« ២២. ការផ្គត់ផ្គង់តម្រូវការខាងសាច់ឈាម និងការស្ថាបនាភាពខ្លួនទីពឹងខ្លួន » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ២២. ការផ្គត់ផ្គង់តម្រូវការខាងសាច់ឈាម និងការស្ថាបនាភាពខ្លួនទីពឹងខ្លួន » ក្បួនខ្នាតទូទៅ ។
២២.
ការផ្គត់ផ្គង់តម្រូវការខាងសាច់ឈាម និងការស្ថាបនាភាពខ្លួនទីពឹងខ្លួន
២២.០
សេចក្តីផ្ដើម
សមាជិកសាសនាចក្រចុះសេចក្ដីសញ្ញាដើម្បី « ទទួលបន្ទុកគ្នាទៅវិញទៅមក … ទួញយំជាមួយនឹងអ្នកណាដែលទួញយំ … ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » ( ម៉ូសាយ ១៨:៨–៩ ) ។ ការមើលថែដល់អស់អ្នកដែលមានតម្រូវការខាងសាច់ឈាមគឺជាផ្នែកមួយនៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១.២ )។ ការទទួលខុសត្រូវនេះអនុវត្តចំពោះសមាជិកគ្រប់រូបក្នុងសាសនាចក្រ នៅពេលពួកគេផ្តល់ការងារបម្រើដល់គ្នាទៅវិញទៅមក ។
សមាជិកសាសនាចក្រក៏ត្រូវបានប្រឹក្សាឲ្យពង្រឹងភាពខ្លួនទីពឹងខ្លួនរបស់ពួកគេផ្ទាល់តាមរយៈការងារដ៏ឧស្សាហ៍ព្យាយាម និងដោយមានជំនួយរបស់ព្រះអម្ចាស់ ។ ភាពខ្លួនទីពឹងខ្លួនគឺជាលទ្ធភាព ការតាំងចិត្ត និងកិច្ចខិតខំ ដើម្បីផ្តល់សេចក្តីត្រូវការចាំបាច់នៃជីវិតខាងវិញ្ញាណ និងខាងសាច់ឈាមសម្រាប់ខ្លួនឯង និងគ្រួសារ ។ នៅពេលសមាជិកប្រែជាមានភាពខ្លួនទីពឹងខ្លួនកាន់តែខ្លាំង នោះពួកគេក៏មានលទ្ធភាពកាន់តែប្រសើរក្នុងការបម្រើដល់អ្នកដទៃផងដែរ ។
ការខិតខំរបស់បុគ្គលម្នាក់ៗ និងគ្រួសារ
២២.១
ស្ថាបនាភាពខ្លួនទីពឹងខ្លួន
ដោយមានជំនួយរបស់ព្រះអម្ចាស់ សមាជិកស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបដូចតទៅនេះ ៖
-
អភិវឌ្ឍកម្លាំងខាងវិញ្ញាណ ខាងផ្លូវកាយ និងសតិអារម្មណ៍ ។
-
ទទួលបានការអប់រំ និងការងារ ។
-
កែលម្អការរៀបចំខ្លួនខាងសាច់ឈាម ។
២២.១.១
កម្លាំងខាងវិញ្ញាណ
ព្រះអង្គសង្គ្រោះបានបង្រៀនថា « អស់ទាំងរបស់របរគ្រប់យ៉ាងគឺជាវិញ្ញាណចំពោះយើង ហើយគ្មានពេលណាមួយ ដែលយើងបានប្រទានដល់អ្នកនូវក្រឹត្យវិន័យណាមួយ ដែលត្រូវជារបស់ខាងសាច់ឈាមនោះឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៤ ) ។ សមាជិកអភិវឌ្ឍកម្លាំងខាងវិញ្ញាណ នៅពេលពួកគេធ្វើកិច្ចការដូចតទៅនេះ ៖
-
អនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទ ។
-
អធិស្ឋាន ។
-
តមអារហារ ។
-
សិក្សាបទគម្ពីរ និងប្រសាសន៍នៃពួកព្យាការីដែលនៅរស់ ។
-
គោរពតាមព្រះបញ្ញត្តិទាំងឡាយ ។
-
ចូលរួមក្នុងការប្រជុំសាក្រាម៉ង់ និងការប្រជុំផ្សេងទៀតក្នុងសាសនាចក្រ ។
-
ផ្ដល់ការបម្រើដល់មនុស្សដទៃ ។
-
ចូលរួមក្នុងពិធីបរិសុទ្ធពិសិដ្ឋ ហើយខិតខំរក្សាសេចក្ដីសញ្ញាដែលភ្ជាប់មកជាមួយ ។
នៅពេលសមាជិកធ្វើកិច្ចការទាំងនេះ នោះពួកគេទទួលបានការណែនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ស្ដីពីរបៀបដោះស្រាយបញ្ហារបស់ពួកគេ និងផ្ដល់ការងារបម្រើដល់មនុស្សដទៃយ៉ាងមានប្រសិទ្ធភាព ។
២២.១.២
សុខភាពខាងផ្លូវកាយ និងសតិអារម្មណ៍
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យបុត្រាបុត្រីរបស់ទ្រង់អភិវឌ្ឍកម្លាំងខាងផ្លូវកាយ និងសតិអារម្មណ៍ ។ វារួមមាននូវការធ្វើកិច្ចការដូចតទៅនេះ ៖
-
គោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩; សូមមើលផងដែរ ៣៨.៧.១៤ នៅក្នុងក្បួនខ្នាតនេះ ) ។
-
ខិតខំទទួលទានអាហារមានជីវជាតិ ហាត់ប្រាណឲ្យទៀងទាត់ ទទួលទានដំណេកគ្រប់គ្រាន់ ហើយរក្សាទម្ងន់ដែលធ្វើឲ្យមានសុខភាពល្អ ។
-
ចៀសវាងពីសារធាតុ និងអាកប្បកិរិយាដែលបំផ្លាញ ឬញៀន ។
-
រៀនអនុវត្តអនាម័យល្អ ហើយទទួលការមើលថែខាងវេជ្ជសាស្ត្រដ៏ត្រឹមត្រូវ ។
-
អភិវឌ្ឍ ហើយពង្រឹងទំនាក់ទំនងល្អជាមួយនឹងគ្រួសារ និងមនុស្សដទៃ ។
-
រៀនគ្រប់គ្រងភាពតានតឹង ។
-
ស្វែងរកជំនួយផ្នែកបញ្ហាផ្លូវចិត្ត ឬសតិអារម្មណ៍ ប្រសិនបើចាំបាច់ ។
២២.១.៣
ការអប់រំ និងការងារ
ព្រះអង្គសង្គ្រោះបានបង្រៀនថា « សិរីល្អនៃព្រះគឺជាបញ្ញា » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៣៦ ) ។ ទ្រង់ក៏បានបង្រៀនផងដែរថា « ចូរស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្តីជំនឿផង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨; សូមមើលផងដែរ ១៣០:១៨ ) ។ ការអប់រំ និងវគ្គបណ្ដុះបណ្ដាលខ្លីៗអាចដឹកនាំទៅរកការងារដែលប្រសើរជាង ដើម្បីឲ្យសមាជិកអាចផ្គត់ផ្គង់ដល់សេចក្ដីត្រូវការផ្ទាល់ខ្លួន និងគ្រួសារ ។
ការអភិវឌ្ឍសមត្ថភាពធ្វើការងារនឹងជួយសមាជិកឲ្យចូលរួមចំណែកដល់ក្រុមគ្រួសាររបស់ពួកគេ សាសនាចក្រ និងពិភពលោកនេះ ។ សមាជិកត្រូវបានប្រឹក្សាឲ្យខិតខំធ្វើការ និងមានភាពស្មោះត្រង់ចំពោះគ្រប់អ្វីទាំងអស់ដែលពួកគេធ្វើ ។
២២.១.៤
ការរៀបចំខ្លួនខាងសាច់ឈាម
បទគម្ពីរបង្រៀនអំពីសារៈសំខាន់នៃការរៀបចំខ្លួន ( សូមមើល អេសេគាល ៣៨:៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣០ ) ។ សមាជិកត្រូវបានប្រឹក្សាឲ្យត្រៀមខ្លួនដើម្បីពួកគេអាចមើលថែខ្លួនឯង ក្រុមគ្រួសាររបស់ពួកគេ និងមនុស្សដទៃនៅគ្រាលំបាក ។
សមាជិកបង្កើនការរៀបចំខ្លួនខាងហិរញ្ញវត្ថុរបស់ពួកគេតាមរយៈការ ៖
-
បង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយនានា ( សូមមើល ម៉ាឡាគី ៣:៨–១២ ) ។
-
លុបបំបាត់ និងចៀសវាងពីបំណុលតាមដែលអាចធ្វើបាន ។
-
រៀបចំខ្លួន និងរស់នៅតាមចំណូលដែលរកបាន ។
-
សន្សំប្រាក់សម្រាប់អនាគត ។
-
ទទួលបានការអប់រំដ៏សមរម្យមួយដើម្បីជួយពួកគេឲ្យផ្គត់ផ្គង់ដល់ខ្លួនឯង និងក្រុមគ្រួសារពួកគេ ( សូមមើល ២២.៣.៣ ) ។
ការរៀបចំខ្លួនក៏រួមបញ្ចូលទាំងការអភិវឌ្ឍផែនការមួយអំពីរបៀបមើលថែសេចក្ដីត្រូវការមូលដ្ឋានអំឡុងពេលមានអាសន្នផងដែរ ។ សមាជិកត្រូវបានលើកទឹកចិត្តឲ្យស្ថាបនាការបម្រុងទុកអាហារ ទឹក និងរបស់របរចាំបាច់ផ្សេងទៀតសម្រាប់រយៈពេលខ្លី និងរយៈពេលវែង ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលគេហទំព័រ ហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ភាពខ្លួនទីពឹងខ្លួន និង « ធនធានការរៀបចំខ្លួនខាងសាច់ឈាម » ។
២២.២
ផ្ដល់ការងារបម្រើដល់សមាជិកដែលមានសេចក្តីត្រូវការខាងសាច់ឈាម និងសតិអារម្មណ៍
ពួកសិស្សរបស់ព្រះអម្ចាស់ត្រូវបានបង្រៀនឲ្យ « ស្រឡាញ់ … ហើយឲ្យបម្រើគ្នាទៅវិញទៅមក » និងឲ្យ « ជួយដល់អស់អ្នកណា ដែលត្រូវការជំនួយ » ( ម៉ូសាយ ៤:១៥–១៦ ) ។ សមាជិកខិតខំមើលទៅមនុស្សដទៃដូចជាព្រះអង្គសង្គ្រោះទតមើលពួកគេដែរ ដោយយល់ពីកម្លាំង និងសេចក្ដីត្រូវការពិសេសៗរបស់ពួកគេ ។ ដោយការធ្វើដូច្នេះ សមាជិកនឹងត្រូវបានបំផុសឲ្យដឹងពីរបៀបផ្ដល់ការងារបម្រើដល់មនុស្សដែលមានសេចក្ដីត្រូវការខាងសាច់ឈាម និងសតិអារម្មណ៍ ។ សេចក្ដីត្រូវការទាំងនេះអាចរួមមាន អាហារ សម្លៀកបំពាក់ ផ្ទះស្នាក់នៅ ការអប់រំ ការងារ សុខភាពរាងកាយ និងសុខុមាលភាពសតិអារម្មណ៍ ។
២២.២.១
ឃ្លាំងរបស់ព្រះអម្ចាស់
ព្រះអង្គសង្គ្រោះបានបង្រៀនឲ្យ « ចែករំលែកទ្រព្យដល់មនុស្សទ័លក្រ… ហើយចូរដាក់ [ ទ្រព្យ ] ទាំងនោះនៅខាងមុខប៊ីស្សព … [ ហើយ ] ត្រូវរក្សាទុក្ខនៅក្នុងឃ្លាំងរបស់យើង ដើម្បីឧបត្ថម្ភចែកដល់មនុស្សទ័លក្រ និងមនុស្សកម្សត់ទុរគត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣១, ៣៤ ) ។ ធនធានទាំងអស់ដែលមាននៅក្នុងសាសនាចក្រដើម្បីជួយសមាជិកដែលមានតម្រូវការខាងសាច់ឈាម ត្រូវបានហៅថាឃ្លាំងរបស់ព្រះអម្ចាស់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១៨–១៩ ) ។ ធនធានទាំងនេះរួមមានទាំងការផ្ដល់ពេលវេលា ទេពកោសល្យ សេចក្ដីមេត្តាករុណា សម្ភារ និងធនធានខាងហិរញ្ញវត្ថុរបស់សមាជិកដើម្បីជួយដល់ជនទ័លក្រ ។
