« ២១. ការធ្វើការងារបម្រើ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ២១. ការធ្វើការងារបម្រើ » ក្បួនខ្នាតទូទៅ ។
២១.
ការធ្វើការងារបម្រើ
២១.០
សេចក្តីផ្ដើម
ការធ្វើការងារបម្រើមានន័យថា ការបម្រើមនុស្សដទៃដូចជាព្រះអង្គសង្រ្គោះបានធ្វើ ( សូមមើល ម៉ាថាយ ២០:២៦–២៨ ) ។ ទ្រង់ស្រឡាញ់ បង្រៀន អធិស្ឋាន លួងលោមចិត្ត ហើយប្រទានពរដល់មនុស្សជុំវិញទ្រង់ ( សូមមើល កិច្ចការ ១០:៣៨ ) ។ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងព្យាយាមផ្តល់ការងារបម្រើចំពោះបុត្រាបុត្រីរបស់ព្រះ ។
ព្រះអម្ចាស់សព្វព្រះទ័យឲ្យសមាជិកសាសនាចក្រទាំងអស់របស់ទ្រង់ទទួលការមើលថែបែបនោះ ។ សម្រាប់ហេតុផលនេះហើយ ដែលអ្នកកាន់បព្វជិតភាពត្រូវបានចាត់តាំងជាបងប្អូនប្រុស ដែលផ្ដល់ការងារបម្រើដល់គ្រួសារសមាជិកនីមួយៗ ។ បងប្អូនស្រីដែលផ្ដល់ការងារបម្រើត្រូវបានចាត់តាំងទៅបម្រើបងប្អូនស្រីមជ្ឈិមវ័យម្នាក់ៗ ។ ការចាត់តាំងទាំងនេះជួយធានាឲ្យបានថា សមាជិកសាសនាចក្រត្រូវបានចងចាំ និងមើលថែ ( សូមមើល មរ៉ូណៃ ៦:៤ ) ។
ការធ្វើការងារបម្រើគឺជារបៀបដ៏សំខាន់មួយ ដែលយើងរក្សាបទបញ្ញត្តិឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង ( សូមមើល ម៉ាថាយ ២២:៣៦–៤០ ) ។ វាក៏ជារបៀបដ៏សំខាន់មួយដើម្បីសម្រេចបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងផងដែរ ។
គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះជួយបងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើឲ្យរៀនពីរបៀបដើម្បីធ្វើការងារបម្រើដល់អ្នកដទៃ ។ ពួកគាត់ក៏ផ្តល់ការបំផុសគំនិត ការណែនាំ និងការគាំទ្រផងដែរ ។ ពួកគាត់អាចធ្វើការណ៍នេះបាននៅក្នុងការសម្ភាសអំពីការធ្វើការងារបម្រើ ( សូមមើល ២១.៣ ) នៅក្នុងការប្រជុំថ្ងៃអាទិត្យ និងនៅក្នុងការសន្ទនាផ្ទាល់ខ្លួន ។ ពួកគាត់ស្វែងរកការបំផុសគំនិតពីព្រះគម្ពីរ ជំពូកនេះ និងនៅលើគេហទំព័រ ministering.ChurchofJesusChrist.org ។
២១.១
ទំនួលខុសត្រូវរបស់បងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើ
បងប្អូនស្រី និងបងប្អូនប្រុសដែលធ្វើការងារបម្រើគឺជាអ្នកតំណាងរបស់ព្រះអម្ចាស់ ។ ពួកគាត់ជួយសមាជិកឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ និងការគាំទ្រពីប៊ីស្សព ហើយនិងថ្នាក់ដឹកនាំសមាគមសង្រ្គោះ ឬ ថ្នាក់ដឹកនាំកូរ៉ុម ។ ពួកគាត់ « មើលការខុសត្រូវ » សមាជិកសាសនាចក្រ និង « នៅជាមួយ និងចម្រើនកម្លាំងពួកគេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៥៣ ) ។
បងប្អូនស្រី និងបងប្អូនប្រុសដែលធ្វើផ្តល់ការងារបម្រើមានទំនួលខុសត្រូវដូចតទៅ ចំពោះបុគ្គល និងក្រុមគ្រួសារដែលត្រូវបានចាត់ឲ្យពួកគេបម្រើ ៖
-
ជួយពួកគេឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ជួយពួកគេឲ្យរៀបចំខ្លួនដើម្បីចុះ និងរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋជាមួយព្រះ នៅពេលពួកគេទទួលពិធីបរិសុទ្ធ ។ តាមតម្រូវការ ជួយដល់ឪពុកម្តាយឲ្យរៀបចំកូនចៅរបស់ពួកគាត់ដើម្បីទទួលពិធីបរិសុទ្ធ និងរក្សាសេចក្តីសញ្ញាទាំងឡាយ ។
-
ស្វែងយល់ពីតម្រូវការ ហើយផ្តល់ឲ្យនូវសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ការមើលថែ និងការបម្រើ ។ ផ្តល់ជំនួយ និងការលួងលោមនៅគ្រាមានតម្រូវការខាងវិញ្ញាណ និងខាងសាច់ឈាម ។ ពិភាក្សាអំពីតម្រូវការទាំងឡាយនៅអំឡុងការសម្ភាសការធ្វើការងារបម្រើ និងនៅពេលដទៃទៀត ។
-
ជួយពួកគេឲ្យមានភាពខ្លួនទីពឹងខ្លួនទាំងខាងវិញ្ញាណ និង ខាងសាច់ឈាម ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីការទទួលខុសត្រូវរបស់បងប្អូនស្រី និងបងប្អូនប្រុសដែលធ្វើការងារបម្រើ សូមមើល យ៉ាកុប ១:២៧, ម៉ូសាយ ២៣:១៨ និង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៤៧, ៥៩ ។
បងប្អូនស្រី និងបងប្អូនប្រុសដែលធ្វើការងារបម្រើស្វែងរកការណែនាំពីព្រះវិញ្ញាណប្រកបដោយការអធិស្ឋាន ។ ពួកគាត់ក៏ប្រឹក្សាជាមួយអស់អ្នកដែលពួកគាត់បម្រើ ដើម្បីយល់ពីរបៀបដែលល្អបំផុតដើម្បីជួយពួកគេបំពេញតម្រូវការរបស់ពួកគេ ។
បងប្អូនស្រី និងបងប្អូនប្រុសដែលផ្តល់ការងារបម្រើបត់បែនកិច្ចប្រឹងប្រែងរបស់ពួកគាត់ទៅតាមតម្រូវការ និងកាលៈទេសៈរបស់អស់អ្នកដែលពួកគាត់បម្រើ ។ ការទៅសួរសុខទុក្ខផ្ទាល់ខ្លួនត្រូវបានលើកទឹកចិត្ត ដោយពិចារណាពីកត្តាសុវត្ថិភាព រយៈចម្ងាយ និងភាពសមរម្យខាងវប្បធម៌ ។ បងប្អូនស្រី និងបងប្អូនប្រុសដែលធ្វើការងារបម្រើក៏អាចជួយតាមរបៀបផ្សេងទៀតផងដែរ ។ ជំនួយទាំងនេះរួមមាន ការហៅទូរសព្ទ ការហៅជាវីដេអូ ការផ្ញើសារ អ៊ីម៉ែល សំបុត្រ ប្រព័ន្ធផ្សព្វផ្សាយសង្គម ទាក់ទងនៅឯព្រះវិហារ និងការធ្វើការបម្រើ ។
