ​អ្នក​ដែល​ខ្វះខាត រួមទាំង​ការជួយ​ដល់​សាសនាចក្រ​ផងដែរ ។

  • ការជួយ​អ្នកដទៃ​ឲ្យ​ធ្វើ​ជាមនុស្ស​ដែល​មាន​ភាព​ខ្លួនទីពឹងខ្លួន ។

១.២.៣

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ រួមមាន ៖

  • ការចូលរួម​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា និង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

  • ការជួយ​ដល់​សមាជិកថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​កាន់សាសនាចក្រ​វិញ​ឲ្យ​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។

១.២.៤

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច រួមមាន ៖

  • ការចុះ​សេចក្តី​សញ្ញា​នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ។

  • ការស្វែងរក​បុព្វការីជន​របស់​យើង​ដែល​បាន​ទទួល​មរណភាព​ទៅ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ពួកគាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ពួកគាត់​អាច​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​បាន ។

  • ការទៅ​ព្រះវិហារ​បរិសុទ្ធ​ជាប្រចាំ​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ថ្វាយបង្គំ​ព្រះ និង​ធ្វើ​ពិធីបរិសុទ្ធ​ឲ្យ​បុត្រា​បុត្រី​របស់ទ្រង់ ។

១.៣

គោលបំណង​នៃ​សាសនាចក្រ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​របស់ទ្រង់​ដើម្បី​ឲ្យ​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​ទាំងឡាយ​អាច​ធ្វើកិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង​បាន ( សូមមើល អេភេសូរ ៤:១១–១៣; សូមមើល​ផងដែរ ២.២ នៅក្នុង​ក្បួនខ្នាត​នេះ ) ។ ដើម្បី​ជួយ​សម្រេច​គោលបំណង​ដ៏​ទេវភាព​នេះ នោះ​សាសនាចក្រ និង​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​ផ្តល់​ជូន​នូវ ៖

  • សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​ទាំងឡាយ ។

  • សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ ។

  • ការណែនាំ​ពី​ព្យាការី ។

  • ព្រះគម្ពីរ ។

  • ជំនួយ​ក្នុង​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ ។

  • ឱកាស​ក្នុង​ការបម្រើ និង​ភាពជា​អ្នកដឹកនាំ ។

  • សហគមន៍​នៃ​ពួក​បរិសុទ្ធ ។

១.៣.១

សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​ទាំងឡាយ

តាមរយៈ​បព្វជិតភាព ព្រះ​សម្រេច​បាន​នូវ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើង​ឡើង ។ សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​ទាំងឡាយ​ដែល​ចាំបាច់​ដើម្បី​ដឹកនាំ​កិច្ចការ​របស់ព្រះ​នៅលើ​ផែនដី ត្រូវបាន​ស្តារឡើងវិញ​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១១–១៦; ១១២:៣០; សូមមើល​ផងដែរ ៣.១ នៅក្នុង​ក្បួនខ្នាត​នេះ ) ។ កូនសោ​ទាំងនេះ​ត្រូវបាន​កាន់​ដោយ​ថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ​នា​សព្វថ្ងៃនេះ ។ ពួកលោក​ហៅ ហើយ​ផ្តល់សិទ្ធិ​អំណាច​ឲ្យ​អ្នក​ផ្សេងទៀត​ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​របស់ព្រះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៨, ៦៥–៦៧ ) ។

១.៣.២

សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ

នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ យើង​ចុះ​សេចក្តីសញ្ញា​នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ដូចជា ពិធីបុណ្យ​ជ្រមុជទឹក​ជាដើម ( សូមមើល យ៉ូហាន ៣:៥; សូមមើល​ផងដែរ ជំពូក​ទី ១៨ នៅក្នុង​ក្បួនខ្នាត​នេះ ) ។ សេចក្តី​សញ្ញា និង​ពិធីបរិសុទ្ធ​ទាំងនេះ គឺសំខាន់​សម្រាប់​យើង​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ ហើយ​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់វិញ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១៩–២២ ) ។

១.៣.៣

ការណែនាំ​ពី​ព្យាការី

តាមរយៈ​ពួកព្យាការី​ដែលបានជ្រើសរើស​របស់ទ្រង់ នោះ​ព្រះ​បើកសម្តែង​សេចក្តីពិត និង​ផ្តល់​ការណែនាំ​ដ៏​បំផុសគំនិត និង​ការព្រមាន​ទាំងឡាយ ( សូមមើល អេម៉ុស ៣:៧; គោលលទ្ធិ និង សេចក្តីសញ្ញា ១:៤ ) ។ សេចក្តីណែនាំ​នេះ​ជួយ​យើង​ឲ្យ​ដើរ​ចូល និង​បន្ត​ដើរ​នៅលើ​ផ្លូវ​ដែល​ដឹកនាំ​ទៅរក​ជីវិត​ដ៏​នៅអស់​កល្ប​ជានិច្ច ។

១.៣.៤

ព្រះគម្ពីរ

ក្រោម​ការណែនាំ​ពី​ព្យាការី និង​ពួកសាវក​របស់​ព្រះ​អម្ចាស់ នោះ​សាសនាចក្រ​ផ្តល់​ឲ្យ និង​រក្សា​ព្រះបន្ទូល​នៃ​ព្រះ​ដូច​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងឡាយ ។ ព្រះគម្ពីរ​ថ្លែង​ទីបន្ទាល់​អំ​ពី​ព្រះគ្រីស្ទ បង្រៀន​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ជួយ​យើងឲ្យ​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ( សូមមើល យ៉ាកុប ៧:១០–១១; ហេលេមិន ១៥:៧ ) ។

