« ១៨. ពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាព » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ១៨. ពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាព » ក្បួនខ្នាតទូទៅ ។
១៨.
ពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាព
១៨.០
សេចក្តីផ្ដើម
ពិធីបរិសុទ្ធ និងពរជ័យទាំងឡាយគឺជាកិច្ចការដ៏ពិសិដ្ឋមួយដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព និងក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកកាន់បព្វជិតភាពធ្វើពិធីបរិសុទ្ធ និងប្រសិទ្ធពរ នោះពួកគេធ្វើតាមគំរូរបស់ព្រះអង្គសង្រ្គោះក្នុងការផ្តល់ពរជ័យដល់មនុស្សដទៃ ។ ពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាពផ្តល់សិទ្ធិដើម្បីទទួលព្រះចេស្ដារបស់ព្រះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២០ ) ។
ពិធីបរិសុទ្ធ និងពរជ័យទាំងឡាយត្រូវធ្វើឡើងដោយមានសេចក្តីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយស្របតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ ថ្នាក់ដឹកនាំធានាឲ្យបានថា ពួកគេធ្វើកិច្ចការនេះដោយមានការអនុម័តត្រឹមត្រូវ ( បើចាំបាច់ ) ជាមួយនឹងសិទ្ធិអំណាចបព្វជិតភាពដែលតម្រូវឲ្យមាន តាមរបៀបត្រឹមត្រូវ ហើយដោយអ្នកចូលរួមដែលមានភាពស័ក្តិសម ( សូមមើលលេខ ១៨.៣ ) ។
សម្រាប់គោលនយោបាយស្តីពីពិធីបរិសុទ្ធ និងពរជ័យបព្វជិតភាព សូមមើលលេខ ៣៨.២ ។
១៨.១
ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
បព្វជិតភាពរួមមានសិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធនៃដំណឹងល្អដែលចាំបាច់សម្រាប់សេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ មនុស្សចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងនេះជាមួយព្រះ នៅពេលពួកគេទទួលពិធីបរិសុទ្ធទាំងនេះ ។ ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងគឺត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
ពិធីបុណ្យជ្រមុជទឹក
-
ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
-
ការប្រគល់បព្វជិតភាពមិលគីស្សាដែក និងការតែងតាំងឲ្យមានតំណែងមួយ ( សម្រាប់បុរស )
-
អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ
-
ការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
ពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងមិនធ្វើឡើងសម្រាប់បុគ្គលដែលមានពិការភាពខាងបញ្ញានោះទេ ដោយសារពួកគេមិនអាចទទួលខុសត្រូវ និងមិនអាចចុះសេចក្តីសញ្ញាជាមួយព្រះបានឡើយ ។ ពិធីបរិសុទ្ធទាំងនេះក៏មិនសម្រាប់កុមារដែលស្លាប់ពីមុនអាយុ ៨ ឆ្នាំផងដែរ ។ បុគ្គលទាំងនេះត្រូវបាន « សង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៃស្ថានសួគ៌ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:១០; សូមមើលផងដែរ មរ៉ូណៃ ៨:៨–១២ ) ។
១៨.២
ពិធីបរិសុទ្ធ និងពរជ័យដទៃទៀត
ពិធីបរិសុទ្ធ និងពរជ័យដទៃទៀតធ្វើឲ្យបុត្រាបុត្រីរបស់ព្រះអាចទទួលបានអំណាចរបស់ទ្រង់ការព្យាបាល ការលួងលោមចិត្ត និងការដឹកនាំរបស់ទ្រង់ ។ ពិធីបរិសុទ្ធ និងពរជ័យទាំងនេះមានដូចខាងក្រោម ៖
-
ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ
-
ពិធីសាក្រាម៉ង់
-
ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងឲ្យមានតំណែងមួយ ( សម្រាប់ក្រុមយុវជន និងបុរស )
-
ការញែកចេញសមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើ
-
ការឧទ្ទិសប្រេង
-
ការព្យាបាលអ្នកឈឺ
-
ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងប្រឹក្សា រួមទាំងការប្រសិទ្ធពររបស់ឪពុក
-
ការឧទ្ទិសឆ្លងគេហដ្ឋាន
-
ការឧទ្ទិសឆ្លងផ្នូរ
-
ពររបស់លោកអយ្យកោតាមរយៈលោកអយ្យកោដែលបានតែងតាំង
១៨.៣
ការចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ
អស់អ្នកដែលធ្វើ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬការប្រសិទ្ធពរត្រូវតែមានសិទ្ធិអំណាចបព្វជិតភាពដែលចាំបាច់ និងមានភាពស័ក្តិសម ។ ជាទូទៅ បទដ្ឋាននៃភាពស័ក្តិសមគឺទាក់ទងនឹងការមានបណ្ណចូលព្រះវិហារបរិសុទ្ធ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលមានការណែនាំដោយព្រះវិញ្ញាណ និងសេចក្តីណែនាំ នៅក្នុងជំពូកនេះ នោះប៊ីស្សព និងប្រធានស្តេកអាចអនុញ្ញាតឲ្យឪពុក និងស្វាមីដែលមានតំណែងបព្វជិតភាពដែលចាំបាច់ឲ្យធ្វើ ឬចូលរួមនៅក្នុងពិធីបរិសុទ្ធ និងការប្រសិទ្ធពរមួយចំនួន ទោះបីជាពួកគេមិនមានភាពស័ក្តិសមខាងព្រះវិហារបរិសុទ្ធទាំងស្រុងក្តី ។ អ្នកកាន់បព្វជិតភាពដែលមិនទាន់បានដោះស្រាយអំពើបាបធ្ងន់ធ្ងរមិនគួរចូលរួមនោះទេ ។
ជាទូទៅ មានតែថ្នាក់ដឹកនាំបព្វជិតភាព និងអ្នកកាន់បព្វជិតភាពដទៃទៀតដែលជិតស្និទ្ធនឹងសមាជិកគ្រួសារនេះ និងមិត្តភក្តិប៉ុណ្ណោះដែលចូលរួមនៅក្នុងពិធីបរិសុទ្ធ ឬធ្វើការប្រសិទ្ធពរ ។
នៅពេលដែលមានតែអ្នកកាន់បព្វជិតភាពម្នាក់ ឬពីរនាក់ចូលរួម ពួកគាត់ម្នាក់ៗដាក់ដៃទាំងពីរលើក្បាលរបស់បុគ្គលនោះស្រាលៗ ។ នៅពេលមានអ្នកចូលរួមច្រើន នោះពួកគាត់ឈរជារង្វង់នៅជុំវិញបុគ្គលដែលកំពុងទទួលពិធីបរិសុទ្ធ ឬការប្រសិទ្ធពរនោះ ។ ពួកគាត់ម្នាក់ៗដាក់ដៃស្តាំលើក្បាលរបស់បុគ្គលនេះស្រាលៗ ( ឬខាងក្រោមទារក ) ហើយដៃឆ្វេងរបស់គាត់ដាក់លើស្មារបស់បងប្អូនប្រុសនៅខាងឆ្វេងដៃគាត់ ។ បុគ្គលម្នាក់ជាអ្នកនិយាយដើម្បីធ្វើពិធីបរិសុទ្ធ ឬផ្តល់ឲ្យនូវការប្រសិទ្ធពរ ។
ការធ្វើ ឬការទទួលពិធីបរិសុទ្ធ និងការប្រសិទ្ធពរមួយចំនួនតម្រូវឲ្យមានការអនុម័តពីថ្នាក់ដឹកនាំដែលជាអធិបតី ជាបុគ្គលដែលកាន់កូនសោបព្វជិតភាពចាំបាច់ ( សូមមើលលេខ ៣.៤.១ ) ។ ការអនុម័តក៏អាចមកពីនរណាម្នាក់ដែលមានសិទ្ធិអំណាចផងដែរ ដូចជាទីប្រឹក្សាណាម្នាក់របស់គាត់ ។ សូមមើលតារាងដូចខាងក្រោម ។
តើថ្នាក់ដឹកនាំរូបណាដែលកាន់កូនសោដើម្បីផ្តល់ការអនុម័តដើម្បីធ្វើ ឬទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ?
ពិធីបរិសុទ្ធ |
អ្នកកាន់កូនសោទាំងឡាយ |
---|---|
ពិធីបរិសុទ្ធ ពិធីបុណ្យជ្រមុជទឹក | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព ( សម្រាប់កុមារដែលមានអាយុ ៨ ឆ្នាំ ដែលជាសមាជិកមានឈ្មោះនៅក្នុងកំណត់ត្រា ) ប្រធានបេសកកម្ម ( សម្រាប់អ្នកផ្លាស់ប្រែចិត្តជឿ ) |
ពិធីបរិសុទ្ធ ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព ( សម្រាប់កុមារដែលមានអាយុ ៨ ឆ្នាំ ដែលជាសមាជិកមានឈ្មោះនៅក្នុងកំណត់ត្រា ) ប្រធានបេសកកម្ម ( សម្រាប់អ្នកផ្លាស់ប្រែចិត្តជឿ ) |
ពិធីបរិសុទ្ធ ការប្រគល់បព្វជិតភាពមិលគីស្សាដែក និងការតែងតាំងឲ្យមានតំណែងមួយ ( សម្រាប់បុរស ) | អ្នកកាន់កូនសោទាំងឡាយ ប្រធានស្តេក |
ពិធីបរិសុទ្ធ អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព និងប្រធានស្តេក |
ពិធីបរិសុទ្ធ ការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព និងប្រធានស្តេក |
តើថ្នាក់ដឹកនាំរូបណាដែលកាន់កូនសោដើម្បីផ្តល់ការអនុម័តដើម្បីធ្វើ ឬទទួលពិធីបរិសុទ្ធ និងការប្រសិទ្ធពរដទៃទៀត ?
