ចងភ្ជាប់ទៅនឹងព្រះអង្គសង្គ្រោះតាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ
គម្រោងមេរៀនបំពាក់បំប៉នសម្រាប់តំបន់ សម្រាប់ការសម្របសម្រួលក្នុងក្រុមប្រឹក្សាបេសកកម្ម ស្ដេក វួដ និងសាខា
ក្នុងអំឡុងពេលនៃសេចក្តីណែនាំនេះ អ្នកនឹងឃើញ ព្រមទាំងស្ដាប់ឮនូវបទពិសោធន៍របស់បុត្រាបុត្រីនៃព្រះវរបិតាសួគ៌យើងនៅតាមដំណាក់កាលខុសៗគ្នា នៅលើមាគ៌ានៃការចងភ្ជាប់ទៅនឹងព្រះអង្គសង្គ្រោះតាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយ ។ អ្នកនឹងស្ដាប់ឮពីរបៀបដែល ការស្រឡាញ់ ការចែកចាយ និងការអញ្ជើញបានជួយពួកគេឲ្យរីកចម្រើននៅលើមាគ៌ានៃសេចក្ដីសញ្ញាដោយមានអំណរ ។ អ្នកអាចស្គាល់ពីរបៀបដែលការចែកចាយដំណឹងល្អ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ព្រមទាំងការថែទាំដល់ជនទ័លក្រទាំងអស់នេះសុទ្ធតែបានចូលរួមចំណែកជួយ ។ ប៉ុន្ដែអ្វីដែលសំខាន់បំផុតនោះ គឺអ្នកអាចកត់សម្គាល់ពីរបៀបដែលកិច្ចការទាំងអស់នេះ « [ បាន ] បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ … » ( អេភេសូរ ១:១០ ) ។
ដំណាក់កាលជីវិតទី ១ ៖ កុមារ
សូមមើល វីដេអូដែលមានប្រធាន ចយ ឌី ចូនស៍ ជាមួយនឹងកុមារ រួចហើយសូមពិភាក្សាពីអ្វីដែលអ្នកនឹងទៅ ហើយធ្វើ ដើម្បីជួយកុមារឲ្យចងភ្ជាប់ខ្លួនពួកគេទៅនឹងព្រះអង្គសង្គ្រោះនៅលើមាគ៌ានៃសេចក្ដីសញ្ញានេះ ។
-
តើព្រះវិញ្ញាណបានបង្រៀនយើងអ្វីខ្លះ នៅពេលយើងបានមើលវីដេអូនេះហើយ ?
-
តើគោលការណ៍នៃការស្រឡាញ់ ការចែកចាយ និងការអញ្ជើញនេះ ជួយកុមារតាមរបៀបណា នៅពេលដែលពួកគេព្យាយាមដើម្បីចែកចាយដំណឹងល្អនោះ ?
-
តើការបម្រើជួយកុមារឲ្យបន្ដនៅលើមាគ៌ានៃសេចក្ដីសញ្ញា បន្ទាប់ពីពិធីបុណ្យជ្រមុជទឹកដោយរបៀបណា ?
ដំណាក់កាលជីវិតទី ២ ៖ យុវវ័យ
សូមមើល វីដេអូដែលមានប្រធាន ប៊ូនី អេច ខ័រឌុន និងប្រធាន ស្ទេវីន ជេ ឡាន់ ជាមួយនឹងយុវវ័យ រួចហើយសូមពិភាក្សាពីអ្វីដែលអ្នកនឹងទៅ ហើយធ្វើ ដើម្បីជួយយុវវ័យឲ្យចងភ្ជាប់ខ្លួនពួកគេទៅនឹងព្រះអង្គសង្គ្រោះនៅលើមាគ៌ានៃសេចក្ដីសញ្ញានេះ ។
-
តើយើងអាចជួយយុវវ័យឲ្យរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ហើយរៀបចំខ្លួនសម្រាប់ជំហានបន្ទាប់នៅលើមាគ៌ានៃសេចក្ដីសញ្ញានេះដោយរបៀបណា ?
-
តើគោលការណ៍នៃការស្រឡាញ់ ការចែកចាយ និងការអញ្ជើញនេះ ជួយយុវវ័យឲ្យចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិតាមរបៀបណា ?
