« ២៦. ប័ណ្ណចូលព្រះវិហារបរិសុទ្ធ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ២៦. ប័ណ្ណចូលព្រះវិហារបរិសុទ្ធ » ក្បួនខ្នាតទូទៅ ។
២៦.
ប័ណ្ណចូលព្រះវិហារបរិសុទ្ធ
២៦.០
សេចក្តីផ្ដើម
ការចូលព្រះវិហារបរិសុទ្ធគឺជាឯកសិទ្ធិពិសិដ្ឋមួយ ។ ថ្នាក់ដឹកនាំវួដ និងស្ដេកលើកទឹកចិត្តសមាជិកគ្រប់រូបឲ្យមានភាពស័ក្ដិសមសម្រាប់ និងដើម្បីមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ទោះជាពួកគេមិនរស់នៅក្បែរព្រះវិហារបរិសុទ្ធក្ដី ។
ថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្រខិតខំយ៉ាងខ្លាំងដើម្បីប្រាកដថា សមាជិកដែលចូលព្រះវិហារបរិសុទ្ធមានភាពស័ក្ដិសមដើម្បីធ្វើដូច្នោះ ( សូមមើល ទំនុកដំកើង ២៤:៣–៥ ) ។ ថ្នាក់ដឹកនាំបព្វជិតភាពដែលមានសិទ្ធិអំណាច ធ្វើការសម្ភាសដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធដល់សមាជិកដែលឆ្លើយសំណួរសម្ភាសបានសមរម្យ ហើយស្មោះត្រង់ ( សូមមើល ២៦.៣ ) ។ ព្រះអម្ចាស់សន្យាថា ប្រសិនបើអ្នកដែលចូលព្រះវិហារបរិសុទ្ធមានភាពស្អាតស្អំ នោះវត្តមានរបស់ទ្រង់នឹងគង់នៅទីនោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១៥–១៦ ) ។
សមាជិកត្រូវតែមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពដើម្បីចូលព្រះវិហារបរិសុទ្ធបាន ។ កុមារទាំងឡាយដែលមានអាយុក្រោម ៨ ឆ្នាំ ដែលត្រូវផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយរបស់ពួកគេ ឬមើលការផ្សារភ្ជាប់នៃបងប្អូនប្រុសស្រីរបស់ពួកគេជាមួយនឹងឪពុកម្តាយរបស់ពួកគេ មិនចាំបាច់មានប័ណ្ណនោះទេ ( សូមមើល ២៦.៤.៤ ) ។
ជំពូកនេះផ្ដល់ការណែនាំសម្រាប់ថ្នាក់ដឹកនាំដែលចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ប៊ីស្សពពិគ្រោះជាមួយនឹងប្រធានស្តេករបស់គាត់ ប្រសិនបើគាត់មានសំណួរអំពីប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដែលមិនបានឆ្លើយនៅក្នុងជំពូកនេះ ។ ប្រធានស្តេកអាចនឹងទាក់ទងទៅការិយាល័យនៃគណៈប្រធានទីមួយបាន ប្រសិនបើគាត់មានសំណួរ ។
២៦.១
ប្រភេទប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពមួយ អនុញ្ញាតឲ្យសមាជិកអាចចូលទៅគ្រប់ព្រះវិហារបរិសុទ្ធទាំងអស់ ។ ថ្នាក់ដឹកនាំបព្វជិតភាពត្រូវប្រាកដថា សមាជិកទទួលបានប័ណ្ណត្រឹមត្រូវសម្រាប់ស្ថានភាពរបស់ពួកគេ ។ ប័ណ្ណមានបីប្រភេទ ៖
-
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកដែលមិនបានទទួលអំណោយទានពិសិដ្ឋ ។ ប័ណ្ណទាំងនេះគឺសម្រាប់សមាជិកដែលមិនបានទទួលអំណោយទានពិសិដ្ឋ ដែលត្រូវផ្សារភ្ជាប់ទៅនឹងឪពុកម្ដាយរបស់ពួកគេ ឬធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួស ។ វាត្រូវចេញឲ្យតាមរយៈ ធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ( ធ.ថ.ស. ) ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ២៦.៤ ។
-
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ ។ ប័ណ្ណទាំងនេះគឺសម្រាប់សមាជិកដែលទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ឬផ្សារភ្ជាប់ជាមួយស្វាមី ឬភរិយា ។ វាត្រូវចេញឲ្យនៅក្នុងសៀវភៅប័ណ្ណទី ២ ។ ប័ណ្ណដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ ត្រូវបានភ្ជាប់នឹងប័ណ្ណចូលព្រះវិហារបរិសុទ្ធធម្មតាសម្រាប់សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ( ពិពណ៌នានៅខាងក្រោម ) ។ ព្រះវិហារបរិសុទ្ធរក្សាទុកប័ណ្ណដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់អ្នកនៅរស់ ពេលពិធីបរិសុទ្ធត្រូវបានធ្វើឡើង ។ សមាជិករក្សាទុកប័ណ្ណធម្មតា ហើយប្រើវានៅពេលត្រឡប់ទៅព្រះវិហារបរិសុទ្ធវិញ ។
-
