« ១៣. សាលាថ្ងៃអាទិត្យ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ១៣. សាលាថ្ងៃអាទិត្យ » ក្បួនខ្នាតទូទៅ ។
១៣.
សាលាថ្ងៃអាទិត្យ
១៣.១
គោលបំណង
សាលាថ្ងៃអាទិត្យជួយសម្រេចកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ ថ្នាក់នេះធ្វើបែបនេះបាន តាមរយៈការជួយបុត្រាបុត្រីរបស់ព្រះឲ្យរៀនសូត្រ ហើយរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ថ្នាក់ដឹកនាំសាលាថ្ងៃអាទិត្យ គ្រូបង្រៀន និងថ្នាក់រៀន ៖
-
ពង្រឹងសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការបង្រៀន « គោលលទ្ធិនៃនគរ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧៧ ) ។
-
គាំទ្រដល់ការរៀនសូត្រ និងការបង្រៀនដំណឹងល្អដែលផ្ដោតលើគេហដ្ឋាន ហើយដែលបានគាំទ្រដោយសាសនាចក្រ ។
-
ជួយសមាជិកឲ្យបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
១៣.២
ថ្នាក់ដឹកនាំសាលាថ្ងៃអាទិត្យវួដ
១៣.២.១
គណៈប៊ីស្សព
គណៈប៊ីស្សពមើលការខុសត្រូវលើសាលាថ្ងៃអាទិត្យ ។ ជាធម្មតា ប៊ីស្សពចាត់ឲ្យទីប្រឹក្សារបស់គាត់មួយរូបបំពេញការទទួលខុសត្រូវនេះក្រោមការដឹកនាំរបស់គាត់ ។
ទីប្រឹក្សាដែលបានចាត់រូបនេះជួបនឹងប្រធានសាលាថ្ងៃអាទិត្យជាទៀងទាត់ ។ ពួកគាត់ប្រឹក្សាអំពីសេចក្ដីត្រូវការរបស់សាលាថ្ងៃអាទិត្យ របៀបដែលថ្នាក់នេះកំពុងសម្រេចបានគោលបំណងរបស់ខ្លួន និងការទទួលខុសត្រូវដែលបានគូសបញ្ជាក់នៅក្នុង ១៣.២.២.២ ។
១៣.២.២
ប្រធានសាលាថ្ងៃអាទិត្យ
១៣.២.២.១
ការហៅប្រធានសាលាថ្ងៃអាទិត្យ
ប៊ីស្សពហៅ ហើយញែកចេញអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកម្នាក់ឲ្យធ្វើជាប្រធានសាលាថ្ងៃអាទិត្យវួដ ។ ពួកគាត់ពិភាក្សាគ្នាថាតើគួរតែហៅទីប្រឹក្សាដែរឬអត់ ។ ប្រសិនបើត្រូវការទីប្រឹក្សា ហើយប្រសិនបើមានបុរសគ្រប់គ្រាន់ដើម្បីបម្រើនៅក្នុងតួនាទីទាំងនេះ នោះប្រធានសាលាថ្ងៃអាទិត្យអាចនឹងណែនាំឈ្មោះរបស់ទីប្រឹក្សាម្នាក់ ឬពីរនាក់ ។ ប្រសិនបើគណៈប៊ីស្សពអនុម័ត នោះសមាជិកមួយរូបនៃគណៈប៊ីស្សពផ្ដល់ការហៅបម្រើដល់ពួកគេ ។
សមាជិកមួយរូបនៃគណៈប៊ីស្សពបង្ហាញឈ្មោះសមាជិកក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យនៅក្នុងការប្រជុំសាក្រាម៉ង់ ដើម្បីទទួលការគាំទ្រពីសមាជិកវួដ ។ សមាជិកមួយរូបនៃគណៈប៊ីស្សពក៏ធ្វើពិធីញែកពួកគេចេញផងដែរ ។
នៅក្នុងវួដធំមួយ គណៈប៊ីស្សពអាចហៅ ហើយធ្វើពិធីញែកចេញដល់បរុសម្នាក់ឲ្យធ្វើជាលេខាសម្រាប់សាលាថ្ងៃអាទិត្យបាន ។ ប្រធានសាលាថ្ងៃអាទិត្យអាចផ្ដល់អនុសាសន៍ថាត្រូវហៅនរណាឲ្យបម្រើ ។ លេខារូបនោះអាចជួយគណៈប្រធានតាមដានការចាត់តាំង ឬវត្តមាន ប្រសិនបើចាំបាច់ ។