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ |
អ្នកកាន់កូនសោទាំងឡាយ |
---|---|
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ពិធីសាក្រាម៉ង់ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងឲ្យមានតំណែងមួយ ( សម្រាប់ក្រុមយុវជន និងបុរស ) | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការញែកចេញសមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើ | អ្នកកាន់កូនសោទាំងឡាយ សូមមើល « តារាងនៃការហៅបម្រើ » ( ៣០.៧ ) |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការឧទ្ទិសប្រេង | អ្នកកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័ត |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការព្យាបាលអ្នកឈឺ | អ្នកកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័ត |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងការប្រឹក្សា រួមទាំងពរជ័យរបស់លោកឪពុក | អ្នកកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័ត |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការឧទ្ទិសឆ្លងគេហដ្ឋាន | អ្នកកាន់កូនសោទាំងឡាយ ពុំត្រូវការការអនុម័ត |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ការឧទ្ទិសឆ្លងផ្នូរ | អ្នកកាន់កូនសោទាំងឡាយ ថ្នាក់ដឹកនាំបព្វជិតភាពដែលធ្វើអធិបតីលើការបម្រើ |
ពិធីបរិសុទ្ធ ឬការប្រសិទ្ធពរ ពររបស់លោកអយ្យកោ | អ្នកកាន់កូនសោទាំងឡាយ ប៊ីស្សព |
១៨.៤
ពិធីបរិសុទ្ធសម្រាប់កុមារតូចៗ
កុមារតូចៗអាចត្រូវបានប្រសិទ្ធពរ ទទួលបុណ្យជ្រមុជទឹក ទទួលពិធីបញ្ជាក់ តែងតាំងឲ្យមានតំណែងបព្វជិតភាព ឬញែកចេញឲ្យមានការហៅបម្រើមួយ តែពេលណាដែលមានការយល់ព្រមពី ( ១ ) ឪពុកម្តាយដែលមានសិទ្ធិស្របច្បាប់ដើម្បីចូលរួមនៅក្នុងការសម្រេចចិត្ត ឬ ( ២ ) អាណាព្យាបាលស្របច្បាប់ប៉ុណ្ណោះ ។ ចំពោះសំណួរអំពីសិទ្ធិស្របច្បាប់របស់ឪពុកម្តាយដែលពុំមានសិទ្ធិស្របច្បាប់ នោះប៊ីស្សព ឬប្រធានស្តេកស្វែងរកការប្រឹក្សាផ្លូវច្បាប់មកពីការិយាល័យក្រុមប្រឹក្សាទូទៅរបស់សាសនាចក្រ ឬមកពីការិយាល័យប្រចាំតំបន់ ( សូមមើលលេខ ៣៨.៨.២៦ ) ។
សម្រាប់សេចក្តីណែនាំអំពីការធ្វើបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ឲ្យកុមារតូចៗ សូមមើលលេខ ៣៨.២.៣.៦ ។
១៨.៥
ពិធីបរិសុទ្ធដែលបានធ្វើឲ្យ និងតាមរយៈបុគ្គលដែលមានពិការភាព
១៨.៦
ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារ
« សមាជិកនៃសាសនាចក្រនៃព្រះគ្រីស្ទគ្រប់រូប ដែលមានកូនចៅ នោះត្រូវនាំពួកគេមកកាន់ពួកអែលឌើរនៅចំពោះសាសនាចក្រ ជាអ្នកដែលត្រូវដាក់ដៃលើពួកគេ ដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ហើយផ្តល់ពរដល់ពួកគេ ដោយនូវព្រះនាមរបស់ទ្រង់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧០ ) ។
ជាធម្មតា ទារកត្រូវបានដាក់ឈ្មោះ និងប្រសិទ្ធពរ នៅអំឡុងពេលការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់នៅក្នុងវួដដែលឪពុកម្តាយជាសមាជិកនៅក្នុងវួដនោះ ។ ប្រសិនបើឪពុកម្តាយមិននៅក្នុងវួដជាមួយគ្នាទេ ជាទូទៅ ពិធីបរិសុទ្ធធ្វើនៅក្នុងវួដដែលកុមារនឹងរស់នៅជាចម្បង ។
ការលើកលែងចំពោះកន្លែងប្រសិទ្ធពរឲ្យកុមារនៅកន្លែងផ្សេងត្រូវតែមានការអនុម័តពីប៊ីស្សព ។ ការលើកលែងដែលអាចធ្វើទៅបាន រួមមានទាំងការប្រសិទ្ធពរមិននៅថ្ងៃអាទិត្យតមអាហារ ជាពិសេស នៅក្នុងវួដដែលមានទារកច្រើន ការប្រសិទ្ធពរនៅក្នុងវួដផ្សេង ជាវួដដែលជីដូន និងជីតា ឬសមាជិកគ្រួសាររបស់ទារករស់នៅ និងការប្រសិទ្ធពរនៅផ្ទះ ។
១៨.៦.១
អ្នកដែលផ្តល់ការប្រសិទ្ធពរ
ពិធីបរិសុទ្ធនៃការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារធ្វើឡើងដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដោយអនុលោមតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧០ ។ ថ្នាក់ដឹកនាំបព្វជិតភាពជូនដំណឹងដល់សមាជិកអំពីពិធីនេះ មុនពេលកូនចៅរបស់ពួកគេត្រូវបានដាក់ឈ្មោះ និងប្រសិទ្ធពរ ។ ថ្នាក់ដឹកនាំគួរមានការខិតខំ ដើម្បីចៀសវាងភាពអាម៉ាស់ ឬការធ្វើឲ្យបុគ្គល ឬក្រុមគ្រួសារអាក់អន់ចិត្ត ។
បុគ្គលម្នាក់ ឬគ្រួសារមួយដែលមានបំណងឲ្យទារកទទួលឈ្មោះ និងការប្រសិទ្ធពរសម្របសម្រួលពិធីបរិសុទ្ធនោះជាមួយនឹងប៊ីស្សព ។ គាត់កាន់កូនសោបព្វជិតភាពសម្រាប់ការដាក់ឈ្មោះ និងការប្រសិទ្ធពរកុមារនៅក្នុងវួដ ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលកាន់បព្វជិតភាពមិលគីស្សាដែក ដើម្បីដាក់ឈ្មោះ និងប្រសិទ្ធពរដល់កូនរបស់គាត់ ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើលលេខ ១៨.៣ ) ។ ប៊ីស្សពលើកទឹកចិត្តឪពុកទាំងឡាយឲ្យរៀបចំខ្លួនដើម្បីប្រសិទ្ធពរដល់កូនៗរបស់ពួកគេផ្ទាល់ ។
ដើម្បីធ្វើជាអ្នកប្រសិទ្ធពរកុមារម្នាក់ បុគ្គលម្នាក់ដែលរស់នៅក្រៅវួដរបស់ខ្លួនត្រូវតែបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំដែលជាអធិបតី ។ ឬគាត់អាចបង្ហាញលិខិតចេញអនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយដែលបានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.៦.២
សេចក្ដីណែនាំ
នៅក្រោមការដឹកនាំរបស់គណៈប៊ីស្សព ពួកអ្នកកាន់បព្វជិតភាពមិលគីស្សាដែកប្រមូលផ្ដុំគ្នាជារង្វង់ដើម្បីដាក់ឈ្មោះ និងប្រសិទ្ធពរដល់កុមារម្នាក់ ។ ពួកគាត់ដាក់ដៃទ្រពីក្រោមទារកម្នាក់ ឬពួកគាត់ដាក់ដៃស្រាលៗលើក្បាលរបស់កុមារធំម្នាក់ ។ បន្ទាប់មក បុគ្គលដែលត្រូវប្រសិទ្ធពរពោលពាក្យ ៖
-
ហៅព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
និយាយថា ការប្រសិទ្ធពរនោះត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ដាក់ឈ្មោះដល់កុមារនោះ ។
-
ហៅឈ្មោះកុមារនោះ ។
-
ផ្ដល់ការប្រសិទ្ធពរមួយដល់កុមារនោះដូចដែលបានណែនាំពីព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.៦.៣
បែបបទកំណត់ត្រាកុមារ និងវិញ្ញាបនបត្រប្រសិទ្ធពរ
ពីមុនកុមារម្នាក់ទទួលការប្រសិទ្ធពរ ស្មៀនប្រើប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀនដើម្បីរៀបចំបែបបទកំណត់ត្រាកុមារ ។ បន្ទាប់ពីការប្រសិទ្ធពរ គាត់បង្កើតកំណត់ត្រាសមាជិកភាពនៅក្នុងប្រព័ន្ធនោះ ហើយរៀបចំវិញ្ញាបនបត្រប្រសិទ្ធពរមួយ ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប៊ីស្សព ហើយជូនទៅឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារនោះ ។
ឈ្មោះនៅលើកំណត់ត្រាសមាជិកភាព និងវិញ្ញាបនបត្រនេះគួរតែត្រូវគ្នានឹងសំបុត្រកំណើត ការចុះបញ្ជីកំណើតស៊ីវិល ឬឈ្មោះស្របច្បាប់បច្ចុប្បន្ន ។
១៨.៧
ពិធីបុណ្យជ្រមុជទឹក
ពិធីបុណ្យជ្រមុជទឹកដោយការពន្លិចទៅក្នុងទឹកដោយបុគ្គលម្នាក់ដែលមានសិទ្ធិអំណាចគឺចាំបាច់ ដើម្បីឲ្យមនុស្សម្នាក់ក្លាយជាសមាជិកសាសនាចក្រ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកទាំងឡាយណាដែលចង់បានភាពតម្កើងឡើងត្រូវតែធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយទទួលយកពិធីបរិសុទ្ធទាំងនេះ ។ ( សូមមើល ម៉ាថាយ ៣:១៣–១៧; យ៉ូហាន ៣:៣–៧; កិច្ចការ ២:៣៧–៣៨; នីហ្វៃទី ២ ៣១:៥–១០ ) ។
១៨.៧.១
ការអនុម័តឲ្យបុគ្គលម្នាក់ទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
១៨.៧.១.១
កុមារដែលជាសមាជិកមានកំណត់ត្រា
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ពិធីបុណ្យជ្រមុជទឹករបស់កុមារអាយុ ៨ ឆ្នាំ ដែលជាសមាជិកមានកំណត់ត្រានៅក្នុងវួដ ។ កុមារទាំងនេះគួរតែទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ភ្លាម បន្ទាប់ពីថ្ងៃខួបកំណើត ៨ ឆ្នាំរបស់ពួកគេ ប្រសិនបើអាចធ្វើបាន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៧ ) ។ កុមារទាំងនេះគឺជាកុមារដែលមានកំណត់ត្រាសមាជិកភាពក្នុងសាសនាចក្ររួចហើយ ( សូមមើលលេខ ៣៣.៦.២ ) ។ នៅពេលពួកគេឈានចូលអាយុ ៨ ឆ្នាំ នោះប៊ីស្សពត្រូវប្រាកដថា ពួកគេមានឱកាសយ៉ាងច្រើនដើម្បីទទួលដំណឹងល្អ និងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។
ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ ធ្វើការសម្ភាសន៍សម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់របស់ ៖
-
កុមារអាយុ ៨ ឆ្នាំដែលជាសមាជិកមានកំណត់ត្រា ។
-
កុមារអាយុ ៨ ឆ្នាំ ដែលមិនមែនជាសមាជិកមានកំណត់ត្រា ប៉ុន្តែយ៉ាងហោចណាស់មានឪពុក ឬម្តាយ ឬអាណាព្យាបាលម្នាក់ជាសមាជិក ។
សេចក្ដីណែនាំសម្រាប់ការសម្ភាសន៍ត្រូវបានផ្ដល់ឲ្យនៅក្នុងលេខ ៣៨.២.៣.៣ ។ សម្រាប់ព័ត៌មានអំពីការបំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើលលេខ ១៨.៨.៣ ។
ប៊ីស្សពផ្តល់ការយកចិត្តទុកដាក់ជាពិសេសចំពោះកុមារដែលមានអាយុ ៧ ឆ្នាំនៅក្នុងវួដ ដោយត្រូវប្រាកដថា ឪពុកម្តាយរបស់ពួកគេ ថ្នាក់ដឹកនាំអង្គការបឋមសិក្សា និងគ្រូបង្រៀនរបស់ពួកគេ ព្រមទាំងអ្នកដែលផ្ដល់ការងារបម្រើដល់ក្រុមគ្រួសាររបស់ពួកគេ ជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ និងថ្នាក់ដឹកនាំសមាគមសង្រ្គោះក៏លើកទឹកចិត្តឪពុកម្តាយឲ្យរៀបចំកូនចៅរបស់ពួកគេសម្រាប់ពិធីបរិសុទ្ធទាំងនេះផងដែរ ។
១៨.៧.១.២
អ្នកប្រែចិត្តជឿ
ប្រធានបេសកកម្មកាន់កូនសោបព្វជិតភាព សម្រាប់ការធ្វើពិធីបុណ្យជ្រមុជទឹកដល់ពួកអ្នកប្រែចិត្តជឿនៅក្នុងបេសកកម្ម ។ ពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកប្រែចិត្តជឿត្រូវបានឲ្យនិយមន័យថាជាពិធីបុណ្យជ្រមុជទឹករបស់ ៖
-
បុគ្គលអាយុ ៩ ឆ្នាំឡើងទៅ ដែលមិនធ្លាប់ទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ពីមុនមក ។
-
កុមារអាយុ ៨ ឆ្នាំឡើងទៅដែលមានឪពុកម្ដាយ (១) មិនមែនជាសមាជិក ឬ (២) ត្រូវបានជ្រមុជទឹក និងបញ្ជាក់ក្នុងពេលតែមួយជាមួយនឹងកុមារនោះដែរ ។
អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្ភាសន៍ពួកអ្នកប្រែចិត្តជឿសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ការណែនាំត្រូវបានផ្ដល់ឲ្យនៅក្នុងលេខ ៣៨.២.៣.៣ ។ សម្រាប់ព័ត៌មានអំពីការបំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ សូមមើលលេខ ១៨.៨.៣ ។
១៨.៧.២
កម្មវិធីពិធីបុណ្យជ្រមុជទឹក
កម្មវិធីពិធីបុណ្យជ្រមុជទឹកមួយគួរតែមានភាពសាមញ្ញ ខ្លី ហើយមានការលើកស្ទួយខាងវិញ្ញាណ ។ វាអាចរួមមានដូចខាងក្រោមនេះ ៖
-
តន្រ្តីកំដរបើកកម្មវិធី
-
ការស្វាគមន៍ដោយសង្ខេបមកពីបងប្អូនប្រុសដែលដឹកនាំកម្មវិធីនោះ
-
ទំនុកតម្កើង និងការអធិស្ឋានបើក
-
សារលិខិតខ្លីមួយ ឬពីរអំពីប្រធានបទដំណឹងល្អ ដូចជា ពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
-
ចម្រៀងពិសេស
-
ពិធីបុណ្យជ្រមុជទឹក
-
គ្រានៃគារវភាព ខណៈដែលបុគ្គលដែលបានចូលរួមក្នុងពិធីបុណ្យជ្រមុជទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ ( ទំនុកតម្កើង ឬចម្រៀងកុមារអាចត្រូវបានលេង ឬច្រៀងអំឡុងពេលនេះ )
-
ពិធីបញ្ជាក់ដល់សមាជិកអាយុ ៨ ឆ្នាំថាមានកំណត់ត្រា ពិធីបញ្ជាក់របស់ពួកអ្នកប្រែចិត្តជឿ ប្រសិនបើកំណត់ដោយប៊ីស្សព ( សូមមើលលេខ ៣៨.២.៣.២ )
-
ការថ្លែងទីបន្ទាល់របស់ពួកអ្នកប្រែចិត្តជឿថ្មី ប្រសិនបើមានបំណងធ្វើ
-
ទំនុកតម្កើង និងការអធិស្ឋានបិទ
-
តន្រ្តីកំដរការបិទកម្មវិធី
នៅពេលកម្មវិធីពិធីបុណ្យជ្រមុជទឹកសម្រាប់កុមារអាយុ ៨ ឆ្នាំដែលជាសមាជិកមានកំណត់ត្រានេះធ្វើឡើងតែក្នុងវួដមួយ នោះសមាជិកម្នាក់នៃគណៈប៊ីស្សពដាក់ផែនការ និងដឹកនាំកម្មវិធីនេះ ។ គាត់សុំឲ្យថ្នាក់ដឹកនាំអង្គការបឋមសិក្សាជួយក្នុងការដាក់ផែនការ ។
នៅពេលកម្មវិធីពិធីបុណ្យជ្រមុជទឹកសម្រាប់កុមារទាំងនេះដែលមានវួដលើសពីមួយចូលរួម នោះសមាជិកម្នាក់នៃគណៈប្រធានស្តេក ឬក្រុមប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងម្នាក់ជាអ្នកដាក់ផែនការ និងដឹកនាំកម្មវិធី ។ គាត់សុំឲ្យថ្នាក់ដឹកនាំអង្គការបឋមសិក្សាជួយក្នុងការដាក់ផែនការ ។ សមាជិកមួយរូបនៃគណៈប៊ីស្សពមកពីវួដនីមួយៗរបស់កុមារដែលកំពុងទទួលបុណ្យជ្រមុជទឹកនោះគួរតែចូលរួម ។
សមាជិកមិនគួរស្នើសុំពេលផ្ទាល់ខ្លួនសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹកឲ្យកុមារម្នាក់នោះទេ ។ ពួកគេក៏មិនគួរសុំមើលរបៀបវារៈនៃកម្មវិធីនេះមុនដែរ ។
កម្មវិធីពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកផ្លាស់ប្រែចិត្តជឿគួរតែត្រូវបានដាក់កាលវិភាគភ្លាមៗ នៅពេលពួកគេត្រូវតាមតម្រូវការនៅក្នុងលេខ ៣៨.២.៣.៣ ។ ពិធីបុណ្យជ្រមុជទឹករបស់សមាជិកម្នាក់ក្នុងក្រុមគ្រួសារមិនគួរពន្យារពេល រហូតដល់ឪពុកអាចទទួលបព្វជិតភាព ហើយធ្វើពិធីបុណ្យជ្រមុជទឹកឲ្យដោយខ្លួនគាត់នោះទេ ។
ក្រោមការដឹកនាំរបស់គណៈប៊ីស្សព ថ្នាក់ដឹកនាំបេសកកម្មវួដ ( ប្រសិនបើមានការហៅបម្រើនេះ ) ឬ សមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរ ដែលជាអ្នកដឹកនាំកិច្ចការអ្នផ្សព្វផ្សាយសាសនានៅក្នុងវួដ ដាក់ផែនការ និងដឹកនាំកម្មវិធីពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកផ្លាស់ប្រែចិត្តជឿ ។
១៨.៧.៣
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
ពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកត្រូវបានធ្វើឡើងដោយសង្ឃម្នាក់ ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ។ បុគ្គលដែលធ្វើពិធីបុណ្យជ្រមុជទឹកត្រូវតែបានអនុម័តដោយប៊ីស្សព ( ឬដោយប្រធានបេសកកម្ម ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាធ្វើពិធីបុណ្យជ្រមុជទឹក ) ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលជាសង្ឃ ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ធ្វើបុណ្យជ្រមុជទឹកឲ្យកូនរបស់គាត់បាន ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើលលេខ ១៨.៣ ) ។ ប៊ីស្សពលើកទឹកចិត្តឲ្យឪពុកទាំងឡាយរៀបចំខ្លួនដើម្បីធ្វើបុណ្យជ្រមុជទឹកឲ្យកូនៗរបស់ពួកគេផ្ទាល់ ។
ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក បុគ្គលដែលរស់នៅក្រៅវួដរបស់ខ្លួនត្រូវតែបង្ហាញបណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំដែលជាអធិបតី ។ ឬគាត់អាចបង្ហាញលិខិតចេញអនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយដែលបានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.៧.៤
កន្លែងធ្វើពិធីបរិសុទ្ធ
ពិធីបុណ្យជ្រមុជទឹកគួរតែធ្វើឡើងនៅក្នុងអាងជ្រមុជទឹក ប្រសិនបើមាន ។ ប្រសិនបើគ្មានអាងជ្រមុជទឹកទេ នោះទឹកទន្លេ បឹង ឬស្ទឹងអាចធ្វើបាន ។ វាគួរតែធំល្មមដើម្បីឲ្យទាំងបុគ្គលធ្វើពិធីបរិសុទ្ធ និងបុគ្គលដែលទទួលបុណ្យជ្រមុជទឹកអាចឈរបាន ។ ទឹកមិនត្រូវបានឧទិ្ទសដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកនោះទេ ។
ប្រសិនបើប្រើអាងជ្រមុជទឹក នោះកាលវិភាគត្រូវបានរៀបដោយសមាជិកដែលបានចាត់តាំងម្នាក់ក្នុងវួដដែលជាភ្នាក់ងាររបស់ប៊ីស្សព ។
ដើម្បីធានាសុវត្ថិភាព មជ្ឈិមវ័យដែលមានទំនួលខុសត្រូវម្នាក់ ត្រូវតែមានវត្តមាននៅពេលដែលអាងជ្រមុជទឹកកំពុងបញ្ចូលទឹក ហើយរង់ចាំដល់បង្ហូរទឹកអស់ សម្អាត និងមានសុវត្ថិភាព ។ អាងជ្រមុជទឹកគួរតែបង្ហូរទឹកចេញភ្លាមៗ ក្រោយពីធ្វើពិធីបុណ្យជ្រមុជទឹករួចម្តងៗ ។ ទ្វារទៅកាន់អាងជ្រមុជទឹកគួរតែចាក់សោប្រសិនបើជាមិនប្រើអាងនេះទេ ។
១៨.៧.៥
សម្លៀកបំពាក់
បុគ្គលដែលធ្វើពិធីបុណ្យជ្រមុជទឹក និងបុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកពាក់សំលៀកបំពាក់ពណ៌ស ដែលមិនអាចមើលឃើញសាច់នៅពេលវាត្រូវទឹក ។ បុគ្គលដែលបានទទួលអំណោយទានពិសិដ្ឋពាក់សំលៀកបំពាក់ពិសិដ្ឋព្រះវិហារបរិសុទ្ធនៅក្រោមសំលៀកបំពាក់នេះ ខណៈដែលធ្វើពិធីបុណ្យជ្រមុជទឹក ។ អង្គភាពក្នុងមូលដ្ឋានទិញសំលៀកបំពាក់ធ្វើពិធីបុណ្យជ្រមុជទឹកដោយប្រើប្រាស់មូលនិធិរបស់អង្គភាព ហើយមិនត្រូវគិតថ្លៃប្រើប្រាស់នោះទេ ។