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួចហើយ ។ ប័ណ្ណទាំងនេះគឺសម្រាប់សមាជិកដែលបានធ្វើពិធីអំណោយទានពិសិដ្ឋរួចហើយកាលពីមុន ។ វាត្រូវចេញឲ្យតាមរយៈ ធ.ថ.ស. ។ ប័ណ្ណទាំងនេះផ្ដល់សិទ្ធិអនុញ្ញាតឲ្យសមាជិកចូលរួមនៅគ្រប់ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់មរណជន ។ វាក៏ត្រូវបានប្រើ ពេលសមាជិកម្នាក់ដែលទទួលអំណោយទានពិសិដ្ឋបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយ ឬកូនដែលនៅរស់ ឬស្លាប់ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល ២៦.៣ ។
២៦.២
ការថែរក្សាប័ណ្ណចូលព្រះវិហារបរិសុទ្ធ
២៦.២.១
ថ្នាក់ដឹកនាំបព្វជិតភាពថែរក្សាប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ថ្នាក់ដឹកនាំបព្វជិតភាពដែលត្រូវបានផ្ដល់សិទ្ធិអនុញ្ញាតឲ្យមានសៀវភៅប័ណ្ណចូលព្រះវិហារបរិសុទ្ធ គួរតែថែរក្សាសៀវភៅនេះដោយប្រុងប្រយ័ត្ន ។ គ្មានបុគ្គលណាទៀតដែលអាចមានសិទ្ធិទទួលសៀវភៅនេះបានទេ ។ នៅពេលសាសនាចក្រធ្វើបច្ចុប្បន្នភាពសៀវភៅប័ណ្ណចូលព្រះវិហារបរិសុទ្ធ ថ្នាក់ដឹកនាំត្រូវបំផ្លាញសៀវភៅដែលហួសបច្ចុប្បន្នភាពនោះចោល ។
ថ្នាក់ដឹកនាំបព្វជិតភាពក៏ធ្វើឲ្យប្រាកដផងដែរថា បុគ្គលដែលគ្មានសិទ្ធិអំណាចមិនត្រូវមានសិទ្ធិចូលប្រើប្រាស់ព័ត៌មានអំពីប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅលើ ធ.ថ.ស. នោះទេ ។
២៦.២.២
ការបំផ្លាញចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលហួសកំណត់
សមាជិកគណៈប្រធានស្តេក និងបេសកកម្មស្នើយកប័ណ្ណចូលព្រះវិហារបរិសុទ្ធចាស់មកវិញ នៅពេលពួកលោកសម្ភាសសមាជិក ដើម្បីទទួលបានប័ណ្ណថ្មី ។ ពួកគាត់បំផ្លាញប័ណ្ណចាស់នោះចោល ។
២៦.២.៣
ប័ណ្ណដែលបានបាត់ ឬត្រូវគេលួច
ប៊ីស្សពសូមឲ្យសមាជិកជូនដំណឹងដល់គាត់ភ្លាមៗ ប្រសិនបើមានការបាត់ប័ណ្ណ ឬមានគេលួចប័ណ្ណរបស់ពួកគេ ។ គាត់ ឬទីប្រឹក្សាដែលបានចាត់តាំងម្នាក់ ឬស្មៀនប្រើ ធ.ថ.ស. ដើម្បីលុបចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធនោះឲ្យបានឆាប់តាមដែលអាចធ្វើបាន ។ ប្រសិនបើពុំមានប្រព័ន្ធនេះប្រើទេ ប៊ីស្សពទាក់ទងទៅការិយាល័យព្រះវិហារបរិសុទ្ធ ដើម្បីឲ្យធ្វើការលុបចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធនេះ ។
ភ្លាមៗក្រោយពីការលុបចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលបានបាត់ ឬត្រូវគេលួចហើយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ដឹកនាំការសម្ភាសដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធជាមួយសមាជិករូបនេះ ដើម្បីចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធថ្មីឲ្យ ។
២៦.២.៤
អ្នកកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលពុំរស់នៅតាមបទដ្ឋាននៃភាពស័ក្តិសម
ប្រសិនបើប៊ីស្សពកំណត់ថា សមាជិកដែលមានប័ណ្ណមានសុពលភាព ពុំរស់នៅតាមបទដ្ឋាននៃភាពស័ក្តិសមទេ ( សូមមើល ២៦.៣ ) នោះគាត់អាចសូមដកយកប័ណ្ណពីសមាជិកនោះវិញបាន ។ គាត់ប្រើ ធ.ថ.ស. ដើម្បីលុបចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធនោះ ។ ប្រសិនបើពុំមានប្រព័ន្ធនេះប្រើទេ ប៊ីស្សពទាក់ទងទៅការិយាល័យព្រះវិហារបរិសុទ្ធ ដើម្បីឲ្យធ្វើការលុបចោលប័ណ្ណចូលព្រះវិហារបរិសុទ្ធនេះ ។
២៦.៣
គោលការណ៍ណែនាំទូទៅសម្រាប់ការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ
ថ្នាក់ដឹកនាំបព្វជិតភាពដែលមានសិទ្ធិអំណាចដឹកនាំការសម្ភាស ពីមុនសមាជិកអាចទទួលបានប័ណ្ណចូលព្រះវិហារបិរសុទ្ធ ។ សេចក្ដីណែនាំទាំងឡាយគឺមាននៅលើ ធ.ថ.ស. ។ ថ្នាក់ដឹកនាំបព្វជិតភាពគួរតែចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យតែសមាជិក ដែលឆ្លើយសំណួរទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធបានត្រឹមត្រូវប៉ុណ្ណោះ ។
ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធអនុញ្ញាតឲ្យសមាជិកបង្ហាញថា ពួកគេមានទីបន្ទាល់ និងកំពុងព្យាយាមគោរពតាមបទបញ្ញត្តិរបស់ព្រះ និងធ្វើតាមព្យាការីរបស់ទ្រង់ ។ ថ្នាក់ដឹកនាំបព្វជិតភាពក៏បញ្ជាក់តាមរយៈការសម្ភាសនេះដែរថា សមាជិកនេះមានភាពស័ក្តិសម ។
ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធមិនគួរធ្វើឡើងដោយប្រញាប់ប្រញាល់នោះទេ ។ ការសម្ភាសនេះគួរតែមានឯកជនភាព ។ ប៉ុន្ដែបុគ្គលដែលទទួលកិច្ចសម្ភាសនោះ អាចអញ្ជើញឲ្យមជ្ឈិមវ័យម្នាក់ទៀតមានវត្តមានបាន ។ យុវវ័យអាចអញ្ជើញឪពុក ឬម្តាយ ឬមជ្ឈិមវ័យម្នាក់ទៀតឲ្យមានវត្តមាននៅអំឡុងការសម្ភាសដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធបាន ។
ថ្នាក់ដឹកនាំបព្វជិតភាពមិនគួរបន្ថែមនូវលក្ខខណ្ឌណាមួយទៀតចំពោះអ្វីទាំងឡាយ ដែលបានចែងនៅក្នុងសៀវភៅប័ណ្ណចូលព្រះវិហារបរិសុទ្ធនោះឡើយ ។ ពួកគាត់ក៏មិនត្រូវដកលក្ខខណ្ឌណាមួយចេញដែរ ។ ទោះជាយ៉ាងណាក្តី នៅពេលចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធដល់យុវវ័យ ថ្នាក់ដឹកនាំបត់បែនសំណួរទៅតាមអាយុ និងកាលៈទេសៈរបស់យុវវ័យនោះ ។
នៅពេលខ្លះ សមាជិកមានសំណួរនៅអំឡុងពេលធ្វើការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ថ្នាក់ដឹកនាំបព្វជិតភាពអាចពន្យល់ពីគោលការណ៍ដំណឹងល្អគ្រឹះៗ ។ គាត់ក៏អាចជួយសមាជិកឲ្យយល់ពីសំណួរសម្ភាស ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធផងដែរ បើចាំបាច់ ។ ទោះជាយ៉ាណាក៏ដោយ គាត់មិនគួរបង្ហាញជំនឿ ចំណង់ចំណូលចិត្ត ឬការបកស្រាយផ្ទាល់ខ្លួនរបស់គាត់ថាជាគោលលទ្ធិ ឬគោលនយោបាយរបស់សាសនាចក្រនោះឡើយ ។
នៅក្នុងស្តេក សមាជិកមួយរូបនៃគណៈប្រធានស្តេក ឬស្មៀនស្តេកធ្វើប័ណ្ណចូលព្រះវិហារបរិសុទ្ធឲ្យសកម្មនៅក្នុង ធ.ថ.ស. បន្ទាប់ពីបានចេញប័ណ្ណហើយ ។ នៅក្នុងមណ្ឌល សមាជិកមួយរូបនៃគណៈប្រធានបេសកកម្ម ឬស្មៀនបេសកកម្មធ្វើឲ្យប័ណ្ណនេះឲ្យសកម្ម ។ ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសត្រូវបានធ្វើឲ្យសកម្ម នៅពេលសមាជិកនៃគណៈប៊ីស្សព ឬប្រធានសាខាបានបោះពុម្ពប័ណ្ណនេះចេញ ។ គាត់ប្រើ ធ.ថ.ស. ដើម្បីបោះពុម្ពប័ណ្ណនេះ ។
២៦.៣.១
ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកនៅក្នុងវួដ និងក្នុងសាខា
នៅក្នុងវួដ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងដឹកនាំការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ហើយចេញប័ណ្ណទៅឲ្យសមាជិកដែលមានភាពស័ក្តិសម ។ នៅក្នុងសាខា មានតែប្រធានសាខាប៉ុណ្ណោះដែលដឹកនាំការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងចេញប័ណ្ណបាន ។
នៅក្នុងវួដ ប៊ីស្សពធ្វើការសម្ភាសដោយផ្ទាល់ជាមួយសមាជិកដែល ៖
-
ទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ( សូមមើល ២៧.១ និង ២៧.២ ) ។
-
ផ្សារភ្ជាប់ទៅនឹងស្វាមី ឬភរិយា ( សូមមើល ២៧.៣ ) ។
នៅក្នុងករណីបន្ទាន់ នៅពេលប៊ីស្សពអវត្តមាន នោះលោកអាចផ្តល់សិទ្ធិអនុញ្ញាតឲ្យទីប្រឹក្សាម្នាក់របស់លោកដឹកនាំការសម្ភាសនេះ ។
នៅក្នុងវួដដែលមានយុវមជ្ឈិមវ័យនៅលីវច្រើន ប៊ីស្សពអាចផ្តល់សិទ្ធិអនុញ្ញាតឲ្យទីប្រឹក្សាដែលមានបទពិសោធន៍ដឹកនាំការសម្ភាសទាំងនេះបាន ។
មុនពេលចេញប័ណ្ណឲ្យតាមស្ថានភាពណាមួយដូចបានរៀបរាប់ខាងលើ ប៊ីស្សពពិនិត្យមើលកំណត់ត្រារបស់សមាជិកដើម្បីផ្ទៀងផ្ទាត់ថា វាមិនមានការចារអំពីការដាក់កំហិតសមាជិកភាពឡើយ ។ សម្រាប់សមាជិកដែលទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ឬផ្សារភ្ជាប់ជាមួយស្វាមី ឬភរិយា នោះប៊ីស្សពក៏ត្រូវធានាឲ្យបានដែរថា ៖
-
ពិធីបុណជ្រមុជទឹក និងពិធីបញ្ជាក់របស់បុគ្គលនេះត្រូវបានកត់ត្រានៅលើកំណត់ត្រាសមាជិកភាពហើយ ។