វាអាចមានករណីថា បងប្អូនប្រុស ឬបងប្អូនស្រីដែលធ្វើការងារបម្រើពុំអាចជួបតែម្នាក់ឯងបានទេ ។ នៅក្នុងករណីបែបនេះ ពួកគាត់ប្រឹក្សាជាមួយសមាជិកនៃគណៈប្រធានសមាគមសង្រ្គោះ ឬគណៈប្រធានកូរ៉ុមអែលឌើរ ។
២១.២
ការរៀបចំការធ្វើការងារបម្រើ
ព្រះអង្គសង្គ្រោះប្រទានការចាត់តាំងដល់ពួកសិស្សរបស់ទ្រង់ ( សូមមើល លូកា ១០:១–១៧; សូមមើលផងដែរ ៤.២.៦ នៅក្នុងក្បួនខ្នាតនេះ ) ។ តាមរយៈគំរូនេះ យើងទទួលការចាត់តាំងផ្តល់ការងារបម្រើដល់បុគ្គល និងក្រុមគ្រួសារជាក់លាក់មួយចំនួន ។ វិធីសាស្រ្តដែលបានរៀបចំឡើងដើម្បីធ្វើការងារបម្រើ ជួយផ្តល់ឱកាសដល់មនុស្សម្នាក់ៗឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
២១.២.១
ការធ្វើការចាត់តាំង
គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះធ្វើការអធិស្ឋានពីការចាត់តាំងការធ្វើការងារបម្រើដល់បងប្អូនប្រុស និងបងប្អូនស្រីដែលផ្តល់ការងារបម្រើ ។ ពួកគាត់គិតពិចារណាពីភាពរឹងមាំ និងសេចក្តីត្រូវការរបស់សមាជិក ។ ពួកគាត់ក៏ពិចារណាពីតម្រូវការរបស់កុមារនៅក្នុងក្រុមគ្រួសារនោះដែរ ។ ជាធម្មតា ពួកគាត់ចាត់តាំងបងប្អូនប្រុសពីរនាក់ ឬបងប្អូនស្រីពីរនាក់ជាដៃគូនឹងគ្នា ។ ពួកគាត់ស្វែងរកការអនុម័តពីប៊ីស្សពចំពោះដៃគូ និងការចាត់តាំងការធ្វើការងារបម្រើ ។
នៅពេលធ្វើការសម្រេចចិត្តទាំងនេះ ថ្នាក់ដឹកនាំធ្វើការពិចារណាដូចខាងក្រោមនេះ ៖
-
បងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើល្អៗគួរតែត្រូវបានចាត់ទៅបម្រើដល់សមាជិកដែលមានតម្រូវការខ្លាំងបំផុត ។ កិច្ចការនេះអាចរួមមាន សមាជិកថ្មី ឪពុក ឬ ម្តាយទោល ស្រ្តីមេម៉ាយ បុរសពោះម៉ាយ និង សមាជិកមិនសូវសកម្ម ។
-
យុវវ័យអាចបម្រើជាដៃគូនឹងមជ្ឈិមវ័យ យោងទៅតាមគោលការណ៍ណែនាំនៅក្នុង ២១.២.២ ។
-
ស្វាមីភរិយាមួយគូដែលបានរៀបការហើយអាចត្រូវបានចាត់តាំងឲ្យធ្វើការងារបម្រើរួមគ្នាដល់បុគ្គលម្នាក់ ឬ គ្រួសារមួយ ។
-
គណៈប្រធានស្តេក និង គណៈប៊ីស្សពមើលថែសមាជិកទាំងអស់នៅក្នុងស្តេក ឬ វួដនេះ ។ ដោយសារតែកិច្ចការនេះ ជាទូទៅ ពួកគាត់ពុំត្រូវបានចាត់តាំងឲ្យធ្វើជាបងប្អូនប្រុសដែលផ្តល់ការងារបម្រើនោះទេ ។ ប្រធានស្តេកកំណត់ថាតើទីប្រឹក្សាជាន់ខ្ពស់ និងពួកលោកអយ្យកោដែលកំពុងបំពេញមុខងារគួរចាត់តាំងឬអត់ ។