១៣.២.២.២
ការទទួលខុសត្រូវ
ប្រធានសាលាថ្ងៃអាទិត្យមានការទទួលខុសត្រូវដូចខាងក្រោម ។ ប្រសិនបើគាត់មានទីប្រឹក្សា នោះពួកគេជួយដល់គាត់ ។
-
បម្រើនៅក្នុងក្រុមប្រឹក្សាវួដ ។ គាត់បម្រើជា (១) សមាជិកមួយរូបនៃក្រុមប្រឹក្សាដែលជួយបំពេញតាមសេចក្ដីត្រូវការនៅក្នុងវួដ ហើយស្វែងរកដំណោះស្រាយនានា និង (២) ជាអ្នកតំណាងឲ្យសាលាថ្ងៃអាទិត្យ ( សូមមើល ២៩.២.៥ ) ។
-
មើលការខុសត្រូវលើកិច្ចខិតខំ ដើម្បីកែលម្អការរៀនសូត្រ និងការបង្រៀនដំណឹងល្អនៅគេហដ្ឋាន និងនៅឯព្រះវិហារ ។
-
រៀបចំថ្នាក់សាលាថ្ងៃអាទិត្យ ដោយមានការអនុម័តពីគណៈប៊ីស្សព ( សូមមើល ១៣.៣ ) ។ ផ្តល់អនុសាសន៍សមាជិកមជ្ឈិមវ័យ ដែលត្រូវហៅជាគ្រូបង្រៀនសម្រាប់សាលាថ្ងៃអាទិត្យទៅគណៈប៊ីស្សព ។
-
គាំទ្រ លើកទឹកចិត្ត ហើយណែនាំដល់គ្រូបង្រៀនសាលាថ្ងៃអាទិត្យ ។ ជួយពួកគាត់ឲ្យក្លាយជាគ្រូបង្រៀនដំណឹងល្អដ៏មានប្រសិទ្ធភាពតាមរយៈការធ្វើតាមគោលការណ៍នៅក្នុងបទគម្ពីរ និង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ លើកទឹកចិត្តពួកគាត់ឲ្យសិក្សា ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
-
ដឹកនាំការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនស្របតាមការណែនាំរបស់ប៊ីស្សព ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ៣ ) ។
-
លើកទឹកចិត្តគ្រូបង្រៀនឲ្យជួយដល់សមាជិកដែលមិនបានចូលរៀននៅក្នុងថ្នាក់ ។
១៣.២.៣
គ្រូបង្រៀនសាលាថ្ងៃអាទិត្យ
ប្រធានសាលាថ្ងៃអាទិត្យអាចនឹងណែនាំឈ្មោះសមាជិកដែលត្រូវហៅឲ្យធ្វើជាគ្រូបង្រៀនសាលាថ្ងៃអាទិត្យ ។ ប្រសិនបើគណៈប៊ីស្សពអនុម័ត នោះសមាជិកមួយរូបនៃគណៈប៊ីស្សពធ្វើការហៅ ហើយញែកពួកគាត់ចេញ ។
គ្រូបង្រៀនសាលាថ្ងៃអាទិត្យរៀនស្គាល់សមាជិកក្នុងថ្នាក់ រួមទាំងអ្នកដែលមិនបានចូលរៀននៅក្នុងថ្នាក់ផងដែរ ។ គ្រូបង្រៀនគាំទ្រដល់ពួកគេក្នុងកិច្ចខិតខំរៀនសូត្រ និងរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទរបស់ពួកគេ ។
ដើម្បីរៀបចំខ្លួនបង្រៀន គ្រូបង្រៀនសាលាថ្ងៃអាទិត្យប្រើបទគម្ពីរ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និង ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ។ ពួកគាត់ធ្វើតាមគោលការណ៍នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ និង ជំពូកទី ១៧ នៃក្បួនខ្នាតនេះ ។
គ្រូបង្រៀនសាលាថ្ងៃអាទិត្យចូលរួមការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនជារៀងរាល់ត្រីមាស ( សូមមើល ១៧.៤ ) ។