ឃ្លាំងរបស់ព្រះអម្ចាស់មាននៅក្នុងវួដ និងស្ដេកនីមួយៗ ។ ជារឿយៗ ថ្នាក់ដឹកនាំអាចជួយបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យស្វែងរកដំណោះស្រាយចំពោះសេចក្ដីត្រូវការនានា ដោយផ្អែកទៅលើចំណេះដឹង ជំនាញ និងការបម្រើដែលផ្ដល់ឲ្យដោយសមាជិកវួដ និងស្ដេក ។
ក្រៅពីធនធាននៅក្នុងឃ្លាំងរបស់ព្រះអម្ចាស់ ជារឿយៗសមាជិកអាចទទួលបានជំនួយចាំបាច់តាមរយៈធនធានរបស់រដ្ឋាភិបាល និងសហគមន៍ ( សូមមើល ២២.១២ ) ។
២២.២.២
ក្រឹត្យវិន័យតមអាហារ និងដង្វាយតមអាហារ
ព្រះអម្ចាស់បានបង្កើតក្រឹត្យវិន័យតមអាហារ និងដង្វាយតមអាហារដើម្បីប្រទានពរដល់រាស្ត្ររបស់ទ្រង់ ហើយផ្ដល់ជារបៀបមួយឲ្យពួកគេបម្រើជនទ័លក្រ ។ ក្រឹត្យវិន័យតមអាហារផ្ដល់ពរជ័យដល់ទាំងអ្នកផ្ដល់ឲ្យ និងអ្នកទទួល ។ សមាជិកខិតកាន់តែជិតព្រះអម្ចាស់ ហើយបង្កើនកម្លាំងខាងវិញ្ញាណ នៅពេលពួកគេរស់នៅតាមក្រឹត្យវិន័យតមអាហារ ។ ពួកគេក៏ពង្រឹងភាពខ្លួនទីពឹងខ្លួនរបស់ពួកគេ ហើយអភិវឌ្ឍសេចក្ដីមេត្តាករុណាកាន់តែច្រើនផងដែរ ។ ( សូមមើល អេសាយ ៥៨:៦–១២; ម៉ាឡាគី ៣:៨–១២ ) ។
ការតមអាហារអាចធ្វើឡើងនៅពេលណាក៏បាន ។ ទោះជាយ៉ាងណាក្តី ជាទូទៅសមាជិករក្សាថ្ងៃឈប់សម្រាកដើមខែទុកជាថ្ងៃតមអាហារ ។ ជាទូទៅ ថ្ងៃតមអាហារមាននូវកិច្ចការដូចតទៅនេះ ៖
-
ការអធិស្ឋាន
-
ការមិនទទួលទានអាហារ និងទឹករយៈពេល ២៤ ម៉ោង ( ប្រសិនបើមានសុខភាពល្អ )
-
ការថ្វាយដង្វាយតមអាហារដោយសប្បុរស
ដង្វាយតមអាហារគឺជាប្រាក់ដង្វាយដើម្បីជួយដល់ជនទ័លក្រ ។ នៅពេលសមាជិកតមអាហារ ពួកគេត្រូវបានអញ្ជើញឲ្យថ្វាយដង្វាយតមអាហារដែលយ៉ាងហោចណាស់ស្មើនឹងតម្លៃនៃអាហារ ដែលមិនបានទទួលទាននោះ ។ សមាជិកត្រូវបានលើកទឹកចិត្តឲ្យមានចិត្តសប្បុរស ហើយថ្វាយដង្វាយឲ្យច្រើនជាងតម្លៃនៃអាហារទាំងនេះ ប្រសិនបើពួកគេមានលទ្ធភាព ។
សមាជិកអាចជូនដង្វាយតមអាហារ និងបែបបទដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ដែលបានបំពេញរួចរបស់ពួកគេទៅឲ្យប៊ីស្សព ឬទីប្រឹក្សាមួយរូបរបស់គាត់ ។ នៅតំបន់ខ្លះ ពួកគេក៏អាចធ្វើការបង់ ប្រាក់ដង្វាយរបស់ពួកគេតាមអនឡាញ ផងដែរ ។ នៅក្នុងវួដខ្លះ ប៊ីស្សពអាចឲ្យសិទ្ធិដល់ពួកអ្នកកាន់បព្វជិតភាពអើរ៉ុនដើម្បីប្រមូលដង្វាយតមអាហារ ( សូមមើល ៣៤.៤.២ ) ។
២២.២.៣
ការបម្រើ
សមាជិកខិតខំបម្រើដល់អ្នកដទៃ ដូចជាព្រះអង្គសង្គ្រោះបានធ្វើដែរ ( សូមមើល យ៉ូហាន ១៣:៣៥ ) ។ ពួកគេខិតខំស្វែងយល់ពីភាពរឹងមាំ និងសេចក្ដីត្រូវការពីគ្នាទៅវិញទៅមក ។ ពួកគេផ្ដល់ការងារបម្រើដល់គ្នាដោយសេចក្តីស្រឡាញ់ និងការយោគយល់ ។
ការបម្រើអាចត្រូវបានសម្របសម្រួលនៅក្នុងវួដ ស្តេក ឬសហគមន៍ ។ នៅទីកន្លែងដែលមាន JustServe សមាជិក និងមនុស្សដទៃទៀតអាចប្រើវាដើម្បីកំណត់ពីឱកាសបម្រើនៅក្នុងសហគមន៍បាន ។ សមាជិក និងមនុស្សដទៃទៀតក៏អាចផ្ដល់ជំនួយសង្គ្រោះដល់គ្រោះមហន្តរាយ ឬការបម្រើក្នុងសហគមន៍ផងដែរ តាមរយៈគម្រោងដែលឧបត្ថម្ភដោយសាសនាចក្រ ដូចជាកម្មវិធី ដៃជំនួយ ។
២២.២.៤
ជំនួយសប្បុរសធម៌
សាសនាចក្រផ្ដល់ជំនួយសប្បុរសធម៌នៅទូទាំងពិភពលោក ។ សាសនាចក្រធ្វើកិច្ចការទាំងនេះដោយផ្ទាល់ និងតាមរយៈការចាប់ដៃគូនឹងអង្គការផ្សេងៗទៀត ។ ជាទូទៅ ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈអង្គការសាសនាចក្រដែលហៅថា អង្គការមនុស្សធម៌ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ជំនួយនេះត្រូវបានផ្ដល់ឲ្យដោយពុំគិតអំពីជាតិសាសន៍ សាសនា ឬសញ្ជាតិឡើយ ។
សមាជិក និងមនុស្សដទៃទៀតដែលចង់ជួយដល់ការប្រឹងប្រែងនេះអាចបរិច្ចាគដល់ មូលនិធិជំនួយសប្បុរសធម៌របស់សាសនាចក្រ ។ សមាជិកអាចជូនប្រាក់ដង្វាយ និងបែបបទដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ដែលបានបំពេញរួចរបស់ពួកគេទៅឲ្យប៊ីស្សព ឬទីប្រឹក្សាមួយរូបរបស់គាត់ ។ នៅតំបន់ខ្លះ ពួកគេក៏អាចធ្វើការបង់ ប្រាក់ដង្វាយរបស់ពួកគេតាមអនឡាញ ផងដែរ ។
ការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ
២២.៣
គន្លងសម្រាប់ការស្ថាបនាភាពខ្លួនទីពឹងខ្លួន និងការធ្វើការងារបម្រើដល់ជនទ័លក្រ
ថ្នាក់ដឹកនាំសាសនាចក្រតំណាងឲ្យព្រះអង្គសង្គ្រោះ នៅពេលពួកគាត់មើលថែសមាជិកដែលមានសេចក្ដីត្រូវការខាងសាច់ឈាម និងសតិអារម្មណ៍ ( សូមមើល ២២.៣.៤ ) ។ ដើម្បីធ្វើដូច្នេះ ពួកគាត់ខិតខំជួយសមាជិកឲ្យពង្រឹងភាពខ្លួនទីពឹងខ្លួនរបស់ពួកគេ ។
ថ្នាក់ដឹកនាំស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីពួកគាត់អាចជួយដោយការយល់ដឹង និងសេចក្ដីមេត្តាករុណា ។ គន្លងដូចតទៅនេះនឹងជួយថ្នាក់ដឹកនាំឲ្យលើកឡើងពីសេចក្ដីត្រូវការរបស់សមាជិកតាមរបៀបដែលស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖
-
ស្វែងរកជនទ័លក្រ ។
-
ជួយពួកគេឲ្យវាយតម្លៃ ហើយលើកឡើងពីសេចក្ដីត្រូវការរយៈពេលខ្លី ។
-
ជួយពួកគេឲ្យស្ថាបនាភាពខ្លួនទីពឹងខ្លួនរយៈពេលវែង ។
-
ផ្ដល់ការងារបម្រើដល់សមាជិកដែលមានសេចក្តីត្រូវការខាងសតិអារម្មណ៍ ។
២២.៣.១
ស្វែងរកជនទ័លក្រ
ប៊ីស្សពមានការទទួលខុសត្រូវពិសិដ្ឋ ដើម្បីស្វែងរក និងមើលថែជនទ័លក្រ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១១២ ) ។ សមាជិកផ្សេងទៀតដែលមានតួនាទីសំខាន់ដើម្បីជួយប៊ីស្សពជាមួយនឹងការទទួលខុសត្រូវនេះ រួមមាន ៖
-
បងប្អូនប្រុសស្រីដែលធ្វើការងារបម្រើ ។
-
គណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ ។
-
ទីប្រឹក្សារបស់ប៊ីស្សព ។
-
សមាជិកផ្សេងទៀតក្នុងក្រុមប្រឹក្សាវួដ ។
ប្រសិនបើចាំបាច់ គណៈប៊ីស្សពអាចហៅពួកអ្នកជំនាញផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនប្រចាំវួដដើម្បីជួយដល់កិច្ចខិតខំទាំងនេះ ( សូមមើល ២២.៦.៤ ) ។
ដោយមានស្មារតីស្រឡាញ់ និងខ្វល់ខ្វាយ នោះថ្នាក់ដឹកនាំវួដ និងសមាជិកផ្សេងទៀតដែលបម្រើជាមួយនឹងពួកគាត់ ជួយកំណត់ពីសមាជិកដែលអាចត្រូវការជំនួយ ។ វាមិនគ្រប់គ្រាន់ទេ ដែលគ្រាន់តែជួយទៅតាមការស្នើសុំនោះ ។ ថ្នាក់ដឹកនាំគួរតែប្រឹក្សាជាមួយនឹងបងប្អូនប្រុសស្រីដែលធ្វើការងារបម្រើដើម្បីធ្វើឲ្យប្រាកដថា សមាជិកដែលទ័លក្រនោះទទួលបានការមើលថែដ៏ត្រឹមត្រូវ ។
២២.៣.២
ជួយសមាជិកឲ្យវាយតម្លៃ និងលើកឡើងពីសេចក្ដីត្រូវការរយៈពេលខ្លី
សមាជិកខិតខំបំពេញសេចក្ដីត្រូវការមូលដ្ឋានរបស់ពួកគេតាមរយៈការខិតខំផ្ទាល់ខ្លួន ជំនួយពីសាច់ញាតិ និងជំនួយពីធនធានរបស់រដ្ឋាភិបាល និងសហគមន៍ ( សូមមើល ២២.១២ ) ។ ប្រសិនបើធនធានទាំងនេះមិនគ្រប់គ្រាន់ទេ សមាជិកអាចត្រូវការជំនួយពីសាសនាចក្រ ។
ជំនួយពីសាសនាចក្រអាចរួមមាន ជំនួយសម្រាប់សេចក្ដីត្រូវការរយៈពេលខ្លី ដូចជា អាហារ សម្ភារអនាម័យ សម្លៀកបំពាក់ ផ្ទះស្នាក់នៅ ឬសម្ភារមូលដ្ឋានផ្សេងទៀត ។ ប៊ីស្សពអាចប្រើដង្វាយតមអាហារដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការទាំងនេះបាន ។ នៅកន្លែងខ្លះ ប៊ីស្សពក៏អាចប្រើការបញ្ជាទិញអាហារ និងសម្ភារចាំបាច់ផ្សេងទៀតរបស់ប៊ីស្សពបានផងដែរ ( សូមមើល« ការបញ្ជាទិញ និងការបញ្ជូនមនុស្សថ្មីរបស់ប៊ីស្សព » នៅក្នុងធនធានថ្នាក់ដឹកនាំ និងស្មៀន [ ធ.ថ.ស ] ) ។
នៅពេលផ្ដល់ជំនួយរបស់សាសនាចក្រ ថ្នាក់ដឹកនាំតាមធ្វើគោលការណ៍ និងគោលនយោបាយដែលបានណែនាំនៅក្នុងវគ្គ ២២.៤ និង ២២.៥ ។
២២.៣.៣
ជួយសមាជិកឲ្យស្ថាបនាភាពខ្លួនទីពឹងខ្លួនរយៈពេលវែង
សមាជិកអាចត្រូវការការគាំទ្រជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហារយៈពេលវែង ។ ការអប់រំ វគ្គបណ្ដុះបណ្ដាលខ្លីៗ ឬធនធានផ្សេងទៀតអាចជួយពួកគេឲ្យស្ថាបនាភាពខ្លួនទីពឹងខ្លួន ហើយផ្គត់ផ្គង់ដល់សេចក្ដីត្រូវការរយៈពេលវែងរបស់ពួកគេ ។ ថ្នាក់ដឹកនាំសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ និងសមាជិកផ្សេងទៀតអាចជួយសមាជិកឲ្យទទួលបានធនធានទាំងនេះ ។