បន្ទាប់ពីប៊ីស្សពបានផ្តល់ការអនុម័តហើយ នោះសមាជិកនៃគណៈប្រធានកូរ៉ុមអែលឌើរធ្វើការងារបម្រើដល់បងប្អូនប្រុសដែលធ្វើការងារបម្រើ រួមទាំងយុវជនផងដែរ ។ សមាជិកនៃគណៈប្រធានសមាគមសង្រ្គោះផ្តល់ការចាត់តាំងដល់បងប្អូនស្រីដែលធ្វើការងារបម្រើ រួមទាំងយុវនារីផងដែរ ។
ថ្នាក់ដឹកនាំទាំងនេះប្រឹក្សាជាមួយបងប្អូនប្រុស ឬបងប្អូនស្រីដែលធ្វើការងារបម្រើ អំពីភាពរឹងមាំ សេចក្តីត្រូវការ និងឧបសគ្គនៃអស់អ្នកដែលពួកគាត់នឹងផ្តល់ការងារបម្រើ ។ ថ្នាក់ដឹកនាំលើកទឹកចិត្តដល់បងប្អូនប្រុស ឬបងប្អូនស្រីដែលធ្វើការងារបម្រើ ឲ្យស្វែងយល់ពីតម្រូវការនៃអស់អ្នកដែលពួកគាត់ត្រូវបានចាត់តាំងទៅ បន្ទាប់មក ស្វែងរកការបំផុសគំនិតអំពីរបៀបដ៏ល្អបំផុតដើម្បីបម្រើពួកគេ ។
បងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើមិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញទេ ។ ការបម្រើរបស់ពួកគេគឺជាផ្នែកមួយនៃសេចក្តីសញ្ញាដែលពួកគេបានធ្វើនៅពេលទទួលបុណ្យជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១១ ) ។
២១.២.២
ការចាត់តាំងធ្វើការងារបម្រើដល់យុវវ័យ
សូម្បីតែពីមុនពួកគេទទួលបានការចាត់តាំងធ្វើការងារបម្រើក្តី ក៏យុវវ័យធ្វើការងារបម្រើដល់អ្នកដទៃ តាមរយៈការបម្រើពួកគេតាមរបៀបដូចជាព្រះគ្រីស្ទដែរ ។ ការបម្រើរបស់យុវវ័យក្នុងនាមជាបងប្អូនស្រី ឬបងប្អូនប្រុសដែលធ្វើការងារបម្រើអាចជាផ្នែកដ៏សំខាន់មួយនៃការសម្រេចបានកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
យុវនារីអាចបម្រើជាដៃគូផ្តល់ការងារបម្រើរបស់បងបងប្អូនស្រ្តីសមាគមសង្រ្គោះបាន នៅពេលយុវនារីស្ម័គ្រចិត្ត និងអាចធ្វើបាន ។ នាងអាចចាប់ផ្តើមការបម្រើនៅក្នុងឆ្នាំដែលនាងឈានចូលដល់វ័យ ១៤ ឆ្នាំ ។ គណៈប្រធានសមាគមសង្រ្គោះប្រឹក្សាជាមួយយុវនារី ឪពុកម្តាយរបស់នាង និងគណៈប្រធានយុវនារី នៅពេលពួកគាត់ពិចារណាពីការចាត់តាំងធ្វើការងារបម្រើ ។
ជាញឹកញាប់ វាគឺជាពរជ័យមួយដែលបងប្អូនស្រ្តីមានយុវនារីផ្តល់ការងារបម្រើជាមួយគាត់ ។ វាក៏អាចជាពរជ័យចំពោះយុវនារីផងដែរ ។