១៣.៣
ថ្នាក់សាលាថ្ងៃអាទិត្យ
ថ្នាក់សាលាថ្ងៃអាទិត្យធ្វើឡើងនៅថ្ងៃអាទិត្យទីមួយ និងទីបីនៃខែនីមួយៗ ។ វាមានរយៈពេល ៥០ នាទី ។
ដោយមានការអនុម័តរបស់ប៊ីស្សព ប្រធានសាលាថ្ងៃអាទិត្យរៀបចំថ្នាក់សម្រាប់មជ្ឈិមវ័យ និងយុវវ័យ ។ ប្រសិនបើគាត់មានទីប្រឹក្សា នោះពួកគេជួយដល់គាត់ ។
ចំនួនថ្នាក់រៀនគឺអាស្រ័យទៅលើ ( ១ ) ចំនួនសមាជិកនៅក្នុងវួដ និង ( ២ ) ចំនួន និងទំហំបន្ទប់ដែលមាន ។ ជាធម្មតា ថ្នាក់រៀនតូចៗធ្វើឲ្យមានភាពងាយស្រួលជាងចំពោះមនុស្សភាគច្រើន ទាំងក្នុងការចូលរួម និងការរៀនសូត្រយ៉ាងសកម្ម ។ ក្រុមប្រឹក្សាវួដអាចជួយប្រធានសាលាថ្ងៃអាទិត្យឲ្យធ្វើការសម្រេចចិត្តពីចំនួនថ្នាក់រៀន ដែលត្រូវរៀបចំឡើងសម្រាប់សាលាថ្ងៃអាទិត្យបាន ។
ជាធម្មតា ក្រុមយុវជន និងក្រុមយុវនារីចាប់ផ្ដើមចូលរៀនសាលាថ្ងៃអាទិត្យសម្រាប់យុវវ័យនៅដើមឆ្នាំ ដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ។ ពួកគេអាចចាប់ផ្តើមចូលរៀនថ្នាក់មជ្ឈិមវ័យ នៅពេលពួកគេមានអាយុ ១៨ ឆ្នាំ ។
ប្រធានសាលាថ្ងៃអាទិត្យរៀបចំថ្នាក់រៀនឲ្យយុវវ័យឲ្យបានច្រើនតាមតម្រូវការ ។ យុវវ័យគួរតែត្រូវបានចាត់ទៅតាមថ្នាក់នានាស្របតាមអាយុរបស់ពួកគេ ។ ប្រសិនបើមានយុវវ័យពីរបីនាក់ដែលមានអាយុស្របាលគ្នា នោះពួកគេប្រហែលជាត្រូវរៀននៅក្នុងថ្នាក់រៀនមួយ ជាមួយនឹងយុវវ័យដែលមានអាយុស្របាលគ្នា ។ ពួកគេរៀននៅក្នុងថ្នាក់តែមួយរហូតដល់ខែមករាឆ្នាំថ្មី ។
យ៉ាងហោចណាស់គួរតែមានមជ្ឈិមវ័យពីរនាក់ដែលមានការទទួលខុសត្រូវ មានវត្តមាននៅក្នុងថ្នាក់នីមួយៗសម្រាប់យុវវ័យ ។ មជ្ឈិមវ័យពីរនាក់នោះអាចជាបុរសទាំងពីរនាក់ ជាស្ត្រីទាំងពីរនាក់ ឬជាស្វាមីភរិយាដែលបានរៀបការហើយមួយគូ ។ ដើម្បីបំពេញតាមតម្រូវការនេះ ថ្នាក់នានាប្រហែលជាត្រូវដាក់បញ្ចូលគ្នា ។
មជ្ឈិមវ័យទាំងអស់ដែលធ្វើការជាមួយយុវវ័យត្រូវតែបំពេញវគ្គបណ្តុះបណ្តាលការការពារកុមារ និងយុវវ័យក្នុងរយៈពេលមួយខែ បន្ទាប់ពីត្រូវបានគាំទ្រការហៅបម្រើ ( ProtectingChildren.ChurchofJesusChrist.org ) ។ បន្ទាប់ពីនោះ ពួកគេចូលរៀនវគ្គបំពាក់បំប៉ននោះម្តងទៀតរៀងរាល់បីឆ្នាំម្ដង ។
១៣.៣.១
សាខាតូចៗ
នៅក្នុងសាខាតូចមួយ ប្រធានសាលាថ្ងៃអាទិត្យអាចធ្វើជាអ្នកដឹកនាំផង និងធ្វើជាគ្រូបង្រៀនផង តែម្នាក់ឯង ។ គាត់បង្រៀនថ្នាក់សាលាថ្ងៃអាទិត្យដល់យុវវ័យ និងមជ្ឈិមវ័យទាំងអស់ក្នុងសាខា ។
១៣.៣.២
ថ្នាក់សាលាថ្ងៃអាទិត្យសម្រាប់ក្រុមពិសេស
ប្រសិនបើចាំបាច់ ប្រធានសាលាថ្ងៃអាទិត្យអាចរៀបចំថ្នាក់សាលាថ្ងៃអាទិត្យសម្រាប់ក្រុមពិសេសបាន ។ កម្មវិធីសិក្សាសម្រាប់ថ្នាក់ទាំងនេះគឺ ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ។