ផែនការភាពខ្លួនទីពឹងខ្លួន ជួយសមាជិកឲ្យកំណត់ពីភាពរឹងមាំ និងសេចក្ដីត្រូវការរបស់ពួកគេ ។ វាក៏ជួយពួកគេឲ្យស្គាល់ពីធនធានល្អៗផងដែរ ។ ផែនការនេះគួរតែប្រើរាល់ពេលដែលពិចារណាពីជំនួយរបស់សាសនាចក្រ ។ ប៊ីស្សពអាចចាត់ថ្នាក់ដឹកនាំសមាគមសង្គ្រោះ ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ ឬសមាជិកផ្សេងទៀតដើម្បីជួយសមាជិកឲ្យបំពេញផែនការនេះ ។
ជាផ្នែកមួយនៃផែនការភាពខ្លួនទីពឹងខ្លួន ថ្នាក់ដឹកនាំអាចចេញអនុសាសន៍ឲ្យសមាជិកនោះចូលរួមនៅក្នុង ក្រុមភាពខ្លួនទីពឹងខ្លួន ។ ក្រុមទាំងនេះជួយពួកគេឲ្យអភិវឌ្ឍជំនាញ និងធនធានសម្រាប់ការអប់រំ ការងារ ឬការគ្រប់គ្រងហិរញ្ញវត្ថុដ៏ប្រសើរ ( សូមមើល ២២.១៣ ) ។ ជាទូទៅ ក្រុមទាំងនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាស្តេក ឬវួដ ( សូមមើល ២២.១០.២, ២២.៧ ) ។
ប៊ីស្សព ឬថ្នាក់ដឹកនាំមួយរូបទៀតដែលគាត់ចាត់ ប្រើ មគ្គុទ្ទេសក៍របស់ប៊ីស្សពសម្រាប់ផែនការភាពខ្លួនទីពឹងខ្លួន នៅពេលផ្ដល់ជំនួយ ។ បែបបទនេះជួយថ្នាក់ដឹកនាំឲ្យតាមដានពីការរីកចម្រើនរបស់សមាជិកឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន ។
២២.៣.៤
ផ្ដល់ការងារបម្រើដល់សមាជិកដែលមានសេចក្តីត្រូវការខាងសតិអារម្មណ៍
សមាជិកជាច្រើនមានបញ្ហាខាងសតិអារម្មណ៍ ។ បងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើ និងថ្នាក់ដឹកនាំវួដអាចជាឧបករណ៍ដើម្បីជួយសមាជិកដែលមានបញ្ហាទាំងនេះបាន ។
បញ្ហាស្មុគស្មាញខាងសតិអារម្មណ៍របស់បុគ្គលម្នាក់ក៏អាចជះឥទ្ធិពលដល់សមាជិកគ្រួសាររបស់គាត់ ឬនាងដែរ ។ ថ្នាក់ដឹកនាំវួដគួរតែយល់ដឹងពីសេចក្ដីត្រូវការរបស់សមាជិកគ្រួសារ ជាពិសេសស្វាមី និងភរិយា ។ ថ្នាក់ដឹកនាំផ្ដល់ការគាំទ្រ និងការយោគយល់ដល់ពួកគេ ។
សាសនាចក្រផ្ដល់ « ធនធានការប្រឹក្សា » ដើម្បីជួយថ្នាក់ដឹកនាំឲ្យគាំទ្រដល់សមាជិកទាក់ទងនឹងប្រធានបទជាច្រើនអំពីបញ្ហាខាងសតិអារម្មណ៍ និងខាងសង្គម ។ ធនធានបន្ថែមសម្រាប់សមាជិករួមមានដូចតទៅនេះ ៖
សូមមើលផងដែរ « សុខភាពផ្នែកសតិអារម្មណ៍ » នៅក្នុង ២២.១៣ ។
ប៊ីស្សពអាចប្រឹក្សាជាមួយបុគ្គលិកសេវាកម្មគ្រួសារ ដើម្បីយល់កាន់តែច្បាស់អំពីបញ្ហាខាងសតិអារម្មណ៍របស់សមាជិកម្នាក់ និងដើម្បីស្គាល់ពីធនធាន និងសេវាកម្មដែលមាន ។ ប្រធានស្តេក និងប្រធានបេសកកម្មក៏អាចប្រឹក្សាជាមួយនឹងសេវាកម្មគ្រួសារផងដែរ ។ ជាផ្នែកមួយនៃការប្រឹក្សានេះ បុគ្គលិកសេវាកម្មគ្រួសារអាចជួយថ្នាក់ដឹកនាំទាំងនេះឲ្យវាយតម្លៃ ថាតើសមាជិកម្នាក់ដែលមានបញ្ហាខាងសតិអារម្មណ៍ ឬខាងសង្គមធ្ងន់ធ្ងរអាចត្រូវការការប្រឹក្សាពីអ្នកជំនាញឬក៏អត់ ។ ថ្នាក់ដឹកនាំទាំងនេះអាចស្នើសុំការប្រឹក្សាមួយ តាមរយៈការទាក់ទងទៅការិយាល័យសេវាកម្មគ្រួសាររបស់ពួកគាត់ ឬអ្នកគ្រប់គ្រងផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនរបស់ពួកគាត់ ។ សូមមើល ៣១.២.៦ សម្រាប់ព័ត៌មានទំនាក់ទំនង ។
ប៊ីស្សពអាចប្រាប់សមាជិកដែលត្រូវការការប្រឹក្សាឲ្យទៅជួបអ្នកជំនាញរបស់សេវាកម្មគ្រួសារបាន ប្រសិនបើមាន ។ ពួកគាត់ធ្វើកិច្ចការនេះ ដោយប្រើការបញ្ជាទិញសេវាកម្មរបស់ប៊ីស្សព ( សូមមើល « ការបញ្ជាទិញ និងការបញ្ជូនមនុស្សថ្មីរបស់ប៊ីស្សព » នៅក្នុង ធ.ថ.ស ) ។ ជាជម្រើស សមាជិកអាចស្វែងរកជំនួយមកពីអ្នកប្រឹក្សាយោបល់ជំនាញដែលមានកិត្តិនាមនៅក្នុងសហគមន៍បាន ។
ពេលខ្លះ ប៊ីស្សពប្រឹក្សាដល់សមាជិកដែលត្រូវការជំនួយឲ្យប្រែចិត្តពីឥរិយាបថដែលមានអំពើបាប ។ ឥរិយាបថនេះអាចរួមមានអំពើបាបដែលទាក់ទងនឹង ឬបណ្ដាលមកពីការញៀន ។ នៅក្នុងស្ថានភាពទាំងនេះ ប៊ីស្សពគួរតែយោងទៅគោលការណ៍ណែនាំនៅក្នុង ៣២.៨.១ និង ៣២.៨.២ ។
២២.៤
គោលការណ៍សម្រាប់ការផ្ដល់ជំនួយរបស់សាសនាចក្រ
ដោយមានជំនួយរបស់ព្រះអម្ចាស់ នោះសមាជិកខិតខំផ្គត់ផ្គង់ដល់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ ។ នៅពេលសមាជិកត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ នោះពួកគេគួរតែងាកទៅរកប្រភពខាងក្រោមនេះតាមលំដាប់លំដោយ ៖
-
គ្រួសារសាច់ញាតិរបស់ពួកគេ
-
ធនធានផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងសហគមន៍
-
ជំនួយរបស់សាសនាចក្រតាមរយៈដង្វាយតមអាហារ
នៅពេលសមាជិកត្រូវការជំនួយសម្រាប់ផ្នែកអាហារ ឬសម្ភារចាំបាច់សម្រាប់រយៈពេលខ្លី នោះប៊ីស្សពអាចប្រើប្រាស់ដង្វាយតមអាហារដើម្បីផ្តល់ជាជំនួយបាន ( សូមមើល ២២.៣.២ ) ។ ប្រសិនបើមានប្រព័ន្ធបញ្ជាទិញរបស់ប៊ីស្សព នោះជាទូទៅប៊ីស្សពប្រើប្រាស់ប្រព័ន្ធទាំងនោះដើម្បីផ្តល់អាហារ និងសម្ភារចាំបាច់ផ្សេងទៀតបាន ។
ជំនួយរបស់សាសនាចក្រមានបំណងដើម្បីជួយសមាជិកឲ្យអភិវឌ្ឍភាពឯករាជ្យ មិនមែនពឹងផ្អែកទៅលើគេទេ ។ ជំនួយនានាដែលបានផ្ដល់ឲ្យគួរតែពង្រឹងសមាជិកនៅក្នុងការខិតខំរបស់ពួកគេដើម្បីមានភាពខ្លួនទីពឹងខ្លួន ។
នៅពេលផ្ដល់ជំនួយរបស់សាសនាចក្រ ថ្នាក់ដឹកនាំធ្វើតាមគោលការណ៍ក្នុងវគ្គ ២២.៤.១ ដល់ ២២.៤.៥ ។ ប៊ីស្សព និងស្មៀនត្រូវបានលើកទឹកចិត្តឲ្យមើលវីដេអូនេះ « Sacred Funds, Sacred Responsibilities » ។
២២.៤.១
លើកទឹកចិត្តឲ្យមានការទទួលខុសត្រូវជាបុគ្គល និងជាក្រុមគ្រួសារ
ថ្នាក់ដឹកនាំបង្រៀនថាបុគ្គលម្នាក់ៗ និងក្រុមគ្រួសារមានការទទួលខុសត្រូវជាចម្បង ចំពោះសុខុមាលភាពខាងសាច់ឈាម ខាងសតិអារម្មណ៍ និងខាងវិញ្ញាណរបស់ពួកគេផ្ទាល់ ។ តាមរយៈការរស់នៅតាមគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន នោះសមាជិកនឹងអាចដោះស្រាយតម្រូវការនៅពេលអនាគតដោយខ្លួនរបស់ពួកគេផ្ទាល់កាន់តែល្អប្រសើរ ( សូមមើល ២២.១ ) ។
មុនពេលផ្តល់ជំនួយរបស់សាសនាចក្រ ប៊ីស្សព ( ឬថ្នាក់ដឹកនាំដទៃទៀត ឬសមាជិកសាសនាចក្រដែលគាត់ចាត់តាំង ) ពិនិត្យមើលជាមួយសមាជិកនូវធនធានអ្វីដែលពួកគេអាចប្រើបាន ដើម្បីបំពេញតម្រូវការរបស់ពួកគេផ្ទាល់ ។ បុគ្គលរូបនេះអាចស្នើសុំធនធានដទៃទៀតដើម្បីឲ្យសមាសជិកពិចារណា ដោយបូករួមទាំងធនធានពីរដ្ឋាភិបាល ឬសហគមន៍ផងដែរ ( សូមមើល ២២.១២ ) ។
២២.៤.២
ផ្តល់ជំនួយផ្នែកសាច់ឈាមសម្រាប់សេចក្តីត្រូវការដែលចាំបាច់
គោលបំណងនៃជំនួយរបស់សាសនាចក្រគឺដើម្បីបំពេញតម្រូវការមូលដ្ឋានខាងសាច់ឈាម ខណៈដែលសមាជិកព្យាយាមធ្វើជាអ្នកមានភាពខ្លួនទីពឹងខ្លួន ។ ជាទូទៅ ជំនួយដង្វាយតមអាហារត្រូវបានប្រើដើម្បីបង់ចំណាយសម្រាប់សម្ភារដែលចាំបាច់ ដូចជា អាហារ និងសម្លៀកបំពាក់ ។ ទោះជាយ៉ាងណាក្តី ដង្វាយនេះក៏អាចប្រើប្រាស់ដើម្បីបង់ថ្លៃផ្ទះ ឬថ្លៃទឹកភ្លើងផងដែរ ។ ដង្វាយនេះក៏អាចប្រើប្រាស់ដើម្បីបង់ថ្លៃសេវាកម្មផ្ទាល់ខ្លួនផងដែរ ដូចជា ការប្រឹក្សា ការមើលថែខាងវេជ្ជសាស្ត្រ ឬការបំពាក់បំប៉នវិជ្ជាជីវៈ ។
ជំនួយរបស់សាសនាចក្រគឺក្នុងគោលបំណងជួយទ្រទ្រង់ជីវិត—មិនមែនរក្សារបៀបរស់នៅនោះទេ ។ សមាជិកអាចត្រូវការការគាំទ្រ និងការយល់ចិត្ត នៅពេលពួកគេខិតខំកាត់បន្ថយ ឬលុបបំបាត់ចំណាយផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ពួកគេកាន់តែប្រសើរជាងមុន ។
ប៊ីស្សពគួរតែអនុវត្តសុភវិនិច្ឆ័យ ហើយស្វែងរកការណែនាំខាងវិញ្ញាណ នៅពេលពិចារណាពីចំនួន និងរយៈពេលនៃការផ្តល់ជំនួយ ។ ពួកគាត់គួរតែមានសេចក្តីអាណិតអាសូរ និងសប្បុរសធម៌ ប៉ុន្តែមិនបង្កើតការពឹងផ្អែកនោះទេ ។
២២.៤.៣
ផ្តល់ធនធាន ឬសេវាកម្មជាជាងសាច់ប្រាក់
ប្រសិនបើអាចធ្វើបាន ប៊ីស្សពគួរតែជៀសវាងការផ្តល់ប្រាក់ ។ ផ្ទុយទៅវិញ គាត់គួរតែប្រើដង្វាយតមអាហារ ឬការបញ្ជាទិញរបស់ប៊ីស្សព ដើម្បីផ្តល់ឲ្យសមាជិកនូវគ្រឿងទេស ឬសេវាកម្មនានា ។ សមាជិកអាចប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីបង់លើតម្រូវការទាំងឡាយដទៃទៀត ។