-
បងប្អូនប្រុសបានទទួលបព្វជិតភាពមិលគីស្សាដែកហើយ ។
នៅពេលខ្លះ កាលបរិច្ឆេទពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ឬការតែងតាំងបព្វជិតភាពមិលគីស្សាដែករបស់សមាជិកមិនបានកត់ត្រាឡើយ ។ នៅក្នុងស្ថានភាពទាំងនេះ ពិធីបរិសុទ្ធត្រូវតែផ្ទៀងផ្ទាត់ និងកត់ត្រា ផ្តល់សច្ចាប័ន ឬធ្វើឡើងវិញម្តងទៀត ( សូមមើល ៣៨.២.៦ ) ។
បន្ទាប់ពីការសម្ភាសដោយសមាជិកមួយរូបនៃគណៈប៊ីស្សព ឬដោយប្រធានសាខាហើយ សមាជិកមួយរូបនៃគណៈប្រធានស្តេកសម្ភាសសមាជិកដែលរស់នៅក្នុងស្តេក ។ គាត់ចុះហត្ថលេខាលើប័ណ្ណរបស់សមាជិកដែលមានភាពស័ក្តិសម ។ សមាជិកនៃគណៈប្រធានបេសកកម្មដឹកនាំការសម្ភាសជាលើកទីពីរសម្រាប់សមាជិកដែលរស់នៅក្នុងមណ្ឌល ។ គាត់ក៏ចុះហត្ថលេខាលើប័ណ្ណរបស់សមាជិកដែលមានភាពស័ក្តិមផងដែរ ។ ប្រធានមណ្ឌលពុំដឹកនាំការសម្ភាសប័ណ្ណចូលព្រះវិហារបរិសុទ្ធឡើយ លើកលែងតែគណៈប្រធានទីមួយអនុញ្ញាតឲ្យ ។
ប្រធានស្តេក ឬប្រធានបេសកកម្មធ្វើការសម្ភាសដោយផ្ទាល់ជាមួយសមាជិកដែល ៖
-
ទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ។
-
ផ្សារភ្ជាប់ទៅនឹងស្វាមី ឬភរិយា ។
ប្រសិនបើប្រធានស្តេកអវត្តមាន នោះលោកអាចអនុញ្ញាតឲ្យទីប្រឹក្សាម្នាក់របស់គាត់ឲ្យដឹកនាំការសម្ភាសនេះបាន ។
ប្រធានបេសកកម្មអាចអនុញ្ញាតឲ្យទីប្រឹក្សារបស់គាត់ដឹកនាំការសម្ភាសទាំងនេះបានតាមការចាំបាច់ ។
នៅក្នុងវួដដែលមានយុវមជ្ឈិមវ័យនៅលីវច្រើន ប្រធានស្តេកអាចផ្តល់សិទ្ធិឲ្យទីប្រឹក្សារបស់គាត់ដឹកនាំការសម្ភាសទាំងនេះបាន ។
២៦.៣.២
ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកដែលនៅតំបន់ឆ្ងាយ
សមាជិកមួយចំនួនរស់នៅតំបន់ដែលតម្រូវឲ្យមានការចំណាយលើការធ្វើដំណើរយ៉ាងច្រើន ឬមានភាពពិបាកខ្លាំង ដើម្បីឲ្យសមាជិកទៅជួបនឹងសមាជិកមួយរូបនៃគណៈប្រធានស្តេក ឬគណៈប្រធានបេសកកម្ម ។ នៅក្នុងស្ថានភាពទាំងនេះ ប្រធានព្រះវិហារបរិសុទ្ធអាចសម្ភាសបុគ្គលរូបនេះ ហើយចុះហត្ថលេខាលើប័ណ្ណនោះ ។ ពីមុនដឹកនាំការសម្ភាស គាត់ពិភាក្សាជាមួយនឹងប្រធានស្តេក ឬប្រធានបេសកកម្មជាមុនសិន ។ ប៊ីស្សព ទីប្រឹក្សាដែលទទួលសិទ្ធិអនុញ្ញាត ឬប្រធានសាខាគួរតែបានសម្ភាសសមាជិកនោះ ហើយចុះហត្ថលេខាលើប័ណ្ណរួចហើយ ។
គោលនយោបាយនេះក៏អនុវត្តចំពោះសមាជិកនៅក្នុងយោធាដែលស្ថិតនៅតំបន់ដាច់ស្រយាលផងដែរ ។ ដំបូងពួកគេគួរតែជួបសម្ភាសជាមួយប៊ីស្សពនៃវួដកំណើតរបស់ពួកគេ ឬអង្គភាពដែលគាំទ្រតំបន់ភារកិច្ចរបស់ពួកគេជាមុនសិន ។
២៦.៤
ការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធដល់សមាជិកដែលមិនទាន់ទទួលបានអំណោយទានពិសិដ្ឋ
២៦.៤.១
សេចក្តីណែនាំទូទៅ
នៅក្នុងវួដ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំងសម្ភាសសមាជិកដែលមិនទាន់ទទួលបានអំណោយទានពិសិដ្ឋ ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ នៅក្នុងសាខា មានតែប្រធានសាខាប៉ុណ្ណោះដែលដឹកនាំការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ថ្នាក់ដឹកនាំធ្វើតាមគោលការណ៍ណែនាំនៅក្នុង ២៦.៣ ។ គាត់ចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ ប្រសិនបើសមាជិករូបនេះមានភាពស័ក្តិសម ។
ប័ណ្ណចូលព្រះវិហារបរិសុទ្ធនឹងចេញឲ្យសមាជិកដែលមិនបានទទួលអំណោយទានពិសិដ្ឋ ដូចខាងក្រោម ៖
-
សម្រាប់សមាជិកអាយុ ១១ ឆ្នាំឡើងទៅ ដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជន ។ ( យុវនារី និងយុវជនដែលបានតែងតាំងនឹងអាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅដើមខែមករានៃឆ្នាំដែលពួកគេឈានចូលអាយុ ១២ ឆ្នាំ ) ។
-
សម្រាប់សមាជិកអាយុចាប់ពី ៨ ឆ្នាំរហូតដល់ ២០ ឆ្នាំ ដើម្បីធ្វើការផ្សារភ្ជាប់ជាមួយនឹងឪពុកម្តាយរបស់ពួកគេ ។ កុមារអាយុក្រោម ៨ ឆ្នាំពុំត្រូវការប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់ពួកគេទេ ( សូមមើល ២៦.៤.៤ ) ។