ក្រុមទាំងឡាយអាចទទួលបានអត្ថប្រយោជន៍មកពីថ្នាក់សាលាថ្ងៃអាទិត្យរបស់ពួកគេផ្ទាល់ រួមមាន ៖
-
យុវមជ្ឈិមវ័យនៅលីវ ។
-
សមាជិកដែលមិនចេះនិយាយភាសាទីមួយរបស់វួដ ។
-
សមាជិកថ្មី សមាជិកដែលត្រឡប់មកវិញ និងអស់អ្នកកំពុងរៀនអំពីសាសនាចក្រ ។
-
ក្រុមផ្សេងទៀតដូចដែលប៊ីស្សពបានជូនដំណឹង ។
១៣.៤
ការកែលម្អដល់ការរៀនសូត្រ និងការបង្រៀននៅក្នុងវួដ
ថ្នាក់ដឹកនាំវួដមើលការខុសត្រូវលើការកែលម្អការរៀនសូត្រ និងការបង្រៀននៅក្នុងអង្គការរបស់ខ្លួន ។ កិច្ចការនេះរួមមាននូវការណែនាំដល់គ្រូបង្រៀនដែលទើបហៅថ្មី ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ៣៨ ) ។ ពួកគាត់អាចស្នើសុំជំនួយពីប្រធានសាលាថ្ងៃអាទិត្យ ប្រសិនបើចាំបាច់ ។
ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនត្រូវបានធ្វើឡើងរៀងរាល់ត្រីមាសអំឡុងម៉ោងរៀនរយៈពេល ៥០ នាទីនៅថ្ងៃអាទិត្យ ( សូមមើល ១៧.៤ ) ។ គោលបំណងនៃការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀននេះគឺដើម្បីជួយកែលម្អការរៀនសូត្រ និងការបង្រៀន ។ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ គឺជាធនធានដ៏សំខាន់សម្រាប់ការប្រជុំទាំងនេះ ។
ក្រុមប្រឹក្សាវួដមើលការខុសត្រូវ ហើយដាក់កាលវិភាគសម្រាប់ការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។ ជាធម្មតា ប្រធានសាលាថ្ងៃអាទិត្យដឹកនាំការប្រជុំទាំងនេះ ។ ទោះជាយ៉ាងណាក្ដី ក៏គណៈប៊ីស្សពអាចស្នើសុំឲ្យសមាជិកផ្សេងទៀតដឹកនាំការប្រជុំទាំងនេះបានផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ៣ ឬនៅលើគេហទំព័រ teaching.ChurchofJesusChrist.org ។
១៣.៥
ការកែលម្អដល់ការរៀនសូត្រ និងការបង្រៀននៅក្នុងគេហដ្ឋាន
ឪពុកម្តាយទទួលខុសត្រូវលើការបង្រៀនដំណឹងល្អដល់កូនៗរបស់ខ្លួន ។ ពួកគាត់អាចស្នើសុំឲ្យប្រធានសាលាថ្ងៃអាទិត្យជួយពួកគាត់ ដើម្បីអភិវឌ្ឍខ្លួនក្នុងនាមជាគ្រូបង្រៀនបាន ។
ក្រុមប្រឹក្សាវួដអាចរៀបចំការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនសម្រាប់ឪពុកម្ដាយ ដើម្បីជួយពួកគាត់ឲ្យកែលម្អដល់ការបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋាន ។ ដូចគ្នានឹងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនផ្សេងទៀតដែរ ការប្រជុំទាំងនេះត្រូវបានធ្វើឡើងនៅអំឡុងម៉ោងរៀនរយៈពេល ៥០ នាទីនៅថ្ងៃអាទិត្យ ។ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ គឺជាធនធានដ៏សំខាន់សម្រាប់ការប្រជុំទាំងនេះ ។
១៣.៦
ថ្នាក់ដឹកនាំសាលាថ្ងៃអាទិត្យស្តេក
ប្រធានស្តេកចាត់ទីប្រឹក្សារបស់គាត់មួយរូបឲ្យមើលការខុសត្រូវលើសាលាថ្ងៃអាទិត្យនៅក្នុងស្តេក ។ គាត់ក៏ហៅ និងញែកចេញដល់ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ឲ្យធ្វើជាប្រធានសាលាថ្ងៃអាទិត្យប្រចាំស្តេកផងដែរ ។
ការទទួលខុសត្រូវនានារបស់ប្រធានសាលាថ្ងៃអាទិត្យស្តេកត្រូវបានចែងនៅក្នុង ៦.៧.១ និង ៦.៧.៣ ។ ប្រសិនបើទីប្រឹក្សាត្រូវបានហៅ នោះពួកគាត់ជួយដល់ប្រធានសាលាថ្ងៃអាទិត្យ ។
១៣.៧
គោលការណ៍ណែនាំបន្ថែម
១៣.៧.១
សមាជិកដែលមានពិការភាព
គ្រូបង្រៀនសាលាថ្ងៃអាទិត្យផ្ដល់ការមើលថែជាពិសេសដល់សមាជិកក្នុងថ្នាក់ដែលមានពិការភាព ។ សម្រាប់ព័ត៌មានអំពីការបង្រៀនដល់សមាជិកដែលមានពិការភាព សូមមើលនៅលើគេហទំព័រ disabilities.ChurchofJesusChrist.org; សូមមើលផងដែរ ៣៨.៨.២៦ នៅក្នុងក្បួនខ្នាតនេះ ។
១៣.៧.២
មជ្ឈមណ្ឌលធនធាន
សាលាប្រជុំមួយចំនួនមានមជ្ឈមណ្ឌលធនធានមួយ ( បណ្ណាល័យ ) ដើម្បីជួយសមាជិកឲ្យរៀនសូត្រ និងបង្រៀនដំណឹងល្អ ។ ប្រធានសាលាថ្ងៃអាទិត្យវួដមើលការខុសត្រូវលើមជ្ឈមណ្ឌលធនធាននោះ ។ វួដដែលប្រើប្រាស់សាលាប្រជុំចូលគ្នាក៏ប្រើប្រាស់មជ្ឈមណ្ឌលធនធាននោះជាមួយគ្នាផងដែរ ។ ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ព្រមទាំងមជ្ឈមណ្ឌលពង្សប្រវត្តិក៏ប្រើប្រាស់មជ្ឈមណ្ឌលធនធាននោះជាមួយនឹងវួដផងដែរ ។
នៅក្នុងសាលាប្រជុំដែលមានមជ្ឈមណ្ឌលធនធានមួយ គណៈប៊ីស្សពហៅអ្នកជំនាញផ្នែកមជ្ឈមណ្ឌលធនធានម្នាក់ ។ ប្រធានសាលាថ្ងៃអាទិត្យអាចផ្ដល់ការណែនាំពីមនុស្សដែលត្រូវហៅ ។ ឬគណៈប៊ីស្សពអាចស្នើសុំសមាជិកម្នាក់ក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យឲ្យធ្វើជាអ្នកជំនាញ ។ បុគ្គលរូបនេះ ៖
-
រៀបចំ ហើយមើលថែធនធានទាំងនោះ ។
-
ជួយដល់ថ្នាក់ដឹកនាំ គ្រូបង្រៀន និងសមាជិកផ្សេងទៀតឲ្យទទួលបាន និងប្រើប្រាស់ធនធានទាំងនេះ ។
ប្រធានសាលាថ្ងៃអាទិត្យប្រឹក្សានឹងអ្នកជំនាញមជ្ឈមណ្ឌលធនធានដើម្បីកំណត់ថា តើមជ្ឈមណ្ឌលធនធាននោះត្រូវការថវិកាប្រចាំឆ្នាំដែរឬទេ ។ បន្ទាប់មក គាត់ផ្ដល់អនុសាសន៍មួយទៅកាន់គណៈប៊ីស្សព ។
អ្នកជំនាញនៅមជ្ឈមណ្ឌលធនធានគួរតែចូលរួមការប្រជុំសាក្រាម៉ង់រៀងរាល់សប្ដាហ៍ និងការប្រជុំផ្សេងៗនៅថ្ងៃអាទិត្យឲ្យបានទៀងទាត់ ។ ប្រសិនបើចាំបាច់ គណៈប៊ីស្សពអាចហៅជំនួយការម្នាក់ដើម្បីជួយដល់អ្នកជំនាញនោះ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើល « មជ្ឈមណ្ឌលធនធាន » នៅលើគេហទំព័រ ChurchofJesusChrist.org ។