នៅពេលអ្វីៗទាំងនេះមិនគ្រប់គ្រាន់ ប៊ីស្សពអាចជួយដោយការប្រើប្រាស់ដង្វាយតមអាហារ ដើម្បីបង់ថ្លៃវិក្កយបត្រដែលចាំបាច់ ( សូមមើល ២២.៥ ) ។ ប្រសិនបើអាចធ្វើបាន ការទូទាត់ទាំងនេះគួរតែផ្ញើទៅកាន់អ្នកផ្តល់សេវាកម្មដោយផ្ទាល់ ( សូមមើល ២២.៥.៣ ) ។
២២.៤.៤
ការផ្ដល់ឱកាសធ្វើការងារ ឬការបម្រើ
ប៊ីស្សពអញ្ជើញជនទាំងឡាយណាដែលទទួលជំនួយឲ្យធ្វើការ ឬផ្តល់ការបម្រើដើម្បីពង្រីកសមត្ថភាពរបស់ពួកគេ ។ ការធ្វើបែបនេះជួយសមាជិកឲ្យមានស្មារតីនៃសេចក្តីថ្លៃថ្នូរ ។ វាក៏បង្កើនសមត្ថភាពរបស់ពួកគេដើម្បីធ្វើជាបុគ្គលដែលមានភាពខ្លួនទីពឹងខ្លួនផងដែរ ។ នៅទីកន្លែងដែលមាន JustServe វាអាចត្រូវបានប្រើដើម្បីកំណត់ពីឱកាសបម្រើនៅក្នុងសហគមន៍ ។
សមាជិកមួយចំនួនដែលមានវ័យចំណាស់ ឬពិការអាចផ្តល់ការងារ ឬការបម្រើដែលពួកគេអាចធ្វើបានដោយមានកម្រិត ។ ថ្នាក់ដឹកនាំគួរតែយល់ពីស្ថានភាពរបស់ពួកគេ និងជម្រើសផ្សេងទៀតដែលអនុញ្ញាតឲ្យពួកគេធ្វើអ្វីដែលពួកគេអាចធ្វើបាន តាមកាលៈទេសៈរបស់ពួកគេ ។
២២.៤.៥
រក្សាព័ត៌មានអំពីជំនួយរបស់សាសនាចក្រជាការសម្ងាត់
ប៊ីស្សព និងថ្នាក់ដឹកនាំវួដដទៃទៀតរក្សារាល់ព័ត៌មាន អំពីសមាជិកដែលអាចត្រូវការជំនួយរបស់សាសនាចក្រជាការសម្ងាត់ ។ ការណ៍នេះគឺដើម្បីការពារឯកជនភាពរបស់សមាជិក និងភាពថ្លៃថ្នូរ ។ ( សូមមើល ៣១.៣ ) ។
សមាជិកដែលទទួលជំនួយគួរតែស្គាល់ពីលក្ខណៈពិសិដ្ឋនៃដង្វាយតមអាហារ និងការបញ្ជាទិញរបស់ប៊ីស្សព ។ ពួកគេគួរតែចាត់ទុករាល់ជំនួយដែលពួកគេទទួលបានជាការសម្ងាត់ និងមានការគោរព ។
នៅពេលខ្លះ វាអាចមានអត្ថប្រយោជន៍ដែលក្រុមប្រឹក្សាវួដ ឬអ្នកដទៃទៀតដឹងអំពីតម្រូវការរបស់បុគ្គលម្នាក់ៗ ឬក្រុមគ្រួសារ ។ ឧទាហរណ៍ គឺនៅពេលដែលសមាជិកម្នាក់កំពុងស្វែងរកការងារធ្វើ ។ នៅក្នុងករណីទាំងនេះ ជាទូទៅប៊ីស្សព និងថ្នាក់ដឹកនាំដទៃទៀតសូមការអនុញ្ញាតពីសមាជិកពីមុនចែកចាយព័ត៌មានបែបនោះ ។
២២.៥
គោលនយោបាលសម្រាប់ការផ្ដល់ជំនួយរបស់សាសនាចក្រ
ថ្នាក់ដឹកនាំសាសនាចក្រគួរតែធ្វើតាមគោលនយោបាយដែលបានចែងនៅក្នុងវគ្គនេះ នៅពេលផ្តល់ជំនួយរបស់សាសនាចក្រតាមរយៈដង្វាយតមអាហារ ឬការបញ្ជាទិញរបស់ប៊ីស្សព សម្រាប់អាហារ និងសម្ភារចាំបាច់ផ្សេងទៀត ។
២២.៥.១
គោលនយោបាយស្តីពីអ្នកទទួលជំនួយរបស់សាសនាចក្រ
២២.៥.១.១
ជំនួយដល់សមាជិកវួដ
ជាទូទៅ សមាជិកដែលទទួលជំនួយរបស់សាសនាចក្រគួរតែរស់នៅក្នុងដែនសីមារបស់វួដ ហើយកំណត់ត្រាសមាជិកភាពរបស់ពួកគេគឺនៅក្នុងវួដនោះ ។ ជំនួយអាចផ្តល់ឲ្យដោយមិនគិតថា តើសមាជិកនេះចូលរួមការប្រជុំរបស់សាសនាចក្រទៀងទាត់ ឬធ្វើតាមបទដ្ឋានសាសនាចក្រឬអត់នោះទេ ។
ប្រសិនបើសមាជិកទើបប្តូរចូលវួដថ្មីៗ នោះប៊ីស្សពទាក់ទងទៅប៊ីស្សពមុនដើម្បីពិភាក្សាអំពីស្ថានភាពរបស់បុគ្គលនេះ ពីមុនផ្តល់ជំនួយ ។ ប៊ីស្សពក៏អាចពិនិត្យមើលរាល់ជំនួយដែលបានផ្តល់ឲ្យផងដែរ នៅអំឡុងបីឆ្នាំមុនដូចមានចែងនៅក្នុងផ្នែក « ហិរញ្ញវត្ថុ » នៃ ធ.ថ.ស ។
២២.៥.១.២
ជំនួយដល់ប៊ីស្សព និងប្រធានស្តេក
នៅពេលខ្លះ ប៊ីស្សព ឬសមាជិកនៃគ្រួសារគាត់ផ្ទាល់ ឬសាច់ញាតិរបស់គាត់ដែលរស់នៅក្នុងវួដនេះ ក៏អាចត្រូវការជំនួយផងដែរ ។ នៅពេលរឿងនេះកើតឡើង ប៊ីស្សពពិនិត្យមើលពីតម្រូវការ និងស្នើសុំជំនួយពីប្រធានស្តេក ។ ការចារអនុម័តរបស់ប្រធានស្តេកទាមទារឲ្យមាន ពីមុនប៊ីស្សពអាចប្រើប្រាស់ដង្វាយតមអាហារ ឬអនុម័តការបញ្ជាទិញរបស់ប៊ីស្សពសម្រាប់ខ្លួនគាត់ ឬគ្រួសាររបស់គាត់ ។
ប្រសិនបើមូលនិធិដង្វាយតមអាហារត្រូវបានប្រើប្រាស់ នោះប្រធានស្តេកពិនិត្យមើលវិក្កយបត្រ និងការចំណាយដទៃទៀត មុនពេលអនុញ្ញាតសម្រាប់ការចំណាយ ។ ប៊ីស្សពមិនអាចអនុម័តការទូទាត់ប្រាក់សម្រាប់ខ្លួនគាត់ ឬគ្រួសារគាត់បានឡើយ ។
នៅពេលប្រធានស្តេក ឬសមាជិកនៃគ្រួសារគាត់ផ្ទាល់ ឬសាច់ញាតិរបស់គាត់ដែលរស់នៅក្នុងវួដរបស់គាត់ត្រូវការជំនួយ នោះគាត់ទាក់ទងទៅប៊ីស្សព ។ ប៊ីស្សពធ្វើតាមគោលការណ៍ និងគោលការណ៍ណែនាំដូចគ្នា ស្តីពីជំនួយរបស់សាសនាចក្រដែលគាត់នឹងជួយដល់សមាជិកដទៃទៀតដែរ ។ ទោះជាយ៉ាងណាក្តី នៅពេលប៊ីស្សពបានអនុម័តសំណើនេះ នោះប្រធានស្តេកត្រូវតែបញ្ជូនសំណើនេះទៅកាន់គណៈប្រធានតំបន់ ។ ប្រធានស្តេក និងប៊ីស្សពរង់ចាំការចារអនុម័តមកពីសមាជិកនៃគណៈប្រធានតំបន់ពីមុនបន្តការទូទាត់ ឬការបញ្ជាទិញ ។
២២.៥.១.៣
ជំនួយដល់បុគ្គលដែលដើរត្រេចចរ ឬគ្មានផ្ទះសម្បែង
ប៊ីស្សពអាចជួយសមាជិក និងអ្នកដទៃទៀតដែលដើរត្រេចចរ ឬគ្មានផ្ទះសម្បែង ។ ទោះជាយ៉ាងណាក្តី ពួកគាត់ពិចារណាដោយយកចិត្តទុកដាក់នូវប្រភេទ និងចំនួននៃជំនួយដែលត្រូវផ្តល់ឲ្យ ។ ពួកគាត់ត្រូវបានលើកទឹកចិត្តឲ្យប្រឹក្សាជាមួយប៊ីស្សពវួដពីមុនរបស់បុគ្គលនេះពីមុនផ្តល់ជំនួយ ។
ជាទូទៅ ប៊ីស្សពអញ្ជើញសមាជិកដែលដើរត្រេចចរ ឬគ្មានផ្ទះសម្បែងដែលទទួលបានជំនួយនោះ ឲ្យទទួលយកឱកាសការងារ ឬការបម្រើ ។ ប៊ីស្សពក៏អាចបញ្ជូនសមាជិកទាំងនេះទៅកាន់ធនធានសហគមន៍ដែលត្រូវបានបំពាក់បំប៉ន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពួកគេផងដែរ ។
ដោយផ្អែកលើតម្រូវការ នោះប្រធានស្តេកអាចចាត់តាំងប៊ីស្សពម្នាក់ឲ្យគ្រប់គ្រងលើរាល់សំណើទាំងអស់ ដែលស្នើនៅក្នុងស្តេកមកពីជនដែលដើរត្រេចចរ ឬគ្មានផ្ទះសម្បែង ។ នៅតំបន់មួយចំនួន មានស្ដេកដែលមានចំនួនជនដែលដើរត្រេចចរ ឬគ្មានផ្ទះសម្បែងច្រើន ។ ក្នុងស្ថានភាពនោះ គណៈប្រធានតំបន់អាចហៅអ្នកផ្សព្វផ្សាយសាសនាផ្នែកសេវាកម្មម្នាក់ឲ្យគ្រប់គ្រងលើសំណើសម្រាប់ជំនួយរបស់ពួកគេ ។ បុគ្គលម្នាក់នេះគួរតែធ្លាប់បម្រើជាប៊ីស្សព ។
២២.៥.១.៤
ជំនួយសម្រាប់បុគ្គលដែលមិនមែនជាសមាជិកសាសនាចក្រ
បុគ្គលណាដែលមិនមែនជាសមាជិកសាសនាចក្រ ជាធម្មតាត្រូវបានបញ្ជូនឲ្យទៅកាន់ធនធាននានាក្នុងសហគមន៍មូលដ្ឋាន ប្រសិនបើត្រូវការជំនួយសុខុមាលភាព ។ នៅក្នុងកាលៈទេសៈដ៏កម្រ ដូចដែលបានណែនាំដោយព្រះវិញ្ញាណ នោះប៊ីស្សពអាចជួយពួកគេដោយប្រើដង្វាយតមអាហារ ឬការបញ្ជាទិញរបស់ប៊ីស្សព ។ ឧទាហរណ៍ ប៊ីស្សពអាចពិចារណាផ្ដល់ជំនួយដល់ឪពុកម្ដាយ ឬអ្នកមើលថែដែលមិនមែនជាសមាជិកសាសនាចក្រ ប៉ុន្តែមានកូនម្នាក់ ឬច្រើននាក់ដែលជាសមាជិក ។
២២.៥.២
គោលនយោបាយអំពីការប្រើប្រាស់ដង្វាយតមអាហារ
២២.៥.២.១
ការថែទាំផ្នែកវេជ្ជសាស្រ្ត ឬការថែទាំសុខភាពផ្សេងទៀត
តំបន់នីមួយៗក្នុងសាសនាចក្រមានការកំណត់លើការអនុម័តសម្រាប់ការប្រើប្រាស់ដង្វាយតមអាហារ ដើម្បីបង់ការចំណាយលើថ្លៃវេជ្ជសាស្ត្រ ទន្ដសាស្ដ្រ ឬសុខភាពផ្លូវចិត្ត ។ ការកំណត់ទាំងនេះត្រូវបានចេញអនុសាសន៍ដោយគណៈប្រធានតំបន់ ។ វាត្រូវបានអនុម័តដោយគណៈកម្មការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនរបស់សាសនាចក្រ ។ ការកំណត់ទាំងឡាយអាចខុសគ្នាតាមភូមិភាគ ឬប្រទេសនៅក្នុងតំបន់ ។
នៅពេលប៊ីស្សពប្រើដង្វាយតមអាហារដើម្បីជួយបង់ថ្លៃការថែទាំផ្នែកវេជ្ជសាស្ត្រ ទន្ដសាស្ដ្រ ឬសុខភាពផ្លូវចិត្ត នោះពួកគាត់មិនគួរបង់លើសពីការកំណត់ទាំងនេះដោយគ្មានការអនុម័តសមរម្យនោះឡើយ ។ សម្រាប់ចំនួនទឹកប្រាក់ និងគោលការណ៍ណែនាំអំពីការអនុម័ត សូមមើល « ការប្រើប្រាស់ដង្វាយតមអាហារសម្រាប់ការចំណាយផ្នែកវេជ្ជសាស្ត្រ » ។
២២.៥.២.២
បំណុលអ្នកប្រើប្រាស់ និងការដួលអាជីវកម្ម ឬការវិនិយោគ
ដង្វាយតមអាហារមិនអាចត្រូវបានប្រើប្រាស់សម្រាប់បង់ថ្លៃបំណុលអ្នកប្រើប្រាស់បានទេ ដូចជា ប័ណ្ណឥណទាន ឬកម្ចីផ្ទាល់ខ្លួនជាដើម ។ ហើយដង្វាយតមអាហារក៏មិនអាចប្រើដើម្បីបង់ប្រាក់ដែលជំពាក់ដោយសារតែការដួលអាជីវកម្ម ឬការវិនិយោគបានដែរ ។
២២.៥.២.៣
ការបង់សងដង្វាយតមអាហារ
សមាជិកមិនបង់សងជំនួយដង្វាយតមអាហារ ដែលពួកគេបានទទួលពីសាសនាចក្រឡើយ ។
២២.៥.២.៤
ចំនួនការចំណាយដង្វាយតមអាហារក្នុងវួដ
ប៊ីស្សពមិនតម្រូវឲ្យកំណត់ជំនួយដង្វាយតមអាហារសម្រាប់សមាជិកវួដទៅតាមចំនួនប្រាក់ដង្វាយដែលប្រមូលបាននៅក្នុងវួដនោះឡើយ ។
២២.៥.៣
គោលនយោបាយអំពីការបង់ប្រាក់
ប្រសិនបើអាចធ្វើបាន ការបង់ប្រាក់ទាំងឡាយគួរតែធ្វើឡើងដោយផ្ទាល់ទៅកាន់អាជីវកម្មដែលផ្គត់ផ្គង់សម្ភារ និងសេវាកម្មនោះ ។ ជាទូទៅ ការបង់ប្រាក់មិនត្រូវបានធ្វើឡើងទៅកាន់បុគ្គលដែលត្រូវការជំនួយឡើយ ។
សមាជិកក្នុងគណៈប៊ីស្សព និងស្មៀនធ្វើតាមនីតិវិធីហិរញ្ញវត្ថុដែលមានចែងនៅក្នុង ៣៤.៦.៧ នៅពេល ៖
-
រៀបចំមូលប្បទានបត្រ ។
-
រៀបចំការដកប្រាក់តាមអេឡិចត្រូនិច ។
-
ដកប្រាក់សម្រាប់ការបង់ថ្លៃដង្វាយតមអហារ ។
២២.៥.៤
គោលនយោបាយអំពីការបង់ប្រាក់ដែលនឹងជួយដល់ប៊ីស្សព ឬប្រធានស្ដេក
នៅពេលផ្ដល់ជំនួយតមអាហារដល់សមាជិក ប៊ីស្សពមិនអាចប្រើមូលនិធិនោះដើម្បីបង់ថ្លៃសម្ភារ ឬសេវាកម្មតាមរបៀបដែលទទួលបានអត្ថប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ។ ចំពោះករណីលើកលែងណាមួយត្រូវតែមានការអនុម័តពីប្រធានស្ដេក ។ ឧទាហរណ៍ ប្រសិនបើប៊ីស្សពមានផ្ទះជួលដែលមានសមាជិកម្នាក់ស្នាក់នៅទីនោះ នោះគាត់មិនអាចប្រើដង្វាយតមអាហារដើម្បីបង់ថ្លៃជួលផ្ទះសម្រាប់សមាជិកនោះបានទេ លើកលែងតែមានការអនុម័តមកពីប្រធានស្ដេកជាមុនសិន ។ គោលនយោបាយដូចគ្នានេះនឹងអនុវត្តដូចគ្នា ប្រសិនបើដង្វាយតមអាហារត្រូវបានប្រើដើម្បីទិញអាហារសម្រាប់សមាជិកមកពីហាងរបស់ប៊ីស្សព ។
ប្រសិនបើការបង់ប្រាក់ដង្វាយតមអាហារឲ្យសមាជិកនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រធានស្តេក ឬអាជីវកម្មដែលគាត់មាន នោះតម្រូវឲ្យមានការអនុម័តមកពីគណៈប្រធានតំបន់ ។ នៅពេលប៊ីស្សពអនុម័តលើការបង់ប្រាក់ដែលបានស្នើ នោះប្រធានស្ដេកបញ្ជូនសំណើនោះទៅកាន់គណៈប្រធានតំបន់ ។ ប្រធានស្តេក និងប៊ីស្សពរង់ចាំការចារអនុម័តមកពីសមាជិកនៃគណៈប្រធានតំបន់ពីមុនបន្តការទូទាត់ ។
២២.៥.៥
ការការពារនឹងការប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ
គណៈប៊ីស្សព និងស្មៀនគួរតែការពារមូលនិធិដង្វាយតមអាហារពីការប្រើប្រាស់មិនត្រឹមត្រូវ ។ សម្រាប់សំណួរ ឬដើម្បីរាយការណ៍ពីការបំពានលើជំនួយរបស់សាសនាចក្រ ឬការកេងបន្លំ នោះសមាជិកក្នុងគណៈប៊ីស្សព ឬស្មៀននៅក្នុងសហរដ្ឋអាមេរិក និងកាណាដាអាចទូរសព្ទទៅកាន់ផ្នែកជំនួយតាមលេខ ១-៨០០-៤៥៣-៣៨៦០ លេខខ្នែង ២-៧៨៨៧ ។ សមាជិកក្នុងគណៈប៊ីស្សព ឬស្មៀននៅក្រៅសហរដ្ឋអាមេរិក និងកាណាដាគួរតែទូរសព្ទទៅកាន់ការិយាល័យប្រចាំតំបន់របស់ពួកគាត់ ។
២២.៦
តួនាទីរបស់ថ្នាក់ដឹកនាំវួដ
២២.៦.១
ប៊ីស្សព និងទីប្រឹក្សារបស់គាត់
ប៊ីស្សពមានសិទ្ធិអំណាចដ៏ទេវភាពដើម្បីស្វែងរក និងមើលថែសមាជិកដែលមានសេចក្ដីត្រូវការខាងសាច់ឈាម ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១១២ ) ។ គាត់បែងចែកកិច្ចការនេះភាគច្រើនឲ្យទៅគណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ។ ទោះជាយ៉ាងណាក្ដី ក៏មាននូវភារកិច្ចជាក់លាក់ដែលមានតែប៊ីស្សពប៉ុណ្ណោះដែលអាចធ្វើបានដែរ ។ ឧទាហរណ៍ ប៊ីស្សព ៖
-
កំណត់ប្រភេទ ចំនួនទឹកប្រាក់ និងរយៈពេលនៃជំនួយខាងសាច់ឈាមដែលត្រូវផ្ដល់ឲ្យ ។
-
អនុម័តជំនួយដង្វាយតមអាហារ ( សូមមើល ២២.៤ និង ២២.៥ ) និងការបញ្ជាទិញអាហារ និងសម្ភារចាំបាច់ផ្សេងទៀតរបស់ប៊ីស្សព ( សូមមើល ២២.១៣ ) ។
-
ធ្វើឲ្យប្រាកដថា ត្រូវធ្វើតាមគោលការណ៍ និងគោលនយោបាយសម្រាប់ការផ្ដល់ជំនួយខាងសាច់ឈាម ។ ( សូមមើល ២២.៤, ២២.៥ និងវីដេអូ « Sacred Funds, Sacred Responsibilities » ) ។
-
ពិនិត្យមើលផែនការភាពខ្លួនទីពឹងខ្លួនរបស់សមាជិកដោយផ្ទាល់ ។ គាត់ចាត់ថ្នាក់ដឹកនាំផ្សេងទៀតក្នុងវួដដើម្បីតាមដានលើផែនការទាំងនេះ ប្រសិនបើចាំបាច់ ។ ( សូមមើល ផែនការខ្លួនទីពឹងខ្លួន និង មគ្គុទ្ទេសក៍របស់ប៊ីស្សពសម្រាប់ផែនការភាពខ្លួនទីពឹងខ្លួន ) ។
ប៊ីស្សព និងទីប្រឹក្សារបស់គាត់មានការទទួលខុសត្រូវដូចខាងក្រោម ៖
-
បង្រៀនពីគោលការណ៍ និងពរជ័យទាក់ទងនឹង ( ១ ) ការមើលថែសមាជិកដែលមានសេចក្ដីត្រូវការខាងសាច់ឈាម និងសតិអារម្មណ៍ និង ( ២ ) ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ( សូមមើល ២២.១ ) ។ ការណ៍នេះរួមមានទាំងការរៀបចំខ្លួនឯងផ្ទាល់ និងគ្រួសារ ។
-
បង្រៀនពីក្រឹត្យវិន័យតមអាហារ ហើយលើកទឹកចិត្តសមាជិកឲ្យបង់ដង្វាយតមអាហារដោយសប្បុរស ( សូមមើល ២២.២.២ ) ។
-
មើលខុសត្រូវលើការប្រមូល និងគណនេយ្យកិច្ចលើដង្វាយតមអាហារ ( សូមមើល ៣៤.៤.២ ) ។
ក្នុងនាមជាគណៈប្រធាននៃបព្វជិតភាពអើរ៉ុន គណៈប៊ីស្សពក៏ដឹកនាំការខិតខំប្រឹងប្រែងរបស់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារីដើម្បីបម្រើសមាជិកដែលមានតម្រូវការខាងសាច់ឈាមនៅក្នុងវួដ និងសហគមន៍ផងដែរ ( សូមមើល ១០.២.២ និង ១១.២.២ ) ។ កិច្ចការទាំងនេះត្រូវបានសម្របសម្រួលនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ ( សូមមើល ២២.៨ ) និងនៅក្នុងការប្រជុំគណៈប្រធានកូរ៉ុម និងគណៈប្រធានថ្នាក់ ( សូមមើល ១០.៤.៣ និង ១១.៣.៤.២ ) ។
២២.៦.២
គណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ
នៅក្រោមការដឹកនាំរបស់ប៊ីស្សព នោះគណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរមានតួនាទីដ៏សំខាន់មួយដើម្បីមើលថែដល់អ្នកខ្វះខាតនៅក្នុងវួដ ( សូមមើល ៨.២.២, ៩.២.២ ) ។ ថ្នាក់ដឹកនាំទាំងនេះបង្រៀនសមាជិកវួដឲ្យ ៖
-
ការធ្វើការងារបម្រើដល់អ្នកខ្វះខាត ។
-
រស់នៅតាមច្បាប់តមអាហារ ។
-
ស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
-
បង្កើនការរៀបចំខ្លួនឯងផ្ទាល់ និងគ្រួសារ ។
គណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរអនុវត្តតាមគន្លងដែលបានពិពណ៌នានៅក្នុង ២២.៣ នៅពេលពួកគាត់ជួយមើលថែជនទ័លក្រ ។
នៅទីតាំងមួយចំនួន ប៊ីស្សពមានជម្រើសដើម្បីផ្ដល់ដល់សមាជិកដែលទ័លក្រ ជាការបញ្ជាទិញរបស់ប៊ីស្សពនូវម្ហូបអាហារ និងសម្ភារដែលចាំបាច់ផ្សេងទៀត ( សូមមើល ២២.១៣ ) ។ ជាធម្មតា ប៊ីស្សពចាត់ឲ្យប្រធានសមាគមសង្រ្គោះទៅជួបនឹងសមាជិកទាំងនោះ ហើយបំពេញបែបបទការបញ្ជាទិញ ( សូមមើល ៩.២.២.២ ) ។ ទោះជាយ៉ាងណា គាត់ក៏អាចចាត់ប្រធានកូរ៉ុមអែលឌើរផងដែរ ( សូមមើល ៨.២.២.២ ) ។ ទីប្រឹក្សាម្នាក់នៅក្នុងគណៈប្រធានសមាគមសង្គ្រោះ ឬកូរ៉ុមអែលឌើរអាចត្រូវបានចាត់ ប្រសិនបើប្រធានជាប់រវល់ ។ ថ្នាក់ដឹកនាំដែលបានចាត់ដាក់នោះ បញ្ជូនបែបបទដែលបានបំពេញរួចទៅប៊ីស្សពដើម្បីសុំការអនុម័ត ។
២២.៦.៣
បងប្អូនប្រុស ឬបងប្អូនស្រីដែលធ្វើការងារបម្រើ
ជារឿយៗ ជំនួយសម្រាប់តម្រូវការខាងវិញ្ញាណ និងខាងសាច់ឈាមចាប់ផ្ដើមនឹងបងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើ ( សូមមើល ២១.១ ) ។ ពួកគាត់រាយការណ៍អំពីសេចក្តីត្រូវការរបស់អ្នកទាំងឡាយដែលពួកគាត់បម្រើទៅកាន់គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្រ្គោះរបស់ពួកគាត់ នៅក្នុងការសម្ភាសអំពីការផ្ដល់ការងារបម្រើ និងនៅពេលផ្សេងទៀត ។ ពួកគាត់អាចចែកចាយអំពីសេចក្ដីត្រូវការដែលមានលក្ខណៈសម្ងាត់ទៅកាន់ប៊ីស្សពដោយផ្ទាល់ ។
២២.៦.៤
អ្នកជំនាញខាងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន
គណៈប៊ីស្សពអាចហៅបុគ្គលម្នាក់ ឬស្វាមីភរិយាមួយគូឲ្យធ្វើជាអ្នកជំនាញខាងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនប្រចាំវួដបាន ។ អ្នកជំនាញទាំងនេះជួយថ្នាក់ដឹកនាំវួដនៅក្នុងកិច្ចការមើលថែមនុស្សដទៃ និងជួយពួកគេឲ្យប្រែក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួនកាន់តែខ្លាំងឡើង ។