-
តើយើងអាចជួយយុវវ័យឲ្យមានសេចក្ដីសង្ឃឹម និងអារម្មណ៍ជាកម្មសិទ្ធិ នៅពេលពួកគេចាប់ផ្តើមចងភ្ជាប់ខ្លួនទៅនឹងព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
ដំណាក់កាលជីវិតទី ៣ ៖ យុវមជ្ឈិមវ័យ
សូមមើល វីដេអូដែលមានប្រធាន ម៉ាក អិល ផេស ជាមួយនឹងយុវមជ្ឈិមវ័យរួចហើយសូមពិភាក្សាពីអ្វីដែលអ្នកនឹងទៅ ហើយធ្វើ ដើម្បីជួយយុវមជ្ឈិមវ័យឲ្យចងភ្ជាប់ខ្លួនពួកគេទៅនឹងព្រះអង្គសង្គ្រោះនៅលើមាគ៌ានៃសេចក្ដីសញ្ញានេះ ។
-
តើយើងរៀនអ្វីខ្លះមកពីការស្រឡាញ់ ការចែកចាយ និងការអញ្ជើញដែលមនុស្សដទៃបានផ្ដល់មកកាន់យើង ?
-
តើយើងអាចជួយយុវមជ្ឈិមវ័យឲ្យមានសេចក្ដីសង្ឃឹម និងអារម្មណ៍ជាកម្មសិទ្ធិ នៅពេលពួកគេបង្កើនភាពខ្លួនទីពឹងខ្លួន និងការបម្រើដល់មនុស្សដទៃយ៉ាងដូចម្ដេច ? តើយើងអាចជួយពួកគេឲ្យដឹងថា យើងត្រូវការពួកគេនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់តាមរបៀបណា ?
-
តើសកម្មភាពក្នុងសាសនាចក្រដ៏មានអត្ថន័យ និងថ្នាក់ដឹកនាំដែលយកចិត្តទុកដាក់ ដើរតួនាទីអ្វីខ្លះនៅក្នុងការចងភ្ជាប់យុវមជ្ឈិមវ័យទៅនឹងព្រះអង្គសង្គ្រោះ ?
ដំណាក់កាលជីវិតទី ៤ ៖ មជ្ឈិមវ័យ
សូមមើល វីដេអូដែលមានប្រធាន ជីន ប៊ី ប៊ីងហាំ ជាមួយនឹងមជ្ឈិមវ័យរួចហើយសូមពិភាក្សាពីអ្វីដែលអ្នកនឹងទៅ ហើយធ្វើ ដើម្បីជួយមជ្ឈិមវ័យឲ្យចងភ្ជាប់ខ្លួនពួកគេទៅនឹងព្រះអង្គសង្គ្រោះនៅលើមាគ៌ានៃសេចក្ដីសញ្ញានេះ ។
-
តើសេចក្ដីសញ្ញាទាំងឡាយរបស់យើងនាំឲ្យមានការព្យាបាល ហើយជួយយើងឲ្យបន្ដនៅលើមាគ៌ានេះដោយរបៀបណា—ទោះបីជាយើងស្ថិតនៅក្នុងគ្រាដ៏លំបាកយ៉ាងណាក្ដីនោះ ?
-
តើយើងរកឃើញរបៀបអ្វីខ្លះ ដើម្បីជួយសមាជិកឲ្យចងភ្ជាប់ខ្លួនរបស់ពួកគេ និងមនុស្សដទៃទៀត ទៅនឹងព្រះអង្គសង្គ្រោះតាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយនោះ ?
-
តើការអភិវឌ្ឍភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណជួយយើងឲ្យចេះស្រឡាញ់ ចែកចាយ និងអញ្ជើញតាមរបៀបណា ?
ធនធានទាំងឡាយសម្រាប់តំបន់ និងការសម្របសម្រួលក្នុងក្រុមប្រឹក្សាបេសកកម្ម ស្ដេក វួដ និងសាខា
សម្រាប់កុមារ និងយុវវ័យ
ទិដ្ឋភាពទូទៅស្ដីពីកម្មវិធីកុមារ និងយុវវ័យ
កម្មវិធីកុមារ និងយុវវ័យត្រូវបានរៀបចំឡើងដើម្បីពង្រឹងសេចក្ដីជំនឿរបស់ជំនាន់កំពុងពេញវ័យទៅលើព្រះយេស៊ូវគ្រីស្ទ ហើយជួយកុមារ យុវវ័យ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេឲ្យរីកចម្រើននៅលើមាគ៌ានៃសេចក្ដីសញ្ញា នៅពេលពួកគេជួបនឹងឧបសគ្គនៅក្នុងជីវិត ។ វាជួយកុមារ និងយុវវ័យក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីចូលរួមនៅក្នុងការប្រមូលផ្ដុំអ៊ីស្រាអែល ព្រមទាំងកិច្ចការនៃសេចក្ដីសង្គ្រោះ និងការលើកតម្កើងឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ កម្មវិធីនេះផ្តោតសំខាន់នៅក្នុងគេហដ្ឋាន និងមានជំនួយមកពីព្រះវិហារ ។
សេចក្ដីសង្ឃឹមសម្រាប់ជំនាន់កំពុងពេញវ័យ
កម្មវិធីកុមារ និងយុវវ័យ ជួយជំនាន់កំពុងពេញវ័យឲ្យរីកចម្រើនឡើងតាមរបៀបជាច្រើន រួមមានតាមរយៈវិវរណៈ សិទ្ធិជ្រើសរើស និងទំនាក់ទំនងផ្សេងៗ ។ បុគ្គលម្នាក់ៗរៀនទទួល និងធ្វើសកម្មភាពតាមវិវរណៈផ្ទាល់ខ្លួន កាលពួកគេអនុវត្តសិទ្ធិជ្រើសរើស និងរើសយកឱកាសដើម្បីអភិវឌ្ឍខ្លួនពួកគេ ។ ការណ៍នេះក៏កើតឡើងផងដែរ នៅពេលយុវវ័យរៀនដឹកនាំនៅក្នុងគណៈប្រធានកូរ៉ុម និងថ្នាក់រៀន ។ ពួកគេបង្កើតទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ពួកគេ ថ្នាក់ដឹកនាំរបស់ពួកគេ និងមនុស្សដទៃទៀតដែលមានអាយុស្របាលនឹងពួកគេ កាលដែលពួកគេធ្វើការ និងបម្រើរួមគ្នា ហើយដឹងថា ពួកគេមានចំណែកកម្មសិទ្ធិ និងត្រូវការជាចាំបាច់នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។
តើយើងគួរតែចាប់ផ្ដើមត្រង់ណានៅថ្ងៃនេះ ?
យើងសូមអញ្ជើញកុមារ យុវវ័យ និងឪពុកម្ដាយ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់ពួកគេឲ្យប្ដេជ្ញាចិត្ត ឬតាំងចិត្តសាជាថ្មីឡើងវិញដើម្បីប្រែក្លាយឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះ ដោយការចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ ។ កិច្ចខិតខំទាំងនេះមិនចាំបាច់ពិបាកពេកនោះទេ ! ទាំងនេះជាចំណុចសាមញ្ញៗមួយចំនួនដើម្បីចាប់ផ្ដើម ៖
ឪពុកម្តាយ
-
សូមប្រមូលគ្រួសាររបស់អ្នកឲ្យមកសិក្សាដំណឹងល្អ ។ ធនធានចូរមកតាមខ្ញុំអាចជួយបាន ។ អ្នកអាចពិចារណាពិភាក្សាគ្នាអំពីប្រធានបទនានាដូចជា សេចក្ដីសញ្ញាទាំងឡាយ វិវរណៈ សិទ្ធិជ្រើសរើស និងពរជ័យលោកអយ្យកោទាំងឡាយ ។
-
សូមដាក់ផែនការធ្វើសកម្មភាពជាគ្រួសារ ។ តើអ្នកអាចបម្រើដល់នរណាម្នាក់នៅក្នុងភូមិ ឬសហគមន៍របស់អ្នកប្រកបដោយសុវត្ថិភាពយ៉ាងដូចម្ដេច ? នៅកន្លែងដែលមាន គេហទំព័រJustServe អាចជួយអ្នកឲ្យស្វែងរកគំនិតនានាបាន ។
-
សូមជួបម្នាក់ទល់ម្នាក់ជាមួយនឹងកូនប្រុស និងកូនស្រីម្នាក់ៗ ។ សូមពិភាក្សាពីចំណាប់អារម្មណ៍របស់ពួកគេ ហើយជជែកអំពីរបៀបដែលពួកគេចង់រីកចម្រើនឡើង ។ ជួយហើយគាំទ្រដល់ការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមនិយាយអំពីគោលដៅណា ដែលពួកគេបានដាក់ ឬចង់សម្រេចគោលដៅនោះ ។
ថ្នាក់ដឹកនាំអង្គការបឋមសិក្សា
-
សូមដឹងពីស្ថានភាពក្នុងគេហដ្ឋានរបស់កុមារ ហើយស្វែងរកវិវរណៈដើម្បីជួយពួកគេជាលក្ខណៈបុគ្គល ។
-
សូមចាប់ផ្ដើមធ្វើការប្រជុំថ្ងៃអាទិត្យ និងសកម្មភាពអង្គការបឋមសិក្សាជាលក្ខណៈដោយផ្ទាល់ ឬតាមអនឡាញ ( នៅពេលដែលមានសុវត្ថិភាព និងមានការអនុញ្ញាត ) ។
-
សូមកុំបារម្ភពីការភ្ជាប់គោលដៅរបស់បុគ្គលម្នាក់ៗទៅនឹងសកម្មភាពឡើយ ! ការផ្តោតអារម្មណ៍របស់អ្នកគឺផ្តោតលើការតភ្ជាប់ និងផ្តល់ពរដល់កុមារ និងគ្រួសាររបស់ពួកគេ—ជាពិសេសនៅពេលពួកគេត្រូវការ ឬសុំជំនួយ ។
ថ្នាក់ដឹកនាំមជ្ឈិមវ័យលើយុវវ័យ
-
សូមចាប់ផ្ដើមធ្វើការប្រជុំថ្ងៃអាទិត្យ និងសកម្មភាពកូរ៉ុម និងថ្នាក់រៀនជាលក្ខណៈដោយផ្ទាល់ ឬតាមអនឡាញ ( នៅពេលដែលមានសុវត្ថិភាព និងមានការអនុញ្ញាត ) ។ សូមលើកទឹកចិត្តយុវវ័យឲ្យទន្ទេញចាំ និងចាប់ផ្ដើមការប្រជុំដោយមានបាវចនាយុវនារីនិងកូរ៉ុមបព្វជិតភាពអើរ៉ុនថ្មី ។
-
សូមហៅបម្រើ ញែកចេញ និងពង្រឹងដល់គណៈប្រធានកូរ៉ុម និងថ្នាក់ទាំងឡាយ ។ សូមជួយពួកគេឲ្យធ្វើការប្រជុំគណៈប្រធានជាទៀងទាត់ ហើយដាក់ផែនការ ព្រមទាំងដឹកនាំការប្រជុំនៅថ្ងៃអាទិត្យ និងសកម្មភាពនានា ។ សូមធ្វើការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ និងលើកទឹកចិត្តឲ្យមានការចូលរួម នៅក្នុងការប្រជុំសម្របសម្រួលកិច្ចការផ្សព្វផ្សាយសាសនា ព្រមទាំងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ សូមបង្វឹក និងគាំទ្រដល់គណៈប្រធានទាំងឡាយតាមការចាំបាច់ ដោយមិនធ្វើជំនួសពួកគេនោះទេ ។ សូមជួយគណៈប្រធានទាំងឡាយឲ្យរៀនជំនាញភាពជាអ្នកដឹកនាំ ដោយប្រើ ធនធានគណៈប្រធានកូរ៉ុម និងថ្នាក់
-
សូមដាក់ផែនការ និងធ្វើការបោះជំរំយុវវ័យ និងសន្និសីទយុវវ័យនៅឆ្នាំ ២០២១ ដោយធ្វើតាមគោលការណ៍ណែនាំស្ដីពីសុវត្ថិភាព ។
-
សូមកុំបារម្ភពីការភ្ជាប់គោលដៅរបស់បុគ្គលម្នាក់ៗទៅនឹងសកម្មភាពឡើយ ! សូមដាក់ថាមពលរបស់អ្នកទៅលើការទាក់ទងជាមួយនឹងយុវវ័យដោយផ្ទាល់វិញ ។ អ្នកក៏អាចជួយដល់គណៈប្រធានកូរ៉ុម និងថ្នាក់ទាំងឡាយ ឲ្យភ្ជាប់សកម្មភាពនានាទៅនឹងតម្រូវការរបស់យុវវ័យផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមមើលChildrenandYouth.ChurchofJesusChrist.org ។
សម្រាប់មជ្ឈិមវ័យ
ទីតាំងប្រមូលផ្ដុំ យ.ម.ល.
គណៈប្រធានទីមួយបានផ្ដល់ការអនុម័តលើតំបន់ជាច្រើន ដើម្បីបង្កើតជាទីតាំងប្រមូលផ្ដុំយុវមជ្ឈិមវ័យនៅលីវ ដោយផ្អែកទៅលើតម្រូវការតាមតំបន់ ។ ទីតាំងប្រមូលផ្ដុំគឺជាទីតាំងដែលបានរៀបចំទុកមួយនៅក្នុងអគារដែលមានស្រាប់ ( ដូចជា សាលាប្រជុំ ឬអគារថ្នាក់វិទ្យាស្ថាន ) ជាកន្លែងដែលយុវមជ្ឈិមវ័យនៅលីវ និងមិត្តភក្ដិរបស់ពួកគេអាចជួបជុំគ្នាដើម្បីចូលរួមក្នុងសកម្មភាពដូចខាងក្រោមនេះមួយចំនួន ឬទាំងអស់ ( ដោយផ្អែកទៅលើតម្រូវការ និងធនធានក្នុងមូលដ្ឋាន ) ៖
-
ការអប់រំខាងសាសនា និងការរៀនសូត្រដំណឹងល្អ ( រួមមានថ្នាក់វិទ្យាស្ថានផងដែរ )
-
ការបម្រើ និងសកម្មភាពសង្គមនានា
-
សកម្មភាពកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនានា
-
ឱកាសសម្រាប់ភាពខ្លួនទីពឹងខ្លួន និងការអប់រំទាំងឡាយ
-
សកម្មភាពផ្សព្វផ្សាយសាសនា និងការជួយក្នុងសហគមន៍នានា
-
កម្មវិធីសាសនាចក្រផ្សេងៗទៀត
ទីតាំងប្រមូលផ្ដុំទាំងអស់ត្រូវតែទទួលបានការអនុម័តពីគណៈប្រធានតំបន់ និងមើលការខុសត្រូវដោយប្រធានស្ដេក និងប៊ីស្សព ។
ការហៅបម្រើសម្រាប់យុវមជ្ឈិមវ័យនៅលីវ និងមជ្ឈិមវ័យនៅលីវ
ការផ្លាស់ប្ដូរគោលនយោបាយ និងការបញ្ជាក់នាពេលថ្មីៗនេះ បានដោះស្រាយនូវការយល់ខុស និងប្រពៃណីខុសឆ្គង ដែលអាចកើតមាននានាស្ដីពីការដាក់កម្រិតទៅលើឱកាសសម្រាប់សមាជិកនៅលីវ ដើម្បីបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។ ការផ្លាស់ប្ដូរគោលនយោបាយ និងការបញ្ជាក់ទាំងនេះ ដែលបានការអនុម័តពីគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ ព្រមទាំងបានដាក់បញ្ចូលនៅក្នុង ក្បួនខ្នាតទូទៅពន្យល់ថា យុវមជ្ឈិមវ័យនៅលីវ និងមជ្ឈិមវ័យនៅលីវអាចទទួលបានពរជ័យដោយសារមនុស្សដទៃទៀត ហើយអាចផ្ដល់ពរជ័យដល់មនុស្សដទៃទៀតនៅក្នុងការហៅបម្រើជាច្រើន រួមមានដូចជាថ្នាក់ដឹកនាំស្ដេក និងវួដជាដើម ។ ឥឡូវនេះ គោលនយោបាយដូចគ្នានេះមានសុពលភាពសម្រាប់អង្គភាពសាសនាចក្រទាំងអស់ រួមទាំងអង្គភាពយុវមជ្ឈិមវ័យនៅលីវ និងមជ្ឈិមវ័យនៅលីវផងដែរ ។ ការដាក់កំហិតលើយុវមជ្ឈិមវ័យនៅលីវ និងមជ្ឈិមវ័យនៅលីវមិនឲ្យធ្វើការបម្រើក្នុងគណៈប្រធានស្ដេក គណៈប៊ីស្សព និងគណៈប្រធានសមាគមសង្គ្រោះស្ដេកនៅក្នុងអង្គភាពយុវមជ្ឈិមវ័យនៅលីវ និងមជ្ឈិមវ័យនៅលីវត្រូវបានដកចេញ ។
សមាជិកនៅលីវទាំងឡាយអាចបម្រើក្នុងតួនាទីជាអ្នកដឹកនាំបាន រួមមានគណៈប្រធានអង្គការក្នុងវួដ និងស្ដេក គណៈប្រធានកូរ៉ុមអែលឌើរ ទីប្រឹក្សាគណៈប៊ីស្សព ទីប្រឹក្សាជាន់ខ្ពស់ និងទីប្រឹក្សាគណៈប្រធានស្ដេក ។
ការត្រូវការ និងការស្វាគមន៍ដល់មនុស្សទាំងអស់—សេចក្តីស្រឡាញ់ ចែកចាយ និងអញ្ជើញ
នៅពេលសមាជិកពិបាកនឹងមានអារម្មណ៍ថាចុះចំណោមនឹងគេ ពេលខ្លះថ្នាក់ដឹកនាំ និងមនុស្សដទៃទៀតក៏និយាយអ្វីដោយអចេតនាដែលពង្រឹងនូវការគិតរបស់សមាជិកទាំងនោះថាពួកគេមិនចុះចំណោម ឬមិនត្រូវការ ។
ការចងចាំដល់សេចក្ដីពិតទាំងនេះអំពីការស្រឡាញ់ ការចែកចាយ និងការអញ្ជើញអាចជួយនៅក្នុងការស្វាគមន៍មនុស្សទាំងអស់ឲ្យមកកាន់សកម្មភាព មិត្តភាព និងការរាប់អាននៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបាន ៖
-
មនុស្សគ្រប់រូបគឺជាបុត្រសំណព្វរបស់ព្រះ ដែលមាននិស្ស័យ និងជោគវាសនាដ៏ទេវភាពមួយ ។ បន្ថែមពីលើពរជ័យដ៏អស់កល្បជានិច្ច នោះទ្រង់សន្យាដល់អ្នកដែលស្មោះត្រង់ថា ទ្រង់សព្វព្រះទ័យប្រទានពរដល់បុត្រាបុត្រីរបស់ទ្រង់នាពេលនេះនៅក្នុង អំឡុងពេលជីវិតនេះ ។
-
បុត្រម្នាក់ៗរបស់ព្រះគឺចាំបាច់នៅក្នុងកិច្ចការនៃការស្ថាបនានគររបស់ទ្រង់ ។
-
សូមចាប់ផ្ដើមដោយការស្រឡាញ់ ដើម្បីជួយនរណាម្នាក់ឲ្យមានអារម្មណ៍ថា គាត់ ឬនាងគឺជាចំណែកជាកម្មសិទ្ធិ និងត្រូវបានគេត្រូវការជាចាំបាច់ ។ សូមស្ដាប់ដើម្បីយល់ពីបទពិសោធន៍របស់គាត់ ឬនាង ។ សូមកុំស្មានថា អ្នកដឹង ឬយល់រួចហើយនោះ ។
-
យើងមិនមានចម្លើយចំពោះសំណួរទាំងអស់ដែលយើង ឬមនុស្សដទៃទៀតមាននៅក្នុងជីវិតនេះនោះទេ ។ ឧទាហរណ៍ យើងមិនដឹងពីមូលហេតុដែលបុគ្គលម្នាក់កំពុងតែប្រឈមមុខនឹងឧបសគ្គជាក់លាក់ណាមួយនោះទេ ។
-
សូមបើកចិត្តឲ្យទូលាយ ហើយកុំកាត់សេចក្ដីគេ ។ សូមស្វាគមន៍បុគ្គលគ្រប់រូប មិនថាបុគ្គលនោះស្ថិតនៅទីតាំងណាលើដំណើររបស់គាត់ ឬនាងនោះទេ ។ សូមផ្តល់ជំនួយហើយផ្ដោតលើសេចក្ដីពិតថា បុគ្គលគ្រប់រូបគឺត្រូវបានគេត្រូវការជាចាំបាច់នៅក្នុងសាសនាចក្រនេះ ។
-
ប្រសិនបើអ្នកនិយាយអ្វីមួយដែលឈឺចាប់ដោយអចេតនា សូមកុំការពារសម្ដីរបស់ខ្លួនឯងឡើយ ត្រូវសុំទោស រួចហើយសូមការអភ័យទោស និងកែលម្អ ។
សម្រាប់ព័ត៌មានអំពីការជួយដល់សមាជិកនៅក្នុងស្ថានភាពជាក់លាក់នានា សូមមើល Counseling Resources ។
តើការសន្ទនាមួយលូតលាស់ទៅជាចំណងមិត្តភាពនៃបងប្អូនប្រុសរបៀបណា ។
គោលការណ៍នៃការស្រឡាញ់ ការចែកចាយ និងការអញ្ជើញ
ពរជ័យដែលបានសន្យា កាលយើងស្រឡាញ់ ចែកចាយ និងអញ្ជើញ