១៨.៧.៦
សាក្សី
សាក្សីពីររូប ដែលបានអនុម័តដោយថ្នាក់ដឹកនាំជាអធិបតី សង្កេតមើលរាល់ពិធីបុណ្យជ្រមុជទឹកដើម្បីធានាឲ្យបានថា ពិធីនេះត្រូវបានធ្វើឡើងដោយត្រឹមត្រូវ ។ សមាជិកសាសនាចក្រដែលបានទទួលបុណ្យជ្រមុជទឹកហើយ ដោយបូករួមទាំងកុមារ និងយុវវ័យអាចធ្វើជាសាក្សីបាន ។
ពិធីបុណ្យជ្រមុជទឹកត្រូវតែធ្វើឡើងម្តងទៀត ប្រសិនបើពាក្យពេចន៍មិនបាននិយាយត្រឹមត្រូវដូចមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៣ ទេនោះ ។ ពិធីនេះត្រូវតែធ្វើឡើងវិញ ប្រសិនបើផ្នែកខ្លះរបស់បុគ្គរូបនេះដូចជា សក់ ឬសំលៀកបំពាក់មិនបានជ្រមុជចូលទៅក្នុងទឹកទាំងស្រុងនោះទេ ។
១៨.៧.៧
សេចក្ដីណែនាំ
ដើម្បីធ្វើពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក សង្ឃ ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ៖
-
ឈរនៅក្នុងទឹកជាមួយបុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកនោះ ។
-
យកដៃឆ្វេងរបស់គាត់កាន់ក-ដៃខាងស្តាំរបស់បុគ្គលរូបនេះ ( សម្រាប់ភាពងាយស្រួល និងសុវត្ថិភាព ) ។ បុគ្គលដែលកំពុងទទួលបុណ្យជ្រមុជទឹកយកដៃឆ្វេងរបស់ខ្លួនកាន់ក-ដៃឆ្វេងរបស់អ្នកកាន់បព្វជិតភាព ។
-
លើកដៃស្តាំរបស់គាត់ជារាងការ៉េ ។
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ហើយនិយាយថា « ដោយមានសិទ្ធិអំណាចដែលបានប្រទានដល់ខ្ញុំពីព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំធ្វើបុណ្យជ្រមុជទឹកឲ្យអ្នក ដោយនូវព្រះនាមព្រះវរបិតា និងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៣ ) ។
-
សូមឲ្យបុគ្គលរូបនេះកាន់ច្រមុះរបស់ខ្លួនដោយប្រើដៃស្តាំ ( សម្រាប់ភាពងាយស្រួល ) បន្ទាប់មកដាក់ដៃស្តាំរបស់គាត់លើខ្នងរបស់បុគ្គលរូបនេះ ហើយជ្រមុជបុគ្គលរូបនេះចូលទឹកទាំងស្រុង ដោយរួមទាំងសំលៀកបំពាក់ផងដែរ ។ ការជ្រមុជចូលទៅក្នុងទឹកគឺងាយស្រួលជាង ប្រសិនបើបុគ្គលរូបនេះបន្ទន់ជង្គង់របស់ខ្លួន ។
-
សូមជួយបុគ្គលរូបនេះឲ្យងើបចេញពីទឹក ។
១៨.៧.៨
កំណត់ត្រាពិធីបុណ្យជ្រមុជទឹក
សម្រាប់ព័ត៌មានអំពីការធ្វើកំណត់ត្រានៃពិធីបុណ្យជ្រមុជទឹក សូមមើលលេខ ១៨.៨.៣ ។
១៨.៨
ពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
ក្រោយពីបុគ្គលម្នាក់បានទទួលបុណ្យជ្រមុជទឹកហើយ នោះគាត់ ឬនាងត្រូវបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធតាមរយៈការដាក់ដៃលើ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៤១; កិច្ចការ ១៩:១–៧ ) ។ សមាជិកក្លាយជាសមាជិកនៃសាសនាចក្រ បន្ទាប់ពីពិធីបរិសុទ្ធទាំងពីរនេះបានធ្វើហើយ ហើយមានការកត់ត្រាត្រឹមត្រូវ ( សូមមើល យ៉ូហាន ៣:៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១១; នីហ្វៃទី ៣ ២៧:២០ ) ។
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ធ្វើពិធីបញ្ជាក់របស់សមាជិកអាយុ ៨ ឆ្នាំ ដែលជាសមាជិកមានកំណត់ត្រានៅក្នុងវួដ ។ ប្រធានបេសកកម្មកាន់កូនសោសម្រាប់ធ្វើពិធីបញ្ជក់ដល់អ្នកផ្លាស់ប្រែចិត្តជឿថ្មីនៅក្នុងបេសកកម្ម ( សម្រាប់និយមន័យនៃពិធីបុណ្យជ្រមុជទឹកឲ្យអ្នកផ្លាស់ប្រែចិត្តជឿ សូមមើលលេខ ១៨.៧.១.២ ) ។ ទោះជាយ៉ាងណាក្តី ប៊ីស្សពមើលខុសត្រូវលើពិធីបរិសុទ្ធនេះសម្រាប់កុមារអាយុ ៨ ឆ្នាំដែលមានកំណត់ត្រា និងសម្រាប់អ្នកផ្លាស់ប្រែចិត្តជឿថ្មី ។
ជាទូទៅ កុមារដែលមានអាយុ ៨ ឆ្នាំត្រូវបានបញ្ជាក់នៅថ្ងៃដែលពួកគេបានទទួលបុណ្យជ្រមុជទឹក ។ ពួកអ្នកផ្លាស់ប្រែចិត្តជឿថ្មី ជាធម្មតាត្រូវបានបញ្ជាក់នៅក្នុងការប្រជុំសាក្រាម៉ង់ណាមួយនៅក្នុងវួដដែលពួកគេរស់នៅ យកល្អធ្វើនៅថ្ងៃអាទិត្យបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ ទោះជាយ៉ាងណាក្តី ប៊ីស្សពអាចអនុញ្ញាតឲ្យមានការលើកលែងសម្រាប់អ្នកផ្លាស់ប្រែចិត្តជឿថ្មីដើម្បីទទួលពិធីបញ្ជាក់នៅថ្ងៃធ្វើពិធីបុណ្យជ្រមុជទឹក ដូចដែលបានពន្យល់នៅក្នុងលេខ ៣៨.២.៣.២ ។ ប៊ីស្សពគួរតែធ្វើតាមគោលការណ៍ណែនាំនៅក្នុងលេខ ២៩.២.២.៨ នៅពេលណែនាំសមាជិកថ្មី ។
១៨.៨.១
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
ពិធីបរិសុទ្ធនៃពិធីបញ្ជាក់ត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ។ បុគ្គលដែលត្រូវពោលពាក្យត្រូវតែបានអនុម័តដោយប៊ីស្សព ( ឬដោយប្រធានបេសកកម្ម ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាធ្វើពិធីបញ្ជាក់ ) ។
មានតែអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ដែលមានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ទើបអាចពោលពាក្យក្នុងពិធីបញ្ជាក់នេះបាន ។ ទោះជាយ៉ាងណាក្តី ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលកាន់បព្វជិតភាពមិលគីស្សាដែក ឲ្យឈរក្នុងវង្វង់សម្រាប់ធ្វើពិធីបញ្ជាក់ឲ្យកូនរបស់គាត់ ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើលលេខ ១៨.៣ ) ។
យ៉ាងហោចណាស់ សមាជិកមួយរូបនៃគណៈប៊ីស្សពចូលរួមនៅក្នុងពិធីបរិសុទ្ធនេះ ។ នៅពេលដែលអែលឌើរជាអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនអ្នកផ្លាស់ប្រែចិត្តជឿថ្មី នោះប៊ីស្សពអញ្ជើញពួកគេឲ្យចូលរួម ។
ដើម្បីធ្វើជាអ្នកពោលពាក្យក្នុងពិធីបរិសុទ្ធនេះ បុគ្គលម្នាក់ដែលរស់នៅក្រៅវួដរបស់ខ្លួនត្រូវតែបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំដែលជាអធិបតី ។ ឬគាត់អាចបង្ហាញលិខិតចេញអនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយដែលបានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.៨.២
សេចក្ដីណែនាំ
នៅក្រោមការដឹកនាំពីគណៈប៊ីស្សព នោះអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ឬពីរនាក់អាចចូលរួមនៅក្នុងពិធីបញ្ជាក់ ។ ពួកគាត់ដាក់ដៃស្រាលៗនៅលើក្បាលរបស់បុគ្គលរូបនេះ ។ បន្ទាប់មក បុគ្គលម្នាក់ត្រូវពោលពាក្យ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
និយាយថា ពិធីបរិសុទ្ធត្រូវបានអនុវត្តដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
បញ្ជាក់បុគ្គលរូបនេះជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
-
ថ្លែងថា « ទទួលព្រះវិញ្ញាណបរិសុទ្ធ » ( មិនមែន « ទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធទេ » ) ។
-
ផ្ដល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.៨.៣
កំណត់ត្រា និងវិញ្ញាបនបត្រពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់
ពីមុនកុមារដែលជាសមាជិកមានកំណត់ត្រាត្រូវបានសម្ភាសន៍ធ្វើពិធីបុណ្យជ្រមុជទឹក ស្មៀនប្រើប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀនដើម្បីរៀបចំបែបបទពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ដឹកនាំការសម្ភាសន៍ និងចុះហត្ថលេខាលើបែបបទនោះ ។ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ធ្វើរួច ស្មៀនប្រើបែបបទនេះដើម្បីធ្វើបច្ចុប្បន្នភាពកំណត់ត្រាសមាជិកភាពរបស់កុមារនៅក្នុងប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀន ។
នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្ភាសអ្នកផ្លាស់ប្រែចិត្តជឿថ្មីធ្វើពិធីបុណ្យជ្រមុជទឹក នោះគាត់បំពេញកំណត់ត្រាពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ លើកលែងតែព័ត៌មានអំពីពិធីបញ្ជាក់ប៉ុណ្ណោះដែលមិនបំពេញ ។ នៅឯកម្មវិធីពិធីបុណ្យជ្រមុជទឹក ពួកអ្នកផ្សព្វផ្សាយសាសនាផ្តល់បែបបទទៅប៊ីស្សព ឬទីប្រឹក្សាណាម្នាក់របស់គាត់ ។ បន្ទាប់ពីពិធីបញ្ជាក់ ប៊ីស្សព ទីប្រឹក្សាម្នាក់ ឬស្មៀនបំពេញព័ត៌មានពិធីបញ្ជាក់ ហើយផ្តល់សំណៅពីរច្បាប់នៃបែបបទនោះទៅឲ្យពួកអ្នកផ្សព្វផ្សាយសាសនា ។ ពួកអ្នកផ្សព្វផ្សាយសាសនាបញ្ជូនសំណៅមួយច្បាប់ទៅឲ្យការិយាល័យបេសកកម្ម ដើម្បីបង្កើតកំណត់ត្រាសមាជិកភាព ។