អ្នកជំនាញអាចត្រូវបានចាត់ទៅលើផ្នែកជាក់លាក់ ។ ផ្នែកទាំងនេះអាចរួមមានដូចតទៅ ៖
-
ការងារ
-
ការអប់រំ
-
ការរៀបចំខ្លួន
-
សុខភាពផ្នែកសតិអារម្មណ៍
-
ហិរញ្ញវត្ថុផ្ទាល់ខ្លួន
-
ធនធានរបស់រដ្ឋាភិបាល និងសហគមន៍ក្នុងមូលដ្ឋានដែលជួយដល់ជនទ័លក្រ ( សូមមើល ២២.១២ )
គណៈប៊ីស្សពក៏អាចសូមឲ្យអ្នកជំនាញជួយសម្របសម្រួល ក្រុមភាពខ្លួនទីពឹងខ្លួន ផងដែរ ។ ជាទូទៅ ក្រុមទាំងនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាស្តេក ឬវួដ ។
២២.៦.៥
សេចក្ដីសង្ខេបអំពីការហៅ និងតួនាទី
តារាងខាងក្រោមនេះសង្ខេបពីការហៅ និងតួនាទីដែលបានពិភាក្សានៅក្នុង ២២.៦ ។
ការហៅ |
សួរសុខទុក្ខ និងវាយតម្លៃសេចក្ដីត្រូវការ |
បង្រៀនគោលការណ៍ភាពខ្លួនទីពឹងខ្លួន |
ជួយសមាជិកឲ្យធ្វើផែនការភាពខ្លួនទីពឹងខ្លួន |
អនុម័តជំនួយដង្វាយតមអាហារ ឬការបញ្ជាទិញរបស់ប៊ីស្សព |
---|---|---|---|---|
ការហៅ ប៊ីស្សព | សួរសុខទុក្ខ និងវាយតម្លៃសេចក្ដីត្រូវការ អាច ប៉ុន្តែជារឿយៗបែងចែក | បង្រៀនគោលការណ៍ភាពខ្លួនទីពឹងខ្លួន បាទ ឬចាស | ជួយសមាជិកឲ្យធ្វើផែនការភាពខ្លួនទីពឹងខ្លួន អាច ប៉ុន្តែជារឿយៗបែងចែក | អនុម័តជំនួយដង្វាយតមអាហារ ឬការបញ្ជាទិញរបស់ប៊ីស្សព បាទ ឬចាស |
ការហៅ គណៈប្រធានសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ | សួរសុខទុក្ខ និងវាយតម្លៃសេចក្ដីត្រូវការ បាទ ឬចាស | បង្រៀនគោលការណ៍ភាពខ្លួនទីពឹងខ្លួន បាទ ឬចាស | ជួយសមាជិកឲ្យធ្វើផែនការភាពខ្លួនទីពឹងខ្លួន ដូចដែលបានចាត់ | អនុម័តជំនួយដង្វាយតមអាហារ ឬការបញ្ជាទិញរបស់ប៊ីស្សព ទេ |
ការហៅ បងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើ | សួរសុខទុក្ខ និងវាយតម្លៃសេចក្ដីត្រូវការ បាទ ឬចាស | បង្រៀនគោលការណ៍ភាពខ្លួនទីពឹងខ្លួន បាទ ឬចាស | ជួយសមាជិកឲ្យធ្វើផែនការភាពខ្លួនទីពឹងខ្លួន ដូចដែលបានចាត់ | អនុម័តជំនួយដង្វាយតមអាហារ ឬការបញ្ជាទិញរបស់ប៊ីស្សព ទេ |
ការហៅ អ្នកជំនាញខាងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនប្រចាំវួដ ( បើបានហៅ ) | សួរសុខទុក្ខ និងវាយតម្លៃសេចក្ដីត្រូវការ ដូចដែលបានចាត់ | បង្រៀនគោលការណ៍ភាពខ្លួនទីពឹងខ្លួន ដូចដែលបានចាត់ | ជួយសមាជិកឲ្យធ្វើផែនការភាពខ្លួនទីពឹងខ្លួន ដូចដែលបានចាត់ | អនុម័តជំនួយដង្វាយតមអាហារ ឬការបញ្ជាទិញរបស់ប៊ីស្សព ទេ |
២២.៧
តួនាទីរបស់ក្រុមប្រឹក្សាវួដ
តួនាទីដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាវួដគឺត្រូវដាក់ផែនការពីរបៀបដើម្បីថែទាំដល់អ្នកដែលខ្វះខាត និងដើម្បីជួយពួកគេឲ្យប្រែក្លាយជាអ្នកដែលមានភាពខ្លួនទីពឹងខ្លួន ( សូមមើល ៧.៥.១ និង ៧.៦.២ ) ។ សមាជិកក្រុមប្រឹក្សាធ្វើតាមផែនការនេះ ដោយផ្អែកលើព័ត៌មានដែលបានមកពីការសម្ភាសអំពីការធ្វើការងារបម្រើ និងមកពីពួកគេការទាក់ទងដោយផ្ទាល់ជាមួយអ្នកដែលខ្វះខាតទាំងនោះ ។ ក្នុងការពិភាក្សាពីតម្រូវការរបស់សមាជិក ក្រុមប្រឹក្សាគោរពតាមបំំណងរបស់អស់អ្នកដែលធ្វើការស្នើសុំដោយសម្ងាត់ ។
កាលដែលក្រុមប្រឹក្សាវួដធ្វើការពិចារណាអំពីរបៀបដើម្បីថែទាំដល់អស់អ្នកដែលមានត្រូវការទាំងខាងសាច់ឈាម និងខាងសតិអារម្មណ៍ នោះពួកគាត់នឹងត្រូវធ្វើដូចខាងក្រោមនេះ ៖
-
ដាក់ផែនការពីវិធីបង្រៀនសមាជិកវួដពីរបៀបអនុវត្តតាមគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន ( សូមមើល ២២.១ ) ។ គោលការណ៍ទាំងនេះរួមមានទាំងការរៀបចំខ្លួនជាបុគ្គល និងជាក្រុមគ្រួសារ ។
-
ដាក់ផែនការពីវិធីដើម្បីជួយអស់អ្នកដែលមានតម្រូវការបន្ទាន់ ដូចជា គ្មានការងារធ្វើ និងអស់អ្នកដែលត្រូវការការថែទាំរយៈពេលវែង ដូចជា បញ្ហាសុខភាព ឬពិការភាព ។
-
ស្វែងរកសមាជិកវួដដែលមានជំនាញដែលអាចមានអត្ថប្រយោជន៍នៅក្នុងការឆ្លើយតបនឹងតម្រូវការបន្ទាន់ និងតម្រូវការរយៈពេលវែង ។
-
ស្វែងរកការងារដែលអាចមាន ឬការចាត់តាំងឲ្យបម្រើដល់អ្នកដែលទទួលជំនួយរបស់សាសនាចក្រ ។
-
ស្វែងរកសមាជិកដែលអាចទទួលអត្ថប្រយោជន៍ពីការចូលរួមនៅក្នុង ក្រុមភាពខ្លួនទីពឹងខ្លួន ។ ជាទូទៅ ក្រុមទាំងនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាស្តេក ឬវួដ ។
-
ស្វែងរកធនធានផ្សេងៗទៀតរបស់រដ្ឋាភិបាល សហគមន៍ ឬសាសនាចក្រ ( សូមមើល ២២.១២ និង ២២.១៣ ) ។
-
ដាក់ផែនការពីរបៀបដើម្បីធ្វើការបម្រើនៅក្នុងសហគមន៍ ។ នៅទីកន្លែងដែលមាន JustServe អាចត្រូវបានប្រើដើម្បីកំណត់ពីឱកាសបម្រើបែបនោះ ។
ក្រុមប្រឹក្សាវួដក៏ការរៀបចំផែនការជាលាយលក្ខណ៍អក្សរសាមញ្ញមួយ សម្រាប់ឲ្យវួដឆ្លើយតបចំពោះភាពអាសន្នផងដែរ ។ ផែនការនេះគួរតែសម្របសម្រួលជាមួយផែនការអាសន្នរបស់ស្តេកផងដែរ ( សូមមើល « ការត្រៀមខ្លួនរបស់ស្តេក និងវួដ »; សូមមើលផងដែរ ២២.៩.១.៣ នៅក្នុងក្បួនខ្នាតនេះ ) ។
អ្នកជំនាញផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនប្រចាំវួដ អាចត្រូវបានអញ្ជើញឲ្យចូលរួមការប្រជុំក្រុមប្រឹក្សាវួដ តាមការចាំបាច់ ។
២២.៨
តួនាទីរបស់ក្រុមប្រឹក្សាយុវវ័យវួដ
គោលបំណងមួយរបស់ក្រុមប្រឹក្សាយុវវ័យវួដគឺដើម្បីជួយយុវវ័យឲ្យក្លាយជាអ្នកដើរតាមដ៏បរិសុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ២៩.២.៩ ) ។ ការបម្រើដល់អ្នកដែលមានតម្រូវការខាងសាច់ឈាមមានសារៈសំខាន់ដើម្បីសម្រេចបានគោលបំណងនេះ ។ ក្នុងចំណោមមនុស្សដទៃទៀត អ្នកដែលអាចមានតម្រូវការខាងសាច់ឈាម អាចរួមមានអ្នកដែលមានវ័យចំណាស់ មានជំងឺ ឬពិការ ។
នៅក្រោមការដឹកនាំរបស់គណៈប៊ីស្សព ក្រុមប្រឹក្សាយុវវ័យវួដដាក់ផែនការពីរបៀបដើម្បីបម្រើដល់អ្នកដែលខ្វះខាតនៅក្នុងវួដ និងសហគមន៍របស់ពួកគេ ។ សកម្មភាពបម្រើជាក់លាក់មួយចំនួនអាចត្រូវបានដាក់ផែនការនៅអំឡុងការប្រជុំគណៈប្រធានកូរ៉ុម និងគណៈប្រធានថ្នាក់ ។ នៅកន្លែងដែលមាន JustServe វាអាចត្រូវបានប្រើដើម្បីកំណត់ពីឱកាសបម្រើនៅក្នុងសហគមន៍ ។
២២.៩
តួនាទីរបស់ថ្នាក់ដឹកនាំស្តេក
២២.៩.១
ប្រធានស្តេក និងទីប្រឹក្សារបស់គាត់
ប្រធានស្តេក និងទីប្រឹក្សារបស់គាត់ដឹកនាំកិច្ចប្រឹងប្រែងនៃការធ្វើការងារបម្រើដល់អស់អ្នកដែលមានសេចក្តីត្រូវការខាងសាច់ឈាម និងសតិអារម្មណ៍ ហើយនិងស្ថាបនាភាពខ្លួនទីពឹងខ្លួន ។ គណៈប្រធានសមាគមសង្រ្គោះស្តេក ទីប្រឹក្សាជាន់ខ្ពស់ និងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាស្តេកជួយដល់ពួកគាត់ ។
ប្រធានស្តេក និងទីប្រឹក្សារបស់គាត់មានទំនួលខុសត្រូវដូចខាងក្រោម ៖
-
បង្រៀនពីគោលការណ៍ និងពរជ័យទាក់ទងនឹង ( ១ ) ការមើលថែសមាជិកដែលមានសេចក្ដីត្រូវការខាងសាច់ឈាម និងសតិអារម្មណ៍ និង ( ២ ) ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ( សូមមើល ២២.១ ) ។ ការណ៍នេះរួមមានទាំងការរៀបចំខ្លួនឯងផ្ទាល់ និងគ្រួសារ ។
-
បង្រៀនពីក្រឹត្យវិន័យតមអាហារ ហើយលើកទឹកចិត្តសមាជិកឲ្យបង់ដង្វាយតមអាហារដោយសប្បុរស ( សូមមើល ២២.២.២ ) ។
-
បង្រៀនប៊ីស្សពពីរបៀបផ្តល់ជំនួយរបស់សាសនាចក្រឲ្យបានត្រឹមត្រូវចំពោះអស់អ្នកដែលមានតម្រូវការខាងសាច់ឈាម ( សូមមើល ២២.៩.១.១ ) ។
-
ធានាឲ្យបានថា ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្រ្គោះត្រូវបានបង្រៀនអំពីការទទួលខុសត្រូវរបស់ពួកគាត់ ចំពោះការមើលថែដល់អ្នកខ្វះខាត ។ ទីប្រឹក្សាជាន់ខ្ពស់ និងគណៈប្រធានសមាគមសង្រ្គោះស្តេកជួយណែនាំថ្នាក់ដឹកនាំវួដទាំងនេះតាមទំនួលខុសត្រូវរបស់ពួកគាត់ ( សូមមើល ២២.៩.២ និង ២២.៩.៣ ) ។
-
ដឹកនាំកិច្ចខិតខំរបស់ស្តេកក្នុងការរៀបចំ និងការឆ្លើយតបចំពោះភាពអាសន្ន ( សូមមើល ២២.៩.១.៣ ) ។
ប្រធានស្តេកក៏មានទំនួលខុសត្រូវដូចខាងក្រោមនេះដែរ ៖
-
ពិនិត្យមើលសំណើសុំដង្វាយតមអាហារសម្រាប់ចំណាយលើថ្លៃពេទ្យ ដែលលើសពីកម្រិតអនុម័តរបស់ប៊ីស្សព ។ ប្រធានស្តេកអាចអនុម័តលើសំណើសុំត្រឹមកម្រិតអនុម័តរបស់គាត់ ។ គាត់បញ្ជូនសំណើសុំលើសកម្រិតអនុម័តរបស់គាត់ទៅកាន់គណៈប្រធានតំបន់ដើម្បីធ្វើការពិចារណា ( សូមមើល ២២.៥.២.១ ) ។
-
ពិនិត្យមើលរាល់សំណើសុំជំនួយរបស់សាសនាចក្រសម្រាប់ប៊ីស្សព ( សូមមើល ២២.៥.១.២ ) ។
-
បម្រើជាប្រធានភ្នាក់ងារប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនស្តេក បើត្រូវបានចាត់តាំង ( សូមមើល ២២.៩.១.២ ) ។
គណៈប្រធានស្តេកអាចចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឬច្រើននាក់ដើម្បីជួយមើលខុសត្រូវលើកិច្ចប្រឹងប្រែងនៃការថែទាំដល់អស់អ្នកដែលមានតម្រូវការខាងសាច់ឈាមនៅក្នុងស្តេក ( សូមមើល ២២.៩.២ ) ។ គណៈប្រធានស្តេកក៏អាចហៅអ្នកជំនាញផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន ដើម្បីជួយគាំទ្រដល់កិច្ចខិតខំទាំងនេះផងដែរ ( សូមមើល ២២.៩.៤ ) ។
២២.៩.១.១
បង្រៀនប៊ីស្សពនូវគោលការណ៍នៃការផ្តល់ជំនួយរបស់សាសនាចក្រ
ប្រធានស្តេកធានាឲ្យបានថា ប៊ីស្សពកំពុងថែទាំដល់អ្នកដែលមានតម្រូវការខាងសាច់ឈាមនៅក្នុងវួដរបស់ពួកគាត់ ។ គាត់បង្រៀនប៊ីស្សពនូវគោលការណ៍ និងគោលនយោបាយសម្រាប់ការផ្តល់ជំនួយរបស់សាសនាចក្រ ( សូមមើល ២២.៤ និង ២២.៥ ) ។ នៅក្នុងការបង្រៀន គាត់ប្រើគំរូពិត និងជាក់ស្តែង ។
នៅពេលគាត់សម្ភាសប៊ីស្សព ប្រធានស្តេកពិនិត្យមើលការបង់ដង្វាយតមអាហារពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែរបស់វួដ ។ គាត់ក៏ពិភាក្សាជាមួយប៊ីស្សពផងដែរនូវគោលការណ៍ដែលគាត់ប្រើដើម្បីជួយសមាជិក ។ គាត់ប្រឹក្សាជាមួយប៊ីស្សពអំពីរាល់ការទូទាត់ ឬគំរូនៅក្នុងរបាយការណ៍ដែលអាចបង្ហាញនូវការយល់ខុសពីគោលការណ៍ត្រឹមត្រូវ ។
គោលការណ៍ និងការអនុវត្តសម្រាប់ការផ្តល់ជំនួយរបស់សាសនាចក្រក៏ត្រូវបានពិភាក្សាផងដែរនៅក្នុងក្រុមប្រឹក្សាប៊ីស្សពរបស់ស្តេក ( សូមមើល ២២.១១ ) ។
ប្រធានស្តេកធានាឲ្យបានថា ប៊ីស្សពម្នាក់ៗបានមើលវីដេអូបំពាក់បំប៉ន « Sacred Funds, Sacred Responsibilities » យ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយឆ្នាំ ។
២២.៩.១.២
បម្រើជាប្រធានភ្នាក់ងារប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនរបស់សាសនាចក្រប្រចាំស្ដេក
ប្រសិនបើវាអនុវត្ត គណៈប្រធានតំបន់ចាត់តាំងប្រធានភ្នាក់ងារស្តេក ចំពោះរាល់ការប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួននៅក្នុងតំបន់របស់ពួកគាត់ ។ ឧទាហរណ៍នៃប្រតិបត្តិការទាំងនេះរួមមានដូចខាងក្រោម ៖
-
ឃ្លាំងរបស់ប៊ីស្សព
-
ការិយាល័យសេវាកម្មគ្រួសារ
-
BYU–Pathway Worldwide
-
ហាង Deseret Industries
ប្រធានស្តេកដែលបានចាត់តាំងជួយស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីជួយគាំទ្រដល់តម្រូវការនៃប្រតិបត្តិការនេះ ។ ពួកអ្នកស្ម័គ្រចិត្តអាចចេញមកពីភ្នាក់ងារស្តេក និងស្តេកផ្សេងទៀតដែលបានទទួលប្រតិបត្តិការនេះ ។
ប្រធានភ្នាក់ងារស្តេកអាចរៀបចំគណៈកម្មការប្រតិបត្តិការភ្នាក់ងារស្តេក ដើម្បីមើលខុសត្រូវលើប្រតិបត្តិការនេះ ។ សមាជិកគណៈកម្មការរួមមានដូចខាងក្រោម ៖
-
ប្រធានស្ដេក ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់
-
ទីប្រឹក្សាជាន់ខ្ពស់ម្នាក់
-
សមាជិកម្នាក់នៃគណៈប្រធានសមាគមសង្រ្គោះ
-
អ្នកគ្រប់គ្រងប្រតិបត្តិការ
-
អ្នកជំនាញសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន តាមតម្រូវការ
២២.៩.១.៣
ឆ្លើយតបចំពោះភាពអាសន្ន
ប្រធានស្តេកមើលខុសត្រូវលើការឆ្លើយតបភាពអាសន្នរបស់សាសនាចក្រ និងការប្រាស្រ័យទាក់ទងជាមួយស្តេករបស់គាត់ ។ បើមានគ្រោះមហន្តរាយប៉ះពាល់ច្រើនជាងស្តេកមួយ នោះគណៈប្រធានតំបន់ ឬពួកចិតសិបនាក់ដែលបានចាត់តាំងអាចឆ្លើយតបដោយផ្ទាល់ ។ អ្នកគ្រប់គ្រងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនគាំទ្រដល់ថ្នាក់ដឹកនាំតំបន់ និងស្តេកនៅក្នុងកិច្ចប្រឹងប្រែងទាំងនេះ ។
ប្រធានស្តេកអាចហៅអ្នកជំនាញសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនឲ្យមើលខុសត្រូវលើមជ្ឈមណ្ឌលប្រតិបត្តិការភាពអាសន្ន គ្រប់គ្រងការប្រាស្រ័យទាក់ទង ឬដោះស្រាយកង្វល់ដោយសុវត្ថិភាព ។ ប្រសិនបើចាំបាច់ គណៈប្រធានតំបន់ ឬពួកចិតសិបនាក់ប្រចាំតំបន់ក៏អាចចាត់តាំងឲ្យមានអ្នកជំនាញទាំងនេះត្រឹមកម្រិតតំបន់ ឬកម្រិតសម្របសម្រួលក្រុមប្រឹក្សាបានផងដែរ ។
បងប្អូនប្រុស និងបងប្អូនស្រីដែលធ្វើការងារបម្រើរាយការណ៍ពីស្ថានភាព និងតម្រូវការរបស់សមាជិកទៅកាន់ថ្នាក់ដឹកនាំកូរ៉ុម និងថ្នាក់ដឹកនាំសមាគមសង្គ្រោះ ។ ថ្នាក់ដឹកនាំទាំងនេះរាយការណ៍ទៅកាន់ប៊ីស្សពដែលរាយការណ៍ទៅកាន់គណៈប្រធានស្តេកបន្ដទៀត ។
គណៈប្រធានស្តេករាយការណ៍ព័ត៌មានទៅកាន់ ( ១ ) គណៈប្រធានតំបន់ ឬពួកចិតសិបនាក់ដែលបានចាត់តាំង និង ( ២ ) អ្នកគ្រប់គ្រងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន ។ របាយការណ៍នេះរួមមានទាំងស្ថានភាពរបស់សមាជិក ពួកអ្នកផ្សព្វផ្សាយសាសនា បរិក្ខាររបស់សាសនាចក្រ និងសហគមន៍ ។ ប្រសិនបើសមាជិកសាសនាចក្រទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ នោះប៊ីស្សពអាចប្រើប្រាស់ដង្វាយតមអាហារដើម្បីបំពេញតម្រូវការមូលដ្ឋានបាន ។ ប៊ីស្សពធ្វើតាមគោលការណ៍ទាំងឡាយដែលមាននៅក្នុង ២២.៤ ។
ប្រធានស្តេកអនុម័តលើព័ត៌មានជាសាធារណៈ ដែលត្រូវបានផ្សាយក្នុងតំបន់ដោយសាសនាចក្រ ។ គាត់សម្របសម្រួលការងារនេះជាមួយនឹងនាយកផ្នែកទំនាក់ទំនងស្តេក ប្រសិនបើមានការហៅនេះ ( សូមមើល ៥.២.១.៧ ) ។ គាត់ធានាឲ្យបានថា ព័ត៌មានគឺត្រឹមត្រូវ និងទាន់ហេតុការណ៍ ។ គាត់ក៏បម្រើជាអ្នកនាំពាក្យរបស់សាសនាចក្រដើម្បីឆ្លើយតបនឹងសំណួរទាំងឡាយមកពីប្រព័ន្ធផ្សព្វផ្សាយផងដែរ ។ គាត់ក៏អាចចាត់តាំងនាយកផ្នែកទំនាក់ទំនងស្តេក ឬអ្នកនាំពាក្យដទៃទៀតឲ្យធ្វើកិច្ចការនេះបានដែរ ។ បើមានគ្រោះមហន្តរាយប៉ះពាល់ច្រើនជាងស្តេកមួយ នោះគណៈប្រធានតំបន់ ឬពួកចិតសិបនាក់ដែលបានចាត់តាំងអាចគ្រប់គ្រងទំនាក់ទំនងសាធារណៈបាន ។
ថ្នាក់ដឹកនាំរបស់សាសនាចក្រអាចចែកចាយធនធានរបស់សាសនាចក្រដែលមានដល់អាជ្ញាធរស៊ីវិល នៅអំឡុងពេលមានអាសន្ន ។ ដោយមានការអនុម័តមកពីគណៈប្រធានតំបន់ នោះអគារសាសនាចក្រ ( លើកលែងតែព្រះវិហារបរិសុទ្ធ ) អាចប្រើជាជម្រក ស្ថានីយ៍សង្រ្គោះបឋម ឬទីតាំងផ្តល់អាហារបាន ។ ការប្រើប្រាស់អគាររបស់សាសនាចក្រគួរតែសម្របសម្រួលជាមួយអ្នកគ្រប់គ្រងអគារដែលបានចាត់តាំង ។ ប្រសិនបើអង្គការសប្បុរសធម៌ ឬអង្គការក្នុងសហគមន៍ផ្សេងទៀតបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់អគារ នោះការប្រើប្រាស់នេះគួរតែមានចុះហត្ថលេខាជាលាយលក្ខណ៍អក្សរ ។ សូមមើល « Use of Church Buildings in a Disaster » សម្រាប់ព័ត៌មានបន្ថែម ។
ព័ត៌មានបន្ថែមមាននៅ « Emergency Response Procedures » ។
២២.៩.២
ទីប្រឹក្សាជាន់ខ្ពស់
ទីប្រឹក្សាជាន់ខ្ពស់ដែលត្រូវបានចាត់តាំងឲ្យទៅធ្វើការជាមួយកូរ៉ុមអែលឌើរនីមួយៗ គាំទ្រដល់គណៈប្រធានកូរ៉ុមនៅក្នុងទំនួលខុសត្រូវរបស់ពួកគាត់ ហើយជួយពួកគាត់ឲ្យស្ថាបនាភាពខ្លួនទីពឹងខ្លួន ( សូមមើល ២២.៦.២ ) ។
គណៈប្រធានស្តេកក៏អាចចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឬច្រើននាក់ឲ្យធ្វើកិច្ចការដូចខាងក្រោមនេះដែរ ៖
-
ជួយបង្រៀនពីតួនាទីរបស់អ្នកជំនាញសុខុមាលភាព និង ភាពខ្លួនទីពឹងខ្លួនស្តេក និងវួដ ប្រសិនបើអ្នកជំនាញត្រូវបានហៅ ( សូមមើល ២២.៩.៤ និង ២២.៦.៤ ) ។