១.៣.៥

ជំនួយ​ក្នុង​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ

សាសនាចក្រ​គាំទ្រ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ​ដើម្បី​រៀនសូត្រ​ពី​សេចក្ដីពិត​ទាំងឡាយ​នៃ​ដំណឹងល្អ ហើយ​បង្រៀន​សេចក្ដីពិត​ទាំង​នេះ​ដល់​សមាជិក​គ្រួសារ និង​មនុស្ស​ដទៃ​ទៀត ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៧–៧៨, ១១៨; សូមមើល​ផងដែរ ២.២.៣ នៅក្នុង​ក្បួនខ្នាត​នេះ ) ។

១.៣.៦

ឱកាស​ក្នុង​ការបម្រើ និង​ភាពជា​អ្នកដឹកនាំ

តាមរយៈ​ការ​ហៅ និង​ការ​ចាត់​តាំង​ទាំងឡាយ​នៅ​ក្នុង​សាសនាចក្រ នោះ​ព្រះ​ប្រទាន​ឱកាស​បម្រើ និង​ដឹកនាំ​ដល់​សមាជិក​ទាំងឡាយ ។ សាសនាចក្រ​ផ្ដល់​រចនា​សម្ព័ន្ធ​ដើម្បី​ជួយ​មើល​ថែ​សមាជិក​ដែល​ខ្វះខាត ហើយ​ផ្ដល់​ជំនួយ​សប្បុរសធម៌​ដល់​មនុស្ស​ដទៃ ( សូម​មើល ម៉ូសាយ ១៨:២៧–២៩ ) ។

១.៣.៧

សហគមន៍​នៃ​ពួក​បរិសុទ្ធ

ក្នុង​នាម​ជា​សហគមន៍​មួយ​នៃ​ពួក​បរិសុទ្ធ សមាជិក​សាសនាចក្រ​ប្រមូល​ផ្ដុំ​គ្នា​ជា​ទៀង​ទាត់​ដើម្បី​ថ្វាយ​បង្គំ​ព្រះ ហើយ​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះតាមរយៈ​ការ​ទទួល​ទាន​សាក្រាម៉ង់ ( សូម​មើល មរ៉ូណៃ ៦:៤–៦; គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧ ) ។ សមាជិក​ក៏​មើល​ថែ ហើយ​ផ្ដល់​ការ​ងារ​បម្រើ​ដល់​គ្នា​ទៅ​វិញ​ទៅមក​ផង​ដែរ ( សូម​មើល អេភេសូរ ២:១៩ ) ។

១.៤

តួនាទី​របស់​អ្នក​នៅ​ក្នុង​កិច្ចការ​របស់​ព្រះ

ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុង​សាសនាចក្រ អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​បង្រៀន ហើយ​គាំទ្រ​ដល់​មនុស្ស​ដែល​អ្នក​បម្រើ ពេល​ពួកគេ​ចូល​រួម​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ( សូមមើល ១.២ ) ។ អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​បំពេញ​ការ​ហៅ​របស់​អ្នក ហើយ « បង្រៀន … នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​ឲ្យ​អស់​ពី​សេចក្ដី​ព្យាយាម » ( យ៉ាកុប ១:១៩ ) ។ ការធ្វើការ​ជាមួយ​នឹង​ព្រះអម្ចាស់​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ទ្រង់​នឹង​នាំ​ឲ្យ​អ្នក​មាន​អំណរ​ដ៏​ខ្លាំង ( សូមមើល យ៉ាកុប ៥:៧០–៧២ ) ។

ដោយ​មាន​ការយល់ដឹង​ដ៏​ច្បាស់​មួយ​អំពី​កិច្ចការ​របស់​ព្រះ អំពី​អ្វី​ដែល​ទ្រង់​បាន​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ និង​អំពី​គោលបំណង​នៃ​សាសនាចក្រ​របស់​ទ្រង់ នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​ផ្ដោត​លើ​ការ​ប្រឹង​ប្រែង​របស់​អ្នក ដើម្បី​នាំ​ព្រលឹង​ទាំងឡាយ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ ការ​រក្សា​ទស្សនវិស័យ​នេះ​នៅ​ក្នុង​គំនិត​នឹង​ធ្វើ​ឲ្យ​អ្នក​ដើរ​ស្រប​គ្នា​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​ដឹកនាំ​រាល់​កិច្ចការ​ដែល​អ្នក​ធ្វើ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ម្នាក់​ក្នុង​សាសនាចក្រ ។

សូម​យោង​ជា​រឿយៗ​ទៅ​គោលការណ៍​ទាំង​ឡាយ​នៅ​ក្នុង​ជំពូក​នេះ ។ សូម​ខិតខំ​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ជួយ​ធ្វើ​ឲ្យ​ព្រះរាជបំណង​របស់​ព្រះ​កើតឡើង​នៅក្នុង​ជីវិត​នៃ​មនុស្ស​ដែល​អ្នក​បម្រើ ។ ព្រះ​នឹង​ដឹកនាំ​អ្នក​តាមរយៈ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះវិហារ​បរិសុទ្ធ ទីជូអាណា ប្រទេសម៉ិកស៊ិក