-
សម្រាប់សមាជិកអាយុចាប់ពី ៨ ឆ្នាំរហូតដល់ ២០ ឆ្នាំ ដើម្បីមើលការផ្សារភ្ជាប់នៃបងប្អូនបង្កើត បងប្អូនចុង ឬបងប្អូនដែលមានឪពុក ឬម្តាយទីទៃពីគ្នាដែលនៅរស់ទៅនឹងឪពុកម្តាយរបស់ពួកគេ ។
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋពីមុនមក ពុំត្រូវបានចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធដូចដែលបានពន្យល់នៅក្នុងវគ្គនេះទេ ។
សមាជិកសាសនាចក្របុរសដែលមានអាយុគ្រប់គ្រាន់ដើម្បីកាន់បព្វជិតភាព ត្រូវតែមានការតែងតាំងតំណែងមួយក្នុងបព្វជិតភាព ពីមុនគាត់អាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
នៅពេលចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ សមាជិកមួយរូបនៃគណៈប៊ីស្សព ឬប្រធានសាខាធ្វើការសម្ភាសបុគ្គលនោះដាច់ដោយឡែក ។ ទោះជាយ៉ាងណាក្តី សមាជិករូបនេះអាចអញ្ជើញឪពុក ឬម្តាយ ឬមជ្ឈិមវ័យម្នាក់ទៀតឲ្យមានវត្តមានបាន ។
២៦.៤.២
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកដែលទើបទទួលបុណ្យជ្រមុជទឹកថ្មី
ប៊ីស្សពសម្ភាសសមាជិកថ្មី ដែលគ្រប់អាយុដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសតែប៉ុណ្ណោះ ។ គាត់ធ្វើការសម្ភាសនេះភ្លាមៗ បន្ទាប់ពីពិធីបញ្ជាក់របស់សមាជិក ជាធម្មតាក្នុងពេលមួយសប្ដាហ៍ ( សូមមើល ២៦.៤.១ ) ។ សម្រាប់បងប្អូនប្រុសវិញ ការសម្ភាសនេះគួរតែធ្វើឡើងជាមួយនឹងការសម្ភាសទទួលបព្វជិតភាពអើរ៉ុន ។ សមាជិកសាសនាចក្របុរសត្រូវតែបានតែងតាំងក្នុងតំណែងបព្វជិតភាព ពីមុនទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
សមាជិកមជ្ឈិមវ័យដែលមានភាពស័ក្តិសមអាចទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ បន្ទាប់ពីបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រមួយឆ្នាំពេញ ( សូមមើល ២៧.២.១.១ ) ។
២៦.៤.៣
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសតែប៉ុណ្ណោះ
ប័ណ្ណចូលព្រះវិហារបរិសុទ្ធ ដែលត្រូវបានចេញសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួស អាចត្រូវបានប្រើប្រាស់សម្រាប់តែគោលបំណងនោះប៉ុណ្ណោះ ។ ប័ណ្ណទាំងនេះត្រូវប្រើ ធ.ថ.ស. ដើម្បីបោះពុម្ព ។ ប័ណ្ណទាំងនេះត្រូវការតែហត្ថលេខារបស់សមាជិកសាមីខ្លួន និងហត្ថលេខារបស់សមាជិកម្នាក់នៃគណៈប៊ីស្សព ឬប្រធានសាខាតែប៉ុណ្ណោះ ។
សម្រាប់ព័ត៌មានអំពីកាលវិភាគពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់សម្រាប់មរណជន សូមមើល ២៨.២.១ ។
២៦.៤.៤
ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ការផ្សារភ្ជាប់កូនៗដែលនៅរស់ទៅនឹងឪពុកម្តាយ
សមាជិកដែលមិនទាន់បានទទួលអំណោយទានពិសិដ្ឋ ដែលមានអាយុចាប់ពី ៨ ឆ្នាំរហូតដល់ ២០ ឆ្នាំ ត្រូវបានចេញឲ្យនូវប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីចូលរួមក្នុងការផ្សារភ្ជាប់ ដូចខាងក្រោម ៖
-
ផ្សារភ្ជាប់ជាមួយឪពុកម្តាយរបស់ពួកគេ
-
មើលការផ្សារភ្ជាប់នៃបងប្អូនបង្កើត បងប្អូនចុង ឬបងប្អូនដែលមានឪពុក ឬម្តាយទីទៃពីគ្នា ដែលនៅរស់ ទៅនឹងឪពុកម្តាយរបស់ពួកគេ
អ្នកដែលត្រូវទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីចូលរួមនៅក្នុងការផ្សារភ្ជាប់ ត្រូវបានសម្ភាសដោយសមាជិកម្នាក់នៃគណៈប៊ីស្សព ឬប្រធានសាខា ។ ពួកគេក៏ទទួលការសម្ភាសដោយសមាជិកមួយរូបនៃគណៈប្រធានស្តេក ឬគណៈប្រធានបេសកកម្មផងដែរ ។
សមាជិកម្នាក់នៃគណៈប៊ីស្សព ឬប្រធានសាខាបោះពុម្ពប័ណ្ណចូលព្រះវិហារបរិសុទ្ធទាំងនេះដោយប្រើ ធ.ថ.ស. ។ ប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ការផ្សារភ្ជាប់ អាចត្រូវបានចេញឲ្យសម្រាប់កូនម្នាក់ៗ ឬជាក្រុមសម្រាប់កូនៗនៅក្នុងគ្រួសារតែមួយ ។ ប័ណ្ណដដែលនោះអាចត្រូវបានប្រើដើម្បីសរសេរឈ្មោះកូនៗ ដែលត្រូវផ្សារភ្ជាប់ និងកូនៗដែលមកមើលការផ្សារភ្ជាប់ ។