បន្ទាប់ពីកំណត់ត្រាសមាជិកភាពត្រូវបានបង្កើតឡើង នោះស្មៀនរៀបចំវិញ្ញាបនបត្រពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប៊ីស្សព ហើយផ្ដល់ទៅបុគ្គលរូបនោះ ។
ឈ្មោះនៅលើកំណត់ត្រាសមាជិកភាព និងវិញ្ញាបនបត្រគួរតែត្រូវគ្នានឹងសំបុត្រកំណើត ការចុះបញ្ជីកំណើតស៊ីវិល ឬឈ្មោះស្របច្បាប់បច្ចុប្បន្ន ។
១៨.៩
ពិធីសាក្រាម៉ង់
សមាជិកសាសនាចក្រជួបនៅថ្ងៃឈប់សម្រាកដើម្បីថ្វាយបង្គំព្រះ និងទទួលទានសាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៥; ៥៩:៩; មរ៉ូណៃ ៦:៥–៦ ) ។ នៅអំឡុងពិធីបរិសុទ្ធនេះ ពួកគេទទួលទាននំបុ័ង និងទឹកដើម្បីចងចាំដល់ព្រះកាយ និងព្រះលោហិតរបស់ព្រះអង្គសង្គ្រោះដែលបានធ្វើពលិកម្មសម្រាប់យើង និងដើម្បីរំឭកពីសេចក្តីសញ្ញាដ៏ពិសិដ្ឋរបស់ពួកគេ ( សូមមើល ម៉ាថាយ ២៦:២៦–២៨; ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:២០–២៥; លូកា ២២:១៥–២០; នីហ្វៃទី ៣ ១៨; មរ៉ូណៃ ៦:៦ ) ។ មនុស្សគ្រប់គ្នាគួរតែមានគារវភាពនៅអំឡុងពេលប្រសិទ្ធពរ និងចែកសាក្រាម៉ង់ ។
១៨.៩.១
ការអនុម័តឲ្យចាត់ចែងពិធីសាក្រាម៉ង់
ប៊ីស្សពកាន់កូនសោបព្វជិតភាពដើម្បីចាត់ចែងពិធីសាក្រាម៉ង់នៅក្នុងវួដ ។ អស់អ្នកដែលចូលរួមនៅក្នុងការរៀបចំ ការប្រសិទ្ធពរ និងការចែកពិធីសាក្រាម៉ង់ ត្រូវតែទទួលការអនុម័តពីគាត់ ឬនរណាម្នាក់ក្រោមការដឹកនាំរបស់គាត់ ។
ប្រសិនបើសមាជិកនៅក្នុងវួដរបស់គាត់ពុំអាចទទួលទានសាក្រាម៉ង់ ពីព្រោះពួកគេជាប់នៅផ្ទះ មណ្ឌលថែទាំ ឬមន្ទីរពេទ្យ នោះប៊ីស្សពអាចអនុញ្ញាតឲ្យអ្នកកាន់បព្វជិតភាពដើម្បីចាត់ចែងពិធីសាក្រាម៉ង់ដល់ពួកគេ ។ គាត់អាចអនុញ្ញាតកិច្ចការនេះបាន ទោះបីជាពួកគេកំពុងរស់នៅក្រៅខណ្ឌសីមាវួដរបស់គាត់ជាបណ្តោះអាសន្នក្ដី ។ ទោះជាយ៉ាងណាក្តី គាត់មិនអាចអនុញ្ញាតឲ្យធ្វើពិធីសាក្រាម៉ង់ទៅកាន់សមាជិកក្រៅខណ្ឌសីមាវួដរបស់គាត់នៅក្នុងកាលៈទេសៈផ្សេងឡើយ ។
នៅក្នុងកាលៈទេសៈដ៏កម្រទាំងឡាយ ការប្រជុំសាក្រាម៉ង់អាចមិនបានធ្វើឡើងក្នុងរយៈពេលកំណត់មួយ ។ នៅក្នុងស្ថានភាពទាំងនេះ ប៊ីស្សពអាចអនុញ្ញាតឲ្យអ្នកកាន់បព្វជិតភាពដែលមានភាពស័ក្តិសមនៅក្នុងវួដរបស់គាត់រៀបចំ និងចាត់ចែងពិធីសាក្រាម៉ង់នៅក្នុងផ្ទះរបស់ពួកគេរាល់ថ្ងៃឈប់សម្រាក ។ ប៊ីស្សពក៏អាចអនុញ្ញាតឲ្យពួកគេរៀបចំ និងចាត់ចែងពិធីសាក្រាម៉ង់ទៅដល់សមាជិកវួដដែលពុំមានអ្នកកាន់បព្វជិតភាពនៅក្នុងផ្ទះរបស់ពួកគេផងដែរ ។
នៅពេលប៊ីស្សពអនុញ្ញាតឲ្យរៀបចំ និងចាត់ចែងពិធីសាក្រាម៉ង់ខុសពីការបម្រើធម្មតានៅក្នុងសាសនាចក្រ នោះសេចក្តីណែនាំនៅក្នុងលេខ ១៨.៩.២ អំពីអ្នកដែលធ្វើពិធីបរិសុទ្ធនៅតែអនុវត្តបាន ។
១៨.៩.២
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
-
ពួកគ្រូ សង្ឃ និងអ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចរៀបចំពិធីសាក្រាម៉ង់បាន ។
-
សង្ឃ និងអ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចប្រសិទ្ធពរសាក្រាម៉ង់បាន ។
-
ឌីកុន គ្រូ សង្ឃ និងអ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចចែកពិធីសាក្រាម៉ង់បាន ។
នៅពេលមានអ្នកកាន់បព្វជិតភាពអើរ៉ុនគ្រប់គ្រាន់ ជាទូទៅពួកគេជាអ្នកធ្វើករណីយកិច្ចទាំងនេះ ។ នៅពេលដែលគ្មានឌីកុនគ្រប់គ្រាន់ដើម្បីចែកពិធីសាក្រាម៉ង់ទេ ប្រធានកូរ៉ុមឌីកុនប្រឹក្សាជាមួយប៊ីស្សពថាត្រូវសុំនរណាឲ្យជួយ ។ ជាទូទៅ គាត់សុំឲ្យគ្រូ និងសង្ឃជួយពីមុនសុំពួកអែលឌើរ និងសង្ឃជាន់ខ្ពស់ ។
១៨.៩.៣
សេចក្តីណែនាំសម្រាប់ពិធីសាក្រាម៉ង់
ពីព្រោះតែលក្ខណៈពិសិដ្ឋនៃពិធីសាក្រាម៉ង់ នោះថ្នាក់ដឹកនាំបព្វជិតភាពគួរតែរៀបចំដោយយកចិត្តទុកដាក់ ដើម្បីឲ្យវាមានរបៀបរៀបរយ និងគារវភាព ។ កម្រាលតុធ្វើពិធីសាក្រាម៉ង់គួរតែជាពណ៌ស ស្អាត និងទន់ ។ ថាសធ្វើពិធីសាក្រាម៉ង់គួរតែមានអនាម័យ ។ ថាស និងពែងធ្វើពិធីសាក្រាម៉ង់គួរតែរៀបចំឲ្យបានល្អទុកជាមុន ។
អស់អ្នកដែលចាត់ចែងពិធីសាក្រាម៉ង់គួរតែធ្វើដូច្នោះដោយមានសេចក្តីថ្លៃថ្នូរ ដោយការដឹងថាខ្លួនពួកគេតំណាងឲ្យព្រះអម្ចាស់ ។ គណៈប៊ីស្សពលើកទឹកចិត្តពួកគេឲ្យសញ្ជឹងគិតពីដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ នៅពេលដែលពួកគេរៀបចំ ប្រសិទ្ធពរ និងចែកពិធីសាក្រាម៉ង់ ។
អស់អ្នកដែលចាត់ចែងពិធីសាក្រាម៉ង់គួរតែស្លៀកពាក់ឲ្យបានសមរម្យ និងស្អាតបាត ។ ពួកគេពុំគួរពាក់សំលៀកបំពាក់ ឬគ្រឿងអលង្ការដែលអាចបង្អាក់ដល់ការថ្វាយបង្គំ និងការធ្វើសេចក្តីសញ្ញាដែលជាគោលបំណងរបស់ពិធីសាក្រាម៉ង់នោះឡើយ ។ ប្រសិនបើប៊ីស្សពត្រូវការប្រឹក្សាដល់អ្នកកាន់បព្វជិតភាពអំពីឥរិយាបថបែបនេះ គាត់ធ្វើដូច្នេះដោយក្តីស្រឡាញ់ ។ គាត់ក៏គិតពិចារណាពីភាពចាស់ទុំរបស់បុគ្គលរូបនេះនៅក្នុងសាសនាចក្រផងដែរ ។
ការចែកពិធីសាក្រាម៉ង់គួរតែមានលក្ខណៈធម្មតា ហើយមិនផ្លូវការពេកនោះទេ ។ ឧទាហរណ៍ សកម្មភាពមួយចំនួន ( ដូចជា ការដាក់ដៃខាងឆ្វេងនៅខាងក្រោយខ្នង ) ឬរូបរាង ( ដូចជាស្លៀកពាក់ដូចគ្នា ) មិនមែនជាតម្រូវការនោះទេ ។
ក្រុមជំនុំច្រៀងទំនុកតម្កើងពិធីសាក្រាម៉ង់ ខណៈពេលដែលនំបុ័ងកំពុងហែក ។ ចម្រៀងទោល ឬឧបករណ៍តន្រ្តីមិនគួរជំនួសទំនុកតម្កើងនេះទេ ។ មិនត្រូវលេងតន្ដ្រីនៅអំឡុងពេលចែកសាក្រាម៉ង់ ឬក្រោយពីសាក្រាម៉ង់ភ្លាមៗនោះទេ ។
ប្រសិនបើសមាជិកមានប្រតិកម្មនឹងម្សៅនំប៉័ង នោះពួកគេពិភាក្សាជាមួយនឹងសមាជិកមួយរូបនៃគណៈប៊ីស្សពពីការសម្របសម្រួលអ្វីខ្លះដើម្បីធ្វើសម្រាប់ពិធីសាក្រាម៉ង់ ។ សមាជិកអាចនឹងផ្ដល់នំប៉័ងដែលគ្មានប្រតិកម្ម ឬចំណិតនំប៉័ងផ្សេងទៀតដាក់ក្នុងថង់ ឬកែវបិទជិតមួយ ។ ពួកគេអាចជូននំប៉័ងនេះទៅអ្នកកាន់បព្វជិតភាពឲ្យដាក់នៅលើថាសខុសគ្នា ។ គណៈប៊ីស្សពជួយប្រាប់អ្នកដែលចែកសាក្រាម៉ង់ឲ្យដឹងថា តើសមាជិករូបណាដែលចែកនំប៉័ងដែលគ្មានប្រតិកម្មនេះឲ្យ ។ គណៈប៊ីស្សពអាចកែប្រែនីតិវិធីតាមដែលចាំបាច់ ។
ទោះបីជាសាក្រាម៉ង់គឺសម្រាប់សមាជិកនៃសាសនាចក្រក្តី ក៏មិនគួរធ្វើអ្វីដើម្បីរារាំងអ្នកដទៃពីការទទួលទានវាដែរ ។
១៨.៩.៤
សេចក្ដីណែនាំ
-
អស់អ្នកដែលរៀបចំ ប្រសិទ្ធពរ ឬចែកសាក្រាម៉ង់ ដំបូងត្រូវលាងដៃរបស់ពួកគេជាមួយសាប៊ូ ឬគ្រឿងសម្អាតដទៃទៀត ។
-
គ្រូ សង្ឃ ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែកធ្វើឲ្យប្រាកដថា ថាសដាក់នំបុ័ងដែលបានហែកនោះស្អាត ថាសដាក់ទឹកប្រើពែងដែលស្អាត ហើយកម្រាលតុស្អាតបានរៀបចំទុកដាក់ពីមុនការប្រជុំសាក្រាម៉ង់ចាប់ផ្តើម ។
-
នៅពេលសមាជិកវួដច្រៀងទំនុកតម្កើងពិធីសាក្រាម៉ង់ អស់អ្នកដែលនឹងប្រសិទ្ធពរពិធីសាក្រាម៉ង់ឈរដោយគារវភាព បើកកម្រាលតុដែលគ្របលើថាសនំបុ័ង ហើយហែកនំបុ័ងជាដុំតូចៗ ។
-
បន្ទាប់ពីទំនុកតម្កើងចប់ បុគ្គលដែលប្រសិទ្ធពរនំបុ័ងលុតជង្គង់ចុះ ហើយពោលពាក្យអធិស្ឋានពិធីសាក្រាម៉ង់សម្រាប់នំបុ័ង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ) ។
-
ប៊ីស្សពធ្វើឲ្យប្រាកដថា ការអធិស្ឋានក្នុងពិធីសាក្រាម៉ង់ត្រូវពោលឡើងយ៉ាងច្បាស់ៗ ត្រឹមត្រូវ និងដោយថ្លៃថ្នូរ ។ ប្រសិនបើនរណាម្នាក់ពោលខុសពីពាក្យពេចន៍ ប៉ុន្ដែបានកែតម្រូវដោយខ្លួនឯង នោះមិនចាំបាច់ធ្វើការកែតម្រូវបន្ថែមទៀតនោះទេ ។ ប្រសិនបើបុគ្គលរូបនេះមិនបានកែតម្រូវកំហុសរបស់គាត់ទេ នោះប៊ីស្សពសុំគាត់ឲ្យអធិស្ឋានឡើងវិញ ។ ប៊ីស្សពធ្វើការសម្រេចចិត្ត នៅពេលសុំឲ្យការអធិស្ឋានធ្វើឡើងម្តងទៀត ។ គាត់ធានាឲ្យបានថា ការធ្វើដូច្នោះមិនបានបណ្តាលឲ្យមានភាពខ្មាស់អៀន ឬការរំខានដល់ពិធីបរិសុទ្ធឡើយ ។ បុគ្គលផ្សេងទៀតនៅឯតុសាក្រាម៉ង់អាចជួយតាមដែលត្រូវការ ។
-
បន្ទាប់ពីការអធិស្ឋាន អ្នកកាន់បព្វជិតភាពចែកនំបុ័ងទៅសមាជិកដោយមានគារវភាព ។ ថ្នាក់ដឹកនាំជាអធិបតីទទួលនំបុ័ងមុនគេ បន្ទាប់មកគ្មានលំដាប់លំដោយនោះទេ ។ នៅពេលដែលថាសមួយត្រូវបានចែកដល់សមាជិក នោះសមាជិកអាចហុចថាសទៅឲ្យសមាជិកផ្សេងទៀត ។