យុវជនបម្រើជាដៃគូធ្វើការងារបម្រើជាមួយអ្នកកាន់បព្វជិតភាពមិលគីស្សាដែក នៅពេលគាត់ត្រូវបានតែងតាំងក្នុងតំណែងគ្រូ ឬសង្ឃ ។ ប៊ីស្សពកំណត់ថាតើយុវជនមានភាពស័ក្តិសម និងត្រៀមខ្លួនដើម្បីតែងតាំងឬអត់ ។ ( សូមមើល ១០.១.៣.២ ) ។ គណៈប្រធានកូរ៉ុមអែលឌើរប្រឹក្សាជាមួយយុវជន ឪពុកម្តាយរបស់គាត់ និងគណៈប៊ីស្សព នៅពេលដែលពួកគាត់ពិចារណាពីការចាត់តាំងធ្វើការងារបម្រើ ។
នៅក្នុងករណីខ្លះ យុវវ័យអាចត្រូវបានចាត់តាំងជាសមាជិកទីបីនៃដៃគូការធ្វើការងារបម្រើមួយ ។ ថ្នាក់ដឹកនាំអាចចាត់តាំងយុវវ័យឲ្យជួយផ្តល់ការងារបម្រើដល់មនុស្សមួយចំនួន ឬបុគ្គល និងក្រុមគ្រួសារទាំងអស់ដែលត្រូវបានចាត់តាំងនៅក្រោមភាពជាដៃគូនេះ ។
យុវវ័យពុំមានបងប្អូនប្រុស ឬបងប្អូនស្រីដែលធ្វើការងារបម្រើត្រូវបានចាត់ឲ្យមកបម្រើពួកគេទេ ។ ពួកគេទទួលការមើលថែពីបងប្អូនប្រុសដែលធ្វើការងារបម្រើដល់ក្រុមគ្រួសាររបស់ពួកគេ ។ គណៈប្រធានថ្នាក់ ឬគណៈប្រធានកូរ៉ុម និងថ្នាក់ដឹកនាំមជ្ឈិមវ័យក៏ផ្តល់ការងារបម្រើដល់ពួកគេដែរ ។ ប្រសិនបើឪពុកម្តាយរបស់ពួកគេមិនមែនជាសមាជិកនៃសាសនាចក្រ ប៉ុន្តែបើកចំហទទួលការធ្វើការងារបម្រើ នោះគណៈប្រធានកូរ៉ុមអែលឌើរអាចចាត់តាំងបងប្អូនប្រុសឲ្យផ្តល់ការងារបម្រើដល់ក្រុមគ្រួសារនេះបាន ។ ស្រដៀងគ្នានេះដែរ គណៈប្រធានសមាគមសង្រ្គោះអាចចាត់តាំងបងប្អូនស្រីដែលផ្តល់ការងារបម្រើដល់ម្តាយរូបនេះផងដែរ ។
គោលការណ៍ណែនាំរបស់សាសនាចក្រថា មជ្ឈិមវ័យដែលមានការទទួលខុសត្រូវពីររូបត្រូវមានវត្តមានជាមួយនឹងយុវវ័យ ពុំអនុវត្តចំពោះដៃគូដែលធ្វើការងារបម្រើទេ ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំទាំងឡាយគួរប្រើប្រាជ្ញា ហើយស្វែងរកការបំផុសគំនិត នៅពេលចាត់តាំងយុវវ័យជាដៃគូនឹងមជ្ឈិមវ័យ ។ ពួកគាត់ក៏ស្វែងរកការណែនាំមកពីប៊ីស្សពផងដែរ ។ នៅពេលយុវវ័យត្រូវបានចាត់ឲ្យមានដៃគូម្នាក់ដែលពុំមែនជាឪពុក ឬម្ដាយរបស់គាត់ ឬនាង នោះថ្នាក់ដឹកនាំគួរបញ្ជាក់ថា ឪពុកម្ដាយពុំជំទាស់នឹងការចាត់តាំងនេះទេ ។
ដៃគូដែលជាមជ្ឈិមវ័យគួរតែចៀសវាងពីស្ថានភាពដែលអាចធ្វើឲ្យមានការភាន់ច្រឡំ ។ ពួកគេផ្ដល់ការមើលថែក្នុងស្ថានភាពម្នាក់ទល់ម្នាក់ ។ ពួកគាត់ជួយយុវវ័យឲ្យមានបទពិសោធន៍ការធ្វើការងារបម្រើប្រកបដោយសុវត្ថិភាព និងជារង្វាន់មួយ ។
២១.២.៣
អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង
ប្រសិនបើប្រធានបេសកកម្មអនុម័ត នោះពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងអាចជួយធ្វើការងារបម្រើនេះបាន ។ ថ្នាក់ដឹកនាំវួដអាចស្វែងរកការអនុម័តពីប្រធានបេសកកម្មតាមរយៈប្រធានស្តេក ។ ជាធម្មតា ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងត្រូវបានចាត់តាំងឲ្យផ្តល់ការងារបម្រើដល់សមាជិកថ្មី អ្នកដែលជាសមាជិកតែម្នាក់ឯងក្នុងគ្រួសារ និងសមាជិកមិនសូវសកម្ម ។
២១.៣
ការសម្ភាសអំពីការធ្វើការងារបម្រើ
ព្រះអង្គសង្គ្រោះធ្វើការសម្ភាសដ៏សាមញ្ញ ប៉ុន្តែប្រកបដោយអត្ថន័យជ្រាលជ្រៅមួយជាមួយនឹងពេត្រុស អំពីការឲ្យចំណីដល់កូនចៀមរបស់ទ្រង់ ( សូមមើល យ៉ូហាន ២១:១៥–១៧ ) ។ ការសម្ភាសអំពីការធ្វើការងារបម្រើអាចជាឱកាសស្រដៀងនេះដែរ ។ ការសម្ភាសនេះក៏អនុញ្ញាតឲ្យថ្នាក់ដឹកនាំធ្វើជាគំរូនៃការងារបម្រើផងដែរ ។
ប្រធានកូរ៉ុមអែលឌើរ និងទីប្រឹក្សារបស់គាត់ធ្វើការសម្ភាសបងប្អូនប្រុសដែលធ្វើការងារបម្រើ ។ ប្រធានសមាគមសង្រ្គោះ និងទីប្រឹក្សារបស់គាត់ធ្វើការសម្ភាសបងប្អូនស្រីដែលធ្វើការងារបម្រើ ។ ស្វាមីភរិយាមួយគូដែលរៀបការហើយ ដែលបានចាត់តាំងឲ្យផ្ដល់ការងារបម្រើជាមួយគ្នា អាចជួបនឹងថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ ឬថ្នាក់ដឹកនាំសមាគមសង្គ្រោះ ឬទាំងពីរ ។
ការសម្ភាសទាំងនេះធ្វើឡើងយ៉ាងហោចណាស់ម្តងក្នុងមួយត្រីមាស ។ ការសម្ភាសនេះអាចធ្វើឡើងនៅពេលណាក៏បានក្នុងត្រីមាសនោះ ។ ប្រសិនបើអាចធ្វើបាន ការសម្ភាសនេះធ្វើឡើងដោយផ្ទាល់ជាមួយនឹងសមាជិកទាំងពីរនាក់នៃដៃគូនេះ ។ យុវវ័យដែលមានការចាត់តាំងធ្វើការងារបម្រើគួរតែមកចូលរួម បើអាច ។
ការសម្ភាសអំពីការធ្វើការងារបម្រើពុំចាំបាច់មានរយៈពេលវែង ទើបមានប្រសិទ្ធភាពនោះទេ ។ គោលបំណងនៃការសម្ភាសនេះគឺដើម្បី ៖
-
ប្រឹក្សាពីភាពរឹងមាំ សេចក្ដីត្រូវការ និងឧបសគ្គរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែលបានចាត់តាំង ។
-
ពិភាក្សាអំពីមធ្យោបាយដើម្បីជួយដល់យុវនារីម្នាក់ៗឲ្យទទួលពិធីបរិសុទ្ធ បើចាំបាច់ ។
-
កំណត់ថាតើកូរ៉ុមអែលឌើរ សមាគមសង្គ្រោះ ក្រុមប្រឹក្សាវួដ និងអ្នកផ្សេងទៀតអាចជួយបានដោយរបៀបណា ។
-
បង្រៀន ហើយលើកទឹកចិត្តដល់បងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើ ។
នៅចន្លោះការសម្ភាស បងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើទាក់ទងជាមួយថ្នាក់ដឹកនាំតាមដែលចាំបាច់ ។ ពួកគាត់អាចចែកចាយអំពីព័ត៌មានសម្ងាត់ដោយផ្ទាល់ជាមួយប៊ីស្សព ។
ថ្នាក់ដឹកនាំប្រើ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ដើម្បីរាយការណ៍ពីការសម្ភាសរងារបម្រើ ។
២១.៤
ការសម្របសម្រួលកិច្ចខិតខំក្នុងការធ្វើការងារបម្រើ
សមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរចែកចាយកិច្ចការធ្វើការងារបម្រើជាមួយគ្នា ។ ពួកគាត់ធ្វើការងារនេះដោយមានសាមគ្គីភាពជាមួយគ្នា ។
គណៈប្រធានសមាគមសង្គ្រោះ និងគណៈប្រធានកូរ៉ុមអែលឌើរជួបជាមួយគ្នាយ៉ាងហោចណាស់ម្តងក្នុងមួយត្រីមាស ។ ពួកគាត់ពិនិត្យមើលអ្វីដែលពួកគាត់បានរៀននៅក្នុងការសម្ភាសអំពីការធ្វើការងារបម្រើ ( សូមមើល ២១.៣ ) ។ ពួកគាត់ក៏សម្របសម្រួលដល់ការចាត់តាំងធ្វើការងារបម្រើផងដែរ ។ ប្រធានទាំងពីររូបចែកចាយការទទួលខុសត្រូវក្នុងការរៀបចំ និងការដឹកនាំការប្រជុំ ។
នៅក្នុងអង្គភាពដែលមានសមាជិកសកម្មតែពីរបីនាក់ នោះគណៈប្រធានសមាគមសង្រ្គោះ និងគណៈប្រធានកូរ៉ុមអែលឌើរ អាចសម្រេចចិត្តថាពុំចាត់តាំងទាំងបងប្អូនស្រី និងបងប្អូនប្រុសដែលផ្តល់ការងាបម្រើទៅសមាជិកមួយចំនួន ។ ថ្នាក់ដឹកនាំធ្វើការសម្រេចចិត្តនេះជាមួយគ្នា និងស្វែងរកការអនុម័តពីប៊ីស្សព ។ ប្រសិនបើបងប្អូនស្រីម្នាក់ត្រូវបានចាត់ឲ្យធ្វើជាបងប្អូនស្រីដែលធ្វើការងារបម្រើ ប៉ុន្តែពុំមានបងប្អូនប្រុសដែលធ្វើការងារបម្រើ នោះថ្នាក់ដឹកនាំធានាឲ្យបានថា គាត់មាននរណាម្នាក់ដែលគាត់អាចសូមការប្រសិទ្ធពរបព្វជិតភាពបាន ។
ប្រធានសមាគមសង្រ្គោះ និងគណៈប្រធានកូរ៉ុមអែលឌើរជួបជាមួយនឹងប៊ីស្សពរួមគ្នារាល់ត្រីមាស ។ ពួកគាត់ពិភាក្សាពីសេចក្តីត្រូវការរបស់សមាជិកវួដ ។ ពួកគាត់និយាយអំពីការផ្លាស់ប្តូរដែលត្រូវធ្វើនៅក្នុងការចាត់តាំងធ្វើការងារបម្រើ ។
នៅពេលចាំបាច់ ប្រធានសមាគមសង្រ្គោះ និងប្រធានកូរ៉ុមអែលឌើរពិភាក្សាជាមួយក្រុមប្រឹក្សាវួដនូវព័ត៌មានដែលបានចែកចាយដោយបងប្អូនស្រី និងបងប្អូនប្រុសដែលការធ្វើការងារបម្រើ ។ នៅពេលពួកគាត់ធ្វើដូច្នេះ ពួកគាត់គោរពដល់សំណើភាពសម្ងាត់របស់សមាជិក ។ ក្រោមការដឹកនាំរបស់ប៊ីស្សព នោះក្រុមប្រឹក្សាវួដដាក់ផែនការដើម្បីបម្រើ និងផ្តល់ពរជ័យដល់សមាជិកវួដ ។ ក្រុមប្រឹក្សាយុវវ័យវួដក៏ពិភាក្សាពីការធ្វើការងារបម្រើផងដែរ ( សូមមើល ២៩.២.៩ ) ។