កុមារអាយុក្រោម ៨ ឆ្នាំពុំត្រូវការប័ណ្ណដើម្បីផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់ពួកគេទេ ។ ពួកគេក៏ពុំត្រូវការប័ណ្ណ ដើម្បីមើលការផ្សារភ្ជាប់នៃបងប្អូនបង្កើត បងប្អូនចុង ឬបងប្អូនដែលមានឪពុក ឬម្តាយទីទៃពីគ្នា ដែលរស់នៅ ទៅនឹងឪពុកម្តាយរបស់ពួកគេដែរ ។
សមាជិកដែលមានអាយុ ២១ ឆ្នាំឡើងទៅ អាចត្រូវបានផ្សារភ្ជាប់នឹងឪពុកម្តាយរបស់ពួកគេ ឬមើលការផ្សារភ្ជាប់តែប៉ុណ្ណោះ ប្រសិនបើពួកគេ ( ១ ) បានទទួលអំណោទានពិសិដ្ឋ និង ( ២ ) មានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពមួយ ។
សូមមើល ២៧.៤.៤ និង ៣៨.៤.២ សម្រាប់គោលនយោបាយបន្ថែមស្តីពីការមើលការផ្សារភ្ជាប់ និងការផ្សារភ្ជាប់ទៅនឹងឪពុកម្តាយ ។
២៦.៥
ការចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅក្នុងកាលៈទេសៈពិសេស
២៦.៥.១
សមាជិកដែលទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់
សេចក្តីណែនាំសម្រាប់ការចេញប័ណ្ណដល់បុគ្គលមួយរូប ដែលនឹងទទួលអំណោយទានពិសិដ្ឋរបស់គេផ្ទាល់ មានចែងនៅក្នុងសៀវភៅប័ណ្ណចូលព្រះវិហារបរិសុទ្ធទី ២ ។ សមាជិកដែលមានភាពស័ក្ដិសម ដែលមានបំណងប្រាថ្នាចង់ទទួលបានអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់អាចធ្វើដូច្នោះបាន នៅពេលពួកគេបំពេញតាមលក្ខខណ្ឌទាំងអស់ដែលមានដូចខាងក្រោមនេះ ៖
-
ពួកគេមានអាយុយ៉ាងហោចណាស់ ១៨ ឆ្នាំ ។
-
ពួកគេរៀនចប់ ឬលែងចូលរៀនថ្នាក់វិទ្យាល័យ ថ្នាក់អនុវិទ្យាល័យ ឬថ្នាក់ដែលមានកម្រិតស្មើគ្នាទៀត ។
-
ក្រោយពិធីបញ្ជាក់របស់ពួកគេបានកន្លងទៅរយៈពេលមួយឆ្នាំពេញ ។
-
ពួកគេមានបំណងប្រាថ្នាដើម្បីទទួល ហើយគោរពតាមសេចក្ដីសញ្ញាក្នុងព្រះវិហារបរិសុទ្ធពេញមួយជីវិតរបស់ពួកគេ ។
ជាការបន្ថែម បុរសម្នាក់ត្រូវតែកាន់បព្វជិតភាពម៉ិលគីស្សាដែក ពីមុនទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ ។ សម្រាប់ព័ត៌មានស្ដីពីសមាជិកដែលរៀបចំខ្លួនដើម្បីទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ សូមមើល ២៥.២.៨ ។ សម្រាប់ព័ត៌មានស្ដីពីអ្នកដែលអាចទទួលអំណោយទានពិសិដ្ឋ សូមមើល ២៧.២.១ ។
២៦.៥.២
សមាជិកដែលទទួលបុណ្យជ្រមុជទឹកថ្មីៗ
សមាជិកមជ្ឈិមវ័យដែលមានភាពស័ក្តិសមអាចទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ បន្ទាប់ពីបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រមួយឆ្នាំពេញ ( សូមមើល ២៧.២.១.១ ) ។ ថ្នាក់ដឹកនាំបព្វជិតភាពធានាឲ្យបានថា កាលបរិច្ឆេទដែលសមាជិកនឹងទទួលអំណោយទានពិសិដ្ឋ មានរយៈពេលយ៉ាងហោចណាស់មួយឆ្នាំពេញ បន្ទាប់ពីកាលបរិច្ឆេទពិធីបញ្ជាក់របស់គាត់ ឬនាង ពុំមែនជាកាលបរិច្ឆេទពិធីបុណ្យជ្រមុជទឹកទេ ។ មានតែគណៈប្រធានទីមួយប៉ុណ្ណោះដែលអាចផ្តល់សិទ្ធិឲ្យមានការលើកលែងបាន ។
សមាជិកថ្មីដែលមានភាពស័ក្តិសមគួរតែទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសតែប៉ុណ្ណោះ ( សូមមើល ២៦.៤.២ ) ។
២៦.៥.៣
ពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងដែលត្រឡប់មកពីការបម្រើឆ្ងាយពីផ្ទះ
ពីមុនអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងកំពុងបម្រើនៅឆ្ងាយពីផ្ទះបញ្ចប់បេសកកម្មរបស់គាត់ ឬនាង ប្រធានបេសកកម្មដឹកនាំការសម្ភាសមួយ ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាមានភាពស័ក្តិសម នោះគាត់ចេញប័ណ្ណឲ្យ ។ ប្រធានបេសកកម្មចុះកាលបរិច្ឆេទ និងធ្វើឲ្យប័ណ្ណនោះសកម្ម ដើម្បីឲ្យផុតកំណត់ក្នុងរយៈពេលបីខែ ចាប់ពីកាលបរិច្ឆេទដែលអ្នកផ្សព្វផ្សាយសាសនានោះត្រឡប់មកដល់ផ្ទះវិញ ។