-
សម្របសម្រួលកិច្ចប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្តសម្រាប់ប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន ។
-
បម្រើការជាមួយក្រុមការងារជំនាញដែលសម្របសម្រួលធនធានទាក់ទងនឹងភាពខ្លួនទីពឹងខ្លួន ឬការបម្រើក្នុងសហគមន៍ ( សូមមើល ២២.១០.២ ) ។
នៅក្នុងស្តេកដែលគាំទ្រដល់ប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន នោះទីប្រឹក្សាជាន់ខ្ពស់ម្នាក់អាចត្រូវបានសូមឲ្យបម្រើក្នុងគណៈកម្មការភ្នាក់ងារប្រតិបត្តិការស្តេក ( សូមមើល ២២.៩.១.២ ) ។
២២.៩.៣
គណៈប្រធានសមាគមសង្រ្គោះស្តេក
គណៈប្រធានសមាគមសង្រ្គោះស្តេកជួយដល់គណៈប្រធានសមាគមសង្រ្គោះវួដ នៅក្នុងទំនួលខុសត្រូវរបស់ពួកគាត់ក្នុងការថែទាំអស់អ្នកដែលខ្វះខាត និងជួយពួកគេឲ្យស្ថាបនាភាពខ្លួនទីពឹងខ្លួន ( សូមមើល ២២.៦.២ ) ។
សមាជិកនៃគណៈប្រធានសមាគមសង្រ្គោះស្តេក អាចត្រូវបានសូមឲ្យបម្រើជាមួយក្រុមការងារជំនាញដែលសម្របសម្រួលធនធានទាក់ទងនឹងភាពខ្លួនទីពឹងខ្លួន ឬការបម្រើក្នុងសហគមន៍ ( សូមមើល ២២.១០.២ ) ។ នៅក្នុងស្តេកដែលគាំទ្រដល់ប្រតិបត្តិការសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន នោះសមាជិកគណៈប្រធានក៏អាចត្រូវបានហៅឲ្យបម្រើក្នុងគណៈកម្មការភ្នាក់ងារប្រតិបត្តិការស្តេកផងដែរ ( សូមមើល ២២.៩.១.២ ) ។
២២.៩.៤
អ្នកជំនាញខាងសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនស្តេក
តាមតម្រូវការ គណៈប្រធានស្តេកអាចហៅបុគ្គលម្នាក់ៗ ឬស្វាមីភរិយាឲ្យធ្វើជាអ្នកជំនាញផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនស្ដេក ។ ពួកគេជួយដល់ថ្នាក់ដឹកនាំស្តេកនៅក្នុងកិច្ចប្រឹងប្រែងរបស់ពួកគាត់ដើម្បីមើលថែមនុស្សដទៃ និងជួយពួកគេឲ្យប្រែក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួនកាន់តែខ្លាំងឡើង ។
អ្នកជំនាញអាចត្រូវបានចាត់តាំងទៅផ្នែកជាក់លាក់មួយ ។ ឧទាហរណ៍ ពួកគាត់អាចត្រូវបានសូមឲ្យ ៖
-
ជួយសម្របសម្រួល ឬរៀបចំ ក្រុមភាពខ្លួនទីពឹងខ្លួន ឬ ក្រុមព្យាបាលការញៀន ។ ជាទូទៅ ក្រុមទាំងនេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាស្តេក ឬវួដ ។
-
ជួយសមាជិកឲ្យស្វែងរកការងារ ឬមានឱកាសទទួលការអប់រំ ។
-
ផ្តល់គំនិត និងធនធានដើម្បីជួយសមាជិកស្តេកឲ្យបង្កើនការរៀបចំខ្លួនខាងសាច់ឈាមរបស់ពួកគេ ( សូមមើល ២២.១.៤ ) ។
-
ជួយរៀបចំ ឬឆ្លើយតបចំពោះភាពអាសន្ន ( សូមមើល ២២.៩.១.៣ ) ។
-
ចែកចាយព័ត៌មានអំពីធនធានរបស់រដ្ឋាភិបាល សហគមន៍ និងសាសនាចក្រជាមួយសមាជិក ( សូមមើល ២២.១២ និង ២២.១៣ ) ។
អ្នកជំនាញស្តេកសម្របសម្រួលកិច្ចប្រឹងប្រែងជាមួយអ្នកជំនាញផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន ដែលអាចនឹងត្រូវបានហៅនៅក្នុងវួដ ។
២២.១០
តួនាទីរបស់ក្រុមប្រឹក្សាស្តេក
សមាជិកនៃក្រុមប្រឹក្សាស្តេកពិភាក្សាពីតម្រូវការរបស់សមាជិកស្តេក និងដាក់ផែនការពីរបៀបដើម្បីជួយសមាជិកឲ្យមានភាពខ្លួនទីពឹងខ្លួន ( សូមមើល ២៩.៣.៧ ) ។ ពួកគាត់ស្វែងរកធនធានដែលមាននៅក្នុងសហគមន៍ និងស្តេកដែលអាចជួយថ្នាក់ដឹកនាំវួដឲ្យមើលថែដល់តម្រូវការខាងសាច់ឈាម និងខាងសតិអារម្មណ៍នៃសមាជិករបស់ពួកគាត់ ( សូមមើល ២២.១២ និង ២២.១៣ ) ។ ពួកគាត់បង្កើត និងរក្សាផែនការសាមញ្ញៗដែលមានសរសេរជាលាយលក្ខណ៍អក្សរសម្រាប់ស្តេកដើម្បីឆ្លើយតបចំពោះភាពអាសន្ន ( សូមមើល « ការត្រៀមខ្លួនរបស់ស្តេក និងវួដ » ) ។ ក្រុមប្រឹក្សាស្តេកក៏អាចដាក់ផែនការពីរបៀបផ្តល់ការបម្រើនៅក្នុងសហគមន៍ផងដែរ ។
២២.១០.១
ធនធានដែលសម្របសម្រួលដោយស្តេក
ដោយផ្អែកលើលទ្ធភាពក្នុងមូលដ្ឋាន ក្រុមប្រឹក្សាស្តេកអាចទទួល ឬអនុវត្តធនធានដែលអាចជ្រើសរើសណាមួយដូចតទៅនេះបាន ។ ធនធានទាំងនេះអាចជួយសមាជិកស្តេកឲ្យស្ថាបនាភាពខ្លួនទីពឹងខ្លួន ឬចូលរួមនៅក្នុងការបម្រើក្នុងសហគមន៍បាន ។
-
ក្រុមភាពខ្លួនទីពឹងខ្លួនស្តីពី ការងារ, មុខរបរផ្ទាល់ខ្លួន, ការអប់រំ, ហិរញ្ញវត្ថុផ្ទាល់ខ្លួន, ឬ ភាពអត់ធ្មត់ខាងសតិអារម្មណ៍
-
JustServe ( មើលនៅ JustServe Community Service Guidebook )
-
បញ្ជីរាយនាមពីធនធានរបស់រដ្ឋាភិបាល និងសហគមន៍ក្នុងមូលដ្ឋានដែលជួយដល់ជនទ័លក្រ ( សូមមើល ២២.១២ សម្រាប់ឧទាហរណ៍ )
២២.១០.២
ក្រុមការងារជំនាញ
ដើម្បីជួយរៀបចំ និងគ្រប់គ្រងធនធានជម្រើស ដែលមានចែងនៅក្នុង ២២.១០.១ គណៈប្រធានស្តេកអាចតែងតាំងក្រុមការងារជំនាញបាន ដូចជាក្រុមការងារ JustServe ជាដើម ។ ក្រុមទាំងនេះអាចជាសមាជិកដែលបានជ្រើសរើសនៃក្រុមប្រឹក្សាស្តេក ឬគណៈកម្មការភាពជាអ្នកដឹកនាំមជ្ឈិមវ័យស្តេក ( សូមមើល ២៩.៣.៩ ) ។ ក្រុមទាំងនេះក៏អាចរួមមានអ្នកជំនាញដូចខាងក្រោមនេះផងដែរ ៖
-
អ្នកជំនាញសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួន ( សូមមើល ២២.៩.៤ )
-
នាយកទំនាក់ទំនងស្តេក ឬអ្នកជំនាញ JustServe ( សូមមើលនៅ JustServe Community Service Guidebook )
-
អ្នកផ្សេងៗទៀតតាមតម្រូវការ
២២.១១
តួនាទីនៃក្រុមប្រឹក្សាប៊ីស្សពរបស់ស្តេក
ក្រុមប្រឹក្សាប៊ីស្សពរបស់ស្តេកត្រូវបានបង្កើតឡើងដើម្បីប្រឹក្សាអំពីទំនួលខុសត្រូវទាក់ទងនឹងប៊ីស្សព ។ ក្រុមប្រឹក្សានេះធ្វើការពិភាក្សាជាប្រចាំអំពីគោលការណ៍នៃ ( ១ ) ការមើលថែសមាជិកដែលមានសេចក្ដីត្រូវការខាងសាច់ឈាម និងខាងសតិអារម្មណ៍ និង ( ២ ) ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ( សូមមើល ២៩.៣.៨ ) ។
សមាជិកក្រុមប្រឹក្សាត្រូវបានលើកទឹកចិត្តឲ្យ ៖
-
ផ្លាស់ប្តូរគំនិត បទពិសោធន៍ និងធនធាននានាដើម្បីជួយដល់តម្រូវការខាងសាច់ឈាម និងខាងសតិអារម្មណ៍របស់សមាជិក ។ ការណ៍នេះរួមទាំងធនធាននៅក្នុងសហគមន៍ផងដែរ ។ វាក៏រួមបញ្ចូលនូវគំនិតសម្រាប់ឱកាសកាងារ ឬការបម្រើឲ្យសមាជិកដែលទទួលជំនួយរបស់សាសនាចក្រធ្វើផងដែរ ។
-
ពិភាក្សាពីរបៀបដើម្បីលើកទឹកចិត្តសមាជិកឲ្យទទួលពរជ័យនៃការរស់នៅតាមក្រឹត្យវិន័យនៃការតមអាហារ និងការបរិច្ចាគដង្វាយតមអាហារ ។
ធនធានរបស់រដ្ឋាភិបាល សហគមន៍ និងសាសនាចក្រ
២២.១២
ធនធានរបស់រដ្ឋាភិបាល និងសហគមន៍
នៅតំបន់ជាច្រើន សមាជិកទទួលបានធនធានរបស់រដ្ឋាភិបាល ឬសហគមន៍ដែលជួយបំពេញតម្រូវការមូលដ្ឋាន ។ ធនធានទាំងនេះមានដូចជា ៖
-
ជំនួយផ្នែកថែទាំសុខភាព ។
-
ជំនួយផ្នែកអាហារ ។
-
ការបំពាក់បំប៉នការងារ និងសេវាកម្មរកការងារឲ្យធ្វើ ។
-
សេវាកម្មសុខភាពផ្លូវចិត្ត ។
-
កម្មវិធីអប់រំ ។
-
កម្មវិធីជំនួយសម្រាប់មនុស្សចាស់ ។
-
ជំនួយផ្នែកលំនៅដ្ឋាន ។
សមាជិកទាំងឡាយត្រូវបានលើកទឹកចិត្តឲ្យស្វែងរកធនធានទាំងនោះ ជាការបន្ថែមទៅលើធនធានដែលបានផ្តល់ឲ្យដោយសាសនាចក្រ ( សូមមើល ២២.១៣ ) ។
២២.១៣
ធនធានរបស់សាសនាចក្រ
តារាងខាងក្រោមមានរាយនាមធនធានរបស់សាសនាចក្រដែលអាចគាំទ្រដល់កិច្ចប្រឹងប្រែងរបស់សមាជិក ដើម្បីផ្គត់ផ្គង់តម្រូវការខាងសាច់ឈាម និងខាងសតិអារម្មណ៍របស់ពួកគេ ហើយនិងស្ថាបនាភាពខ្លួនទីពឹងខ្លួន ។ ឃ្លាំងរបស់ព្រះអម្ចាស់ ( សូមមើល ២២.២.១ ) និងដង្វាយតមអាហារ ( សូមមើល ២២.២.២ ) គឺមានសម្រាប់ប៊ីស្សពគ្រប់រូបគ្រប់វួដ ។ ធនធានដទៃទៀតដែលបានរាយនាមគឺជាជម្រើស និងផ្សេងៗគ្នាតាមទីកន្លែង ។
ប្រភេទ |
ធនធាននានា |
---|---|
ប្រភេទ តម្រូវការបន្ទាន់ | ធនធាននានា
* ការបញ្ជាទិញរបស់ប៊ីស្សពធ្វើឡើងតាមរយៈ « ការបញ្ជាទិញ និងការបញ្ជូនមនុស្សថ្មីរបស់ប៊ីស្សព » នៅក្នុង ធ.ថ.ស ។ |
ប្រភេទ ការអប់រំ និងការងារ | ធនធាននានា
|
ប្រភេទ សុខភាពផ្នែកសតិអារម្មណ៍ | ធនធាននានា
|
ប្រភេទ ការរៀបចំខ្លួនខាងសាច់ឈាម | ធនធាននានា
|
ប្រភេទ ការបម្រើក្នុងសហគមន៍ | ធនធាននានា |