-
សមាជិកទទួលទានដោយប្រើដៃស្តាំរបស់ពួកគេ នៅពេលដែលអាចធ្វើទៅបាន ។
-
នៅពេលសាក្រាម៉ង់ត្រូវបានចែកដល់សមាជិកទាំងអស់ហើយ អស់អ្នកដែលកំពុងចែកសាក្រាម៉ង់ប្រគល់ថាសទៅឯតុសាក្រាម៉ង់វិញ ។ អស់អ្នកដែលចែកសាក្រាម៉ង់គ្របកម្រាលតុលើថាសនំបុ័ង ហើយបើកថាសទឹកវិញ ។
-
បុគ្គលដែលប្រសិទ្ធពរទឹកលុតជង្គង់ចុះ ហើយពោលពាក្យអធិស្ឋានពិធីសាក្រាម៉ង់សម្រាប់ទឹក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៩ ) ។ គាត់ជំនួសពាក្យទឹកសម្រាប់ពាក្យស្រា ។
-
បន្ទាប់ពីការអធិស្ឋាន អ្នកកាន់បព្វជិតភាពចែកទឹកទៅសមាជិកដោយមានគារវភាព ។ ថ្នាក់ដឹកនាំជាអធិបតីទទួលទឹកមុនគេ បន្ទាប់មកគ្មានលំដាប់លំដោយនោះទេ ។
-
នៅពេលទឹកត្រូវបានចែកដល់សមាជិកទាំងអស់ហើយ អស់អ្នកដែលកំពុងចែកសាក្រាម៉ង់ប្រគល់ថាសទៅឯតុសាក្រាម៉ង់វិញ ។ អស់អ្នកដែលប្រសិទ្ធពរពិធីសាក្រាម៉ង់គ្របកម្រាលលើថាស ហើយអស់អ្នកដែលប្រសិទ្ធពរ និងចែកសាក្រាម៉ង់អង្គុយចុះវិញដោយមានគារវភាព ។
-
បន្ទាប់ពីការប្រជុំ អស់អ្នកដែលរៀបចំសាក្រាម៉ង់សម្អាត បទកម្រាលតុទុក ហើយយកនំបុ័ងដែលមិនបានប្រើចេញ ។
១៨.១០
ការប្រគល់បព្វជិតភាព និងការតែងតាំងតំណែង
ការបែងចែកបព្វជិតភាពមានពីរផ្នែក ៖ អើរ៉ុន និងមិលគីស្សាដែក ( សូមមើលលេខ ៣.៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១, ៦ ) ។ នៅពេលបព្វជិតភាពត្រូវបានប្រគល់ដល់បុគ្គលម្នាក់ គាត់ក៏ត្រូវបានតែងតាំងនៅក្នុងតំណែងមួយក្នុងបព្វជិតភាពនោះដែរ ។ បន្ទាប់ពីបព្វជិតភាពណាមួយក្នុងចំណោមបព្វជិតភាពទាំងនេះត្រូវបានប្រគល់ឲ្យ នោះបុរសម្នាក់ត្រូវតែបានតែងតាំងក្នុងតំណែងផ្សេងទៀតក្នុងបព្វជិតភាពនោះតែប៉ុណ្ណោះ ។
ប្រធានស្តេកកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពមិលគីស្សាដែក និងការតែងតាំងតំណែងអែលឌើរ និងសង្ឃជាន់ខ្ពស់ ។ ទោះជាយ៉ាងណាក៏ដោយ ជាធម្មតា ប៊ីស្សពផ្ដល់អនុសាសន៍សម្រាប់ការតែងតាំងទាំងនេះ ។
ប៊ីស្សពកាន់កូនសោបព្វជិតភាពសម្រាប់ការប្រគល់បព្វជិតភាពអើរ៉ុន និងការតែងតាំងតំណែងឌីកុន គ្រូ និងសង្ឃ ។ ជាធម្មតា បងប្អូនប្រុសដែលស័ក្ដិសមត្រូវបានតែងតាំងក្នុងតំណែងទាំងនេះតាមអាយុដូចតទៅនេះ ប៉ុន្តែពុំមែនមុនឡើយ ៖
-
ឌីកុននៅដើមឆ្នាំដែលពួកគេមានអាយុ ១២ ឆ្នាំ
-
គ្រូនៅដើមឆ្នាំដែលពួកគេមានអាយុ ១៤ ឆ្នាំ
-
សង្ឃនៅដើមឆ្នាំដែលពួកគេមានអាយុ ១៦ ឆ្នាំ
សេចក្ដីណែនាំសម្រាប់ការចេញអនុសាសន៍ឲ្យបុគ្គលម្នាក់ទទួលការតែងតាំង និងការបង្ហាញគាត់សម្រាប់ការលើកដៃគាំទ្រត្រូវបានផ្ដល់ឲ្យនៅក្នុងលេខ ៣៨.២.៥.១ និង ៣៨.២.៥.២ ។
១៨.១០.១
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
ប្រធានស្តេក ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់នៅក្រោមការដឹកនាំរបស់គាត់អាចតែងតាំងបុរសម្នាក់ក្នុងតំណែងអែលឌើរ ។ មានតែអ្នកកាន់បព្វជិតភាពមិលគីស្សាដែកប៉ុណ្ណោះដែលអាចឈរនៅក្នុងរង្វង់នោះបាន ។
ប្រធានស្តេក ឬសង្ឃជាន់ខ្ពស់ម្នាក់នៅក្រោមការដឹកនាំរបស់គាត់អាចតែងតាំងបុរសម្នាក់ក្នុងតំណែងជាសង្ឃជាន់ខ្ពស់បាន ។ មានតែសង្ឃជាន់ខ្ពស់ប៉ុណ្ណោះដែលអាចឈរនៅក្នុងរង្វង់នោះបាន ។
បុគ្គលម្នាក់ដែលតែងតាំងបុរសម្នាក់ក្នុងតំណែងបព្វជិតភាពមិលគីស្សាដែកគួរតែមានភាពស័ក្ដិសមចូលក្នុងព្រះវិហារបរិសុទ្ធ ។ ប្រធានស្តេក ឬមនុស្សម្នាក់ដែលគាត់បានចាត់តាំង ត្រូវតែមានវត្តមាន ។
អ្នកកាន់បព្វជិតភាពថ្នាក់សង្ឃ ឬមិលគីស្សាដែកអាចតែងតាំងបងប្អូនប្រុសម្នាក់ក្នុងតំណែងឌីកុន គ្រូ ឬសង្ឃបាន ។ គាត់ត្រូវតែទទួលបានសិទ្ធិអនុញ្ញាតពីប៊ីស្សព ។ ប៊ីស្សព ឬមនុស្សម្នាក់ដែលគាត់បានចាត់តាំង ត្រូវតែមានវត្តមាន ។
ដើម្បីចូលរួមក្នុងការតែងតាំងបព្វជិតភាពអើរ៉ុន បុគ្គលម្នាក់ត្រូវតែជាសង្ឃ ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ។
ប៊ីស្សពអាចអនុញ្ញាតឲ្យឪពុកដែលជាសង្ឃ ឬអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ដើម្បីតែងតាំងកូនប្រុសរបស់ខ្លួនក្នុងតំណែងជាឌីកុន គ្រូ ឬសង្ឃ ទោះជាឪពុកគ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើលលេខ ១៨.៣ ) ។ ប៊ីស្សពលើកទឹកចិត្តឪពុកទាំងឡាយឲ្យរៀបចំខ្លួនដើម្បីតែងតាំងកូនប្រុសរបស់ពួកគេផ្ទាល់ ។
ដើម្បីធ្វើជាអ្នកពោលពាក្យក្នុងពិធីបរិសុទ្ធនេះ បុគ្គលម្នាក់ដែលរស់នៅក្រៅវួដរបស់ខ្លួនត្រូវតែបង្ហាញប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំដែលជាអធិបតី ។ ឬគាត់អាចបង្ហាញលិខិតចេញអនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយដែលបានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.១០.២
សេចក្ដីណែនាំ
ដើម្បីប្រគល់បព្វជិតភាព និងតែងតាំងបុគ្គលម្នាក់ក្នុងតំណែងបព្វជិតភាពមួយ អ្នកកាន់បព្វជិតភាពដែលមានសិទ្ធិអំណាចម្នាក់ ឬច្រើននាក់ដាក់ដៃរបស់ពួកគាត់ស្រាលៗលើក្បាលរបស់បុគ្គលនោះ ។ បន្ទាប់មក បុគ្គលម្នាក់ត្រូវពោលពាក្យ ៖
-
ហៅឈ្មោះពេញរបស់បុគ្គលនោះ ។
-
និយាយពីសិទ្ធិអំណាចដែលគាត់មានដើម្បីធ្វើពិធីបរិសុទ្ធនោះ ( បព្វជិតភាពអើរ៉ុន ឬបព្វជិតភាពមិលគីស្សាដែក ) ។
-
ប្រគល់បព្វជិតភាពអើរ៉ុន ឬបព្វជិតភាពមិលគីស្សាដែក លើកលែងតែវាត្រូវបានប្រគល់រួចហើយ ។
-
តែងតាំងបុគ្គលនោះក្នុងតំណែងមួយក្នុងបព្វជិតភាពអើរ៉ុន ឬបព្វជិតភាពមិលគីស្សាដែក ហើយប្រគល់សិទ្ធិ អំណាច និងសិទ្ធិអំណាចនៃតំណែងនោះ ។ ( កូនសោបព្វជិតភាពមិនត្រូវបានប្រគល់ឲ្យឡើយ នៅពេលប្រគល់បព្វជិតភាព ឬតែងតាំងក្នុងតំណែងមួយ លើកលែងតែពេលតែងតាំងប៊ីស្សពមួយរូប ) ។
-
ផ្តល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីតែងតាំងបុគ្គលម្នាក់ក្នុងតំណែងបព្វជិតភាពមួយ បន្ទាប់ពីគាត់មានបព្វជិតភាពត្រឹមត្រូវហើយនោះ បុគ្គលដែលធ្វើការតែងតាំងរំលងជំហានទី ៣ ។
ការតែងតាំងគឺជាឱកាសមួយដើម្បីផ្ដល់ពរជ័យមួយ ។ ការប្រឹក្សា និងសេចក្ដីណែនាំលម្អិតអំពីកាតព្វកិច្ចរបស់បុគ្គលម្នាក់ត្រូវបានផ្ដល់ឲ្យពីមុន និងក្រោយការតែងតាំងនោះ ។ វាមិនគួរផ្ដោតសំខាន់លើការប្រសិទ្ធពរនោះឡើយ ។ វាមិនចាំបាច់ដើម្បីមានអ្នកអធិស្ឋាន ការថ្លែងទីបន្ទាល់ ឬសេចក្ដីណែនាំ ពេលមនុស្សម្នាក់ត្រូវបានតែងតាំងនោះឡើយ ។
១៨.១០.៣
កំណត់ត្រា និងវិញ្ញាបនបត្រពិធីតែងតាំង
ពីមុនបុរសម្នាក់ត្រូវបានសម្ភាសន៍ដើម្បីតែងតាំងក្នុងតំណែងមួយក្នុងបព្វជិតភាពមិលគីស្សាដែក ស្មៀនប្រើប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀនដើម្បីរៀបចំកំណត់ត្រាពិធីតែងតាំងបព្វជិតភាពមិលគីស្សាដែក ។ ប្រធានស្តេក ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំងដឹកនាំការសម្ភាសន៍ និងចុះហត្ថលេខាលើបែបបទនោះ ប្រសិនបើរាល់លក្ខខណ្ឌនៃភាពស័ក្ដិសមត្រូវបានបំពេញ ។
បន្ទាប់ពីការតែងតាំងនោះ ប្រធានស្តេក ឬអ្នកតំណាងរបស់គាត់ដែលបានចាត់តាំង បំពេញបែបបទនោះ ហើយឲ្យវាទៅស្មៀន ។ គាត់កត់ត្រាការតែងតាំងនោះនៅក្នុងប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀន ហើយរៀបចំវិញ្ញាបនបត្រពិធីតែងតាំងមួយ ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប្រធានស្តេក ហើយផ្ដល់ទៅបុគ្គលរូបនោះ ។
ពីមុនបងប្អូនប្រុសម្នាក់ត្រូវបានសម្ភាសន៍ដើម្បីតែងតាំងក្នុងតំណែងមួយក្នុងបព្វជិតភាពអើរ៉ុន ស្មៀនប្រើប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀនដើម្បីរៀបចំកំណត់ត្រាពិធីតែងតាំងបព្វជិតភាពអើរ៉ុន ។ ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំងដឹកនាំការសម្ភាសន៍ និងចុះហត្ថលេខាលើបែបបទនោះ ប្រសិនបើរាល់លក្ខខណ្ឌនៃភាពស័ក្ដិសមត្រូវបានបំពេញ ។
បន្ទាប់ពីការតែងតាំងនោះ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង បំពេញបែបបទនោះ ហើយឲ្យវាទៅស្មៀន ។ គាត់កត់ត្រាការតែងតាំងនោះនៅក្នុងប្រព័ន្ធធនធានថ្នាក់ដឹកនាំ និងស្មៀន ហើយរៀបចំវិញ្ញាបនបត្រពិធីតែងតាំងមួយ ។ វិញ្ញាបនបត្រនេះត្រូវចុះហត្ថលេខាដោយប៊ីស្សព ហើយផ្ដល់ទៅបុគ្គលរូបនោះ ។
ឈ្មោះស្របច្បាប់របស់បុគ្គលម្នាក់គួរតែត្រូវបានប្រើនៅលើកំណត់ត្រា និងវិញ្ញាបនបត្រពិធីតែងតាំង ។
១៨.១១
ការញែកចេញសមាជិកឲ្យបម្រើនៅក្នុងការហៅបម្រើ
សមាជិកដែលត្រូវបានហៅ និងគាំទ្រនៅក្នុងការហៅបម្រើក្នុងតំណែងសាសនាចក្រភាគច្រើនគួរតែត្រូវបានញែកចេញចំពោះការបម្រើនៅក្នុងតំណែងនោះ ( សូមមើលលេខ ៣.៤.៣.១; យ៉ូហាន ១៥:១៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១ ) ។ នៅអំឡុងពេលធ្វើការញែកចេញ បុគ្គលរូបនេះត្រូវបានផ្តល់ឲ្យនូវ ( ១ ) សិទ្ធិអំណាចដើម្បីធ្វើការហៅបម្រើនេះ និង ( ២ ) ពាក្យពេចន៍នៃពរជ័យតាមដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ។
ប្រធានស្តេក ប៊ីស្សព និងប្រធានកូរ៉ុមទទួលកូនសោនៃគណៈប្រធាន នៅពេលពួកគេត្រូវបានញែកចេញ ( សូមមើលលេខ ៣.៤.១.១ ) ។ ទោះជាយ៉ាងណាក៏ដោយពាក្យថា កូនសោ មិនគួរត្រូវបានប្រើ នៅពេលញែកចេញសមាជិកចំពោះការបម្រើនៅក្នុងការហៅបម្រើផ្សេងទៀតឡើយ រួមទាំងទីប្រឹក្សានៅក្នុងគណៈប្រធានផងដែរ ។
សម្រាប់ព័ត៌មានអំពីការហៅបម្រើ ការតែងតាំង និងការញែកចេញរបស់ប៊ីស្សព សូមមើលលេខ ៣០.៦ ។
១៨.១១.១
បុគ្គលដែលធ្វើការញែកចេញ
ការញែកចេញគឺត្រូវបានធ្វើឡើងដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ។ គាត់ត្រូវតែទទួលការអនុម័តពីថ្នាក់ដឹកនាំដែលកាន់កូនសោបព្វជិតភាពត្រឹមត្រូវ ។ អស់អ្នកដែលត្រូវបានអនុញ្ញាតឲ្យធ្វើការញែកចេញត្រូវបានបង្ហាញនៅក្នុង « តារាងនៃការហៅបម្រើ » ( ៣០.៧ ) ។ អែលឌើរម្នាក់មិនត្រូវធ្វើជាអ្នកពោលពាក្យ ឬឈរនៅក្នុងរង្វង់នៅពេលដែលមានបុរសម្នាក់ត្រូវញែកចេញក្នុងតំណែងដែលតម្រូវឲ្យគាត់ធ្វើជាសង្ឃជាន់ខ្ពស់ឡើយ ។
ក្រោមការដឹកនាំនៃថ្នាក់ដឹកនាំជាអធិបតី អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់អាចចូលរួមនៅក្នុងការញែកចេញ ។ ប្រធានត្រូវបានញែកចេញមុនទីប្រឹក្សារបស់ពួកគេ ។
ថ្នាក់ដឹកនាំជាអធិបតីអាចអនុញ្ញាតឲ្យស្វាមី ឬ ឪពុកដែលជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកឈរនៅក្នុងរង្វង់សម្រាប់ការញែកចេញឲ្យភរិយា ឬកូនៗរបស់គាត់ ទោះបីជាគាត់គ្មានភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធពេញលេញក្តី ( សូមមើលលេខ ១៨.៣ ) ។
១៨.១១.២
សេចក្ដីណែនាំ
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ឬច្រើននាក់ដាក់ដៃលើក្បាលរបស់បុគ្គលរូបនេះស្រាលៗ ។ បន្ទាប់មក បុគ្គលម្នាក់ត្រូវពោលពាក្យ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ញែកបុគ្គលនោះចេញចំពោះការហៅបម្រើនៅក្នុងស្តេក វួដ កូរ៉ុម ឬថ្នាក់ ។
-
ប្រគល់កូនសោ ប្រសិនបើបុគ្គលរូបនេះគួរទទួលវា ។
-
ផ្តល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ការញែកចេញមិនមែនជាការប្រជុំផ្លូវការមួយដែលមានការអធិស្ឋាន ឬការថ្លែងទីបន្ទាល់នោះទេ ។ វាក៏មិនមែនជាពេលផ្តល់ឲ្យសេចក្តីណែនាំលម្អិតនោះដែរ ។ សេចក្តីណែនាំទាំងនោះផ្តល់ឲ្យនៅអំឡុងពេលធ្វើការបណ្តុះបណ្តាល មិនមែនជាផ្នែកមួយនៃការប្រសិទ្ធពរនោះទេ ។
១៨.១២
ការឧទ្ទិសប្រេង
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកត្រូវតែឧទិ្ទសប្រេងអូលីវ ពីមុនវាត្រូវបានលាបលើអ្នកឈឺ ឬអ្នកជួបទុក្ខលំបាក ( សូមមើល យ៉ាកុប ៥:១៤ ) ។ មិនអាចប្រើប្រេងដទៃទៀតឡើយ ។
សមាជិកទាំងឡាយមិនគួរយកប្រេងដែលបានឧទិ្ទសទៅបរិភោគ ឬយកវាទៅលាបនៅកន្លែងដែលឈឺលើរាងកាយឡើយ ។
១៨.១២.១
បុគ្គលដែលធ្វើពិធីបរិសុទ្ធ
អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់អាចឧទិ្ទសប្រេងបាន ។ ពួកគេពុំចាំបាច់ស្វែងរកការអនុម័តពីអ្នកដឹកនាំបព្វជិតភាពឡើយ ។
១៨.១២.២
សេចក្ដីណែនាំ
ដើម្បីឧទិ្ទសប្រេង អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ៖
-
កាន់ដបប្រេងបើកមាត់ដបឲ្យចំហ ។
-
ពោលហៅព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋាន ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ឧទិ្ទសប្រេង ( មិនមែនដបនោះទេ ) ហើយញែកវាចេញសម្រាប់ការលាបប្រេង និងប្រសិទ្ធពរដល់អ្នកឈឺ និងអ្នកជួបទុក្ខលំបាក ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៣
ការព្យាបាលអ្នកឈឺ
ជាធម្មតា ការព្យាបាលអ្នកឈឺគួរតែបានធ្វើឡើងតាមសំណើររបស់បុគ្គលដែលទទួលការប្រសិទ្ធពរ ឬតាមសំណើររបស់អ្នកដទៃទៀតដែលមានការព្រួយបារម្ភ ដូច្នេះពរជ័យនឹងទទួលបានស្របតាមសេចក្តីជំនឿរបស់ពួកគេ ( សូមមើល យ៉ាកុប ៥:១៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១៣–១៤; ៤២:៤៣–៤៤, ៤៨–៥២ ) ។
ការព្យាបាលអ្នកឈឺ « ដោយការដាក់ដៃលើ » មានពីរផ្នែក ៖ ការលាបប្រេង និងការផ្សារភ្ជាប់ប្រេងជាមួយនឹងពរជ័យ ។ ប្រសិនបើគ្មានប្រេងដែលបានឧទិ្ទសទេ ពរជ័យអាចផ្តល់ឲ្យបានដោយអ្នកមានសិទ្ធិអំណាចបព្វជិតភាពមិលគីស្សាដែកដោយគ្មានការលាបប្រេង ។
ប្រសិនបើបុគ្គលរូបនោះស្នើសុំពរជ័យច្រើនជាងម្ដងសម្រាប់ជំងឺដូចគ្នានោះ ពុំចាំបាច់មានការលាបប្រេងម្ដងទៀតទេ ។ អ្នកកាន់បព្វជិតភាពអាចផ្តល់ពរជ័យផ្សេងទៀតដោយការដាក់ដៃលើ និងសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។ ទោះជាយ៉ាងណាក្តី ការលាបប្រេងម្តងទៀតក៏អាចត្រូវធ្វើឡើងផងដែរ ។
អ្នកកាន់បព្វជិតភាពដែលទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ មិនគួរលួងលោមសុំឱកាសដើម្បីព្យាបាលដល់អ្នកឈឺឡើយ ។
១៨.១៣.១
បុគ្គលដែលផ្តល់ការប្រសិទ្ធពរ
មានតែអ្នកកាន់បព្វជិតភាពមិលគីស្សាដែកដែលមានភាពស័ក្ដិសមប៉ុណ្ណោះ ដែលអាចធ្វើការព្យាបាលដល់អ្នកឈឺ ឬអ្នកជួបការលំបាក ។ ពួកគេពុំចាំបាច់ស្វែងរកការអនុម័តពីអ្នកដឹកនាំបព្វជិតភាពឡើយ ។ ប្រសិនបើអាចធ្វើទៅបាន ឪពុកដែលកាន់បព្វជិតភាពមិលគីស្សាដែកធ្វើការព្យាបាលដល់សមាជិកគ្រួសារដែលឈឺរបស់គាត់ ។
ជាធម្មតា អ្នកកាន់បព្វជិតភាពមិលគីស្សាដែកពីរ ឬច្រើននាក់ធ្វើការព្យាបាលដល់អ្នកឈឺ ។ ទោះជាយ៉ាងណាក្តី មនុស្សម្នាក់ក៏អាចធ្វើការលាបប្រេង និងការផ្សារភ្ជាប់បានដែរ ។
១៨.១៣.២
សេចក្ដីណែនាំ
ការព្យាបាលអ្នកឈឺមានពីរផ្នែក ៖ ការលាបប្រេង និងការផ្សារភ្ជាប់ប្រេង ។
ការលាបប្រេងគឺត្រូវធ្វើឡើងដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ។ គាត់ ៖
-
ដាក់ប្រេងដែលបានឧទិ្ទសមួយតំណក់នៅលើក្បាលរបស់បុគ្គលរូបនោះ ។
-
ដាក់ដៃរបស់គាត់ស្រាលៗនៅលើក្បាលរបស់បុគ្គលរូបនោះ ហើយហៅឈ្មោះរបស់បុគ្គលតាមឈ្មោះពេញរបស់ពួកគេ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ថ្លែងថា គាត់កំពុងលាបប្រេងដែលត្រូវបានឧទ្ទិសសម្រាប់ការលាប និងការផ្តល់ពរជ័យដល់អ្នកឈឺ និងអ្នកជួបទុក្ខលំបាក ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីផ្សារភ្ជាប់ប្រេង អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ឬច្រើននាក់ដាក់ដៃរបស់ពួកគេស្រាលៗលើក្បាលរបស់បុគ្គលរូបនោះ ។ បន្ទាប់មក បុគ្គលម្នាក់ធ្វើការផ្សារភ្ជាប់ប្រេង ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
ថ្លែងថា គាត់កំពុងផ្សារភ្ជាប់ប្រេង ដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ផ្តល់ពរជ័យដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៤
ការប្រសិទ្ធពរនៃការលួងលោមចិត្ត និងការប្រឹក្សា រួមទាំងពរជ័យរបស់លោកឪពុក
១៨.១៤.១
បុគ្គលដែលផ្តល់ការប្រសិទ្ធពរ
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកអាចផ្តល់ពរជ័យនៃការលួងលោមចិត្ត និងការប្រឹក្សាដល់សមាជិកគ្រួសារ និងមនុស្សដទៃទៀតដែលបានស្នើសុំពួកគេ ។ ជាធម្មតា ពរជ័យទាំងនេះត្រូវបានផ្តល់ឲ្យដោយសមាជិកគ្រួសារ បងប្អូនប្រុសធ្វើការងារបម្រើ ឬថ្នាក់ដឹកនាំបព្វជិតភាព ។
ឪពុកដែលកាន់បព្វជិតភាពមិលគីស្សាដែកអាចផ្តល់ពរជ័យរបស់ឪពុកដល់កូនចៅរបស់គាត់បាន ។ ការណ៍នេះអាចជួយជាពិសេស នៅពេលកូនៗចូលរៀន ទៅបម្រើបេសកកម្ម រៀបការ ចូលបម្រើកងទ័ព ឬប្រឈមមុខនឹងឧបសគ្គពិសេសនានា ។ ឪពុកម្តាយលើកទឹកចិត្តឲ្យកូនៗរបស់ពួកគាត់សូមពរជ័យរបស់ឪពុកនៅពេលដែលត្រូវការ ។ ពរជ័យរបស់លោកឪពុកអាចត្រូវបានកត់ត្រាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ។
អ្នកកាន់បព្វជិតភាពមិលគីស្សាដែកមិនចាំបាច់សូមការអនុម័តពីថ្នាក់ដឹកនាំបព្វជិតភាពដើម្បីផ្តល់ពរជ័យនៃការលួងលោមចិត្ត និងការប្រឹក្សា ឬពរជ័យរបស់លោកឪពុកនោះទេ ។
១៨.១៤.២
សេចក្ដីណែនាំ
ដើម្បីផ្តល់ពរជ័យនៃការលួងលោមចិត្ត និងការប្រឹក្សា ឬពរជ័យរបស់លោកឪពុក អ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់ដាក់ដៃស្រាលៗលើក្បាលរបស់បុគ្គលរូបនោះ ។ បន្ទាប់មក បុគ្គលម្នាក់ត្រូវពោលពាក្យ ៖
-
ហៅបុគ្គលនោះតាមឈ្មោះពេញរបស់គាត់ ។
-
និយាយថា ការប្រសិទ្ធពរនោះត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ផ្តល់ពរជ័យ ការលួងលោមចិត្ត និងពាក្យទូន្មានតាមដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៥
ការឧទ្ទិសឆ្លងគេហដ្ឋាន
សមាជិកនៃសាសនាចក្រអាចឧទ្ទិសឆ្លងគេហដ្ឋានរបស់ពួកគេដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែកបាន ។ គេហដ្ឋាននោះពុំចាំបាច់ជាផ្ទះផ្ទាល់ខ្លួន ឬមិនជំពាក់បំណុលទើបអាចឧទិ្ទសបានឡើយ ។ មិនដូចជាអគារសាសនាចក្រឡើយ ផ្ទះគឺមិនចាំបាច់ឧទ្ទិសថ្វាយព្រះអម្ចាស់ឡើយ ។
១៨.១៥.១
បុគ្គលដែលធ្វើការឧទ្ទិស
គេហដ្ឋានគឺត្រូវឧទ្ទិសដោយអ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ។ ប្រសិនបើពុំមានអ្នកកាន់បព្វជិតភាពមិលគីស្សាដែកនៅក្នុងផ្ទះទេ ៖
-
ក្រុមគ្រួសារអាចអញ្ជើញមិត្តភក្តិជិតស្និទ្ធ សាច់ញាតិ ឬបងប្អូនប្រុសធ្វើការងារបម្រើដែលជាអ្នកកាន់បព្វជិតភាពមិលគីស្សាដែកឲ្យឧទ្ទិសឆ្លងផ្ទះ ។ បុគ្គលដែលត្រូវធ្វើការឧទ្ទិសនេះពុំចាំបាច់សូមការអនុម័តពីថ្នាក់ដឹកនាំបព្វជិតភាពឡើយ ។
-
ក្រុមគ្រួសារអាចជួបជុំគ្នា ហើយធ្វើការអធិស្ឋានតាមដែលបានដឹកនាំដោយព្រះវិញ្ញាណ ។ អ្នកអធិស្ឋានអាចរួមបញ្ចូលនូវកិច្ចការដូចបានលើកឡើងនៅក្នុងលេខ ១៨.១៥.២ លេខ ៣ ។
១៨.១៥.២
សេចក្ដីណែនាំ
ដើម្បីឧទិ្ទសគេហដ្ឋានមួយ អ្នកកាន់បព្វជិតភាពមិលគីស្សាដែក ៖
-
ពោលហៅព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋានដែរ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ឧទ្ទិសផ្ទះនេះជាទីកន្លែងពិសិដ្ឋមួយដែលព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅ ហើយផ្តល់ពាក្យពេចន៍ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ ។ ឧទាហរណ៍ គាត់អាចប្រសិទ្ធពរផ្ទះនោះឲ្យធ្វើជាកន្លែងដែលសមាជិកគ្រួសារអាចថ្វាយបង្គំ ជាជម្រកសុវត្ថិភាពពីលោកិយ រីកចម្រើនខាងវិញ្ញាណ និងរៀបចំខ្លួនសម្រាប់ទំនាក់ទំនងគ្រួសារដ៏នៅអស់កល្បជានិច្ច ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
១៨.១៦
ការឧទ្ទិសឆ្លងផ្នូរ
១៨.១៦.១
បុគ្គលដែលឧទ្ទិសឆ្លងផ្នូរ
បុគ្គលដែលឧទ្ទិសឆ្លងផ្នូរគួរកាន់បព្វជិតភាពមិលគីស្សាដែក ហើយត្រូវបានអនុញ្ញាតដោយថ្នាក់ដឹកនាំបព្វជិតភាពដែលដឹកនាំកម្មវិធី ។
ប្រសិនបើក្រុមគ្រួសារចង់បាន អ្នកធ្វើការអធិស្ឋានអាចផ្តល់ឲ្យការអធិស្ឋានបញ្ចុះសព ជំនួសឲ្យការអធិស្ឋានឧទ្ទិសឆ្លងផ្នូរ ។ ការអធិស្ឋាននេះអាចផ្តល់ឲ្យដោយនរណាម្នាក់ដែលសមាជិកគ្រួសារជ្រើសរើស ។
ដើម្បីធ្វើជាអ្នកពោលពាក្យក្នុងការឧទ្ទិសឆ្លងផ្នូរ បុគ្គលដែលរស់នៅក្រៅវួដរបស់ខ្លួនត្រូវតែបង្ហាញបណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពទៅកាន់ថ្នាក់ដឹកនាំបព្វជិតភាពដែលធ្វើជាអធិបតីនៅលើកម្មវិធីនេះ ។ ឬគាត់អាចបង្ហាញលិខិតចេញអនុសាសន៍ឲ្យធ្វើពិធីបរិសុទ្ធមួយដែលបានចុះហត្ថលេខាដោយសមាជិកមួយរូបនៃគណៈប៊ីស្សពរបស់គាត់ ។
១៨.១៦.២
សេចក្ដីណែនាំ
ដើម្បីឧទិ្ទសឆ្លងផ្នូរ អ្នកកាន់បព្វជិតភាពមិលគីស្សាដែកម្នាក់ ៖
-
ពោលហៅព្រះវរបិតាសួគ៌ដូចជានៅក្នុងការអធិស្ឋានដែរ ។
-
និយាយថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
ឧទ្ទិស និងញែកកន្លែងបញ្ចុះសពជាកន្លែងសម្រាកសម្រាប់សព ។
-
អធិស្ឋានសូមឲ្យកន្លែងនេះនឹងត្រូវបានគោរព និងការពាររហូតដល់ការរស់ឡើងវិញ ( តាមដែលសមរម្យ ) ។
-
ទូលទៅព្រះវរបិតាសួគ៌សូមឲ្យលួងលោមចិត្តក្រុមគ្រួសារ និងពោលពាក្យតាមដែលបានដឹកនាំដោយព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
ប្រសិនបើសពរបស់សមាជិកសាសនាចក្រត្រូវបានបូជា នោះថ្នាក់ដឹកនាំដែលធ្វើជាអធិបតីប្រើការវិនិច្ឆ័យរបស់គាត់ដើម្បីសម្រេចចិត្តថា តើត្រូវឧទ្ទិសនៅកន្លែងដែលផេះត្រូវបានរក្សាទុកឬអត់ ។ គាត់ពិចារណាពីបំណងប្រាថ្នារបស់ក្រុមគ្រួសារ និងទំលៀមទម្លាប់ ហើយនិងច្បាប់ក្នុងស្រុក ។ បងប្អូនប្រុសដែលជាអ្នកពោលពាក្យ បត់បែនសេចក្តីណែនាំសម្រាប់ការឧទិ្ទសឆ្លងផ្នូរ ។
១៨.១៧
ពររបស់លោកអយ្យកោ
រាល់សមាជិកដែលបានទទួលពិធីបុណ្យជ្រមុជទឹក និងមានភាពស័ក្តិសមគ្រប់រូប មានសិទ្ធិទទួលពររបស់លោកអយ្យកោ ដែលផ្តល់ការដឹកនាំដ៏បំផុសគំនិតមកពីព្រះវរបិតាសួគ៌ ( សូមមើល លោកុប្បត្តិ ៤៨:១៤; ៤៩; នីហ្វៃទី ២ ៤:៣–១១ ) ។ ឪពុកម្តាយ និងថ្នាក់ដឹកនាំសាសនាចក្រលើកទឹកចិត្តសមាជិកឲ្យរៀបចំខ្លួនខាងវិញ្ញាណ ដើម្បីទទួលពររបស់លោកអយ្យកោរបស់ពួកគេ ។
ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំង សម្ភាសសមាជិកដែលចង់ទទួលពររបស់លោកអយ្យកោ ។ ប្រសិនបើសមាជិកមានភាពស័ក្តិសម នោះអ្នកសម្ភាសចេញបណ្ណពររបស់លោកអយ្យកោឲ្យ ។ គាត់បញ្ជូនវាតាមរយៈប្រព័ន្ធពរជ័យលោកអយ្យកោនៅលើគេហទំព័រ ChurchofJesusChrist.org ។
១៨.១៧.១
ការទទួលពររបស់លោកអយ្យកោ
បន្ទាប់ពីទទួលបណ្ណនេះ សមាជិកទាក់ទងទៅលោកអយ្យកោដើម្បីធ្វើការណាត់ជួបទទួលពរលោកអយ្យកោ ។ ដល់ថ្ងៃណាត់ជួប សមាជិកគួរទៅជួបលោកអយ្យកោដោយមានឥរិយាបថពោរពេញដោយការអធិស្ឋាន និងស្លៀកសំលៀកបំពាក់ថ្ងៃអាទិត្យ ។ សមាជិកអាចតមអាហារបាន ប៉ុន្តែមិនតម្រូវឲ្យមានការតមអាហារនោះទេ ។
រាល់ពរលោកអយ្យកោនីមួយៗគឺពិសិដ្ឋ សង្ងាត់ និងផ្ទាល់ខ្លួន ។ ហេតុដូច្នោះហើយ ពរនេះត្រូវផ្តល់ឲ្យជាលក្ខណៈឯកជន សមាជិកគ្រួសារដែលចូលរួមត្រូវមានកំណត់ ។
បុគ្គលដែលទទួលពរលោកអយ្យកោគួរតែឲ្យតម្លៃដល់ពាក្យពេចន៍ក្នុងពរជ័យនេះ សញ្ជឹងគិតពីពរជ័យនេះ ហើយរស់នៅឲ្យមានភាពស័ក្តិសមតាមការសន្យារបស់ពរជ័យនេះនៅក្នុងជីវិតនេះ និងភាពអស់កល្បជានិច្ច ។
សមាជិកសាសនាចក្រមិនគួរប្រៀបធៀបពរជ័យនេះ និងមិនគួរចែកចាយពរជ័យនេះ លើកលែងតែសមាជិកគ្រួសារដែលជិតដិតតែប៉ុណ្ណោះ ។ ពរលោកអយ្យកោមិនគួរយកមកអាននៅក្នុងការប្រជុំក្នុងសាសនាចក្រ ឬទីកន្លែងជួបជុំជាសាធារណៈឡើយ ។
ប្រសិនបើពរលោកអយ្យកោមិនបានរៀបរាប់ពីពូជអំបូរទេ នោះលោកអយ្យកោអាចបន្ថែមការប្រកាសពីពូជអំបូរនៅពេលក្រោយបាន ។
១៨.១៧.២
ការទទួលបានសំណៅចម្លងនៃពរលោកអយ្យកោ
បុគ្គលដែលបានទទួលពរលោកអយ្យកោគួរថែរក្សាសំណៅចម្លងបោះពុម្ពឲ្យមានសុវត្ថិភាព ។ ទោះជាយ៉ាងណាក្តី ប្រសិនបើសំណៅចម្លងនេះបាត់ ឬខូច បុគ្គលរូបនេះអាចស្នើសុំថ្មីទៀតបាន ។ ពួកគេអាចធ្វើការស្នើសុំតាមពររបស់លោកអយ្យកោ នៅគេហទំព័រ ChurchofJesusChrist.org ។ ប្រសិនបើវាមិនអាចធ្វើទៅបានទេ នោះបុគ្គលរូបនេះអាចទាក់ទងទៅប៊ីស្សពរបស់ពួកគេសូមជំនួយ ។
១៨.១៧.៣
ព័ត៌មានបន្ថែម
សម្រាប់ព័ត៌មានបន្ថែមអំពីពរលោកអយ្យកោ សូមមើលលេខ ៣៨.២.១២ និង « ពររបស់លោកអយ្យកោ » ។
១៨.១៨
អំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ
សម្រាប់ព័ត៌មានអំពីអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ សូមមើល ជំពូកទី ២៧ ។