ប៊ីស្សពសម្ភាសអ្នកផ្សព្វផ្សាយសាសនាដែលបានបញ្ចប់បេសកកម្ម ដើម្បីចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធថ្មី នៅជិតចុងបញ្ចប់នៃរយៈពេលបីខែដែលនឹងផុតកំណត់ ។ នៅក្នុងករណីបន្ទាន់ នៅពេលប៊ីស្សពអវត្តមាន នោះលោកអាចផ្តល់សិទ្ធិអនុញ្ញាតឲ្យទីប្រឹក្សាម្នាក់របស់លោកដឹកនាំការសម្ភាសនេះ ។
នៅក្នុងវួដដែលមានយុវមជ្ឈិមវ័យនៅលីវច្រើន ប៊ីស្សពអាចផ្តល់សិទ្ធិអនុញ្ញាតឲ្យទីប្រឹក្សាដែលមានបទពិសោធន៍ដឹកនាំការសម្ភាសទាំងនេះបាន ។
បន្ទាប់មក ពួកអ្នកផ្សព្វផ្សាយសាសនាដែលបានបញ្ចប់បេសកកម្ម មកជួបជាមួយសមាជិកមួយរូបនៃគណៈប្រធានស្តេករបស់ពួកគេ ដើម្បីធ្វើការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
នៅក្នុងការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធទាំងនេះ ប៊ីស្សព និងសមាជិកនៃគណៈប្រធានស្តេកក៏ពិនិត្យមើលការប្រឹក្សាដែលបានផ្តល់ឲ្យនៅក្នុងការសម្ភាសដោះលែងអ្នកផ្សព្វផ្សាយសាសនានោះផងដែរ ( សូមមើល ២៤.៨.២ ) ។ ពួកគាត់ពិភាក្សាអំពីដំណើរការរីកចម្រើន សុខុមាលភាព និងការហៅបម្រើបច្ចុប្បន្ននៅក្នុងសាសនាចក្ររបស់អ្នកផ្សព្វផ្សាយសាសនាដែលបានបញ្ចប់បេសកកម្មនេះ ។ ពួកគាត់ក៏លើកទឹកចិត្តដល់គាត់ ឬនាងឲ្យបន្តនៅលើផ្លូវជីវិតដ៏វែងឆ្ងាយនៃការរីកចម្រើនខាងវិញ្ញាណ និងការបម្រើផងដែរ ។
ប្រសិនបើអ្នកផ្សព្វផ្សាយសាសនាដែលបានបញ្ចប់បេសកកម្ម ពុំមានការហៅបម្រើមួយនៅក្នុងសាសនាចក្រទេ ប៊ីស្សព និងប្រធានស្តេកត្រូវផ្តល់ការហៅបម្រើមួយដល់គាត់ ។ អ្នកផ្សព្វផ្សាយសាសនាដែលបានបញ្ចប់បេសកកម្មអាចត្រូវបានចេញអនុសាសន៍ឲ្យបម្រើជាអ្នកធ្វើការផ្នែកពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ឬអ្នកស្ម័គ្រចិត្ត ប្រសិនបើមានព្រះវិហារបរិសុទ្ធនៅជិត ( សូមមើល ២៥.៥ ) ។
២៦.៥.៤
សមាជិកដែលមិនបានរស់នៅក្នុងវួដដដែលសម្រាប់រយៈពេលយ៉ាងហោចណាស់មួយឆ្នាំ
ប្រសិនបើសមាជិកមិនបានរស់នៅក្នុងវួដដដែលយ៉ាងហោចណាស់រយៈពេលមួយឆ្នាំទេ នោះប៊ីស្សពពិនិត្យមើលកំណត់ត្រារបស់សមាជិកដើម្បីផ្ទៀងផ្ទាត់ថា វាមិនមានការចារអំពីការដាក់កំហិតសមាជិកភាពឡើយ ។
ប៊ីស្សព ឬទីប្រឹក្សាម្នាក់ដែលបានចាត់តាំង ទាក់ទងទៅប៊ីស្សពមុន ពីមុនដឹកនាំការសម្ភាសយកប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ប្រសិនបើទីប្រឹក្សាទាក់ទងទៅប៊ីស្សពមុន ហើយដឹងថា មានព័ត៌មានសម្ងាត់ នោះគាត់បញ្ចប់ការសន្ទនានេះ ។ គាត់ជម្រាបដល់ប៊ីស្សពរបស់គាត់ឲ្យទាក់ទងទៅប៊ីស្សពមុន ពីមុនធ្វើការសម្ភាស ។
២៦.៥.៥
បន្ទាប់ពីការលែងលះ ការបែកបាក់គ្នា ឬមោឃភាពអាពាហ៍ពិពាហ៍
ប៊ីស្សព និងប្រធានស្តេកអាចមានចំណាប់អារម្មណ៍ដើម្បីសម្ភាសសមាជិកដែលបានលែងលះ ឬបែកគ្នាស្របច្បាប់ ឬបានធ្វើមោឃភាពអាពាហ៍ពិពាហ៍ ចាប់តាំងពីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធលើកចុងក្រោយបំផុត ។ នៅអំឡុងការសម្ភាសនេះ ពួកគាត់ពង្រឹងសមាជិកខាងវិញ្ញាណ ។ ពួកគាត់ក៏បញ្ជាក់ភាពស័ក្តិសមបច្ចុប្បន្ន ដើម្បីចូលព្រះវិហារបរិសុទ្ធរបស់សមាជិកផងដែរ ។
២៦.៥.៦
សមាជិកដែលជាសាច់ញាតិជិតដិតនឹងក្រុមអ្នកជំទាស់សាសនាចក្រជាសាធារណៈ ឬជាសមាជិកក្រុមអ្នកក្បត់សាសនា
ប៊ីស្សព និងទីប្រឹក្សារបស់ពួកគេគួរតែប្រយ័ត្នប្រយែង នៅពេលចេញប័ណ្ណដល់សមាជិកដែលជាសាច់ញាតិជិតដិតនឹងក្រុមអ្នកជំទាស់សាសនាចក្រជាសាធារណៈ ឬជាសមាជិកក្រុមអ្នកក្បត់សាសនា ។ សមាជិកដែលស្ថិតក្នុងកាលៈទេសៈទាំងនេះមិនគួរធ្វើឲ្យមានអារម្មណ៍ថា ពួកគេមិនអាចមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ពីព្រោះតែទំនាក់ទំនងក្រុមគ្រួសាររបស់ពួកគេឡើយ ។ ពួកគេគួរតែទទួលបានការលើកទឹកចិត្តដើម្បីរក្សាទំនាក់ទំនងដែលពេញដោយក្តីស្រឡាញ់ជាមួយសាច់ញាតិជិតដិតទាំងនោះ ។ ពួកគេអាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ប្រសិនបើពួកគេឆ្លើយសំណួរទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធបានត្រឹមត្រូវ និងដោយស្មោះត្រង់ ។
២៦.៥.៧
សមាជិកដែលកំណត់ថាជាបុគ្គលប្តូរភេទ
សមាជិកដែលត្រូវបានកំណត់ថាជាបុគ្គលប្តូរភេទ ប៉ុន្តែពុំបានធ្វើការវះកាត់ដោយគ្រូពេទ្យ ឬមានការផ្លាស់ប្តូរខាងសង្គមទៅផ្ទុយពីភេទជីវសាស្ត្រនៅពេលកើតមកទេ ( « ការកំណត់ភេទជាថ្មី » ) អាចទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធបាន ។
ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធត្រូវបានទទួលស្របតាមភេទជីវសាស្ត្រនៅពេលកើតមករបស់បុគ្គលរូបនោះ ។ ដោយសារហេតុផលនេះ សមាជិកដូចតទៅនេះមិនអាចទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធបានទេ រួមទាំងប័ណ្ណសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួសផងដែរ ៖
-
សមាជិកដែលបានទទួលការធ្វើអន្តរាគមន៍ជ្រើសរើសផ្នែកវេជ្ជសាស្រ្ត ឬវះកាត់ដើម្បីប៉ុនប៉ងផ្លាស់ប្តូរភេទ
-
សមាជិកដែលផ្លាស់ប្តូរខាងសង្គមទៅផ្ទុយពីភេទជីវសាស្ត្រនៅពេលកើតមក
ប្រធានស្តេកគួរតែប្រឹក្សាជាមួយគណៈប្រធានតំបន់ ដើម្បីដោះស្រាយស្ថានភាពរបស់បុគ្គលម្នាក់ៗដោយយកចិត្តទុកដាក់ និងដោយសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ( សូមមើល ៣៨.៦.២៣ និង ៣៨.៧.៧ ) ។
២៦.៥.៨
សមាជិកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ
សមាជិកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរអាចនឹងមិនទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធទេ រហូតដល់គាត់ ឬនាងបានប្រែចិត្តសិន ( សូមមើល ៣២.៦ ) ។ រយៈពេលរវាងចន្លោះពេលនៃការធ្វើអំពើបាប និងការចេញប័ណ្ណ គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ប៊ីស្សព និងប្រធានស្តេក ។ វាគួរតែជាពេលវេលាគ្រប់គ្រាន់ដើម្បីកំណត់ថា បុគ្គលនោះបានប្រែចិត្តដោយពិតប្រាកដ ។
២៦.៥.៩
សមាជិកដែលត្រូវបានអនុញ្ញាតឲ្យចូលមកសាសនាចក្រវិញ បន្ទាប់ពីការដកហូត ឬការលាលែងសមាជិកភាព
២៦.៥.៩.១
សមាជិកដែលមិនទាន់បានទទួលអំណោយទានពិសិដ្ឋកាលពីមុន
បន្ទាប់ពីសមាជិកដែលមិនធ្លាប់ទទួលបានអំណោយទានពិសិដ្ឋពីមុនមក ត្រូវបានអនុញ្ញាតឲ្យចូលមកសាសនាចក្រវិញតាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ប៊ីស្សពអាចសម្ភាសគាត់ ឬនាងបាន ដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួស ( សូមមើល ២៦.៤.២ ) ។ ជាធម្មតា ការសម្ភាសនេះធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីពិធីបញ្ជាក់របស់សមាជិកនេះ ។ សមាជិកសាសនាចក្របុរសត្រូវតែបានតែងតាំងក្នុងតំណែងបព្វជិតភាព ពីមុនទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
សមាជិកទាំងនេះមិនអាចត្រូវបានចេញឲ្យនូវប័ណ្ណដើម្បីទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់បានទេ រហូតដល់រយៈពេលមួយឆ្នាំពេញ បន្ទាប់ពីកាលបរិច្ឆេទនៃការត្រឡប់ឲ្យចូលមកក្នុងសាសសនាចក្រវិញ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់របស់ពួកគេបានកន្លងផុតទៅសិន ។
២៦.៥.៩.២
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋកាលពីមុនរួចហើយ
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋពីមុន មិនអាចទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធណាមួយបានឡើយ រហូតដល់ពរជ័យនៃព្រះវិហារបរិសុទ្ធរបស់ពួកគេត្រូវបានស្តារឡើងវិញ តាមរយៈពិធីបរិសុទ្ធនៃការស្តារឡើងវិញនៃពរជ័យទាំងឡាយសិន ( សូមមើល ៣២.១៧.២ ) ។ នៅពេលដែលពរជ័យរបស់ពួកគេត្រូវបានស្តារឡើងវិញហើយ នោះពួកគេអាចទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋរួច ។